-
មន្រ្តីជាន់ខ្ពស់ចិន ជួបជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកនៅក្នុងទីក្រុងញ៉ូវយ៉ក ក្នុងគោលបំណងផ្លាស់ទស្សនៈគ្នាទៅវិញទៅមកអំពីទំនាក់ទំនាក់ទ្វេភាគី

សហរដ្ឋអាម៉េរិក៖ សារព័ត៌មានចិន CGTN បានចុះផ្សាយថា មន្រ្តីជាន់ខ្ពស់ចិនលោក Yang Jiechi បានជួបជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅក្នុងទីក្រុងញ៉ូវយ៉ក នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដើម្បីធ្វើកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ។ បើតាមប្រភពដដែលនេះ ភាគីទាំងពីរ បានសម្រេចចិត្តរៀបចំឡើងនូវកិច្ចប្រជុំខាងលើនេះ បន្ទាប់ពីមានការប្រឹក្សាយោបល់គ្នា និងក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តពន្យារពេលយកពន្ធគយលើទំនិញមួយចំនួនរបស់ចិន ដើម្បីជាឆ្លើយតបទៅនឹងសម្ពាធពីអាជីវកម្ម និង ការព្រួយបារម្ភពីសង្គ្រាមពាណិជ្ជកម្មកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក។ គួរបញ្ជាក់ថា ជុំវិញសេចក្តីរាយការណ៍លម្អិតនៃជំនួបរវាងលោក Yang Jiechi ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលនៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ជាមួយនឹងប្រមុខការទូតអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ មិនទាន់ត្រូវបានសារព័ត៌មាន CGTN ធ្វើសេចក្តីរាយការណ៍ឱ្យដឹងនៅឡើយទេ៕ធ.ដ
-
ឥណ្ឌា ត្រៀមបញ្ជូនយានអវកាសផ្ទុកអវកាសយានិកជាលើកដំបូងទៅកាន់ទីអវកាស នៅឆ្នាំ២០២០

ឥណ្ឌា៖ ឥណ្ឌា មានគម្រោងបាញ់បង្ហោះយានផ្ទុកអវកាសយានិក០៣នាក់ជាលើកដំបូង ទៅកាន់ទីអវកាសនៅត្រឹមឆ្នាំ២០២០ខាងមុខនេះ ពោលគឺការបាញ់បង្ហោះនេះ អាចនឹងធ្វើឡើងចំថ្ងៃនៃការប្រារព្ធខួបលើកទី៧៥ នៃទិវាឯករាជ្យជាតិពីអង់គ្លេស ក្រោមកិច្ចសហការជាមួយរុស្ស៊ី។ ដើម្បីឲ្យផែនការនេះទទួលជោគជ័យនោះ ឥណ្ឌាបានបញ្ជាទិញគ្រឿងបរិក្ខារពាក់ព័ន្ធបេសកកម្មអវកាសពីក្រុមហ៊ុនជំនាញខាងទីអវកាស ស្វេសដា របស់ប្រទេសរុស្ស៊ី ក្នុងគោលបំណងត្រៀមបញ្ជូនយានអវកាសផ្ទុកអវកាសយានិកជាលើកដំបូងបំផុតដោយខ្លួនឯងទៅកាន់ទីអវកាស។ ជាមួយគ្នានេះ អគ្គនាយក និងជានាយកផ្នែករចនានៃក្រុមហ៊ុនរុស្ស៊ីខាងលើ គឺលោក ស៊ឺហ្គៃ ផូសឌីនយ៉ាកូវ មិនបានបញ្ជាក់លម្អិតពីបរិក្ខារដែលឥណ្ឌាបានបញ្ជាទិញនោះទេ គ្រាន់តែបង្ហើបឱ្យដឹងថា ឥណ្ឌាកំពុងអភិវឌ្ឍន៍សម្លៀកបំពាក់អវកាស និងប្រព័ន្ធទ្រទ្រង់ជីវិតសម្រាប់យានផ្ទុកអវកាសយាននិក៕ធ.ដ
-
គិតចាប់ពីឆ្នាំ២០២១ សិង្ហបុរី នឹងហាមឃាត់ការធ្វើពាណិជ្ជកម្មភ្លុកដំរីក្នុងប្រទេស

សិង្ហបុរី៖ សិង្ហបុរី នឹងហាមឃាត់ការធ្វើពាណិជ្ជកម្មភ្លុកដំរីនៅក្នុងប្រទេស ចាប់ពីខែកញ្ញា ឆ្នាំ២០២១ខាងមុខតទៅ នេះបើតាមក្រុមប្រឹក្សាភិបាលឧទ្យានជាតិសិង្ហបុរី (NParks)។ ការហាមឃាត់នេះ ធ្វើឡើងក្រោយបានពិគ្រោះយោបល់រយៈពេលប្រហែល២ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៧មក ជាមួយសាធារណជន រួមទាំងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកលក់រាយភ្លុកដំរី។ នៅពេលការហាមឃាត់នេះ ចូលជាធរមាន អ្នកប្រព្រឹត្តដែលផ្ទុយនឹងច្បាប់នេះ អាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ ឬពិន័យជាប្រាក់។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រុមប្រឹក្សាភិបាលឧទ្យានជាតិសិង្ហបុរីបានបញ្ជាក់ថា ការហាមឃាត់ទូទាំងប្រទេសនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សិង្ហបុរី ក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មខុសច្បាប់ក្នុងប្រភេទសត្វ ដែលបានចុះបញ្ជីក្រោមអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិនៃសត្វព្រៃ និងសត្វជិតផុតពូជ។ បើតាមក្រុមប្រឹក្សាភិបាលឧទ្យានជាតិសិង្ហបុរី ការហាមឃាត់នេះមានន័យថា ការលក់ភ្លុកដំរី និងផលិតផលភ្លុកដំរី នឹងត្រូវហាមឃាត់ ព្រមទាំងការតាំងបង្ហាញផលិតផលសម្រាប់លក់ក៏មិនត្រូវបានអនុញ្ញាតផងដែរ៕ធ.ដ
-
សហរដ្ឋអាម៉េរិក សម្រេចរឹតបន្តឹងជាផ្លូវការហើយ ក្នុងការទិញផលិតផលរបស់ក្រុមហ៊ុន Huawei និង ZTE

សហរដ្ឋអាម៉េរិក៖ ទីបំផុតសហរដ្ឋអាម៉េរិក នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានចាប់ផ្តើមអនុវត្តន៍ជាផ្លូវការហើយ ក្នុងការហាមឃាត់ទិញផលិតផល និងសេវាកម្មពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន រួមមានដូចជា Huawei និង ZTE សម្រាប់ស្ថាប័នរដ្ឋាភិបាលអាម៉េរិក។ ប៉ុន្តែស្ថាប័នរដ្ឋអាម៉េរិក អាចដាក់ពាក្យស្នើសុំការលើកលែងពិសេសបានមួយលើក សម្រាប់រយៈពេលមិនលើសពី០២ឆ្នាំ ឬក៏ហួសពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នោះឡើយ ដោយភ្ជាប់នូវហេតុផលលម្អិតមកកាន់គណៈកម្មាធិការពាក់ព័ន្ធនៅសភា។ ដោយឡែកសហរដ្ឋអាម៉េរិក ក៏បានហាមក្រុមហ៊ុនហូវៃ ព្រមទាំងបុត្រសម្ព័ន្ធប្រមាណ៧០ទៀតរបស់ក្រុមហ៊ុនរបស់ចិននេះ មិនឲ្យទិញបច្ចេកវិទ្យា ឬបន្តការរកស៊ីជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក ដោយពុំមានការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោនផងដែរ។ ប៉ុន្តែការលើកលែងបណ្តោះអាសន្នមួយ ត្រូវបានដាក់ចេញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកដែលពាក់ព័ន្ធ ខណៈការលើកលែងបណ្តោះអាសន្ននេះដែរ នឹងផុតសុពលភាពនៅថ្ងៃទី១៩ ខែសីហានេះហើយ៕ធ.ដ
-
ចិន ច្រានចោលទស្សនកិច្ចរបស់នាវាចម្បាំងអាម៉េរិក នៅកំពង់ផែក្រុងហុងកុង

សារព័ត៌មានរយធឺ បានចេញផ្សាយនៅថ្ងៃទី១៤សីហានេះ ដោយផ្អែកតាមក្រុមមន្ត្រីអាម៉េរិកថា ចិនបានទាត់ចោលសំណើបំពេញទស្សនកិច្ចរបស់នាវាចម្បាំងអាម៉េរិកពីរគ្រឿងមកកាន់កំពង់ផែទីក្រុងហុងកុង ចំពេលដែលមានសេចក្ដីរាយការណ៍ថា កងទ័ពចិនចាប់ផ្ដើមចល័តទៅកាន់តំបន់ក្បែរព្រំដែននៃទីក្រុងមួយនេះ។ ប្រភពបន្តថា នាវាទាំងពីរខាងលើមួយជានាវា USS Green Bay ដែលបានដាក់សំណើបំពេញទស្សនកិច្ច មកកាន់កំពង់ផែទីក្រុងហុងកុង នៅចុងខែសីហានេះ រីឯនាវាចម្បាំងបំពាក់មីស៊ីល USS Lake Erie បានដាក់សំណើបំពេញទស្សនកិច្ចនៅក្នុងខែកញ្ញាខាងមុខនេះ។ ប៉ុន្តែ ក្រុមមន្ត្រីទាំងនេះ មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការបដិសេធសំណើពីភាគីចិននោះទេ។ គួរជម្រាបថា ចិនធ្លាប់បានបដិសេធសំណើដូចខាងលើ លើកចុងក្រោយបំផុត សម្រាប់នាវាចម្បាំង Wasp កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។ ប៉ុន្តែសំណើបំពេញដំណើរទស្សនកិច្ចរបស់នាវាចម្បាំងអាម៉េរិក USS Green Bay និង USS Lake Erie កើតមានឡើងចំពេលទីក្រុងហុងកុងកំពុងជួបភាពចលាចលដោយសារតែបាតុកម្មតវ៉ា ខណៈមានសេចក្ដីរាយការណ៍ថាចិន បានបញ្ជូនរថពាសដែក និងរថក្រោះជាច្រើនគ្រឿងទៅកាន់តំបន់ក្បែរព្រំដែនទីក្រុងហុងកុង៕ធ.ដ
-
សិង្ហបុរីអះអាងថា ខ្លួនរងគ្រោះផ្នែកសេដ្ឋកិច្ចពីសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសសិង្ហបុរីឲ្យដឹងថា សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះតាមផ្នែកជាច្រើន ក្រោយពេលដែលរងសម្ពាធពាណិជ្ជកម្មពីសង្គ្រាមអាម៉េរិក-ចិន ដោយបញ្ជាក់ពីមូលហេតុថា បណ្ដាលមកពីសិង្ហបុរី ពឹងផ្អែកខ្លាំងលើការនាំចេញទំនិញទៅកាន់ប្រទេសចិនដែលជាដៃគូធំបំផុតរបស់ខ្លួន។ ការលើកឡើងនេះ ស្របពេលដែលប្រទេសសិង្ហបុរី អាចនឹងឈានទៅរកវិបត្តិសេដ្ឋកិច្ចក្នុងពេលដ៏ខ្លីខាងមុខ ក្រោយពេលសកម្មភាពសេដ្ឋកិច្ច ត្រូវបានរាយការណ៍ថាធ្លាក់ចុះខ្លាំង បើគិតត្រឹមត្រីមាសទី២ ក្នុងឆ្នាំនេះ។ យោងតាមរបាយការណ៍ឲ្យដឹងថា សិង្ហបុរី កំពុងរងគ្រោះដោយសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន ហើយមានកំណើនប្រចាំឆ្នាំទាបបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៩មក។ GDP របស់ប្រទេសអ្នកមាននៅអាស៊ីមួយនេះ បានធ្លាក់ចុះប្រមាណជា៣,៣% បើប្រៀបធៀបនឹងត្រីមាសទី១កាលពីឆ្នាំមុន។ លើសពីនេះទៀត កាលពីថ្ងៃអង្គារកន្លងទៅសិង្ហបុរី បានបន្ថយការរំពឹងទុកពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនមកត្រឹមចន្លោះ ០% ទៅ ១% វិញដោយកាលពីមុន ត្រូវបានព្យាករណ៍ថាអាចនឹងកើនឡើងពី ១,៥% ដល់ ២,៥%។ យ៉ាងណាមិញ របាយការណ៍ស្រាវជ្រាវមួយធ្វើឡើងដោយ Oxford Economics បានរំពឹងថាសេដ្ឋកិច្ចសិង្ហបុរី អាចនឹងមានកំណើនឡើងវិញបន្ដិច ក្រោយពេលដែលឈានដល់ត្រីមាសទី៣ប្រចាំឆ្នាំ៕ធ.ដ
-
យន្តហោះចម្បាំងរុស្ស៊ី ហោះការពារយន្តហោះរបស់រដ្ឋមន្ត្រីការពារជាតិខ្លួន ក្រោយយន្តហោះ ចម្បាំងអង្គការ NATO ហោះចូលមកកៀកពេក

រុស្ស៊ី៖ យន្ដហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានហោះទៅបណ្តេញយន្តហោះយោធាអង្គការណាតូមួយគ្រឿង ដែលហោះឆ្ពោះទៅរកយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង ដែលដឹករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី។ ស្ថានីយ៍ទូរទស្សន៍រដ្ឋរុស្ស៊ី នៅថ្ងៃអង្គារនេះ បានចាក់ផ្សាយវីដេអូនៃយន្តហោះរុស្ស៊ី Su-27 ដែលហោះទៅបណ្តេញយន្តហោះចម្បាំង F-18 ដែលហោះក្បែរយន្តហោះរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គី ស៊យហ្គូ នៅលើដែនសមុទ្របាល់ទិក បន្ទាប់ពីលោកវិលត្រឡប់ទៅកាន់ទីក្រុងមូស្គូវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុង កាលីនីនហ្គាដ ភាគនិរតីនៃប្រទេស។ ស្របពេលជាមួយគ្នានេះ បើតាមសេចក្តីថ្លែងការណ៍របស់អង្គការណាតូ យន្តហោះចម្បាំងនៃសម្ព័ន្ធមិត្តយោធាលោកខាងលិចមួយគ្រឿង បានហោះចេញទៅមើល ដើម្បីកំណត់អត្តសញ្ញាណយន្តហោះរុស្ស៊ីនៅលើសមុទ្របាល់ទិក ដោយមិនបានដឹងថា រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីស្ថិតនៅលើនោះទេ៕ធ.ដ
-
រុស្ស៊ី ទទួលស្គាល់ថា អ្នកវិទ្យាសាស្ត្រ៥នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះពេលធ្វើតេស្ដថាមពល មីស៊ីលនុយក្លេអ៊ែរថ្មីមួយ

រុស្ស៊ី៖ ការផ្ទុះយ៉ាងអាថ៌កំបាំងមួយ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍តសប្ដាហ៍មុន អំឡុងពេលនៃការធ្វើតេស្ដរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរថ្មីមួយ សម្រាប់ការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរនៅឯកន្លែងសាកល្បងមួយនៅទីក្រុង សេវែរ៉ូដវីងស៍ ក្នុងតំបន់ អាកខាន់ជែល។ ជុំវិញគ្រោះថ្នាក់ខាងលើ រដ្ឋាភិបាលរុស្ស៊ីបានទទួលស្គាល់ថា នៅក្នុងហេតុការណ៍ផ្ទុះដ៏សម្បើមនេះ បានបណ្តាលឲ្យអ្នកវិទ្យាសាស្រ្តដ៏ល្បី៥នាក់បាត់បង់ជីវិត ហើយពួកគេត្រូវបានបញ្ចុះនៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយពិធីប្រគល់មេដាយកិត្តិយសជាវិរបុរសជាតិ។ សូមបញ្ជាក់ផងដែរថា ការធ្វើតេស្ដអាវុធថ្មីរបស់រុស្ស៊ីនេះ បានកើតមានឡើងក្រោយសហរដ្ឋអាម៉េរិក និងរុស្ស៊ី បានដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញនុយក្លេអ៊ែរ INF៕ធ.ដ
-
អង់គ្លេស ចូលរួមបេសកកម្មរក្សាសន្តិសុខដែនសមុទ្រជាមួយសហរដ្ឋអាម៉េរិក នៅតំបន់ឈូងសមុទ្រពែក្ស

អង់គ្លេស៖ អង់គ្លេស បានបញ្ជូននាវាចម្បាំងមួយគ្រឿងទៅកាន់ឈូងសមុទ្រពែក្ស ដែលលើកនេះ គឺជាផ្នែកនៃបេសកកម្មល្បាតការពារសន្តិសុខនៅតំបន់នោះ ក្រោមការផ្តួចផ្តើមរបស់សហរដ្ឋអាម៉េរិក។ ការចល័តនាវាចម្បាំងនេះ ធ្វើឡើងក្រោយអង់គ្លេសបានចុះឈ្មោះចូលរួមផែន ការបង្កើតកងកម្លាំងចម្រុះ ដើម្បីរក្សាសន្តិសុខនៅតំបន់ឈូងសមុទ្រពែក្ស ដែលបានស្នើឡើងដោយសហរដ្ឋអាម៉េរិក ចំពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់។ ក្នុងកិច្ចប្រឹងប្រែងចម្រុះអន្តរជាតិនេះដែរ សហរដ្ឋអាម៉េរិកបានហៅសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប ព្រមទាំងនៅអាស៊ី-ប៉ាស៊ីហ្វិក ដូចជាជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលី ឲ្យចូលរួមជាមួយ ប៉ុន្តែខ្លះបានបដិសេធ និងខ្លះទៀតកំពុងពិចារណា។ ទីក្រុងវ៉ាស៊ីនតោនបានស្នើខាងលើនេះ ក្រោយអ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿង នៅច្រកសមុទ្រ ហ័រមូស ជាប់ឈូងសមុទ្រពែក្ស ដែលទំនងជាការសងសឹក ចំពោះការដែលអង់គ្លេសចាប់ឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់នៅច្រកសមុទ្រតំបន់ហ្គីប្រាតា៕ធ.ដ
-
បាតុកម្មនៅអាកាសយានដ្ឋានហុងកុង បង្ខំឲ្យជើងហោះហើរនៅទីក្រុងនេះទាំងអស់ ត្រូវលុបចោល

ហុងកុង៖ ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាពាសពេញសាលនៃអាកាសយានដ្ឋានអន្តរជាតិទីក្រុងហុងកុងជាថ្មីទៀត នៅថ្ងៃអង្គារនេះ ដែលជាលទ្ធផលនោះ បណ្តាលឲ្យជើងហោះហើរនៅសេសសល់ទាំងប៉ុន្មានត្រូវលុបចោល។ ឆ្លើយតបនឹងភាពចលាចលនេះ នាយកប្រតិបត្តិក្រុងហុងកុងលោកស្រី ខារី ឡាំ បានអំពាវនាវយ៉ាងទទូចឱ្យមានការអត់ធ្មត់ខ្ពស់ និងបានចាត់ទុកថា ការបង្កភាពរាំងស្ទះ និងអស្ថិរភាពនៃចលនាបាតុកម្ម ដើម្បីលទ្ធិប្រជាធិបតេយ្យកំពុងតែធ្វើឲ្យហុងកុងស្ថិតនៅលើផ្លូវ ដែលមិនអាចត្រឡប់ក្រោយបានឡើយ។ គួរបញ្ជាក់ថា វាគឺជាថ្ងៃទីពីរហើយដែលអាកាសយានដ្ឋានហុងកុង ត្រូវបង្ខំលុបចោលជើងហោះហើរ និងជាថ្ងៃទី០៥ជាប់ៗគ្នា ដែលក្រុមបាតុករបានទៅប្រមូលផ្តុំគ្នាតវ៉ានៅទីនោះ ខណៈ០៣ថ្ងៃដំបូង សកម្មភាពតវ៉ា គឺពុំដល់ថ្នាក់រាំងស្ទះ ចំពោះការធ្វើប្រតិបត្តិការរបស់អាកាសយានដ្ឋានធ្ងន់បែបនេះឡើយ៕ធ.ដ