Category: ព័ត៌មានអន្តរជាតិ

  • សារព័ត៌មានឥណ្ឌាចុះផ្សាយថា ប៉ាគីស្ថានចាប់ផ្ដើមចល័តបរិក្ខារយោធាទៅក្បែរ តំបន់ព្រំដែនឥណ្ឌា

    សារព័ត៌មានឥណ្ឌាចុះផ្សាយថា ប៉ាគីស្ថានចាប់ផ្ដើមចល័តបរិក្ខារយោធាទៅក្បែរ តំបន់ព្រំដែនឥណ្ឌា

    ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ANI បានរាយការណ៍ថា យោធាប៉ាគីស្ថានបានចាប់ផ្ដើមចល័តបរិក្ខារយោធាទៅកាន់មូលដ្ឋានទ័ពអាកាស Skardu ដែលស្ថិតនៅតំបន់ Ladakh ជាប់ព្រំដែនរវាងប៉ាគីស្ថាន និងឥណ្ឌា។ បើតាមប្រភពដដែលនេះ បរិក្ខារយោធាដែលប៉ាគីស្ថានបានដឹកជញ្ជូន គឺសម្រាប់គាំទ្រដល់ប្រតិបត្តិការរបស់យន្ដហោះចម្បាំង ហើយជំហានបន្ទាប់ប៉ាគីស្ថានអាចនឹងដាក់ពង្រាយយន្ដហោះចម្បាំង JF-17 ឱ្យប្រចាំនៅមូលដ្ឋាន Skardu។ យ៉ាងណាមិញ ទាំងរដ្ឋាភិបាលប៉ាគីស្ថាន និងឥណ្ឌា មិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍របស់សារព័ត៌មានឥណ្ឌា ANI នៅឡើយ ប៉ុន្តែវាកើតឡើងមានឡើងនៅចំពេលភាពតានតឹងរវាងប្រទេសទាំង២ឡើងកម្ដៅជាថ្មី ក្រោយឥណ្ឌាលុបចោលសិទ្ធិស័្វយភាពលើតំបន់កាស្មៀរដែលខ្លួនគ្រប់គ្រង៕ធ.ដ

  • គ្រោះរអិលបាក់ដីបង្កឡើងដោយភ្លៀងមូសុង បន្តឆក់យកអាយុជីវិតមនុស្សកើនដល់៥៩នាក់ នៅប្រទេសមីយ៉ាន់ម៉ា

    គ្រោះរអិលបាក់ដីបង្កឡើងដោយភ្លៀងមូសុង បន្តឆក់យកអាយុជីវិតមនុស្សកើនដល់៥៩នាក់ នៅប្រទេសមីយ៉ាន់ម៉ា

    មីយ៉ាន់ម៉ា៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារតែគ្រោះរអិលបាក់ដីបង្កឡើងដោយភ្លៀងមូសុងធ្លាក់យ៉ាងគំហុក នៅតំបន់ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បានបន្តកើនឡើងដល់៥៩នាក់ និងរាប់ម៉ឺននាក់ផ្សេងទៀតបានភៀសខ្លួនចេញពីផ្ទះសម្បែង។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើតំបន់ជាច្រើននៃរដ្ឋ មន អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយវាបង្កជាគ្រោះទឹកជំនន់ ដែលបង្ខំឱ្យអាជ្ញាធរត្រូវជម្លៀសប្រជាជនច្រើនជាង៨ម៉ឺន៩ពាន់នាក់ទៅកាន់កន្លែងមានសុវត្ថិភាព។ សូមបញ្ជាក់ផងដែរថា ប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ បាននឹងកំពុងតែទទួលរងឥទ្ធិពលព្យុះកំណាចដូចៗគ្នា ជាពិសេសគឺប្រទេសចិន៕ធ.ដ

  • ចំនួនអ្នកស្លាប់កើនដល់១៤៤នាក់ ដោយសារគ្រោះទឹកជំនន់វាយប្រហារប្រទេសឥណ្ឌា

    ចំនួនអ្នកស្លាប់កើនដល់១៤៤នាក់ ដោយសារគ្រោះទឹកជំនន់វាយប្រហារប្រទេសឥណ្ឌា

    ឥណ្ឌា៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់នៅឥណ្ឌា បានបន្តកើនឡើងដល់១៤៤នាក់ហើយ ស្របពេលដែលអាជ្ញាធរឥណ្ឌាកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ កំពុងខិតខំជួយសង្គ្រោះប្រជាជនខ្លួនពីទឹកជំនន់ខ្យល់មូសុង ខណៈផ្លូវនៅភាគខាងត្បូង និងខាងលិចប្រទេសត្រូវបានកាត់ផ្តាច់។ នៅភាគខាងត្បូងនៃរដ្ឋ ឃើរ៉ាឡា ជាតំបន់ដ៏ពេញនិយមរបស់ភ្ញៀវទេសចរ និងមានឆ្នេរខ្សាច់ស្រស់ស្អាតនោះ ត្រូវរងគ្រោះដោយសារទឹកជំនន់ ដោយមានមនុស្សស្លាប់មានចំនួន៦៧នាក់។ បើតាម មន្ត្រីប៉ូលីសជាន់ខ្ពស់នៅរដ្ឋនេះ មានមនុស្សប្រមាណ១៦ម៉ឺន៥ពាន់នាក់ ត្រូវជម្លៀសទៅជំរំសុវត្ថិភាព១,៣១៨កន្លែង ដែលដាក់ពង្រាយតាម១៤ស្រុកនៅក្នុងរដ្ឋ។ ចំណែកនៅក្នុងរដ្ឋ ខាណាតាកា វិញ មន្ត្រីរដ្ឋាភិបាលបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស១៤នាក់បានបាត់ខ្លួន ខណៈអ្នកស្លាប់កើនដល់៣៤នាក់ ហើយមន្ត្រីបានជួយសង្គ្រោះប្រជាជន៤៨ម៉ឺននាក់ និងសត្វពាហនៈ៥ម៉ឺនក្បាល ហើយជំរំស្នាក់នៅ១,១០០កន្លែងត្រូវបានរៀបចំសម្រាប់មនុស្ស៣០ម៉ឺននាក់។ សូមជម្រាបថា ដោយសារតែមានគ្រោះទឹកជំនន់ដ៏ធ្ងន់នេះ មនុស្សជាច្រើនម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់ទឹកជំនន់ ខណៈអាកាសយានដ្ឋានអន្តរជាតិ ខូឈីន ក៏ត្រូវផ្អាកដំណើរការ ហើយផ្លូវជាច្រើនខ្សែត្រូវបានកាត់ផ្តាច់៕ធ.ដ

  • ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនសរុប៦០នាក់ ដោយសារព្យុះទីហ្វុង ឡេគីម៉ា វាយប្រហារប្រទេសចិន

    ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនសរុប៦០នាក់ ដោយសារព្យុះទីហ្វុង ឡេគីម៉ា វាយប្រហារប្រទេសចិន

    ចិន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារព្យុះទីហ្វុង ឡេគីម៉ា នៅភាគខាងកើតប្រទេសចិន បានបន្តកើនឡើងដល់៤៤នាក់ និង១៦នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួន គិតត្រឹមព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ។ ព្យុះទីហ្វុង ឡេគីម៉ា បានវាយប្រហារមកលើតំបន់ដីគោកនៃខេត្ត ហ្ស៊ីជំាង កាលពី ព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន ជាមួយកម្លាំងខ្យល់បក់១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទីហ្វុងដ៏កំណាចមួយនេះ បានបង្កជាគ្រោះទឹកជំនន់ និងបង្ខំឱ្យអាជ្ញាធរចិនជម្លៀសនុស្សច្រើនជាង១៨ម៉ឺននាក់ទៅកាន់កន្លែងមានសុវត្ថិភាព ខណៈនៅទូទាំងតំបន់ភាគខាងកើត និងឦសានប្រទេសចិន ចំនួនមនុស្សសរុបរហូតជាង១លាននាក់ត្រូវបានជម្លៀស។ ដោយឡែក បើតាមអាជ្ញាធរចិន ព្យុះទីហ្វុង ឡេគីម៉ា បានបង្កការខូចខាតដល់សេដ្ឋកិច្ចប្រមាណ២,៥៥ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះរាប់ទាំងការបំផ្លិចបំផ្លាញផ្ទៃដីដាំដុះ៣៦ម៉ឺន៤ពាន់ហិកតា និងផ្ទះច្រើនជាង៣ម៉ឺន៦ពាន់ខ្នង ខណៈជើងហោះហើរចំនួន៣,២០០ត្រូវបានលុបចោល៕ធ.ដ

  • កូរ៉េខាងត្បូង ត្រៀមដកជប៉ុនចេញពីបញ្ជីសរបស់ខ្លួននៅក្នុងខែកញ្ញាខាងមុខនេះ

    កូរ៉េខាងត្បូង ត្រៀមដកជប៉ុនចេញពីបញ្ជីសរបស់ខ្លួននៅក្នុងខែកញ្ញាខាងមុខនេះ

    កូរ៉េខាងត្បូង៖ នៅថ្ងៃចន្ទនេះ ក្រសួងពាណិជ្ជកម្ម ឧស្សហកម្ម និងថាមពលកូរ៉េខាងត្បូងបានប្រកាសពីផែនការដកជប៉ុនចេញពីបញ្ជីសរបស់ខ្លួន នៅក្នុងខែកញ្ញាខាងមុខនេះ ដើម្បីលុបចោលការអនុគ្រោះពិសេសនៃការធ្វើពាណិជ្ជកម្មមួយចំនួនសម្រាប់ទីក្រុងតូក្យូ។ ការប្រកាសរបស់ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានកើតមានឡើងស្របពេលដែលជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានផ្ទុះឡើង ក្រោយជប៉ុនប្រកាសដកកូរ៉េខាងត្បូងចេញពីបញ្ជីស ជាការឆ្លើយតបនឹងតុលាការកូរ៉េខាងត្បូង ដែលបានបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនមួយចំនួន សងសំណងជំងឺចិត្តដល់អតីតកម្មករកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងឧស្សហកម្ម នាអំឡុងសង្រ្គាមលោកលើកទី២។ ពាក់ព័ន្ធនឹងការដកជប៉ុនចេញពីបញ្ជីសខាងលើនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សហកម្ម និងថាមពលកូរ៉េខាងត្បូង លោក ស៊ុង យុនម៉ូ បានលើកឡើងថា ការចាត់វិធានការនេះ គ្រោងនឹងត្រូវចូលជាធរមាននៅខែកញ្ញាខាងមុខ ជាការឆ្លើយតបទៅនឹងជប៉ុន ដែលបានប្រកាសដកទីក្រុងសេអ៊ូលចេញពីបញ្ជីស និងរឹតត្បិតលើការនាំចេញវត្ថុធាតុដើមសំខាន់ៗដល់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង ៕ធ.ដ

  • ការស្ទង់មតិមួយបង្ហាញថា ការនាំចេញរបស់កូរ៉េខាងត្បូងទំនងជាធ្លាក់ចុះរហូតដល់១០% កាលពីខែកក្កដា ឆ្នាំ២០១៩នេះ

    ការស្ទង់មតិមួយបង្ហាញថា ការនាំចេញរបស់កូរ៉េខាងត្បូងទំនងជាធ្លាក់ចុះរហូតដល់១០% កាលពីខែកក្កដា ឆ្នាំ២០១៩នេះ

    សេអ៊ូល៖ យោងតាមការស្ទង់មតិមួយបានបង្ហាញថា ការនាំចេញរបស់កូរ៉េខាងត្បូងទំនងជាបានបន្តធ្លាក់ចុះដល់ខែទី៨ ក្នុងខែកក្កដា ឆ្នាំ២០១៩នេះ ដោយបានធ្លាក់ចុះជិត១០ភាគរយបើធៀបនឹងឆ្នាំមុន ដោយសារតែជម្លោះពាណិជ្ជកម្មរយៈពេលយូររវាងសហរដ្ឋអាម៉េរិក និងចិន។ យោងតាមការស្ទង់មតិមួយ ដែលធ្វើឡើងដោយក្រុមហ៊ុន Yonhap Infomax ដែលជាផ្នែកសេវាព័ត៌មានហិរញ្ញវត្ថុរបស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់កូរ៉េខាងត្បូងត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ចំនួន៤៦,៦ពាន់លានដុល្លារអាម៉េរិកកាលពីខែកក្កដាឆ្នាំនេះ គឺធ្លាក់ចុះពី៥១,៨ពាន់ដុល្លារ ដែលត្រូវបានបង្ហោះកាលពីឆ្នាំមុន។ សេវាគយកូរ៉េកាលពីពេលមុនបានឲ្យដឹងដែរថា ការនាំចេញរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ១៣,៦ភាគរយនៅក្នុងរយៈពេល២០ថ្ងៃដំបូងនៃខែកក្កដាឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃការដឹកជញ្ជូនចេញនៃឧបករណ៍អេឡិចត្រូនិក និងផលិតផលគីមីឥន្ធនៈ៕ធ.ដ

  • ទឹកជំនន់ និងបាក់ដីនៅតំបន់កណ្តាលប្រទេសវៀតណាម បណ្តាលឲ្យស្លាប់ មនុស្ស១០នាក់

    ទឹកជំនន់ និងបាក់ដីនៅតំបន់កណ្តាលប្រទេសវៀតណាម បណ្តាលឲ្យស្លាប់ មនុស្ស១០នាក់

    បើតាមគណៈកម្មាធិការជាតិទទួលបន្ទុកគ្រោះមហន្តរាយធម្មជាតិវៀណាម បានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ភ្លៀងខ្លាំងៗ បង្កជាទឹកជំនន់ និងបំណាក់ដី តាំងពីថ្ងៃពុធសប្តាហ៍មុនមក បានសម្លាប់មនុស្ស១០នាក់ហើយ នៅតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម។ ប្រភពថា ខេត្ត Dak Nong មានមនុស្សស្លាប់យ៉ាងតិច៥នាក់ ខណៈដែលខេត្តចំនួនបីទៀត មានដូចជា Gia Lai, Dak Lak និង Lam Dong សុទ្ធតែមានមនុស្សស្លាប់ម្នាក់ៗ ស្របពេលដែលខេត្ត Kon Tum មានស្លាប់២នាក់។ តំបន់នេះទទួលរងការធ្លាក់ភ្លៀងដ៏ខ្លាំងបំផុត ពុំធ្លាប់មាន ក្នុងនោះ នៅចន្លោះពីថ្ងៃទី៦ ដល់៩ សីហា ការធ្លាក់ភ្លៀងកើនឡើងលើសពី៣ទៅ៥ដង បើធៀបនឹងពេលដូចគ្នា កាលពីខែសីហា ឆ្នាំ២០១៨៕ធ.ដ

  • អ្នកស្លាប់កើនដល់៥១នាក់ ករណីបាក់ដីជម្រាលភ្នំ នៅប្រទេសមីយ៉ាន់ម៉ា

    អ្នកស្លាប់កើនដល់៥១នាក់ ករណីបាក់ដីជម្រាលភ្នំ នៅប្រទេសមីយ៉ាន់ម៉ា

    ការបាក់ដីនៅរដ្ឋ ម៉ន ប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យចំនួនមនុស្សស្លាប់កើនដល់៥១នាក់ហើយ នេះបើតាមរបាយការណ៍ចេញផ្សាយ ដោយនាយកដ្ឋានសេវាកម្មអគ្គីភ័យមីយ៉ាន់ម៉ា កាលពីម្សិលមិញ។ ប្រភពថា ប្រតិបត្តិការរុករក និងសង្គ្រោះ បាននិងកំពុងបន្តធ្វើនៅឡើយ ក្នុងពេលដែលមីយ៉ាន់ម៉ាកំពុងទទួលរងបញ្ហាបំណាក់ដី នារដូវមូសុង។ សូមរម្លឹកថា ជម្រាលភ្នំ Ma-Lat បានបាក់រលំ ដោយសារតែភ្លៀងខ្លាំង នៅវេលាម៉ោង៧ព្រឹក កាលពីថ្ងៃសុក្រ។ ប្រជាពលរដ្ឋ ផ្ទះ និងយានជំនិះផ្សេងៗត្រូវបាននាំទៅក្នុងទឹក ជាមួយនឹងដីភក់ និងដុំថ្មពីការរលំ។ ភៀងមូសុងខ្លាំង បានគ្របដណ្តប់លើទីប្រជុំជនបណ្តាលឲ្យជន់លិច ដូចជានៅ Paung, Mawlamyine, Mudon, Thanbyuzayat, Kyaikmaraw និង Ye ស្របពេលដែលសាលារៀនមួយចំនួនត្រូវបានបិទបណ្តោះអាសន្ន នៅPaung៕ធ.ដ

  • ការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងក្រុមបាតុករកាន់តែក្តៅគគុក ខណៈការតវ៉ានៅ ទីក្រុងហុងកុងឈានដល់សប្តាហ៍ទី១០

    ការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងក្រុមបាតុករកាន់តែក្តៅគគុក ខណៈការតវ៉ានៅ ទីក្រុងហុងកុងឈានដល់សប្តាហ៍ទី១០

    ចិន៖ ការតវ៉ានៅទីក្រុងហុងកុងបានឈានចូលដល់សប្តាហ៍ទី១០ហើយ និងជាការប៉ះទង្គិចគ្នាដ៏ក្តៅគគុកផងដែរ ដោយក្រុមប៉ូលិសហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមអ្នកតវ៉ា បន្ទាប់ពីមានការគប់ដបសាំងជាច្រើនគ្រាប់បានផ្ទុះឡើង នៅតំបន់ Wan Chai។ នៅតំបន់ Wan Chai គេឃើញមានគ្រាប់ជាដបសាំងចំនួន២គ្រាប់ ត្រូវបានក្រុមអ្នកតវ៉ាគប់ ហើយធ្វើឲ្យមានការផ្ទុះឡើងនៅលើដងផ្លូវ ខណៈការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកុប្បកម្មរបស់ប៉ូលិសបានរុលទៅមុខ ធ្វើឲ្យក្រុមអ្នកតវ៉ាមួយចំនួនដកថយ។ គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ាធ្វើបាតុកម្ម បាននឹងកំពុងទាមទារឲ្យនាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី ខារី ឡំា ចុះចេញពីតំណែង ទាមទារឲ្យបោះឆ្នោតដោយប្រជាធិបតេយ្យ ទាមទារឲ្យដោះលែងអ្នកដែលត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងការតវ៉ាកាលពីពេលមុន និងទាមទារឲ្យមានការស៊ើបអង្កេតមួយទៅលើប៉ូលិស ដែលបានប្រើប្រាស់កម្លាំងប្រឆាំងនឹងក្រុមអ្នកតវ៉ា ស្របពេលដែលក្រុមអ្នកតវ៉ាបានកាន់កាប់ផ្លូវជាច្រើននៅតំបន់ចំនួនពីរ និងបានបិទចរាចរណ៍ផងដែរ៕ធ.ដ

  • មនុស្ស៣២នាក់ស្លាប់ និង៦,៥១លាននាក់ទៀតរងផលប៉ះពាល់នៅប្រទេសចិន ដោយសារការវាយប្រហារពីព្យុះទីហ្វុង Lekima

    មនុស្ស៣២នាក់ស្លាប់ និង៦,៥១លាននាក់ទៀតរងផលប៉ះពាល់នៅប្រទេសចិន ដោយសារការវាយប្រហារពីព្យុះទីហ្វុង Lekima

    ចិន៖ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ព្យុះទីហ្វុង ឡេគីម៉ា បានឆក់យកអាយុជីវិតមនុស្សកើនដល់៣២នាក់ហើយ នៅខេត្ត Zhejiang ភាគខាងកើត ប្រទេសចិន។ ព្យុះដ៏ខ្លាំងក្លានេះ ក៏បានបង្កឲ្យមានការរអិលបាក់ដីជាលើកទី២ នៅទីក្រុង Qingdao ខេត្ត Shandong ភាគខាងកើតប្រទេស និងធ្វើឲ្យមានខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។ បើតាមទិន្នន័យទទួលបានពីក្រសួងគ្រប់គ្រងការសង្គ្រោះបន្ទាន់ចិននោះ ព្យុះទីហ្វុងដ៏ខ្លាំងក្លានេះដែរ ក៏បានធ្វើឲ្យមនុស្សប្រមាណ៦,៥១លាននាក់ ទទួលរងផលប៉ះពាល់នៅខេត្ត Zhejiang, Jiangsu, Anhui, Shandong និងខេត្ត Fujian ព្រមទាំងទីក្រុង Shanghai ផងដែរ។ សូមជម្រាបថា ឡេគីម៉ា គឺជាព្យុះទីហ្វុងទី៩ហើយក្នុងឆ្នាំ២០១៩នេះ ដែលបានវាយប្រហារប្រទេសចិន ហើយវាត្រូវបានគេព្យាករណ៍ថា ជាព្យុះមួយក្នុងចំណោមព្យុះដែលខ្លាំងក្លាបំផុត ដែលវាយប្រហារភាគខាងកើតប្រទេសចិន នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕ធ.ដ