-
ថៃ ចេញការព្រមានជាពិសេសដល់ប្រជាជននៅខេត្តភាគខាងកើត និងខាងត្បូងប្រទេស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយសារភ្លៀងធ្លាក់ខ្លាំង

ថៃ៖ អាជ្ញាធរឧតុនិយមថៃ បានចេញការព្រមានជាពិសេសដល់ប្រជាជន នៅខេត្តភាគខាងកើត និងខាងត្បូងនៃប្រទេស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀងដែលនឹងបន្តធ្លាក់ពីថ្ងៃសុក្រនេះរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ការព្រមាននេះបានកើតមានឡើងស្របពេលដែលភ្លៀងនៅតែបន្តធ្លាក់ខ្លាំង នៅឯតំបន់ ថាសុងយ៉ាង ដែលជាស្រុកស្ថិតនៅភាគពាយ័ព្យបំផុតនៃខេត្តតាក បានបង្កជាគ្រោះរអិលបាក់ដីជាច្រើនកន្លែង ហើយជាលទ្ធផលនោះ មានមនុស្ស២នាក់បាត់បង់ជីវិត។ បើតាមប្រព័ន្ធផ្សព្វផ្សាយថៃ សាកសពជនរងគ្រោះទី២ នៅក្នុងគ្រោះរអិលបាក់ដីត្រូវបានគេរកឃើញនៅថ្ងៃសុក្រនេះ នៅក្នុងស្រុក ថាសុងយ៉ាង ក្រោយសាក សពជនរងគ្រោះទី១ ត្រូវបានគេរកឃើញផងដែរកាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈអាជ្ញាធរ និងក្រុមអ្នកជួយសង្រ្គោះនៅតែបន្តការងាររបស់ពួកគេ ក្នុងការផ្ដល់ជំនួយដល់ប្រជាជនរងគ្រោះ និងតាមស្វែងរកអ្នកដែលត្រូវបានគេរាយការណ៍ថាបាត់ខ្លួន៕ម.ន
-
លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ត្រីថៃទទួលបានសញ្ជាតិសំប៊ី ជាផ្លូវការ

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ត្រា ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទពុករលួយនោះ ពេលនេះ បានទទួលសញ្ជាតិសំប៊ីហើយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានប្រទេសសំប៊ី Tanjug ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ។ ប្រភពថា រដ្ឋាភិបាលសំប៊ីបានផ្តល់សញ្ជាតិឲ្យលោកស្រី យីងឡាក់ ដោយសារតែអាចជាផលប្រយោជន៍របស់សំប៊ី។ ប៉ុន្តែមន្ត្រីសំប៊ីមិនបានបញ្ជាក់ពីមូលហេតុនៅពីក្រោយការសម្រេចចិត្តទេ។ ការដែលមានលិខិតឆ្លងដែនសំប៊ី លោកស្រីយីងឡាក់ អាចធ្វើដំណើរទៅជាង១០០ប្រទេស ដោយមិនចាំបាច់មានវីសា ឬទិដ្ឋាការ ក្នុងនោះ រួមមានទាំងបណ្តាប្រទេសភាគច្រើននៅអឺរ៉ុបដែរ។ សូមរម្លឹកថា លោកស្រី យីងឡាក់ បានចាកចេញពីថៃ កាលពីឆ្នាំ២០១៧ ពោលគឺនៅប៉ុន្មានថ្ងៃ មុនពេលលោកស្រីត្រូវបានតុលាការប្រកាសសាលក្រមឲ្យមានទោសពាក់ព័ន្ធនឹងគោលនយោបាយទិញស្រូវអង្ករ តម្លៃរាប់រយពាន់លានដុល្លារអាម៉េរិក។ យ៉ាងណាក៏ដោយ លោកស្រី យីងឡាក់ និងអ្នកគាំទ្រលោកស្រីអះអាងថា រឿងនេះពាក់ព័ន្ធនឹងនយោបាយសុទ្ធសាធ៕ធ.ដ
-
មនុស្ស៤នាក់ ត្រូវបានគេចាក់សម្លាប់នៅសហរដ្ឋអាម៉េរិក

សារព័ត៌មានចិនហ្ស៊ីនហួរបានចេញផ្សាយថា ជនសង្ស័យជាចោរប្លន់ម្នាក់ ត្រូវបានប៉ូលិសអាម៉េរិកចាប់ខ្លួន បន្ទាប់ពីចាក់មនុស្ស០៤នាក់ឲ្យស្លាប់ និង០២នាក់ទៀតឲ្យរងរបួស នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ត ទី០៨ ខែសីហា ឆ្នាំ២០១៩។ ហេតុការណ៍ខាងលើបានកើតឡើងនៅក្រុង Garden Grove ចម្ងាយ៦០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងឡូសអាន់ជែឡែស របស់សហរដ្ឋអាម៉េរិក។ កម្លាំងប៉ូលិសប្រចាំក្រុង Garden Grove បានចាប់ឃាត់ខ្លួនជនសង្ស័យដែលមានកាន់កាំបិត និងកាំភ្លើងខ្លីមួយដើមក្នុងដៃនៅហាងលក់ទំនិញ 7-Eleven មួយកន្លែង ក្រោយពីជននោះបានចាក់មនុស្ស០៦នាក់ នៅតាមបណ្តោយផ្លូវធំមួយក្នុងក្រុងកើតហេតុ។ អាជ្ញាធរបញ្ជាក់ថា មូលហេតុនៅពីក្រោយសកម្មភាពចាក់មនុស្សមិនញញើតដៃរបស់ជនសង្ស័យ ដែលជាបុរសអាយុ៣៣ឆ្នាំ មានទីលំនៅក្នុងក្រុង Garden Grove ផ្ទាល់ គឺជាអំពើប្លន់ ដែលគ្មានការកំណត់គោលដៅវាយប្រហារជាក់លាក់ជាមុនឡើយ៕ធ.ដ
-
ក្រសួងការពារជាតិរុស្ស៊ី ធ្វើតេស្តយន្តហោះដ្រូនបំបាំងកាយថ្មីរបស់ខ្លួនជាលើកដំបួង

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី ទើបតែបានបញ្ចេញឃ្លីបវីដេអូមួយ បង្ហាញពីការហោះហើរឡើងលើផ្ទៃអាកាសជាលើកដំបូង របស់យន្តហោះដ្រូនស៊េរីថ្មីឈ្មោះ S-70 Okhotnik របស់ក្រុមហ៊ុន Sukhoi។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ការធ្វើតេស្តហោះហើររបស់យន្តហោះដ្រូន Okhotnik ឬហៅជាភាសាអង់គ្លេសថា Hunter ខាងលើ បានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍សប្តាហ៍មុន (ម៉ោងក្នុងតំបន់)។ អំឡុងការហោះហើរសាកល្បងជាលើកទីមួយនោះ យន្តហោះដ្រូនដែលមានសមត្ថភាពបំបាំងកាយនេះ បានស្ថិតនៅលើផ្ទៃអាកាសរយៈពេលជាង២០នាទី នៅរយៈកម្ពស់អតិបរមា ប្រហែល៦០០ម៉ែត្រ។ សូមបញ្ជាក់ថា នេះគឺជាការបង្ហាញខ្លួនជាថ្មីម្តងទៀតរបស់យន្តហោះដ្រូន Hunter គិតចាប់តាំងពីខែមករា ដើម២០១៩នេះ នៅពេលមានការលេចធ្លាយរូបភាពរបស់វា នៅអាកាសយានដ្ឋានមួយកន្លែង ក្នុងទីក្រុង Novosibirsk ភាគខាងត្បូងរុស្ស៊ី៕ធ.ដ
-
មនុស្ស២នាក់ស្លាប់ និងរបួស៦នាក់ ក្នុងហេតុការណ៍ផ្ទុះម៉ាស៊ីនគ្រាប់រ៉ុក្កែតក្នុងកន្លែងធ្វើតេស្ត សព្វាវុធនៅរុស្ស៊ី

រុស្ស៊ី៖ ហេតុការណ៍ម៉ាស៊ីនគ្រាប់រ៉ុក្កែតនៅកន្លែងធ្វើតេស្តសព្វាវុធមួយកន្លែង ក្នុងតំបន់ Arkhangelsk ភាគខាងជើងប្រទេសរុស្ស៊ី បានផ្តាច់ជីវិតមនុស្ស២នាក់ និង៦នាក់ទៀតបានរងរបួស។ ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅទីតាំងធ្វើតេស្តសព្វាវុធមួយរបស់យោធារុស្ស៊ី នៅក្បែរភូមិឈ្មោះ Nyonoksa ក្នុងតំបន់ Arkhangelsk។ ទីតាំងនោះ ត្រូវបានយោធារុស្ស៊ីប្រើប្រាស់សម្រាប់ ការសាកល្បងសព្វាវុធ រួមមានដូចជាមីស៊ីលផ្លោងបាលីស្ទិក និងមីស៊ីលប្រដេញចម្ងាយឆ្ងាយជាដើម។ បើតាមក្រសួងការពារជាតិរុស្ស៊ី អ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីប្រព័ន្ធម៉ាស៊ីនគ្រាប់រ៉ុក្កែតប្រភេទ Liquid Propellant បានផ្ទុះនាថ្ងៃព្រហស្បតិ៍តនេះ ខណៈមនុស្ស២នាក់បានបាត់បង់ជីវិត ប៉ុន្តែពុំមានការបញ្ចេញសារធាតុគ្រោះថ្នាក់ណាមួយទៅក្នុងបរិយាកាសឡើយ ហើយកម្រិតវិទ្យុសកម្មក៏នៅធម្មតាដែរ៕ធ.ដ
-
ចិនស្នើជាផ្លូវការទៅកាន់សហរដ្ឋអាម៉េរិក ឲ្យឈប់បង្កការភ័ន្តច្រឡំលើបញ្ហានៅហុងកុង

ចិន៖ ការិយាល័យទទួលបន្ទុកកិច្ចការទីក្រុងហុងកុង នៃក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍តនេះ បានដាក់កំណត់ទូតតវ៉ាមួយទៅកាន់សហរដ្ឋអាម៉េរិក ឱ្យបញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែក ក៏ដូចជាការបញ្ជូនសារ ដែលធ្វើឱ្យគេយល់ច្រឡំពីទំនាក់ទំនងរវាងក្រុមមន្ត្រីអាម៉េរិក និងក្រុមផ្ដាច់ខ្លួនដ៏ហិង្សាក្នុងទីក្រុងហុងកុង។ នៅលើគេហទំព័ររបស់ខ្លួន ការិយាល័យទទួលបន្ទុកកិច្ចការទីក្រុងហុងកុង ក៏បានបញ្ជាក់ទៀតថា ទីក្រុងប៉េកាំងក៏បានស្នើផងដែរឱ្យសហរដ្ឋអាម៉េរិក បកស្រាយ ឬពន្យល់ឱ្យបានច្បាស់ជុំវិញ សេចក្ដីរាយការណ៍ដែលថា មន្ត្រីអាម៉េរិកមួយចំនួនមានទំនាក់ទំនង ជាមួយមេដឹកនាំផ្ដាច់ក្នុងទីក្រុងហុងកុង។ ទីក្រុងហុងកុង បានធ្លាក់ផុងខ្លួនអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ក្នុងបាតុកម្មតវ៉ាដ៏ហិង្សា ដែលកើតឡើងដំបូងចេញពីការប្រឆាំងជំទាស់នឹងសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោក។ ប៉ុន្តែបច្ចុប្បន្នក្រុមបាតុករប្រឆាំងរដ្ឋាភិបាល មិនមែនត្រឹមតែទាមទារឱ្យលុបច្បាប់នេះចោលទេ ពោលគឺពួកគេចង់ឱ្យនាយកប្រតិបត្តិក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) ចុះចេញពីតំណែងតែម្ដង៕ធ.ដ
-
អាជ្ញាធរថៃបញ្ជាក់ថា រឿងនយោបាយទំនងជាស្ថិតនៅក្រោយករណីបំផ្ទុះគ្រាប់បែក នៅទីក្រុងបាងកក

ថៃ៖ ករណីផ្ទុះគ្រាប់បែកជាច្រើនគ្រាប់ជាបន្តបន្ទាប់នៅក្នុងទីក្រុងបាងកក កាលពីសប្ដាហ៍មុន អាចមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ខណៈអាជ្ញាធរកំពុងតាមប្រមាញ់អ្នកជាប់ពាក់ព័ន្ធបន្ថែម នេះបើតាមប៉ូលិសថៃនៅថ្ងៃព្រហស្បតិ៍តនេះ។ មេបញ្ជាការប៉ូលិសថៃលោក ឆាក់ធីប ឆៃចិន្តា បានបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មានមួយថ្មីៗនេះថា «ខ្ញុំជឿជាក់ថា ករណីនេះមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ…» ។ លោក ឆាក់ធីប មិនបានបង្ហាញភ័ស្ដុតាងណាមួយ ដើម្បីគាំទ្រការអះអាងរបស់លោកនោះទេ ដោយគ្រាន់តែនិយាយថា ៨០-៩០ភាគរយ ករណីផ្ទុះគ្រាប់បែកនេះគឺជារឿងនយោបាយហើយថា ប៉ូលិសថៃកំពុងតាមប្រមាញ់ជនសង្ស័យបន្ថែមទៀត។ សូមរំលឹកថា កាលពីថ្ងៃសុក្រសប្ដាហ៍មុនមនុស្ស០៤នាក់ បានរងរបួសនៅក្នុងការផ្ទុះគ្រាប់បែក ក្នុងទីក្រុងបាងកក ជាទីដែលថ្នាក់ដឹកនាំបរទេសជាច្រើនកំពុងចូលរួមប្រជុំអាស៊ាន។ ក្រោយការផ្ទុះនេះដែរ ប៉ូលិសថៃបានភ្ជាប់ជនសង្ស័យសំខាន់០២នាក់មកពីខេត្ត ណារ៉ាត់ធីវ៉ាត់ ដែលត្រូវបានចាប់ខ្លួនទៅនឹងក្រុមសកម្មប្រយុទ្ធនៃភាគខាងត្បូងប្រទេសថៃ ដែលបានបង្កបញ្ហាបែបនេះនៅប្រទេសថៃ១៥ឆ្នាំមកហើយ៕ធ.ដ
-
ទឹកជំនន់នៅមីយ៉ានម៉ាបង្ខំចិត្តពលរដ្ឋជិត១សែននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង

ទឹកជំនន់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា បង្ខំចិត្តដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ចាកចេញពីផ្ទះសម្បែង នៅរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ មន្ត្រីមីយ៉ាន់ម៉ាបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញទៀតថា ការជន់លិចនេះបានកើតមានស្របពេលដែលភ្លៀងមូសុងកំពុងគ្របដណ្តប់ពេញប្រទេសមីយ៉ាន់ម៉ា។ យ៉ាងណាក៏ដោយ ក្រុមសង្គ្រោះកំពុងជួយនាំប្រជាពលរដ្ឋរងគ្រោះទៅកាន់ទីកតាំងស្ងួត ខណៈដែលពលរដ្ឋជាច្រើនកំពុងស្វែងរកជម្រក នៅតាមវត្តអារ៉ាម។ ក្រសួងសុខមាលភាពសង្គមបានឲ្យដឹងថា តំបន់ដែលរងគ្រោះដោយសារទឹកជំនន់ខ្លាំងជាងគេ ណៅតំបន់ Bago, Mon និង Karen ស្ថិតនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា។ ការិយាល័យ អង្គការសហប្រជាជាតិ ទទួលបន្ទុកជំនួយមនុស្សធម៌បានប៉ាន់ប្រមាណថា មនុស្ស៨៩០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន៕ធ.ដ
-
ប្រធានាធិបតីហ្វីលីពីន ប្តេជ្ញាមិនអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិក ដាក់ពង្រាយប្រព័ន្ធមីស៊ីល នៅលើទឹកដីប្រទេសខ្លួនជាដាច់ខាត

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសថា ប្រទេសលោកនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកដាក់ពង្រាយប្រព័ន្ធមីស៊ីល នៅលើទឹកដីហ្វីលីពីនជាដាច់ខាត។ ទោះបីជាមានសន្ធិសញ្ញាការពារជាតិរវាងហ្វីលីពីន និងសហរដ្ឋអាម៉េរិកក៏ដោយ តែលោក ឌូទើតេ បានបញ្ជាក់ច្បាស់ៗថា រូបលោកនឹងព្យាយាមហាមឃាត់ការហូរចូលនៃសព្វាវុធពីបរទេស ក្នុងនោះរួមមានទំាងឃ្លំាងអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេស ដោយសារតែទង្វើនេះ ត្រូវចាត់ទុកថា ជាការរំលោភលើរដ្ឋធម្មនុញ្ញហ្វីលីពីន ។ ការអះអាងខាងលើរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះ បានកើតមានឡើងក្រោយសហរដ្ឋអាម៉េរិក និងរុស្ស៊ីដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF និងបន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ម៉ាក អេសភើ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងស៊ីដនី ប្រទេសអូស្រា្តលី កាលពីថ្ងៃសុក្រសប្តាហ៍មុនថា រូបលោកមានបំណងចង់ដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នារយៈពេលប៉ុន្មានខែទៀតនេះ៕ធ.ដ
-
រយៈពេលជាងកន្លះឆ្នាំ យានអវកាសរបស់ចិនធ្វើដំណើរបាន២៧១ម៉ែត្រនៅលើផ្ទៃព្រះចន្ទ

ចិន៖ សូមរំលឹកថា បេសកកម្ម ឆាងអឺ បួន ត្រូវបានបញ្ជូនចេញពីផែនដីកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨។ វាបានចុះចតទៅរណ្តៅ វ៉ុនកាមែន ដែលនៅផ្ទៃមួយចំហៀងទៀតរបស់ព្រះចន្ទ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។ ប្រការនេះធ្វើឲ្យចិនក្លាយជាប្រទេសដំបូងគេ ដែលមានយានរ៉ូបូតធ្វើប្រតិបត្តិការនៅតំបន់នោះ។ ដោយឡែកក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ យានរុករក យូធូ-២ របស់ចិន ធ្វើដំណើរនៅលើផ្ទៃព្រះចន្ទបានចម្ងាយ២៧១ម៉ែត្រហើយ ដែលវាត្រូវតស៊ូការលំបាកនេះទៅមុខទៀត ដើម្បីធ្វើការស្រាវជ្រាវតំបន់ ដែលគ្មានប្រទេសណាផ្សេងធ្លាប់បានទៅដល់នោះ។ កាលពីថ្ងៃពុធសប្តាហ៍នេះ យាន យូធូ-២ និងយានចុះចត លែនសឺ ស្ថិតនៅក្នុងចង្កោមនៃបេសកកម្ម ឆាងអឺ ៤ បានសម្រាកដំណើរការជាថ្មីម្តងទៀត ខណៈពេលវេលាយប់នៅលើឋានព្រះចន្ទបានចូលមកដល់។ ឲ្យតែពេលយប់មកដល់យានទាំងពីរគ្រៀងនៃបេសកកម្ម ឆាងអឺ ៤ បានសម្រាកដំណើរការ ដោយសារតែខ្វះថាមពលពន្លឺព្រះអាទិត្យ៕ធ.ដ