Category: ព័ត៌មានអន្តរជាតិ

  • ប៉ាគីស្ថាន សម្រេចផ្អាកការធ្វើពាណិជ្ជកម្ម និងកាត់បន្ថយទំនាក់ទំនងការទូតជាមួយឥណ្ឌា ដោយសារបញ្ហានៅតំបន់កាស្មៀរ

    ប៉ាគីស្ថាន សម្រេចផ្អាកការធ្វើពាណិជ្ជកម្ម និងកាត់បន្ថយទំនាក់ទំនងការទូតជាមួយឥណ្ឌា ដោយសារបញ្ហានៅតំបន់កាស្មៀរ

    ប៉ាគីស្ថាន៖ តំបន់កាស្មៀនៅខាងប៉ែកគ្រប់គ្រងដោយឥណ្ឌា បានបិទច្រកចេញចូលចាប់តាំងពីថ្ងៃចន្ទសប្តាហ៍នេះ ក្រោយឥណ្ឌាលុបចោលលក្ខខន្តិកៈពិសេសដែលផ្ដល់សិទ្ធិស្វ័យភាពមួយចំនួនដល់តំបន់មួយនេះ។ ឆ្លើយតបនឹងសកម្មភាពរបស់ឥណ្ឌាខាងលើនេះ រដ្ឋាភិបាលប៉ាគីស្ថានបានធ្វើការ បណ្ដេញមន្ត្រីទូតឥណ្ឌាជាន់ខ្ពស់ម្នាក់ចេញពីប្រទេស ហើយកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងញ៉ូវដេលី ត្រឡប់មកប្រទេសវិញ ដើម្បីសម្ដែងការតវ៉ាទៅនឹងឥណ្ឌា ដែលដកសិទ្ធិស្វ័យភាពពីតំបន់កាស្មៀរ ដែលខ្លួនកំពុងគ្រប់គ្រង។ ស្របពេលជាមួយគ្នានេះដែរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរបស់ខ្លួន គណៈកម្មាធិការសនិ្តសុខជាតិប៉ាគីស្ថាន ក៏បានសម្រេចកាត់បន្ថយទំនាក់ទំនងការទូត ក៏ដូចជាផ្អាកការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌាផងដែរ ខណៈប្រជាជននៅក្នុងតំបន់កាស្មៀរ កំពុងព្រួយបារម្ភខ្លាចក្រែងជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរផ្ទុះឡើង ៕ធ.ដ

  • កូរ៉េខាងត្បូងទិញឧទ្ធម្ភាគចក្រយោធា១២គ្រឿងពីសហរដ្ឋអាម៉េរិក ស្របពេលស្ថានភាព នៅឧបទ្វីបកូរ៉េកើនឡើងកម្តៅខ្លាំង

    កូរ៉េខាងត្បូងទិញឧទ្ធម្ភាគចក្រយោធា១២គ្រឿងពីសហរដ្ឋអាម៉េរិក ស្របពេលស្ថានភាព នៅឧបទ្វីបកូរ៉េកើនឡើងកម្តៅខ្លាំង

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្រេចអនុម័តលើការលក់ឧទ្ធម្ភាគចក្រចំនួន១២គ្រឿង មានតម្លៃរាប់រយលានដុល្លារឱ្យកូរ៉េខាងត្បូង ក្នុងគ្រាដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េកើនកម្ដៅឡើងវិញ ដោយសារការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ពីសំណាក់កូរ៉េខាងជើង។ ការទិញលក់ខាងលើនេះ បានកើតមានឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ អះអាងថា កូរ៉េខាងត្បូងបានយល់ព្រមបង់ថ្លៃការពារបន្ថែម រហូតដល់ទៅ៩២៣លានដុល្លារក្នុងឆ្នាំ២០១៩នេះ ដល់កងទ័ពអាម៉េរិកជាង២ម៉ឺន៨ពាន់៥០០នាក់ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង។ បើតាមទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការសនិ្តសុខការពារជាតិ នៃមន្ទីរបញ្ចកោណនោះ ក្រសួងការបរទេសអាម៉េរិក បានយល់ព្រមលក់ឧទ្ធម្ភាគចក្រពហុបេសកកម្មធុន MH-60R ចំនួន១២គ្រឿង រួមទាំងបរិក្ខារពាក់ព័ន្ធជាច្រើនទៀត ដូចជា រ៉ាដា និងប្រព័ន្ធទំនាក់ទំនងដែលមានតម្លៃ៨០០លានដុល្លារឱ្យកូរ៉េខាងត្បូងផងដែរ៕ធ.ដ

  • ជប៉ុន បន្ថយសម្ពាធបន្តិចលើកូរ៉េខាងត្បូង ដោយព្រមលក់វត្ថុធាតុដើមមួយមុខឡើងវិញ

    ជប៉ុន បន្ថយសម្ពាធបន្តិចលើកូរ៉េខាងត្បូង ដោយព្រមលក់វត្ថុធាតុដើមមួយមុខឡើងវិញ

    ជប៉ុន៖ ជប៉ុនបានផ្តល់ការអនុញ្ញាតជាលើកដំបូង សម្រាប់ការនាំចេញវត្ថុធាតុដើមបច្ចេកវិទ្យាមួយប្រភេទមកកាន់កូរ៉េខាងត្បូង គិតចាប់តាំងពីទីក្រុងតូក្យូ កាលពីខែកក្កដា បានរឹតបន្តឹងការនាំចេញវត្ថុធាតដើមចំនួន០៣មុខ ដែលចាំបាច់ក្នុងការផលិតបន្ទះឈីប និងផ្ទៃអេក្រង់ដល់កូរ៉េខាងត្បូង។ ស្របពេលជាមួយគ្នានោះដែរ ជប៉ុន ក៏បានដកឈ្មោះកូរ៉េខាងត្បូងចេញពីបញ្ជីសពាណិជ្ជកម្ម ដែលអនុគ្រោះដល់ដំណើរការនាំចេញផលិតផលពីប្រទេសជប៉ុនជារួមផងដែរ។ បើតាមនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក លី ណាក់យ៉ុន ការអនុញ្ញាតខាងលើ ធ្វើឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ សម្រាប់ការនាំចេញវត្ថុធាតុដើមបច្ចេកវិទ្យាហៅថា EUV ផូថូរ៉េស៊ីស (EUV photoresist) ដែលមានសារសំខាន់ជាខ្លាំងនៅក្នុងការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន សាមសុង។ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងរូបនេះបានបន្ថែមទៀតថា រដ្ឋាភិបាលទីក្រុងសេអ៊ូល ក៏បាននឹងកំពុងខិតខំបង្កើនកិច្ចប្រឹងប្រែង ដើម្បីលុបចោលការដាក់កំហិតនាំចេញនេះវិញ៕ធ.ដ

  • វៀតណាម នាំចេញអង្ករជាង៤លានតោន ចំណូលជិត២ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៧ខែមកនេះ

    វៀតណាម នាំចេញអង្ករជាង៤លានតោន ចំណូលជិត២ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៧ខែមកនេះ

    វៀតណាម បាននាំចេញអង្ករ ៤,០១លានតោន រកចំណូលបាន១,៧៣ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០១៩ កើនឡើង២,១ភាគរយលើបរិមាណ ប៉ុន្តែតម្លៃធ្លាក់ចុះ១៤,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ នេះបើតាមការក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម ចេញផ្សាយដោយសារព័តមាន Vietnamnews នៅថ្ងៃទី៧ សីហា ២០១៩។ ប្រភពបន្តថា គ្រាន់តែខែកក្កដា វៀតណាមបាននាំចេញបាន៦៥១០០០តោន តម្លៃ២៨៥លានដុល្លារអាម៉េរិក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ Nguyễn Xuân Cường បានអះអាងថា នៅឆ្នាំ២០១៩នេះ តម្លៃផលិតផលកសិម្មក្នុងទីផ្សារលើពិភពលោកបានធ្លាក់ចុះពី៥ ទៅ១៥ភាគរយ។ ហ្វីលីពីន គឺជាប្រទេសទិញអង្ករពីវៀតណាមច្រើនជាងគេ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ ក្នុងនោះ ទិញ៣៣,៧ភាគរយពីអង្ករនាំចេញសរុបរបស់វៀតណាម។ ក្រៅពីនេះ ទីផ្សារធំៗផ្សេងទៀត មានដូចជានៅកូស្តា រីកា ហុងកុង និង អារ៉ាប់ប៊ី សាអ៊ូឌីត ជាដើម៕ធ.ដ

  • លោក ដូណាល់ ត្រាំ បញ្ជាក់ថា កូរ៉េខាងត្បូងយល់ព្រមបង់ប្រាក់បន្ថែមឱ្យសហរដ្ឋអាម៉េរិក ដើម្បីជួយការពារពីការគំរាមកំហែងរបស់កូរ៉េខាងជើង

    លោក ដូណាល់ ត្រាំ បញ្ជាក់ថា កូរ៉េខាងត្បូងយល់ព្រមបង់ប្រាក់បន្ថែមឱ្យសហរដ្ឋអាម៉េរិក ដើម្បីជួយការពារពីការគំរាមកំហែងរបស់កូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ កូរ៉េខាងត្បូងបានសម្រេចយល់ព្រមបង់ប្រាក់បន្ថែមឱ្យសហរដ្ឋអាម៉េរិក ដើម្បីជួយការពារខ្លួនពីការគំរាមកំហែងណាមួយពីកូរ៉េខាងជើង។ នេះបើតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ កងទ័ពអាម៉េរិកដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូងមានប្រមាណ២ម៉ឺន៨ពាន់៥០០នាក់។ការប្រកាសរបស់លោក ដូណាល់ ត្រាំ នាពេលនេះ ធ្វើឡើងចំពេលភាពតានតឹងនៅលើឧបទ្វីបកូរ៉េផ្ទុះឡើងជាថ្មី ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ហើយថែមទាំងព្រមានដែរថា នឹងធ្វើតេស្តមីស៊ីលបន្ថែមទៀត ដើម្បីសម្ដែងការជំទាស់ទៅនឹងការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។សូមរំលឹកថា កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក កាលពីខែកុម្ភៈកន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយចេញថ្លៃចំណាយឱ្យកងទ័ពអាម៉េរិកនៅលើទឹកដីរបស់ខ្លួន។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ កូរ៉េខាងត្បូងបានយល់ព្រមជួយចេញថ្លៃចំណាយដល់កងទ័ពអាម៉េរិក ៩២៣លានដុល្លារក្នុងឆ្នាំ២០១៩ ខណៈឆ្នាំ២០១៨ មានតែ៨៣០លានដុល្លារប៉ុណ្ណោះ៕ម.ន

  • ប្រមុខការទូតសហរដ្ឋអាម៉េរិក៖ ការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង គឺមិនប៉ះពាល់ ដល់ការចរចានុយក្លេអ៊ែរទេ

    ប្រមុខការទូតសហរដ្ឋអាម៉េរិក៖ ការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង គឺមិនប៉ះពាល់ ដល់ការចរចានុយក្លេអ៊ែរទេ

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃពុធនេះ បាននិយាយថា ការបាញ់មីស៊ីលទាំងនោះ នឹងមិនផ្លាស់ប្តូរទស្សនវិស័យសម្រាប់កិច្ចចរចាអំពីអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនោះទេ។លោក ប៉ុមប៉េអូ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា យុទ្ធសាស្ត្ររដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទាក់ទងនឹងកូរ៉េខាងជើងមិនបានផ្លាស់ប្តូរទេ ហើយថា កិច្ចខំប្រឹងប្រែងរបស់យើង គឺដើម្បីសម្រេចឱ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែរចុងក្រោយ និងទាំងស្រុងរបស់កូរ៉េខាងជើង។ យើងសង្ឃឹមថា នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងនឹងត្រឡប់ទៅរកតុចរចាវិញ ដើម្បីសម្រេចជោគជ័យ។ ការកត់សម្គាល់របស់ប្រមុខការទូតអាម៉េរិកខាងលើនេះ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបាននិយាយថា ការបាញ់មីស៊ីលរយៈចម្ងាយខ្លីជាថ្មី គឺជាការព្រមានប្រឆាំងនឹងសមយុទ្ធយោធារួមរវាងអាម៉េរិក-កូរ៉េខាងត្បូង៕ម.ន

  • ទីបំផុតសហរដ្ឋអាម៉េរិក ហាមឃាត់ជាផ្លូវការលើកិច្ចសន្យារបស់រដ្ឋាភិបាលខ្លួន ជាមួយក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិនដទៃទៀត

    ទីបំផុតសហរដ្ឋអាម៉េរិក ហាមឃាត់ជាផ្លូវការលើកិច្ចសន្យារបស់រដ្ឋាភិបាលខ្លួន ជាមួយក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិនដទៃទៀត

    សហរដ្ឋអាម៉េរិក៖ ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធនេះ បានដាក់ចេញនូវវិធានច្បាប់ជាផ្លូវការហាមឃាត់លើក្រុមហ៊ុន ហូវៃ និងក្រុមហ៊ុនចិនដទៃទៀតពីកិច្ចសន្យានានាជាមួយរដ្ឋាភិបាលអាម៉េរិក នៅក្នុងចំណាត់ការចុងក្រោយនៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងតែឡើងកម្តៅ។វិធានច្បាប់បណ្តោះអាសន្ននេះ នឹងរារាំងរាល់ទីភ្នាក់ងារសហព័ន្ធអាម៉េរិកពីការទិញឧបករណ៍ទូរគមនាគមន៍ ឬបច្ចេកវិជ្ជាពីក្រុមហ៊ុនចិន ហូវៃ សម្រាប់ធ្វើជាសមាសធាតុសំខាន់ ឬចាំបាច់នៃប្រព័ន្ធណាមួយ ឬក៏សម្រាប់ជាបច្ចេកវិជ្ជាសំខាន់ ដែលជាផ្នែកនៃប្រព័ន្ធណាមួយ ដោយចំណាត់ការនេះ ចាប់ផ្តើមពីថ្ងៃទី១៣ ខែ សីហានេះ។ វិធានច្បាប់នេះ អនុវត្តនូវការហាមឃាត់ ដែលត្រូវបានរួមបញ្ចូលនៅក្នុងច្បាប់ស្តីពីការផ្តល់សិទ្ធិការពារជាតិ ដែលត្រូវបានសភាអនុម័តកាលពីដើមឆ្នាំនេះ។ វិធានថ្មីនេះទៀតសោត គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការរឹតត្បិតក្រុមហ៊ុន ហូវៃ ដែលក្រុមមន្ត្រីអាម៉េរិកអះអាងថា មានជាប់ទាក់ទងនឹងការស៊ើបការណ៍សម្ងាត់របស់ចិន។ ជាការឆ្លើយតបវិញនោះ ក្រុមហ៊ុន ហូវៃ បាននិយាយថា ខ្លួននឹងដាក់ពាក្យបណ្តឹងតវ៉ាចំពោះការហាមឃាត់នេះនៅក្នុងតុលាការសហព័ន្ធ៕ម.ន

  • បារំាងបដិសេធអញ្ជើញមេដឹកនំាអ៊ីរ៉ង់មកចូលរួមកិច្ចប្រជុំ G7 នៅបារាំង ក្នុងខែសីហានេះ

    បារំាងបដិសេធអញ្ជើញមេដឹកនំាអ៊ីរ៉ង់មកចូលរួមកិច្ចប្រជុំ G7 នៅបារាំង ក្នុងខែសីហានេះ

    បារំាំង៖ មន្ត្រីទូតបារាំងម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបាននិយាយថា ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង មិនបានអញ្ជើញសមភាគី អ៊ីរ៉ង់ លោក ហាសាន់ រូហានី ចូលរួមក្នុងកិច្ចប្រជុំ G7 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសបារាំង ក្នុងខែសីហានេះទេ។ មន្ត្រីទូតបារាំងខាងលើ បានធ្វើការអះអាងបែបនេះ ប្រាប់សារព័ត៌មាន Al-Monitor និងជាការបដិសេធទៅនឹងសេចក្ដីរាយការណ៍ដែលថា លោក ម៉ាក្រុង បានអញ្ជើញលោក រូហានី មកចូលរួមកិច្ចប្រជុំកំពូល G7 នៅក្នុងទីក្រុង Biarritz ប្រទេសបារាំង ដើម្បីជួបប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ដោយឡែក លោក រូហានី ផ្ទាល់ក៏បានទាត់ចោលសេចក្ដីរាយការណ៍នេះដែរ។ សូមជម្រាបថា កិច្ចប្រជុំកំពូល G7 ដែលមានប្រទេសជាសមាជិកដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាម៉េរិក គ្រោងធ្វើឡើងនៅក្នុងទីក្រុង Biarritz ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហាខាងមុខនេះ៕ម.ន

  • NASA បញ្ចេញរូបភាពភ្នំចម្លែកមួយនៅលើផ្ទៃអាចម៍ផ្កាយ Ceres ដែលនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍

    NASA បញ្ចេញរូបភាពភ្នំចម្លែកមួយនៅលើផ្ទៃអាចម៍ផ្កាយ Ceres ដែលនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍

    សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិក ណាសា បានបញ្ចេញរូបភាពមួយរបស់អាចម៍ផ្កាយយក្ស សឺរ៉េស ដែលបង្ហាញឲ្យឃើញភ្នំចម្លែកមួយនៅលើផ្ទៃរបស់វា។ រូបភាពខាងលើបានមកពីយានអវកាស ឌន របស់ ណាសា ដែលកាលពីឆ្នាំ២០១៥ ត្រូវបានបញ្ជូនឲ្យទៅសិក្សាអាចម៍ផ្កាយ សឺរ៉េស ដែលស្ថិតនៅតំបន់ខ្សែ ក្រវាត់អាចម៍ផ្កាយ អាស់ស្ទឺរ៉ដ ប៊ែល នៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) និងជាវត្ថុធំជាងគេបង្អស់នៅតំបន់នោះ។ ភ្នំដែល ណាសា បានបង្ហាញខាងលើនេះ មានឈ្មោះថា អាហ៊ូណា ម៉ុន និងមានកម្ពស់ជិត៤ពាន់ម៉ែត្រ ដែលស្ទើរតែពាក់កណ្តាលនៃភ្នំខ្ពស់បំផុតនៅលើផែនដី គឺភ្នំ អេវើរ៉េស ដែលមានកម្ពស់៨,៨៤៨ម៉ែត្រ។ យ៉ាងណាមិញ គេនៅពុំច្បាស់ថា ភ្នំ អាហ៊ូណា ម៉ុន កកើតឡើងដោយសារអ្វីនោះទេ ប៉ុន្តែអង្គការ NASA បាននិយាយថា វាមិនដូចអ្វីដែលមនុស្សលោកយើងធ្លាប់ឃើញពីមុនមកឡើយ៕ធ.ដ

  • លោក ហាសាន់ រូហានី ព្រមានថា សង្គ្រាមជាមួយអ៊ីរ៉ង់ គឺជាសង្គ្រាមធំជាងគេទំាងអស់

    លោក ហាសាន់ រូហានី ព្រមានថា សង្គ្រាមជាមួយអ៊ីរ៉ង់ គឺជាសង្គ្រាមធំជាងគេទំាងអស់

    អ៊ីរ៉ង់៖ សង្គ្រាមជាមួយអ៊ីរ៉ង់ គឺជាសង្គ្រាមធំជាងគេបំផុតនៅលើពិភពលោក នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី នៅថ្ងៃអង្គារនេះក្នុងពេលថ្លែងសន្ទករថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ ដោយលោក រូហានី បានព្រមានជាថ្មីម្តងទៀតថា ការដឹកជញ្ជូនប្រេងនៅតាមដែនទឹកនៃច្រកសមុទ្រ ហ័រមូស ទំនងជាមិនអាចមានសុវត្ថិភាពដូចមុនឡើយ ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថា សន្តិភាពជាមួយអ៊ីរ៉ង់ គឺជាសន្តិភាពដ៏ធំជាងគេបំផុត ហើយសង្គ្រាមជាមួយអ៊ីរ៉ង់ ក៏ជាសង្គ្រាមដ៏ធំជាងគេទំាងអស់ ហើយថា បើសិនជាសហរដ្ឋអាមេ៉រិកចង់ឱ្យមានការចរចាជាមួយអ៊ីរ៉ង់នោះ ទីក្រុងវ៉ាស៊ីនតោនត្រូវតែដកទណ្ឌកម្មវិញទំាងអស់ ។ សូមជម្រាបថា ការអត្ថាធិប្បាយរបស់លោក រូហានី នាពេលនេះ ធ្វើឡើងចំពេលដែលរដ្ឋមន្រ្តីការបរទេសរបស់លោក គឺលោក ម៉ូហាំម៉េដ ចាហ្វាដ ហ្សារីហ្វ ត្រូវបានសហរដ្ឋអាមេ៉រិកប្រកាសដាក់ទណ្ឌកម្មកាលពីថ្ងៃពុធសប្តាហ៍មុន និងក្រោយពេលដែលលោក ដូណាល់ ត្រាំ ដកអាមេ៉រិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយថែមទំាងដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងទីក្រុងតេហេរ៉ង់ផងដែរ ៕ធ.ដ