Category: ព័ត៌មានអន្តរជាតិ

  • គ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់នៅឥណ្ឌា ឆក់យកអាយុជីវិតមនុស្សប្រមាណ១១៥នាក់ នៅតាមបណ្តារដ្ឋជាប់បណ្តោយឆ្នេរភាគខាងលិចប្រទេស

    គ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់នៅឥណ្ឌា ឆក់យកអាយុជីវិតមនុស្សប្រមាណ១១៥នាក់ នៅតាមបណ្តារដ្ឋជាប់បណ្តោយឆ្នេរភាគខាងលិចប្រទេស

    ឥណ្ឌា៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារតែគ្រោះទឹកជំនន់ដ៏ធ្ងន់នៅតាមរដ្ឋជាប់បណ្តោយឆ្នេរភាគខាងលិចនៃប្រទេសឥណ្ឌា រួមមាន Kerala, Karnataka, Maharashtra, និង Gujarat បានបន្តកើនឡើងដល់១១៥នាក់ហើយ គិតត្រឹមអំឡុងពេល៣ថ្ងៃចុងក្រោយនេះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា តំបន់ដែលរងគ្រោះធ្ងន់ជាងគេគឺរដ្ឋ Kerala ដែលមានមនុស្សស្លាប់៥៧នាក់ រីឯរដ្ឋ Karnataka មានមនុស្សស្លាប់២៦នាក់ ខណៈមនុស្ស២០នាក់បានបាត់បង់ជីវិតនៅរដ្ឋ Gujarat និង១២នាក់បានស្លាប់នៅរដ្ឋ Maharashtra។ ដោយឡែកមនុស្សសរុបជាងកន្លះលាននាក់ត្រូវបានជម្លៀសខ្លួនចេញពីតំបន់ជន់លិចនៅក្នុងរដ្ឋទាំងនេះ ហើយជំរំស្នាក់នៅបណ្តោះអាសន្ន ត្រូវបានរៀបចំឡើង ខណៈប្រតិបត្តិការរំដោះ និងជួយសង្រ្គោះកំពុងតែបន្តប្រព្រឹត្តទៅយ៉ាងដុតដៃដុតជើង។ សូមរំលឹកផងដែរថា កន្លងមក មនុស្សជាង២០០នាក់ ក៏បានស្លាប់នៅរដ្ឋ Bihar និងរដ្ឋ Assam ដែលស្ថិតនៅភាគខាងកើត និងភាគឦសានប្រទេសឥណ្ឌា ដោយសារតែការវាយប្រហារពីគ្រោះទឹកជំនន់ ដែលមានរយៈពេលពីរសប្តាហ៍ ចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែកក្កដា។ អំឡុងពេលនោះ ប្រទេសអាស៊ីខាងត្បូងដទៃទៀត រួមមានប៉ាគីស្ថាន នេប៉ាល់ និងបង់ក្លាដែស សុទ្ធតែបានទទួលរងគ្រោះដូចគ្នា៕ធ.ដ

  • មនុស្សស្លាប់១៦១នាក់ និងរបួស១៣៧នាក់ ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ វាយប្រហារប្រទេសប៉ាគីស្ថាន គិតចាប់ពីខែកក្កដាមកនេះ

    មនុស្សស្លាប់១៦១នាក់ និងរបួស១៣៧នាក់ ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ វាយប្រហារប្រទេសប៉ាគីស្ថាន គិតចាប់ពីខែកក្កដាមកនេះ

    ប៉ាគីស្ថាន៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថាន បានរាយការណ៍នៅថ្ងៃអាទិត្យម្សិលមិញនេះថា សរុបមនុស្ស១៦១នាក់ហើយបានបាត់បង់ជីវិត និង១៣៧នាក់ផ្សេងទៀតទទួលរងរបួស គិតចាប់តាំងពីភ្លៀងមូសុងបានបង្កជាគ្រោះទឹកជំនន់ និងការជន់លិចនៅទូទាំងប្រទេស កាលពីខែកក្កដាកន្លងមកនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបង្កការជន់លិចនៅតំបន់ជាច្រើននៅប៉ាគីស្ថាន ដោយទឹកជំនន់បានជន់លិចទីក្រុង ការ៉ាជី ភាគខាងត្បូងនៃប្រទេស បណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។ បើតាមក្រុមមន្ត្រីជួយសង្គ្រោះ មនុស្ស៧នាក់បានស្លាប់ដោយសារការឆក់ខ្សែភ្លើង និងមនុស្ស៣នាក់ទៀតបានស្លាប់ បន្ទាប់ពីដំបូលផ្ទះរលំនៅទីក្រុង ការ៉ាជី ក្រោយភ្លៀង និងទឹកជំនន់ខ្លាំងបានចាប់ផ្តើមពេញមួយយប់នៅទីក្រុងនេះ។ សូមជម្រាបថា រហូតមកទល់ពេលនេះ ប៉ាគីស្ថានបាននឹងកំពុងតស៊ូទប់ទល់ជាមួយខ្យល់ និងភ្លៀងមូសុងប្រចាំឆ្នាំ ដែលចាប់ផ្តើមពីខែកក្កដា ដល់ខែកញ្ញា និងបង្កឱ្យមានគ្រោះទឹកជំនន់នៅទូទាំងអាស៊ីខាងត្បូង៕ធ.ដ

  • លោក ត្រាំ បញ្ជាក់ថា ជំនួបបន្ទាប់ដើម្បីពិភាក្សាសំណុំរឿងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិនទំនងជាមិនកើតមានឡើយ

    លោក ត្រាំ បញ្ជាក់ថា ជំនួបបន្ទាប់ដើម្បីពិភាក្សាសំណុំរឿងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិនទំនងជាមិនកើតមានឡើយ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្តាហ៍នេះថា កិច្ចចរចាពាណិជ្ជកម្មជុំខាងមុខរវាងមន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិក និងចិន ប្រហែលជាមិនកើតមានទៀតទេ។ លោក ដូណាល់ ត្រាំ បានចាប់ផ្តើមនាទីសំណួរ និងចម្លើយ៣០នាទី ជាមួយក្រុមអ្នកយកព័ត៌មាននៅលើវាលស្មៅខាងត្បូងក្នុងបរិវេណសេតវិមាន ដោយលោកបានប្រកាសថា យើងមិនប្រុងប្រៀបធ្វើឱ្យមានកិច្ចព្រមព្រៀងមួយជាមួយចិន នៅពេលមានកំណើនសង្គ្រាមពាណិជ្ជកម្ម នៅក្រោយកិច្ចចរចាជុំលើកមុនបានរលំនៅក្នុងទីក្រុង សៀងហៃ កាលពីសប្តាហ៍មុន។ លោក ត្រាំ បាននិយាយអំពីប្រទេសចិនថា រហូតមកដល់ពេលនេះ ចិនមានការពិបាកខ្លាំងបំផុតដោយពួកគេមិនដែលមានច្រើនឆ្នាំមកហើយ ដោយលោកបានថ្លែងបន្ថែមថា យើងមានលទ្ធភាពទាំងអស់។ ក្រុមអ្នកសារព័ត៌មានបានសួរលោក ត្រាំ អំពីរបាយការណ៍ថា រដ្ឋបាលលោកនឹងពន្យារពេលក្នុងការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនអាម៉េរិក ដើម្បីចាប់ផ្តើមជាថ្មីការលក់ទំនិញឱ្យក្រុមហ៊ុនចិនហូវៃនោះ  ប្រធានាធិបតីអាម៉េរិករូបនេះ បានឆ្លើយតបថា យើងមិនធ្វើជំនួញជាមួយក្រុមហ៊ុន ហូវៃ ទេ ក៏ប៉ុន្តែប្រការនេះអាចផ្លាស់ប្តូរបាន ប្រសិនបើមានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ៕ធ.ដ

  • ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងរាយការណ៍ថា កូរ៉េខាងជើងបន្តធ្វើតេស្តបាញ់មីស៊ីល ចំនួន០២គ្រាប់ជាថ្មីទៀត

    ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងរាយការណ៍ថា កូរ៉េខាងជើងបន្តធ្វើតេស្តបាញ់មីស៊ីល ចំនួន០២គ្រាប់ជាថ្មីទៀត

    កូរ៉េខាងត្បូង៖ សារព័ត៌មានកូរ៉េខាងត្បូងយន់ហាប់បានរាយការណ៍ថា កូរ៉េខាងជើង នៅព្រឹកថ្ងៃសៅរ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីករយៈចម្ងាយខ្លីចំនួន០២គ្រាប់ជាថ្មីទៀត និងជាលើកទី៥ហើយ ទៅកាន់សមុទ្រជប៉ុន។ ស្របពេលជាមួយគ្នានេះដែរ យោធាកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា មីស៊ីលទាំងពីរគ្រាប់នោះ ត្រូវបានបាញ់ចេញពីតំបន់មួយស្ថិតនៅក្បែរទីក្រុង Hamhung ខេត្ត Hamgyong ខាងត្បូង នៅម៉ោងប្រមាណ៥និង៣៤នាទី (ម៉ោងក្នុងតំបន់) មុននឹងវាធ្លាក់ចូលក្នុងសមុទ្រជប៉ុន ដោយមីស៊ីលទាំង នេះហោះបានក្នុងរយៈចម្ងាយ៤០០គីឡូម៉ែត្រជាមួយរយៈកម្ពស់៤៨គីឡូម៉ែត្រ។ ប្រភពដដែលបានឱ្យដឹងទៀតថា ការធ្វើតេស្តបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ គឺជាលើកទី៥ហើយ ក្រោយបាញ់សាកល្បងមីស៊ីលបែបនេះ ៤លើករួចមកហើយ កាលពីថ្ងៃទី២៥ និងថ្ងៃទី៣១ ខែកក្កដា ព្រមទាំងថ្ងៃទី០២ និងថ្ងៃទី០៦ ខែសីហា កន្លងទៅនេះ៕ធ.ដ

  • នាយកប្រតិបត្តិទីក្រុងហុងកុង អំពាវនាវឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ ខណៈបាតុកម្មតវ៉ា វាយប្រហារលើសេដ្ឋកិច្ចកាន់តែធ្ងន់

    នាយកប្រតិបត្តិទីក្រុងហុងកុង អំពាវនាវឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ ខណៈបាតុកម្មតវ៉ា វាយប្រហារលើសេដ្ឋកិច្ចកាន់តែធ្ងន់

    ហុងកុង៖ នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី ខារី ឡំា នៅថ្ងៃសុក្រសប្តាហ៍នេះបានបញ្ជាក់ថា បាតុកម្មតវ៉ាហិង្សានាពេលបច្ចុប្បន្ននេះនៅក្នុងទីក្រុងហុងកុង នឹងរុញច្រានសេដ្ឋកិច្ចធ្លាក់ជ្រៅទៅក្នុងស្ថានភាពដុនដាបរយៈពេលវែង ហើយលោកស្រីបានអំពាវនាវយ៉ាងទទូច ឱ្យបញ្ឈប់ការភាពចលាចលទ្រង់ទ្រាយនេះជាបន្ទាន់។ ការកត់សម្គាល់បែបនេះរបស់លោកស្រី ឡាំ ត្រូវបានធ្វើឡើងក្នុងគ្រាដែលក្រុមបាតុករគាំទ្រលិទ្ធិប្រជាធិបតេយ្យ ប្រមូលផ្ដុំគ្នាធ្វើការតវ៉ាសាជាថ្មីរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃសុក្រនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងហុងកុង បើទោះជាមានការព្រមានពីចិនក៏ដោយ។ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន លោកស្រី ខារី ឡំា បានសង្កត់ធ្ងន់ថា បណ្ដាក្រុមហ៊ុន និងសហគ្រាសទាំងអស់ កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងពីផលវិបាកបង្កឡើងដោយបាតុកម្មតវ៉ា ដែលបាននិងកំពុងវាយប្រហារលើសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង ប្រៀបបានទៅនឹងរលកយក្សស៊ូណាមិ។ សូមបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង បានផ្ទុះឡើងអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដោយពេលនេះ ក្រុមបាតុករមិនមែនត្រឹមតែតវ៉ាប្រឆាំងជំទាស់នឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោកទៀតនោះទេ ពោលគឺពួកគេចង់ឱ្យលោកស្រី ឡំា ចុះចេញពីតំណែង៕ធ.ដ

  • ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិគ្រោង ប្រើចានតេឡេស្កូបយក្សរបស់ចិន អង្កេតរកមើលភពអេលៀន

    ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិគ្រោង ប្រើចានតេឡេស្កូបយក្សរបស់ចិន អង្កេតរកមើលភពអេលៀន

    ចិន៖ ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ បានបង្ហាញពីគោលបំណងចង់ប្រើប្រាស់ចានតេឡេស្កូបយក្សរបស់ចិន ហ្វាស់ ដើម្បីតាមរុករកភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានស្រទាប់ម៉ាញេទិចដូចផែនដី និងស្ថិតនៅចម្ងាយខ្ទង់១០០ឆ្នាំពន្លឺពីភពរបស់យើង។ ចានតេឡេស្កូប ហ្វាស់ ដែលស្ថិតនៅខេត្ត គួយចូវ ភាគនិរតីប្រទេសចិន និងមានទំហំធំជាងគេបង្អស់លើលោកជាមួយមុខកាត់៥០០ម៉ែត្រ។ វាមិនមែនជាទីកន្លែងសម្រាប់តែក្រុមតារាវិទូ និងអ្នកវិទ្យសាស្ត្រចិននោះឡើយ ប៉ុន្តែចានតេឡេស្កូបនេះ គឺស្ថិតក្នុងកិច្ចសហការជាមួយស្ថាប័នតារាសាស្ត្រ និងវិទ្យាសាស្ត្រអន្តរជាតិជាច្រើន ដើម្បីសិក្សារួមគ្នាពីរបកគំហើញថ្មីៗនៅទីអវកាស ជាពិសេសគឺពាក់ព័ន្ធនឹងវិស័យតារាសាស្ត្រ។ អ្នកវិទ្យាសាស្រ្តចិន លោក Li Di បាននិយាយថា ភពដែលអំណោយផល មិនគួរមានផ្ទុកតែទឹក រួមជាមួយសីតុណ្ហភាព និងបរិយាកាសដែលស័ក្តិសមនោះឡើយ តែក៏គួរតែមានស្រទាប់ម៉ាញេទិចផងដែរ ព្រោះស្រទាប់ម៉ាញេទិចរបស់ផែនដីមានសារសំខាន់ជាខ្លាំង ក្នុងការការពារជីវិតពីកាំរស្មីគ្រោះថ្នាក់ផ្សេងៗនៃទីអវកាស។ គួរបញ្ជាក់ថា ក្រុមតារាវិទូមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក ក្នុងនោះរួមមានចិន និងបារាំងជាដើម ទើបតែបានចេញផ្សាយនូវគម្រោងអង្កេតផ្ទៃមេឃរបស់ពួកគេ តាមរយៈការប្រើប្រាស់ចានតេឡេស្កូប ហ្វាស់ របស់ប្រទេសចិន៕ធ.ដ

  • ផ្ទុះការតវ៉ាទ្រង់ទ្រាយធំនៅវេណេស៊ុយអេឡា ដើម្បីប្រឆំាងនឹងការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាម៉េរិកលើរដ្ឋាភិបាលស្របច្បាប់ខ្លួន

    ផ្ទុះការតវ៉ាទ្រង់ទ្រាយធំនៅវេណេស៊ុយអេឡា ដើម្បីប្រឆំាងនឹងការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាម៉េរិកលើរដ្ឋាភិបាលស្របច្បាប់ខ្លួន

    វេណេស៊ុយអេឡា៖ ប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់ ដែលគំាទ្រលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវជាច្រើននៅក្នុងរដ្ឋធានីការ៉ាកាស់ ដើម្បីសម្តែងការតវ៉ាប្រឆំាងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកលើរដ្ឋាភិបាលស្របច្បាប់របស់ពួកគេ។ ដោយឡែកប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសថា ទីក្រុងការ៉ាកាស់នឹងផ្ញើលិខិតថ្កោលទោសការដាក់ទណ្ឌកម្មរបស់អាម៉េរិក ដែលមានហត្ថលេខាប្រជាជនវេណេស៊ុយអេឡារាប់លាននាក់ទៅកាន់អង្គការសហប្រជាជាតិ។ ការតវ៉ាខាងលើនេះ បានកើតមានឡើងក្រោយរដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ បានប្រកាសបង្កកទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋាភិបាលវេណេស៊ុយអេឡា ដែលមាននៅក្នុងសហរដ្ឋអាម៉េរិក ដើម្បីបង្ខំឱ្យលោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីតំណែង។ ជុំវិញបញ្ហានេះដែរ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានរិះគន់យ៉ាងខ្លាំងលើសហរដ្ឋអាម៉េរិក ចំពោះការសម្រេចចិត្តនេះ ហើយថា ការដាក់ទណ្ឌកម្មជាលក្ខណៈឯកតោភាគី មិនមែនជាមធ្យោបាយល្អ ក្នុងការដោះស្រាយវិបត្តិបច្ចុប្បន្ននៅវេណេស៊ុយអេឡាឡើយ ដ្បិតទីក្រុង ការ៉ាកាស់ អាចនឹងចាត់វិធានការសងសឹកនឹងទីក្រុងវ៉ាស៊ីនតោនវិញ។ ប៉ុន្តែជាមួយគ្នានេះ លោកស្រី Bachelet ក៏បានថ្កោលទោសរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ផងដែរ សម្រាប់ការដាក់សម្ពាធ និងគាបសង្កត់លើគណបក្សប្រឆាំង៕ធ.ដ

  • អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវៀតណាមថ្លែងថា សង្គ្រាមពាណិជ្ជកម្មកំពុងតែដើរហួស ពីសមត្ថភាពដែលអាចធ្វើការវិភាគ និងគណនា

    អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវៀតណាមថ្លែងថា សង្គ្រាមពាណិជ្ជកម្មកំពុងតែដើរហួស ពីសមត្ថភាពដែលអាចធ្វើការវិភាគ និងគណនា

    វៀតណាម៖ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក ត្រាន ហ្គុកខាញ់ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំមួយថា សង្គ្រាមពាណិជ្ជកម្មកំពុងតែដើរហួសពីសមត្ថភាពដែលអាចធ្វើការវិភាគ និងគណនា ហើយថា វាកំពុងធ្វើឲ្យមានការប្រកួតប្រជែងយ៉ាងខ្លាំងពីសំណាក់ប្រទេសនានា ដែលធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក និងចិន។ ការកត់សម្គាល់បែបនេះរបស់មលោក ត្រាន ហ្គុកខាញ់ បានកើតមានឡើងក្រោយអាម៉េរិកគំរាមដំឡើងពន្ធលើទំនិញចិនបន្ថែមទៀត គិតជាទឹកប្រាក់ស្មើនឹង៣០០ពាន់លានដុល្លារ ហើយក្នុងនោះប្រាក់យ័នចិនក៏បានធ្លាក់ថ្លៃរហូតដល់ជាង ៧យ័នក្នុងមួយដុល្លារអាម៉េរិក (អត្រាប្តូរប្រាក់កាលពីថ្ងៃព្រហស្បតិ៍ត) ដែលនេះជាអត្រាទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែមេសា ឆ្នាំ២០០៨ ដែលពេលនោះសហរដ្ឋអាម៉េរិកកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចធ្ងន់។ ដោយឡែកអ្នកជំនាញក៏បានព្រមានផងដែរថា វៀតណាមមិនអាចឲ្យរូបិយប័ណ្ណរបស់ខ្លួន ប្រែប្រួលតម្លៃខ្លាំងពេកនោះឡើយ ព្រោះសហរដ្ឋអាម៉េរិកក៏អាចកែប្រែតម្លៃរូបិយប័ណ្ណរបស់ខ្លួនវិញដែរ ដើម្បីទប់ទល់នឹងប្រទេសចិន។ បន្ថែមពីនេះ វៀតណាមក៏បានធ្លាក់ចូលទៅក្នុងបញ្ជីឃ្លាំមើលប្រទេសបំភ្លៃរូបិយប័ណ្ណរបស់សហរដ្ឋអាម៉េរិករួចមកហើយដែរ កាលពីខែឧសភាកន្លងទៅនេះ៕ធ.ដ

  • កូរ៉េខាងត្បូងសម្រេចរុះរើគណៈរដ្ឋមន្ត្រី ចំពេលស្ថានភាពនៅឧបទ្វីបកូរ៉េកើនកម្តៅឡើងវិញ ដោយសារការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង

    កូរ៉េខាងត្បូងសម្រេចរុះរើគណៈរដ្ឋមន្ត្រី ចំពេលស្ថានភាពនៅឧបទ្វីបកូរ៉េកើនកម្តៅឡើងវិញ ដោយសារការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង

    កូរ៉េខាងត្បូង៖ អ្នកនាំវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានលើកឡើងថា លោក មូន ជែអ៊ីន នៅថ្ងៃសុក្រនេះ បានសម្រេចរុះរើគណៈរដ្ឋមន្ត្រី និងតែងតាំងអគ្គរដ្ឋទូតថ្មីប្រចាំសហរដ្ឋអាម៉េរិក ក្នុងគ្រាដែលឧបទ្វីបកូរ៉េកើនកម្តៅឡើងវិញ ដោយសារការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ពីសំណាក់កូរ៉េខាងជើង។ បើតាមអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ក៏បានផ្លាស់ប្ដូរតំណែងរដ្ឋមន្ត្រីយុត្តិធម៌ រដ្ឋមន្ត្រីបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ រដ្ឋមន្ត្រីកសិកម្ម ព្រមទាំងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្ត្រី និងគ្រួសារផងដែរ ក្នុងគោលបំណងធ្វើកំណែទម្រង់គោលនយោបាយរបស់រដ្ឋាភិបាល។ គួរបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្រ្តីរបស់រដ្ឋាភិបាលក្រុងសេអ៊ូលខាងលើនេះ បានកើតមានឡើងចំពេលដែលមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់ការបាញ់សាកល្បងមីស៊ីលប្រភេទថ្មីជាបន្តបន្ទាប់ ដោយលោក គីម បានអះអាងថា ការធ្វើតេស្តនេះគឺជាសារព្រមានចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក៕ធ.ដ

  • អភិបាលក្រុងជាង២០០ អំពាវនាវឱ្យមានវិធានការថ្មីៗ ដើម្បីគ្រប់គ្រងកាំភ្លើង នៅសហរដ្ឋអាម៉េរិក ក្រោយផ្ទុះករណីបាញ់ប្រហារសម្លាប់មនុស្សជាច្រើន

    អភិបាលក្រុងជាង២០០ អំពាវនាវឱ្យមានវិធានការថ្មីៗ ដើម្បីគ្រប់គ្រងកាំភ្លើង នៅសហរដ្ឋអាម៉េរិក ក្រោយផ្ទុះករណីបាញ់ប្រហារសម្លាប់មនុស្សជាច្រើន

    សហរដ្ឋអាម៉េរិក៖ អភិបាលក្រុងជាង២០០ក្នុងសហរដ្ឋអាម៉េរិក បានទាមទារឲ្យសមាជិកព្រឹទ្ធសភាអាម៉េរិកវិលត្រឡប់មកពីការឈប់សម្រាកក្នុងរដូវក្តៅ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់អំពីការគ្រប់គ្រងកាំភ្លើង ក្រោយមានការបាញ់សម្លាប់រង្គាលពីរលើកកាលពីដំណាច់សប្តាហ៍មុន ធ្វើឱ្យមនុស្ស៣១នាក់បាត់បង់ជីវិតនៅរដ្ឋ Texas និងរដ្ឋ Ohio។ អភិបាលក្រុងទាំងនោះ បាននិយាយនៅក្នុងលិខិតមួយច្បាប់ ផ្ញើទៅឱ្យអ្នកតាក់តែងច្បាប់ទាំងនេះថា ក្នុងឆ្នាំ២០១៩នេះ មានការបាញ់សម្លាប់រង្គាលជាង២៥០រួចទៅហើយ។ អភិបាលក្រុងទាំងនោះ បានបន្ថែមទៀតថា ព្រឹត្តិការណ៍ជាសោដនាដកម្មនៅក្នុងទីក្រុង El Paso នៅជិតព្រំដែនរវាងសហរដ្ឋអាម៉េរិក និងប្រទេសម៉ិកស៊ិក និងនៅក្នុងទីក្រុង Dayton រដ្ឋ Ohio គ្រាន់តែជាការរំលឹកថ្មីបំផុតថា ប្រទេសជាតិយើងមិនអាចរង់ចាំឱ្យរដ្ឋាភិបាលសហព័ន្ធរបស់យើងចាត់វិធានការចាំបាច់ ដើម្បីរារាំងក្រុមដែលមិនគួរមានកាំភ្លើង មិនឲ្យអាចទិញកាំភ្លើងបានឡើយ៕ធ.ដ