Category: ព័ត៌មានអន្តរជាតិ

  • សហរដ្ឋអាម៉េរិក ត្រៀមប្រកាសពីគោលនយោបាយថ្មីមួយ សំដៅដាក់ពិន័យលើអ្នកស្វែងរកសិទ្ធិ រស់នៅអចិន្ត្រៃយ៍ដែលពឹងផ្អែកលើអត្ថប្រយោជន៍សាធារណៈ

    សហរដ្ឋអាម៉េរិក ត្រៀមប្រកាសពីគោលនយោបាយថ្មីមួយ សំដៅដាក់ពិន័យលើអ្នកស្វែងរកសិទ្ធិ រស់នៅអចិន្ត្រៃយ៍ដែលពឹងផ្អែកលើអត្ថប្រយោជន៍សាធារណៈ

    សហរដ្ឋអាម៉េរិក៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសពីគោលនយោបាយថ្មីមួយនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួននឹងរារាំងដល់ជនអន្តោប្រវេសន៍ដែលស្ថិតនៅក្នុងសហរដ្ឋអាម៉េរិក មិនឲ្យទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិអាម៉េរិកបានឡើយ បើសិនពួកគេទទួលបានអត្ថប្រយោជន៍សាធារណៈ ដូចជាសេវាថែទាំសុខភាព និងប័ណ្ណទិញម្ហូបអាហារ ឬកន្លែងស្នាក់នៅ។ បទបញ្ញត្តិថ្មីនេះ នឹងមានសុពលភាពនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ខាងមុខ ហើយបើយោងតាមបទបញ្ញត្តិនេះ ការទទួលបានអត្ថប្រយោជន៍សាធារណៈ គឺសំដៅទៅលើបុគ្គលណាម្នាក់ដែលទទួលបានអត្ថប្រយោជន៍សាធារណៈមួយ ឬច្រើនជាងនេះអស់រយៈពេលលើសពី១២ខែក្នុងរយៈពេល៣៦ខែ។ អ្នកដែលទទួលបានអត្ថប្រយោជន៍ពីរក្នុងរយៈពេលមួយខែត្រូវបានចាត់ទុកថា ពីរខែ។ គួរបញ្ជាក់ថា លោក ខេន ឃូស៊ីនលី ដែលជានាយកស្ដីទីនៃទីភ្នាក់ងារផ្ដល់សញ្ជាតិ និងអន្តោប្រវេសន៍អាម៉េរិក បានប្រកាសអំពីបទបញ្ញត្តិថ្មីខាងលើនេះ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន នៅថ្ងៃចន្ទសប្តាហ៍នេះដោយលោកបានគូសបញ្ជាក់ថា គោលនយោបាយថ្មីនេះ នឹងលើកទឹកចិត្តឲ្យមានការពឹងផ្អែកលើខ្លួនឯង សម្រាប់អ្នកដែលព្យាយាមមក ឬចង់ស្នាក់នៅក្នុងសហរដ្ឋអាម៉េរិក៕ធ.ដ

  • នាយកប្រតិបត្តិក្រុងហុងកុងអំពាវនាវឲ្យអត់ធ្មត់ខ្ពស់ និងព្រមានពីហានីភ័យសេដ្ឋកិច្ច បង្កឡើងដោយសារបាតុកម្មដ៏ហិង្សា

    នាយកប្រតិបត្តិក្រុងហុងកុងអំពាវនាវឲ្យអត់ធ្មត់ខ្ពស់ និងព្រមានពីហានីភ័យសេដ្ឋកិច្ច បង្កឡើងដោយសារបាតុកម្មដ៏ហិង្សា

    ហុងកុង៖ នាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡំា នៅថ្ងៃអង្គារនេះ បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យមានការអត់ធ្មត់ខ្ពស់ ហើយព្រមានថា បាតុកម្មតវ៉ាដ៏ហិង្សានឹងជំរុញឱ្យទីក្រុងហុងកុង ដើរផ្លូវមិនអាចត្រឡប់ក្រោយវិញបាន ហើយនឹងធ្វើឱ្យស្ថានភាពបច្ចុប្បន្នកាន់អាក្រក់ឡើង។ ការកត់សម្គាល់បែបនេះរបស់លោកស្រី ខារី ឡំា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយថ្ងៃក្រោយក្រុមបាតុករជាង៥ពាន់នាក់បានសម្រុកចូលតវ៉ានៅអាកាសយានដ្ឋានអន្តរជាតិ ដែលនាំឲ្យមានការផ្អាកជើងហោះហើរទាំងអស់។ ការព្រមានខាងលើរបស់នាយកប្រតិបត្តិក្រុងហុងកុងរូបនេះ បានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុកថា បាតុកម្មតវ៉ាដ៏ហិង្សារបស់ក្រុមបាតុករគាំទ្រលិទ្ធិប្រជាធិបតេយ្យគឺជា «ទង្វើភេរវកម្ម»។ ដោយឡែកប្រជាជនរបស់ទីក្រុងហុងកុងមួយចំនួនក៏បានបង្ហាញការមិនគាំទ្រផងដែរ ចំពោះការតវ៉ាយ៉ាងធំសម្បើមនេះ ដែលវានឹងបំផ្លាញសេដ្ឋកិច្ចទីក្រុងហុងកុង៕ធ.ដ

  • កោះ Shikoku និងកោះ Kyushu របស់ជប៉ុនកំពុងត្រៀមខ្លួនទប់ទល់នឹងការវាយ ប្រហារពីព្យុះទីហ្វុង Krosa

    កោះ Shikoku និងកោះ Kyushu របស់ជប៉ុនកំពុងត្រៀមខ្លួនទប់ទល់នឹងការវាយ ប្រហារពីព្យុះទីហ្វុង Krosa

    ជប៉ុន៖ ភ្នាក់ងារឧត្តុនិយមជប៉ុនបានព្រមាននៅថ្ងៃចន្ទនេះថា ព្យុះទីហ្វុង ក្រូសា អាចនឹងធ្វើឲ្យមានការរអិលបាក់ដីនៅតំបន់កោះ ស៊ូកុគូ និងកោះ គីយួស៊ូ នៅអំឡុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។ បើតាមភ្នាក់ងារឧត្តុនិយមជប៉ុនដដែលនេះ ព្យុះភ្លៀង និងខ្យល់បក់ខ្លាំង នឹងកើតមាននៅតាមបណ្តោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត និងភាគខាងលិចប្រទេសជប៉ុន នៅក្នុងថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ខណៈភ្នាក់ងារនេះក៏ បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាមុន ចំពោះរលកកម្រិតខ្ពស់ និងគ្រោះទឹកជំនន់ផងដែរ។ សូមរំលឹកថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ព្យុះទីហ្វុង ក្រូសា មានទីតាំងនៅមហាសមុទ្រដែលមានចម្ងាយប្រមាណ៥០០គីឡូម៉ែត្រភាគខាងលិច-ខាងត្បូង ឆៀងខាងលិចកោះ ឈីឈីជីម៉ា របស់ប្រទេសជប៉ុន ដោយវាធ្វើការបំលាស់ទីទៅភាគខាងជើងឆៀងខាងលិចជាមួយល្បឿនបក់បោក១៥គីឡូម៉ែត្រក្នុងមួយម៉ោង៕ធ.ដ

  • ចំនួនអ្នកស្លាប់កើនជិត២០០នាក់ និង១លាននាក់ទៀតបង្ខំចិត្តផ្លាស់ទីលំនៅ ដោយសារទឹកជំនន់វាយប្រហារប្រទេសឥណ្ឌា

    ចំនួនអ្នកស្លាប់កើនជិត២០០នាក់ និង១លាននាក់ទៀតបង្ខំចិត្តផ្លាស់ទីលំនៅ ដោយសារទឹកជំនន់វាយប្រហារប្រទេសឥណ្ឌា

    ឥណ្ឌា៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារតែជំនន់ទឹកភ្លៀងវាយប្រហារប្រទេសឥណ្ឌា បានបន្តកើនឡើងដល់១៨៤នាក់ហើយគិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ស្របពេលដែលអាជ្ញាធរឥណ្ឌាបានជម្លៀសខ្លួនមនុស្សប្រមាណ១លាននាក់ឲ្យទៅរស់នៅក្នុងជំរំសង្គ្រោះបន្ទាន់ជាបណ្តោះអាសន្ន។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ មនុស្សប្រមាណ២៨ម៉ឺន៨ពាន់នាក់នៅទូទាំងស្រុក ដែលរងផលប៉ះពាល់អាក្រក់ជាងគេនៅក្នុងរដ្ឋ ឃើរើឡា ក្នុងនោះរួមមានស្រុក វ៉េយ៉ាណាដ ម៉ាឡាពូរ៉ាម និងស្រុក ខូហ្សីកូដេ ត្រូវបានផ្លាស់ទីទៅរស់នៅ ក្នុងជំរំជនភៀសខ្លួន។ ដោយឡែកមហាវិថី និងផ្លូវសំខាន់ជាច្រើននៅទូទាំងតំបន់ដែលរងផលប៉ះពាល់បានបំផ្លិចបំផ្លាញ ឬក៏កាត់ផ្តាច់ដោយកម្ពស់ទឹកកើនឡើង។ ស្របពេលជាមួយគ្នានោះដែរ មន្ត្រីសង្គ្រោះបន្ទាន់ និងកងទ័ពមកពីកងទ័ពជើង គោក ជើងទឹក និងជើងអាកាសត្រូវបានដាក់ពង្រាយ ដើម្បីធ្វើប្រតិបត្តិការស្វែងរក ជួយសង្គ្រោះ និងផ្តល់ជំនួយ៕ធ.ដ

  • គ្រោះទឹកជំនន់ដ៏អាក្រក់នៅវៀតណាម ឆក់យកអាយុជីវិតមនុស្សកើនជិត៣០នាក់ និង៦នាក់ទៀតបន្តបាត់ខ្លួន

    គ្រោះទឹកជំនន់ដ៏អាក្រក់នៅវៀតណាម ឆក់យកអាយុជីវិតមនុស្សកើនជិត៣០នាក់ និង៦នាក់ទៀតបន្តបាត់ខ្លួន

    វៀតណាម៖ គ្រោះមហន្តរាយទឹកជំនន់ និងរអិលបាក់ដីនៅតំបន់ខ្ពង់រាបភាគកណ្តាលប្រទេសវៀតណាម គិតត្រឹមយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ បានបន្តឆក់យកអាយុជីវិតមនុស្សកើនដល់២៤នាក់ហើយ និង៦នាក់ទៀតនៅតែបន្តបាត់ខ្លួន នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរវៀតណាម។ បើតាមអាជ្ញាធរវៀតណាម គ្រោះទឹកជំនន់ និងខ្យល់ព្យុះ ព្រមទាំងគ្រោះរអិលបាក់ដី បានបណ្តាលឲ្យមនុស្ស១៨១នាក់បាត់បង់ជីវិត និង៣៧នាក់ផ្សេងទៀតបាត់ខ្លួន ហើយថែមទាំងបង្កការខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ស្មើនឹង៨៥៨លានដុល្លារកាលពីឆ្នាំ២០១៨កន្លងទៅនេះ នៅក្នុងប្រទេសវៀតណាម។ ដោយឡែកចាប់តាំងពីដើមខែសីហា ឆ្នាំ២០១៩នេះ ព្យុះភ្លៀងបានបោកបក់មកលើតំបន់ខ្ពង់រាបនៃនានា ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម ដោយបានបង្កជាគ្រោះរអិលបាក់ដី និងទឹកជំនន់ផងដែរ។ រីឯនៅភាគខាងត្បូងវិញ ផ្ទះសម្បែងប្រជាជនប្រមាណ៣ពាន់៩០០ខ្នង បានទទួលរងការបំផ្លិចបំផ្លាញ ផ្លូវថ្នល់ជាង៣០គីឡូម៉ែត្រត្រូវខូចខាត និងផ្ទៃដីដំណាំជាង២ម៉ឺន២ពាន់ហិកតាត្រូវទឹកលិចអស់៕ធ.ដ

  • រយៈពេល៦ខែឆ្នាំ២០១៩នេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម កើនឡើងប្រាក់ចំណូល២២ភាគរយ និងប្រាក់ចំណេញ១៦ភាគរយ

    រយៈពេល៦ខែឆ្នាំ២០១៩នេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម កើនឡើងប្រាក់ចំណូល២២ភាគរយ និងប្រាក់ចំណេញ១៦ភាគរយ

    វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍ វៀតជេត បានប្រកាសពីប្រាក់ចំណូលរបស់ខ្លួនពីការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងរយៈពេល៦ខែ នៅឆ្នាំ២០១៩នេះ ដែលមានការកើនឡើង២២% បើធៀបទៅនឹងរយៈកាលដូចគ្នានេះក្នុងឆ្នាំ២០១៨ ហើយប្រាក់ចំណេញរបស់ក្រុមហ៊ុន នៅមុនពេលកាត់ពន្ធសម្រាប់ពាក់កណ្តាលឆ្នាំ២០១៩នេះ បានកើនឡើង១៦% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមនេះ បានបញ្ជាក់ថា ប្រាក់ចំណូលតាមរយៈការដឹកជញ្ជូនផ្លូវអាកាសរបស់ខ្លួនមានចំនួនសរុប២០,១ទ្រីលានដុង ឬស្មើនឹងប្រមាណ៨៦ម៉ឺន៩ពាន់៩២៨លានដុល្លារអាម៉េរិក ក្នុងនោះប្រាក់ចំណេញនៅមុនពេលកាត់ពន្ធមានចំនួន១,៥៦ទ្រីលានដុង សម្រាប់រយៈពេល៦ខែក្នុងឆ្នាំ២០១៩នេះ។ ប្រាក់ចំណូលសរុបទាំងអស់របស់វៀតជេត ក្នុងនោះរាប់បញ្ចូលទាំងប្រាក់ចំណូល បានមកពីសកម្មភាពមិនទាក់ទងនឹងការដឹកជញ្ជូន ដូចជា ពាណិជ្ជកម្មលើយន្តហោះ ក៏បានកើនឡើងចំនួន២៤% ផងដែរ នៅពាក់កណ្តាលឆ្នាំ២០១៩នេះ ក្រោយពីរកបានប្រាក់ចំណូល២៦,៣ទ្រីលានដុង បើធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៨ ខណៈដែលប្រាក់ចំណេញសរុបនៅមុនពេលកាត់ពន្ធមានចំនួន២,៤ទ្រីលានដុង ដែលជាការកើនឡើង ១១% បើធៀបទៅនឹងឆ្នាំមុន៕ធ.ដ

  • ចិនត្រៀមបញ្ចេញរូបិយប័ណ្ណឌីជីថលរបស់ខ្លួនជាផ្លូវការ ក្រោយចំណាយពេលអស់០៥ឆ្នាំ ដើម្បីស្រាវជ្រាវបង្កើតរូបិយវត្ថុឌីជីថល

    ចិនត្រៀមបញ្ចេញរូបិយប័ណ្ណឌីជីថលរបស់ខ្លួនជាផ្លូវការ ក្រោយចំណាយពេលអស់០៥ឆ្នាំ ដើម្បីស្រាវជ្រាវបង្កើតរូបិយវត្ថុឌីជីថល

    ចិន៖ ចិនកំពុងតែខិតជិតក្នុងការដាក់ចេញនូវរូបិយវត្ថុឌីជីថល ដែលមានឈ្មោះថា រូបិយប័ណ្ណ Crypto ឬ (Cryptocurrency) របស់ខ្លួនហើយ នេះបើតាមប្រភពពីមន្រ្តីជាន់ខ្ពស់ម្នាក់នៅធនាគារកណ្តាលចិន។ បច្ចុប្បន្ន រូបិយវត្ថុឌីជីថលដែលគេនិយមប្រើជាងគេ គឺ BitCoin ខណៈរូបិយវត្ថុប្រភេទនេះ ក៏ត្រូវបានប្រទេសជាច្រើនមិនស្វាគមន៍ផងដែរ។ ពាក់ព័ន្ធនឹងការត្រៀមបញ្ចេញរួបិយវត្ថុឌីជីថលរបស់ចិនខាងលើ នាយករងនៃនាយកដ្ឋានទូទាត់សាច់ប្រាក់ នៃធនាគារកណ្តាលរបស់ចិនលោក មូ ឆាងជន បាននិយាយថា ចាប់តាំងពីឆ្នាំ២០១៨កន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវរបស់ធនាគារបានធ្វើការងារយ៉ាងសកម្ម ដើម្បីបង្កើតប្រព័ន្ធរូបិយវត្ថុឌីជីថល ដែលជិតអាចដាក់ឲ្យដំណើរការជាផ្លូវការបានហើយ ប៉ុន្តែលោកពុំបានបញ្ជាក់ឲ្យច្បាស់ថា នឹងចេញនៅពេលណានោះទេ។ ដោយឡែកក្រុមហ៊ុនបណ្តាញសង្គម Facebook ក៏មានផែនការដាក់ឲ្យដំណើរការរូបិយវត្ថុឌីជីថលរបស់ខ្លួនផងដែរ ហៅថា «Libra» នៅឆ្នាំក្រោយនេះ ប៉ុន្តែគម្រោងនោះបានបង្កការព្រួយបារម្ភទាំងនៅក្នុងសហរដ្ឋអាម៉េរិកផ្ទាល់ និងក្នុងចំណោមធនាគារកណ្តាលរបស់ប្រទេសដទៃទៀតចង់ឲ្យរូបិយវត្ថុឌីជីថលនោះ ស្ថិតក្រោមការចាត់ចែង និងមើលខុសត្រូវដោយធនាគារកណ្តាលអាម៉េរិក ដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗ៕ធ.ដ

  • ទិវាសត្វដំរីពិភពលោកត្រូវបានរៀបចំឡើង នៅប្រទេសមីយ៉ាន់ម៉ា

    ទិវាសត្វដំរីពិភពលោកត្រូវបានរៀបចំឡើង នៅប្រទេសមីយ៉ាន់ម៉ា

    សត្វដំរីជាច្រើនក្បាល ត្រូវបានដាក់បង្ហាញឲ្យឃើញ ក្នុងទិវាសត្វដំរី រៀបចំឡើងនៅរដ្ឋធានីយុំាងហ្គួន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។ ក្នុងទិវា Elephant Day នាឱកាសនោះ សត្វដំរីអាស៊ីជាច្រើនក្បាល លេចវត្តមាននៅក្នុងសួនសត្វ Yangon Zoological Garden។ ទិវា World Elephant Day តែងតែត្រូវបានមីយ៉ាន់ម៉ា រៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីទាញចំណាប់អារម្មណ៍សាធារណជនអំពីការការអភិរក្សជាបន្ទាន់ចំពោះសត្វដំរី នៅអាស៊ី និងអាហ៊្វ្រិក៕ធ.ដ

  • លោក ត្រាំ អះអាងថា លោកនឹងវាយបកវិញ បើបណ្តាប្រទេសនានាចេញការព្រមាន ការធ្វើដំណើរមកសហរដ្ឋអាម៉េរិក

    លោក ត្រាំ អះអាងថា លោកនឹងវាយបកវិញ បើបណ្តាប្រទេសនានាចេញការព្រមាន ការធ្វើដំណើរមកសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International របស់រដ្ឋាភិបាលជប៉ុន អ៊ុយរ៉ាហ្កាយ និងប្រទេសផ្សេងៗទៀតបច្ចុប្បន្ននេះ បានចេញការព្រមានអំពីគ្រោះថ្នាក់នៃការធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ដោយសារតែបញ្ហាអំពើហិង្សាកាំភ្លើង ខណៈការព្រមាននេះ បានធ្វើឲ្យមានការឆ្លើយតបខ្លាំងៗពីលោក ដូណាល់ ត្រាំ។ ជាការឆ្លើយតបនោះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា លោកមិនគិតថា គេធ្វើដូច្នោះទេ ប៉ុន្តែប្រសិនបើបណ្តាប្រទេសនានាធ្វើដូច្នេះនោះ យើងនឹងវាយបកត្រឡប់ទៅវិញ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកនឹងវាយបកទៅវិញក្នុងនាមជាប្រទេសដែលមានលោកជាអ្នកដឹកនាំ ហើយថា នៅពេលអ្នកណាធ្វើរឿងមិនល្អដាក់ប្រទេសរបស់យើង យើងនឹងវាយបកទៅលើពួកគេវិញ‍។ សូមបញ្ជាក់ថា ការព្រមានរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិខាងលើនេះ បានកើតមានឡើងក្រោយពេលមានហេតុការណ៍បាញ់សម្លាប់មនុស្សកើតឡើងនៅអំឡុងពេលប៉ុន្មានៗថ្ងៃជាប់គ្នានៅសហរដ្ឋអាម៉េរិក ដូចជា ការបាញ់នៅឯពិព័រណ៍ម្ហូបអាហារនៅរដ្ឋកាលីហ្វ័រញ៉ា ការបាញ់នៅទីក្រុង El Paso រដ្ឋ Texas និងហេតុការណ៍បាញ់មួយទៀតនៅតំបន់ទីប្រជុំជនក្នុងទីក្រុង Dayton រដ្ឋ Ohio។ បើតាមរបាយការណ៍នោះ ពលរដ្ឋអាម៉េរិកជិត៤ម៉ឺននាក់ ត្រូវបានសម្លាប់ដោយសារអាវុធជារៀងរាល់ឆ្នាំ ហើយករណីស្លាប់ភាគច្រើនកើតឡើងដោយការធ្វើឃាតខ្លួនឯង៕ធ.ដ

  • លោក មូន ជែអ៊ីន អះអាងជាថ្មីថា កូរ៉េខាងត្បូងនឹងត្រៀមដកជប៉ុនចេញពីបញ្ជីស នៅខែកញ្ញាខាងមុខនេះ

    លោក មូន ជែអ៊ីន អះអាងជាថ្មីថា កូរ៉េខាងត្បូងនឹងត្រៀមដកជប៉ុនចេញពីបញ្ជីស នៅខែកញ្ញាខាងមុខនេះ

    កូរ៉េខាងត្បូង៖ ការឆ្លើយតបរបស់កូរ៉េខាងត្បូង ចំពោះការដាក់កំហិតលើការនាំចេញរបស់ជប៉ុន មិនមែនជាការធ្វើតាមអារម្មណ៍នោះទេ ប៉ុន្តែវាបានធ្វើឡើងដោយយកចិត្តទុកដាក់ និងបានគិតវែងឆ្ងាយបំផុត នេះបើតាមការអះអាងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃចន្ទសប្តាហ៍នេះ ក្នុងកិច្ចប្រជុំមួយជាមួយលេខាធិការជាន់ខ្ពស់។ ការប្រតិកម្មរបស់លោក មូន ជែអ៊ីន នេះ ត្រូវបានធ្វើឡើងស្របពេលដែលកូរ៉េខាងត្បូងកំពុងត្រៀមដកជប៉ុនចេញពីបញ្ជីសរបស់ខ្លួន និងបន្ទាប់ពីគណៈរដ្ឋមន្ត្រីជប៉ុនបានអនុម័តលើផែនការដកកូរ៉េខាងត្បូងចេញពីបញ្ជីស ឬការលើកលែងពិសេសពាក់ព័ន្ធនឹងការនាំចេញកាលពីដើមខែនេះ។ សូមរំលឹកឡើងវិញថា ជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូង បានកើតឡើងដំបូងពីការសម្រេចរបស់តុលាការកូរ៉េខាងត្បូង ឲ្យក្រុមហ៊ុនជប៉ុនមួយចំនួន ចេញប្រាក់សងជំងឺចិត្តដល់កម្មករកូរ៉េ ដែលបានធ្វើការងារលើសកម្លាំងកាលពីសម័យសង្គ្រាមលោក។ ក្រោយមក ជប៉ុនបានសម្រេចធ្វើការរឹតត្បិតទៅលើការនាំចេញវត្ថុធាតុដើមសំខាន់ៗមួយចំនួន ជាពិសេសគឺវត្ថុធាតុដើម្បីផលិតអេក្រង់ និងបន្ទះឈីប ដែលសំខាន់បំផុតមិនអាចខ្វះបាន សម្រាប់ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង៕ធ.ដ