Category: ព័ត៌មានអន្តរជាតិ

  • ថៃមានគម្រោងចែកប្រាក់ប្រមាណ១.៦២ពាន់លានដុល្លារដល់ប្រជាជនក្រីក្រ ដើម្បីជំរុញសេដ្ឋកិច្ច និងទេសចរណ៍

    ថៃមានគម្រោងចែកប្រាក់ប្រមាណ១.៦២ពាន់លានដុល្លារដល់ប្រជាជនក្រីក្រ ដើម្បីជំរុញសេដ្ឋកិច្ច និងទេសចរណ៍

    ថៃ៖ រដ្ឋាភិបាលថៃមានផែនការចំណាយប្រាក់៥ម៉ឺនលានបាត ឬស្មើនឹងប្រមាណ១,៦២ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច និងទេសចរណ៍ តាមរយៈការចែកប្រាក់ដល់ប្រជាជនក្រីក្រដែលមានក្នុងបញ្ជី ដោយម្នាក់ៗទទួលបាន១.០០០បាត និង១.៥០០បាតដល់មាជិកសាធា រណៈជនណាដែលធ្វើដំណើរទៅលេងបណ្តាខេត្តរបស់ថៃ ។ បើតាមវិមានរដ្ឋាភិបាល កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចនេះ នឹងត្រូវបញ្ជូនទៅអោយគណៈរដ្ឋមន្ត្រីពិនិត្យសំរេច នៅក្នុងអង្គប្រជុំនាពេលឆាប់ៗខាងមុខនេះ ។ រដ្ឋាភិបាលថៃគ្រោងនឹងចំណាយប្រមាណ២០ពាន់លានបាតលើការជំរុញសេដ្ឋកិច្ច តាមរយៈចែកប្រាក់១.០០០បាតដល់អ្នកកាន់កាតសុខុមាលភាពសង្គមរបស់រដ្ឋ ដើម្បីអោយពួកគេចាយវាយ ។ កន្លងមក រដ្ឋក៏បានអនុញ្ញាតអោយជនមានចំណូលទាបចុះឈ្មោះ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដើម្បីចំណាយលើការទិញរបស់របរ និងការធ្វើដំណើរផងដែរ ។ ចំនែកឯការចំណាយប្រាក់២០ពាន់លានបាតទៀត មានបំណងសម្រាលការលំបាក និងធ្វើអោយសេដ្ឋកិច្ចកំរិតមហាជនមានសកម្មភាពរស់រវើកឡើងវិញ ។ បន្ថែមលើនេះ រដ្ឋក៏នឹងចំណាយប្រាក់១៥ពាន់លានបាត ដើម្បីជួយកសិករ និងសហគ្រិនខ្នាតតូច និងមធ្យម រួមមានកំចីការប្រាក់អនុគ្រោះសំរាប់សហគ្រាសធុនតូច និងមធ្យម ៕ធ.ដ  

  • នៅឆមាសទី២ឆ្នំានេះ វៀតណាមរំពឹងថា ការនាំចេញគ្រឿងសមុទ្រទៅកាន់ប្រទេសចិន អាចនឹងងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះនៅឆមាសទី១

    នៅឆមាសទី២ឆ្នំានេះ វៀតណាមរំពឹងថា ការនាំចេញគ្រឿងសមុទ្រទៅកាន់ប្រទេសចិន អាចនឹងងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះនៅឆមាសទី១

    វៀតណាម៖ នៅឆមាសទី២ ឆ្នាំ២០១៩នេះ វៀតណាមរំពឹងថា ការនាំចេញគ្រឿងសមុទ្ររបស់ខ្លួនទៅកាន់ប្រទេសចិនអាចនឹងងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះនៅក្នុងឆមាសទី១ ដោយសារតែបទប្បញ្ញត្តិរឹតបន្តឹងនៅទីនោះ ។ ចិនគឺជាទីផ្សារគ្រឿងសមុទ្រសំខាន់បំផុតមួយរបស់វៀតណាម ដោយអាជីវកម្មវៀតណាមជាង១៥០បាននាំចេញទៅចិន ក្នុងនោះមាន៥០នាំចេញបង្គា និង៤៥ផ្សេងទៀតនាំចេញត្រីសមុទ្រ Pangasius ។ បើតាមសមាគមន៍អ្នកនាំចេញ និងអ្នកផលិតគ្រឿងសមុទ្រវៀតណាម (VASEP) តម្រូវការគ្រឿងសមុទ្រនឹងកើនឡើងនៅក្នុងប្រទេសចិន ជាពិសេសសម្រាប់ផលិតផលដែលមានគុណភាពខ្ពស់ដែលអាចមានន័យថា ការនាំចេញរបស់វៀតណាមដែលមានទឹកប្រាក់៥៧២លានដុល្លារនៅក្នុងឆមាសទី១ នឹងកើនឡើងទ្វេដងដល់១,២ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ ។ សមាគមន៍អ្នកនាំចេញ និងអ្នកផលិតគ្រឿងសមុទ្រវៀតណាម បានឱ្យដឹងទៀតថា ការនាំចេញគ្រឿងសមុទ្រទូទៅរបស់វៀតណាមនៅឆ្នាំនេះនឹងកើនឡើងត្រឹមតែ២% គិតជាទឹកប្រាក់៩ពាន់លានដុល្លារ បើធៀបនឹងគោលដៅ១០ពាន់លានដុល្លារ ៕ធ.ដ

  • អ៊ីរ៉ង់ប្រកាសថ្កោលទោសបេសកកម្មល្បាតនៅឈូងសមុទ្រពែក្ស ដែលផ្តួចផ្តើម ឡើងដោយសហរដ្ឋអាមេ៉រិក

    អ៊ីរ៉ង់ប្រកាសថ្កោលទោសបេសកកម្មល្បាតនៅឈូងសមុទ្រពែក្ស ដែលផ្តួចផ្តើម ឡើងដោយសហរដ្ឋអាមេ៉រិក

    អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រួហានី បានថ្កោលទោសគម្រោងបេស កកម្មល្បាតឈូងសមុទ្រពែករបស់សហរដ្ឋអាមេរិក និងបានថ្លែងថា វាជារឿងមិនចាំបាច់ឡើយដោយបណ្តាប្រទេសនៅជុំវិញតំបន់នេះ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារសន្តិសុខក្នុងតំបន់បានហើយ ។ ក្នុងកិច្ចប្រឹងប្រែងចម្រុះអន្តរជាតិ ដើម្បីល្បាតការពារសន្តិសុខនៅឈូងសមុទ្រពែក្សនោះ សហរដ្ឋអាមេរិកបានហៅសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប និងនៅអាស៊ី-ប៉ាស៊ីហ្វិក ឲ្យចូលរួមជាមួយ ប៉ុន្តែប្រទេសខ្លះបានបដិសេធ និងខ្លះទៀតកំពុងស្ទាក់ស្ទើរក្នុងចិត្ត ។ អាមេរិកបានផ្តួចផ្តើមបែបនេះ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿងនៅច្រកសមុទ្រ Hormuz ជាប់ឈូងសមុទ្រពែក ដែលទំនងជាការសងសឹក ចំពោះការដែលអង់គ្លេសឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ នៅច្រកសមុទ្រតំបន់ Gibraltar ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ លោក រួហានី បាននិយាយថា មិនចាំបាច់ត្រូវការទាក់ទាញកម្លាំងបរទេស ដើម្បីមកជួយរក្សាសន្តិសុខនៅឈូងសមុទ្រពែក្សនោះទេ ហើយថា ក្រុមប្រទេសអារ៉ាប់នៅតំបន់នេះ គួរតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សន្ទនា និងរួបរួមសាមគ្គីគ្នាដើម្បីធានាសន្តិសុខ និងសន្តិភាពនៅឈូងសមុទ្រពែក្ស ខណៈសកម្មភាពរបស់អាមេរិកនឹងគ្មានប្រយោជន៍សម្រាប់ប្រទេសណាមួយឡើយ ៕ធ.ដ

  • ប៉ាគីស្ថានចោទប្រកាន់ឥណ្ឌាថា មានផែនការធ្វើសកម្មភាពយោធាក្នុងតំបន់កាស្មៀ

    ប៉ាគីស្ថានចោទប្រកាន់ឥណ្ឌាថា មានផែនការធ្វើសកម្មភាពយោធាក្នុងតំបន់កាស្មៀ

    ប៉ាគីស្ថាន៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ បានចោទប្រកាន់ឥណ្ឌាថា មានផែនការធ្វើសកម្មភាពយោធានៅក្នុងតំបន់កាស្មៀ ដែលជាដែនដីជម្លោះរវាងប្រទេសទាំងពីរអស់រយៈពេលរាប់ទសវត្សរមកនេះ ។ នាឱកាសថ្លែងសារអបអរសាទរទិវាឯករាជ្យជាតិនៅក្នុងថ្ងៃពុធម្សិលមិញ នាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ បានគូសបញ្ជាក់ថា ឥណ្ឌាមានផែនការធ្វើសកម្មភាពយោធានៅក្នុងតំបន់ អាស្សាដ កាស្មៀរ ហើយយោធាប៉ាគីស្ថានក៏បានដឹងពីផែនការនេះយ៉ាងច្បាស់ដែរ ។ សូមរំលឹកឡើងវិញថា ឥណ្ឌាបានលុបចោលសិទ្ធិស្វ័យភាពលើតំបន់ Jammu and Kashmir កាលពីថ្ងៃទី០៥ ខែសីហាកន្លងទៅ ជាហេតុធ្វើឱ្យប៉ាគីស្ថានផ្អាកការធ្វើពាណិជ្ជកម្មទ្វេភាគី និងកាត់បន្ថយទំនាក់ទំនងការទូតឥណ្ឌាជាការសម្ដែងការប្រឆាំងជំទាស់នឹងការសម្រេចចិត្តនេះ ៕ធ.ដ

  • គិតចាប់ពីដើមឆ្នំានេះ មនុស្សរាប់រយនាក់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមរាតត្បាតនៅតំបន់អាស៊ីអាគ្នេយ៍

    គិតចាប់ពីដើមឆ្នំានេះ មនុស្សរាប់រយនាក់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមរាតត្បាតនៅតំបន់អាស៊ីអាគ្នេយ៍

    បរទេស៖ គិតចាប់តាំងពីខែមករា ឆ្នាំ២០១៩កន្លងមកនេះ ការរីករាលដាលនៃជំងឺគ្រុនឈាមនៅតំបន់អាស៊ីអាគ្នេយ៍ បានធ្វើឲ្យមនុស្សរាប់រយនាក់ហើយបាត់បង់ជីវិត ។ ជំងឺគ្រុនឈាម ជាជំងឺឆ្លងដោយសត្វមូស ហើយភាគច្រើនកើតឡើងនៅរដូវភ្លៀងចាប់ពីខែមិថុនា ដល់ខែតុលា នៅតំបន់អាស៊ីអាគ្នេយ៍ ។ ស្របពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោកបានប៉ាន់ស្មានថា មានមនុស្សប្រមាណ៣៩០លាននាក់បានរងការប៉ះពាល់ ដោយសារជំងឺគ្រុនឈាម ជារៀងរាល់ឆ្នាំ ខណៈមិនទាន់មានថ្នាំព្យាបាលជំងឺគ្រុនឈាមនៅឡើយនោះទេ ។ ប៉ុន្តែការរកឃើញមេរោគបានទាន់ពេលវេលា ហើយទទួលបានការព្យាបាលដ៏ត្រឹមត្រូវ ធ្វើឲ្យអត្រានៃការស្លាប់មានទាបជាង១ភាគរយប៉ុណ្ណោះ ។ ពាក់ព័ន្ធនឹងជម្ងឺគ្រុនឈាមនេះដែរ ប្រទេសបង់ក្លាដេសកំពុងទទួលរងនូវការរាត ត្បាតខ្លាំងបំផុតនៅក្នុងរយៈពេល២ទសវត្ស ដែលជាលទ្ធផលនោះ មានមនុស្ស ៤០នាក់បានស្លាប់ ចំនែកឯមីយ៉ាន់ម៉ា ថៃ កម្ពុជា វៀតណាម និងឡាវក៏ត្រូវបានគេមើលឃើញថា ជំងឺគ្រុនឈាមមានការកើនឡើងខ្លាំងផងដែរនៅឆ្នាំនេះ ៕ធ.ដ

  • ក្រុមហ៊ុនអាកាសចរណ៍ថៃសម្រេចប្តូរយន្តហោះធំជាងមុន ដើម្បីជម្លៀសអ្នកធ្វើដំណើរចេញពីទីក្រុងហុងកុង ដែលកំពុងជួបចលាចលដោយសារបាតុកម្មដ៏ហិង្សា

    ក្រុមហ៊ុនអាកាសចរណ៍ថៃសម្រេចប្តូរយន្តហោះធំជាងមុន ដើម្បីជម្លៀសអ្នកធ្វើដំណើរចេញពីទីក្រុងហុងកុង ដែលកំពុងជួបចលាចលដោយសារបាតុកម្មដ៏ហិង្សា

    ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International បានប្តូរយកយន្តហោះកាន់តែធំជាងមុន សម្រាប់ការបម្រើសេវាកម្មដឹកជញ្ជូនបាងកក-ហុងកុង នៅពុធសប្តាហ៍នេះ ដើម្បីនាំយកអ្នកធ្វើដំណើរទាំងអស់របស់ខ្លួន ដែលជាប់គាំងនៅអាកាសយានដ្ឋានក្រុងហុងកុង ដោយសារបាតុកម្មដ៏ហិង្សានៅទីនោះ ។ បើតាមប្រធានក្រុមហ៊ុន Thai Airways លោក ស៊ូម៉េត ដាំរុងឆៃថាម ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃកំពុងប្រើប្រាស់យន្តហោះតួខ្លួនវែងជាងមុន សម្រាប់ជើងហោះហើរបាងកក-ហុងកុង ជើងហោះហើរលេខ TG638 និងជើងហោះហើរត្រឡប់មកវិញ គឺជើងហោះហើរលេខ TG639 ។ នៅក្នុងថ្ងៃពុធដដែលនេះ អ្នកធ្វើដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ប្រមាណ១៥០នាក់បានជាប់គាំងនៅអាកាសយានដ្ឋានក្រុងហុងកុង ហើយអ្នកធ្វើដំណើរ៦០នាក់ទៀតមកពីក្រុមហ៊ុនអាកាសចរណ៍ផ្សេង ដែលភាគច្រើនជាជនជាតិថៃនោះ ក៏ចង់ធ្វើដំណើរត្រឡប់មកផ្ទះវិញ តាមក្រុមហ៊ុន Thai Airways ផងដែរ ៕ធ.ដ

  • ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនសរុបជិត៧០នាក់ ខណៈ១២,៨លាននាក់ទៀត រងផលប៉ះពាល់ដោយសារព្យុះទីហ្វុង ឡេគីម៉ា វាយប្រហារប្រទេសចិន

    ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនសរុបជិត៧០នាក់ ខណៈ១២,៨លាននាក់ទៀត រងផលប៉ះពាល់ដោយសារព្យុះទីហ្វុង ឡេគីម៉ា វាយប្រហារប្រទេសចិន

    ចិន៖ ចំនួនអ្នកស្លាប់បន្តកើនឡើងជិត៥០នាក់ និងជាង២០នាក់ទៀតបាត់ខ្លួន ដោយសារការវាយប្រហារពីព្យុះទីហ្វុង ឡេគីម៉ា ដោយវាក៏បានបង្កជាគ្រោះទឹកជំនន់យ៉ាងធ្ងន់ផងដែរ ដែលធ្វើឲ្យផ្ទះសម្បែងប្រមាណ១ម៉ឺន៣ពាន់ខ្នងដួលរលំ និង១១ម៉ឺន៩ពាន់ខ្នងទៀតរងការបំផ្លិចបំផ្លាញ ខណៈផ្ទៃដីដំណាំយ៉ាងច្រើនសម្បើមក៏ត្រូវបានរងការខូចខាត នេះបើតាមក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន។ ប្រភពដដែលបានឱ្យដឹងទៀតថា មនុស្សជាង១២,៨លាននាក់ទៀត ក៏បានទទួលរងការប៉ះពាល់ ដោយសារព្យុះទីហ្វុង ឡេគីម៉ា ផងដែរ បន្ទាប់ពីវាបានបោកបក់វាយប្រហារមកដល់ភាគខាងកើតប្រទេសចិនកាលពីសប្តាហ៍មុន ក្នុងគ្រាដែលមនុស្សប្រមាណ២លាននាក់ នៅតាមបណ្តាខេត្តជាច្រើនទៀត ត្រូវបានជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព។ សូមបញ្ជាក់ថា អាជ្ញាធរចិនបានប្រកាសអាសន្នកម្រិតពណ៌ក្រហម ចាប់តាំងពីការត្រៀមសម្រាប់ការវាយប្រហាររបស់ព្យុះទីហ្វុងដ៏កំណាចនេះមកម្ល៉េះ ហើយ ឡេគីម៉ា គឺជាព្យុះដែលមានឥទ្ធិពលជាងគេ ដែលបានបោកបក់មកលើប្រទេសចិនក្នុងឆ្នាំ២០១៩នេះ៕ធ.ដ

  • ជប៉ុន កំពុងត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារពីព្យុះទីហ្វុង ក្រសា

    ជប៉ុន កំពុងត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារពីព្យុះទីហ្វុង ក្រសា

    ជប៉ុន៖ ក្រុមហ៊ុនអាកាសចរណ៍ និងស្ថានីយរថភ្លើងជប៉ុនជាច្រើន សម្រេចកាត់បន្ថយជើងធ្វើដំណើរនៅតំបន់ភាគនិរតីនៃប្រទេសជប៉ុនជាបណ្តោះអាសន្ន ស្របពេលព្យុះទីហ្វុង ក្រសា ត្រូវបានគេព្យាករណ៍ថា នឹងធ្វើដំណើរមកដល់ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ។ ក្រសា គឺជាព្យុះទីហ្វុងទី១០ហើយសម្រាប់ប្រទេសជប៉ុនក្នុងឆ្នាំ២០១៩នេះ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុននោះ គិតត្រឹមរសៀលថ្ងៃពុធនេះ វាមានកម្លាំងខ្យល់អតិបរមា១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីព្យុះនេះបានចុះថយឥទ្ធិពលបន្តិច បើធៀបនឹងម្សិលមិញ ប៉ុន្តែវានឹងនៅតែអាចនាំយកការធ្លាក់ភ្លៀងយ៉ាងគំហុក និងខ្យល់បោកបក់យ៉ាងសន្ធប់មកកាន់ប្រទេសជប៉ុននៅថ្ងៃស្អែកនេះ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ព្រមានជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងការដកសហរដ្ឋអាម៉េរិកចេញពី អង្គការពាណិជ្ជកម្មពិភពលោក WTO

    លោក ដូណាល់ ត្រាំ ព្រមានជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងការដកសហរដ្ឋអាម៉េរិកចេញពី អង្គការពាណិជ្ជកម្មពិភពលោក WTO

    សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បាននិយាយព្រមានសាជាថ្មីថា រូបលោកនឹងដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក WTO បើសិនជាអង្គការនេះបរាជ័យ ក្នុងការដោះស្រាយបញ្ហានៃការធ្វើពាណិជ្ជកម្មមិនស្មើភាព ដែលផ្ដល់ផលប្រយោជន៍ឱ្យប្រទេសមួយចំនួន ដែលកេងចំណេញពីសហរដ្ឋអាម៉េរិក។ កន្លងមក ប្រធានាធិបតីអាម៉េរិករូបនេះ ក៏ធ្លាប់បានបង្ហាញពីការមិនពេញជាច្រើនលើកផងដែរចំពោះអង្គការពាណិជ្ជកម្មពិភពលោក WTO សម្រាប់ការផ្ដល់អនុគ្រោះពិសេសនានាដល់ប្រទេសមួយចំនួន ក្នុងនោះរួមមាន ចិន ឥណ្ឌា និងសិង្ហបុរីជាដើម។ បណ្តាប្រទេសទាំងនេះទៀតសោត ត្រូវបានលោក ត្រាំ ផ្ទាល់អះអាងថា សុទ្ធតែកំពុងពាក់ស្លាកប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកេងចំណេញក្នុងការធ្វើពាណិជ្ជកម្ម ខណៈតាមពិតបច្ចុប្បន្នពួកគេសុទ្ធតែជាប្រទេសអ្នកមាន និងអភិវឌ្ឍន៍ទៅហើយនោះ៕ធ.ដ

  • លោក ត្រាំ សម្រេចពន្យារពេលយកពន្ធគយលើទំនិញមួយចំនួនរបស់ចិន ដោយសារ ព្រួយបារម្ភពីការគំរាមកំហែងសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក

    លោក ត្រាំ សម្រេចពន្យារពេលយកពន្ធគយលើទំនិញមួយចំនួនរបស់ចិន ដោយសារ ព្រួយបារម្ភពីការគំរាមកំហែងសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្រកាសពន្យារពេលយកពន្ធគយលើទំនិញមួយចំនួនរបស់ប្រទេសចិន ដើម្បីជាឆ្លើយតបទៅនឹងសម្ពាធពីអាជីវកម្ម និងការព្រួយបារម្ភពីសង្គ្រាមពាណិជ្ជកម្មកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក។ ការប្រកាសនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានស្វាគមន៍ ស្របពេលដែលអ្នកលក់រាយដែលព្រួយបារម្ភកាន់តែខ្លាំងថា ពន្ធគយថ្មីនឹងធ្វើឲ្យរាំងស្ទះដល់លំហូរការលក់។ បើតាមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ទីក្រុងវ៉ាស៊ីនតោននឹងនៅតែបន្តការយកពន្ធ១០% លើការនាំចូលរបស់ចិន គិតជាទឹកប្រាក់ប្រមាណ៣០០ពាន់លានដុល្លារអាម៉េរិក ពោលគឺបន្ថែមពន្ធលើទំនិញនាំចូលពីអ្វីៗទាំងអស់ដែលចិនដឹកជញ្ជូនទៅកាន់សហរដ្ឋអាម៉េរិក។ ប៉ុន្តែស្ថិតក្រោមសម្ពាធពីអ្នកលក់រាយ និងអាជីវកម្មផ្សេងទៀតផងនោះ ការិយាល័យពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិក បាននិយាយថា ខ្លួននឹងពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែធ្នូខាងមុខនេះ លើពន្ធគយនាំចូលជិត៦០% ដែលត្រូវបានកំណត់ ដើម្បីទាញយកពន្ធគយថ្មីចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩៕ធ.ដ