-
ប្រេសិតពិសេសសហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចទៅកាន់ជប៉ុន និងកូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់

សហរដ្ឋអាមេរិក៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រេសិតពិសេសរបស់អាមេរិក សម្រាប់កូរ៉េខាងជើងលោក ស្ទេហ្វិន ប៊ីហ្គាន់ នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងនាសប្តាហ៍ក្រោយ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង សម្រាប់ធានានូវការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ព័ត៌មាននៃដំណើរទស្សនកិច្ចខាងលើនេះ បានលេចឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា លោក គីម បានប្រាប់លោកថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកម្តងទៀត នៅពេលដែលសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង នឹងបិទបញ្ចប់នៅចុងខែនេះ ។ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ព័ត៌មាននៃដំណើរទស្សនកិច្ចរបស់លោក ស្ទេហ្វិន ប៊ីហ្គាន់ បានកើតមានឡើងក្រោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានបញ្ជាក់ថា ការបាញ់សាកល្បងអាវុធថ្មីជាលើកទី៦ កាលពីថ្ងៃសុក្រម្សិលមិញ គឺលោក គីម ជុងអ៊ុន គឺជាអ្នកដឹកនាំដោយផ្ទាល់ ៕
-
នៅក្នុងខែកក្កដា ឆ្នាំ២០១៩នេះ ការចិញ្ចឹមជ្រូកនៅចិនធ្លាក់ចុះ៣២.២ភាគរយ និងការផ្តល់កំណើតកូនជ្រូកធ្លាក់ចុះ៣១.៩ភាគរយ

ចិន៖ ក្រសួងកសិកម្មចិនបានឱ្យដឹងថា នៅក្នុងខែកក្កដា ឆ្នំា២០១៩កន្លងទៅនេះ ការចិញ្ចឹមជ្រូករបស់ចិនបានធ្លាក់ចុះ៣២.២ភាគរយ ដោយសារតែជំងឺប៉េសជ្រូកអាហ្វ្រិកនៅតែបន្តរីករាលដាលនៅទូទាំងប្រទេស ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ មន្ត្រីជំនាញចិនកំពុងបន្តស្វះស្វែងរកដំណោះស្រាយបញ្ហាជំងឺប៉េសជ្រូកនេះយ៉ាងខ្លាំងក្លាបំផុត ដើម្បីបង្កើនទំនុកចិត្តលើការបរិភោគសាច់ជ្រូក និងបង្កើនការចិញ្ចឹមឡើងវិញ ។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្មចិន នៅក្នុងខែកក្កដា ឆ្នំានេះ ការផ្ដល់កំណើតកូនជ្រូកក៏បានធ្លាក់ចុះ៣១.៩ភាគរយផងដែរ ដោយសារជំងឺប៉េសជ្រូកអាហ្វ្រិក ខណៈការធ្លាក់ចុះទាំងការចិញ្ចឹមជ្រូក និងការផ្ដល់កំណើតកូនជ្រូកក្នុងខែកក្កដានេះ គឺមានសភាពខ្លាំងក្លាជាងកាលពីខែមិថុនា ដែលកាលណោះបានធ្លាក់ចុះ២៥.៨ភាគរយ ក្នុងគ្រាដែលការផ្ដល់កំណើតកូនជ្រូកវិញ បានធ្លាក់ចុះ២៦.៧ភាគរយ ។ សូមជម្រាបថា បញ្ហាខ្វះខាតសត្វជ្រូកផ្គត់ផ្គង់ទីផ្សារកាន់តែកើនឡើង បានធ្វើឱ្យតម្លៃសាច់ជ្រូកកើនឡើងជាប់កំណត់ត្រាថ្មីមួយចាប់តាំងពីឆ្នាំ២០១៦ ដោយសាច់ជ្រូកមួយគីឡូហក់ឡើងថ្លៃដល់ទៅ៣.៣៤ដុល្លារអាមេ៉រិកក្នុងសប្ដាហ៍នេះ ៕ធ.ដ
-
ចិនព្រមានសងសឹកសហរដ្ឋអាមេ៉រិកវិញ ដើម្បីឆ្លើយតបនឹងផែនការដំឡើងពន្ធបន្ថែមលើទំនិញចិននៅខែកញ្ញាខាងមុខនេះ

ចិន៖ ចិនព្រមានចាត់វិធានការសមស្របដើម្បីឆ្លើយតបទៅវិញ ខណៈសហរដ្ឋអាមេ៉រិកមានគម្រោងដំឡើងពន្ធលើទំនិញចិន៣០០ពាន់លានដុល្លារ នឹងត្រូវអនុវត្តតែពាក់កណ្តាលប៉ុណ្ណោះនៅដើមខែក្រោយ ហើយពាក់កណ្តាលទៀតត្រូវពន្យារទៅដល់ខែធ្នូខាងមុខ ។ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ក្រុមមន្រ្តីរបស់អាមេរិក និងក្រុមមន្រ្តីចិន បានសន្ទនាគ្នាតាមទូរស័ព្ទមុនពេលរដ្ឋបាលលោក កាលពីប៉ុន្មានថ្ងៃមុន សម្រេចពន្យារពេលការដំឡើងពន្ធលើទំនិញចិនទំហំជាង ១៥០ពាន់លានដុល្លារ ទៅដល់ថ្ងៃទី១៥ ខែធ្នូ ។ ជាមួយគ្នានេះ ទីក្រុងប៉េកំាងបាននិយាយថា ទង្វើនេះគឺជាការរំលោភកិច្ចសន្យារវាងមេដឹកនំាប្រទេសទំាងពីរ នាអំឡុងកិច្ចប្រជុំកំពូល G20 នៅជប៉ុន កាលពីខែមិថុនាកន្លងទៅ ។ បន្ថែមលើនេះ ចិនក៏បានព្រមានដែរថា នឹងចាត់វិធានការឆ្លើយតបទៅវិញ ប៉ុន្តែក៏បានអំពាវនាវឲ្យសហរដ្ឋអាមេ៉រិកយល់ព្រមសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយផងដែរ ។ បើតាមការគ្រោងទុកនោះ កិច្ចចរចាពាណិជ្ជកម្មជុំថ្មីទៀតរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទំាងពីរ គ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខនេះ ៕ធ.ដ
-
ទីបំផុតអាជ្ញាធរដែនដី ជីប្រាល់តា ដោះលែងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់វិញហើយ បើទោះជាមានការជំទាស់ពីសហរដ្ឋអាមេ៉រិក

អង់គ្លេស៖ តុលាការកំពូលដែនដី ជីប្រាល់តា បានសម្រេចអនុញ្ញាតឱ្យមានការដោះលែងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ឈ្មោះថា Grace 1 វិញហើយ នៅថ្ងៃព្រហស្បត្តិ៍នេះ បើទោះបីជាមានសំណើពីសំណាក់សហរដ្ឋអាមេ៉រិក ឲ្យបន្តឃាត់ទុកកប៉ាល់ទៀត ។ ការសម្រេចចិត្តរបស់តុលាការកំពូល នៃដែនដីអង់គ្លេសនៅឯនាយសមុទ្រមួយនេះ បានកើតមានឡើងក្រោយត្រូវបានកងម៉ារីនអង់គ្លេសរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់នេះ កាលពីថ្ងៃទី០៤ ខែកក្កដា តាមសំណើរបស់សហរដ្ឋអាមេ៉រិក ដែលចោទថា កប៉ាល់នេះរំលោភលើទណ្ឌកម្មសហភាពអឺរ៉ុប ក្នុងការដឹកប្រេងទៅកាន់ស៊ីរី ។ ប៉ុន្តែទោះបីជាមានការដោះលែងកប៉ាល់អ៊ីរ៉ងក៏ដោយ ក៏គេមិនរំពឹងថា ស្ថានភាព នៅតំបន់ច្រកសមុទ្រ ហ័រមូស នឹងមានភាពស្ងប់ស្ងាត់ឡើងវិញដែរ ខណៈសហរដ្ឋអាមេ៉រិកកំពុងប្រមូលផ្ដុំកម្លាំងធ្វើប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងតំបន់ដែនទឹកដ៏សំខាន់មួយនេះ ៕ធ.ដ
-
លោក មូន ជែអ៊ីន ថ្លែងថា កូរ៉េខាងត្បូងរីករាយនឹងសហការជាមួយជប៉ុន ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានគូសបញ្ជាក់ថា ប្រទេសលោករីករាយនឹងសហការជាមួយនឹងជប៉ុន ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មដែលកាន់តែតានតឹងឡើង ប្រសិនបើរដ្ឋាភិបាលក្រុងតូក្យូព្រមព្រៀងនឹងចូលរួមចរចានោះ ។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយ ដើម្បីប្រារព្ធខួបទី៧៤នៃការទទួលបានសេរីភាពរបស់ឧបទ្វីបកូរ៉េពីអាណានិគមជប៉ុន ដែលបានចាប់ផ្ដើមកាលពីឆ្នាំ១៩១០ ដល់ឆ្នាំ ១៩៤៥ ។ មិនតែប៉ុណ្ណោះ សំណើផ្សះផ្សាគ្នារបស់លោក មូន ជែអ៊ីន នេះដែរ បានកើតមានឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលក្រុងសេអ៊ូលបានប្រកាសថា ខ្លួននឹងដកជប៉ុន ចូលក្នុងប្រភេទពាណិជ្ជកម្មថ្មីមួយ ដែលដាក់កម្រិតកាន់តែខ្លាំងជាងមុន ទៅលើការនាំចេញទំនិញមួយចំនួន ។ ការសម្រេចនេះទំនងជាការសងសឹក ទៅនឹងការសម្រេចរបស់ជប៉ុន ក្នុងការដកកូរ៉េខាងត្បូងចេញពីបញ្ជីប្រទេសជាដៃគូពាណិជ្ជកម្មពិសេសរបស់ខ្លួន ៕ធ.ដ
-
កូរ៉េខាងជើងទាត់ចោលសំណើសុំចរចាគ្នាជាថ្មីទៀតរបស់កូរ៉េខាងត្បូង

កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាង តាមរយៈអ្នកនាំពាក្យគណៈកម្មាធិការសម្រាប់ការបង្រួបបង្រួមជាតិ ដោយសន្តិភាពរបស់កូរ៉េខាងជើង បានគូសបញ្ជាក់នៅថ្ងៃសុក្រនេះថា យើងគ្មានអ្វីត្រូវនិយាយច្រើនជាមួយកូរ៉េខាងត្បូងទៀតទេ ហើយយើងក៏មិនចង់អង្គុយចរចាជាថ្មីជាមួយនឹងពួកគេដែរ ។ ខណៈការអះអាងរបស់អ្នកនាំពាក្យកូរ៉េខាងជើងនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការរបស់សន្យារបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ដែលថា នឹងបង្កើតកិច្ចប្រឹងប្រែង ដើម្បីរួបរួមគ្នាវិញជាមួយកូរ៉េខាងជើងអោយបាននៅត្រឹមឆ្នាំ២០៤៥ ក៏ដូចជាជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ ។ សូមបញ្ជាក់ផងដែរថា កូរ៉េខាងជើងនៅព្រឹកថ្ងៃសុក្រុនេះបានបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់បន្ថែមទៀត និងជាលើកទី៦ក្នុងរយៈពេលមិនដល់មួយខែផងនោះ ។ គ្រាប់មីស៊ីលមិនទាន់ស្គាល់ម៉ាកនេះ ត្រូវបានបាញ់ចេញពីតំបន់មួយស្ថិតនៅក្បែរទីក្រុង Tongchon ខេត្ត Kangwon របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រភាគខាងកើត ឬ សមុទ្រជប៉ុន ៕ធ.ដ
-
អគ្គរដ្ឋទូតចិនប្រចំាចក្រភពអង់គ្លេសស្នើឱ្យប្រទេសខាងក្រៅបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង

អង់គ្លេស៖ ទីក្រុងហុងកុង គឺជាទឹកដីរបស់ចិន ហើយបណ្ដាប្រទេសមួយចំនួនគួរតែបញ្ឈប់ ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង តទៅទៀត នេះបើតាមការបញ្ជាក់របស់អគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុង លោក លីវ ហ្សាវមីង នៅក្នុងសន្និសិទសារព័ត៌មានមួយថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងប្រទេសអង់គ្លេស ។ ស្របពេលជាមួយគ្នានេះដែរ លោក លីវ ហ្សាវមីង បានគូសបញ្ជាក់ថា ស្ថានភាពក្នុងទីក្រុង ហុងកុង នឹងមិនអាក្រក់ដូចបច្ចុប្បន្នឡើយ បើសិនជាគ្មានការជ្រៀតជ្រែក និងញុះញុងពីប្រទេសខាងក្រៅ ។ អគ្គរដ្ឋទូតចិនប្រចំាំទីក្រុងឡុងរូបនេះបានសង្កត់ធ្ងន់ថា បាតុករបង្កហិង្សាទាំងអស់ ត្រូវតែយកមកកាត់ទោសតាមផ្លូវច្បាប់ រីឯប្រទេសដទៃគួរតែប្រុងប្រយ័ត្នចំពោះទង្វើរបស់ខ្លួន ដ្បិតអ្វីដែលពួកគេកំពុងធ្វើគឺមានន័យថា ពួកគេនឹងទម្លាក់ដុំថ្មលើជើងខ្លួនឯងតែប៉ុណ្ណោះ ៕ធ.ដ
-
សហរដ្ឋអាមេ៉រិកស្នើឱ្យអង់គ្លេសបន្តឃាត់ទុកកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់បន្តទៀត ស្របពេលភាពតានតឹងហាក់មិនទាន់ថយកម្តៅ

សហរដ្ឋអាមេ៉រិក៖ អាជ្ញាធរដែនដី ជីប្រាល់តា ដែលជាកម្មសិទ្ធិរបស់អង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះបានទទួលស្គាល់ថា ក្រសួងយុត្តិធម៌អាមេ៉រិកពិតជាបានដាក់សំណើមួយឱ្យខ្លួនបន្តឃាត់ទុក និងរឹបអូសនាវាដឹងប្រេងអ៊ីរ៉ង់ Grace-1 ។ សំណើពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កើតមានឡើងស្របពេលដែលកប៉ាល់ដឹកប្រេង Grace-1 របស់អ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងត្រួវដោះលែងនៅថ្ងៃព្រហស្បតិ៍នេះដែរ ។ បើតាមសេចក្ដីថ្លែងការណ៍របស់អាជ្ញាធរដែនដីនេះ សំណើរបស់សហរដ្ឋអាមេ៉រិក កំពុងស្ថិតនៅក្រោមការពិចារណា ហើយវានឹងត្រូវបញ្ជូនបន្តទៅកាន់តុលាការកំពូល ជីប្រាល់តា នៅម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងតំបន់) ។ សូមរំលឹកថា ឆ្លើយតបនឹងការរឹបអូសកប៉ាល់ដឹកប្រេងរបស់ខ្លួន អ៊ីរ៉ង់ក៏បានចាប់ទុកកប៉ាល់ដឹកប្រេងរបស់អង់គ្លេសមួយគ្រឿងវិញ ដោយចោទថា បានបំពានច្បាប់ដែនសមុទ្រ និងថែមទាំងបានស្នើឲ្យធ្វើការដោះដូរកប៉ាល់មួយទល់មួយជាមួយអង់គ្លេសផងដែរ ៕ធ.ដ
-
កូរ៉េខាងជើងធ្វើតេស្តបាញ់មីស៊ីលចំនួន២គ្រាប់ជាថ្មីទៀត ខណៈកូរ៉េខាងត្បូងសន្យារួបរួមគ្នាជាមួយកូរ៉េខាងជើងវិញនៅឆ្នំា២០៤៥

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបន្តធ្វើតេស្តបាញ់មីស៊ីលចំនួន២គ្រាប់បន្ថែមទៀត នៅព្រឹកថ្ងៃសុក្រនេះ នេះបើតាមយោធាកូរ៉េខាងត្បូង ។ ការបាញ់សាកល្បងថ្មីនេះ គេមិនទាន់ដឹងច្បាស់ថា ជាមីស៊ីលប្រភេទអ្វីនៅឡើយទេ ប៉ុន្តែយោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលនេះបានបាញ់ចេញពីចំណុចមួយ ស្ថិតនៅក្បែរទីក្រុង Tongchon ខេត្ត Kangwon របស់កូរ៉េខាងជើង ហើយធ្លាក់ទៅកាន់សមុទ្រភាគខាងកើត ដែលគេបានស្គាល់ថា ជាសមុទ្រជប៉ុន ។ ហើយអ្វីដែលគួរកត់សម្គាល់នោះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាថ្មីទៀតនេះ ក្រោយពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នាថ្ងៃព្រហស្បតិ៍នេះបានសន្យាថា នឹងបង្កើតកិច្ចប្រឹងប្រែង ដើម្បីរួបរួមគ្នាវិញជាមួយកូរ៉េខាងជើងឲ្យបាននៅត្រឹមឆ្នាំ២០៤៥ ។ ក្នុងឱកាសខួប៧៤ឆ្នាំ នៃការមានសេរីភាពឡើងវិញរបស់ឧបទ្វីបកូរ៉េ ក្រោយការគ្រប់គ្រងរបស់ជប៉ុន លោក មូន ចេអ៊ីន បានធ្វើការសន្យាថា រូបលោកនឹងព្យាយាមប្រឹងប្រែងបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីឲ្យប្រទេសទាំងពីរធ្វើជាម្ចាស់ផ្ទះរួមគ្នា សម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០៣២ ហើយនៅឆ្នាំ២០៤៥ ដែលជាខួប១០០ឆ្នាំនៃថ្ងៃរំដោះឧបទ្វីបកូរ៉េ អាចឈានដល់ការបង្រួបបង្រួមគ្នា នៃបងប្អូនទាំងពីរឲ្យក្លាយជាប្រទេសតែមួយ ៕ធ.ដ
-
មនុស្សស្លាប់ម្នាក់ និងជិត៣០នាក់ទៀតរបួស ដោយសារព្យុះទីហ្វុង ក្រសា វាយប្រហារប្រទេសជប៉ុន

ជប៉ុន៖ នាល្ងាចថ្ងៃព្រហស្បតិ៍នេះ ព្យុះទីហ្វុង ក្រសា បានបោកបក់ហួសទីក្រុង គូរិ ខេត្ត ហ៊ីរ៉ូស៊ីម៉ា ហើយ និងបានធ្វើឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង២៨នាក់រងរបួស ខណៈជាងកន្លះលាននាក់ទៀតត្រូវជម្លៀសខ្លួននៅតាមខេត្តចំនួន១១ ស្ថិតនៅភាគខាងលិចប្រទេស នេះបើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ។ បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះអាជ្ញាធរឧតុនិយម បានបង្កើនការប្រកាសអាសន្នរហូតដល់កម្រិតទី៤ ដែលជាកម្រិតខ្លាំងមួយ ស្របពេលជើងហោះហើរយន្តហោះសរុប៧០០ជើង ដែលគ្រោងឆ្ពោះទៅកាន់ ឬក៏ចេញពីតំបន់ភាគខាងលិចប្រទេសជប៉ុនត្រូវផ្អាកជាបណ្តោះអាសន្ន ។ រីឯមធ្យោ បាយធ្វើដំណើរតាមរថភ្លើងនៅតាមតំបន់នោះ ក៏ត្រូវផ្អាកនិងកាត់បន្ថយប្រតិបត្តិការផងដែរ ។ ក្រសា ដែលជាព្យុះទីហ្វុងទី ១០ ក្នុងឆ្នាំនេះ បាននិងកំពុងបង្កជាភ្លៀងធ្លាក់យ៉ាងគំហុក ដែលអាចលោតដល់កម្រិតសរុប១,២០០មីលីម៉ែត្រ និងខ្យល់បោកបក់ខ្លាំងរហូតដល់១២៦គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចបណ្តាលឲ្យកើតមានទឹកជនន់ ព្រមទាំងគ្រោះរអិលបាក់ដី ៕ធ.ដ