Category: ព័ត៌មានអន្តរជាតិ

  • កូរ៉េខាងជើង ប្រកាសថ្កោលទោសការធ្វើសមយុទ្ធរវាងកូរ៉េខាងត្បូង-សហរដ្ឋអាម៉េរិក និងព្រមានបាញ់តេស្តមីស៊ីលទៀត

    កូរ៉េខាងជើង ប្រកាសថ្កោលទោសការធ្វើសមយុទ្ធរវាងកូរ៉េខាងត្បូង-សហរដ្ឋអាម៉េរិក និងព្រមានបាញ់តេស្តមីស៊ីលទៀត

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាង តាមរយៈទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ខ្លួន បានចេញមុខថ្កោលទោសការធ្វើសមយុទ្ធរបស់ប្រទេសទាំងពីរ ហើយថែមទាំងបានព្រមានផងដែរថា កូរ៉េខាងជើងនឹងបន្តធ្វើតេស្តសព្វាវុធថែមទៀត។ ការព្រមានរបស់កូរ៉េខាងជើងនេះ បានកើតមានឡើងក្រោយរដ្ឋកុម្មុយនីស្តដ៏ឯកោមួយនេះ ទើបបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ជាថ្មីទៀត នាព្រឹកថ្ងៃអង្គារនេះ ដែលសរុបមកកូរ៉េខាងជើងបានបាញ់មីស៊ីល០៤លើកហើយ ក្នុងកំឡុងពេលមិនដល់ពីរសប្តាហ៍នោះទេ។ កូរ៉េខាងជើង តែងតែបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះការដែលសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធារួមគ្នា ព្រោះទីក្រុងព្យុងយ៉ាងយល់ថា វាជាសកម្មភាពត្រៀមឈ្លានពានមកលើប្រទេសខ្លួន ប៉ុន្តែមិនធ្លាប់ធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់បែបនេះ ចំពេលដែលសមយុទ្ធកំពុងតែប្រព្រឹត្តទៅនោះទេ៕ធ.ដ

  • នាយករដ្ឋមន្រ្តីជប៉ុនថ្លែងថា វាពិតជាសំខាន់ខ្លាំងណាស់ ដែលពិភពលោកមួយត្រូវតែរួច ចាកផុតពីអាវុធនុយក្លេអ៊ែរ

    នាយករដ្ឋមន្រ្តីជប៉ុនថ្លែងថា វាពិតជាសំខាន់ខ្លាំងណាស់ ដែលពិភពលោកមួយត្រូវតែរួច ចាកផុតពីអាវុធនុយក្លេអ៊ែរ

    ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានបញ្ជាក់ថា វាពិតជាសំខាន់ខ្លាំងណាស់ ដែលពិភពលោកមួយ ត្រូវតែរួចចាកផុតពីអាវុធនុយក្លេអ៊ែរ។ ការថ្លែងនេះធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ គឺជាខួបឆ្នាំទី៧៤ បន្ទាប់ពីសហរដ្ឋអាម៉េរិក បានទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់លើទីក្រុង ហ៊ីរ៉ូស៊ីម៉ា ដែលកាលណោះបានសម្លាប់មនុស្ស១៤ម៉ឺននាក់ នៅចុងសម័យសង្គ្រាមលោកលើកទីពីរ។ នាឱកាសនោះដែរ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសតែមួយគត់ ដែលធ្លាប់បានរងគ្រោះដ៏ជូរចត់បំផុត ដោយសារគ្រាប់បែកអាតូមិកកាលពីសម័យសង្គ្រាមនោះ កាតព្វកិច្ចរបស់ជប៉ុនក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរគឺគ្មានការផ្លាស់ប្តូរឡើយ ទោះបីជាឈានចូលមកដល់រជ្ជកាលរៃវ៉ានៃព្រះចៅអធិរាជអង្គថ្មី។ ពិធីរំលឹកខួបដ៏ឈឺចាប់ប្រចាំប្រវត្តិសាស្ត្រជប៉ុននេះ ត្រូវបានចូលរួមដោយមន្ត្រីរាជការ ភ្ញៀវអន្តរជាតិ និងពលរដ្ឋជប៉ុនសរុប៥ម៉ឺននាក់ នៅក្នុងឧទ្យាននៃការចងចាំដល់សន្តិភាព (Peace Memorial Park) ស្ថិតនៅក្បែរទីតាំង ក្រោន ហ្ស៊ីរ៉ូ (Ground Zero) នៅក្នុងទីក្រុង ហ៊ីរ៉ូស៊ីម៉ា៕ធ.ដ

  • ក្រុមហ៊ុន Huawei ឈ្នះការដេញថ្លៃលើគំរោងបំពាក់សេវា 4G ឲ្យបណ្តាញផ្លូវក្រោមដីនៅប្រទេសអ៊ុយក្រែន

    ក្រុមហ៊ុន Huawei ឈ្នះការដេញថ្លៃលើគំរោងបំពាក់សេវា 4G ឲ្យបណ្តាញផ្លូវក្រោមដីនៅប្រទេសអ៊ុយក្រែន

    អ៊ុយគ្រែន៖ ក្រុមហ៊ុន ហូវៃ បានឈ្នះការដេញថ្លៃលើគម្រោងបំពាក់បណ្តាញសេវា 4G សម្រាប់ខ្សែរថភ្លើងក្រោមដីនៅទីក្រុងគៀវ របស់ប្រទេសអ៊ុយក្រែន នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនមួយនេះ ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ ជោគជ័យនេះនឹងក្លាយជាគម្រោងប្រព័ន្ធទូរគមនាគមន៍ក្រោមដីធំជាងគេបង្អស់របស់ ហូវៃ ក្នុងចំណោមមជ្ឈមណ្ឌលធំៗចំនួន ២៧ នៅតាមបណ្តាប្រទេសអឺរ៉ុបខាងកើត និងស្កាតឌីណាវី ខណៈ បច្ចុប្បន្នមានតែប្រព័ន្ធ 2G ប៉ុណ្ណោះ ដែលកំពុងគ្របដណ្តប់នៅក្នុងខ្សែរថភ្លើងក្រោមដីទីក្រុងគៀវ ។ សូមជម្រាបថា ការដាក់ឲ្យដេញថ្លៃលើគម្រោងបំពាក់បណ្តាញ 4G នៅក្នុងខ្សែរថភ្លើងក្រោមដីនៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែនខាងលើនេះ ត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីខែតុលា ឆ្នាំ២០១៨មកម្ល៉េះ ហើយបានបិទបញ្ចប់ទៅវិញនៅចុងខែកក្កដាកន្លងទៅនេះ ៕ធ.ដ

  • លោក ត្រាំ បង្កកទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋាភិបាលប្រទេសវេណេហ្ស៊ុយអេឡា នៅសហរដ្ឋអាម៉េរិក

    លោក ត្រាំ បង្កកទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋាភិបាលប្រទេសវេណេហ្ស៊ុយអេឡា នៅសហរដ្ឋអាម៉េរិក

    ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាហើយលើបទបញ្ជាបង្កកទ្រព្យសម្បត្តិទាំងអស់នៃរដ្ឋាភិបាលវេណេស៊ុយអេឡា របស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលមាននៅក្នុងសហរដ្ឋអាម៉េរិក។ សេតវិមានផ្អែកលើបទបញ្ជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ដូច្នេះថា៖ « រាល់ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលវេណេស៊ុយអេឡា ដែលមាននៅក្នុងសហរដ្ឋអាម៉េរិក ឬស្ថិតនៅក្រោម ដែនសមត្ថកិច្ចអាម៉េរិក ឬក៏នៅក្រោមការគ្រប់គ្រងរបស់ពលរដ្ឋអាម៉េរិក នឹងត្រូវបានបង្កកទុក ទាំងអស់ ហើយក៏មិនអាចផ្ទេរចេញទៅណាដែរ»។ គួរជម្រាបថា បទបញ្ជាបង្កទ្រព្យសម្បត្តិរដ្ឋាភិបាលវេណេស៊ុយអេឡា បានចូលជាធរមាននៅ ថ្ងៃចន្ទ ទី០៥ ខែសីហាហើយការរឹតត្បិតទាំងនេះត្រូវបាន គេរំពឹងថានឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនប្រេងរដ្ឋ PDVSA និងធនាគារកណ្ដាល វេណេស៊ុយអេឡា៕ធ.ដ

  • យានអវកាសឥណ្ឌាបង្ហាញរូបភាពនៃផែនដីជាលើកដំបូង បន្ទាប់ពីចុះចតនៅឋានព្រះចន្ទ

    យានអវកាសឥណ្ឌាបង្ហាញរូបភាពនៃផែនដីជាលើកដំបូង បន្ទាប់ពីចុះចតនៅឋានព្រះចន្ទ

    អង្គការស្រាវជ្រាវអវកាសឥណ្ឌាបានឲ្យដឹងថា យាន Moon Mission-2 ឬយាន Chandrayaan-2 ដែលបាញ់បង្ហោះកាលពីថ្ងៃទី២២ ក្កដាបាន បញ្ជូនរូបភាពនៃផែនដីជាលើកដំបូងរបស់ខ្លួន កាលពីពេលថ្មីៗនេះ។ ប្រភពថា រូបភាពដែលថតដោយយាន Chandrayaan-2 គឺជាបណ្តុំរូបភាពស្អាតៗលើកដំបូងនៃផែនដី ដែលថតបានដោយកូនយាន Vikram Lander របស់យាន Chandrayaan2។ ផែនដី ថតដោយកាមេរ៉ា LI4 របស់យាន Chandrayaan-2 កាលពីថ្ងៃទី៣សីហា”។ កូនយានឈ្មោះ “Lander” និង “Rover” ត្រូវគេរំពឹងថានឹងចុះចតនៅជិតប៉ូលខាងត្បូងនៃឋានព្រះចន្ទនៅដើមខែកញ្ញា។ ប្រសិនបើអនុវត្តដោយជោគជ័យនោះ ឥណ្ឌានឹងក្លាយជាប្រទេសទីបួនបន្ទាប់ពីសហរដ្ឋអាម៉េរិក រុស្ស៊ី និងចិន ដែលបានចុះចតនៅលើផ្ទៃព្រះចន្ទ។ បេសកកម្ម ដែលចំណាយថវិកាជិត១៥០លានដុល្លារអាម៉េរិកនេះ មានគោលបំណងប្រមូលទិន្នន័យអំពីទឹក រ៉ែ និងផ្ទាំងសិលានៅលើផ្ទៃព្រះចន្ទ៕ធ.ដ

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិក ស្នើរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធឲ្យខ្លាំងជាងមុន ក្រោយផ្ទុះបាញ់ប្រហារជាបន្តបន្ទាប់

    ប្រធានាធិបតីសហរដ្ឋអាម៉េរិក ស្នើរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធឲ្យខ្លាំងជាងមុន ក្រោយផ្ទុះបាញ់ប្រហារជាបន្តបន្ទាប់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសស្នើឲ្យមានការរឹតបន្តឹងច្បាប់គ្រប់គ្រងកាំភ្លើងឲ្យកាន់តែខ្លាំងក្លាជាងមុន ប៉ុន្តែចំណាត់ការនេះក៏នឹងត្រូវផ្សាភ្ជាប់ជាមួយកំណែទម្រង់ការធ្វើអន្តោប្រវែសន៍។ ការស្នើឡើងនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងបន្ទាប់ពីករណីបាញ់ប្រហារចំនួនពីរលើកកាលពីចុងសប្តាហ៍មុននៅរដ្ឋតិចសាស់ និងរដ្ឋអូហៃយ៉ូដែលបានផ្តាច់ជីវិតមនុស្សជាង៣០នាក់ និងរាប់សិបនាក់ទៀតរងរបួស។ សូមបញ្ជាក់ផងដែរថា ករណីបាញ់ប្រហារធំៗទាំងពីរលើកកាលពីចុងសប្តាហ៍មុននេះ បានធ្វើឲ្យប្រជាជនអាម៉េរិក មានការខឹងសម្បារយ៉ាងខ្លាំង និងទាមទារឲ្យមានការរឹតបន្តឹង ឬបង្កើតច្បាប់ដ៏មានប្រសិទ្ធភាព ដើម្បីកុំឲ្យសោកនាដកម្មដដែលៗនេះគំរាមកំហែងពួកគេរាល់ថ្ងៃ៕ធ.ដ

  • យោធាកូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ទៀត

    យោធាកូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ទៀត

    កូរ៉េខាងត្បូង៖ របបដឹកនាំក្រុងព្យុងយ៉ាង បានបន្តធ្វើតេស្តបាញ់មីស៊ីលចំនួន២គ្រាប់ នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) និងជាលើកទី៤ផងដែរ នេះបើតាមយោធាកូរ៉េខាងត្បូង។ ប្រភពដដែលបានឱ្យដឹងទៀតថា គ្រាប់មីស៊ីលទាំងនេះ ត្រូវបានបាញ់ចេញពីខេត្ត Hwanghae ខាងត្បូង ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីការបាញ់សាកល្បងនេះនៅឡើយទេ ស្របពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការធ្វើតេស្តមីស៊ីលជាថ្មីទៀតនេះ។ បើតាមយោធាកូរ៉េខាងត្បូងនោះ មីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បងសុទ្ធតែជាមីស៊ីលស៊េរីថ្មី មិនធ្លាប់បានឃើញពីមុនមកឡើយ ហើយការធ្វើតេស្តនេះដែរ ត្រូវបានគេមើលឃើញថា គឺជាសារព្រមានចំពោះការចាប់ផ្ដើមធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ក្នុងខែសីហានេះ ៕ធ.ដ

  • សោកនាដកម្មក្រឡាប់ទូកនៅហ្វីលីពីន ផ្តាច់ជីវិតមនុស្ស៣១នាក់ និង៦២នាក់ទៀត ជួយសង្គ្រោះទាន់ពេល

    សោកនាដកម្មក្រឡាប់ទូកនៅហ្វីលីពីន ផ្តាច់ជីវិតមនុស្ស៣១នាក់ និង៦២នាក់ទៀត ជួយសង្គ្រោះទាន់ពេល

    ហ្វីលីពីន៖ សារព័ត៌មានចិន CGTN បានចុះផ្សាយថា សោកនាដកម្មលិចទូកដឹកអ្នកដំណើរចំនួន៣គ្រឿងនៅឆ្នេរសមុទ្រហ្គីម៉ារ៉ាស ទីក្រុងអាយឡូឡូ ប្រទេសហ្វីលីពីន បានឆក់យកអាយុជីវិតមនុស្ស៣១នាក់ និង៣នាក់បាត់ខ្លួន ហើយ៦២នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍លិចក្រឡាប់ទូកនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន អំឡុងពេលទូកចំនួន៣គ្រឿង ផ្ទុកអ្នកដំណើរសរុប៩៦នាក់ បានចាកចេញពីគោលដៅផ្សេងៗគ្នានៃឆ្នេរសមុទ្រ ហ្គីម៉ារ៉ាស ហើយត្រូវបានជួបព្យុះបក់បោកខ្លាំង ធ្វើឲ្យក្រឡាប់ចូលទៅក្នុងសមុទ្រ។ សូមរំលឹកផងដែរថា ព្យុះទីហ្វុង និងព្យុះផ្សេងៗទៀតប្រមាណ២០ ជារៀងរាល់ឆ្នាំ បានវាយប្រហារលើហ្វីលីពីន ជាហេតុធ្វើឱ្យមានអត្រាមនុស្សជាច្រើននាក់ បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់នៃការលិចទូកជាច្រើនករណី៕ធ.ដ

  • នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យតាមចាប់ខ្លួនអ្នកបង្កៃ និងបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

    នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យតាមចាប់ខ្លួនអ្នកបង្កៃ និងបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

    ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានចេញបញ្ជាឲ្យសមត្ថកិច្ចតាមប្រមាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ចំពោះក្រុមជនដៃដល់ដែលស្ថិតនៅពីក្រោយហេតុការណ៍បង្កៃ និងបំផ្ទុះគ្រាប់បែកជាច្រើនករណី នៅតាមទីតាំងប្រជុំជនសំខាន់ៗក្នុងរាជធានីបាងកក។ សូមរំលឹកថា ករណីផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ បានកើតឡើងកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន នៅទីតាំងប្រមាណ៧កន្លែងនៅក្នុងទីក្រុងបាងកក ក្នុងនោះរួមមាន នៅសួនច្បារខាងមុខអគារមជ្ឈមណ្ឌលរដ្ឋាភិបាលថៃ ឈាងវឌ្ឍនា ក្នុងសង្កាត់ឡាក់ស៊ី នៅបរិវេណស្ថានីយរថភ្លើងផ្លូវអាកាស ឆុងណនស៊ី BTS ក្បែរអគារខ្ពស់មហានគរ ក្នុងសង្កាត់ បាងរ៉ាក់ និងនៅផ្លូវតូចមួយកន្លែងលេខ ៥៧/១ ជាប់ដងផ្លូវរាមាទី៩ (Rama 9) ក្នុងសង្កាត់ សួនលួង ដែលជាលទ្ធផលនោះ មនុស្ស៤នាក់បានទទួលរងរបួស ប៉ុន្តែមិនមានអ្នកបាត់បង់ជីវិតឡើយ។ ស្របពេលជាមួយគ្នានេះដែរ បុរសពីរនាក់ត្រូវបានចាប់ខ្លួន ហើយបើតាមអាជ្ញាធរថៃ ជនសង្ស័យទាំងពីរនាក់នោះ មកពីតំបន់ភាគខាងត្បូងជាប់នឹងប្រទេសម៉ាឡេស៊ី ដែលជាកន្លែងមានការវាយប្រហារជាញឹកញាប់ពីក្រុមសកម្មប្រយុទ្ធ ប៉ុន្តែមិនទាន់ច្បាស់ទេថា ពួកគេមានទំនាក់ទំនងជាមួយពួកឧទ្ទាមដែរ ឬក៏អត់ឡើយ៕ធ.ដ

  • ប្រធានាធិបតីតួកគីអះអាងថា នឹងបើកប្រតិបត្តិការយោធាលើទឹកដីស៊ីរីជាថ្មី បើការគំរាមកំហែងនៅតែមាន

    ប្រធានាធិបតីតួកគីអះអាងថា នឹងបើកប្រតិបត្តិការយោធាលើទឹកដីស៊ីរីជាថ្មី បើការគំរាមកំហែងនៅតែមាន

    តួកគី៖ កងទ័ពតួកគី នឹងចាប់ផ្តើមប្រតិបត្តិការយោធានៅភាគខាងកើតទន្លេ អឺប្រាត ប្រទេសស៊ីរី ដោយសារតែការគំរាមកំហែងផ្នែកសន្តិសុខនៅតែមាន។ នេះបើតាមប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់។ នៅក្នុងសុន្ទរកថាមួយនៅឯពីធីបើកសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនរវាងទីក្រុងអ៊ីស្តង់ប៊ុល និងអ៊ីហ្គី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោក អឺដូហ្គាន់ បានថ្លែងសង្កត់ធ្ងន់ថា ដរាបណាការគំរាមគំហែងនៅតែបន្តមាន យើងមិនអាចនៅស្ងៀមបានទេ ព្រោះការអត់ធ្មត់របស់យើងគឺមានដែនកំណត់ ហើយថាតួកគី ក៏នឹងចែករំលែកព័ត៌មាននេះជាមួយរុស្ស៊ី និងសហរដ្ឋអាម៉េរិក អំពីប្រតិបត្តិការនាពេលខាងមុខនេះផងដែរ។ ដោយឡែកតំណាងកងកម្លាំងយោធាអាម៉េរិក គ្រោងនឹងធ្វើដំណើរទៅកាន់តួកគី ដើម្បីបើកកិច្ចចរចាសាជាថ្មីមួយ ព្រោះតែការចរចាកន្លងមក មិនបានបង្កើតកិច្ចព្រមព្រៀងរួមគ្នា ស្តីពីការបង្កើតតំបន់សុវត្ថិភាពមួយនៅភាគខាងជើងនៃប្រទេសស៊ីរី ដែលគ្រប់គ្រងដោយកងជីវពលឃើដ (YPG) នោះឡើយ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសតួកគី តួកគីនឹងបង្កើតតំបន់សុវត្ថិភាពដោយខ្លួនឯង ក្នុងករណីដែលកិច្ចពិភាក្សាជាមួយសហរដ្ឋអាម៉េរិកត្រូវបរាជ័យ៕ម.ន