-
ប្រេសិតពិសេសវេណេស៊ុយអេឡាប្រចំាអង្គការសហប្រជាជាតិដាក់ឈ្មោះឲ្យសហរដ្ឋអាមេ៉រិកថា ជាអ្នកប្រកាន់ជាតិសាសន៍ សត្រូវ និងជាភេវរករ

វេណេស៊ុយអេឡា៖ អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសវេណេស៊ុយអេឡាប្រចំាអង្គការសហប្រជាជាតិលោក សាំម៊ូអែល ម៉ុនកាដា បានបញ្ជាក់នៅថ្ងៃអង្គារ៍នេះថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ដែលប្រកាន់ជាតិសាសន៍ បាននឹងកំពុងព្យាយាមប្រឌិតសង្គ្រាមលើប្រទេសវេណេស៊ុយអេឡា នេះបើតាមសារព័ត៌មានចិន CGTN ។ លោក ម៉ុនកាដា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញ៊ូយ៉ក ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលជារដ្ឋបាលប្រកាន់ជាតិសាសន៍ មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃទ្វីបអាមេ៉រិក បាននឹងកំពុងខិតខំប្រឹងប្រែងប្រឌិតសង្គ្រាមលើប្រទេសវេណេស៊ុយអេឡា ។ ការកត់សម្គាល់បែបនេះរបស់អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសវេណេស៊ុយអេឡាប្រចំាអង្គការសហប្រជាជាតិខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានសម្រេចចុះលើហត្ថលេខាលើបទបញ្ជាបង្កកទ្រព្យសម្បត្តិទំាងអស់ នៃរដ្ឋាភិបាលវេណេស៊ុយអេឡារបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលមាននៅក្នុងសហរដ្ឋអាមេ៉រិក ។ បទបញ្ជាបង្កទ្រព្យសម្បត្តិរដ្ឋាភិបាលវេណេស៊ុយអេឡាបានចូលជាធរមាននៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយការរឹតត្បិតទាំងនេះ ត្រូវបានគេរំពឹងថា នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនប្រេងរដ្ឋ PDVSA និងធនាគារកណ្ដាលវេណេស៊ុយអេឡា ៕ធ.ដ
-
ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងនិយាយថា ការបាញ់សាកល្បងមីស៊ីស គឺជាការព្រមានដល់ការធ្វើសមយុទ្ធរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេ៉រិក

កូរ៉េខាងជើង៖ មេដឹកនំាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ការធ្វើតេស្តបាញ់មីស៊ីលជាបន្តបន្ទាប់របស់ប្រទេសខ្លួន គឺមានគោលបំនងព្រមាន ដល់កូរ៉េខាងត្បូង និងសហរដ្ឋអាមេ៉រិក ពាក់ព័ន្ធនឹងការលេងល្បែងសង្គ្រាមរួមគ្នារវាងប្រទេសទំាងពីរ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃពុធនេះ ខណៈភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើងកម្តៅខ្លំាង ។ បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម បានត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ជាថ្មីទៀត កាលពីថ្ងៃអង្គារម្សិលមិញនេះ ដែលប្រើប្រាស់ជើងទម្របាញ់មីស៊ីលប្រភេទថ្មី ដែលប្រទេសខ្លួបទើបអភិវឌ្ឍន៍ឡើងបាន ។ ទន្ទឹមគ្នានោះដែរ លោក គីម ជុងអ៊ុន បានបញ្ជាក់ថា សកម្មភាពយោធា គឺជាឱកាសមួយដើម្បីបញ្ជូនសារព្រមានដល់ការធ្វើសមយុទ្ធយោធារួមគ្នា ដែលបច្ចុប្បន្នកំពុងប្រព្រឹត្តទៅដោយកងកម្លំាងអាមេ៉រិក និងកូរ៉េខាងត្បូង ។ គួរបញ្ជាក់ថា កូរ៉េខាងជើងតែងតែបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះការដែលសហរដ្ឋអាមេ៉រិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមគ្នា ព្រោះទីក្រុងព្យុងយ៉ាងយល់ថា វាជាសកម្មភាពត្រៀមឈ្លានពានមកលើប្រទេសខ្លួន ប៉ុន្តែមិនធ្លាប់ធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់បែបនេះ ចំពេលដែលសមយុទ្ធកំពុងតែប្រព្រឹត្តទៅនោះទេ ៕ធ.ដ
-
សហរដ្ឋអាមេ៉រិកព្រមានដាក់ទណ្ឌកម្មប្រទេសទំាងឡាយណា ដែលនៅតែបន្តគំាទ្រ និងធ្វើពាណិជ្ជកម្មជាមួយវេណេស៊ុយអេឡា

ប៉េរូ៖ ប្រទេស ឬក្រុមហ៊ុនអន្តរជាតិទំាងឡាណា ដែលបន្តគំាទ្រ និងធ្វើពាណិជ្ជកម្មជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡារបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ នឹងត្រូវប្រឈមមុខជាមួយទណ្ឌកម្មរបស់សហរដ្ឋអាមេ៉រិក នេះបើតាមទីប្រឹក្សាសន្តិសុខជាតិអាមេ៉រិកលោក ចន បូលតុន ។ ការព្រមានទុកមុនរបស់លោក ចន បូលតុន ត្រូវបានធ្វើឡើងនាឱកាសចូលរួមកិច្ចប្រជុំមួយស្ដីពីប្រទេសវេណេស៊ុយអេឡា ក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ នៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយបើទោះជាមិនបានបញ្ជាក់ចំឈ្មោះ តែគេដឹងថា លោកចង់បញ្ជូនសារទៅដល់រុស្ស៊ី និងចិន ដែលជាខ្នងបង្អែកដ៏ធំរបស់វេណេស៊ុយអេឡា ។ ស្របពេលជាមួយគ្នានោះដែរ ទីប្រឹក្សាសន្តិសុខជាតិអាមេ៉រិករូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា សហគមន៍អន្តរជាតិទាំងមូលគួរតែចូលរួម និងបង្កើនល្បឿនក្នុងការជំរុញឱ្យមានការផ្ទេរអំណាចនៅវេណេស៊ុយអេឡា ជាទីដែលប្រជាជនច្រើន៤លាននាក់បានរត់ភៀសខ្លួនចេញពីប្រទេស ដោយសារតែវិបត្តិសេដ្ឋកិច្ច ៕ធ.ដ
-
មេដឹកនាំហ្វីលីពីនថា ការប្តូរចិត្តចង់ទិញអាវុធពីចិនវិញ គឺមកពីសហរដ្ឋអាមេ៉រិក

ប្រធានាធិបតីប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ថ្មីៗនេះបាននិយាយថា សហរដ្ឋអាមេ៉រិក គឺជាអ្នកដែលធ្វើឲ្យរូប លោក បង្ខំចិត្តងាកទៅរករដ្ឋាភិបាលចិន។ លោក ឌូតឺតេ បាននិយាយដូច្នេះ ដោយលោកចង់សំដៅលើការដែលសហរដ្ឋអាមេ៉រិក មិនលក់កាំភ្លើងឲ្យប៉ូលិសហ្វីលីពីន កាលពីប៉ុន្មានឆ្នាំមុន ស្របពេលដែលសភាអាមេ៉រិកបានជំទាស់គម្រោងនេះ ព្រោះតែយល់ថាលោក ឌូតឺតេ រំលោភសិទ្ធិមនុស្ស។ បើតាមលោកប្រធានាធិបតីហ្វីលីពីន ប្រការនេះហើយទើបធ្វើឲ្យប្រទេសលោក បង្ខំចិត្តកសាងទំនាក់ទំនង កាន់តែជិតស្និទ្ធ ជាមួយ ចិនក៏ដូចជារុស្ស៊ីថែមទៀត ដើម្បីស្វែងរកអ្នកផ្គត់ផ្គង់អាវុធថ្មីឲ្យខ្លួន។ គួរជម្រាបថា កាលពីឆ្នាំ២០១៦ ប៉ូលិសហ្វីលីពីនបានគ្រោងទិញកាំភ្លើងបាញ់រះចំនួន២៦,០០០ដើម ពីអាមេ៉រិក។ កន្លងទៅនេះ ហ្វីលីពីនក៏បានបង្ហាញបំណងចង់ទិញកាំភ្លើងរះរាប់ម៉ឺនដើមជាថ្មីម្តងទៀតពីសហរដ្ឋអាមេ៉រិកផងដែរ ប៉ុន្តែហាក់មិនទាន់មានការ ឆ្លើយតបនៅឡើយទេ៕ធ.ដ
-
ពលរដ្ឋរាប់សិបលាននាក់ខឹងសម្បារនឹងការដាច់ភ្លើងរាប់ម៉ោងនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី

កាលពីចុងសប្តាហ៍កន្លងទៅ ប្រជាពលរដ្ឋជាង ៣០លាននាក់ ដែលកំពុងរស់នៅក្នុងរដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី បានបង្ហាញការខឹងសម្បារខ្លាំងក្រោយពេលដាច់ភ្លើងរាប់ម៉ោងកាលពីពេលថ្មីៗនេះ។ការដាច់ចរន្ដអគ្គិសនីនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច (ម៉ោងក្នុងតំបន់) កាលពីថ្ងៃអាទិត្យកន្លងទៅ ប៉ុន្តែរហូតមកដល់ម៉ោង ១១យប់ថ្ងៃដដែល ផ្ទះសម្បែង និងអគារភាគច្រើន ត្រូវបានតភ្ជាប់ឲ្យមានអគ្គិសនីប្រើប្រាស់វិញហើយ។ការដាច់ភ្លើងនេះ បណ្ដាលឲ្យអគាររាប់ពាន់ខ្នងនៅរដ្ឋធានីចាកាតា ជួបប្រទះការលំបាកខណៈពេលដែលប្រព័ន្ធធ្វើដំណើរថ្មី ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ អ្នកធ្វើដំណើរជាច្រើននាក់ ត្រូវបានជួយជម្លៀសចេញពីទូរថភ្លើងប៉ុន្តែមិនមានអ្នករងរបួសនោះទេ។ ចំណែកឯខាងមន្ទីរពេទ្យធំៗ និងព្រលានយន្ដហោះអន្ដរជាតិ Seokarno-Hataa មិនបានទទួលរងផលប៉ះពាល់ពីការដាច់ភ្លើងនោះទេដោយសារពួកគេមានម៉ាស៊ីនភ្លើងសម្រាប់ទុកបម្រុង។រដ្ឋធានីហ្សាកាតាបានធ្វើការស្នើសុំឲ្យពលរដ្ឋកាត់បន្ថយការធ្វើដំណើរ និងការប្រើប្រាស់ទឹកជាបណ្ដោះអាសន្នសិន មុនពេលដែលអគ្គិសនីត្រូវបានតភ្ជាប់ឡើងវិញ។
-
នៅក្នុងខែមិថុនាឆ្នាំនេះ តម្លៃលំនៅស្ថាននៅទីក្រុងហុងកុងធ្លាក់ជាលើកដំបូង ដោយសារបញ្ហាពាណិជ្ជកម្ម និងភាពចលាចលក្នុងសង្គម

ចិន៖ តម្លៃអចលនទ្រព្យនៅទីក្រុងហុងកុង ដែលពិបាករកកន្លែងស្នាក់នៅបំផុតនោះ កាលពីខែមិថុនា ឆ្នំានេះ បានធ្លាក់០,៨ភាគរយ បើធៀបទៅនឹងតម្លៃកាលពីមួយខែមុន នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាលក្រុងហុងកុង។ សេដ្ឋកិច្ចបើកចំហរបស់ទីក្រុងនេះ ក៏កំពុងរងសម្ពាធខ្លាំងពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក ការថយចុះនៃកំណើនសេដ្ឋកិច្ចចិន ជាពិសេសមហាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅដំណាក់កាលចុងក្រោយនេះ។ បើការប្រឆាំងតវ៉ានឹងបន្តរាប់ខែតទៅទៀត វានឹងរឹតតែរុញទម្លាក់ថ្លៃអចលនទ្រព្យ តែភ្នាក់ងារអចលនទ្រព្យអះអាងថា ការធ្លាក់ថ្លៃនេះគ្រាន់តែជានិន្នាការបណ្តោះអាសន្នប៉ុណ្ណោះ ដោយសារតម្រូវការខ្ពស់ ការខ្វះដីសម្រាប់សំណង់លំនៅឋាន និងអត្រាការប្រាក់ទាប។ សូមបញ្ជាក់ថា នៅមួយទសវត្សរ៍ (១០ឆ្នាំ) មកនេះ ដោយសារអត្រាការប្រាក់ទាប ការផ្គត់ផ្គង់លំនៅឋានមានកម្រិត និងលំហូរទុនធំរបស់អ្នកទិញមកពីចិនដីគោក បានរុញច្រានឱ្យតម្លៃលំនៅស្ថាននៅទីក្រុងហុងកុងឡើងលើ២០០ភាគរយ។ តួយ៉ាងកាលពីខែមិថុនាកន្លងទៅនេះ ផ្ទះល្វែងមួយទំហំ៦០ម៉ែត្រការ៉េនៅទីក្រុងហុងកុង មានតំលៃជាមធ្យម១១,១លានដុល្លារហុងកុង ឬស្មើនឹង១,៤២លានដុល្លារអាម៉េរិក៕ធ.ដ
-
របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា កូរ៉េខាងជើងលួចលុយ២ពាន់ លានដុល្លារពីធនាគារនៅលើពិភពលោក ដើម្បីយកទៅផលិតអាវុធនុយក្លេអ៊ែរ

កូរ៉េខាងជើង៖ របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា កូរ៉េខាងជើង បានលួចលុយ២ពាន់លានដុល្លារពីធនាគារជាច្រើននៅលើពិភពលោក តាមរយៈការវាយប្រហារព័ត៌មានវិទ្យា (Hack) ដើម្បីយកទៅផលិត និងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ការចេញផ្សាយរបាយការណ៍ខាងលើ កើតមានឡើងនៅចំពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េឡើងកម្ដៅឡើងវិញជាថ្មី ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចំនួន៤លើក ក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង ដើម្បីសម្ដែងការខឹងសម្បារចំពោះការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ដែលចាប់ផ្ដើមធ្វើឡើង កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិនៅក្នុងសប្ដាហ៍នេះ កូរ៉េខាងជើង បានវាយប្រហារព័ត៌មានវិទ្យាលើប្រព័ន្ធប្ដូរប្រាក់អេឡិចត្រូនិច និងបណ្ដាធនាគារជាច្រើននៅលើពិភពលោក ដើម្បីលួចយកលុយ។ យ៉ាងណាមិញ នៅមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីករណីនេះនៅឡើយទេ ខណៈក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ កំពុងស៊ើបអង្កេតលើការវាយប្រហារព័ត៌មានវិទ្យាចំនួន៣៥លើក៕ធ.ដ
-
មន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិកអះអាងថា លោក ដូណាល់ ត្រាំ នៅតែចង់ចរចាពាណិជ្ជកម្ម ជាមួយចិន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចង់បន្តកិច្ចចរចាពាណិជ្ជកម្មជាមួយចិន ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏នៅតែរក្សាគម្រោងទទួលស្វាគមន៍ប្រតិភូចិនសម្រាប់កិច្ចចរចានៅក្នុងខែកញ្ញានេះដែរ នេះបើតាមទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់លោក ត្រាំ គឺលោក ឡរី ឃើដឡូ។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNBC នៅថ្ងៃអង្គារនេះ លោក ឃើដឡូ បាននិយាយថា លោក ដូណាល់ ត្រាំ ចង់សម្រេចឱ្យបានកិច្ចព្រមព្រៀងមួយ ហើយវាគឺជាកិច្ចព្រមព្រៀងមួយដ៏ត្រឹមត្រូវ ដូច្នេះហើយលោកនៅតែចង់បន្តកិច្ចចរចាជាមួយចិនដដែល។ សូមជម្រាបថា ការអះអាងបែបនេះរបស់ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់លោក ត្រាំ គឺលោក ឡរី ឃើដឡូ ត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលក្រុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចាត់ទុកចិនជាប្រទេសបំភ្លៃរូបិយវត្ថុ តាមរយៈការទម្លាក់តម្លៃប្រាក់យ័ន។ ការទម្លាក់តម្លៃប្រាក់យ័ននេះ ត្រូវបានសហរដ្ឋអាម៉េរិកចោទថា ចិនមានបំណងកេងចំណេញពាណិជ្ជកម្មពីខ្លួន បើទោះជាទីក្រុងប៉េកាំងបដិសេធក៏ដោយ៕ធ.ដ
-
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ចិនត្រៀមដាក់ទណ្ឌកម្មលើសហរដ្ឋអាម៉េរិកបន្ថែមទៀត ជាពិសេសលើផលិតផលកសិកម្ម

ចិន៖ ចិនទំនងជានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើសហរដ្ឋអាម៉េរិកបន្ថែមទៀត លើផលិតផលកសិកម្ម ដើម្បីដាក់ជារបាំងទៅលើពាណិជ្ចកម្មនាថ្ងៃអនាគត នេះបើតាមក្រសួងពាណិជ្ជកម្មចិន។ ជាការឆ្លើយតបវិញនោះ ប្រធានសហព័ន្ធកសិកម្មអាម៉េរិក លោក ហ្ស៊ីបភី ឌូអល់ បានហៅការប្រកាសរបស់ប្រទេសចិនថា ជាសេចក្តីប្រកាសមួយបំផ្លាញកសិករជាច្រើនពាន់នាក់ ដែលកំពុងតែប្រឹងប្រែងដោះស្រាយបញ្ហា។ យ៉ាងណាមិញ ចិនសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងគោរពតាមពាក្យសន្យា ហើយបង្កើតលក្ខខណ្ឌពិសេសមួយ សម្រាប់សហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា ការនាំចូលផលិតផលកសិកម្មរបស់ចិន ពីសហរដ្ឋអាមេរិក មានការធ្លាក់យ៉ាងគំហុក ដោយកាលពីឆ្នាំ២០១៧ មានការនាំចូលប្រមាណជា១៩,៥ពាន់លានដុល្លារ ហើយបានធ្លាក់ចុះមកត្រឹមតែ៩,១ពាន់លានដុល្លារតែប៉ុណ្ណោះ។ ប្រការនេះបានបង្ខំឲ្យរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវចេញប្រាក់សំណងទៅកសិករក្នុងរយៈពេល២ឆ្នាំ ប្រមាណជា២៨ពាន់លានដុល្លារឯណោះ៕ធ.ដ
-
យន្ដហោះស៊ើបការណ៍រុស្ស៊ីហោះល្បាតពីលើតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ក្រោយសហរដ្ឋអាម៉េរិកមានដាក់ផែនការពង្រាយមីស៊ីលនៅតំបន់អាស៊ី

រុស្ស៊ី៖ យន្ដហោះស៊ើបការណ៍ និងប្រឆាំនាវាមុជទឹករបស់រុស្ស៊ីចំនួន២គ្រឿង បានដឹកនាំប្រតិបត្តិការហោះល្បាតក្នុងរយៈពេលជាង១៣ម៉ោង ពីលើតំបន់ដែនទឹកនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រតិបត្តិការហោះល្បាតរបស់យន្ដហោះយោធារុស្ស៊ី ធ្វើឡើងក្រោយសហរដ្ឋអាម៉េរិកបង្ហើបពីគម្រោងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម នៅក្នុងតំបន់អាស៊ី បន្ទាប់ពីរុស្ស៊ី និងសហរដ្ឋអាម៉េរិកដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF។ បើតាមសេចក្តីថ្លែងការណ៍របស់យោធារុស្ស៊ី នៅថ្ងៃអង្គារនេះ ក្រៅពីហោះល្បាតនោះ យន្តហោះស៊ើបការណ៍រុស្ស៊ីក៏បានដឹកនាំការហ្វឹកហាត់ពីរបៀបចាក់សាំង នៅលើអាកាសផងដែរ ដោយមានការចូលរួមពីយន្ដហោះ Il-78 និងយន្ដហោះចម្បាំង MiG-31BM៕ធ.ដ