-
លោក ដូណាល់ ត្រាំ ប្រកាសពីគម្រោងដំឡើងពន្ធលើផលិតផលចិនមានតម្លៃជាង៥៥០ពាន់លានដុល្លារ ក្រោយចិនប្រកាសតំឡើងពន្ធលើទំនិញសហរដ្ឋអាមេ៉រិក

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើនៅថ្ងៃសុក្រនេះថា ប្រទេសលោកនឹងដំឡើងពន្ធពី២៥ភាគរយដល់៣០ភាគរយលើទំនិញចិនមានតម្លៃ២៥០ពាន់លានដុល្លារ ហើយវានឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែតុលាខាងមុខ ។ ស្របពេលជាមួយគ្នានេះដែរ លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា សហរដ្ឋអាមេ៉រិកក៏មានគម្រោងដំឡើងពន្ធពី១០ ដល់១៥ភាគរយផងដែរ លើផលិតផលនាំចូលពីចិនមានតម្លៃ៣០០ពាន់លានដុល្លារ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងបន្ទាប់ពីចិនប្រកាសថា នឹងដំឡើងពន្ធបន្ថែមលើទំនិញរបស់អាមេ៉រិក មានតម្លៃប្រមាណ៧៥ពាន់លានដុល្លារ ដោយផលិតផលអាមេរិកថ្មីសរុប៥.០៧៨មុខនឹងត្រូវដំឡើងពន្ធបន្ថែម ។ ការដំឡើងពន្ធនេះដែរ នឹងត្រូវអនុវត្តជា០២កញ្ចប់ដាច់ដោយឡែកពីគ្នា ។ សម្រាប់មុខទំនិញអាមេ៉រិកដែលស្ថិតក្នុងកញ្ចប់ទីមួយ នឹងត្រូវដំឡើងពន្ធនៅថ្ងៃទី០១ ខែកញ្ញា ក្នុងអត្រា១០ភាគរយ ខណៈការដំឡើងពន្ធលើទំនិញអាមេ៉រិក ដែលស្ថិតក្នុងកញ្ចប់ទីពីរ នឹងអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ក្នុងអត្រា០៥ភាគរយ ។ ជាមួយគ្នានេះ ចិនក៏បានសម្រេចបន្តឡើងវិញនូវគម្រោងដំឡើងពន្ធ២៥ភាគរយលើរថយន្តអាមេ៉រិក និង០៥ភាគរយលើគ្រឿងបន្លាស់នៅថ្ងៃទី១៥ ខែធ្នូ បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកមួយរយៈ ៕ធ.ដ
-
រោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹកដំបូងគេរបស់រុស្ស៊ី ចាប់ផ្តើមធ្វើដំណើរទៅកាន់គោលដៅនៅឆ្នេរសមុទ្រអាក់ទិក

រុស្ស៊ី៖ រោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹកដំបូងគេរបស់រុស្ស៊ី នៅថ្ងៃសុក្រសប្តាហ៍នេះ បានធ្វើដំណើរទៅកាន់គោលដៅរបស់វាហើយ គឺនៅឆ្នេរសមុទ្រអាក់ទិក ដែលជាគម្រោងមួយត្រូវបានអ្នកបរិស្ថានរិះគន់ថា មិនមានសុវត្ថិភាព ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី រោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹកនេះ បានចាប់ផ្តើមចេញដំណើរពីកំពង់ផែតំបន់អាក់ទិកឈ្មោះ ម៉ួម៉ាន់ នៅឧបទ្វីបកូឡា ក្នុងដំណើររយៈពេល៣សប្តាហ៍ទៅកាន់ទីក្រុង ប៉េវិក នៅឧបទ្វីប ឈូកកូតតា ដែលមានចម្ងាយជាង៤.៩០៨គីឡូម៉ែត្រនៅទិសខាងកើត ។ រោងចក្រ Akademik Lomonosov គឺជាកប៉ាល់សណ្តោងខ្នាតធំប្រវែង១៤០ម៉ែត្រ ដែលផ្ទុកម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរកម្លាំង៣៥មេហ្គាវ៉ាត់ចំនួនពីរគ្រឿង ។ គោលបំណងរបស់វា គឺផ្តល់ថាមពលសម្រាប់តំបន់នេះ ដោយជំនួសរោងចក្រថាមពលនុយក្លេអ៊ែរប៊ីលីប៊ីណូនៅឧបទ្វីបឈូកកូតតា ដែលនឹងត្រូវវាយចោល ៕ធ.ដ
-
ប្រេស៊ីលសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាចេញប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ Amazon ដែលអាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

ប្រេស៊ីល៖ ទីបំផុតប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ បានសម្រេចចិត្តដាក់ចេញនូវបទបញ្ជាឱ្យកងកម្លាំងយោធាចេញប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងភ្លើងឆេះព្រៃ អាម៉ាហ្សូន ចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៤ខែកញ្ញាខាងមុខ ដើម្បីព្យាយាមពន្លត់ភ្លើងឆេះព្រៃឲ្យបានសម្រេចនៅក្នុងកំឡុងពេល១ខែនេះ ។ បើតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសប្រេស៊ីល កងទ័ពអាចចេញប្រតិបត្តិការបាន លុះត្រាតែស្ថានការណ៍មានសភាពវឹកវរខ្លាំង ឬ នឹងបង្កទៅជាបញ្ហាអសន្តិសុខជាតិធ្ងន់ធ្ងរ តាមរយៈក្រឹត្យដែលចេញដោយប្រធានាធិបតីផ្ទាល់ ។ យ៉ាងណាមិញ មិនមានការបញ្ជាក់លំអិតនៃចំនួនកងកម្លំាំងប្រេស៊ីល ដែលនឹងត្រូវបញ្ជូនទៅកាន់ទីតាំងនានា ដែលកំពុងកើតមានភ្លើងឆេះនៅទូទាំងតំបន់ព្រៃ អាម៉ាហ្សូន ដែលជាព្រៃទាក់ទាញទឹកភ្លៀងធំបំផុត និងផ្គត់ផ្គង់អុកស៊ីហ្សែន ២០% សម្រាប់ផែនដីនៅឡើយទេ ។ សូមជម្រាបផងដែរថា ភ្លើងឆេះព្រៃរហូតដល់ទៅជាង៧ម៉ឺន២ពាន់កន្លែងបានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩នេះ ហើយក្នុងចំណោមនោះ ច្រើនជាងពាក់កណ្ដាលគឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន ។ អាត្រានៃការឆាបឆេះព្រៃ នេះ បានកើនឡើងជាង៨៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ៕ធ.ដ
-
ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេ៉រិកបញ្ឈប់ការជ្រៀតជ្រែក និងបំភ្លៃការពិត ជុំវិញភាពតានតឹងនៅទីក្រុងហុងកុង

ចិន៖ ប្រទេសចិនបានបដិសេធនូវការអត្ថាធិប្បាយដែលមិនមានទំនួលខុសត្រូវ ដែលធ្វើឡើងដោយអ្នកនយោបាយអាមេ៉រិក ទាក់ទិននឹងបញ្ហាក្រុងហុងកុង ដោយនិយាយថា ការប៉ុនប៉ងរបស់ពួកគេ ដើម្បីជះឥទ្ធិពលដល់ទំនាក់ទំនងចិនជាមួយអ្នកដទៃ គឺជារឿងដែលមិនអាចទទួលយកបាននោះទេ នេះបើតាមអ្នកនំាពាក្យក្រសួងការបរទេសចិនលោក Geng Shuang នៅក្នុងថ្ងៃសុក្រុនេះ ។ ការកត់សម្គាល់បែបនេះរបស់លោក Geng Shuang បានកើតមានឡើងក្រោយប្រធានព្រឹទ្ធសភានៃគណបក្សសាធារណៈរដ្ឋលោក Mitch McConnell បានចុះផ្សាយនៅអត្ថបទមួយ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះថា អំពើហិង្សានៅក្នុងទីក្រុងហុងកុង គឺជាលទ្ធផលនៃការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលកណ្តាល ហើយថែមទំាងអំពាវនាវឱ្យប្រទេសដទៃទៀតកំណត់ខ្សែបន្ទាត់រវាងចិន ក៏ដូចជាប្រព័ន្ធអន្តរជាតិសេរី និងយុត្តិធម៌ ។ អ្នកនំាំពាក្យក្រសួងការបរទេសចិនរូបនេះបានគួសបញ្ជាក់ទៀតថា ការកត់សម្គាល់ខាងលើពីសំណាក់អ្នកនយោបាយអាមេ៉រិក គឺជាការលុបបំបាត់ឧក្រិដ្ឋកម្មហិង្សាដែលជាការតស៊ូដើម្បីសិទ្ធិមនុស្ស និងសេរីភាព ហើយបានបកស្រាយខុសនូវចេតនារបស់ការងាររបស់ប៉ូលិសហុងកុងថា ជាការបង្រ្កាបដោយហិង្សា នៅពេលដែលប៉ូលិសគ្រាន់តែអនុវត្តច្បាប់ប្រយុទ្ធប្រឆំាងនឹងឧក្រិដ្ឋកម្ម ក៏ដូចជាលើកកម្ពស់សណ្តាប់ធ្នាប់សង្គម ។ ជាមួយគ្នានេះ លោក Geng ក៏បានធ្វើការសង្កត់ធ្ងន់ដោយជម្រុញឱ្យសហរដ្ឋអាមេ៉រិកបញ្ឈប់ការជ្រៀតជ្រែក និងបំភ្លៃការពិតផងដែរ ៕ធ.ដ
-
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាថ្មីទៀតចូលក្នុងសមុទ្រជប៉ុន ស្របពេលកិច្ចចរចានុយក្លេអ៊ែរជាប់គាំង

កូរ៉េខាងជើង៖ យោងតាមប្រភពពីយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ របបដឹកនំាំទីក្រុងព្យុងយ៉ាងបានបន្តធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន២គ្រាប់ជាថ្មីទៀត ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន ។ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ គឺជាការធ្វើតេស្ដ មីស៊ីលលើកទី៧ហើយ ចាប់តាំងពីប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ និងមេដឹកនំាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជួបគ្នានៅឯតំបន់ព្រំដែនអន្តរកូរ៉េ កាលពីខែមិថុនាកន្លងទៅ និងក្រោយពេលកិច្ចចរចានុយក្លេអ៊ែររវាងប្រទេសទំាងពីរបានជាប់គំាង ។ ប្រភពខាងលើបានឱ្យដឹងទៀតថា មីស៊ីលរបស់កូរ៉េខាងជើងដែលបានបាញ់សាកល្បងនៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) គឺជាប្រភេទមីស៊ីលតែមួយដែលរដ្ឋកុម្មុយនីស្តមួយនេះបានបាញ់តេស្តកាលពីប៉ុន្មានសប្ដាហ៍មុន ហើយមីស៊ីលទាំងពីរគ្រាប់នេះត្រូវបានបាញ់ចេញពីតំបន់ Sondok ខេត្ត Hamgyong ខាងត្បូង មុននឹងវាធ្លាក់ចូលសមុទ្រជប៉ុន ៕ធ.ដ
-
មេដឹកនាំពិភពលោកបង្ហាញក្តីបារម្ភខ្លាំង ពាក់ព័ន្ធនឹងហេតុការណ៍ភ្លើងឆេះព្រៃ Amazon ដែលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ

ប្រេស៊ីល៖ សហគមន៍អន្តរជាតិ ក្នុងនោះរួមមាន អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីកាណាដា សុទ្ធតែបានបង្ហាញការព្រួយបារម្ភ ទាក់ទិននឹងគ្រោះមហន្តរាយភ្លើងឆេះព្រៃ អាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល ដែលកាន់តែអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត។ ទន្ទឹមគ្នានេះ ពួកលោកក៏បានធ្វើការរិះគន់ផងដែរ ទៅលើប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ខណៈលោក Jair ផ្ទាល់បានប្រាប់កុំឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រេស៊ីល ព្រមទាំងបានទទួលស្គាល់ថា បញ្ហាភ្លើងឆេះព្រៃក្នុងតំបន់ អាម៉ាហ្សូន ទំនងជាបង្កឡើងពីកសិករមួយចំនួនដុតព្រៃធ្វើស្រែចម្ការ។ ឆ្លើយតបនឹងបញ្ហាភ្លើងឆេះព្រៃនេះដែរ ប្រធានាធិបតីឈីលីលោក សេបាស្ទាន ភីណែរ៉ា បានប្រកាសផ្ដល់ជំនួយដល់ប្រេស៊ីល និង បូលីវី ដែលកំពុងប្រយុទ្ធតស៊ូជាមួយអណ្តាតភ្លើងដ៏ធំសម្បើម នៅក្នុងតំបន់ អាម៉ាហ្សូន ដែលជាព្រៃទាក់ទាញទឹកភ្លៀងធំបំផុតរបស់ភពផែនដី។ បើតាមវិទ្យាស្ថានជាតិសម្រាប់ការសិក្សាស្រាវជ្រាវទីអវកាស (INPE) មានភ្លើងឆេះព្រៃរហូតដល់ទៅ៧២,៨៤៣កន្លែង បានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩នេះ ហើយក្នុងចំណោមនោះ ច្រើនជាងពាក់កណ្ដាល គឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។ អាត្រានេះបានកើនឡើងជាង៨៣ភាគរយឯណោះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨៕ធ.ដ
-
សារព័ត៌មានរុស្ស៊ីផ្សាយថា កូរ៉េខាងជើងទំនងជាធ្វើឲ្យលេចធ្លាយកាកសំណល់វិទ្យុសកម្ម ចូលទៅក្នុងទឹកទន្លេ

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ស្ព្រូតនីគ បានរាយការណ៍ថា រោងចក្រសម្រាប់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមមួយកន្លែងរបស់កូរ៉េខាងជើង ត្រូវគេសង្ស័យថា បានលេចធ្លាយនូវកាកសំណល់វិទ្យុសកម្មចូលទៅក្នុងទឹកទន្លេ។ បំពង់ដែលមានតួនាទីបង្ហូរកាកសំណល់វិទ្យុសកម្ម ចេញពីរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម ព្យុងសាន នៅខេត្ត វ៉ាងហែខាងជើង ទៅកាន់អាងស្តុកទុកកាកសំណល់ ប្រហែលជាបានលេចធ្លាយកាកសំណល់ពុលចូលក្នុងផ្ទៃទឹកនៅក្បែរនោះ ដែលវាត្រូវហូរចូលទៅកាន់ទន្លេហាន និងសមុទ្រលឿង នេះបើតាមសម្រង់រូបភាពពីផ្កាយរណប។ សូមរំលឹកផងដែរថា រោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម ព្យុងសាន មិនត្រូវបានប្រើប្រាស់អស់ជាច្រើនឆ្នាំ រហូតដល់អំឡុងទសវត្សរ៍ឆ្នាំ២០០០ ទើបប្រតិបត្តិការត្រូវបានចាប់ផ្តើមឡើងវិញ ហើយវាក៏បានទទួលបានការកែលម្អផងដែរ ដែលបានបញ្ចប់រួចរាល់កាលពីឆ្នាំ២០១៥ ខណៈកូរ៉េខាងជើងបានបង្កើនការផលិតឥន្ធនៈនុយក្លេអ៊ែរសម្រាប់គោលដៅផលិតអគ្គិសនី៕ធ.ដ
-
ការនាំចេញរបស់ជប៉ុនធ្លាក់ចុះ៨ខែជាប់គ្នាគិតមកត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ ស្របពេលមានការបារម្ភអំពីវិបត្តិសេដ្ឋកិច្ចកំពុងកើនឡើង

ជប៉ុន៖ ការនាំចេញរបស់ជប៉ុន បានធ្លាក់ចុះ៨ខែៗជាប់គ្នាគិតមកត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ ខណៈទំនុកចិត្តរបស់ក្រុមហ៊ុនផលិតកម្មបានប្រែជាអវិជ្ជមានជាលើកដំបូងក្នុងរយៈពេលជាង៦ឆ្នាំមកនេះ ក្នុងគ្រាដែលការលក់ទៅប្រទេសចិនបានធ្លាក់ចុះម្តងទៀតក្នុងសញ្ញាថ្មីមួយថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិកអាចនាំទៅដល់វិបត្តិសេដ្ឋកិច្ច។ ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញថា ការនាំចេញក្នុងខែកក្កដាឆ្នាំនេះបានធ្លាក់ចុះ១,៦ ភាគរយ បើធៀបនឹងមួយឆ្នាំមុន ជាពិសេសការធ្លាក់ចុះការនាំចេញគ្រឿងបន្លាស់រថយន្ត និងគ្រឿងម៉ាស៊ីនផលិតកម្មទៅប្រទេសចិន។ ចំនួននោះ បើធៀបនឹងការធ្លាក់ចុះ២,២ ភាគរយដែលរំពឹងទុកដោយពួកសេដ្ឋវិទូ។ ការធ្លាក់ចុះនេះដែរ បានកត់សម្គាល់នូវការធ្លាក់ចុះនៃការនាំចេញយូរបំផុតចាប់តាំងពីការធ្លាក់ចុះការនាំចេញរយៈពេល១៤ខែ គិតពីខែតុលា ឆ្នាំ២០១៥ ដល់ខែវិច្ឆិកា ឆ្នាំ២០១៦។ ប៉ុន្តែមានក្តីសង្ឃឹមខ្លះសម្រាប់អ្នកនាំចេញ ដោយសារតែបរិមាណនៃការនាំចេញបានកើនឡើង១,៥ ភាគរយក្នុងខែកក្កដាកន្លងមកនេះ បើធៀបនឹងមួយឆ្នាំមុន ដែលជាសញ្ញាវិជ្ជមានលើកដំបូងក្នុងរយៈពេល៩ខែមកនេះ៕ធ.ដ
-
NASA សម្រេចអនុញ្ញាតឱ្យបញ្ជូនយានទៅកាន់ព្រះចន្ទ Europa នៅឆ្នាំ២០២៣ខាងមុខ

សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិកណាសា បានអនុញ្ញាតឲ្យគម្រោងបេសកកម្ម យូរ៉ូប៉ា ឃ្លីបភើ ដែលមានគោលដៅសិក្សាអំពីព្រះចន្ទទឹកកក យូរ៉ូប៉ា របស់ភពព្រហស្បតិ៍ត (Jupiter) បន្តជំហានបន្ទាប់ទៀត។ ប្រព័ន្ធបេសកកម្មខាងលើ នឹងធ្វើការសិក្សាស្រាវជ្រាវយ៉ាងលម្អិតអំពីព្រះចន្ទ យូរ៉ូប៉ា របស់ភពព្រហស្បតិ៍ត ហើយនឹងស៊ើបមើលឲ្យដឹងថា តើព្រះចន្ទទឹកកកនេះអាចលាក់ទុកជីវិតក្នុងទម្រង់ណាមួយដែរ ឬអត់។ បើតាមការគ្រោងទុកនោះ អង្គការណាសាបានដាក់គោលដៅថា នឹងបញ្ចប់គម្រោងអភិវឌ្ឍន៍យាន យូរ៉ូប៉ា ឃ្លីបភើ ដោយអាចឲ្យវាចេញដំណើរពីផែនដីបាននៅឆ្នាំ២០២៣ខាងមុខនេះ។ សូមបញ្ជាក់ថា យូរ៉ូប៉ា ជាព្រះចន្ទទឹកកកមួយក្នុងចំណោមព្រះចន្ទធំៗបំផុតទាំង៤ នៃភពព្រហស្បតិ៍ត ហើយបើតាមក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា នៅក្រោមផ្ទាំងទឹកកកកម្រាស់១០គីឡូម៉ែត្ររបស់វា គឺមានលាក់សមុទ្រទឹករាវ ដែលមានលទ្ធផលទ្រទ្រង់ជីវិតនៅក្នុងទម្រង់ណាមួយ៕ធ.ដ
-
ប្រមុខការទូតកូរ៉េខាងជើងព្រមានថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យស្ថានភាពបច្ចុប្បន្នកាន់តែដុនដាបខ្លាំង

កូរ៉េខាងជើង៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេ៉រិកប្រឆំាងនឹងកូរ៉េខាងជើង នឹងមិនអាចធ្វើឱ្យទីក្រុងព្យុងយ៉ាងចុះចាញ់នោះទេ ហើយវាមានតែធ្វើឱ្យស្ថានភាពបច្ចុប្បន្នកាន់តែដុនដាបប៉ុណ្ណោះ នេះបើតាមការព្រមានរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក រី យ៉ុងហូ នៅក្នុងថ្ងៃសុក្រនេះ ។ ប្រមុខការទូតកូរ៉េខាងជើងរូបនេះបានសង្កត់ធ្ងន់ទៀតថា ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចរចា និងប្រឈមមុខគ្រប់ជម្លោះ ឬក៏សង្រ្គាមទាំងអស់ជាមួយសហរដ្ឋអាមេ៉រិក នេះបើតាមសារព័ត៌មានចិន CGTN ។ប្រតិកម្មរបស់លោក រី យ៉ុងហូ ធ្វើឡើងក្រោយរដ្ឋមន្រ្តីការបរទេសអាមេ៉រិកលោក មៃ ប៉ុមប៉េអូ បានថ្លែងថា បើសិនជាកូរ៉េខាងជើងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរទេនោះ សហរដ្ឋអាមេ៉រិកនឹងបន្តដាក់ទណ្ឌកម្មកាន់តែខ្លាំងប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន ៕ធ.ដ