-
ប្រេស៊ីល បដិសេធទទួលយកជំនួយ២២លានដុល្លារ ពីមេដឹកនំាក្រុមប្រទេស G7 សម្រាប់ការពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន

ប្រេស៊ីល៖ មេដឹកនាំក្រុមប្រទេស G7 បានព្រមព្រៀងគ្នាថា នឹងផ្តល់ជំនួយជាថវិកាចំនួន២០លានអឺរ៉ូ ឬជាង២២លានដុល្លារអាមេ៉រិក ដើម្បីជួយប្រទេសនៅតំបន់ព្រៃ អាម៉ាហ្សូន ទប់ទល់នឹងបញ្ហាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ ជាការឆ្លើយតប រដ្ឋាភិបាលប្រេស៊ីលបានចេញមុខបដិសេធទទួលយកថវិកាជំនួយពីប្រទេសកំពូលសេដ្ឋកិច្ច G7 ហើយបើតាមទីប្រឹក្សារបស់ប្រធានាធិបតីប្រេស៊ីល បាននិយាយថា យើងអរគុណហើយ ប៉ុន្តែប្រហែលជាធនធានជំនួយនេះ គួរតែយកទៅប្រើប្រាស់ ក្នុងការដាំដុះព្រៃឈើឡើងវិញនៅអឺរ៉ុបគឺល្អជាង។ សូមបញ្ជាក់ផងដែរថា ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន មានសារសំខាន់ជាខ្លាំងសម្រាប់ភពផែនដីយើង ដោយវាមានតួនាទីស្រូបយកឧស្ម័នកាបូនជាច្រើនហើយផលិតឧស្ម័នអុកស៊ីសែនប្រមាណ២០ភាគរយ ដែលមានក្នុងបរិយាកាសផែនដី ហើយវាក៏ជាអាវុធដ៏ចាំបាច់មួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពិភពលោកផងដែរ។ ដូច្នេះហើយ ការប្រឈមនឹងបញ្ហាភ្លើងឆេះ ក្នុងកម្រិតមិនធ្លាប់មាននាពេលនេះ កំពុងបង្កក្តីព្រួយបារម្ភជាខ្លាំង ដល់សហគមន៍អន្តរជាតិទាំងមូល៕ធ.ដ
-
ប្រធានាធិបតីអាម៉េរិក បង្ហើបពីគម្រោងជួបមេដឹកនាំអ៊ីរ៉ង់

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅពេលវេលាស័ក្តិសមណាមួយ ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន រវាងប្រទេសទាំង២។ លោក ដូណាល់ ត្រាំ បង្ហើបពីបំណងចង់ជួបលោក រូហានី អំឡុងពេលធ្វើសន្និសីទសារព័ត៌មាន រួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នាឱកាសនៃកិច្ចប្រជុំកំពូល G7 នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងទីក្រុង BIARRITZ ប្រទេសបារាំង។ ប្រធានាធិបតីអាម៉េរិករូបនេះ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «បើសិនជាពេលវេលាស័ក្តិសម ខ្ញុំអាចនឹងជួបជាមួយគាត់ (លោក រូហានី)»។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក ហាសាន់ រូហានី នឹងត្រូវចូលរួមកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក នៅចុងខែកញ្ញាខាងមុខនេះ ជាទីដែលមេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថាអាចនឹងជួបពិភាក្សាការងារជាមួយគ្នា៕ម.ន
-
ប្រទេសឥណ្ឌូនេស៊ី ចំណាយ៣២ពាន់លានដុល្លារអាម៉េរិក បង្កើតរដ្ឋធានីថ្មី

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីម្សិលមិញថា លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានប្រកាសជាផ្លូវការថា រដ្ឋធានីថ្មីរបស់សាធារណរដ្ឋឥណ្ឌូណេស៊ីគឺនៅខាងកើតកោះប័រណេអូ ដែលជាតំបន់មិនសូវមានការអភិវឌ្ឍប៉ុន្មានទេ។ យ៉ាងណាមិញ មិនទាន់មានឈ្មោះផ្លូវការសម្រាប់រដ្ឋធានីនេះឡើយ។ គម្រោងក្នុងការរៀបចំរដ្ឋធានីថ្មីនេះ នឹងចំណាយទឹកប្រាក់ចំនួន៣២ប៊ីលានដុល្លារ ប៉ុន្តែការកកស្ទះចរាចរណ៍ធ្វើឲ្យឥណ្ឌូណេស៊ីខាតបង់ប្រាក់អស់ជាង ៧ប៊ីលានដុល្លារទៅហើយក្នុងមួយឆ្នាំៗ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងផែនការឥណ្ឌូណេស៊ី។ គួរបញ្ជាក់ផងដែរថា ទ្រព្យសម្បត្តិរបស់ឥណ្ឌូណេស៊ីភាគច្រើនផ្ដុំនៅកោះជ្វា និងជាពិសេសទីក្រុងហ្សាការតា៕ធ.ដ
-
មេដឹកនាំប្រទេស G7 សន្យាបរិច្ឆាគប្រាក់២២លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង នឹងភ្លើងឆេះព្រៃអាម៉ាហ្សូន

បារាំង៖ ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ច G7 បានសន្យាបរិច្ឆាគប្រាក់២២លានដុល្លារ ដើម្បីជួយក្នុងប្រតិបត្តការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ដែលបាននឹងកំពុងកើតមានធ្ងន់ជាងគេនៅប្រេស៊ីល និងបូលីវី អស់រយៈពេលជាង៣សប្តាហ៍មកនេះ។ ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំប្រទេស G7 ក្នុងនោះរួមមានប្រធានាធិបតីអាម៉េរិក អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីបារាំងផងនោះ បានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិ ដើម្បីការពារព្រៃគម្របទឹកភ្លៀង និងជាសួតដកដង្ហើមរបស់ភពផែនដីនេះឲ្យមានសុវត្ថិភាព។ ដោយឡែក អង់គ្លេសក៏បានសន្យាផ្តល់ទឹកប្រាក់ជាង១២លានដុល្លារផងដែរ សម្រាប់បេសកកម្មពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន។ សូមបញ្ជាក់ថា ព្រៃអាម៉ាហ្សូន បានគ្របដណ្ដប់លើប្រទេសជាច្រើនដូចជា ប្រេស៊ីល បូលីវី កូឡុំប៊ី អេក្វាដ័រ ដែនដីបារាំងហ្គីយ៉ាណា ហ្គូយ៉ាណា ប៉េរូ ស៊ូរីណេម និងវេណេស៊ុយអេឡា។ ប៉ុន្តែព្រៃដែលគេចាត់ទុកថា ជាសួតរបស់ភពផែនដីមួយនេះ គ្របដណ្ដប់លើប្រទេសប្រេស៊ីលជាង៦០ភាគរយ ហើយកន្លែងដែលឆេះច្រើនជាងគេក៏ស្ថិតនៅប្រេស៊ីលផងដែរ៕ធ.ដ
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងបារាំង អះអាងអំពីការរួបរួមគ្នានៅឯសន្និសីទកំពូល G7 បើទោះជាមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន

បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និងសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងអះអាងថា មានការព្រមព្រៀងគ្នាជារួមលើបញ្ហាសំខាន់ៗជាច្រើននៅក្នុងសន្និសីទកំពូល G7 បើទោះបីជាមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន នៅអំឡុងកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងភ្លើងឆេះព្រៃ Amazon។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនាថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោក ម៉ាក្រុង បានថ្លែងថា លោកមានសង្ឃឹមទៅលើកិច្ចប្រជុំនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ រវាងលោក ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៊ូហានី។ ជាការឆ្លើយតប លោក ត្រាំ បានបញ្ជាក់ថា អ៊ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីបជាដាច់ខាត ហើយថា ប្រសិនបើកាលៈទេសៈកើតឡើងដូចតាមការរំពឹងទុកនោះ លោកនឹងយល់ព្រមចូលរួមកិច្ចប្រជុំ។ ដោយឡែកពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក-ចិន លោក ដូណាល់ ត្រាំ បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោនបានទទួលសញ្ញាវិជ្ជមានពីទីក្រុងប៉េកាំងលើបញ្ហានេះ ដោយលោកបាននិយាយថា លោកគិតថា ចិនពិតជាចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយនឹងសហរដ្ឋអាម៉េរិក។ លោក ម៉ាក្រុង ក៏បានថ្លែងដែរថា កិច្ចព្រមព្រៀងនឹងជួយលុបបំបាត់ភាពមិនប្រាកដប្រជានៅក្នុងទីផ្សារសកលលោកពាក់ព័ន្ធនឹងបញ្ហានេះ៕ធ.ដ
-
ឧបនាយករដ្ឋមន្រ្តីចិនថ្លែងថា ប្រទេសចិនស្វាគមន៍វិនិយោគិនមកពីបណ្តាប្រទេសនានា លើពិភពលោក សម្រាប់ការមកវិនិយោគ និងធ្វើអាជីវកម្ម

ចិន៖ អំឡុងពេលចូលរួមពិព័រណ៍ឧស្សាហកម្មឆ្លាតវៃចិនអន្តរជាតិលើកទី២ នៅទីក្រុងឆុងឈីង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ឧបនាយករដ្ឋមន្រ្តីចិនលោក លីវ ហ៊ីបានថែ្លងថា ប្រទេសលោកស្វាគមន៍ចំពោះវិនិយោគិនមកពីបណ្តាប្រទេសនានាលើពិភពលោក រួមទាំងសហរដ្ឋអាម៉េរិក សម្រាប់ការមកវិនិយោគ និងធ្វើអាជីវកម្មនៅចិន។ លោក លីវ ហ៊ី បានគូសបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ ភាគីចិននឹងប្រកាន់ខ្ជាប់ ការជំរុញការអភិវឌ្ឍឧស្សាហកម្មឆ្លាតវៃក្រោមលក្ខខណ្ឌបើកទូលាយ ការប្រកាន់ខ្ជាប់នូវការប្រឆាំងនឹងការរារាំងផ្នែកបច្ចេកវិទ្យា និងការការពារនិយម ជាពិសេសខិតខំប្រឹងប្រែងការពារភាពសុចរិត នៃខ្សែសង្វាក់ឧស្សាហកម្មទាំងឡាយ។ ឧបនាយករដ្ឋមន្រ្តីចិនរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ចពិគ្រោះពិភាក្សា និងកិច្ចសហប្រតិបត្តិការដោយកាន់ឥរិយាបថស្ងប់ស្ងាត់ និងប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្កើនសង្គ្រាមពាណិជ្ជកម្ម ហើយចិនជឿជាក់ថា ការបង្កើនសង្គ្រាមពាណិជ្ជកម្ម គឺមិនអំណោយផលដល់ចិន និងអាម៉េរិកនោះទេ ហើយក៏មិនអំណោយផលដល់ប្រជាជនទូទាំងពិភពលោកផងដែរ៕ធ.ដ
-
ក្រសួងការពារជាតិតួកគីអះអាងថា ប្រទេសខ្លួនទទួលបានប្រព័ន្ធមីស៊ីលការពារអាកាស S-400 បន្ថែមទៀតពីរុស្ស៊ី

តួកគី៖ រដ្ឋមន្រ្តីការពារជាតិតួកគី លោក Hulusi Akar បានថ្លែងឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា ទីក្រុងអង់ការ៉ា នឹងចាប់ផ្តើមទទួលយកប្រព័ន្ធមីស៊ីលការពារអាកាស S-400 បន្ថែមទៀតពីរុស្ស៊ី នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ។ សម្រាប់ការដឹកជញ្ជូនប្រព័ន្ធ S-400 បន្ថែមមកកាន់ប្រទេសតួកគីនេះ បើតាមសេចក្តីរាយការណ៍ព័ត៌មានកន្លងមក អាចនឹងបន្តប្រព្រឹត្តទៅដល់ខែកញ្ញាខាងមុខ ខណៈការប្រគល់លើកមួយ រុស្ស៊ី បានប្រើប្រាស់យន្តហោះធំៗជាច្រើនគ្រឿង ដើម្បីធ្វើការដឹកបញ្ជូនជាបន្តបន្ទាប់មកកាន់តួកគី។ ទាក់ទិននឹងរឿងនេះដែរ សហរដ្ឋអាម៉េរិក បានសម្រេចដកតួកគីចេញពីកម្មវិធី នៃភាពជាដៃគូអភិវឌ្ឍន៍យន្តហោះចម្បាំង-បំបាំងកាយ F-35 និងប្រកាសលែងលក់យន្តហោះនេះឲ្យតួកគីថែមទៀត។ ដោយសារតែការបំពាក់ប្រព័ន្ធ S-400 នៅលើទឹកដីតួកគី អាចនឹងបើកឱកាសឲ្យរុស្ស៊ីលួចស៊ើបដឹងពីការណ៍សម្ងាត់នៃបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 របស់ខ្លួន៕ធ.ដ
-
កំពូលកីឡាករល្បីៗរបស់ពិភពលោកបង្ហាញពីក្តីបារម្ភរៀងៗខ្លួន ពាក់ព័ន្ធនឹងករណី ភ្លើងឆេះព្រៃអាម៉ាហ្សូន ដ៏អាក្រក់បំផុតនៅប្រទេសប្រេស៊ីល

បរទេស៖ កំពូលកីឡាករល្បីៗលំដាប់ពិភពលោកជាច្រើនរូប ក្នុងនោះរួមមានខ្សែប្រយុទ្ធដ៏មុតជ្រួចរបស់ក្លិបបាល់ទាត់អ៊ីតាលី Cristiano Ronaldo ម្ចាស់ជើងឯកពិភពលោកប្រណាំងរថយន្ត Formula One Lewis Hamilton និងតារាឆ្នើមកីឡាវាយកូនបាល់លេខ១ Novak Djokovic ព្រមទាំងកីឡាករកំពូលៗដទៃទៀតបានបញ្ចេញអារម្មណ៍រៀងៗខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីសម្តែងក្តីព្រួយបារម្ភខ្លំាង ពាក់ព័ន្ធនឹងហេតុការណ៍ភ្លើងឆេះព្រៃអាម៉ាហ្សូនដ៏អាក្រក់បំផុត។ កីឡាករបាល់ទាត់ Cristiano Ronaldo បានបង្ហោះសារនៅលើបណ្តាញធ្វីតធើថា ព្រៃត្រូពិកអាម៉ាហ្សូន បានផលិតច្រើនជាង២០ភាគរយ នៃអុកស៊ីសែនសម្រាប់ភពផែនដីយើង ហើយបច្ចុប្បន្ននេះ វាកំពុងត្រូវបានដុតបំផ្លាញអស់រយៈពេល៣សប្តាហ៍មកហើយ ដូច្នេះការឆ្លើយតបនឹងរបស់យើងគួរតែជួយសង្គ្រោះភពផែនដីរបស់យើងទាំងអស់។ វីដេអូមួយខ្សែដែលបង្ហោះក្នុងគណនីធ្វីតធើរបស់ក្រសួងការពារជាតិប្រេស៊ីល បានបង្ហាញពីយន្ដហោះយោធាធនយក្សពីរគ្រឿង បានទម្លាក់ទឹករាប់ពាន់លីត្រលើតំបន់ដែលមានភ្លើងឆេះព្រៃ ខណៈហោះកាត់ផ្សែងយ៉ាងខ្មួលខ្មាញ់។ ក្រសួងការពារជាតិប្រេស៊ីលឲ្យដឹងទៀតថា មានកងទ័ពជាង៤ម៉ឺន៤ពាន់នាក់ដែលអាចបម្រើការបាននៅភាគខាងជើងប្រទេស ដើម្បីដោះស្រាយនឹងបញ្ហាភ្លើងឆេះព្រៃ៕ធ.ដ
-
មូលនិធិបរិស្ថានគាំទ្រដោយអតីតតារាសម្តែងរឿងកប៉ាល់ Titanic សន្យាផ្តល់ជំនួយ ៥លានដុល្លារជួយដល់ការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃអាម៉ាហ្សូន

ប្រេស៊ីល៖ មូលនិធិបរិស្ថានថ្មីមួយដែលគាំទ្រដោយលោក លីអូណាដូ ឌីខាព្រីអូ ដែលជាអតីតតារាសម្តែងរឿងកប៉ាល់ ទីតានិច បានសន្យាផ្តល់កញ្ចប់ថវិកាជំនួយ៥លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់តំបន់ព្រៃអាម៉ាហ្សូន ដែលត្រូវទទួលរងការបំផ្លាញយ៉ាងធ្ងន់ដោយសារភ្លើងឆេះព្រៃ។ នេះបើតាមសារព័ត៌មានចិន CGTN នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ មូលនិធិបរិស្ថានដែលមានឈ្មោះថា អឺន អាល់លៀន (Earth Alliance) ត្រូវបានបង្កើតឡើងកាលពីខែមុនដោយលោក ឌីខាព្រីអូ និងលោកស្រី ភីលែនរ៉ូភីស ឡូរ៉េន ផៅវែល ចបស៍ និងលោក ប្រាយអិន ហ្សេត។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ មូលនិធិបរិស្ថានបានចាប់ផ្តើមមូលនិធិព្រៃអាម៉ាហ្សូន នៅក្នុងសេចក្តីប្រកាសមួយនៅគេហទំព័ររបស់ខ្លួន។ មូលនិធិនេះទៀតសោត ក៏កំពុងស្វែងរកការបរិច្ចាគនានា ដើម្បីជួយជួសជុលព្រៃត្រូពិកប្រេស៊ីល ដែលគេហៅថា “ សួតនៃភពផែនដី ” ផងដែរ។ បើតាមទីភ្នាក់ងារត្រួតពិនិត្យផ្កាយរណបរបស់ប្រេស៊ីល គិតមកទល់ឆ្នាំនេះមានភ្លើងឆេះព្រៃជាង៤ម៉ឺន១ពាន់កន្លែងនៅតំបន់ព្រៃ អាម៉ាហ្សូន ដែលចំនួនជាងពាក់កណ្តាលនៃភ្លើងឆេះព្រៃនោះ បានកើតឡើងនៅក្នុងខែនេះ។ ក្រុមអ្នកជំនាញបាននិយាយថា ភ្លើងឆេះព្រៃនោះ ភាគច្រើនបណ្តាលមកពីកសិករ ឬម្ចាស់កសិដ្ឋានចិញ្ចឹមសត្វបានដុតរានដីព្រៃ។ សូមជម្រាបថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ប្រទេសចំនួន៧ក៏បានប្រកាសដែរថា ពួកគេកំពុងត្រៀមជួយប្រេស៊ីលទប់ស្កាត់ភ្លើងឆេះព្រៃដែលកំពុងកើតឡើងនៅទូទាំងតំបន់ព្រៃ អាម៉ាហ្សូន៕ធ.ដ …
-
រដ្ឋចំនួន០៦ របស់ប្រទេសប្រេស៊ីល អំពាវនាវឲ្យបន្ថែមកងកម្លាំងយោធា ដើម្បីប្រយុទ្ធប្រឆាំង នឹងភ្លើងឆេះព្រៃ

ប្រេស៊ីល៖ បណ្តារដ្ឋចំនួន០៦របស់ប្រទេសប្រេស៊ីល បានស្នើយ៉ាងទទូចឲ្យបន្ថែមកងកម្លំាងយោធា ដើម្បីចេញអន្តរាគមន៍ជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏កំណាច ដែលបាននឹងកំពុងឆាបឆេះបំផ្លិចបំផ្លាញតំបន់ព្រៃ អាម៉ាហ្សូន។ នេះបើតាមសារព័ត៌មាន Euronews នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់)។ ឆ្លើយតបនឹងសំណើខាងលើនេះ ប្រធានាធិបតីប្រេស៊ីលលោក ច៊ែ បូលសូណារ៉ូ បានអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងយោធាបន្ថែម ដើម្បីចេញយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះផងដែរ។ បើតាមប្រភពពីការិយាល័យប្រធានាធិបតីប្រេស៊ីល រដ្ឋាភិបាលបានប្រើប្រាស់យន្តហោះយោធាជាច្រើនគ្រឿងដឹកទឹកទៅពន្លត់ភ្លើងដែលកំពុងឆេះព្រៃ អាម៉ាហ្សូន ក្នុងរដ្ឋ រ៉ុនដូនៀ។ ជាមួយគ្នានេះ លោកប្រធានាធិបតីប្រេស៊ីលក៏បានបញ្ជាឲ្យមានប្រតិបត្តិការយោធាក្នុងរដ្ឋចំនួន៧ដើម្បី ប្រយុទ្ធប្រឆាំងនឹងភ្លើង ដែលកំពុងឆេះព្រៃត្រូពិកធំជាងគេបំផុតក្នុងពិភពលោកនេះផងដែរ។ វីដេអូមួយខ្សែដែលបង្ហោះក្នុងគណនីធ្វីតធើរបស់ក្រសួងការពារជាតិប្រេស៊ីល បានបង្ហាញពីយន្ដហោះយោធាធនយក្សពីរគ្រឿង បានទម្លាក់ទឹករាប់ពាន់លីត្រលើតំបន់ដែលមានភ្លើងឆេះព្រៃ ខណៈហោះកាត់ផ្សែងយ៉ាងខ្មួលខ្មាញ់។ ក្រសួងការពារជាតិប្រេស៊ីលឲ្យដឹងដែរថា មានកងទ័ពជាង៤ម៉ឺន៤ពាន់នាក់ដែលអាចបម្រើការបាននៅភាគខាងជើងប្រទេស ដើម្បីដោះស្រាយនឹងបញ្ហាភ្លើងឆេះព្រៃ៕ម.ន