-
ទីបំផុត អង់គ្លេសសម្រេចផ្អាកដំណើរការសភា ខណៈបញ្ហានាំយកអង់គ្លេសចាកចេញ ពីអឺរ៉ុបជាផ្លូវការក្លាយជារឿងកាន់តែក្តៅគគុក

អង់គ្លេស៖ ម្ចាស់ក្សត្រីអង់គ្លេស អេលីហ្សាប៊ែតទី២ បានសម្រេចព្រះទ័យផ្អាកដំណើរការសភា តបតាមសំណើរបស់នាយករដ្ឋមន្ត្រីនៅខែកញ្ញាខាងមុខ ក្នុងន័យរារាំងការជាប់គាំងលើដំណើរការនាំអង់គ្លេសចេញពីសហភាពអឺរ៉ុប(Brexit)។ ទន្ទឹមគ្នានេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានហៅការសម្រេចព្រះទ័យរបស់ម្ចាស់ក្សត្រីអង់គ្លេស អេលីហ្សាប៊ែតទី២ ជុំវិញការផ្អាកដំណើរការសភានោះថា គឺជារឿងដ៏រំភើបបំផុតមួយ។ ដោយឡែកប្រធានសភាអង់គ្លេសលោក ចន ប៊ឺខូវ បានប្រៀបធៀបថា វាគឺជាកំហឹងរដ្ឋធម្មនុញ្ញ។ សូមបញ្ជាក់ផងដែរថា ការផ្អាកដំណើរការសភានេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់លោក បូរីស ចនសុន ដើម្បីតតាំងទៅនឹងសមាជិកសភាជាច្រើន ដែលចង់ជំទាស់ចំពោះការនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ៕ធ.ដ
-
តួកគី ទទួលបានប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ឈុតថ្មីទៀត នៅចំពោះមុខការជំទាស់ពីអាម៉េរិក

តួកគី៖ រុស្ស៊ី បានបញ្ជូនយន្តហោះដឹកប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 បន្ថែមទៀតទៅឲ្យប្រទេសតួកគី ហើយនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីការប្រគល់លើកទីមួយបានសម្រេចកាលពីខែមុន។ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់សមភាគី តួកគី លោក តាយយីប អឺដូហ្គាន់ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីថា ដំណើរការប្រគល់ប្រព័ន្ធ S-400 ថ្មីទៀតបានចាប់ផ្តើមប្រព្រឹត្តទៅហើយនៅក្នុងសប្តាហ៍នេះ ហើយបើតាមក្រសួងការពារជាតិតួកគីនោះ ការប្រគល់ប្រព័ន្ធ S-400 ឈុតទីពីរនេះ នឹងត្រូវចំណាយពេលប្រហែលមួយខែទើបចប់ជាស្ថាពរ។ ឆ្លើយតបនឹងការទិញប្រព័ន្ធ S-400 នេះដែរ សហរដ្ឋអាម៉េរិក បានជំទាស់ជាខ្លាំង ព្រោះការយល់ឃើញថា វានឹងប្រឆាំងជាមួយក្បួនយុទ្ធសាស្រ្តយោធានៃអង្គការ NATO ដែល តួកគី ជាសមាជិកមួយដែរ។ ក្រោយមក សហរដ្ឋអាម៉េរិក ក៏បានសម្រេចដក តួកគី ចេញពីកម្មវិធីនៃភាពជាដៃគូអភិវឌ្ឍន៍យន្តហោះចម្បាំង-បំបាំងកាយ F-35 និងប្រកាសលែងលក់យន្តហោះនេះឲ្យ តួកគី ថែមទៀត ដ្បិតការបំពាក់ប្រព័ន្ធ S-400 នៅលើទឹកដី តួកគី អាចនឹងបើកឱកាសឲ្យរុស្ស៊ី លួចស៊ើបដឹងពីការណ៍សម្ងាត់នៃបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 របស់ខ្លួន៕ធ.ដ …
-
អាជ្ញាធរជប៉ុន នៅតែបន្តប្រកាសអាសន្នពីគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដី

ជប៉ុន៖ មន្រ្តីឧតុនិយមជប៉ុន នៅតែបន្តចេញសេចក្តីប្រកាសអាសន្នដដែល ពាក់ព័ន្ធនឹងគ្រោះមហន្តរាយទឹកជំនន់ និងការរអិលបាក់ដីដ៏អាក្រក់ មួយថ្ងៃបន្ទាប់ពីមានមនុស្សម្នាក់ទៀតហើយបានស្លាប់ ដែលធ្វើឱ្យចំនួនមនុស្សបាត់បង់ជីវិតកើនដល់៣នាក់ ស្របពេលដែលភ្លៀងនៅតែធ្លាក់ចុះយ៉ាងជោកជាំ។ បើតាមសារព័ត៌មានជប៉ុន NHK កន្លងមកអាជ្ញាធរបានចេញសេចក្តីប្រកាសអាសន្នដ៏កម្រមួយ និងបានបង្គាប់ឱ្យជម្លៀសប្រជាជនប្រមាណ៨៥ម៉ឺននាក់ទៅកាន់ទីសុវត្ថិភាព ក្រោយមនុស្ស២នាក់បានបាត់បង់ជីវិត ដោយសារទឹកភ្លៀងបានបង្កជាទឹកជំនន់ និងគ្រោះបាក់ដីដ៏អាក្រក់នៅលើកោះ គ្យូស៊ុ ស្ថិតនៅភាគខាងត្បូងប្រទេសនៅថ្ងៃពុធនេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះមហន្តរាយនេះ មិនត្រឹមតែបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនជប៉ុននោះទេ តែថែមទាំងធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ការដឹកជញ្ជូនសាធារណៈ និងអាជីវកម្មផ្សេងៗផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុន បានប្រកាសអាសន្នខ្ពស់បំផុតកម្រិតទី៥ ដោយបានចេញការព្រមានជាបន្ទាន់ដល់ប្រជាជន ដែលរស់នៅលើកោះ គ្យូស៊ុ ឲ្យមានការប្រុងប្រយត្ន័ខ្ពស់៕ធ.ដ
-
វាយប្រហារដោយការចោលគ្រាប់បែកសំាងនៅក្លិបរាត្រី ក្នុងប្រទេសម៉ិកស៊ិក បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាង៣០នាក់

ម៉ិកស៊ិក៖ ជនរងគ្រោះ២៣នាក់បានបាត់បង់ជីវិត និងប្រមាណ១០នាក់ផ្សេងទៀត រងរបួសធ្ងន់ ក្រោយក្លិបរាត្រីមួយកន្លែងស្ថិតក្នុងភាគខាងកើតប្រទេស បានរងការវាយប្រហារដោយការចោលគ្រាប់បែកសាំង។ នេះបើតាមអាជ្ញាធរម៉ិកស៊ិកនៅថ្ងៃអង្គារ៍នេះ។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរម៉ិកស៊ិកក្នុងតំបន់កើតហេតុ បាននឹងកំពុងត្រៀមបើកការស៊ើបអង្កេតលើករណីវាយប្រហារខាងលើ ដើម្បីវែករកមុខក្រុមជនដែលបានប្រព្រឹត្តទង្វើនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ហេតុការណ៍នេះបានកើតឡើងនាវេលាយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) នៅក្លិបឈ្មោះ Caballo Blanco ក្នុងទីក្រុង Coatzacoalcos រដ្ឋ Veracruz ហើយបើតាមសាក្សីមួយចំនួន មនុស្សមួយក្រុមបានធ្វើសកម្មភាពបាញ់ប្រហារ រួចគប់គ្រាប់បែកសាំងទៅលើកន្លែងនោះ។ ជាលទ្ធផលមនុស្ស២៣នាក់បានស្លាប់ ក្នុងនោះស្រី៨នាក់ និងប្រុស១៥នាក់ រីឯ១៣នាក់ទៀតរបួស៕ម.ន
-
ទីបំផុត ជប៉ុនសម្រេចចិត្តដកកូរ៉េខាងត្បូងចេញពី «បញ្ជីស» ជាផ្លូវការហើយ

ជប៉ុន៖ ជប៉ុន បានដកកូរ៉េខាងត្បូងចេញពីបញ្ជីស ស្តីពីការអនុគ្រោះផ្នែកនាំចេញជាផ្លូវការហើយ នៅថ្ងៃពុធនេះ ខណៈការសម្រេចនេះ ធ្វើឡើងក្រោយគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ីនហ្សូ បានយល់ព្រមអនុម័តនាពេលថ្មីៗនេះ។ តាមរយៈការដកចេញពីបញ្ជីសនេះ កូរ៉េខាងត្បូង នឹងលែងទទួលបានការអនុគ្រោះលើការនាំចេញផលិតផលពីជប៉ុនទៀតហើយ។ ពោលគឺត្រូវឆ្លងកាត់ការវាយតម្លៃ និងត្រួតពិនិត្យយ៉ាងល្អិតល្អន់ជាមុនសិន ហើយក្រុមហ៊ុនជប៉ុនក៏ត្រូវតែរង់ចាំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជប៉ុនផងដែរ មុនពេលនាំចេញទំនិញទៅកូរ៉េខាងត្បូង។ នេះក៏ជាវិធានការរឹតបន្តឹងជុំទីពីរផងដែរ ពាក់ព័ន្ធផ្នែកពាណិជ្ជកម្មដែលជប៉ុនបានដាក់លើកូរ៉េខាងត្បូង ដោយកាលពីថ្ងៃទី០៤ ខែកក្កដាកន្លងទៅ ជប៉ុនបានរឹតត្បិតលើការនាំចេញទៅកាន់កូរ៉េខាងត្បូងនូវវត្ថុធាតុដើមសំខាន់ៗដែលចាំបាច់ ក្នុងការផលិតបន្ទះឈីប និងអេក្រង់ស្មាតហ្វូន ដោយសារតែជម្លោះជាមួយកូរ៉េខាងត្បូង ជុំវិញបញ្ហាបង្ខិតបង្ខំពលកម្មលើប្រជាជនកូរ៉េខាងត្បូងកាលពីសម័យអាណានិគមជប៉ុន។ ជាការឆ្លើយតបកូរ៉េខាងត្បូង បានប្រកាសដកជប៉ុន ចេញពីបញ្ជីសពាណិជ្ជកម្មរបស់ខ្លួនដែរ និងបានប្រកាសការរឹតបន្តឹងខ្លាំងជាងមុន លើការនាំចូលផេះធ្យូងថ្ម និងកាកសំណល់នៃរូបធាតុ ដែលអាចកែច្នៃឡើងវិញបានផ្សេងៗទៀតពីប្រទេសជប៉ុន។ ចំណែកកាលពីសប្តាហ៍មុន កូរ៉េខាងត្បូង ក៏បានប្រកាសពីការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ជាមួយជប៉ុនផងដែរ៕ធ.ដ
-
មនុស្ស២នាក់ស្លាប់ និងជាង៨សែននាក់ភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ដោយសារ គ្រោះទឹកជំនន់ និងបំណាក់ដីវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន

ជប៉ុន៖ សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា អាជ្ញាធរបានចេញសេចក្តីប្រកាសអាសន្នដ៏កម្រមួយ និងបានបង្គាប់ឱ្យជម្លៀសប្រជាជនប្រមាណ៨៥ម៉ឺននាក់ទៅកាន់ទីសុវត្ថិភាព ក្រោយមនុស្ស២នាក់បានបាត់បង់ជីវិត ដោយសារទឹកភ្លៀងបានបង្កជាទឹកជំនន់ និងគ្រោះបាក់ដីដ៏អាក្រក់នៅលើកោះ គ្យូស៊ុ ស្ថិតនៅភាគខាងត្បូងប្រទេសនៅថ្ងៃពុធនេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះមហន្តរាយនេះ មិនត្រឹមតែបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនជប៉ុននោះទេ តែថែមទាំងធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ការដឹកជញ្ជូនសាធារណៈ និងអាជីវកម្មផ្សេងៗផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុនបានប្រកាសអាសន្នខ្ពស់បំផុតកម្រិតទី៥ ដោយបានចេញការព្រមានជាបន្ទាន់ដល់ប្រជាជន ដែលរស់នៅលើកោះ គ្យូស៊ុ (Kyushu) ឲ្យមានការប្រុងប្រយត្ន័ខ្ពស់៕ធ.ដ
-
លោក តាយយីប អឺដូហ្គាន់ ថ្លែងថា តួកគី នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការលើវិស័យ ឧស្សាហកម្មការពារជាតិជាមួយរុស្ស៊ី

រុស្ស៊ី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃអង្គារនេះបានថ្លែងថា ប្រទេសរបស់លោកនឹងនៅតែបន្តកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មការពារជាតិជាមួយរុស្ស៊ី ក្នុងនោះរួមមានទាំងការបញ្ជាទិញយន្តចម្បំាងរបស់ទីក្រុងម៉ូស្គូផងដែរ។ ការកត់សម្គាល់បែបនេះរបស់លោក អឺដូហ្គាន់ ត្រូវបានធ្វើឡើងក្នុងឱកាសដែលរូបលោក និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានចុះត្រួតពិនិត្យយន្ដហោះចម្បាំង Su-57 របស់រុស្ស៊ី បន្ទាប់ពីបានចូលរួមពិធីតាំងពិព័រណ៌យន្តហោះចម្បំាង MAKS 2019 នាពេលថ្មីៗនេះ។ កម្មវិធីនេះរៀបចំឡើងនៅខាងក្រៅទីក្រុងម៉ូស្គូ ជាទីដែលលោក អឺដូហ្គាន់ ផ្ទាល់បានសាកសួរថា តើតួកគី អាចទិញយន្ដហោះចម្បាំងដ៏ទំនើបនេះពីរុស្ស៊ីដែរឬទេ? ហើយភ្លាមៗនោះដែរលោក ពូទីន បានឆ្លើយតបវិញថា ពិតប្រាកដណាស់ អ្នកអាចទិញវាបាន។ សូមជម្រាបថា ដោយសារតែការទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី តួកគី ត្រូវបានសហរដ្ឋអាម៉េរិកដកចេញពីគម្រោងអភិវឌ្ឍន៍យន្ដហោះចម្បាំង F-35 ប៉ុន្តែ តួកគី ក៏បានព្រមានដែរថា ខ្លួនអាចនឹងទិញយន្ដហោះចម្បាំងរុស្ស៊ី Su-57 ជំនួស F-35 បើទោះជាត្រូវប្រឈមមុខនឹងទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិក៕ធ.ដ
-
ប្រេស៊ីល ប្រកាសទទួលយកជំនួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃអាម៉ាហ្សូន ប៉ុន្តែទាមទារឲ្យមានលក្ខខណ្ឌ

ប្រេស៊ីល៖ អ្នកនាំពាក្យប្រធានាធិបតីប្រេស៊ីលបាននិយាយថា រដ្ឋាភិបាលប្រេស៊ីលបើកទទួលការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុពីបណ្តាអង្គការ និងប្រទេសនានា ដែលចង់ជួយដល់ការពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន ក៏ប៉ុន្តែនៅពេលថវិកាទាំងនោះចូលមកដល់ប្រេស៊ីល ពួកវានឹងត្រូវតែស្ថិតក្រោមការចាត់ចែងទាំងស្រុងរបស់ប្រេស៊ីល។ ការប្រកាសខាងលើនេះ ធ្វើឡើងក្រោយអភិបាលនៅតាមរដ្ឋក្នុងតំបន់ព្រៃ អាម៉ាហ្សូន បានប្រាប់ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ ថា ពួកគេត្រូវការជាចាំបាច់នូវថវិកាជំនួយទាំងនោះ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងពន្លត់ភ្លើងព្រៃ អាម៉ាហ្សូន ដែលកំពុងឆាបឆេះក្នុងអត្រាគួរឲ្យបារម្ភជាខ្លាំង។ ដោយឡែកលោក បូលសូណារ៉ូ ផ្ទាល់បានបញ្ជាក់ជាថ្មីថា លោកអាចពិចារណាទទួលយកលុយប្រមាណជាង២២លានដុល្លារពីប្រទេស G7 ប្រសិនបើប្រធានាធិបតីបារាំង លោក ម៉ាក្រុង លុបចោលការប្រមាថចំពោះលោកវិញ ខណៈមួយរយៈចុងក្រោយនេះ លោក បូលសូណារ៉ូ និងលោក ម៉ាក្រុង បានទាស់ពាក្យសម្តីគ្នាជាខ្លាំង។ សូមបញ្ជាក់ថា ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន មានសារសំខាន់ជាខ្លាំងសម្រាប់ភពផែនដីយើង ដោយវាមានតួនាទីស្រូបយកឧស្ម័នកាបូនជាច្រើន ហើយផលិតឧស្ម័នអុកស៊ីសែនប្រមាណ២០ភាគរយ ដែលមានក្នុងបរិយាកាសផែនដី ហើយវាក៏ជាអាវុធដ៏ចាំបាច់មួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុពិភពលោក។ ដូច្នេះហើយការប្រឈមនឹងបញ្ហាភ្លើងឆេះ ក្នុងកម្រិតមិនធ្លាប់មាននាពេលនេះ កំពុងបង្កក្តីព្រួយបារម្ភជាខ្លាំងដល់សហគមន៍អន្តរជាតិទាំងមូល៕ធ.ដ
-
អាម៉េរិក យល់ព្រមលក់មីស៊ីលស្កាត់មីស៊ីលតម្លៃជាង៣ពាន់លានដុល្លារឲ្យជប៉ុន

មន្ទីរបញ្ចកោណអាម៉េរិក បានចេញផ្សាយថា ក្រសួងការបរទេសអាម៉េរិក បានយល់ព្រមលក់មីស៊ីលមានតម្លៃ៣,៣ពាន់លានដុល្លារឱ្យទៅប្រទេសជប៉ុន ដែលកំពុងព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ ក្រោយ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ចូលក្នុងសមុទ្រជប៉ុន។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ សន្តិសុខការពារជាតិ នៃមន្ទីរបញ្ចកោណ បានគូសបញ្ជាក់ដូច្នេះថា «ការលក់មីស៊ីលឱ្យប្រទេសជប៉ុន នឹងគាំទ្រដល់គោលនយោបាយការបរទេស រួមទាំងសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក តាមរយៈការជួយពង្រឹងសមត្ថភាពការពារជាតិ និងសន្តិសុខនៃសម្ព័ន្ធមិត្តដ៏ធំដូចជាជប៉ុន ដើម្បីចូលរួមចំណែកថែរក្សាស្ថេរភាព និងកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។ គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារខាងលើដដែល កិច្ចព្រមព្រៀងបឋមលើការលក់មីស៊ីលឱ្យជប៉ុន គឺផ្តោតជា សំខាន់លើការលក់មីស៊ីលប្រភេទ Standard Missile-3 និងប្រព័ន្ធមីស៊ីល MK 29 Canisters៕ធ.ដ
-
ម៉ាឡេស៊ី-វៀតណាម ឯកភាពជំរុញទំហំពាណិជ្ជកម្មឲ្យបានដល់១៥ពាន់លានដុល្លារអាម៉េរិក

នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ម៉ាហាធៀ ម៉ូហាម៉ាត់ បានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ និងការពារជាតិ ព្រមទាំងវិស័យវិទ្យាសាស្ត្រ អប់រំ ពលកម្មនិងវិស័យមួយចំនួនទៀត រវាងប្រទេសទាំងពីរ។នាយករដ្ឋមន្ត្រីម៉ាឡេស៊ី-វៀតណាម បានព្រមព្រៀមបែបនេះ កាលពីថ្ងៃអង្គារ ទី២៧សីហា ម្សិលមិញ នៅទីក្រុងហាណូយ ដោយក្នុងឱកាសនោះដែរ ភាគទាំងពីរអះអាងថា គួរតែមានវិធានការមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់១៥ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០-២០២៥ ស្របពេលដែលកាលពីឆ្នាំ២០១៨ មាន១១,៥ពាន់លានដុល្លារអាម៉េរិក។ ក្រៅពីនេះ ភាគីទាំងពីរ ក៏បានឯកភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការជួញដូរមនុស្សផងដែរ៕ម.ន