-
វៀតណាមថា ស្តង់ដាជីវសុវត្ថិភាពតឹងរឹងគឺជាវិធានការដ៏មានប្រសិទ្ធភាពទប់ទល់នឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក

ការប្រតិបត្តិតឹងរឹងនៃស្តង់ដានីតិវិធីសុវត្ថិភាពជីវសុវត្ថិភាពនៅកសិដ្ឋានគឺជាវិធានការដ៏មានប្រសិទ្ធិភាពបំផុត ក្នុងការទប់ស្កាត់ការរិករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក រហូតទាល់តែវាក់សាំងការពារត្រូវបានផលិត នេះបើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក ង្វៀន ស័ន កុង ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី១២ កក្កដា ២០១៩។ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន អំពីជំងឺប៉េស្តជ្រូក កាលពីម្សិលមិញ លោករដ្ឋមន្ត្រីថា គ្មានជម្រើសអ្វីទេ ក្រៅតែពីការរស់នៅជាមួយនឹងជំងឺនេះ ហើយរកវិធានការទុបទល់។ លោកបន្តថា ដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការទប់ទល់គឺជាការបន្ថយកសិដ្ឋានចិញ្ចឹមខ្នាតតូច តែត្រូវសាងសង់សត្តឃាតដ្ឋានទំនើបៗ។ គ្រប់កសិដ្ឋានចិញ្ចឹមជ្រូក ជាពិសេស កន្លែងចិញ្ចឹមទំហំធំៗ ត្រូវតែរឹតបន្តឹងលើការប្រតិបត្តិតឹងរឹងនៃស្តង់ដានីតិវិធីសុវត្ថិភាពជីវសុវត្ថិភាព៕ធ.ដ
-
ក្រុមហ៊ុនចិន Air China ទិញយន្តហោះ Airbus ប្រភេទA350-900 ចំនួន២០គ្រឿងទៀត

សារព័ត៌មានចិនស៊ីនហួរបានចេញផ្សាយ កាលពីម្សិលមិញថា ក្រុមហ៊ុនអាកាសចរណ៍ជាតិចិន Air China បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង នៅថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីទិញយន្តហោះ ប្រភេទ A350-900 ចំនួន២០គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ Airbus ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនរបស់ខ្លួន។ ក្រុមហ៊ុន Air China បានប្រាប់ឲ្យដឹងថា កិច្ចព្រមព្រៀងនេះ មានតម្លៃប្រមាណ៦,៥៣៧ពាន់លានដុល្លារអាម៉េរិក ដោយពឹងលើតម្លៃទីផ្សារបើកចំហ ដែលបានចុះនៅខែមករា ឆ្នាំ២០១៨។ដោយឡែក ការប្រគល់យន្តហោះ នឹងធ្វើឡើង ជាដំណាក់កាល ចម្លោះពីឆ្នាំ២០២០ដល់ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងពង្រឹងសមត្ថភាពដឹកជញ្ជូន របស់ក្រុមហ៊ុន Air China រហូតដល់៩,៧ភាគរយ។ ក្នុងនាមជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ ធំជាងគេបំផុត នៅក្នុងប្រទេសចិន Air China មានយន្តហោះ ចំនួន៦៦៩គ្រឿង គិតត្រឹមចុងឆ្នាំ២០១៨៕ធ.ដ
-
នៅឆមាសទី១ ឆ្នាំ២០១៩នេះ ការលក់យន្តហោះរបស់ក្រុមហ៊ុនអាម៉េរិក បូអ៊ីង ធ្លាក់ចុះ ប្រមាណ៣៧ភាគរយ

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន ប៊ូអ៊ីង បានឱ្យដឹងថា ការលក់ចេញយន្តហោះរបស់ខ្លួនបានធ្លាក់ចុះប្រមាណ៣៧ភាគរយ មកនៅត្រឹម២៣៩គ្រឿងនៅឆមាសទី១ ឆ្នាំ២០១៩ ដោយមួយភាគធំបណ្តាលមកពីការបញ្ឈប់ការហោះហើរយន្តហោះធុន 737 Max ដែលជាប្រភេទយន្តហោះលក់ដាច់បំផុតពីមុន ដោយសារតែការធ្លាក់សម្លាប់មនុស្សរាប់រយនាក់ចំនួន២លើកជាប់គ្នា។ ការធ្លាក់ចុះយ៉ាងគំហុកនេះ នាំឲ្យក្រុមហ៊ុន ប៊ូអ៊ីង បាត់បង់តំណែងជាក្រុមហ៊ុនផលិតយន្តហោះធំបំផុតនៅលើពិភពលោក ក្រោយពីគ្រងតំណែងនេះអស់រយៈពេល៨ឆ្នាំ។ ឥឡូវការលក់ចេញយន្តហោះរបស់ក្រុមហ៊ុន ប៊ូអ៊ីង នៅពីក្រោយគូប្រជែងក្រុមហ៊ុនអឺរ៉ុប អ៊ែរប៊ស់ ដែលបានប្រគល់យន្តហោះចំនួន៣៨៩គ្រឿងដល់អតិថិជនក្នុងរយៈពេលដូចគ្នា ដោយកើនឡើង២៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះយុទ្ធនាការរបស់ក្រុមហ៊ុន ប៊ូអ៊ីង ដើម្បីស្តាកេរ្តិ៍ឈ្មោះយន្តហោះធុន 737 Max របស់ខ្លួនក៏ត្រូវទទួលរងដំណើរថយក្រោយមួយទៀតផងដែរ ដោយអារ៉ាប៊ីសាអូឌីតបានសម្រេចលុប ចោលការបញ្ជាទិញតំលៃ៥,៩ពាន់លានដុល្លារ ហើយងាកទៅទិញយន្តហោះ អ៊ែរប៊ស់ ជំនួសវិញ។ សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានគំរាមលុបចោលការបញ្ជាទិញយន្ត ហោះធុន 737 Max ចាប់តាំងពីយន្តហោះប្រភេទនេះបានធ្លាក់នៅឥណ្ឌូនេស៊ី និងអេត្យូពីសម្លាប់មនុស្សសរុប៣៤៦នាក់។ យន្តហោះធុននេះ ត្រូវបានបញ្ឈប់មិនឲ្យហោះហើរចាប់តាំងពីខែមីនាមក ខណៈក្រុមហ៊ុន ប៊ូអ៊ីង ខិតខំបំពេញចន្លោះខ្វះខាតបច្ចេកទេស និងសូហ្វវែរ៕ធ.ដ
-
ប្រទះឃើញសាច់ផ្ទុកវីរុសប៉េស្តជ្រូកអាហ្វ្រិកលើកដំបូង នៅអង់គ្លេស

សារព័ត៌មានThe Guardian បានចេផ្សាយ កាលពីម្សិលមិញថា អាជ្ញាធរបានរកឃើញសាច់ដែលផ្ទុកវីរុសប៉េស្តជ្រូកអាហ្វ្រិក នៅប្រទេសអង់គ្លេស ជាលើកដំបូង។ ប្រភពថា វីរុសនេះត្រូវបានរកឃើញក្នុងសាច់ដែលរឹបអូសបាន ដោយអាជ្ញាធរ ក្នុងតំបន់ Northern Ireland ហើយគឺជាលើកដំបូងហើយដែលវីរុសប្រភេទនេះមានវត្តមាន ក្នុងចក្រភពអង់គ្លេស។ មន្ត្រីមានសមត្ថកិច្ចបានរឹបអូសសាច់ និងផលិតអាហារបរិភោគប្រចាំថ្ងៃខុសច្បាប់ទម្ងន់ជាង៣០០គីឡូក្រាម ពីវ៉ាលិសមួយរបស់អ្នកដំណើរនៅចំណតអាកាសយានដ្ឋាន កាលពីខែមិថុនា។ ក្រោយមក គំរូសាច់ត្រូវបានធ្វើតេស្តដោយស្ថាប័នជំនាញក៏រកឃើញវីរុសប៉េស្តជ្រូកអាហ្វ្រិកនេះ ក្នុងនោះ វីរុសនេះអាចនៅមានជីវិតបីបួនខែ ក្នុងសាច់ដែលគេផ្អឹបទុក។ យ៉ាងណាក៏ដោយ បើតាមនាយកដ្ឋានកសិកម្ម បរិស្ថាន កិច្ចការជនបទ វីរុសនេះមិនប៉ះពាលធ្ងន់ដល់សុខភាពសត្វក្នុងតំបន់ Northern Ireland ទេ នេះបើតាមការពិសោធន៍។ ប្រភពថា ជំងឺនេះមិនប៉ះពាល់ដល់មនុស្សទេ បើទោះបីជាអ្នកវិទ្យាសាស្ត្របានព្រមានថា នាពេលអនាគត វីរុសនេះអាចមានគ្រោះថ្នាក់ ដោយសារតែទំនាក់ទំនងផ្ទាល់ រវាងមនុស្ស និងសត្វជ្រូក៕ធ.ដ
-
ទីបំផុតព្រឹទ្ធសភាបារាំង សម្រេចអនុម័តច្បាប់យកពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់សហរដ្ឋអាម៉េរិក

បារាំង៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាម៉េរិក ក្នុងនោះរួមមានទាំង Google និង Facebook ផងដែរនោះ ត្រូវបានព្រឹទ្ធសភាបារាំង នៅថ្ងៃព្រហស្បតិ៍តនេះ សម្រេចអនុម័តលើច្បាប់ស្ដីពីការយកពន្ធជាផ្លូវការហើយ។ សូមរំលឹកថា កាលពីខែមីនាកន្លងទៅ បើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក ប្រ៊ុយណូ ឡឺ ម៊ែរឺ ទីក្រុងប៉ារីស អាចនឹងប្រមូលពន្ធ៣ភាគរយ ពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៣០ ដែលរកប្រាក់ចំនូលប្រចាំឆ្នាំបានច្រើនជាង៨៤៤លានដុល្លារ ក្នុងនោះរួមមានទាំង Facebook Google Apple និង Amazon។ ដោយឡែកជុំវិញច្បាប់ស្ដីពីការយកពន្ធខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យមានការស៊ើបអង្កេតលើគម្រោងយកពន្ធរបស់រដ្ឋាភិបាលបារាំងពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក ហើយការស៊ើបអង្កេតនេះ ក៏ត្រូវបានគេរំពឹងដែរថា អាចនឹងបង្កទៅជាជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕ធ.ដ
-
អ៊ីរ៉ង់ព្រមានសហរដ្ឋអាម៉េរិក និងអង់គ្លេសថា នឹងស្ដាយក្រោយ ចំពោះការរឹបអូសកប៉ាល់ ដឹកប្រេងអ៊ីរ៉ង់

អ៊ីរ៉ង់៖ សហរដ្ឋអាម៉េរិក-អង់គ្លេស នឹងស្ដាយក្រោយ ជុំវិញការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងឈ្មោះ ក្រេស វ័ន នៅឈូងសមុទ្រ ហ្គីប្រាតា កាលពីថ្ងៃទី០៤ ខែកក្កដា ដោយចោទប្រកាន់ថា កប៉ាល់នេះ រំលោភបំពានលើទណ្ឌកម្មអឺរ៉ុប តាមរយៈការដឹកប្រេងឆ្ពោះទៅកាន់ស៊ីរី នេះបើតាមកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ទន្ទឹមគ្នានោះ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ក៏បានសន្យាដែរថា នឹងចាត់វិធានការឆ្លើយតបទៅនឹងការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ដោយហៅទង្វើនេះថា ប្រៀបបានទៅនឹងសកម្មភាពចោរសមុទ្រ។ ដោយឡែកនៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានចេញមុខបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានឡោមព័ទ្ធកប៉ាល់ដឹកប្រេងអង់គ្លេស នៅឯច្រកសមុទ្រ ហ័រមូស ជាការសងសឹក ដូចដែលអង់គ្លេសចោទប្រកាន់នោះទេ៕ធ.ដ
-
សហរដ្ឋអាម៉េរិក គ្រោងចាត់វិធានការចាប់បញ្ជូនខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ទ្រង់ទ្រាយធំ នៅចុងសប្តាហ៍នេះ

សហរដ្ឋអាម៉េរិក៖ មន្ត្រីអន្តោប្រវេសន៍ និងគយអាម៉េរិក គ្រោងចាប់ផ្តើមវិធានការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ទ្រង់ទ្រាយធំ នៅថ្ងៃអាទិត្យនេះ ដោយរំពឹងថា នឹងចាប់បញ្ជូនខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ២ពាន់នាក់។ ភាគច្រើនត្រូវបានចៅក្រមចេញដីកាបញ្ជូនខ្លួន ទៅប្រទេសកំណើតរបស់ពួកគេវិញ និងជនអន្តោប្រវេសន៍ដែលមិនបានទៅបង្ហាញខ្លួននៅតុលាការ ទាក់ទងនឹងសំណុំរឿងអន្តោប្រវេសន៍របស់ពួកគេ។ ការចាត់វិធានការចាប់បញ្ជូនខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ទ្រង់ទ្រាយធំនេះ មិនទាន់ត្រូវបានបញ្ជាក់ឲ្យបានច្បាស់លាស់ដោយមន្ត្រីអន្តោប្រវេសន៍ និងគយអាម៉េរិក ហៅថា (ICE) នៅឡើយទេ។ ប៉ុន្តែការចាត់វិធានការនេះ បានកើតឡើងបីសប្តាហ៍ ក្រោយពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសន្យាថា នឹងចាប់ផ្តើមចាប់បញ្ជូនខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ចេញពីសហរដ្ឋអាម៉េរិក៕ធ.ដ
-
អនុប្រមុខការទូតរុស្ស៊ីអះអាងថា វេណេស៊ុយអេឡានឹងប្រើប្រាស់បរិក្ខាយោធារុស្ស៊ី កំឡុងការធ្វើសមយុទ្ធយោធាមួយនៅចុងខែកក្កដានេះ

វេណេស៊ុយអេឡា៖ វេណេស៊ុយអេឡានឹងប្រើប្រាស់បរិក្ខាយោធារុស្ស៊ី នៅកំឡុងការធ្វើសមយុទ្ធយោធាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដា ខាងមុខ នេះបើតាមការបញ្ជាក់របស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ រីយ៉ាបកូវ នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។ លោក ស៊ឺហ្គៃ រីយ៉ាបកូវ បានបន្ថែមទៀតថា កងទ័ពវេណេស៊ុយអេឡានឹងប្រើប្រាស់បរិក្ខាយោធាមួយភាគធំដែលទិញពីរុស្ស៊ី ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើនឹងមានអាវុធប្រភេទណាខ្លះ ត្រូវបង្ហាញខ្លួននៅក្នុងសមយុទ្ធយោធានោះទេ ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះបានលើកឡើងយ៉ាងដូច្នេះ ស្របពេលមានការអះអាងជាច្រើនថា រុស្ស៊ីមានគម្រោងបង្កើនវត្តមានយោធានៅក្នុងប្រទេសវេណេស៊ុយអេឡា ។ ប៉ុន្តែកាលពីខែមិថុនាកន្លងទៅ បើតាមស្ថានទូតរុស្ស៊ីប្រចាំទីក្រុងការ៉ាកាស់នោះ ទីក្រុងម៉ូស្គូកំពុងដកអ្នកជំនាញរបស់ខ្លួនដែលផ្ដល់ជំនួយបច្ចេក ទេសផ្នែកថែទាំបរិក្ខាយោធាចេញពីវេណេស៊ុយអេឡាហើយ ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ព្រមានជាថ្មីថានឹងដាក់បន្ថែមទណ្ឌកម្មកាន់តែធ្ងន់លើប្រទេសអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងព្រមានជាថ្មីនៅថ្ងៃពុធសប្តាហ៍នេះថា ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងប្រទេសអ៊ីរ៉ង់ នឹងត្រូវដាក់បន្ថែមឱ្យកាន់តែធ្ងន់នាពេលឆាប់ៗខាងមុខនេះ។ ប្រធានាធិបតីអាម៉េរិករូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា អ៊ីរ៉ង់បានលួចលាក់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាយូរមកហើយ និយាយជារួម គឺអ៊ីរ៉ង់បានធ្វើឱ្យអាម៉េរិកខាតបង់ប្រាក់១៥០ពាន់លានដុល្លារ សម្រាប់កិច្ចព្រមព្រៀងដែលបង្កើតឡើងដោយរដ្ឋបាលរបស់លោក អូបាម៉ា និងលោក ចន ឃើរី។ សូមចងចំាថា កិច្ចព្រមព្រៀងនោះបានអស់សុពលភាពទៅហើយនៅឆ្នាំនេះ ចំណែកឯទណ្ឌកម្មនឹងត្រូវដាក់បន្ថែមទៀត ហើយកាន់តែធ្ងន់។ ការអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងស្របពេលដែលទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) រៀបចំកិច្ចប្រជុំបន្ទាន់មួយ តបតាមសំណើរបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីអ៊ីរ៉ង់ប្រកាសចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ឱ្យលើសកម្រិតដែលត្រូវដាក់កំហិតនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ សហរដ្ឋអាម៉េរិកក៏បានសន្យាដែរថា នឹងបន្តដាក់សម្ពាធ ព្រមទាំងទណ្ឌកម្មសេដ្ឋកិច្ចរហូតទាល់តែអ៊ីរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ដែលអ៊ីស្រាអែល និងអាម៉េរិកផ្ទាល់មើលឃើញថា ជាមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅថ្ងៃអនាគត៕ធ.ដ
-
ប្រមុខការទូតកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ធ្វើកិច្ចសន្ទនាតាមទូរសព្ទពាក់ព័ន្ធនឹង ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងជប៉ុន

កូរ៉េខាងត្បូង៖ អំឡុងកិច្ចសន្ទនាគ្នាតាមទូរសព្ទនៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង ឃ្យុងវ៉ា ប្រាប់សមភាគីអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូថា សកម្មភាពរបស់ជប៉ុន មិនមែនជារឿងល្អឡើយសម្រាប់ទំនាក់ទំនងត្រីភាគី ហើយវាប៉ះពាល់មិនតិចឡើយដល់សង្វាក់ផលិតកម្មពិភពលោក និងក្រុមហ៊ុនអាម៉េរិកផងដែរ។ កាលពីដើមខែកក្កដានេះ ជប៉ុនបានប្រកាសចាត់វិធានការរឹតត្បិតការនាំចេញរូបធាតុដើមសំខាន់ៗមួយចំនួន ដែលចាំបាច់ប្រើប្រាស់ក្នុងការផលិតបន្ទះឈីប និងទូរសព្ទឆា្លតវៃ។ ក្រោមវិធានការថ្មីនេះ ការនាំចេញរូបធាតុទាំងនោះទៅកាន់កូរ៉េខាងត្បូង ត្រូវតែឆ្លងកាត់នីតិវិធីដល់ទៅ៩០ថ្ងៃឯណោះ។ ជាមួយគ្នានេះ លោក ប៉ុមប៉េអូ បានបញ្ជាក់ថា លោកយល់ពីជំហររបស់ទីក្រុងសេអ៊ូល ហើយបើតាមទីភ្នាក់ងារព័ត៌មាន យ៉ុបហាប់ ប្រមុខការទូតអាម៉េរិក និងកូរ៉េខាងត្បូងក៏បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងត្រីភាគីផងដែរ។ ក្រោយការប្រកាសវិធានការពីសំណាក់ជប៉ុននោះ កូរ៉េខាងត្បូងមិនទាន់មានវិធានការតបតអ្វីនៅឡើយទេ ដោយគ្រាន់តែបន្តទទូចឲ្យទីក្រុងតូក្យូ បញ្ឈប់នូវការសម្រេចចិត្តមិនសមរម្យរបស់ខ្លួនវិញ។ បន្ថែមលើនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ក៏បានកោះប្រជុំបន្ទាន់មួយជាមួយក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូង ដែលអាចរងផលប៉ះពាល់ដោយសារការរឹតត្បិតរបស់ជប៉ុន។ លោក មូន បានស្នើឲ្យជប៉ុនគិតគូររឿងនេះម្ដងទៀត មុនដើរដល់ចំណុចបកក្រោយលែងបាន៕ធ.ដ