-
អង្គការសហប្រជាជាតិអំពាវនាវយ៉ាងទទូចឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅលីប៊ី ខណៈមនុស្សស្លាប់កើនជាង១ពាន់នាក់ និងរបួស៥,៥០០នាក់

បរទេស៖ ស្ថាប័នបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី ហៅកាត់ថា UNSMIL នៅថ្ងៃអង្គារ៍នេះ បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់នៅភាគខាងត្បូងលីប៊ី ស្របពេលដែលចំនួនមនុស្សស្លាប់កើនជាង១ពាន់នាក់ និងរបួស៥,៥០០នាក់ ដោយសារការប៉ះទង្គិចគ្នាកន្លងមកនេះ។ទន្ទឹមគ្នានេះ បេសកកម្ម UNSMIL បានចូលរួមចែករំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ហើយថែមទាំងបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះទាំងអស់ បញ្ឈប់ការវាយប្រហារគ្នាជាបន្ទាន់ និងព្យាយាមរក្សាភាពអត់ធ្មត់ខ្ពស់ ក៏ដូចជាជំរុញឱ្យដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធនេះ តាមរយៈការចរចាគ្នាដោយសន្តិវិធីវិញ។សូមបញ្ជាក់ថា យោងតាមបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានបង្ហាញថា ស្របពេលដែលជម្លោះប្រដាប់អាវុធខាងលើ បន្តឈានចូលដល់ខែទី៤នោះ ចំនួនអ្នកស្លាប់បានកើនឡើងដល់១,០៤៨នាក់ ក្នុងនោះ១០៦នាក់ជាជនស៊ីវិល រីឯក្នុងចំណោមអ្នករងរបួសទាំង៥,៥៥៨នាក់ មានជនស៊ីវិល២៨៩នាក់ ខណៈអង្គការ WHO បានបន្តបញ្ជូនក្រុមគ្រូពេទ្យ និងសម្ភារវេជ្ជសាស្រ្ត ដើម្បីជួយដល់មន្ទីរពេទ្យនានានៅក្នុងតំបន់៕ម.ន
-
សហរដ្ឋអាម៉េរិក និងចិន ធ្វើកិច្ចសន្ទនាគ្នាតាមទូរសព្ទពាក់ព័ន្ធនឹងកិច្ចចរចា ដោះស្រាយវិវាទពាណិជ្ជកម្ម

ចិន៖ ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊េ បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរសព្ទជាមួយអ្នកតំណាងពាណិជ្ជកម្មអាម៉េរិកលោក រ៉ូប៊ឺត ឡៃធីហ្សឺ និងរដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាម៉េរិកលោក ស្ទេវិន ម៉ានូឈីន ទាក់ទិនទៅនឹងកិច្ចចរចាដោះស្រាយវិវាទពាណិជ្ជកម្ម នេះបើតាមក្រសួងពាណិជ្ជកម្មចិននៅក្នុងថ្ងៃពុធនេះ។ លោក លីវ ហ៊េ ដែលជាប្រធានក្រុមប្រតិភូចិន ដើម្បីចូលរួមកិច្ចចរចាពាណិជ្ជកម្មអាម៉េរិក-ចិន និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនលោក ចុង សាន ផងដែរនោះ បានជជែកផ្លាស់ប្តូរទស្សនៈគ្នាជាមួយក្រុមមន្រ្តីអាម៉េរិក ស្តីពីការអនុវត្តលើកិច្ចព្រមព្រៀង ដែលប្រមុខរដ្ឋទាំងពីរសម្រេចបានរួមគ្នា នៅក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅនេះ។កិច្ចសន្ទនាខាងលើនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឲ្យមន្ត្រីជាន់ខ្ពស់ប្រទេស មហាអំណាចសេដ្ឋកិច្ចទាំងពីរ ឈានទៅបង្កើតកិច្ចពិភាក្សាឡើងវិញក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាផ្នែកពាណិជ្ជកម្ម ជាពិសេសការដំឡើងពន្ធដែលបង្កឲ្យប្រទេសទាំងសងខាងរងផលប៉ះពាល់៕ម.ន
-
លោក មូន ជែអ៊ីន អះអាងថា កូរ៉េខាងត្បូងនឹងបង្កើនការចំណាយ ដើម្បីទប់ទល់នឹង ការដាក់កំហិតលើការលក់វត្ថុធាតុដើមសំខាន់ៗរបស់ជប៉ុន

កូរ៉េខាងត្បូង៖ ការដាក់កំហិតលើការលក់វត្ថុធាតុដើមសំខាន់ៗរបស់ជប៉ុន ដល់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បួង អាចនឹងបន្តអូសបន្លាយយូរទៀត ហើយរដ្ឋាភិបាលក្រុងសេអ៊ូលនឹងបង្កើនការចំណាយ ដើម្បីជួយកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើជប៉ុន។ការកត់សម្គាល់បែបនេះ របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានធ្វើឡើងនៅក្នុងជំនួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនកូរ៉េខាងត្បូងធំៗទាំង៣០ នៅក្នុងថ្ងៃពុធនេះ ហើយនាឱកាសនោះដែរ លោក មូន ក៏បានទាត់ចោលផងដែរ ការចោទប្រកាន់របស់អ្នកនយោបាយជប៉ុនម្នាក់ ដែលថា កូរ៉េខាងត្បូងបានដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុ ហាយដ្រូហ្សែន ផ្លូរីដ ដែលនាំចូលពីជប៉ុនទៅកាន់កូរ៉េខាងជើង។សូមរំលឹកថា កាលពីសប្ដាហ៍មុននេះ ជប៉ុនបានប្រកាសអនុវត្តន៍វិធានការរឹតត្បិត លើការនាំចេញវត្ថុធាតុដើមសំខាន់ៗចំនួន០៣ ដែលចាំបាច់ក្នុងការផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទស្មាតហ្វូន ដើម្បីជាការឆ្លើយតបទៅនឹងសាលក្រមសម្រេចរបស់តុលាការកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៨ ដែលបានតម្រូវឱ្យក្រុមហ៊ុនជប៉ុនមួយចំនួន សងថ្លៃខូចខាតដល់ប្រជាជនកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការទាំងគ្មានប្រាក់ខែ នៅក្នុងវិស័យឧស្សហកម្មជប៉ុន កាលពីសម័យសង្រ្គាមលើកលោកទី២៕ម.ន
-
វៀតណាមបង្កើននាំចេញឈើឲ្យបានតម្លៃ១១ពាន់លានដុល្លារអាមេ៉រិក ក្នុងឆ្នាំ២០១៩នេះ

វៀតណាមគ្រោងនឹងនាំចេញឈើ និងផលិតផលឈើឲ្យបានតម្លៃ១១ពាន់លានដុល្លារអាមេ៉រិក នៅឆ្នាំ២០១៩នេះ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក ង្វៀន ស្ស័ន កុង ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី១០ កក្កដា ២០១៩នេះ។ លោករដ្ឋមន្ត្រីថា តម្លៃនៃការនាំចេញឈើមាន៥.២៣ពាន់លានដុល្លារអាមេ៉រិក នៅរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ កើនឡើង២០ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨។ លោក កុង បញ្ជាក់ថា «កំណើននៃការនាំចេញផលិតផលឈើនេះបង្កើតបានការងារកាន់តែច្រើន និងបន្ថែមទំហំនៃការដាំដុះឈើ។» លោកបន្តថា វៀតណាមបានប្រែក្លាយពីប្រទេសមានតំបន់គ្របដណ្តប់ឈើត្រឹម២០ភាគរយពីមុន មកឲ្យមានដល់ទៅ៤៣ភាគរយ។ លោកបន្ថែមទៀតថា នៅឆ្នាំ២០១៩នេះ ជាឆ្នាំបង្ហាញពីការប្រកួតប្រជែង ដោយសារតែភាពតានតឹងពាណិជ្ជកម្មអាមេ៉រិក-ចិន និងការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ដែលមានឥទ្ធិពលមកលើវិស័យកសិកម្ម។លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុន៕ធ.ដ
-
ថៃប្រកាសបញ្ចប់របបយោធា ត្រួសត្រាយផ្លូវឲ្យរដ្ឋាភិបាលស៊ីវិលស្បថចូលកាន់តំណែង ឆាប់ៗនេះ

មេបញ្ជាការយោធាកំពូលរបស់ថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែលក៏ជានាយករដ្ឋមន្ត្រីផងដែរនោះ កាលពីថ្ងៃអង្គារ៍ ទី៩ កក្កដា ម្សិលមិញ បានបញ្ជាឲ្យបញ្ចប់របបសឹក ឬការគ្រប់គ្រងប្រទេសដោយរបបយោធា មុនពេលរដ្ឋាភិបាលស៊ីវិលថ្មីរបស់លោកនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ ប៉ុន្តែលោកនៅតែលោកនៅតែរក្សាអំណាចតឹងរឹងដដែល ពោលនៅតែគ្រប់គ្រងកម្លាំងសន្តិសុខក្នុងការស្រាវជ្រាវ និងចាប់ខ្លួន ជាដើម។ ចាប់ពីតាំងពីលោកបានចូលកាន់តំណែង ក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤មក រដ្ឋាភិបាលយោធារបស់លោកបានចេញសេចក្តីបង្គាប់បញ្ជាច្រើនជាង៥០០លើក ដោយយោងតាមមាត្រា៤៤ ឬ គេហៅថា ច្បាប់ផ្តាច់ការ ដែលអនុញ្ញាតឲ្យលោកបំពានច្បាប់ប្រទេសថៃ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។លោក ប្រាយុទ្ធ ចាន់អូចា នឹងក្លាយជានាយករដ្ឋមន្ត្រីស៊ីវិល ដោយទទួលបានការផ្តល់ទំនុកចិត្តពីសំណាក់សមាជិកព្រឹទ្ធសភា និងរដ្ឋសភាថៃ ដែលកើតចេញពីការបោះឆ្នោត កាលពីថ្ងៃទី២៤ មីនា ២០១៩។ ការសម្រេចបញ្ចប់របបយោធាកាលពីម្សិលមិញរបស់លោក ប្រាយុទ្ធនេះ គឺសំដៅលើការបញ្ចប់ការរឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយ ហើយបញ្ជូនករណីរឿងក្តីស៊ីវិលពីតុលាការយោធា ទៅតុលាការស៊ីវិល។ ថ្លែងប្រាប់អ្នកសារព័ត៌មាននាវិមានរដ្ឋាភិបាល ក្នុងរាជធានីបាងកក លោក ប្រាយុទ្ធបាននិយាយថា «ខ្ញុំនឹងមិនប្រើប្រាស់មាត្រា៤៤ទៀតទេ។ រាល់ការបង្គាប់បញ្ជាទាំងនេះមិនបង្កបញ្ហាទេ ព្រោះត្រូវបានដោះស្រាយបញ្ហារួចរាល់ហើយ»។លោក ប្រាយុទ្ធ ធ្លាប់បានបញ្ជាក់ថ្មីៗនេះថា រដ្ឋាភិបាលថ្មីនឹងមានជាផ្លូវការ នៅត្រឹមខែកក្កដា…
-
ក្រុមមេដឹកនាំអឺរ៉ុប អំពាវនាវឱ្យមានការប្រជុំគ្រាមានអាសន្នពាក់ព័ន្ធនឹងបញ្ហាប្រទេសអ៊ីរ៉ង់

អឺរ៉ុប៖ ក្រុមប្រទេសអឺរ៉ុប ដែលជាហត្ថលេខីលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នំា២០១៥ ជាមួយអ៊ីរ៉ង់ បានអំពាវនាវឱ្យមានការប្រជុំជាបន្ទាន់មួយនៃភាគីមានទាក់ទិន ដើម្បីពិភាក្សាគ្នាអំពីការប្រព្រឹត្តតាមកិច្ចព្រមព្រៀងនេះដោយរដ្ឋាភិបាលក្រុងតេរ៉ង់។ ភាគីអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងថា អ៊ីរ៉ង់ មិនបានបំពេញតាមការសន្យារបស់ខ្លួនមួយចំនួន តាមរយៈកម្មព្រមព្រៀងផែនការសកម្មភាពទូលំទូលាយរួមគ្នា ដែលហៅកាត់ថា JCPOA។ ដូច្នេះហើយទើប អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានស្នើឱ្យមានការប្រជុំខាងលើកាលពីថ្ងៃអង្គារសប្តាហ៍នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា អ៊ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញូមលើសកម្រិត ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥៕ធ.ដ
-
សារព័ត៌មានរុស្ស៊ី RT និង Sputnik រងការចោទប្រកាន់ថា ចូលរួមចំណែកផ្សព្វផ្សាយ ព័ត៌មានមិនពិត

រុស្ស៊ី៖ រដ្ឋមន្ត្រី៦០រូប និងអ្នកសារព័ត៌មានជាង១ពាន់នាក់ គ្រោងចូលរួមក្នុងសន្និសីទសេរីភាពសារព័ត៌មាន ដែលរៀបចំឡើងក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅសប្ដាហ៍នេះ។ ប៉ុន្តែការិយាល័យកិច្ចការបរទេសអង់គ្លេស បានដាក់បម្រាមលើសារព័ត៌មានរុស្ស៊ី RT និង ស្ពូ្រតនីគ (Sputnik) ខណៈទីក្រុងម៉ូស្គូ ហៅបម្រាមនេះថា ជាចេតនានយោបាយ។ សារព័ត៌មានរុស្ស៊ី RT និង ស្ពូ្រតនីគ (Sputnik) ត្រូវបានជាប់បម្រាមចូលរួមក្នុងសន្និសីទស្ដីពីសេរីភាពសារព័ត៌មាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក្រោយរងការចោទប្រកាន់ថា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីទាំងពីរនេះ បានចូលរួមចំណែកក្នុងការចេញផ្សាយព័ត៌មានមិនពិត។ សូមរំលឹកថា អាជ្ញាធរទីក្រុងឡុងដ៍ កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ធ្លាប់ចោទប្រកាន់ថា សារព័ត៌មានរុស្ស៊ី RT និង ស្ពូ្រតនីគ (Sputnik) បានរំលោភលើច្បាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន តាមរយៈការចុះផ្សាយជាបន្តបន្ទាប់នូវអត្ថបទពាក់ព័ន្ធនឹងការបំពុលប៉ុនប៉ងសម្លាប់អតីតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី លោក សឺហ្គៃ ស្គីបាល់ និងកូនស្រីរបស់លោកឈ្មោះ យូលៀ នៅទីក្រុង សាលីសប៊ឺរី៕ធ.ដ
-
ចិនខឹងសម្បារជាខ្លំាង និងជំរុញឱ្យសហរដ្ឋអាម៉េរិកលុបចោលគម្រោងលក់សព្វាវុធ ទៅកាន់តៃវ៉ាន់ជាបន្ទាន់

ចិន៖ រដ្ឋាភិបាលចិន នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានចេញមុខទទូចឲ្យសហរដ្ឋអាម៉េរិកលុបចោលគម្រោងលក់សព្វាវុធឲ្យទៅកោះតៃវ៉ាន់ជាបន្ទាន់ ហើយថែមទាំងជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន កាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ផងដែរ។ ប្រតិកម្មរបស់ទីក្រុងប៉េកាំង ត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបចំពោះគម្រោងលក់សព្វាវុធទំហំ២,២ពាន់លានដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោន ទៅឲ្យកោះតៃវ៉ាន់ ដោយក្នុងនោះរួមមានទាំងរថក្រោះ M1A2 Abram និងមីស៊ីលកម្ទេចយន្តហោះ Stinger ផងដែរ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ស័ង បានលើកឡើងថា ចិនស្នើឱ្យអាម៉េរិកលុបចោលវិញនូវគម្រោងលក់សព្វាវុធផ្សេងៗទៅឲ្យតៃវ៉ាន់ និងកាត់ផ្តាច់ចំណងទាក់ទងផ្នែកយោធាជាមួយតៃវ៉ាន់ ដើម្បីជៀសវាងការបំផ្លិចបំផ្លាញទំនាក់ទំនងទ្វេភាគី ក៏ដូចជាសុខសន្តិភាព និងស្ថិរភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់៕ធ.ដ
-
ឥណ្ឌូណេស៊ី នឹងបញ្ជូនសំរាមប្រមាណ២១០តោនត្រឡប់ទៅកាន់អូស្រ្តាលីវិញ

ឥណ្ឌណេស៊ី៖ ឥណ្ឌូណេស៊ី នឹងបញ្ជូនសំរាមជាង២១០តោនត្រឡប់ទៅអូស្រ្តាលីវិញ ដែលចំណាត់ការនេះ ធ្វើឡើងក្នុងគ្រាដែលប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងព្យាយាមលុបលាងឈ្មោះជាកន្លែងចាក់សំរាមរបស់ប្រទេសដទៃ។ នេះបើតាមក្រសួងបរិស្ថានឥណ្ឌូណេស៊ី នៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។ រដ្ឋាភិបាលឥណ្ឌូណេស៊ី កាលពីសប្តាហ៍មុន ទើបតែបានប្រកាសពីគម្រោងបញ្ជូនសំរាមចំនួន៤៩កុងតឺន័រ ត្រឡប់ទៅកាន់ប្រទេសបារាំង និងប្រទេសអភិវឌ្ឍន៍ឯទៀតៗ។ ចំណែកកាលពីខែឧសភាកន្លងទៅនេះ ម៉ាឡេស៊ី ក៏បានប្រកាសដែរថា ខ្លួននឹងបញ្ជូនកាកសំណល់ប្លាស្ទិកទម្ងន់៤៥០តោន ត្រឡប់ទៅកាន់ប្រទេសដែលជាភពដើមវិញ រួមមាន៖ អូស្រ្តាលី បង់ក្លាដែស កាណាដា ចិន ជប៉ុន អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាម៉េរិក។ រីឯនៅចុងខែមិថុនាវិញ កាណាដា ក៏ទើបទទួលបានសំរាមជិតជាង៦០កុងតឺន័ររបស់ខ្លួនវិញ ក្រោយហ្វីលីពីនបានបង្ខំឲ្យដឹកយកទៅវិញជាបន្ទាន់៕ធ.ដ
-
ស្លាប់មនុស្ស២៩នាក់ ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលប្រឡាយ នៅប្រទេសឥណ្ឌា

មនុស្ស២៩នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួសនៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរ៥០នាក់ បានធ្លាក់ចូលទឹកប្រឡាយ នៅរដ្ឋUttar Pradesh ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទទី៨ កក្កដាម្សិលមិញ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងតំបន់។ រថយន្តក្រុងនេះ បានធ្លាក់ចូលប្រឡាយនៅពេលធ្វើដំណើរចេញពីទីក្រុង Lucknowឆ្ពោះទៅទីក្រុង Delhi។ ប្រតិបត្តិការសង្គ្រោះកំពុងតែប្រព្រឹត្តឡើងនៅឯទីកើតហេតុ។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់មួយនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕ធ.ដ