-
ទូកល្បាតអ៊ីរ៉ង់ ជាច្រើនឡោមព័ទ្ធកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿងនៅក្នុងច្រកសមុទ្រ Hormuz

អង់គ្លេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ទូកល្បាតអ៊ីរ៉ង់៥គ្រឿង នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានសំដៅមករកកប៉ាល់ដឹកប្រេងអង់គ្លេសឈ្មោះ ប្រ៊ីធីស ហើរីថេច នៅឯច្រកសមុទ្រ ហ័រមូស ប៉ុន្តែបានដកថយទៅវិញ ក្រោយមានការព្រមានពីនាវាចម្បាំងអង់គ្លេស HMS ម៉ុនត្រូស ដែលអមដំណើរកប៉ាល់ដឹកប្រេងនោះ។ បើតាមប្រភពដដែលនេះ ទូកល្បាតទាំង៥គ្រឿង ដែលជាកម្មសិទ្ធិរបស់កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បានប៉ុនប៉ងរឹបអូសយកកប៉ាល់ដឹកប្រេង ប្រ៊ីធីស ហើរីថេច ដែលធ្វើដំណើរក្នុងឈូងសមុទ្រពែក តាមរយៈការទាមទារឲ្យកប៉ាល់នោះឈប់ នៅក្នុងដែនទឹករបស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែក៏បានដកថយទៅវិញ ក្រោយទទួលបានការព្រមានពីនាវាចម្បាំង HMS ម៉ុនត្រូស ដែលអមដំណើរកប៉ាល់នេះ។ ហេតុការណ៍ខាងលើ បានកើតមានឡើងប៉ុន្មានថ្ងៃក្រោយកងម៉ារីនរបស់អង់គ្លេស បានរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅច្រកសមុទ្រ ជីប្រាល់តា ក្រោមការសង្ស័យថា កប៉ាល់នោះល្មើសនឹងទណ្ឌកម្មអន្តរជាតិ ដែលបានដាក់លើអ៊ីរ៉ង់។ ឆ្លើយតបនឹងទង្វើនេះ អ៊ីរ៉ង់ក៏បានព្យាយាមទទូចឲ្យអង់គ្លេសដោះលែងកប៉ាល់ដឹកប្រេងរបស់ខ្លួនវិញ ហើយថែមទាំងគំរាមថា អ៊ីរ៉ង់នឹងចាត់វិធានការដូចគ្នាលើកប៉ាល់ដឹកប្រេងរបស់អង់គ្លេស៕ធ.ដ
-
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានបន្ថែមមុខតំណែងជា រដ្ឋមន្ត្រីការពារជាតិថៃ

ថៃ៖ មហាក្សត្រថៃព្រះបាទ មហា វិច្ឆរ៉ាឡុងកន នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានសម្រេចតែងតាំងសមាសភាពរដ្ឋាភិបាលថ្មីហើយ ដែលស្នើដោយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា។ រដ្ឋាភិបាលថ្មីដែលគេរង់ចាំមើលជាយូរមកហើយនោះ មានសមាជិក៣៦នាក់ ដែលភាគច្រើនជាអតីតរដ្ឋមន្ត្រីសល់ពីរបបដឹកនាំយោធា និងមកពីសម្ព័ន្ធភាពកាន់អំណាចមានសំឡេងក្នុងសភា ហើយដែលជាកម្លាំងសំខាន់ក្នុងការជួយលោក ប្រាយុទ្ធ ឲ្យធ្វើនាយករដ្ឋមន្ត្រី៤ឆ្នាំទៀត។ បន្ថែមពីលើតំណែងនាយករដ្ឋមន្ត្រីថៃនោះ លោក ប្រាយុទ្ធ ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថៃមួយទៀតផងដែរ ខណៈតំណែងនេះធ្លាប់ជារបស់លោក ប្រាវីត វង្សសុវណ្ណ។ ជំនួសមកវិញ លោក ប្រាវីត នឹងកាន់តំណែងឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិ។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិ ជាតំណែងដ៏សំខាន់ក្នុងជួររដ្ឋាភិបាលថៃ ព្រោះត្រូវទទួលខុសត្រូវលើកងទ័ពទាំងមូល។ ការប្រគល់តំណែងនេះឲ្យអ្នកផ្សេង អាចជាការប្រថុយមួយសម្រាប់លោក ប្រាយុទ្ធ ពិសេសរឿងរដ្ឋប្រហារតែម្ដង ខណៈរដ្ឋាភិបាលរបស់លោកទំនងជាមិនសូវមានស្ថិរភាពប៉ុន្មានដែរ ដោយសារកើតចេញពីសម្ព័ន្ធភាពមានបក្សនយោបាយក្បែរ២០ឯណោះ។ វិបត្តិនយោបាយណាមួយនៅថ្ងៃមុខ ជារឿងដែលលំបាក ដូចនេះការអង្គុយកៅអីរដ្ឋមន្ត្រីការពារជាតិ ជារឿងល្អសម្រាប់លោក ប្រាយុទ្ធ៕ធ.ដ
-
ឡាវអបអរសាទរខ្លាំងបំផុត ក្រោយតំបន់វាលស្រែពាងបុរាណរបស់ប្រទេសខ្លួន ចុះឈ្មោះជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO

ឡាវ៖ អង្គការ UNESCO បានសម្រេចជាផ្លូវការហើយ ក្នុងការដាក់បញ្ចូលតំបន់វាលស្រែពាងបុរាណរបស់ប្រទេសឡាវ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលប្រការនេះ គឺជាជោគជ័យដ៏អស្ចារ្យមួយរបស់រដ្ឋាភិបាលឡាវ ដែលបានខិតខំប្រឹងប្រែងលើការងារនេះ អស់ជាច្រើនឆ្នាំកន្លងមកហើយ ដើម្បីជំរុញឱ្យមានការទទួលស្គាល់ជាអន្តរជាតិ លើតំបន់ទីវាលបុរាណអាយុកាលរាប់ពាន់ឆ្នាំរបស់ឡាវ។ សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងនៅសម័យប្រជុំលើកទី៤៣ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាគូអា ប្រទេសអាហ្សែបែហ្សង់។ ការចុះបញ្ជីនេះមានន័យថា វាលស្រែពាងបុរាណ (Plain of Jars) គឺជាបេតិកភណ្ឌពិភពលោកទី៣ហើយរបស់ឡាវ ខណៈទីក្រុងបុរាណលួងប្រាបាង្គ ត្រូវបានចុះបញ្ជីកាលពីឆ្នាំ១៩៩៥ ហើយបន្ទាប់មកទៀតគឺប្រាសាទវត្តភូ ត្រូវបានចុះបញ្ជីកាលពីឆ្នាំ២០០១។ ទីតាំងទាំង១៥ នៃតំបន់ដែលត្រូវបានគេដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ មានផ្ទុកដោយពាងថ្មធំៗ ផ្ទាំងថ្មធំៗ កន្លែងបញ្ចុះសព សិលាចារឹកថ្មកែវ និងវត្ថុតំណាងពិធីបុណ្យផ្សេងៗទៀត ដែលមានអាយុកាលតាំងពី៥០០មុនគ.ស ដល់ឆ្នាំ៥០០ នៃគ.ស។ ពាង និងវត្ថុធាតុដែលជាប់ទាក់ទង គឺជាភ័ស្តុតាងដ៏លេចធ្លោជាងគេបំផុតនៃអរិយធម៌របស់មនុស្សលោក នៅក្នុងយុគសម័យលោហៈ ដែលត្រូវបានបង្កើត និងប្រើប្រាស់វារហូតមកដល់សម័យចុងក្រោយនៃយុគសម័យនោះ៕ធ.ដ
-
ការឆ្លងរាលដាលជម្ងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសចិន មានសភាពយឺតនៅឡើយ

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មចិនបាននិយាយ ថ្មីៗនេះថា ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានសម្លាប់សត្វជ្រូកប្រមាណ១.២លានក្បាលរួចមកហើយនោះ នៅមិនទាន់រាលដាលលឿនទេ។ ក្នុងសន្និសីទសារព័ត៌មាន នៅក្នុងទីក្រុងប៉េកាំង ចេញផ្សាយដោយសារព័ត៌មាន porkbusiness កាលពីថ្ងៃទី៩ កក្កដា លោកអនុរដ្ឋមន្ត្រីអះអាងថា ចាប់តាំងពីដើមឆ្នាំ២០១៩មក ចិនមានករណីជ្រូកផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះត្រឹមតែ៤៤ករណី តែបើប្រៀបធៀបនឹងចន្លោះពេលពីខែសីហា ដល់ធ្នូ ២០១៨ មាន៩៩ករណី។ លោកបន្ថែមទៀតថា ការជួយអន្តរាគមន៍បន្ថែមនឹងត្រូវធ្វើឡើង ដល់កម្រិតមូលដ្ឋាន ប៉ុន្តែលោកសារភាពថា ស្ថានការណ៍គ្រប់គ្រងការឆ្លងរាលដាលនៃវីរុសនេះនៅតែស្មុគស្មាញ។ គួរបញ្ជាក់ថា ចិនត្រូវបានគេលើកឡើងថា ជាប្រទេសផ្តល់សាច់ជ្រូក២ភាគបី ក្នុងចំណោមការផ្គត់ផ្គង់នៅលើពិភពលោក។ បើទោះបីជាចិនថា ការឆ្លងរាលដាលនៅមានភាពយឺតយ៉ាវក៏ដោយ មកទល់នឹងពេលនេះ ជម្ងឺប៉េស្តជ្រូកអាហ្វិកបានឆ្លងដល់ជ្រូកស្ទើរគ្រប់ក្រុង និងខេត្ត នៅប្រទេសវៀតណាម នាំឲ្យមានការសម្លាប់ជ្រូកជិត២លានក្បាលហើយ៕ធ.ដ
-
ផ្លូវហាយវ៉េភ្ជាប់ពីអឺរ៉ុបទៅចិន ប្រវែងជិត២ពាន់គីឡូម៉ែត្រនឹងត្រូវសាងសង់ ចំណាយជិត១០ពាន់លានដុល្លារអាម៉េរិក

ផ្លូវប្រវែងជិត១២៥០ម៉ាយ ឬ ជិត២ពាន់គីឡូម៉ែត្រភ្ជាប់ពីតំបន់អឺរ៉ុបទៅប្រទេសចិនត្រូវបានផ្តល់ភ្លើងខៀវឲ្យសាងសង់ហើយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីម្សិលមិញ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti ឲ្យដឹងថា ផ្លូវហាយវ៉េថ្មីឈ្មោះ Meridan នឹងលាតសន្ធឹងប្រវែងជិត ២ពាន់គីឡូម៉ែត្រដើម្បីបង្កើនភាពងាយស្រួលក្នុងការដឹកជញ្ជូនពីអឺរ៉ុបមកកាន់ប្រទេសចិន។ ប្រភពដដែលបន្ដថា ជំហានដំបូងនៃគម្រោងនេះ ត្រូវបានអនុញ្ញាតដោយរុស្ស៊ីដែលគាំទ្រដោយដៃគូឯកជនជាមួយនឹងភ្នាក់ងាររដ្ឋ។ គម្រោងនេះត្រូវប៉ាន់ស្មានថានឹងចំណាយទឹកប្រាក់ប្រមាណជា ៩,៤ពាន់លានដុល្លារ ខណៈពេលដែលដីជាង ៨០%សម្រាប់ការសាងសង់ផ្លូវ ត្រូវបានទិញរួចរាល់ហើយ។ ផ្លូវថ្មីនេះក៏នឹងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពីសហគមន៍អ៊ឺរ៉ុបទៅភាគខាងលិចរុស្ស៊ី និងភាគកណ្ដាលអាស៊ីផងដែរ៕ធ.ដ
-
មីយ៉ាន់ម៉ានឹងបើកឲ្យដំណើរការធនាគារបរទេសបន្ថែមទៀត ចុងឆ្នាំនេះ

ជាមួយនឹងកំណែទម្រង់វិស័យហិរញ្ញវត្ថុនោះ ប្រទេសមីយ៉ាន់ម៉ាមានផែនការអនុញ្ញាតឲ្យធនាគារបរទេសច្រើនទៀត ដំណើរការផ្តល់សេវាកម្មក្នុងប្រទេស នេះបើតាមលោក Soe Thein (ស៊ូ ថេន) អគ្គទេសាភិបាលរងនៃធនាគារកណ្តាលមីយ៉ាន់ម៉ា CBM។ លោកបានប្រាប់សារព័ត៌មាន The Nation កាលពីថ្ងៃពុធ ទី១០ កក្កដាម្សិលមិញថា ជុំទី៣នៃអាជ្ញាប័ណ្ណ សម្រាប់ធនាគារបរទេសនឹងត្រូវបើកឲ្យមាន នៅចុងឆ្នាំ២០១៩នេះ។បច្ចុប្បន្ននេះ មានធនាគារបរទេសចំនួន១៣ត្រូវបានផ្តល់អាជ្ញាប័ណ្ណបើកដំណើរការអាជីវកម្ម ជាសាខារបស់ខ្លួន ក្នុងប្រទេសមីយ៉ាន់ម៉ា។ លោក Soe Thein បានបញ្ជាក់ថា មីយ៉ាន់ម៉ាបានបន្ធូរបន្ថយការរឹតបន្តឹងលើការផ្តល់អាជ្ញាប័ណ្ណសម្រាប់ធនាគារបរទេស។កាលពីឆ្នាំ២០១៤ ធនាគារកណ្តាលមីយ៉ាន់ម៉ាបានផ្តល់អាជ្ញាប័ណ្ណដល់សាខាធនាគារចំនួន៩ មកពីអូស្ត្រាលី ជប៉ុន សិង្ហបុរី ចិន ថៃ និងមីយ៉ាន់ម៉ា។ ២ឆ្នាំក្រោយមក ផ្តល់ធនាគារក្រៅប្រទេសចំនួន៤ទៀត មកពីវៀតណាម កូរ៉េខាងត្បូង ឥណ្ឌា និងតៃវ៉ាន់៕ធ.ដ
-
រដ្ឋបាលរបស់លោក ត្រាំ កំពុងត្រៀមពន្លឿនការពិនិត្យមើលជុំដំបូងទៅលើជនស្វែងរក សិទ្ធិជ្រកកោន

សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុង ត្រៀមខ្លួនដើម្បីពន្លឿនការពិនិត្យមើលជុំដំបូង ទៅលើជនស្វែងរកសិទ្ធិជ្រកកោន ដោយនឹងត្រូវសម្ភាសន៍ជនអន្តោប្រវេសន៍ទាំងនោះក្នុងរយៈពេល២៤ម៉ោង។ មន្ត្រីទទួលបន្ទុកផ្ដល់សិទ្ធិសុំជ្រកកោនជាទូទៅត្រូវរង់ចាំរយៈពេល៤៨ម៉ោងទើបអាចសម្ភាសន៍ និងស្ដាប់ករណីរបស់ជនអន្តោប្រវេសន៍ម្នាក់ ដែលត្រូវបានឃុំឃាំង បន្ទាប់ពីឆ្លងចូលមកសហរដ្ឋអាម៉េរិកបាន។ ក៏ប៉ុន្តែនាយកស្ដីទីនៃទីភ្នាក់ងារផ្ដល់សិទ្ធិ និងអន្តោប្រវេសន៍អាម៉េរិក USCIS លោក Ken Cuccinelli បានណែនាំឲ្យមន្ត្រីរបស់ខ្លួនសម្ភាសន៍ជនអន្តោប្រវេសន៍ ដែលត្រូវបានឃុំឃាំងក្នុងរយៈពេល២៤ម៉ោង។ ដោយឡែកអ្នកស្រី Jessica Collins ដែលជាអ្នកនាំពាក្យទីភ្នាក់ងារផ្ដល់សិទ្ធិ និងអន្តោប្រវេសន៍អាម៉េរិកបានបញ្ជាក់ដែរថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពន្លឿនដំណើរការត្រួតពិនិត្យនេះឲ្យកាន់តែមានប្រសិទ្ធភាព ស្ថាប័នរបស់លោកស្រីកំពុងតែកែប្រែរយៈពេលសម្ភាសន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង។ ថ្វីត្បិតតែអ្នកស្រី Collins មិនបានបញ្ជាក់ថាតើលិខិតណែនាំថ្មីនោះ នឹងត្រូវចាប់ផ្ដើមអនុវត្តនៅពេលណាក៏ដោយ ក៏ប៉ុន្តែអ្នកស្រីបាននិយាយថា ការណ៍នេះនឹងជួយពន្លឿនដំណើរការត្រួតពិនិត្យឲ្យកាន់តែលឿន និងជួយទប់ស្កាត់ការរាំងស្ទះការងារ ៕ធ.ដ
-
សមាជិកសភាអង់គ្លេសបង្ហាញការសោកស្តាយខ្លំាង បន្ទាប់ពីឯកអគ្គរាជទូតអង់គ្លេស នៅសហរដ្ឋអាម៉េរិកសម្រេចចិត្តចុះចេញពីតំណែង

អង់គ្លេស៖ ការសម្រេចចិត្តរបស់លោក Kim Darroch ក្នុងការលាលែងចេញពីតំណែងឯកអគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាម៉េរិក បានធ្វើឱ្យសមាជិកសភាអង់គ្លេសមានការសោកស្តាយជាខ្លាំង ដោយក្នុងចំណោមពួកគេភាគច្រើនមានអារម្មណ៍ថា រដ្ឋបាលលោក ត្រាំ បានសម្លុតឱ្យលោកចាកចេញពីស្ថានទូត។ លោក Darroch ដែលប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់លោក ដូណាល់ ត្រាំ នៅក្រោយការលេចធ្លាយទូរលេខសម្ងាត់ ដែលនិយាយមិនល្អអំពីប្រធានាធិបតីអាម៉េរិករូបនេះ។ ទន្ទឹមនឹងការសម្រេចចិត្តរបស់ខ្លួន លោក Darroch បានលើកឡើងនៅក្នុងថ្ងៃពុធសប្តាហ៍នេះថា លោកបានលាលែងចេញពីតំណែងពីព្រោះស្ថានការណ៍បច្ចុប្បន្ន មិនអាចធ្វើឱ្យលោកបំពេញមុខនាទីលោកបានទេ។ ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ដែលជិតចាកចេញពីតំណែងបានសម្តែងការសោកស្តាយ ចំពោះការលាលែងចេញពីតំណែងរបស់លោក Darroch ដោយលោកស្រីបានបញ្ជាក់ថា វាជាការសោកស្តាយធំមួយ៕ធ.ដ
-
ប្រជាជនអាល្លឺម៉ង់ កំពុងព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់លោកស្រីអធិការបតីអាល្លឺម៉ង់ ដែលកាន់តែទ្រុឌទ្រោមខ្លាំង

អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មើគែល ត្រូវបានគេថតជាប់ដោយមានអាការៈញ័រខ្លួនជាលើកទី៣ នៅថ្ងៃពុធនេះ ស្របពេលប្រជាជនអាល្លឺម៉ង់ បានសម្តែងនូវការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះស្ថានភាពទ្រុឌទ្រោមរបស់មេដឹកនាំប្រទេសពួកគេ។ លោកស្រី អាន់ជែលឡា មឺគែល ត្រូវបានគេថតជាប់នូវអការៈញ័រខ្លួនជាលើកដំបូង នៅពេលលោកស្រីចាប់ដៃជាមួយប្រធានាធិបតីអ៊ុយក្រែនថ្មី លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ ក្នុងរដ្ឋធានីប៊ែរឡាំង។ ដោយឡែកហេតុការណ៍ចុងក្រោយនេះ បានកើតមានឡើងជាថ្មីទៀតអំឡុងពេលអធិការបតីអាល្លឺម៉ង់រូបនេះ ទទួលស្វាមគមន៍នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក អាន់ទី រីនណេ ដែលបំពេញទស្សនកិច្ចមកកាន់ទីក្រុងប៊ែរឡាំង៕ធ.ដ
-
ឡាវ អះអាងពីសុវត្ថិភាពផលិតផលសាច់ជ្រូកក្នុងរដ្ឋធានីវៀងចន្ទន៍ បន្ទាប់ពីជំងឺ ប៉េស្តជ្រូកអាហ្រ្វិករាលដាលចូលមកដល់

ឡាវ៖ សាច់ជ្រូកទាំងអស់ ដែលដាក់លក់លើទីផ្សាទីក្រុងវៀងចន្ទន៍ គឺមានសុវត្ថិភាពក្នុងការបរិភោគ ព្រោះសាច់ជ្រូកទាំងនោះ មានការត្រួតពិនិត្យយ៉ាងច្បាស់លាស់ជាប្រចាំ បន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកចូលមកដល់រដ្ឋធានីរបស់ប្រទេសឡាវ នេះបើតាមការអះអាងរបស់អាជ្ញាធរឡាវ។ គិតមកទល់ពេលនេះ នៅក្នុងទីក្រុងវៀងចន្ទន៍ មានសត្វជ្រូកប្រហែល១០០ក្បាលហើយ បានងាប់ ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក ASF ស្របពេលមានជ្រូកសរុបប្រមាណ២,៥០០ក្បាល បានងាប់នៅទូទាំងប្រទេសឡាវដោយសារជំងឺនេះ។ បើតាមមន្រ្តីសុខាភិបាលឡាវ វាមានសុវត្ថិភាពក្នុងការទទួលទានសាច់ជ្រូកទាំងនោះ ប៉ុន្តែគួរតែចម្អិនវាឱ្យឆ្អិនល្អមុននឹងទទួលទាន។ បើទោះបីជាជំងឺនេះ ជាជំងឺឆ្លងដ៏កាចសាហាវពីក្នុងចំណោមសត្វជ្រូកក៏ដោយ តែវាមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ឡាវនាពេលថ្មីៗនេះ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាននៅខេត្តឡាសាវ៉ាន់ និងខេត្តដទៃទៀត ឲ្យតាមដានយ៉ាងបានដិតដល់បំផុតនៅតាមតំបន់របស់ពួកគេរៀងៗខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕ធ.ដ