Category: ព័ត៌មានអន្តរជាតិ

  • ចិនសាងសង់អាកាសយានដ្ឋានថ្មីរួចរាល់នៅប៉េកាំង អាចទទួលអ្នកដំណើរ៤៥លាននាក់ ក្នុង១ឆ្នាំ

    ចិនសាងសង់អាកាសយានដ្ឋានថ្មីរួចរាល់នៅប៉េកាំង អាចទទួលអ្នកដំណើរ៤៥លាននាក់ ក្នុង១ឆ្នាំ

    ក្រោយចំណាយពេលសាងសង់អស់ជាង៣ឆ្នាំ អាកាសយានដ្ឋានថ្មីនៅទីក្រុងប៉េកាំង ប្រទេសចិនឈ្មោះ Daxing ត្រូវបានបញ្ចប់ការសាងសង់តាមការគ្រោងទុក កាលពីពេលថ្មីៗនេះ។ ចំណតអាកាសយានដ្ឋានអន្តរជាតិ ដែលមានរូបរាងផ្កាយសមុទ្រនេះ ស្ថិតនៅភាគខាងត្បូងនៃទីក្រុងប៉េកាំង និងនៅចម្ងាយ៥០គីឡូម៉ែត្រពី Tiananmen Square។ វាជាមជ្ឈមណ្ឌលដឹកជញ្ជូនធំបំផុតក្នុងប្រទេសចិន ដែលគ្រោងនឹងទទួលអ្នកដំណើរ៤៥លាននាក់ ជារៀងរាល់ឆ្នាំ នៅឆ្នាំ២០២១ ហើយគ្រោងនឹងទទួលជាង ៧២លាននាក់ នៅឆ្នាំ២០២៥។ យ៉ាងណាមិញ អាកាសយានដ្ឋានថ្មីនេះ នឹងបើកដំណើរការចាប់ពីថ្ងៃទី៣០ ខែកញ្ញាតទៅ ត្រៀមយន្តហោះ៦០គ្រឿង ជាមួយនឹងការរចនារូបរាងដែលផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរទាំងភ្ញៀវជាតិ និងអន្តរជាតិ៕ធ.ដ

  • យោធាជាន់ខ្ពស់រុស្ស៊ីអះអាងថា រុស្ស៊ីនឹងប្រើប្រព័ន្ធ S-500 ដើម្បីទប់ទល់នឹងសត្រូវ ពីទីអវកាស

    យោធាជាន់ខ្ពស់រុស្ស៊ីអះអាងថា រុស្ស៊ីនឹងប្រើប្រព័ន្ធ S-500 ដើម្បីទប់ទល់នឹងសត្រូវ ពីទីអវកាស

    រុស្ស៊ី៖ មន្រ្តីយោធាជាន់ខ្ពស់រុស្ស៊ី លោក យូរី មួរ៉ាវគីន បានលើកឡើងថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មី S-500 របស់រុស្ស៊ី នឹងមានតួនាទីសំខាន់ ដើម្បីទប់ស្កាត់ការវាយប្រហារដែលមានប្រភពមកពីទីអវកាស។ លោក មួរ៉ាវគីន បានសង្កត់ធ្ងន់ថា នាពេលអនាគតដ៏ខ្លីខាងមុខ ព្រំដែនរវាងផ្ទៃអាកាស និងទីអវកាស នឹងត្រូវបានរលុបបាត់ ដោយសារសត្រូវដែលស្ថិតនៅលើផ្ទៃអាកាស នឹងប្រែក្លាយទៅជាសត្រូវដែលមកពីទីអវកាសវិញម្តង។ ដូច្នេះហើយទើបប្រព័ន្ធ S-500 នឹងមានគោលដៅចម្បង គឺទប់ទល់ជាមួយអាវុធរបស់សត្រូវដែលមកពីទីអវកាស។ បើតាមការចុះផ្សាយកន្លងមកនេះរបស់សារព័ត៌មានក្នុងស្រុករុស្ស៊ី ប្រព័ន្ធ S-500 មានសមត្ថភាពកម្ទេចគោលដៅនៅចម្ងាយរហូតដល់៦០០គីឡូម៉ែត្រពីវាបាន ហើយប្រព័ន្ធមីស៊ីលនេះក៏អាចចាប់សញ្ញា និងវាយប្រហារព្រមៗគ្នាលើគោលដៅចំនួន១០ ដែលហោះក្នុងល្បឿន០៧គីឡូម៉ែត្រក្នុងមួយវិនាទី ពោលគឺលឿនជាងល្បឿនសំឡេង២០ដងឯណោះ៕ធ.ដ

  • ទីបំផុតអភិបាលក្រុងហុងកុង សម្រេចចិត្តលុបចោលច្បាប់ធ្វើបត្យាប័ន ហើយសន្យា ព្យាយាមស្តាទំនុកចិត្តពីប្រជាជនលើរដ្ឋាភិបាលឡើងវិញ

    ទីបំផុតអភិបាលក្រុងហុងកុង សម្រេចចិត្តលុបចោលច្បាប់ធ្វើបត្យាប័ន ហើយសន្យា ព្យាយាមស្តាទំនុកចិត្តពីប្រជាជនលើរដ្ឋាភិបាលឡើងវិញ

    ហុងកុង៖ ថ្លែងនៅចំពោះមុខក្រុមអ្នកកាសែត អំឡុងការធ្វើសន្និសីទសារព័ត៌មានមួយនាថ្ងៃអង្គារនេះ អភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ បាននិយាយថាភាពតានតឹង ការប្រឈមមុខគ្នា និងភ្លើងកំហឹងរបស់ប្រជាពលរដ្ឋហុងកុង គឺបណ្តាលមកពីផែនការចង់អនុម័តច្បាប់ធ្វើបត្យាប័ន ជនសង្ស័យរបស់រដ្ឋបាលទីក្រុងហុងកុង សុទ្ធសាធ។ ដូច្នេះហើយ លោកស្រីសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថា ពុំមានគម្រោងបែបនេះឡើយ និយាយឲ្យច្បាស់លាស់ទៅ គឺផែនការនេះ បានស្លាប់ទៅតាមខ្យល់បាត់ហើយ។ អភិបាលក្រុងហុងកុងរូបនេះ ថែមទាំងបានប្តេជ្ញាផងដែរថា នឹងស្តាទំនុកចិត្តរបស់សាធារណជន ចំពោះរដ្ឋបាលលោកស្រីឡើងវិញ និងស្នើឲ្យមានការបង្កើតវេទិកាបើកចំហមួយ ជាទីសម្រាប់ប្រជាពលរដ្ឋហុងកុង ដែលមានទស្សនៈ និងគំនិតផ្សេងៗគ្នាអាចធ្វើការទំនាក់ទំនងជាមួយរដ្ឋបាលហុងកុង ដោយសន្តិវិធីនិងប្រកបដោយសណ្តាប់ធ្នាប់។ ទន្ទឹមគ្នានេះ លោកស្រី ខារី ឡាំ បានសង្កត់ធ្ងន់ទៀតថា លោកស្រីមើលឃើញយ៉ាងច្បាស់នូវការមិនពេញចិត្ត ក្នុងចំណោមប្រជាពលរដ្ឋហុងកុង ហើយវាឆ្លុះបញ្ចាំងឲ្យឃើញពីបញ្ហាយ៉ាងស៊ីជម្រៅនៅក្នុងសង្គមហុងកុង។ ដូច្នេះហើយរដ្ឋបាលយើង នឹងមិនគេចវេសពីបញ្ហានេះឡើយ តែនឹងប្រឈមមុខវាដោយចំៗតែម្តង។ ជាចុងក្រោយពួកយើងសង្ឃឹមថា នឹងអាចរកច្រកផ្លូវចេញដ៏ល្អមួយ សម្រាប់ទីក្រុងហុងកុងបាន៕

  • អង្គការសហប្រជាជាតិបញ្ជាក់ថា អ៊ីរ៉ង់កំពុងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពី កម្រិតដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង

    អង្គការសហប្រជាជាតិបញ្ជាក់ថា អ៊ីរ៉ង់កំពុងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពី កម្រិតដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង

    បរទេស៖ ទីភ្នាក់ងារឃ្លាំមើលបរិមាណូអង្គការសហប្រជាតិ បានអះអាងថា អ៊ីរ៉ង់កំពុងតែចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពីកម្រិត ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ខណៈការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបាន៥ភាគរយ គឺល្មមគ្រប់គ្រាន់អាចឲ្យអ៊ីរ៉ង់បង្កើតរោងចក្រថាមពលនុយក្លេអ៊ែរបាន។ បើតាមទីភ្នាក់ងារឃ្លាំមើលបរិមាណូអង្គការសហប្រជាតិ ក្រុមត្រួតពិនិត្យរបស់ខ្លួននៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ បានធ្វើការផ្ទៀងផ្ទាត់ និងបានអះអាងថា អ៊ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបាន៤,៥ភាគរយ លើសពីកម្រិត៣,៦៧ភាគរយ ដែលជាកម្រិតត្រូវបានកំណត់នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលមានបំណងទប់ស្កាត់មិនឲ្យរដ្ឋាភិបាលក្រុងតេហេរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ សូមបញ្ជាក់ថា អ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងនៅតែចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម លុះត្រាតែទីក្រុងតេហេរ៉ង់ទទួលបានជំនួយ ដែលខ្លួនត្រូវការពីប្រទេសជាហត្ថលេខីផ្សេងទៀតនៅក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីទប់ទល់ជាមួយនឹងផលប៉ះពាល់ដោយសារទណ្ឌកម្មដែលលោក ដូណាល់ ត្រាំ បានដាក់មកលើសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីបានដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំមុន៕ធ.ដ

  • លោក ត្រាំ ព្រមានអ៊ីរ៉ង់ជាថ្មីថា “យកល្អប្រយ័ត្នខ្លួន‍” បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបង្កើន ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមល្មើសនឹងកិច្ចព្រមព្រៀងឆ្នាំ២០១៥

    លោក ត្រាំ ព្រមានអ៊ីរ៉ង់ជាថ្មីថា “យកល្អប្រយ័ត្នខ្លួន‍” បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបង្កើន ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមល្មើសនឹងកិច្ចព្រមព្រៀងឆ្នាំ២០១៥

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់ជាថ្មីទៀតថា «យកល្អប្រយ័ត្នខ្លួន‍» ខណៈការគំរាមនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់បានប្រកាសកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ខ្លួនកំពុងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពីកម្រិតដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥។ យ៉ាងណាមិញ ប្រធានាធិបតីអាម៉េរិករូបនេះ មិនបានបញ្ជាក់ច្បាស់ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា រដ្ឋបាលរបស់លោកកំពុងពិចារណា ថាតើនឹងចាត់វិធានការបែបណាលើអ៊ីរ៉ង់នោះទេ ប៉ុន្តែលោកបានបញ្ជាក់ជំហរជាថ្មីថា ប្រទេសអ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរជាដាច់ខាត‍។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងក្រោយរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានបង្ហោះសារតាមបណ្តាញសង្គមធ្វីតធើថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ នឹងនាំឱ្យមានការដាក់ទណ្ឌកម្មបន្ថែម ក៏ដូចជាដាក់ឱ្យសាធារណរដ្ឋអ៊ិស្លាមមួយនេះនៅឯកោថែមទៀត‍ ៕ធ.ដ

  • អាល្លឺម៉ង់ទាត់ចោលសំណើរបស់សហរដ្ឋអាម៉េរិក ជុំវិញការទាមទារឱ្យអាល្លឺម៉ង់ ដាក់ពង្រាយកងទ័ពនៅស៊ីរី

    អាល្លឺម៉ង់ទាត់ចោលសំណើរបស់សហរដ្ឋអាម៉េរិក ជុំវិញការទាមទារឱ្យអាល្លឺម៉ង់ ដាក់ពង្រាយកងទ័ពនៅស៊ីរី

    អាល្លឺម៉ង់៖ សំណើដែលបេសកជនពិសេសរបស់អាម៉េរិក ដែលទទួលបន្ទុកបញ្ហាស៊ីរី ចង់ឱ្យអាល្លឺម៉ង់ដាក់ពង្រាយកងទ័ពខ្លួនជំនួសកងកម្លាំងអាម៉េរិកនៅស៊ីរីនោះ ត្រូវបានរដ្ឋាភិបាលក្រុងបែរឡាំង ចេញមុខប្រកាសច្រានចោល។ ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន តាមរយៈបេសកជនពិសេសអាម៉េរិក ទទួលបន្ទុកបញ្ហាស៊ីរី លោក James Jeffrey បានស្នើឲ្យអាល្លឺម៉ង់ដាក់ពង្រាយទ័ពនៅស៊ីរី ដើម្បីជួយជំនួសកម្លាំងទ័ពអាម៉េរិក។ ជុំវិញបញ្ហាខាងលើនេះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Seibert បានលើកឡើងថា ការបញ្ជូនកងទ័ពអាល្លឺម៉ង់ដោយផ្ទាល់ទៅកាន់ស៊ីរី គឺមិនស្របជាមួយយុទ្ធសាស្រ្តរបស់អាល្លឺម៉ង់ សម្រាប់កិច្ចប្រឹងប្រែងរួមអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងពួកភេវរករ ISIS នោះឡើយ៕ធ.ដ

  • លោក Kyriakos Mitsotakis ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសក្រិក

    លោក Kyriakos Mitsotakis ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសក្រិក

    ក្រិក៖ ប្រធានគណបក្សអភិរក្សនិយមប្រជាធិបតេយ្យថ្មី New Democracy លោក Kyriakos Mitsotakis នៅក្នុងថ្ងៃចន្ទម្សិលមិញ(ម៉ោងក្នុងតំបន់)បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីក្រិកថ្មី បន្ទាប់ពីគណបក្សលោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយពិធីស្បថកាន់តំណែងនេះរៀបចំឡើងនៅឯវិមានប្រធានាធិបតីក្រិក។ បន្ទាប់មកលោក Mitsotakis វ័យ៥១ឆ្នាំ ក៏បានឆ្ពោះទៅកាន់វិមាននាយករដ្ឋមន្រ្តីក្រិក ហៅថា Maximos Mansion ដើម្បីទទួលភារកិច្ចបន្តពីអតីតនាយករដ្ឋមន្រ្តីលោក Alexis Tsipras។ សូមបញ្ជាក់ផងដែរថា គណបក្ស SYRIZA របស់លោក Alexis Tsipras ទទួលបានសំឡេងគាំទ្រ៣១,៤ភាគរយ ជាមួយអាសនៈចំនួន៨៦ ស្របពេលដែលគណបក្ស New Democracy របស់លោក Kyriakos Mitsotakis ទទួលបានសំឡេងគាំទ្រ៣៩,៨៥ភាគរយជាមួយអាសនៈ១៥៨ ក្នុងចំណោមអាសនៈសរុបចំនួន៣០០អាសនៈ៕ធ.ដ

  • តារាវិទូហូឡង់បើកបង្ហាញរូបរាងយន្តហោះយោធា-អវកាសរបស់សហរដ្ឋអាម៉េរិកដ៏សម្ងាត់បំផុត

    តារាវិទូហូឡង់បើកបង្ហាញរូបរាងយន្តហោះយោធា-អវកាសរបស់សហរដ្ឋអាម៉េរិកដ៏សម្ងាត់បំផុត

    ហូឡង់៖ យន្តហោះយោធា-អវកាសដ៏សម្ងាត់បំផុតរបស់សហរដ្ឋអាម៉ែរិក មានឈ្មោះថា ប៊ូអ៊ីង អិច-៣៧ប៊ី ត្រូវបានតារាវិទូជនជាតិហូឡង់មួយរូបចំណាយពេលដល់ទៅ១ខែ ដើម្បីព្យាយាមផ្តិចយករូបភាពយន្តហោះ ដែលស្ថិតក្នុងគម្រោងអវ កាសសម្ងាត់របស់សហរដ្ឋអាម៉េរិកមួយនេះ ។ ព័ត៌មានលម្អិតអំពីគម្រោងនៃយន្តហោះយោធា-អវកាស ប៊ូអ៊ីង អិច-៣៧ប៊ី មិនមានការបញ្ជាក់ឲ្យបានច្បាស់លាស់នោះឡើយ ប៉ុន្តែអ្នកតាមដានខ្លះបានអះអាងថា វាទំនងជាពាក់ព័ន្ធនឹងគំរោងបង្កើត កងទ័ពអវកាសដ៏ចម្រូងចម្រាស់របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ។ ពាក់ព័ន្ធនឹងការបើកបង្ហាញយន្តហោះខាងលើនេះ តារាវិទូហូឡង់ ឈ្មោះ រ៉ាហ្វ វាន់ឌែប៊ឺក បាននិយាយថា រូបលោកបានព្យាយាមតាមប្រមាញ់រូបភាពយន្តហោះនោះជាច្រើនលើក ដោយនៅថ្ងៃទី៣០ ខែមិថុនា និងម្តងទៀតនៅថ្ងៃទី០២ ខែកក្កដានេះ ហើយថា លោកបានអង្កេតឃើញយន្តហោះនោះ កាលពីខែឧសភាកន្លងទៅ ហើយរហូតដល់ពាក់កណ្តាលខែមិថុនា ទើបលោកអាចចាប់រូបភាពយន្តហោះសម្ងាត់នេះបាន ៕ធ.ដ

  • សហរដ្ឋអាម៉េរិកគំរាមដាក់បន្ថែមទណ្ឌកម្ម និងធ្វើឲ្យអ៊ីរ៉ង់នៅឯកោ ក្រោយអ៊ីរ៉ង់ប្រកាសបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម

    សហរដ្ឋអាម៉េរិកគំរាមដាក់បន្ថែមទណ្ឌកម្ម និងធ្វើឲ្យអ៊ីរ៉ង់នៅឯកោ ក្រោយអ៊ីរ៉ង់ប្រកាសបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃ អាទិត្យ សប្តាហ៍មុននេះ បានធ្វើការព្រមានថា សកម្មភាពរបស់អ៊ីរ៉ង់ តាមរយៈបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួននោះ នឹងធ្វើឱ្យសាធារណៈឥស្លាមួយនេះប្រឈមមុខនឹងភាពឯកោ ក៏ដូចជាទណ្ឌកម្មបន្ថែមទៀត ។ ប្រមុខការទូតអាម៉េរិករូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា ការសម្រេចចិត្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ នឹងធ្វើឱ្យអ៊ីរ៉ង់កាន់តែឯកា ហើយត្រូវជាប់ទណ្ឌកម្មតែប៉ុណ្ណោះ ចំណែកឯប្រជាជាតិដទៃគួរតែសា្ដរឡើងវិញនូវស្ដង់ដារមិនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ពីព្រោះបើសិនជារបបដឹកនាំទីក្រុងតេហេរ៉ង់មានអាវុធនុយក្លេអ៊ែរនោះ ពិភពលោកទាំងមូលនឹងជួបមហន្តរាយដ៏ធំ ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃ ប៉ុមប៉េអូ បានកើតមានឡើងក្រោយអ៊ីរ៉ង់ បានប្រកាសចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យលើសពី ៣.៦៧ភាគរយក្នុងរយៈពេលខ្លី ដែលជាកម្រិតមួយត្រូវបានដាក់កំហិតនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ។ បន្ថែមលើនេះ ទីក្រុងតេហេរ៉ង់ក៏នឹងកាត់បន្ថយ ឬក៏លុបចោលការប្ដេជ្ញាចិត្តរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជារៀងរាល់៦០ថ្ងៃម្ដងផងដែរ ៕ធ.ដ

  • បាតុករ២៣ម៉ឺននាក់ ក្នុងនោះ៦នាក់ត្រូវប៉ូលិសចាប់ខ្លួន ក្រោយបង្កអំពើហិង្សាអំឡុងពេលតវ៉ាកាលពីចុងសប្តាហ៍មុននេះ

    បាតុករ២៣ម៉ឺននាក់ ក្នុងនោះ៦នាក់ត្រូវប៉ូលិសចាប់ខ្លួន ក្រោយបង្កអំពើហិង្សាអំឡុងពេលតវ៉ាកាលពីចុងសប្តាហ៍មុននេះ

    ហុងកុង៖ បាតុករចំនួន០៦នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីអំឡុងបាតុកម្មមួយនៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលបន្តធ្វើឡើងដើម្បីប្រឆាំងនឹងច្បាប់ស្តីពីការធ្វើបត្យាប័នដ៏តានតឹងមួយ បើទោះបីជាអភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានចេញមុខសុំទោស និងប្រកាសផ្អាកការអនុម័តច្បាប់នេះ ។ កាលពីខែមុនលោកស្រី ឡំា សម្រេចចិត្តផ្អាកការអនុម័តច្បាប់ដ៏តានតឹងនេះ បន្ទាប់ពីកើតមានការប្រទូសសារាយខ្លំាងរវាងក្រុមបាតុករ និងមន្រ្តីប៉ូលិស ប៉ុន្តែលោកស្រីមិនបានលុបវាចោលទាំងស្រុងឡើយ ខណៈក្រុមតវ៉ាចង់ឲ្យបោះបង់ចោលផែនការនេះទាំងស្រុង ហើយទាមទារឲ្យលោកស្រីចុះចេញពីតំណែងថែមទៀត ។ ដោយឡែកជុំវិញភាពតានតឹងចុងក្រោយនេះវិញ អ្នករៀបចំបាតុកម្មខាងលើបានអះអាងថា មនុស្សប្រមាណ២៣ម៉ឺននាក់បានដង្ហែរក្បួនបាតុកម្មនៅលើដងផ្លូវ កូវលូន ដែលវាគឺជាសកម្មភាពតវ៉ាថ្មីចុងក្រោយបំផុត មានគោលដៅប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅឲ្យអាជ្ញាធរចិនដីគោក និងប្រទេសផ្សេងទៀត ។ រីឯប៉ូលិសហុងកុងបាននិយាយដែរថា ចំនួនបាតុករច្រើនបំផុតគឺត្រឹម៥ម៉ឺន៦ពាន់នាក់ ហើយថា ការប៉ះទង្គិចគ្នាដោយហិង្សាបានកើតឡើងរវាងភាគីទាំងពីរ ក្នុងនោះអ្នកតវ៉ាសរុប០៦នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ៕ធ.ដ