-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកខឹងសម្បារជាខ្លំាង បន្ទាប់ពីមានការរិះគន់ពីឯកអគ្គរាជទូតអង់គ្លេសប្រចាំរដ្ឋធានីវ៉ាស៊ីនតោន

សហរដ្ឋអាម៉េរិក៖ អគ្គរាជទូតអង់គ្លេសប្រចាំរដ្ឋធានីវ៉ាស៊ីនតោនលោក គីម ដារ៉ូច បានថ្លែងរិះគន់លោក ដូណាល់ ត្រាំ ថា ជាមនុស្សអសមត្ថភាព និងគ្មានភាពប្រកដប្រជា ខណៈប្រធានាធិបតីអាម៉េរិករូបនេះ បានឆ្លើយតបវិញថា លោក ដារ៉ូច មិនបានធ្វើកិច្ចការល្អណាមួយឱ្យអង់គ្លេសទាល់តែសោះ ។ អគ្គរាជទូតអង់គ្លេសប្រចាំរដ្ឋធានីវ៉ាស៊ីនតោនបានកត់សម្គាល់ដូច្នេះ នៅក្នុងសារសំងាត់ជាច្រើនចុះកាលបរិច្ឆេទឆ្នាំ២០១៧ រហូតមកទល់នឹងបច្ចុប្បន្ន ដែលត្រូវបានផ្ញើចេញពីសហរដ្ឋអាម៉េរិកទៅកាន់ក្រសួងការបរទេសអង់គ្លេស ខណៈទីក្រុងឡុងក៏បានបើកការស៊ើបអង្កេតលើការលេចធ្លាយសារទាំងនេះផងដែរ ។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា អគ្គរាជទូតលោក ដារ៉ូច មិនបានធ្វើកិច្ចការ ឬរឿងល្អណាមួយឱ្យអង់គ្លេសទាល់តែសោះនេះជាអ្វីដែលលោកចង់ប្រាប់អ្នកទាំងអស់គ្នា ។ លោក ត្រាំ បន្ថែមទៀតថា យើងក៏មិនមែនជាអ្នកគាំទ្រដ៏ធំរបស់បុរសម្នាក់នេះដែរ គាត់មិនដែលធ្វើរឿងល្អសម្រាប់អង់គ្លេសទេ ហើយលោកអាចនិយាយរឿងជាច្រើនពីបុរសម្នាក់នេះ តែលោកនឹងមិនខ្វាយខ្វល់អ្វីឡើយ ៕ធ.ដ
-
គ្រោះរញ្ជួយដីក្នុងកម្រិត៧រ៉ិកទ័រវាយប្រហារប្រទេសឥណ្ឌូណេស៊ី ខណៈការប្រកាសអាសន្ននៃរលកយក្សស៊ូណាមិត្រូវបានដកចេញ

ឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីក្នុងកម្រិត៧រ៉ិកទ័របានធ្វើការវាយប្រហារខេត្ត ម៉ាលូគូ ខាងជើង នៃភាគខាងកើតប្រទេសឥណ្ឌូណេស៊ីកាលពីល្ងាចថ្ងៃ អាទិត្យ ចុងសប្តាហ៍មុននេះ និងបានប្រកាសអាសន្ននៃរលកយក្សស៊ូណាមិផងដែរ ក៏ប៉ុន្តែក្រោយមកត្រូវបានដកចេញវិញ នេះបើតាមទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្រ្តឥណ្ឌូណេស៊ី ។ មន្រ្តីម្នាក់របស់ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្រ្តឥណ្ឌូណេស៊ីបាននិយាយថាគ្រោះធម្មជាតិខាងលើនេះ បានកើតឡើងនៅម៉ោង១០និង០៨នាទីយប់ថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) មានជម្រៅ៤៩គីឡូម៉ែត្រទៅក្រោមបាតសមុទ្រ ដែលដំបូងឡើយ គ្រោះរញ្ជួយដីនេះមានកម្រិតរហូតដល់៧.១រ៉ិកទ័រ ។ មន្រ្តីដដែលនេះបានឱ្យដឹងទៀតថា រហូតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាត ក៏ដូចជាមនុស្សរងរបួស ឬបាត់បង់ជីវិត ដោយសារតែគ្រោះមហន្តរាយរញ្ជួយដីនេះនៅឡើយទេ ៕ធ.ដ
-
ឥណ្ឌូនេស៊ី ព្រមានពីរលកយក្សស៊ូណាមិ នៅក្នុងទីក្រុងចំនួន៨

មានការប្រកាសអាសន្នពីគ្រោះមហន្ដរាយរលកយក្សស៊ូណាមិ នៅក្នុងទីក្រុងចំនួន៨ នៃប្រទេសឥណ្ឌូនេស៊ី បានក្រោយពេលដែលរញ្ជួយដីកម្រិត៧,១រ៉ិចទ័រវាយប្រហារ កាលពីថ្ងៃអាទិត្យម្សិលមិញ។ ភ្នាក់ងារភូមិសាស្ត្រឥណ្ឌូនេស៊ី BMKG ឲ្យដឹងថា គ្រោះរញ្ជួយដីវាយប្រហារនៅសមុទ្រ Molucca ដែលស្ថិតនៅចន្លោះកោះ Sulawesi និង Maluku ខាងជើងក្នុងជម្រៅប្រមាណជា៣៥គីឡូម៉ែត្រ ហើយបណ្ដាលឲ្យមានរលករហូតដល់កម្ពស់ជាងកន្លះម៉ែត្របោកបក់មកលើឆ្នេរ។ ហេតុការណ៍នេះ បណ្ដាលឲ្យពលរដ្ឋរស់នៅទីក្រុង Ternate មានការតក់ស្លុតនាំគ្នារត់ទៅរកទីទួលសុវត្ថិភាព ខណៈដែលមន្ទីរពេទ្យខ្លះទៀតត្រូវជម្លៀសអ្នកជំងឺចេញ។ នៅមិនទាន់មានរបាយការណ៍ណាមួយទាក់ទងនឹងការខូចខាត និងមនុស្សរងរបួសនៅឡើយទេ ខណៈពេលដែលការប្រកាសអាសន្ននៅតែបន្ដធ្វើឡើង៕ធ.ដ
-
អ្នកវិភាគថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមប៉ះពាល់ខ្លាំងដល់ថៃ

យោងតាមអ្នកវិភាគមកពីការិយាល័យយុទ្ធសាស្ត្រ និងគោលនយោបាយពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ ហៅកាត់ថា TPSO បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម នឹងប៉ះពាល់ខ្លាំងក្លា លើផ្នែកនាំចេញរបស់ថៃ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០១៩។ សូមរម្លឹកថា កាលពីថ្ងៃទី៣០ មិថុនា ២០១៩កន្លងទៅ សហគមអឺរ៉ុប និងវៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ហៅកាត់ថា EVFTA និងកិច្ចព្រមព្រៀងការពារវិនិយោគអឺរ៉ុប-វៀតណាម នៅទីក្រុងហាណូយ។ កិច្ចព្រមព្រៀងតម្រូវឲ្យអឺរ៉ុបលើកលែងពន្ធគយលើទំនិញរបស់វៀតណាមនាំចូលទៅអឺរ៉ុប ស្ទើរតែទាំងអស់ ខណៈដែលវៀតណាមក៏ចាប់ផ្តើមបន្ធូរបន្ថយពន្ធនាំចូលទំនិញពីអឺរ៉ុបដូចគ្នា គ្រាន់តែថា វៀតណាមទទួលបានបន្ថូរបន្ថយច្រើន និងឆាប់រហ័សជាង។ អ្នកវិភាគ TPSO ថា វៀតណាមប្រហែលជាទទួលបានផលចំណេញពីប្រទេសថៃ ក្នុងការប្រកួតប្រជែងទីផ្សារអឺរ៉ុប ដោយសារតែតម្លៃប្រកួតប្រជែង។ កិច្ចព្រមព្រៀងនេះនឹងត្រួសត្រាយផ្លូវសម្រាប់វៀតណាម ចូលទីផ្សារអឺរ៉ុប ដែលមានប្រជាជនជាង៥០៨លាននាក់ និងផលិតផលក្នុងស្រុក GDP មាន១៨ទ្រីលានដុល្លារអាម៉េរិក។ យ៉ាងណាក៏ដោយ អឺរ៉ុបក៏ត្រូវបានរំពឹងថា នឹងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជាឧទាហរណ៍គំរូ ក្នុងការចរចាជាមួយប្រទេសថៃផងដែរ៕ធ.ដ
-
លោក ត្រាំ និយាយថា មិនជឿថាមានមនុស្សក្រៅភព តែអ្វីៗអាចទៅរួច

សហរដ្ឋអាម៉េរិក៖ ប្រធានាធីបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា រូបលោកមិនជឿថា ពិតជាវត្តមានរបស់មនុស្សក្រៅភព ឬ Alien នោះឡើយ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការចាប់បានសញ្ញានៃវត្ថុចម្លែកម្យ៉ាង ដោយយោធាអាម៉េរិកនាពេលថ្មីៗនេះ។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News កាលពីចុងសប្តាហ៍មុននេះ លោក ដូណាល់ ត្រាំ បាននិយាយថា សម្រាប់ខ្លួនលោកផ្ទាល់ លោកនៅតែមានមន្ទិលសង្ស័យ ហើយលោកក៏មិនជឿនោះដែរថា មានមនុស្សក្រៅភព។ ប៉ុន្តែដូចអ្នកធ្លាប់ដឹងហើយ លោកតែងតែសន្មត់ជារឿយៗថា រឿងគ្រប់យ៉ាងអាចទៅនឹងរួច។ យ៉ាងណាមិញ បើគិតមកទល់នឹងពេលនេះ វាគឺលើកទីមួយហើយដែលប្រធានាធិបតីអាម៉េរិករូបនេះ បង្ហាញពីការយល់ឃើញរបស់លោកលើវត្តមានមនុស្សក្រៅភព បន្ទាប់ពីយោធាអាម៉េរិកកាលពីខែមិថុនាកន្លងទៅ បានប្រាប់លោកថា ពួកគេចាប់បានសញ្ញាវត្ថុចម្លែកម្យ៉ាងអាចជាថាសហោះមនុស្សក្រៅភព៕ធ.ដ
-
មនុស្ស២០នាក់របួស ក្នុងហេតុការណ៍ផ្ទុះនៅក្នុងផ្សារទំនើបមួយនៅរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ មនុស្ស២០នាក់ បានរងរបួស បន្ទាប់ពីមានករណីផ្ទុះដ៏កក្រើកមួយភោជនីយដ្ឋានលក់នំភីហ្សាមួយកន្លែង នៅក្នុងផ្សារទំនើបមួយនៅរដ្ឋ ផ្លរីដា ខាងត្បូង កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) នេះបើតាមប្រភពពីមន្តី្រប៉ូលិស។ ហេតុការណ៍ផ្ទុះខាងលើនេះ បានបណ្តាលប៉ើងកម្ទេចកម្ទីជាច្រើនហោះអណ្តែតនៅលើផ្លូវដែលមមាញឹកមួយកន្លែង ក្នុងចម្ងាយប្រមាណជាង១០០ម៉ែត្រ ខណៈដែលរថយន្ត និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្បែរនោះជាច្រើនក៏ត្រូវទទួលរងនូវការខូចខាតផងដែរ។ ភ្លាមៗនោះ រថយន្ត និងក្រុមជួយសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ដើម្បីចេញប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ក៏ដូចជាដឹកបញ្ជូនតាមរថយន្តទៅកាន់មន្ទីរពេទ្យ។ យ៉ាងណាមិញ បច្ចុប្បន្នហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់នេះ នៅពុំទាន់មានសេចក្តីរាយការណ៍លម្អិតអំពីមូលហេតុ ដែលឈានដល់ការផ្ទុះឡើងដ៏កក្រើកខាងលើនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅ៕ធ.ដ
-
អ៊ីរ៉ង់ប្រកាសថា ខ្លួនចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសកម្រិត ដែលដាក់កំហិតក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥

អ៊ីរ៉ង់៖ អ៊ីរ៉ង់ នឹងចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យលើសពីចំនួន៣,៦ភាគរយ ក្នុងរយៈពេលខ្លី ដែលជាកម្រិតមួយត្រូវបានដាក់កំហិត នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ នៅថ្ងៃអាទិត្យសប្តាហ៍មុន។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្លែងអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសលោកនឹងកាត់បន្ថយ ឬក៏លុបចោលការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជារៀងរាល់៦០ថ្ងៃម្ដង។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ទៀតថា ទីក្រុងតេហេរ៉ង់ ពិតជាមានឆន្ទៈសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប៉ុន្តែសហភាពអឺរ៉ុបបានបរាជ័យក្នុងការបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួន ដោយបណ្ដោយឱ្យសហរដ្ឋអាម៉េរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងដោយឯកតោភាគី ហើយដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឡើងវិញ៕ធ.ដ
-
អង្គការសិទ្ធិមនុស្សស៊ីរីបញ្ជាក់ថា ជនស៊ីវិល៥៤៤នាក់បាត់បង់ជីវិតក្នុងប្រតិបត្តិការយោធា ដឹកនាំដោយរុស្ស៊ី និងកងទ័ពស៊ីរីគិតត្រឹមរយៈពេល២ខែមកនេះ

ស៊ីរី៖ អង្គការសិទ្ធិមនុស្សស៊ីរី SNHR បានលើកឡើងថា ក្នុងរយៈពេល២ខែកន្លងទៅនេះ ជនស៊ីវិលប្រមាណ៥៤៤នាក់ ត្រូវបានសម្លាប់ និងច្រើនជាង២ពាន់នាក់ទៀតរងរបួស ចាប់តាំងពីរុស្ស៊ី និងកងកម្លំាងស៊ីរី ដឹកនាំប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងមូលដ្ឋានចុងក្រោយរបស់ក្រុមឧទ្ទាម ស្ថិតនៅភាគពាយព្យនៃប្រទេសស៊ីរី។ ជុំវិញរបាយការណ៍នេះដែរ ប្រធានអង្គការបណ្ដាញស៊ីរី ដើម្បីសិទ្ធិមនុស្ស SNHR លោក Fadel Abdul Ghany បានចោទប្រកាន់ចំៗថា យោធារុស្ស៊ី និងកងទ័ពរដ្ឋាភិបាលស៊ីរីជាសម្ព័ន្ធមិត្ត មានចេតនាដាក់ជនស៊ីវិលជាគោលដៅរបស់ខ្លួន ដោយពួកគេបានវាយប្រហារទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធ នៃមន្ទីរពេទ្យជាច្រើន នៅក្នុងតំបន់។ ប៉ុន្តែខាងយោធារុស្ស៊ី និងស៊ីរី បានទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់បែបនេះ។ សូមជម្រាបថា ខេត្ត Idlib និងខេត្ត Hama គឺជាសមរភូមិប្រយុទ្ធធំចុងក្រោយបំផុតមួយរវាងកងទ័ពរដ្ឋាភិបាលស៊ីរីគាំទ្រដោយរុស្ស៊ី និងក្រុមឧទ្ទាមស៊ីរី ដែលមានសហរដ្ឋអាម៉េរិក ជាអ្នកផ្ដល់ជំនួយ និងការគំាទ្រនានា។ បច្ចុប្បន្ន ទឹកដីស៊ីរីមួយភាគធំកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលនៃប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ៕ធ.ដ
-
ប្រមុខដឹកនំាអង្គការ NATO និយាយថា ប្រុងប្រៀបខ្លួនរួចជាស្រេចហើយ ដើម្បីប្រឈមមុខនឹងពិភពលោកមួយដែលគ្មានសន្ធិសញ្ញា INF

បរទេស៖ អគ្គលេខាធិការអង្គការ NATO លោក ចេន ស្តូថែនប៊ឺគ បាននិយាយថា អង្គការ NATO និងរុស្ស៊ីមិនបានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើការសង្គ្រោះសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម INF នៅក្នុងកិច្ចពិភាក្សានៅទីស្នាក់ការសម្ព័ន្ធមិត្តនៅថ្ងៃ សុក្រ សប្តាហ៍នេះឡើយ ។ យើងមិនបានមើលឃើញពីសញ្ញានៃការបំបែកភាពទាល់ច្រកនោះទេ នេះបើតាមលោក ស្តូថែនប៊ឺគ ថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាអង្គការ NATO និងរុស្ស៊ី ដែលជាវេទិការបិទទ្វារមួយ ដោយអនុញ្ញាតឱ្យមានការសន្ទនាគ្នារវាងអ្នកការទូត និងមន្រ្តីរបស់ភាគីទំាងពីរ ។ ប្រមុខដឹកនំាអង្គការ NATO រូបនេះបន្ថែមទៀត ឱកាសស្វែងរកដំណោះស្រាយកំពុងតែថយចុះជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែលោកថា NATO មិនបោះបង់ការព្យាយាមបញ្ចុះបញ្ចូលទីក្រុងម៉ូស្គូ ឱ្យបោះបង់មីស៊ីលផ្លោងបាញ់ចេញពីដីប្រភេទ SSC-8 ដែលត្រូវបានហាមប្រាមក្រោមសន្ធិសញ្ញា INF នោះឡើយ ។ លោក ស្តូថែនប៊ឺគ បានសង្កត់ធ្ងន់ទៀតថា ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រឈមមុខនឹងពិភពលោកមួយដែលគ្មានសន្ធិសញ្ញា INF ខណៈក្រុមរដ្ឋមន្រ្តីការពារជាតិរបស់ណាតូកំពុងសម្លឹងមើលជម្រើសជាច្រើន ក្នុងនោះរួមមានការធ្វើសមយុទ្ធដោយប្រើអាវុធសាមញ្ញា ក៏ដូចជាការកែលម្អផ្នែកចារកម្ម ការស៊ើបការណ៍ និងកិច្ចការពារដែនអាកាសជាដើម ៕ធ.ដ …
-
តួកគី រិះគន់ធ្ងន់ៗលើសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងរឿងមិនប្រគល់យន្តហោះចម្បាំង F-35 ឱ្យប្រទេសខ្លួន

តួកគី៖ ប្រសិនបើសហរដ្ឋអាម៉ែរិកមិនព្រមប្រគល់យន្តហោះចម្បាំង F-35 ដែលតួកគីបានទិញទេនោះ វានឹងប្រៀបដូចជាទង្វើលួចប្លន់យ៉ាងដូច្នោះ នេះបើតាមប្រធានាធិបតីតួកគី លោក តាយយីប អឺដហ្គាន់ ។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រធានាធិបតីតួកគីរូបនេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មានតួកគី ក្នុងអំឡុងលោក តាយយីប អឺដូហ្គាន់ បំពេញទស្សនកិច្ចនៅប្រទេសចិននាពេលថ្មីៗកន្លងទៅនេះ ។ បញ្ហាតានតឹងនេះបានកើតឡើង ដោយសារតែតួកគីបានសម្រេចទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ខណៈសហរដ្ឋអាម៉េរិកបានជំទាស់ខ្លាំងចំពោះការទិញនេះ ដោយសំអាងថា វានឹងប៉ះពាល់ដល់យន្តហោះចម្បាំង F-35 របស់ខ្លួន ។ ពោលគឺមួយជាប្រព័ន្ធសម្រាប់បាញ់ទម្លាក់គោលដៅនៅលើផ្ទៃអាកាសរបស់រុស្ស៊ី និងមួយទៀតជាសព្វាវុធចម្បាំងលើផ្ទៃអាកាសរបស់អាម៉េរិក ដែលជាក់ស្តែងវត្ថុទាំងពីរមិនអាចត្រូវគ្នាឡើយ ដូច្នោះគឺអាម៉េរិកមិនអាចឲ្យ S-400 និង F-35 ស្ថិតក្នុងដៃតួកគី ជាមួយគ្នាដាច់ខាត ៕ធ.ដ