Category: ព័ត៌មានអន្តរជាតិ

  • គ្រោះរញ្ជួយដីក្នុងកម្រិត៦.៩រ៉ិចទ័រវាយប្រហារសហរដ្ឋអាម៉េរិក ខណៈពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាត ឬមនុស្សរងរបួសនៅឡើយទេ

    គ្រោះរញ្ជួយដីក្នុងកម្រិត៦.៩រ៉ិចទ័រវាយប្រហារសហរដ្ឋអាម៉េរិក ខណៈពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាត ឬមនុស្សរងរបួសនៅឡើយទេ

    សហរដ្ឋអាម៉េរិក៖ គ្រោះរញ្ជួយដីថ្មីមួយទៀតមានកម្រិត៦.៩រ៉ិចទ័រ ដែលត្រូវបាន ទម្លាក់ចុះពី៧.‌១រ៉ិចទ័រនោះ បានធ្វើការវាយប្រហារក្បែរទីក្រុង Ridgecrest ភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាម៉េរិក USGS ។ សូមបញ្ជាក់ថា ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ហេតុការណ៍រញ្ជួយផែនដីយ៉ាងតិចជាង១០០ បានកើតឡើងនៅរដ្ឋកាលីហ្វរញ៉ា ប៉ុន្តែភាគច្រើនពួកវាមានកម្រិតចន្លោះពី៣រ៉ិចទ័រទៅ៥រ៉ិចទ័រប៉ុណ្ណោះ ។ ដោយឡែកគ្រោះរញ្ជួយដីចុងក្រោយនេះ នៅពុំទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាត ឬបណ្តាលឲ្យមនុស្សរងរបួស ក៏ដូចជាបាត់បង់ជីវិតដែរឬអត់នោះទេ ខណៈវាបានកើតឡើងនៅយប់ថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ធ.ដ

  • លោក នីកូឡាស់ ម៉ាឌូរ៉ូ អំពាវនាវឱ្យបន្តកិច្ចចរចាជាមួយមេដឹកនំាបក្សប្រឆំាងក្នុងថ្ងៃបុណ្យឯករាជ្យជាតិវេណេស៊ុយអេឡា

    លោក នីកូឡាស់ ម៉ាឌូរ៉ូ អំពាវនាវឱ្យបន្តកិច្ចចរចាជាមួយមេដឹកនំាបក្សប្រឆំាងក្នុងថ្ងៃបុណ្យឯករាជ្យជាតិវេណេស៊ុយអេឡា

    វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ក្នុងអំឡុងពិធីបុណ្យឯករាជ្យជាតិរបស់ប្រទេសអាម៉េរិកឡាទីនមួយនេះ នៅថ្ងៃសុក្រម្សិលមិញ បានធ្វើការអំពាវនាវឱ្យបន្តកិច្ចចរចាជាមួយមេដឹកនំាបក្សប្រឆំាងលោក ចូអាន់ ហ្គៃដូ ដើម្បីដោះស្រាយវិបត្តិនយោបាយដែលផ្ទុះឡើងកាលពីដើមឆ្នំា ។ ថ្លែងនាឱកាសជួបជុំជាមួយមន្រ្តីយោធាកំពូលៗ លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់ជាដដែលនូវការគាំទ្ររបស់លោក ចំពោះដំណើរការនៃកិច្ចចរចាដោយសន្តិវិធី ក្រោមការសម្របសម្រួលពីប្រទេសន័រវែស រវាងរដ្ឋាភិបាលវេណេស៊ុយអេឡា និងក្រុមបក្សប្រឆាំងរបស់លោក ហ្គៃដួ ដែលពុំព្រមទទួលស្គាល់ការបន្តជាប់ឆ្នោតរបស់លោកកាលពីឆ្នាំ២០១៨ ។ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិវេណេស៊ុយអេឡាដដែលនេះ លោក ហ្គៃដូ បានប្រកាសឲ្យអ្នកគាំទ្រលោក នាំគ្នាដង្ហែរក្បួនតវ៉ាទៅកាន់ទីស្នាក់ការរបស់អង្គភាពការពារកាណ៍សម្ងាត់យោធារបស់វេណេស៊ុយអេឡា DGCIM ជាទីដែលមន្រ្តីយោ ធាជើងទឹកវេណេស៊ុយអេឡាម្នាក់ឈ្មោះ Rafael Acosta បានស្លាប់កាលពីខែមុន ក្រោយមានការអះអាងថា លោកត្រូវបានគេធ្វើទារុណកម្ម កំឡុងពេលជាប់ឃុំឃាំង ។ ដោយសារតែហេតុផលនេះ គម្រោងកិច្ចចរចាថ្មី ក្រោមការសម្របសម្រួលរបស់ន័រវែស ដែលនឹងត្រូវរៀបចំឡើងនៅសប្តាហ៍នេះ ក៏ត្រូវបានលុបចោលទៅវិញ ៕ធ.ដ

  • អ៊ីរ៉ង់គំរាមរឹបអូសនាវាដឹកទំនិញអង់គ្លេសវិញ ដើម្បីសងសឹកនឹងការរឹបអូសនាវាដឹកប្រេងរបស់ប្រទេសខ្លួន

    អ៊ីរ៉ង់គំរាមរឹបអូសនាវាដឹកទំនិញអង់គ្លេសវិញ ដើម្បីសងសឹកនឹងការរឹបអូសនាវាដឹកប្រេងរបស់ប្រទេសខ្លួន

    អ៊ីរ៉ង់៖ មេបញ្ជាការកងការពារបដិវត្តន៍អ៊ីរ៉ង់លោក Mohsen Rezai នៅថ្ងៃសុក្រនេះ បានព្រមានថា អ៊ីរ៉ង់គួរតែរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿងវិញ ដើម្បីជាការសងសឹកចំពោះការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់នៅតំបន់ Gibraltar ដោយកងម៉ារីនអង់គ្លេស ។ មេបញ្ជាការកងការពារបដិវត្តន៍អ៊ីរ៉ង់រូបនេះ បានបង្ហោះសារគំរាមនៅលើបណ្តាញសង្គមធ្វីតធើថា បើសិនអង់គ្លេសនៅតែមិនព្រមដោះលែងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ទេនោះ វាគឺជាភារកិច្ចរបស់អាជ្ញាធរអ៊ីរ៉ង់ ក្នុងការរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់គ្លេសវិញ ។ សូមរំលឹកថា ការរឹបអូសនេះ ធ្វើឡើងក្រោមការសង្ស័យថា កប៉ាល់ខាងលើមានដឹកប្រេងឆៅអ៊ីរ៉ង់ដើម្បីឆ្ពោះទៅស៊ីរី ខណៈរដ្ឋាភិបាលក្រុងតេហេរ៉ង់បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស ដើម្បីសម្តែងការតវ៉ា និងថ្កោលទោសទង្វើនេះ ព្រមទាំងអះអាងថា កប៉ាល់របស់ខ្លួនពុំបានល្មើសនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុបឡើយ ហើយទាមទារឲ្យមានការដោះលែងវិញជាបន្ទាន់ ៕ធ.ដ

  • សហរដ្ឋអាម៉េរិក បង្ហាញការគាំទ្រអង់គ្លេស ជុំវិញការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង

    សហរដ្ឋអាម៉េរិក បង្ហាញការគាំទ្រអង់គ្លេស ជុំវិញការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង

    សហរដ្ឋអាម៉េរិក៖ កងម៉ារីនអង់គ្លេស នៅក្នុងសប្ដាហ៍នេះ បានជួយដល់អាជ្ញាធរនៃដែនដី Gibraltar ក្នុងការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងឈ្មោះ Grace1 មានផ្ទុកប្រេងឆៅ២លានបារ៉ែល តាមសំណើរបស់សហរដ្ឋអាម៉េរិក ដែលអះអាងថា កប៉ាល់នេះ មានគោលដៅដឹកប្រេងទៅកាន់ស៊ីរី ដោយរំលោភទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ បន្ទាប់ពីទទួលបានដំណឹងនេះ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក John Bolton បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើនៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះថា ការរឹបអូសនេះ គឺជាព័ត៌មានដ៏អស្ចារ្យ ហើយថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ពួកយើង នឹងបន្តរារាំងអ៊ីរ៉ង់ និងស៊ីរី មិនឱ្យកេងយកផលចំណេញពីការធ្វើពាណិជ្ជកម្មដោយច្បាប់ជាដាច់ខាត។ ជាការឆ្លើយតបវិញនោះ រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានចាត់ទុកថា ការរឹបអូសកប៉ាល់ដឹកប្រេងរបស់ខ្លួន គឺជាទង្វើខុសច្បាប់ ហើយក៏បានសម្ដែងការតវ៉ាទៅកាន់អគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេហេរ៉ង់ផងដែរ៕ធ.ដ

  • ប្រធានាធិបតីរុស្ស៊ី៖ ទីក្រុងម៉ូស្គូមិនចូលចិត្តការប្រកួតប្រជែងគ្រឿងសព្វាវុធទេ ប៉ុន្តែត្រូវតែបង្កើនការការពារខ្លួនឯង

    ប្រធានាធិបតីរុស្ស៊ី៖ ទីក្រុងម៉ូស្គូមិនចូលចិត្តការប្រកួតប្រជែងគ្រឿងសព្វាវុធទេ ប៉ុន្តែត្រូវតែបង្កើនការការពារខ្លួនឯង

    រុស្ស៊ី៖ ប្រទេសរុស្ស៊ី មិនចង់ឲ្យផុងខ្លួនធ្លាក់ក្នុងការរត់ប្រណាំងសព្វាវុធថ្មីទៀតឡើយ ប៉ុន្តែទីក្រុងម៉ូស្គូ ក៏ចាំបាច់ត្រូវតែធានាដល់សន្តិសុខខ្លួនឯងផងដែរ។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលចុះផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ។ លោក វ៉្លាឌីមៀ ពូទីន បានថ្លែងប្រាប់សារព័ត៌មានអ៊ីតាលីមួយនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា សហរដ្ឋអាម៉េរិក មានកញ្ចប់ថវិកាដល់ទៅជាង៧០០ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ ខណៈរុស្ស៊ីមានត្រឹម៤៨ពាន់លានដុល្លារប៉ុណ្ណោះ។ លោក ពូទីន បន្ថែមថា ហេតុដូច្នេះហើយ ទើបរុស្ស៊ីត្រូវតែខិតខំអភិវឌ្ឍន៍បរិក្ខារយោធា និងសព្វាវុធទំនើបៗ ដើម្បីឆ្លើយតបនឹងកំណើននៃទំហំថវិកាយោធា និងសកម្មភាពប្រកបដោយគ្រោះថ្នាក់របស់សហរដ្ឋអាម៉េរិក។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា មិនមែនទីក្រុងម៉ូស្គូទេ តែគឺជាទីក្រុងវ៉ាស៊ីនតោន ដែលជាអ្នកបានបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ តាមរយៈការដើរចេញពីសន្ធិសញ្ញាគ្រប់គ្រងសព្វាវុធសំខាន់ៗ រួមមានសន្ធិសញ្ញាពាក់ព័ន្ធប្រភេទមីស៊ីល ដែលប្រឆាំងមីស៊ីលផ្លោងកាលពីឆ្នាំ២០០២ និងសន្ធិសញ្ញា INF ដែលដាក់កំហិតលើមីស៊ីលសម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅឆ្នាំនេះផងដែរ៕ធ.ដ

  • កងនាវារុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធដែនទឹកនៅតំបន់ដែនសមុទ្រខ្មៅ

    កងនាវារុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធដែនទឹកនៅតំបន់ដែនសមុទ្រខ្មៅ

    រុស្ស៊ី៖ ដូចតាមការគ្រោងទុក កងនាវារុស្ស៊ី បានចាប់ផ្ដើមធ្វើសមយុទ្ធយោធានៅថ្ងៃសុក្រនេះ នៅក្នុងតំបន់សមុទ្រខ្មៅ ស្របពេលដែលអង្គការ NATO និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងដឹកនាំការហ្វឹកហ្វឺនជើងទឹកដូចគ្នានៅក្នុងតំបន់នេះដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករុស្ស៊ីបានរាយការណ៍ថា សមយុទ្ធយោធាមានឈ្មោះ ស៊ីប្រ៊ីស ដែលដឹកនាំដោយអង្គការ NATO នៅក្នុងតំបន់ដែនសមុទ្រខ្មៅ បានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី០១ ខែកក្កដានេះ ហើយនឹងបញ្ចប់នៅថ្ងៃទី១២ ខែកក្កដាខាងមុខ។  ជាមួយគ្នានេះ មន្រ្តីយោធារុស្ស៊ីបានឱ្យដឹងថា កងនាវារបស់ខ្លួនបានចាប់ផ្ដើមធ្វើសមយុទ្ធបែបប្រយុទ្ធជើងទឹកនៅក្នុងតំបន់ដែនសមុទ្រដូចគ្នា តែមិនបានបញ្ជាក់អ្វីលម្អិតឡើយ គ្រាន់តែបាននិយាយថា សមយុទ្ធយោធារបស់រុស្ស៊ី មានការចូលរួមពីនាវាចម្បាំងចំនួន១០គ្រឿង ក្នុងនោះរួមមាននាវាសម្រាប់យន្ដហោះចម្បាំងចុះចតចំនួនពីរគ្រឿង និងនាវាបំពាក់មីស៊ីលពីរគ្រឿងផងដែរ៕ធ.ដ

  • ឧបករណ៍ខួងដីដែល NASA បំពាក់នៅលើយានអវកាស InSight កំពុងគាំងលើភពអង្គារ

    ឧបករណ៍ខួងដីដែល NASA បំពាក់នៅលើយានអវកាស InSight កំពុងគាំងលើភពអង្គារ

    សហរដ្ឋអាម៉េរិក៖ អង្គការ NASA បាននឹងកំពុងបន្តស្វែងរកដំណោះស្រាយ សម្រាប់ឧបករណ៍ខួងដីរបស់យានរុករក InSight ដែលកំពុងស្ថិតនៅលើភពអង្គារ (Mars) ខណៈឧបករណ៍ឈ្មោះថា «Mole» នោះ បានជួបបញ្ហាលែងអាចដំណើរការបាន។ ឧបករណ៍នេះ ត្រូវបានទីភ្នាក់ងារអវកាសអាម៉េរិក NASA បញ្ចេញពីយាន InSight ដើម្បីដាក់ឲ្យខួងដីភពអង្គារ ក្រោមគោលដៅសិក្សាស្វែងយល់ពីសណ្ឋានដីផ្នែកខាងក្រោមរបស់ភពអង្គារ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ប៉ុន្តែមិនបានប៉ុន្មានផង វាក៏បានជាប់គាំង គឺរុលចុះក្រោមទៀតលែងរួច ។ សូមបញ្ជាក់ផងដែរថា ឧបករណ៍ខួងដីនេះ ត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីឲ្យអាចខួងចូលដីបានយ៉ាងជ្រៅ ប៉ុន្តែបើតាមអង្គការ NASA នោះ វាបានខួងចុះទៅក្រោមដីភពអង្គារមិនជ្រៅជាង៣០សង់ទីម៉ែត្រឡើយ ហើយ NASA ក៏កំពុងសង្ស័យថា អាចមកពីសារធាតុដីរបស់ភពអង្គារ ឬអាចមកពីមានដុំថ្មធំមួយនៅក្រោមនោះ៕ធ.ដ

  • សហរដ្ឋអាម៉េរិក ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ជាមួយនឹងការធ្វើព្យុហយាត្រាយោធា

    សហរដ្ឋអាម៉េរិក ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ជាមួយនឹងការធ្វើព្យុហយាត្រាយោធា

    សហរដ្ឋអាម៉េរិក៖ ប្រជាជនអាម៉េរិក រាប់ពាន់នាក់បានប្រមូលផ្តុំគ្នា ដើម្បីអបអរសាទរការប្រារព្ធពិធីបុណ្យឯករាជ្យជាតិនៅថ្ងៃទី០៤ ខែកក្កដានេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ បាតុករពីរនាក់ ត្រូវបានចាប់ខ្លួនពីបទដុតទង់ជាតិអាម៉េរិក នៅពីមុខសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន។ បុគ្គលម្នាក់ត្រូវបានចាប់ខ្លួនពីបទប្រើអំពើហិង្សាលើមន្ត្រីសន្តិសុខ និងដុតទង់ជាតិអាម៉េរិក ខណៈបាតុករម្នាក់ទៀត ត្រូវបានចាប់ខ្លួនពីបទរារាំងប៉ូលិសមិនឲ្យស៊ើបអង្កេត និងការគេចវេសមិនឲ្យប៉ូលិសចាប់ខ្លួន។ ការចាប់ខ្លួនបាតុករខាងលើនេះ ត្រូវបានធ្វើឡើងប្រហែលជាពីរម៉ោង មុនពេលដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រៀមឡើងថ្លែងសុន្ទរកថាគោរពជូនពរដល់ប្រជាជាតិអាម៉េរិក នៅឯវិមានលីងខិន ដើម្បីអបអរទិវាឯករាជ្យជាតិ។ ថ្ងៃទិវាឯករាជ្យជាតិនេះដែរ ក៏ជាថ្ងៃឈប់សម្រាកនៃសហព័ន្ធទាំងមូលនៅទូទាំងសហរដ្ឋអាម៉េរិក ដើម្បីរំលឹកដល់សេចក្តីប្រកាសឯករាជ្យរបស់ខ្លួន កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦៕ធ.ដ

  • អ៊ីរ៉ង់ នឹងបើកកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិក ប្រសិនបើទណ្ឌកម្មត្រូវបានដកចេញ

    អ៊ីរ៉ង់ នឹងបើកកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិក ប្រសិនបើទណ្ឌកម្មត្រូវបានដកចេញ

    អ៊ីរ៉ង់៖ រដ្ឋមន្រ្តីចារកម្មអ៊ីរ៉ង់បានលើកឡើងថា កិច្ចចរចារវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីន អាចកើតឡើងទៅបាន ខណៈណាសហរដ្ឋអាម៉េរិកបញ្ចប់ការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ និងមេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតុលា អាលី ខាមិនណៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់ទៀត នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។ លោក ម៉ាម៉ូដ អាឡាវី បាននិយាយយ៉ាងដូច្នេះថា ការរៀបចំកិច្ចចរចាជាមួយអាម៉េរិកអាចត្រូវបានពិចារណាឡើងវិញដោយអ៊ីរ៉ង់ បើសិនជាប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដកចេញនូវការដាក់ទណ្ឌកម្ម ទើបមេដឹកនាំកំពូលរបស់យើងផ្តល់ការអនុញ្ញាតឱ្យធ្វើកិច្ចចរចាគ្នាបាន។ ការលើកឡើងបែបនេះរបស់លោក ម៉ាម៉ូដ អាឡាវី ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់កំពុងលេងជាមួយភ្លើងហើយ បន្ទាប់ពីប្រកាសបង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ដោយរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ ជុំវិញបញ្ហាខាងលើនេះ សេតវិមានក៏បានបញ្ជាក់ដែរថា នឹងបន្តដាក់សម្ពាធជាអតិបរាមាលើប្រទេសអ៊ីរ៉ង់ រហូតដល់ទីក្រុតេហេរ៉ង់ផ្លាស់ប្ដូរផ្លូវដែលខ្លួនកំពុងដើរបច្ចុប្បន្ន ហើយអនុវត្តឡើងវិញនូវការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមក្រោមស្ដង់ដារអន្តរជាតិ៕ធ.ដ

  • របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ចំនួនអ្នកស្លាប់កើនដល់៥៣នាក់ ក្នុងហេតុការណ៍វាយប្រហារតាមផ្លូវអាកាសនៅប្រទេសលីប៊ី

    របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ចំនួនអ្នកស្លាប់កើនដល់៥៣នាក់ ក្នុងហេតុការណ៍វាយប្រហារតាមផ្លូវអាកាសនៅប្រទេសលីប៊ី

    បរទេស៖ អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បត្តិ៍នេះ បានបង្កើនតួលេខជនរងគ្រោះបាត់បង់ជីវិតកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ ដោយសារការវាយប្រហារតាមផ្លូវអាកាសលើមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ នៅឯជាយទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី កើនឡើងដល់៥៣នាក់ ក្នុងនោះកុមារ៦នាក់ និង១៣០នាក់ទៀតរងរបួស។ ពាក់ព័ន្ធនឹងការវាយប្រហារខាងលើ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានប្រកាសថ្កោលទោសធ្ងន់ និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ ខណៈមន្ត្រីអង្គការសហប្រជាជាតិម្នាក់បានចាត់ទុកថា ការវាយប្រហារដ៏អាក្រក់នេះ អាចជាបទឧក្រិដ្ឋសង្រ្គាម។ សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ មិនទាន់មានភាគីណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ស្របពេលដែលកងកម្លាំងរដ្ឋាភិបាលទ្រីប៉ូលី និងកងកម្លាំងរដ្ឋាភិបាលភាគខាងកើតលីប៊ី កំពុងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក៕ធ.ដ