-
អង្គការសហប្រជាជាតិ ថ្កោលទោសការវាយប្រហារតាមដែនអាកាសផ្តាច់ជីវិត ជនអន្តោប្រវេសន៍៤៤នាក់នៅប្រទេសលីប៊ី

លីប៊ី៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានរិះគន់ជាខ្លាំងចំពោះការវាយប្រហារតាមផ្លូវអាកាសលើ មន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ ដែលបានផ្ដាច់ជីវិតមនុស្ស៤៤នាក់នៅឯជាយទីក្រុង ទ្រីប៉ូល ប្រទេស លីប៊ី។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់លោក គឺលោក ស្ទេហ្វែន ឌូហ្សារីគ បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា លោក ហ្គូដទ័ររ៉េស បានធ្វើការថ្កោលទោសយ៉ាងធ្ងន់ពាក់ព័ន្ធនឹងការវាយប្រហារដ៏អាក្រក់ខាងលើ ខណៈមន្ត្រីអង្គការសហប្រជាជាតិម្នាក់ បានចាត់ទុកថា ការវាយប្រហារនេះ អាចជាបទឧក្រិដ្ឋសង្រ្គាម។ រហូតមកទល់ពេលនេះ មិនទាន់មានភាគីណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ស្របពេលដែលកងកម្លាំងរដ្ឋាភិបាលទ្រីប៉ូលី និងកងកម្លាំងរដ្ឋាភិបាលភាគខាងកើតលីប៊ី កំពុងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក៕ធ.ដ
-
ភ្លៀងធ្លាក់ខ្លាំងវាយប្រហារប្រទេសជប៉ុន បង្ខំឲ្យអាជ្ញាធរជម្លៀសមនុស្ស៨០ម៉ឺននាក់

ជប៉ុន៖ រដ្ឋាភិបាលជប៉ុន បានបញ្ជាឲ្យមនុស្សជិត៨០ម៉ឺននាក់នៅលើកោះ គីយូស៊ូ ភាគខាងត្បូងទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាពនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានគំរាមកំហែងឲ្យមានការរអិលបាក់ដី និងបង្កការខូចខាតផ្សេងទៀត។ បើតាមសារព័ត៌មានក្នុងស្រុកជប៉ុន ភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃកោះ គីយូស៊ូ រហូតដល់ទៅ១ពាន់មីលីម៉ែត្រ ចាប់តាំងពីថ្ងៃសុក្រកន្លងមក ហើយអ្នកព្យាករណ៍បានរំពឹងថា ភ្លៀងនឹងធ្លាក់ក្នុងកម្រិត៣៥០មីលីម៉ែត្រនៅតាមតំបន់ផ្សេងទៀតគិតត្រឹមថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ។ ចំណែកឯនៅទីក្រុងតូក្យូ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បាននិយាយថា ប្រជាពលរដ្ឋគួរតែចាត់វិធានការ ដើម្បីការពារជីវិតរបស់ពួកគេរាប់បញ្ចូលទាំងការជម្លៀសបឋម ហើយលោកបានបញ្ជាឲ្យយោធារៀបចំ សម្រាប់ប្រតិបត្តិការសង្គ្រោះប្រសិនបើចាំបាច់ផងដែរ៕ធ.ដ
-
នាយករដ្ឋមន្រ្តីថៃ៖ ទីក្រុងបាងកកដាក់គោលដៅឈប់ប្រើថង់ប្លាស្ទិក៤ប្រភេទ សម្រាប់រយៈពេល៣ឆ្នាំទៅមុខ

ថៃ៖ រដ្ឋាភិបាលថៃ នឹងលែងឲ្យមានការប្រើថង់ប្លាស្ទិក ដែលមានកម្រាស់ស្តើងជាង៣៦មីក្រូម៉ែត្រ ឬប្រហែល០,០៣៦មីលីម៉ែត្រ ប្រអប់ចំណីអាហារកែច្នៃ ទុយោប្លាស្ទិក និងកែវប្លាស្ទិក ដែលអាចប្រើម្តងហើយបោះចោល នៅឆ្នាំ២០២២ខាងមុខ នេះបើតាមនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងថ្ងៃពុធសប្តាហ៍នេះ។ ទន្ទឹមគ្នានេះ លោក ប្រាយុទ្ធ ក៏បានអរគុណដល់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ហើយថា ក្នុងរយៈពេល១០ខែចុងក្រោយនេះយើងឃើញថា ការប្រើប្រាស់ថង់ប្លាស្ទិកបានធ្លាក់ចុះរហូតដល់២,៧តោន ឬស្មើនឹង១,៥ពាន់លានថង់។ នាយករដ្ឋមន្ត្រីថៃរូបនេះបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោកនឹងលើកកម្ពស់វត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ជំនួសឲ្យផលិតផលប្លាស្ទិកវិញ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក ហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថៃទាំងអស់ ឲ្យបដិសេធក្នុងការប្រើប្រាស់ថង់យួរប្លាស្ទិក នៅហាងលក់ទំនិញនានាផងដែរ។ សូមជម្រាបថា លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើការសន្យាបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសទិវាគ្មានថង់ប្លាស្ទិកអន្តរជាតិនាថ្ងៃទី០៣ ខែកក្កដានេះ៕ធ.ដ
-
អេហ្ស៊ីប បើកឱ្យទស្សនាប្រាសាទពីរ៉ាមីតអាយុកាល៤ពាន់ឆ្នាំឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរ

អេហ្ស៊ីប៖ ប្រាសាទពីរ៉ាមីត ឡាហាន់ មានអាយុកាល៤ពាន់ឆ្នាំ បានបើកទ្វារឱ្យសាធារណជនចូលទស្សនាបណ្ដាញផ្លូវដើរ និងបន្ទប់បញ្ចុះសពសម័យបុរាណជាលើកដំបូងនៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីបានសម្រេចបិទទ្វាររាប់រយឆ្នាំមកហើយ។ បច្ចុប្បន្នអេហ្ស៊ីបកំពុងព្យាយាមស្តាមុខមាត់ឡើងវិញ នៃវិស័យទេសចរណ៍របស់ខ្លួន ក្រោយការផ្លាស់ប្តូររបបលោក ហូស្នី មូបារ៉ាក់ កាលពីឆ្នាំ២០១១ ដែលបានធ្វើឲ្យប្រទេសមួយនេះ ជួបប្រទះភាពអសន្តិសុខជាខ្លាំង ហើយមួយរយៈចុងក្រោយនេះ ភ្ញៀវទេសចរក៏បានចាប់អារម្មណ៍ទៅទស្សនាអេហ្ស៊ីបឡើងវិញដែរ។ ដោយឡែកពាក់ព័ន្ធនឹងបើកឡើងវិញខាងលើ ក្រុមការងារផ្នែកបុរាណវិទ្យាបានចំណាយពេលជាងមួយឆ្នាំ ដើម្បីសម្អាតបន្ទប់បញ្ចុះសពនៅក្នុងប្រាសាទពីរ៉ាមីត ឡាហាន់ ដែលកប់នៅក្រោមផ្ទាំងថ្ម និងកម្ទេចកម្ទីអស់រយៈពេលរាប់រយឆ្នាំ។ ប្រាសាទពីរ៉ាមីតត្រូវបានបិទទ្វារចាប់តាំងពីរបកកំហើញក្នុងសតវត្សរ៍ទី១៩មកម្ល៉េះ ប៉ុន្តែក្រសួងបុរាណវិទ្យាអេហ្ស៊ីបបានសម្រេចចិត្តបើកទ្វារពីរ៉ាមីតនេះឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរ៕ធ.ដ
-
ធ្លាក់ព្រិលទឹកកកខ្លាំងបំផុតនៅទីក្រុងមួយក្នុងប្រទេសម៉ិកស៊ិក កម្ពស់ដល់ទៅ១ម៉ែត្រកន្លះ

តំបន់ជាច្រើននៅតាមជាយទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក ត្រូវបានគ្រប់ដណ្ដប់ទៅដោយព្រិលទឹកកកក្រោយពេលព្រិលធ្លាក់ខ្លាំង ដោយព្រិលទឹកកកបានកើនឡើងរហូតដល់កម្ពស់១,៥ម៉ែត្រដែលបណ្ដាលឲ្យយានយន្ដភាគច្រើនកប់ជាប់នៅក្រោមនោះថ្មីៗនេះ។ អាជ្ញាធរឲ្យដឹងដែរថា ផ្ទះសម្បែងប្រមាណជា២០០ខ្នង ត្រូវបានរងផលខូចខាត ហើយយានយន្ដមួយចំនួនត្រូវបានរំអិលទៅតាមព្រិលទឹកកក។ គួរឲ្យដឹងថា ទីក្រុង Guadalajara នៃប្រទេសម៉ិកស៊ិកនេះ ធ្លាប់ទទួលរងការធ្លាក់ព្រិលទឹកកកជាច្រើនលើកមកហើយ ប៉ុន្តែលើកនេះមានសភាពធ្ងន់ និងខ្លាំងក្លាបំផុតដែលមិនធ្លាប់មានពីមុនមក៕ធ.ដ
-
កូនប្រុសរបស់លោក ឌូតឺតេ បង្ហាញមហិច្ចតាចង់ក្លាយជាប្រធានសភាហ្វីលីពីន

លោក ប៉ាវឡូ ឌូតឺតេ អាយុ៤៤ឆ្នាំ ជាកូនប្រុសរបស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយកាលពីថ្ងៃម្សិលមិញ គាត់កំពុងព្យាយាមចាប់យកតំណែងជាប្រធានសភាជាន់ទាបរបស់ប្រទេសហ្វីលីពីន។ លោក ប៉ាវឡូ ឌូតឺតេ ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីខែឧសភា បានបង្ហាញពីបំណងចង់ធ្វើជាប្រធានសភាដែលមានអាណត្តិ៣ឆ្នាំ ហើយលោកចង់ជួយដោះស្រាយបញ្ហា ដែលលោកហៅថាជាការមិនចុះសម្រុងគ្នានៅក្នុងអង្គសភាជាន់ទាបដែលទើបតែជាប់ឆ្នោតថ្មីៗ និងមិនទាន់មានការកោះប្រជុំសម្រាប់សម័យប្រជុំលើកទីមួយរបស់ខ្លួននៅឡើយទេ។ កាលពីខែមុន លោក ឌូតឺតេ បាននិយាយថា លោកនឹងលាលែងពីតំណែងជាប្រធានាធិបតីប្រសិនបើកូនប្រុសលោកក្លាយជាប្រធានសភាមែន ដោយសារតែនឹងមានកូនបីនាក់ហើយកំពុងកាន់ការងារក្នុងការិយាល័យរបស់លោក។ លោក ឌុយទែរតេ និយាយសំដៅទៅកូនស្រី របស់លោកឈ្មោះថា សារ៉ា ឌូតឺតេ ជាអភិបាលក្រុងដាវ៉ាវ និងកូនប្រុសពៅ លោក សេប៉ាស្ទៀន ឌូតឺតេ ជាអភិបាលក្រុងរងដាវ៉ាវ៕ធ.ដ
-
វៀតណាម ត្រៀមបើកជើងហោះហើរត្រង់ពីរខ្សែបន្ថែមទៅជប៉ុន

ក្រុមហ៊ុនអាកាសចរណ៍ឯកជនវៀតណាម Vietjet Air គ្រោងនឹងបើកជើងហោះហើរត្រង់ពីរខ្សែបន្ថែមទៀត ពីទីក្រុងហូជីមិញ និងដាណាង ទៅកាន់ទីក្រុងតូក្យូ នៅក្នុងឆ្នាំ២០១៩នេះ។ ពោលគឺរំពឹងថា អាចនឹងចាប់ផ្ដើមជើងត្រឡប់ពីហូជីមីញទៅតូក្យូ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១២ខែកក្កដានេះតទៅ។ ការហោះហើរ នឹងត្រូវចំណាយពេល៦ម៉ោងសម្រាប់មួយជើងៗ ហើយចំណែកឯជើងហោះហើរពីដាណាង ទៅតូក្យូនឹងចាប់ផ្ដើមពីថ្ងៃទី២៦ខែតុលាតទៅ។ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក បានចូលរួមការដាក់ដំណើរការក្នុងទីក្រុងតូក្យូកាលពីថ្ងៃចន្ទកន្លងទៅ អំឡុងពេលកិច្ចប្រជុំ G20 ក្នុងទីក្រុង Osaka។ វៀតណាមកំពុងដំណើរការជើងហោះហើរត្រង់ចំនួន៣ខ្សែរវាងវៀតណាម និងជប៉ុន ដោយមាន ហូជីមីញ-អូសាកា ហាណូយ-អូសាកា និងហាណូយ-តូក្យូ៕ធ.ដ
-
សហភាពអឺរ៉ុបធ្វើកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះពាណិជ្ជកម្ម

អឺរ៉ុប៖ សហភាពអឺរ៉ុប បានលើកឡើងនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា ខ្លួនបានបើកកិច្ចពិភាក្សាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីខិតខំព្យាយាមស្វែងរកច្រកចេញពីជម្លោះនៃការជួយទំនុកបម្រុងរបស់សហភាពអឺរ៉ុប ដល់ក្រុមហ៊ុនផលិតយន្តហោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនគំរាមយកពន្ធលើទំនិញអឺរ៉ុប គិតជាទឹកប្រាក់ជិត៤ពាន់លានដុល្លារ។ ការអះអាងពីជំនួបពិភាក្សាខាងលើនេះ បានកើតមានឡើងបន្ទាប់ពីការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) បានចេញផ្សាយនូវបញ្ជីឈ្មោះផលិតផលជាច្រើនរបស់សហភាពអឺរ៉ុប ដែលអាចនឹងជាប់កាតព្វកិច្ចពន្ធសហរដ្ឋអាម៉េរិក ដោយសារតែជម្លោះរវាងក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង និងក្រុមហ៊ុនអ៊ែរប៊ស់។ ផលិតផលនៅក្នុងបញ្ជីឈ្មោះខាងលើ ដែលមានតម្លៃជិត៤ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងផលិតផលតដូចជា ផ្លែបឺរី សាច់ ឈីស ប្រេងអូលីវ ប៉ាស្ដា ស្រាវីស្គី និងលោហៈ ដែលគិតជាសរុបមានប្រហែល៨៩មុខ។ ការចេញផ្សាយបញ្ជីនេះដែរ ក៏បានបូកបន្ថែមថ្មីមួយទៅក្នុងបញ្ជីផលិតផលមានតម្លៃ២១ពាន់លានដុល្លារ ដែលសហរដ្ឋអាម៉េរិកបានប្រកាសយកពន្ធកាលពីខែមេសាកន្លងទៅ៕ធ.ដ
-
សេតវិមានព្រមានធ្ងន់ៗថា សហរដ្ឋអាម៉េរិកនឹងមិនអនុញ្ញាតដាច់ខាតឱ្យអ៊ីរ៉ង់អភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរបានឡើយ

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកដាច់ខាតនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់អាចអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរបានឡើយ។ នេះបើតាមការព្រមានរបស់សេតវិមានមួយថ្ងៃបន្ទាប់ពីទីក្រុងតេហេរ៉ង់ បានប្រកាសទទួលស្គាល់ថា ខ្លួនបានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ តាមរយៈការបង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពី៣០០គីឡូក្រាម។ ការសម្រេចចិត្តរបស់អ៊ីរ៉ង់នេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងសហរដ្ឋអាម៉េរិក ដែលទើបតែប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត។ អ្នកនាំពាក្យសេតវិមានលោកស្រី ស្ទេភែននី គ្រីសហែម បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់បន្ថែមសម្ពាធកាន់តែធ្ងន់បំផុតលើរបបដឹកនាំទីក្រុងតេហេរ៉ង់ នឹងនៅតែបន្ត រហូតទាល់តែមេដឹកនាំអ៊ីរ៉ង់សម្រេចចិត្តផ្លាស់ប្តូរទិសដៅរបស់ពួកគេ ហើយអនុវត្តន៍ឡើងវិញនូវការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមក្រោមស្ដង់ដារអន្តរជាតិ៕ធ.ដ
-
មេដឹកនាំចិន និងសមភាគីតួកគី ធ្វើកិច្ចពិភាក្សាទ្វេភាគីក្នុងទីក្រុងប៉េកំាង ដោយផ្តោតសំខាន់លើបញ្ហាជាច្រើននៅក្នុងតំបន់

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជួបពិភាក្សាជាមួយសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ នៅក្នុងរដ្ឋធានីប៉េកាំង នៅក្នុងថ្ងៃ អង្គារ៍ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមការសារព័ត៌មានចិន CGTN។ ប្រភពដដែលបានឱ្យដឹងទៀតថា លោកប្រធានាធិបតី ស៊ី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការបំពេញទស្សនកិច្ចរបស់លោក អឺដូហ្គាន់ ក្នុងអំឡុងការប្រារព្ធពិធីមួយនៅឯវិមានប្រជាជនចិន។ នាឱកាសនោះដែរ មេដឹកនាំប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ស្តីអំពីវិធីសាស្រ្តបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីព្យាយាមថែរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាដោះស្រាយបញ្ហាបប្រឈមនៃការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មអន្តរជាតិ៕ធ.ដ