Category: ព័ត៌មានអន្តរជាតិ

  • ថៃ ស្នើចុះបញ្ជីទីតាំងថ្មីចំនួនបី ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

    ថៃ ស្នើចុះបញ្ជីទីតាំងថ្មីចំនួនបី ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

    បើតាមការចេញផ្សាយរបស់សារព័ត៌មានហ្ស៊ីនហួរ កាលពីម្សិលមិញថា ខណៈសម័យប្រជុំលើកទី៤៣ នៃគណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បានចាប់ផ្តើមប្រព្រឹត្តទៅសំណើរបស់ប្រទេសថៃស្តីពីការសុំចាត់បញ្ជូលទីតាំងចំនួនបី ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នឹងត្រូវលើកយកមកវាយតម្លៃក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ សម័យប្រជុំលើកទី៤៣ របស់គណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោករបស់ UNESCO បានប្រារព្ធឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ហើយនឹងបន្តរហូតដល់ថ្ងៃទី១០ ខែកក្កដា។ អំឡុងកិច្ចប្រជុំនេះ ក្នុងចំណោមសំណើជាច្រើនទៀត អង្គការ UNESCO នឹងធ្វើការពិចារណាទៅលើទីតាំងចំនួនបី ដែលប្រទេសថៃប្រាថ្នាចង់ឲ្យទទួលបានឋានៈជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងណោមទីតាំងទាំងបី ទីតាំងវប្បធម៌ទីមួយ គឺជាឧទ្យានប្រវត្តិសាស្រ្តស្រីទេព ខណៈទីតាំងទីពីរសំដៅលើប្រាសាទចំនួន៣ រួមមាន Phanom Rung ប្រាសាទ Muang Tam និងប្រាសាទផ្លៃ Plai Bat ស្ថិតក្នុងខេត្តបុរីរម្យ។ រីឯទីតាំងទីបី គឺឧទ្យានជាតិកែងក្រច័ន្ទ (Kaeng Krachan) ដែលស្ថិតនៅខេត្តពេជ្របុរី (Phetchaburi)។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកគ្រោងនឹងធ្វើការវាយតម្លៃលើសំណើនេះ នៅថ្ងៃទី០៤ និងទី០៥ ខែកក្កដា ២០១៩៕ធ.ដ

  • អឺរ៉ុប សម្រេចលែងយកពន្ធលើផលិតផលនាំចូលពីវៀតណាម ស្ទើរគ្រប់មុខជាផ្លូវការ

    អឺរ៉ុប សម្រេចលែងយកពន្ធលើផលិតផលនាំចូលពីវៀតណាម ស្ទើរគ្រប់មុខជាផ្លូវការ

    ដូចតាមការគ្រោងទុក អឺរ៉ុប និងវៀតណាម បានចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោយសេរីជាមួយគ្នា ដែលកិច្ចព្រមព្រៀងនេះ នឹងលុបបំបាត់ការយកពន្ធស្ទើរតែលើគ្រប់មុខទំនិញទាំងអស់ ដែលនាំចេញពីវៀតណាមចូលទៅកាន់អឺរ៉ុប។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា កាលពីចុងសប្តាហ៍កន្លងទៅ ដោយពេលនោះ ឧត្តមស្នងការពាណិជ្ជកម្មរបស់ EU លោកស្រី សេស៊ីលា ម៉ាលស្រ្តូម និងបានថ្លែងសាទរថា វាជាជោគជ័យដ៏សំខាន់មួយរវាងដៃគូពាណិជ្ជកម្មទាំងពីរ។ យ៉ាងណាមិញ ទាល់តែទទួលបានការផ្តល់សច្ចាប័នពីសភាអឺរ៉ុប ទើបកិច្ចព្រមព្រៀងនេះអាចចូលជាធរមានផ្លូវការ ដែលវានឹងកើតឡើងនៅចុងឆ្នាំនេះ ឬក៏នៅដើមឆ្នាំក្រោយ។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុបនេះ ទំនិញអាចរហូតដល់៩៩ភាគរយ ដែលនាំចូលពីវៀតណាម នឹងមិនត្រូវយកពន្ធឡើយ នៅពេលនាំចូលទៅសហភាពអឺរ៉ុប។ គួរជម្រាបថា កិច្ចព្រមព្រៀងខាងលើ ដែលនឹងធ្វើឲ្យទីផ្សារអឺរ៉ុបបើកចំហកាន់តែធំទូលាយថែមទៀតសម្រាប់វៀតណាម នឹងជួយជំរុញផលិតផលនាំចេញចម្បងៗរបស់វៀតណាម រួមមានដូចជា វាយនភណ្ឌ ស្បែកជើង ស្មាតហ្វូន និងគ្រឿងបន្លាស់កុំព្យូទ័រ។ រីឯបណ្តាប្រទេសអឺរ៉ុប ក៏អន្ទះសាចង់ទាញយកផលប្រយោជន៍ពីទីផ្សារវៀតណាម ដែលមានប្រជាជនប្រមាណ៩៥លាននាក់ផងដែរ៕ធ.ដ

  • ថៃ-ឡាវ ចុះកិច្ចព្រមព្រៀងពង្រឹងគុណភាពផ្លូវ និងស្ថាបនាផ្លូវរថភ្លើងបន្ថែម ចំណាយជិត១០០លានដុល្លារអាម៉េរិក

    ថៃ-ឡាវ ចុះកិច្ចព្រមព្រៀងពង្រឹងគុណភាពផ្លូវ និងស្ថាបនាផ្លូវរថភ្លើងបន្ថែម ចំណាយជិត១០០លានដុល្លារអាម៉េរិក

    ប្រទេសថៃ និងប្រទេសឡាវ បានចុះកិច្ចព្រមព្រៀងបង្កើនគុណភាពផ្លូវ និងស្ថាបនាផ្លូវរថភ្លើងបន្ថែម មានតម្លៃជាង៣ពាន់លានបាត ឬជិត៩៨លានដុល្លារអាម៉េរិក ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន នេះបើតាមទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងនឹងគ្នាហៅកាត់ថា Neda នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៩។ លោក ភឺរ៉ាម៉េស វុដធីទ័រ ណេធីរ៉ាក់ អនុប្រធានទីភ្នាក់ងារ Neda បាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា កាលពីចុងសប្តាហ៍កន្លងទៅ នៅប្រទេសឡាវ ដោយមាន២គម្រោង ក្នុងនោះ មួយពាក់ព័ន្ធនឹងការពង្រឹងគុណភាពផ្លូវជាតិលេខ១១ ភ្ជាប់ទៅប៉ុស្តិ៍ត្រួតពិនិត្យ ភូឌូ ក្នុងខេត្ត អ៊ូតារ៉ាឌីត ជាមួយក្រុងវៀងចន្ទន៍។ ការធ្វើឲ្យគុណភាពផ្លូវកាន់តែល្អប្រសើរនេះ គឺនឹងពង្រីក២គន្លង មានតម្លៃ១,៨ពាន់លានបាត។ លោក ភឺរ៉ាម៉េស បាននិយាយថា គម្រោងនឹងធ្វើឲ្យការដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរឆ្លងកាត់ផ្លូវរបៀងសេដ្ឋកិច្ចឈៀងម៉ៃ-វៀងចន្ទន៍ កាន់តែលឿន។ ជាងនេះទៀត កិច្ចព្រមព្រៀងក៏នឹងមានការស្ថាបនាផ្លូវរថភ្លើងពី នុងខៃ ទៅ ថាណាលេង ក្នុងប្រទេសឡាវ ពង្រីកទៅដល់ក្រុងវៀងចន្ទន៍។ គម្រោងនេះនឹងចំណាយថវិការ១,៦ពាន់លានបាត៕ធ.ដ

  • ប្រមុខការទូតកំពូលអ៊ីរ៉ង់៖ ទីក្រុងតេហេរ៉ង់បានស្តុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពីកម្រិត កំណត់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

    ប្រមុខការទូតកំពូលអ៊ីរ៉ង់៖ ទីក្រុងតេហេរ៉ង់បានស្តុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពីកម្រិត កំណត់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

    អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ តាមរយៈការបង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពី៣០០គីឡូក្រាម នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ចាហ្វាដ ហ្សារីហ្វ នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ ការលើកឡើងបែបនេះរបស់លោក ហ្សារីហ្វ ត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងសហរដ្ឋអាម៉េរិក ដែលទើបតែប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ និងមន្ត្រីជានខ្ពស់ជាច្រើននាក់ ក្នុងនោះរួមមានទាំងលោក ចាហ្វាដ ហ្សារីហ្វ ផងដែរ។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ផ្អែកលើអ្វីដែលលោកបានប្រាប់ពីលើកមុន អ៊ីរ៉ង់បានចាប់ផ្ដើមចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពី៣០០គីឡូក្រាម ដែលជាកម្រិតត្រូវបានដាក់កំហិតនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥៕ធ.ដ

  • អ៊ីរ៉ង់ព្រមានថា អ៊ីស្រាអែលនឹងត្រូវកម្ទេចត្រឹមកន្លះម៉ោង បើសហរដ្ឋអាម៉េរិក ហ៊ានវាយប្រហារលើអ៊ីរ៉ង់

    អ៊ីរ៉ង់ព្រមានថា អ៊ីស្រាអែលនឹងត្រូវកម្ទេចត្រឹមកន្លះម៉ោង បើសហរដ្ឋអាម៉េរិក ហ៊ានវាយប្រហារលើអ៊ីរ៉ង់

    អ៊ីរ៉ង់៖ សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានធ្វើការព្រមានថា អ៊ីស្រាអែលនឹងរងការបំផ្លាញទាំងស្រុងក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ បើសិនជាសហរដ្ឋអាម៉េរិកហ៊ាន បើកការវាយប្រហារលើអ៊ីរ៉ង់។ ប្រធានគណៈកម្មាការសន្តិសុខជាតិ និងគោលនយោបាយបរទេសនៃសភាអ៊ីរ៉ង់ លោក Mojtaba Zolnour បានព្រមានបែបនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ បានបញ្ជាឱ្យកងទ័ពអាម៉េរិកវាយប្រហារលើអ៊ីរ៉ង់ ជាការសងសឹកទៅនឹងការបាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍អាម៉េរិកមួយគ្រឿងដោយយោធាអ៊ីរ៉ង់ ប៉ុន្តែនៅនាទីចុងក្រោយ លោក ត្រាំ បែរជាលុបចោលបទបញ្ជានេះទៅវិញ។ ប្រធានគណៈកម្មាការសន្តិសុខជាតិ និងគោលនយោបាយបរទេសនៃសភាអ៊ីរ៉ង់រូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា បើសិនជាសហរដ្ឋអាម៉េរិកបើកការវាយប្រហារណាមួយលើពួកយើង នោះ អ៊ីស្រាអែលនឹងត្រូវបំផ្លាញត្រឹមតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះ៕ធ.ដ

  • របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ជនចំណាកស្រុកស្លាប់កើនដល់ ៣២,០០០នាក់ចាប់តាំងពីឆ្នាំ២០១៤មក

    របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ជនចំណាកស្រុកស្លាប់កើនដល់ ៣២,០០០នាក់ចាប់តាំងពីឆ្នាំ២០១៤មក

    បរទេស៖ ទីភ្នាក់ងារទេសន្តប្រវេសន៍អង្គការសហប្រជាជាតិបានឲ្យដឹងថា តួលេខទូទាំងសាកលលោករបស់ខ្លួន អាចប៉ាន់ស្មានខុសពីលក្ខណៈពិតប្រាកដ និងទំហំនៃបញ្ហានេះ នៅពេលដែលការស្លាប់របស់ជនចំណាកស្រុកជាច្រើន មិនដែលត្រូវបានគេរាយការណ៍ ហើយសាកសពជាច្រើនមិនដែលត្រូវបានគេរកឃើញ។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ស្ថិតិនេះពណ៌នាពីរូបភាពមិនល្អនៃភាពគ្រោះថ្នាក់ដែលកំពុងរង់ចាំជនភៀសខ្លួន និងជនចំណាកស្រុករាប់សែននាក់ ដែលប្រថុយប្រថានអាយុជីវិតរបស់ខ្លួន នៅក្នុងការស្វែងរកការការពារ ឬជីវភាពប្រសើរឡើង។ បើតាមរបាយការណ៍នោះ មនុស្សជិត១ម៉ឺន៨ពាន់នាក់ បានស្លាប់ ឬបាត់ខ្លួននៅក្នុងសមុទ្រមេឌីទែរ៉ាណេនៅចន្លោះឆ្នាំ២០១៤-២០១៨ ហើយសាកសពជិត២ភាគ៣នៃជនរងគ្រោះទាំងអស់មិនត្រូវបានគេរកឃើញទេ។ បើតាមអ្នកនាំពាក្យអង្គការទេសន្តប្រវេសន៍អន្តរជាតិ លោក Joel Millman បានបញ្ជាក់ថា ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់ សាសនាអ៊ិស្លាមមកពីប្រទេសមីយ៉ាន់ម៉ា មានចំនួនច្រើនគេ មានចំនួនដល់ទៅ២ពាន់២រយនាក់ ដែលត្រូវបានគេកត់ត្រានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយជិត២៨៨នាក់ជាជនចំណាកស្រុកអាហ្វហ្កានីស្ថាននៅក្នុងតំបន់អាស៊ីខាងត្បូង ចាប់តាំងពីឆ្នាំ២០១៤មក៕ធ.ដ

  • មនុស្សស្លាប់កាន់តែច្រើន ដោយសារតែករណីផ្ទុះការតវ៉ាហិង្សានៅប្រទេសស៊ូដង់

    មនុស្សស្លាប់កាន់តែច្រើន ដោយសារតែករណីផ្ទុះការតវ៉ាហិង្សានៅប្រទេសស៊ូដង់

    ស៊ូដង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកស៊ូដង់បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់១១នាក់ ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍ធ្វើបាតុកម្មទ្រង់ទ្រាយធំចុងក្រោយបង្អស់ ដែលទាមទារឲ្យមានការកែប្រែច្បាប់ស៊ីវិលនៅក្នុងប្រទេសមួយនេះ។ ប្រភពបន្តថា មន្រ្តីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ស្របពេលក្រុមបាតុកររាប់ម៉ឺននាក់បាននាំគ្នាទៅធ្វើបាតុកម្មនៅតាមដងផ្លូវកាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ នៅក្នុងរដ្ឋធានី Khartoum និងតំបន់ដទៃទៀត ចាប់តាំងពីមានការបង្ក្រាបទៅលើបាតុករ ដែលបានបង្កឲ្យមានមនុស្សស្លាប់កាលពីខែមិថុនាមក។ ដោយឡែកកាលពីថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ក៏មានសេចក្តីរាយការណ៍ដែរថា មានការតវ៉ាបានផ្ទុះឡើងបន្ថែមទៀត ខណៈសហរដ្ឋអាម៉េរិក បានប្រកាសថ្កោលទោស ចំពោះអំពើហិង្សាដែលបានប្រើប្រាស់ទៅលើជនស៊ីវិល។ មន្ត្រីម្នាក់របស់ក្រសួងការបរទេសអាម៉េរិក ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបាននិយាយនៅថ្ងៃច័ន្ទសប្តាហ៍នេះថា ការបាញ់គ្រាប់ពិតពីសំណាក់កងកម្លាំងសន្ដិសុខស៊ូដង់ទៅលើអ្នកតវ៉ាដែលធ្វើបាតុកម្មដោយសន្ដិវិធី គឺជារឿងដែលមិនអាចទទួលយកបាននោះទេ ហើយយោធាគួរតែទទួលខុសត្រូវចំពោះការស្លាប់នេះ‍។ មន្ត្រីរូបនោះបន្ថែមទៀតថា ការធ្វើបាតុកម្មដោយសន្ដិវិធីនៅក្នុងរដ្ឋធានី ខាទុម និងនៅក្នុងទីក្រុងជាច្រើនទៀតនៅទូទាំងប្រទេសស៊ូដង់ កាលពីថ្ងៃទី៣០ ខែមិថុនា បានសង្កត់ធ្ងន់ទៅលើការទាមទាររបស់ប្រជាជនស៊ូដង់ ចង់បានរដ្ឋាភិបាលមួយដែលដឹកនាំដោយជនស៊ីវិល‍៕ធ.ដ

  • លោក ម៉ៃ ប៉ុមប៉េអូ អះអាងថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង នឹងចាប់ផ្តើមធ្វើ កិច្ចចរចានុយក្លេអ៊ែរឡើងវិញ នាពាក់កណ្តាលខែកក្កដានេះ

    លោក ម៉ៃ ប៉ុមប៉េអូ អះអាងថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង នឹងចាប់ផ្តើមធ្វើ កិច្ចចរចានុយក្លេអ៊ែរឡើងវិញ នាពាក់កណ្តាលខែកក្កដានេះ

    សហរដ្ឋអាម៉េរិក៖ កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង ទំនងជាត្រូវចាប់ផ្ដើមឡើងវិញនៅពាក់កណ្ដាលខែកក្កដាខាងមុខ នេះបើតាមការរំពឹងទុករបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯមូលដ្ឋានទ័ពអាកាសអូសាន ភាគខាងត្បូងទីក្រុងសេអូល ប្រទេសកូរ៉េខាងត្បូង ប្រមុខការទូតអាម៉េរិករូបនេះ បាននិយាយថា កិច្ចចរចានុយក្លេអ៊ែរអាចនឹងកើតឡើងជាថ្មីនៅក្នុងខែកក្កដានេះ ពោលគឺលោករំពឹងថា នៅពីរ ឬបីសប្ដាហ៍ខាងមុខទៀតនេះ។សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យម្សិលមិញនេះ បានជួបគ្នានៅក្នុងជំនួបដ៏ភ្ញាក់ផ្អើលមួយនៅឯតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ ហើយតាមរយៈជំនួបនេះលោក ត្រាំ បានក្លាយជាប្រធានាធិបតីអាម៉េរិកកំពុងកាន់អំណាចដំបូងគេបំផុត ដែលបានចូលទៅក្នុងទឹកដីកូរ៉េខាងជើង ជាទីដែលលោក និងលោក គីម យល់ព្រមបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ៕ម.ន

  • ប្រមុខការទូតអ៊ីរ៉ង់អះអាងថា ទីក្រុងតេហេរ៉ង់នឹងមិនចុះចាញ់ការដាក់ទណ្ឌកម្ម ឬក៏សម្ពាធរបស់សហរដ្ឋអាម៉េរិកឡើយ

    ប្រមុខការទូតអ៊ីរ៉ង់អះអាងថា ទីក្រុងតេហេរ៉ង់នឹងមិនចុះចាញ់ការដាក់ទណ្ឌកម្ម ឬក៏សម្ពាធរបស់សហរដ្ឋអាម៉េរិកឡើយ

    អ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងមិនចុះចាញ់ដោយសារតែការដាក់ទណ្ឌកម្ម ឬក៏សម្ពាធពីសហរដ្ឋអាម៉េរិកឡើយ ហើយទីក្រុងវ៉ាស៊ីនតោន គួរតែបង្ហាញពីការគោរពជាមុនសិន បើចង់ជួបចរចាជាមួយទីក្រុងតេហេរ៉ង់ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរ ទេសអ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ចាហ្វាដ ហ្សារីស។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃ ចន្ទ នេះ (ម៉ោងក្នុងតំបន់) និងជាការឆ្លើយទៅនឹងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលបានអះអាងពីបំណងជួបជាមួយមេដឹកនាំអ៊ីរ៉ង់ ដោយគ្មានដាក់លក្ខខណ្ឌជាមុនទាំងអស់។ គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានផ្ទុះឡើងកម្ដៅជាអតិបរាមា បន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ជាការឆ្លើយតបទៅនឹងការបាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍អាម៉េរិកមួយគ្រឿង ដោយយោធាអ៊ីរ៉ង់កាលពីខែមិថុនាកន្លងទៅនេះ៕ម.ន  

  • នាយកក្រុមហ៊ុនផលិតសព្វាវុធដ៏ធំរបស់រុស្ស៊ីបង្ហើបថា ទីក្រុងម៉ូស្គូនឹងផលិត ប្រព័ន្ធ S-500 ដែលកាន់តែមានអនុភាពជាងប្រព័ន្ធ S-400

    នាយកក្រុមហ៊ុនផលិតសព្វាវុធដ៏ធំរបស់រុស្ស៊ីបង្ហើបថា ទីក្រុងម៉ូស្គូនឹងផលិត ប្រព័ន្ធ S-500 ដែលកាន់តែមានអនុភាពជាងប្រព័ន្ធ S-400

    រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានចាប់ផ្តើមការផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មីបំផុតរបស់ខ្លួន មានឈ្មោះថា S-500 នេះបើតាមលោក សឺហ្គៃ ឆេមេហ្សូវ នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតសព្វាវុធដ៏ធំមួយរបស់រុស្ស៊ី រ៉ួសស្ទិក។នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតសព្វាវុធរុស្ស៊ីរូបនេះ បាននិយាយនៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា ខ្លួនចាប់ផ្តើមការផលិតប្រព័ន្ធមីស៊ីល S-500 ហើយ ដែលវានឹងមានលក្ខណៈកាន់តែទំនើបហើយមានអានុភាពខ្លាំងថែមទៀត បើធៀបជាមួយប្រព័ន្ធ S-400 ហើយថា ប្រព័ន្ធសព្វាវុធថ្មីនេះ នឹងត្រូវប្រគល់ឲ្យយោធារុស្ស៊ី ក្រោយការធ្វើតេស្តចប់រួចរាល់។ យ៉ាងណាមិញព័ត៌មានលម្អិតនៃប្រព័ន្ធមីស៊ីលនេះ នៅតែជារឿងសម្ងាត់នៅឡើយទេ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ព័ត៌មាននោះ ប្រព័ន្ធ S-500 មានសមត្ថភាពវាយប្រហារគោលដៅ រួមមានមីស៊ីលផ្លោងជាដើម ដែលស្ថិតនៅចម្ងាយ៦០០គីឡូម៉ែត្រពីវាបាន៕ម.ន