-
មេដឹកនាំចិន និងជប៉ុន ឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគី ស្របពេលកំពុងបារម្ភពី សង្រ្គាមពាណិជ្ជកម្ម

ជប៉ុន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានព្រមព្រៀងគ្នាបង្កើន និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈកំពុងព្រួយបារម្ភដូចគ្នា ចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ។ ក្រុមមន្ត្រីជប៉ុនបានឱ្យដឹងថា លោក ស៊ី និងលោក អាបេ បានជួបពិភាក្សាគ្នានាឱកាសដែល មេដឹកនាំទាំងពីរ ត្រូវចូលរួមកិច្ចប្រជុំ G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុនពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនា។ លើសពីនេះទៅទៀត នៅក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ត លោក ស៊ី និងលោក អាបេ ក៏បានឯកភាពគ្នាផងដែរក្នុងការធ្វើការងារជាមួយគ្នា ដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរី និងដោយស្មើភាព។ សូមបញ្ជាក់ថា ប្រទេសទាំងពីរ មានបញ្ហានឹងគ្នាជាច្រើនរាប់ចាប់តាំងពីជម្លោះប្រវត្តិសាស្ត្រ និងទឹកដី ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពល្អក់កករ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ហាក់ដូចជាមានទំនាក់ទំនងនឹងគ្នាល្អគ្រាន់បើ ដោយសារតែសង្រ្គាមពាណិជ្ជកម្មបង្កឡើងដោយលោក ដូណាល់ ត្រាំ និងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង៕ធ.ដ…
-
ចិនអះអាងទៅកាន់កូរ៉េខាងត្បូងថា ឆន្ទៈរំសាយអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង គឺមិនមានការប្រែប្រួលឡើយ

ជប៉ុន៖ ក្នុងឱកាសជួបមុខគ្នា មុនការបើកកិច្ចប្រជុំកំពូល G20 នៅឯទីក្រុងអូសាកា ប្រទេសជប៉ុន ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបញ្ជាក់ប្រាប់សមភាគី កូរ៉េខាងត្បូងលោក មូន ចេអ៊ីន ថា ឆន្ទៈរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងការសំដៅឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ និងការផ្សះផ្សាគ្នាជាមួយកូរ៉េខាងត្បូង គឺឥតមានការផ្លាស់ប្តូរឡើយ។ ការបញ្ជាក់បែបនេះធ្វើឡើង បន្ទាប់ពីលោក ស៊ី ទើបតែបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ នៅឯទីក្រុង ព្យុងយ៉ាង កាលពីសប្តាហ៍មុន។ បើតាមលោក ស៊ី លោក គីម មានក្តីសង្ឃឹមថា កូរ៉េខាងជើងនឹងទទួលបានការបន្ធូរបន្ថយខ្លះៗ នូវទណ្ឌកម្មអន្តរជាតិ ដែលត្រូវបានដាក់មកលើប្រទេសលោក ហើយលោក គីម ចង់ដោះស្រាយបញ្ហានេះតាមរយៈកិច្ចចរចា។ ក្រៅពីនោះ លោក ស៊ី និង លោក មូន បានបង្ហាញពីក្តីរំពឹងក្នុងការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិន និងកូរ៉េខាងត្បូងផងដែរ។ សូមបញ្ជាក់ថា ការជួបមុខគ្នាខាងលើ គឺជាជំនួបលើកទី០៥ហើយរវាងមេដឹកនាំទាំងពីរ និងជាលើកដំបូង…
-
ខេត្ត ណាខន ផាន់នំ ប្រទេសថៃដុតបំផ្លាញកញ្ឆាជាង៨តោន ក្នុងទិវាប្រឆាំងគ្រឿងញៀនម្សិលមិញ

រដ្ឋបាលខេត្ត ណាខន ផាន់នំ ប្រទេសថៃ កាលពីម្សិលមិញ បានដុតបំផ្លាញកញ្ឆាជាង៨តោន និង ថ្នាំជក់ជាង៦៧តោន អំឡុងពេលប្រារព្ធទិវាអន្តរជាតិប្រឆាំងការជួញដូរគ្រឿងញៀន។ ថ្នាំញៀនទាំងនេះត្រូវបានរឹបអូសបាន ដោយអាជ្ញាធរមានសមត្ថកិច្ច ក្នុងខេត្ត ណាខន ផាន់នំ កាលពីឆ្នាំមុន។ចាប់ពីថ្ងៃទី១ តុលា ២០១៨ ដល់ ៣១ ឧសភា អាជ្ញាធរខេត្តនេះបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីន៧លានគ្រាប់ កញ្ឆា៦តោន និង ដើមកញ្ឆា២៩ដើម ថ្នាំញៀនមេតំហ្វេតាមីន ឬម៉ាទឹកកក១៩.៣គីឡូក្រាម ថ្នាំជក់៦៧គីឡូក្រាម និងគ្រៀងញៀនមួយចំនួនទៀត។អំឡុងពេលនេះដែរ មានមនុស្សសរុបជិត២ពាន់នាក់ត្រូវបានចាប់ខ្លួន ក្នុង១៧៨៤ករណី៕
-
មានការសង្ស័យថា និស្សិតអនុបណ្ឌិតអូស្ត្រាលីម្នាក់ត្រូវបានឃុំខ្លួន នៅកូរ៉េខាងជើង

រដ្ឋាភិបាលអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍ ទី២៧ មិថុនានេះ បានអះអាងថា ខ្លួនកំពុងស្វែងរកការ បញ្ជាក់ជាបន្ទាន់ ជុំវិញសេចក្ដីរាយការណ៍ពីការចាប់ និងឃុំខ្លួនបុរសជនជាតិអូស្ត្រាលីម្នាក់នៅក្នុង ប្រទេសកូរ៉េខាងជើង។ ភ្លាមៗ ក្រសួងការបរទេសអូស្រ្តាលី មិនបានបញ្ជាក់ពីអត្តសញ្ញាបុរសខាងលើឡើយ ខណៈកំពុង ស្វែងរកព័ត៌មានបន្ថែម។ ប៉ុន្តែ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បុរសអូស្ត្រាលីរូបនេះមាន ឈ្មោះថា Alek Sigley អាយុ២៩ឆ្នាំ និងកំពុងបន្តការសិក្សានៅក្នុងទីក្រុងព្យុងយ៉ាង។គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង លោក Sigley កំពុងបន្តការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកអក្សរសាស្ត្រកូរ៉េនៅឯសាកលវិទ្យាល័យ គីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង។ យ៉ាងណាក៏ដោយ ខាងអាជ្ញាធរកូរ៉េខាងជើងមិនទាន់មានប្រតិកម្មនឹងសេចក្ដីរាយការណ៍ខាងលើ នៅឡើយទេ៕
-
លោក ស៊ី ជិនពីង ធ្វើដំណើរទៅដល់ប្រទេសជប៉ុនហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 និងជួបជាមួយលោក ដូណាល់ ត្រាំ

ជប៉ុន៖ សារព័ត៌មានក្នុងស្រុកចិនបានចុះផ្សាយថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានធ្វើដំណើរទៅដល់ទឹកដីប្រទេសជប៉ុនហើយ នៅថ្ងៃព្រហស្បតិ៍តនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងទីក្រុងអូសាកា ចាប់ពីថ្ងៃទី២៨ ដល់ទី២៩ ខែមិថុនានេះ។ ប្រធានាធិបតីចិនរូបនេះ ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំពិភពលោកជាច្រើន ក្នុងនោះរួមមានទាំងសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ នាឱកាសចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G20 នៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន។ បើតាមការគ្រោងទុកនោះ ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ សង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក ព្រមទាំងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង អាចនឹងក្លាយប្រធានបទសំខាន់សម្រាប់កិច្ចប្រជុំ G20 ដែលនឹងចាប់ផ្ដើមនៅថ្ងៃសុក្រស្អែកនេះ ក្នុងទីក្រុងអូសាកា៕ធ.ដ
-
កូរ៉េខាងជើងរិះគន់កូរ៉េខាងត្បូង ចំពោះការធ្វើខ្លួនជាអាជ្ញាកណ្តាលពាក់ព័ន្ធនឹងកិច្ចចរចា ជាមួយសហរដ្ឋអាម៉េរិក

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅថ្ងៃព្រហស្បត្តិ៍នេះ បានចេញមុខព្រមានកូរ៉េខាងត្បូង ឲ្យបញ្ឈប់ការតាំងខ្លួនជាអាជ្ញាកណ្តាល ទាក់ទិននឹងកិច្ចចរចារវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក ខណៈការអះអាងនេះ បានកើតមានឡើងស្របពេលលោក ដូណាល់ ត្រាំ គ្រោងធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង ក្នុងគ្រាកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងបាននឹងកំពុងជាប់គាំង។ ជាមួយគ្នានេះ នាយកទទួលបន្ទុកកិច្ចការអាម៉េរិកនៃក្រសួងការបរទេសកូរ៉េខាងជើង លោក ក្វុន ចុងហ្គាន់ នៅថ្ងៃព្រហស្បតិ៍តនេះបាននិយាយថា សហរដ្ឋអាម៉េរិក គួរតែចាត់វិធានការជាសកម្មភាពដែលបង្ហាញពីយុទ្ធសាស្រ្តថ្មីមួយ ដើម្បីស្ដាកិច្ចចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរឡើងវិញ មុននឹងពេលវេលាដែលកំណត់ដោយទីក្រុងព្យុងយ៉ាង ត្រូវកន្លងហួសទៅ។ លោក ក្វុន ចុងហ្គាន់ បានសង្កត់ធ្ងន់ទៀតថា ទីក្រុងវ៉ាស៊ីនតោនតែងតែលើកឡើងជានិច្ចពីកិច្ចសន្ទនា ខណៈអាម៉េរិកនៅតែប្រកាន់ភ្ជាប់នូវសកម្មភាពជាសត្រូវ ចំពោះកូរ៉េខាងជើង ដូច្នេះហើយ ទីក្រុងវ៉ាស៊ីនតោនគួរតែប្ដូរយុទ្ធសាស្ត្របច្ចុប្បន្ន និងធ្វើសកម្មភាពឱ្យស្របទៅតាមផលប្រយោជន៍រវាងប្រទេសទាំងពីរ៕ធ.ដ
-
មនុស្សស្លាប់ និងរបួស៧នាក់ ក្នុងហេតុការណ៍ផ្ទុះឆេះយន្តហោះរុស្ស៊ី ដឹកអ្នកដំណើរមួយគ្រឿងពេលព្យាយាមចុះចត

រុស្ស៊ី៖ សារព័ត៌មានចិន CGTN បានចុះផ្សាយថា ពីឡុត២នាក់បាត់បង់ជីវិត និងមនុស្ស៧នាក់ផ្សេងទៀតរងរបួស ដោយសារគ្រោះថ្នាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ អាន់តូនូវ អាន់២៤ បានផ្ទុះឆេះក្រោយពេលចុះចត និងជ្រុលទៅបុកអគារមួយខ្នងនៅថ្ងៃព្រហស្បតិ៍តនេះ នៅឯអាកាសយានដ្ឋាន ប៊ឺរីយ៉ាទី ក្នុងតំបន់ស៊ីប៊េរី ប្រទេសរុស្ស៊ី។ ប្រភពបន្តថា មូលហេតុនៃគ្រោះថ្នាក់ដ៏អាក្រក់នេះ បាននិងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ចំណែកឯយន្ដហោះ អាន់តូនូវ អាន់២៤ ត្រូវបានគេដឹងថា ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី អាងហ្គារ៉ា។ បើតាមអាជ្ញាធររុស្ស៊ីក្នុងតំបន់ យន្ដហោះដឹកអ្នកដំណើរនេះ មានផ្ទុកមនុស្ស៤៦នាក់ ក្នុងនោះមានទាំងពីឡុត៤នាក់ ក្នុងដំណើរផ្លូវហោះហើរពីតំបន់ យូឡេនយូដេ ទៅកាន់តំបន់ នីស្នៀនហ្គាស។ យន្ដហោះនេះ បានធ្វើការចុះចតជាបន្ទាន់មួយ តែនៅពេលចុះចតនេះស្រាប់តែបានជ្រុលទៅបុកអគារតូចមួយ ហើយក៏ផ្ទុះឆេះ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស៕ធ.ដ
-
អ្នកវិទ្យាសាស្ត្រអូស្ត្រាលីរកឃើញវិធីថ្មី ដែលអាចជួយទប់ទល់ការឡើងកម្តៅភពផែនដី

អូស្រា្តលី៖ ក្រុមអ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវរកឃើញថា តាមពិតដីអាចជាកូនសោគន្លឹះដ៏សំខាន់ ដើម្បីឆ្ពោះទៅរកការទប់ទល់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុសកល ដែលពិភពលោកយើងកំពុងប្រឈមមុខកាន់តែធ្ងន់ឡើងៗ។ លោកស្រី រ៉ាហ្វាអែល វីស្ការ៉ា រ៉ូហ្សែល ប្រធានក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ឃ្យូធីន នៅរដ្ឋអូស្រ្តាលីខាងលិច បាននិយាយថា ដើម្បីបង្អង់ល្បឿននៃការប្រមូលផ្តុំឧស្ម័នផ្ទះកញ្ចក់ និងជួយកាត់បន្ថយការកើនឡើងកម្តៅពិភពលោក យើងចាំបាច់ត្រូវយល់ដឹងឲ្យបានកាន់ប្រសើរ ចំពោះកត្តាដែលគ្រប់គ្រងលើសារធាតុកាបូន ដែលស្ថិតនៅក្នុងដីស្រាប់។ ប្រការនេះមានន័យថា សារធាតុកាបូនភាយពីស្រទាប់ដីក្នុងបរិមាណដ៏ត្រឹមត្រូវមួយ នោះនឹងអាចជួយកាត់បន្ថយឥទ្ធិពលនៃការឡើងកម្តៅផែនដីបាន។ ជាមួយគ្នានេះ លោកស្រី រ៉ូហ្សែល និងក្រុមការងារមានជំនឿជឿជាក់ថា តាមរយៈការគ្រប់គ្រងដីប្រកបដោយប្រសិទ្ធភាពជាងមុន ពួកយើងនៅទូទាំងពិភពលោក ប្រហែលអាចទប់ទល់ជាមួយបញ្ហាប្រឈមសាកលសំខាន់ៗចំនួនបី រួមមានបម្រែបម្រួលអាកាស ការស្រោចស្រង់សណ្ឋានដី និងសន្តិសុខស្បៀងជាដើម។ យ៉ាងណាមិញ ក្រុមអ្នកការពារបរិស្ថាននៅតែអំពាវនាវឲ្យពិភពលោក ទប់ស្កាត់ការបញ្ចេញឧស្ម័នពុល និងការកាប់បំផ្លាញព្រៃឈើ ដែលនៅតែជាកត្តាធំជាងគេ បង្កឲ្យភពផែនដីកើនឡើងកម្តៅខ្លាំងនាប៉ុន្មានទសវត្សរ៍ចុងក្រោយ៕ធ.ដ
-
លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាម៉េរិកនឹងដំឡើងពន្ធបន្ថែមលើចិន បើសិនមិនអាចសម្រេចបានកិច្ចព្រមព្រៀង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដំឡើងពន្ធបន្ថែមលើផលិតផលនាំចូលពីចិន បើសិនជាលោកមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយសមភាគីចិន លោក ស៊ី ជិនពីង ទេនោះ ។ លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកនឹងដំឡើងពន្ធបន្ថែមលើចិន បើសិនជាកិច្ចចរចាមិនដំណើរការណ៍ទៅមុខ ហើយបើសិនជាយើងមិនអាចសម្រេចបានកិច្ចព្រមព្រៀងណាមួយទេនោះ ។ លោក ត្រាំ បន្ថែមថា បើសិនជាទីក្រុងវ៉ាស៊ីនតោន និងចិន មិនអាចឈានដល់កិច្ចព្រមព្រៀង នោះលោកក៏នឹងកាត់បន្ថយការធ្វើពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងផងដែរ ។ សូមជម្រាបថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជួបសមភាគីចិន លោក ស៊ី ជិនពីង នៅក្នុងសប្ដាហ៍នេះ នៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ជាទីដែលមេដឹកនាំទាំង២ ត្រូវដោះស្រាយបញ្ហាជាច្រើន ជាពិសេសគឺសង្រ្គាមពាណិជ្ជកម្ម ៕ធ.ដ
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកធ្វើដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌា ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងវិបត្តិជាមួយអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានចូលរួមកិច្ចប្រជុំនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌានៅថ្ងៃពុធនេះ ខណៈមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការដំឡើងពន្ធគយកំពុងកើនឡើង ដែលប្រការនេះបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាដៃគូរវាងប្រទេសទាំងពីរ ។ នាឱកាសនោះ រដ្ឋមន្រ្តីការបរទេសអាម៉េរិករូបនេះ បានជួបប្រជុំជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ហើយបន្ទាប់បានជួបប្រជុំជាមួយនឹងសមភាគីរបស់លោកគឺ លោក ចៃសានខា ។ ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក រ៉ាវី ខូម៉ា បានថ្លែងថា លោក ប៉ុមប៉េអូ និងលោក ម៉ូឌី បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងទំនាក់ទំនងជាដៃគូរវាងឥណ្ឌា និងសហរដ្ឋអាម៉េរិក ហើយថា ភាគីទាំងពីរកំពុងធ្វើការជាមួយគ្នាឆ្ពោះទៅរកយុទ្ធសាស្រ្តភាពជាដៃគូកាន់តែស៊ីជម្រៅ ៕ធ.ដ