-
លោក មូន ជែអ៊ីន បង្ហើបថា មន្រ្តីសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងកំពុងជជែកគ្នាជាសម្ងាត់ ដើម្បីរៀបចំជំនួបកំពូលលើកទី៣រវាងលោក ត្រាំ និងលោក គីម

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នៅថ្ងៃពុធនេះ បានបង្ហើបពីការជជែកជាសំងាត់រវាងមន្ត្រីអាម៉េរិក និងកូរ៉េខាងជើង ជុំវិញការរៀបជំនួបកំពូលរវាងមេដឹកនាំប្រទេសទំាងពីរជាលើកទីបី ។ លោក មូន បានលើកឡើងថា អាម៉េរិកក៏បានស្នើទៅកាន់កូរ៉េខាងជើង ដើម្បីរៀប ចំជំនួបថ្នាក់ក្រុមការងារផងដែរ ខណៈភាគីទាំងពីរមិនបានជួបគ្នាច្រើនខែមកហើយ ជាពិសេសក្រោយជំនួបបរាជ័យនៅប្រទេសវៀតណាមមក ។ ប៉ុន្តែលោក មូន មិនបញ្ជាក់ទេថា លទ្ធផលនៃការជជែកជាសម្ងាត់នេះ មានលទ្ធផលយ៉ាងណាឡើយ ។ បច្ចុប្បន្ន ដ្បិតមិនបានជួបមុខគ្នាផ្លូវការមែន តែប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឆ្លើយឆ្លងគ្នាតាមរយៈសំបុត្រ ។ សម្រាប់លោក មូន ការផ្លាស់ប្ដូរសំបុត្រនេះ ជាការរក្សាឆន្ទៈក្នុងការបន្តកិច្ចសន្ទនារវាងអាម៉េរិក និងកូរ៉េខាងជើង ។ លោក មូន ផ្ទាល់ក៏កំពុងស្វែងរកឱកាសដើម្បីជួបចរចាជាមួយលោក គីម ជាលើកទីបួនដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតបអ្វីពីមេដឹកនាំកូរ៉េខាងជើងនៅឡើយទេ ៕ធ.ដ
-
កូរ៉េខាងជើងអះអាងថា នឹងការពារខ្លួនឯងប្រឈមមុខជាមួយទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានថ្កោលទោសសហរដ្ឋអាម៉េរិកយ៉ាងខ្លាំង ចំពោះការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសខ្លួន ដោយអះអាងថា ទណ្ឌកម្មមិនអាចធ្វើឱ្យខ្លួនឱនក្បាល ឬចុះញមនោះទេ ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន សេតវិមានបានសម្រេចចិត្តបន្តផ្ដល់សុពលភាពលើ បទបញ្ជាប្រតិបត្តិចំនួន៦ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ជុំវិញការអភិវឌ្ឍមីស៊ីល និងអាវុធនុយក្លេអ៊ែរ ។ ប្រតិកម្មខ្លាំងៗខាងលើ ធ្វើឡើងដោយក្រសួងការបរទេសកូរ៉េខាងជើង នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះ ខណៈទាំងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក ទើបតែអះអាងពីទំនាក់ទំនងរវាងលោក ត្រាំ និងលោក គីម ៕ធ.ដ
-
លោក ដូណាល់ ត្រាំ មិនមានគម្រោងជួបជាមួយលោក គីម ជុងអ៊ុន ឡើយ អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មិនមានគម្រោងជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ឡើយ នៅពេលលោកបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងនាចុងសប្តាហ៍នេះ ក្រោយចូលរួមកិច្ចប្រជុំ G20 នៅជប៉ុន នេះបើតាមមន្រ្តីជាន់ខ្ពស់រដ្ឋបាលសហរដ្ឋអាម៉េរិកមួយរូប ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ។ ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មាន មន្រ្តីដដែលនេះបាននិយាយថា លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅទស្សនកិច្ចនៅតំបន់គ្មានយោធា ដែលខណ្ឌចែកប្រទេសបងប្អូនកូរ៉េទំាងពីរ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង។ គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រគល់ជូនមេដឹកនាំកំពូលកូរ៉េខាងជើងនូវលិខិតដ៏រាក់ទាក់បំផុតមួយ ដើម្បីជាការឆ្លើយតបចំពោះការបញ្ជូនលិខិតសួរសុខទុក្ខរូបលោកពីសំណាក់លោក គីម កាលពីសប្តាហ៍មុន។ ការផ្លាស់ប្តូរលិខិតគ្នាទៅវិញទៅមករវាងមេដឹកនាំទាំងពីរ បានកើតមានឡើងខណៈដែលប្រទេសទាំងពីរកំពុងជាប់គាំងទាក់ទិននឹងកិច្ចពិភាក្សា ស្តីពីការលុបបំបាត់កម្មវិធីអានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងមុនពេលដែលលោក ត្រាំ គ្រោងចាកចេញនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ទៅបំពេញទស្សនកិច្ចនៅតំបន់អាស៊ី ដែលក្នុងនោះរួមមានកូរ៉េខាងត្បូងផងដែរ៕ធ.ដ
-
សហរដ្ឋអាម៉េរិកសង្ឃឹមថា អាហ្វហ្កានីស្ថាននឹងអាចបញ្ចប់សង្គ្រាមដ៏រុំារ៉ៃបច្ចុប្បន្ន មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅខែកញ្ញាខាងមុខ

អាហ្វហ្កានីស្ថាន៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃអង្គារសប្ដាហ៍នេះបានបំពេញដំណើរទស្សនកិច្ចដោយឥតព្រាងទុក ទៅកាន់ទីក្រុងកាប៊ុល ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្គានី ដោយផ្តោតសំខាន់លើកិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបង់។ ដំណើរទស្សនកិច្ចរបស់លោក ប៉ុមប៉េអូ បានកើតមានឡើងនៅមុនកិច្ចប្រជុំលើកទី៧ រវាងអ្នកតំណាងអាម៉េរិក និងក្រុមតាលីបង់ ដែលត្រៀមធ្វើឡើងនាពេលឆាប់ៗនេះ ក្នុងគោលបំណងបិទបញ្ចប់ជម្លោះដ៏រុំរ៉ៃ ចាប់តំាងពីសហរដ្ឋអាម៉េរិកចូលឈ្លានពានអាហ្វហ្កានីស្ថាននៅឆ្នាំ២០០១មក។ នៅក្នុងជំនួបជាមួយប្រធានាធិបតីអាហ្វហ្កានីស្ថាន ប្រមុខការទូតអាម៉េរិករូបនេះ បាននិយាយថា រូបលោកសង្ឃឹមថា អាហ្វហ្កានីស្ថានអាចនឹងស្វែងរកសន្តិភាពបញ្ចប់ជម្លោះរុំារ៉ៃបច្ចុប្បន្ន នៅមុនការបោះឆ្នោតប្រធានាធិបតីថ្មីចូលមកដល់នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ។ លោក ប៉ុមប៉េអូ បានអះអាងដែរថា សហរដ្ឋអាម៉េរិក បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ដោយមិនកំណត់ពីកាលបរិច្ឆេទឡើយ ហើយជាមួយគ្នានេះ លោក ប៉ុមប៉េអូ និង ហ្គានី ក៏បានឯកភាពគ្នាផងដែរអំពីការស្វែងរកសន្តិភាព ដែលជាអាទិភាពមួយត្រូវសម្រេចឱ្យបាន៕ធ.ដ
-
ចិនរំពឹងខ្ពស់ថា ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នឹងជួយបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ មានគម្រោងជួបគ្នាក្នុងចុងសប្តាហ៍នេះ នៅឯជំនួបកំពូលរបស់ប្រទេស២០ ដែលមានសេដ្ឋកិច្ចជឿនលឿនរបស់ពិភពលោក ហៅកាត់ថា G-20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ដែលនេះជាជំនួបមួយទល់នឹងមួយលើកដំបូងរបស់មេដឹកនាំទាំងពីរ ចាប់តាំងពីការចរចាពាណិជ្ជកម្មបានបរាជ័យកាលពីខែ ឧសភា មក។ ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ជេង ស័ង នៅថ្ងៃអង្គារសប្តាហ៍នេះបានបញ្ជាក់ថា ប្រទេសលោកសង្ឃឹមថា ជំនួបនេះនឹងធ្វើឲ្យប្រសើរឡើងនូវការជឿទុកចិត្តគ្នា ក៏ដូចជានឹងដោះស្រាយបញ្ហាសំខាន់ៗខ្លះដែលយើងកំពុងប្រឈមនៅពេលបច្ចុប្បន្ននេះ។ បើតាមមន្រ្តីជាន់ខ្ពស់អាម៉េរិកម្នាក់ក្នុងលក្ខមិនបញ្ចេញឈ្មោះ បាននិយាយថា ជំនួបនេះនឹងផ្តល់ឲ្យលោក ដូណាល់ ត្រាំ នូវឱកាសដើម្បីដឹងពីជំហររបស់ចិន ស្តីពីសង្គ្រាមពាណិជ្ជកម្មដែលរាលដាលកាន់តែធំឡើង។ សូមជម្រាបថា លោក ត្រាំ និងលោក ស៊ី បានឯកភាពជួបគ្នានៅក្រៅកិច្ចប្រជុំកំពូល G20 នាអំឡុងកិច្ចសន្ទនាតាមទូរសព្ទរបស់ពួកលោកកាលពីថ្ងៃទី១៨ ខែមិថុនាកន្លងមកនេះ ខណៈកិច្ចប្រជុំ G20 លើកទី១៤ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២៨ និង២៩ ខែមិថុនានេះនៅប្រទេសជប៉ុន ដោយលោក ស៊ី គ្រោងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំចាប់ពីថ្ងៃទី២៧…
-
តៃវ៉ាន់បញ្ជាក់ថា យោធាចិនចល័តក្បួននាវាដឹកយន្តហោះចម្បាំងឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់

តៃវ៉ាន់៖ យោធាចិនបានចល័តក្បួននាវាដឹកយន្តហោះចម្បាំង លីវណីង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកដែនដីទាំងពីរ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់។ ប្រភពដដែលបន្តថា នាវាដឹកយន្តហោះចម្បាំងចិន លីវណីង ដែលអមដំណើរដោយនាវាយោធាចំនួន០៥គ្រឿងទៀត បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ អំឡុងពេលឆ្ពោះទៅកាន់កំពង់ផែទីក្រុង ហ្គីនតាវ នៅភាគខាងកើតប្រទេសចិន។ សូមរំលឹកផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុន ក្បួននាវាដឹកយន្តហោះចម្បាំង លីវណីង ក៏បានចល័តឆ្លងកាត់ច្រកសមុទ្រ មីយ៉ាកុ របស់ជប៉ុន មុនចូលទៅក្បែរកោះហ្គាំរបស់សហរដ្ឋអាម៉េរិក ព្រមទាំងប្រទេសហ្វីលីពីន ហើយបន្តទៅតំបន់សមុទ្រចិនខាងត្បូង ដែលមានជម្លោះផងដែរ៕ធ.ដ
-
ផ្កាយរណបចំនួន២៤ត្រូវបាន SpaceX បាញ់បង្ហោះតាមរយៈគ្រាប់រ៉ុក្កែត Falcon Heavy ទៅកាន់ទីអវកាស

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន ស្ពេសអិច (SpaceX) បានធ្វើការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ហ្វ័រខុន ហេវី ចេញពីមជ្ឈមណ្ឌលយានអវកាស ខេននីឌី នៅរដ្ឋផ្លរីដា ក្នុងថ្ងៃអង្គារសប្តាហ៍នេះ។ ទន្ទឹមនឹងការបាញ់បង្ហោះខាងលើ គ្រាប់រ៉ុក្តែត ហ្វ័រខុន ក៏បាននាំយកផ្កាយរណបពិសោធន៍ចំនួន២៤គ្រឿងទៅកាន់ទីអវកាសជាមួយផងដែរ ដោយក្រុមហ៊ុនរ៉ុក្កែតរបស់កំពូលមហាសេដ្ឋីលោក អេលុន ម៉ាស់ បានហៅបេសកម្មនេះថា ជាការបាញ់បង្ហោះមួយដ៏លំបាកបំផុត ដែលខ្លួនធ្លាប់បានប៉ុនប៉ងពីមុនមក។ បេសកកម្មនេះត្រូវបានគេចាត់ទុកថា ជាកម្មវិធីសាកល្បងយានអវកាសទី២ (STP-2) ដែលជាបេសកកម្មទី៣សម្រាប់គ្រាប់រ៉ុក្កែត ហ្វ័រខុន ហេវី ហើយត្រូវបានគេចាត់ទុកផងដែរថា ជាប្រព័ន្ធបាញ់បង្ហោះដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក៕ធ.ដ
-
វិស័យទេសចរណ៍ថៃ នៅតែប៉ះពាល់ដោយសារការលិចកាណូតនៅភូកេត ស្លាប់ជនជាតិចិនជិត៥០នាក់ កាលពីឆ្នាំមុន

សប្តាហ៍ក្រោយ ជាខួប១ឆ្នាំនៃការហេតុការណ៍លិចកាណូតទេសចរសម្លាប់មនុស្សជាច្រើន នៅក្នុងខេត្តភូកេត ហើយវិស័យទេសចរណ៍ថៃនៅតែរងផលប៉ះពាល់ពីឧបទ្ទវហេតុនេះ នេះបើតាមការចេញផ្សាយរបស់សារព័តមានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។ ភាពធ្វេសប្រហែស វិធានការសុវត្ថិភាពខ្សោយ និងព្យុះខ្លាំងៗ ត្រូវបានស្តីបន្ទោសឲ្យទទួលខុសត្រូវលើហេតុការណ៍ដែលបណ្តាលឲ្យជនជាតិចិន៤៧នាក់ស្លាប់ កាលពីថ្ងៃទី៥ កក្តដា ពោលគឺនៅពេលដែលទេសចរចិនជាច្រើននាក់ បានធ្វើដំណើរនៅលើកាណូតដែលបានក្រឡាប់។ ហេតុការណ៍នេះ បានធ្វើឲ្យមានការធ្លាក់ចុះខ្លាំងនៃចំនួនទេសចរចិននៅប្រទេសថៃ បើទោះបីជាមានមតិខ្លះលើកឡើងថា ការធ្លាក់ចុះនេះបណ្តាលមកពីភាពតានតឹងរវាងចិន និងអាម៉េរិកលើសង្គ្រាមពាណិជ្ជកម្ម តាំងពីចុងឆ្នាំ២០១៨ក៏ដោយ។ ជាងនេះទៀត ក្រុមប្រតិបត្តិករទេសចរបានអះអាងថា ការបិទឆ្នេរល្បីៗមួយចំនួន នៅភូកេត តំបន់ភាគខាងត្បូងប្រទេសថៃក៏ជាមូលហេតុបណ្តាលឲ្យទេសចរអន្តរជាតិប្តូរទិសដៅដើរកម្សាន្ត នៅបណ្តាប្រទេសផ្សេងៗ ក្នុងតំបន់ដែរ។ ទីផ្សារទេសចរចិនបានដាំក្បាលចុះក្រោម ក្នុងរយៈពេលប៉ុន្មានខែក្រោយកើតហេតុលិចកាណូតទេសចរនេះ ក្នុងនោះ ធ្លាក់ចុះខ្លាំងបំផុតកាលពីខែតុលា ២០១៨ មាន២០ភាគរយ៕ធ.ដ
-
ម៉ាឡេស៊ី បិទសាលារៀនទាំងអស់ក្នុងទីក្រុងមួយកន្លែង ដោយសារការពុលអាហារ

សារព័ត៌មាន Channelnewsasia បានចេញផ្សាយ នៅថ្ងៃទី២៥មិថុនា ថា សាលារៀនទាំងអស់នៅក្នុងទីក្រុង Pasir Gudang នៃភាគខាងត្បូងរដ្ឋ Johor ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវបិទទ្វាររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃអង្គារម្សិលមិញតទៅ ក្រោយផ្ទុះករណីពិបាកដកដង្ហើម និងក្អួតចង្អោរដោយសារការបំពុល។ មន្ត្រីជំនាញបានឲ្យដឹងថាការបិទទ្វារសាលារៀននេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរចាត់វិធានការដើម្បីដោះស្រាយប្រភពនៃការបំពុលក្នុងតំបន់នេះ។ សាលាបឋមសិក្សា និងអនុវិទ្យាល័យទាំងអស់ចំនួន១១១ រួមទាំងសាលាឯកជនអន្តរជាតិ១៤ និងមត្តេយ្យឯកជន៣៤៧ ផ្សេងទៀតនឹងត្រូវបានបិទទ្វាររយៈពេល៣ថ្ងៃ។ ករណីនេះ ត្រូវគេសង្ស័យថា អាចបណ្ដាលមកពីការចាក់សំណល់គីមីខុសច្បាប់ចូលទៅក្នុងទន្លេ Kim Kim ដែលបណ្ដាលឲ្យមានការពុលលើមនុស្សរាប់ពាន់នាក់។ ការពុលចុងក្រោយបង្អស់ ត្រូវបានរកឃើញក្រោយពេលដែលសិស្ស១៥នាក់មានអាការៈពិបាកដកដង្ហើម និងក្អួតចង្អោរហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕ធ.ដ
-
អឺរ៉ុប នឹងចុះកិច្ចព្រមព្រៀងលើកលែងពន្ធពាណិជ្ជកម្មដល់វៀតណាមចុងខែនេះ

សហភាពអឺរ៉ុប នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដកកាតព្វកិច្ចពន្ធពាណិជ្ជកម្មស្ទើរទាំងអស់ ជាមួយប្រទេសវៀតណាម នៅថ្ងៃអាទិត្យទី៣០ មិថុនា ២០១៩ខាងមុខនេះ នេះបើតាមគណៈកម្មការអឺរ៉ុបប្រកាសឲ្យដឹង ចេញផ្សាយដោយសារព័ត៌មាន Channelnewsasia កាលពីម្សិលមិញ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចាប់ផ្តើមបើការចរចា តាំងពីខែធ្នូ ២០១៥មកម្ល៉េះ ប៉ុន្តែបណ្តាប្រទេសជាសមាជិកអឺរ៉ុបទើបតែអនុម័តយល់ព្រម នៅថ្ងៃពុធ ទី២៥ មិថុនា ២០១៩ ក្នុងកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រី។ប្រធានគណៈកម្មការពាណិជ្ជកម្មរបស់អឺរ៉ុបលោកស្រី Cecilia Malmstrom (សេស៊ីលីយ៉ា ម៉ាស្រ្តូម) នឹងធ្វើដំណើរទៅទីក្រុងហាណូយ នៅចុងសប្តាហ៍នេះ ដើម្បីចុះកិច្ចព្រមព្រៀងនេះ ហើយសភាអឺរ៉ុបគ្រោងនឹងផ្តល់សច្ចាប័ន ក្នុងពេលខាងមុខ នាឆ្នាំ២០១៩នេះ។ លោកស្រីថា «ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានឃើញបណ្តាប្រទេសជាសមាជិកបានផ្តល់ភ្លើងបៃតង សម្រាប់កិច្ចព្រមព្រៀងវិនិយោគនិងពាណិជ្ជកម្មជាមួយវៀតណាម»។ លោកស្រីបន្តថា ក្រៅពីក្នុងគោលដៅចំណេញខាងសេដ្ឋកិច្ចនោះ កិច្ចព្រមព្រៀងនេះក៏មានគោលដៅពង្រឹងការគោរពសិទ្ធិមនុស្ស ក៏ដូចជាការពារបរិស្ថាន និងសិទ្ធកម្មករ»។ សូមបញ្ជាក់ថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មអឺរ៉ុប-វៀតណាម មានមានតម្លៃ៥០ពាន់លានអឺរ៉ូ ឬជិត៥៧ពាន់លានដុល្លារអាម៉េរិកលើទំនិញនិងសេវាកម្ម ស្របពេលដែលអឺរ៉ុបមានអ្នកប្រើប្រាស់ទំនិញ៩៥លាននាក់៕ធ.ដ