Category: ព័ត៌មានអន្តរជាតិ

  • អនុប្រមុខការបរទេសស៊ីរីអះអាងថា បញ្ហាជម្លោះភាគច្រើនកើតឡើងនៅលើពិភពលោក គឺដោយសារតែគោលនយោបាយសហរដ្ឋអាម៉េរិក

    អនុប្រមុខការបរទេសស៊ីរីអះអាងថា បញ្ហាជម្លោះភាគច្រើនកើតឡើងនៅលើពិភពលោក គឺដោយសារតែគោលនយោបាយសហរដ្ឋអាម៉េរិក

    ស៊ីរី៖ គោលនយោបាយដែលគ្មានកោតក្រែងនរណារបស់សហរដ្ឋអាម៉េរិក គឺជាមូលហេតុចម្បងនៅពីក្រោយបញ្ហាជម្លោះផ្សេងៗ ដែលកើតមានឡើងនៅលើពិភពលោក នេះបើតាមអនុរដ្ឋមន្រ្តីការបរទេសស៊ីរី លោក Ayman Soussan។ លោក Ayman Soussan បានលើកឡើងយ៉ាងដូច្នេះ ស្របពេលដែលបច្ចុប្បន្ននេះ សហរដ្ឋអាម៉េរិក មានមូលដ្ឋានទ័ពមួយចំនួននៅក្នុងប្រទេសស៊ីរី ខណៈកងទ័ពអាម៉េរិកបានចូលក្នុងទឹកដីស៊ីរី ដោយពុំមានការអនុញ្ញាតពីអង្គការសហប្រជាជាតិ ឬមួយក៏រដ្ឋាភិបាលស៊ីរីឡើយ។ បើតាមអនុប្រមុខការបរទេសស៊ីរីរូបនេះ នយោបាយរបស់អាម៉េរិកពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការបង្កើតវិបត្តិផ្សេងៗទាំងខាងផ្នែកសេដ្ឋកិច្ច នយោបាយ និងយោធា ព្រមទាំងក្នុងការដុតកម្តៅភាពតានតឹងនៅលើពិភពលោក។ លោកបានសង្កត់ធ្ងន់ទៀតថា នយោបាយបែបនេះ បានបង្កការគំរាមកំហែងដ៏ធ្ងន់ដល់សុខសន្តិភាព ក៏ដូចជាសុវត្ថិភាពអន្តរជាតិ ហើយថា វត្តមានខុសច្បាប់របស់យោធាបរទេស ជាពិសេសរបស់អាម៉េរិកនៅលើទឹកដីស៊ីរី គឺជាមូលហេតុចម្បង នៅពីក្រោយបញ្ហាជម្លោះដែលអូសបន្លាយមកទល់បច្ចុប្បន្ននេះ ៕ធ.ដ

  • Facebook ចាត់វិធានការថ្មី ក្នុងការបញ្ឈប់ការប្រើសម្តីវាយប្រហារគ្នា នៅស្រីលង្កា និងមីយ៉ាន់ម៉ា

    Facebook ចាត់វិធានការថ្មី ក្នុងការបញ្ឈប់ការប្រើសម្តីវាយប្រហារគ្នា នៅស្រីលង្កា និងមីយ៉ាន់ម៉ា

    Facebook បានប្រកាសពីការដាក់សម្ពាធលើប្រទេស២ ក្នុងតំបន់អាស៊ី រួមមានប្រទេសស្រីលង្កានិងមីយ៉ាន់ម៉ា ដែលបង្កនៅបញ្ហាជម្លោះទាស់ទែងគ្នា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ នៅស្រីលង្កា មានការចែកចាយនៅមាតិកាជាច្រើនទាក់ទិនអំពើហិង្សាប្រឆាំងនឹងសាសនាមូស្លីម ជាហេតុធ្វើឲ្យ Facebook សម្រេចដាក់កំហិតលើចំនួននៃការបញ្ជូនសារ (Forward) របស់អ្នកប្រើប្រាស់។ តាមរយៈការកំណត់ថ្មីអ្នកប្រើប្រាស់អាច Forward មាតិកានោះម្តងបាន៥ លើកគត់។ រីឯប្រទេសមីយ៉ាន់ម៉ាក្រុមជនជាតិភាគតិច Rohingya ក៏ត្រូវបានFacebook កាត់បន្ថយចំនួនអ្នកដែលបានឃើញនៅការចែកចាយមាតិកាខុសស្តង់ដារ ក្នុងប្រទេសនោះ។ ជាងនេះក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក នៅតែបន្តបិទចោលរាល់គណនីដែលធ្វើការផ្សព្វផ្សាយអំពើហិង្សា៕ធ.ដ

  • កូរ៉េខាងត្បូង ផ្តល់កម្ចី២ពាន់លានដុល្លារអាម៉េរិកជួយក្រុមហ៊ុនកូរ៉េនៅវៀតណាម

    កូរ៉េខាងត្បូង ផ្តល់កម្ចី២ពាន់លានដុល្លារអាម៉េរិកជួយក្រុមហ៊ុនកូរ៉េនៅវៀតណាម

    ធនាគារនាំចេញ-នាំចូលកូរ៉េ Exim Bank បានអះអាងថា ខ្លួនបានព្រមព្រៀងផ្តល់កម្ចី២ពាន់លានដុល្លារអាម៉េរិកទៅដល់ក្រុមហ៊ុនឧស្ម័ន និងប្រេងវៀតណាម PetroVietnam ដើម្បីឲ្យជួយដក់បណ្តាក្រុមហ៊ុនកូរ៉េខាងត្បូងនៅវៀតណាមឲ្យកាន់តែរីកចម្រើនថែមទៀត នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews កាលពីម្សិលមិញ។ បើតាមប្រភពដែលដកស្រង់ពីទីភ្នាក់ងារព័ត៌មានយុនហាបបានលើកឡើងថា ធនាគារវៀតណាមួយនេះនឹងជួយដល់បណ្តាក្រុមហ៊ុនកូរ៉េខាងត្បូងទទួលបានគម្រោងថ្មីៗបន្ថែមទៀត ទាក់ទងនឹងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធធំៗ ក្នុងប្រទេសវៀតណាម។ ការសម្រេចផ្តល់កម្ចីនេះធ្វើឡើង ក្រោយពេលមានកិច្ចសន្ទនាដំបូងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្រិតឧបនាយករដ្ឋមន្ត្រីរវាងកូរ៉េខាងត្បូង និងវៀតណាម កាលពីសប្តាហ៍មុន ក្នុងនោះ ភាគីទាំងពីរបានព្រមព្រៀងថា នឹងពង្រីកកិច្ចសហប្រតិបត្តិការលើផលិតកម្មថាមពល ឧស្ម័ន និងប្រេង។ បើតាមធនាគារផែនការ និងវិនិយោគវៀតណាមបង្ហាញថា ក្រុមហ៊ុនកូរ៉េខាងត្បូងបានចុះបញ្ជីវិនិយោគ៦៤,៧ពាន់លានដុល្លារអាម៉េរិក នៅវៀតណាម គិតមកត្រឹមថ្ងៃទី២០ ឧសភា ២០១៩ ដោយក្នុងនោះ អំឡុង៥ខែដំបូងដើមឆ្នាំ២០១៩ មាន២,៦ពាន់លានដុល្លារអាម៉េរិក៕ធ.ដ

  • ស្លាប់ និងរបួសជិត៧០នាក់ ក្នុងហេតុការណ៍រលំតង់សង្កត់មនុស្សនៅប្រទេសឥណ្ឌា

    ស្លាប់ និងរបួសជិត៧០នាក់ ក្នុងហេតុការណ៍រលំតង់សង្កត់មនុស្សនៅប្រទេសឥណ្ឌា

    ឥណ្ឌា៖ មនុស្ស១៤នាក់ បានបាត់បង់ជីវិត និងប្រមាណ៥០នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល ក្រោយពេលតង់ដ៏ធំរលំសង្កត់ពួកគេអំឡុងពិធីសាសនាក្នុងរដ្ឋ Rajasthan កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅជិតវិហារ Rani Bhatiyani ក្នុងសង្កាត់ Barmer មានចម្ងាយប្រមាណជា៥០០គីឡូម៉ែត្រពីទីក្រុង Jaipur។ ប្រភពបន្តថា មុនពេលកើតហេតុ ប្រជាជននៅក្នុងតំបន់បានប្រមូលផ្ដុំគ្នាចូលរួមពិធីសាសនាមួយឈ្មោះ Ram Katha ដែលធ្វើឡើងនៅទីធ្លាសាលារៀន។ បន្ទាប់ពីចាប់ផ្ដើមពិធីមិនបានប៉ុន្មានផង ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់រហូតបណ្ដាលឲ្យតង់រលំសង្កត់លើមនុស្សរាប់រយនាក់ដែលនៅក្នុងនោះតែម្តង។ បើតាមអាជ្ញាធរឥណ្ឌា តង់ដែលបានរលំនោះ បានផ្តាច់ជីវិតមនុស្សមួយចំនួនដោយសារគ្រោងដែក និងជាច្រើននាក់ផ្សេងទៀតរងរបួស ហើយក្នុងចំណោមជនរងគ្រោះទាំងអស់ មានអ្នកស្លាប់ដោយសារឆក់ខ្សែភ្លើងដែលគេដំឡើងម៉ាស៊ីនភ្លើងនៅជិតនោះ។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានបង្ហោះសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ និងជូនពរឲ្យអ្នករងរបួសឆាប់ជាសះស្បើយផងដែរ៕ធ.ដ

  • ករណីរលំបាក់អគារនៅខេត្តព្រះសីហនុ៖ ចំនួនអ្នកស្លាប់កើនដល់២៦នាក់ និងអ្នករបួស២៤នាក់

    ករណីរលំបាក់អគារនៅខេត្តព្រះសីហនុ៖ ចំនួនអ្នកស្លាប់កើនដល់២៦នាក់ និងអ្នករបួស២៤នាក់

    ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង៣សៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២៦នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀតនៅក្នុងគំនរបាក់បែកនៃអគារ។ តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៥០ រូបក្នុងនោះស្លាប់ចំនួន២៦នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕ធ.ដ

  • លោក វ៉្លាឌីមៀ ពូទីន អះអាងម្តងទៀតថា រុស្ស៊ីនៅតែបើកចំហទ្វារសន្ទនាជាមួយ សហរដ្ឋអាម៉េរិក

    លោក វ៉្លាឌីមៀ ពូទីន អះអាងម្តងទៀតថា រុស្ស៊ីនៅតែបើកចំហទ្វារសន្ទនាជាមួយ សហរដ្ឋអាម៉េរិក

    រុស្ស៊ី៖ រុស្ស៊ីបើកទ្វារចំហជានិច្ចសម្រាប់កិច្ចចរចានានា នៅពេលដែលសហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើកិច្ចពិភាក្សាអំពីភាពចំាបាច់ ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងស្តីពីបញ្ហាដែលនៅសេសសល់រវាងប្រទេសទំាងពីរ។ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា ប្រសិនបើពួកគេមិនទាន់ត្រូវការវា យើងនឹងរង់ចាំរហូតដល់ពួកគេត្រូវការវា។ នាឱកាសនោះដែរ ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានធ្វើការអំពាវនាវឱ្យមានកិច្ចសន្ទនា ដើម្បីដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ ដោយលោក ពូទីន ថែមទាំងអះអាងដែរថា បើសិនជាគ្មានការចរចាគ្នាទេនោះ វាក៏មិនអាចទៅរួចដែរ ដើម្បីស្វែងរកមតិឯកច្ឆ័ន៕ធ.ដ

  • ប្រេសិតពិសេសសហរដ្ឋអាម៉េរិក អំពាវនាវឱ្យពិភពលោកជំរុញឱ្យអ៊ីរ៉ង់ព្យាយាម បន្ធូរបន្ថយភាពតានតឹង

    ប្រេសិតពិសេសសហរដ្ឋអាម៉េរិក អំពាវនាវឱ្យពិភពលោកជំរុញឱ្យអ៊ីរ៉ង់ព្យាយាម បន្ធូរបន្ថយភាពតានតឹង

    សហរដ្ឋអាម៉េរិក៖ តំណាងពិសេសអាម៉េរិក ទទួលបន្ទុកកិច្ចការប្រទេសអ៊ីរ៉ង់លោក ប្រាយអិន ហ៊ុក នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានធ្វើការអំពាវនាវឱ្យពិភពលោកជំរុញអ៊ីរ៉ង់ ឲ្យជៀសវាងសកម្មភាពបង្កភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រ ហ្គូល (Gulf)។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងគុយវ៉ែត ប្រទេសគុយវ៉ែត លោក ហ៊ុក បាននិយាយថា ពួកយើងសូមលើកទឹកចិត្តដល់បណ្តាប្រជាជាតិទំាងអស់ ប្រើប្រាស់ផ្នែកការទូតរបស់ខ្លួន ខិតខំព្យាយាមជំរុញឱ្យទីក្រុងតេហេរ៉ង់ជៀសវាងការបង្កភាពតានតឹងនានា។ តំណាងពិសេសអាម៉េរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនមិនបានកំពុងស្វះស្វែងរកការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់ឡើយ ហើយថា សហរដ្ឋអាម៉េរិក ក៏មិនចង់បង្កើនភាពតានតឹងនៅក្នុងតំបន់ផងដែរ។ ការកត់សម្គាល់បែបនេះរបស់លោក ប្រាយអិន ហ៊ុក បានកើតមានឡើងបន្ទាប់ពីអនុប្រធានសភាអ៊ីរ៉ង់ លោក ម៉ាហ្ស៊ូដ ផេហ្ស៊េសគៀន បាននិយាយថា សហរដ្ឋអាម៉េរិក គឺជាមេភេរវករពិភពលោក ដោយសារតែប្រទេសមួយនេះ បានបង្កភាពចលាចល និងអសន្តិសុខនៅក្នុងប្រទេសជាច្រើន តាមរយៈការផ្ដល់អាវុធទំនើបឱ្យពួកភេរវករ។ យ៉ាងណាមិញ អនុប្រធានសភាអ៊ីរ៉ង់រូបនេះមិនបានបង្ហាញភ័ស្ដុតាង ដើម្បីបញ្ជាក់ពីការអះអាងរបស់លោកឡើយ៕ធ.ដ

  • រដ្ឋសមាជិកអាស៊ាន ឯកភាពគ្នាសម្រេចឲ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP នៅត្រឹមបំណាច់ឆ្នាំ២០១៩នេះ

    រដ្ឋសមាជិកអាស៊ាន ឯកភាពគ្នាសម្រេចឲ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP នៅត្រឹមបំណាច់ឆ្នាំ២០១៩នេះ

    ថៃ៖ លោក Chan Chun Sing រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានថ្លែងថា តាមរយៈកិច្ចប្រជុំពិសេស ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ជាមួយនឹងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន រដ្ឋសមាជិកអាស៊ានបានឯកភាពគ្នាលើសារសំខាន់នៃការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP នៅត្រឹមចុងឆ្នាំ២០១៩នេះ។ ក្នុងកិច្ចប្រជុំពិសេសនេះ រដ្ឋសមាជិកអាស៊ានបានឯកភាពគ្នាលើចំណុចរួមចំនួន៧ជំពូក ក្នុងចំណោមជំពូកសរុបទាំង២០ ពោលគឺបេសកកម្មបន្ទាប់សម្រាប់រដ្ឋសមាជិក គឺបន្តកិច្ចសន្ទនា និងការចចារលើ១៣ជំពូកសេសសល់ ឲ្យបានចប់សព្វគ្រប់ត្រឹមបំណាច់ឆ្នាំ២០១៩នេះ។ RCEP  គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិន និងផ្តើមស្នើឡើងជាផ្លូវការក្នុងឆ្នាំ២០១២ នាឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ កិច្ចព្រមព្រៀងដែលមានទំហំពាណិជ្ជកម្មស្មើនឹង៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនេះ បង្កើតឡើងដើម្បីប្រែក្លាយតំបន់រដ្ឋអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មសេរី។ ភាគីនៃកិច្ចព្រមព្រៀងនេះ រាប់បញ្ចូលសមាជិកអាស៊ានទាំងដប់ និងដៃគូសន្ទនាផ្សេងទៀតរួមមានចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង នូវែលសេឡង់។ តាមពិតទៅ RCEP គ្រោងនឹងបញ្ចប់ការព្រមព្រៀងគ្នាតាំងពីឆ្នាំ២០១៥ ប៉ុន្តែត្រូវបន្តពន្យារពេលជាបន្តបន្ទាប់ ដោយសារសមាជិករបស់ RCEP មួយចំនួននៅមិនឯកភាពលើប្រការដែលត្រូវបញ្ញត្តិរួម៕ធ.ដ

  • សហរដ្ឋអាម៉េរិក ចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយទៀតជាមួយអ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក ចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយទៀតជាមួយអ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក៖ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន NBC កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់បានកិច្ចព្រមព្រៀងថ្មីជាមួយអ៊ីរ៉ង់ ក្នុងទម្រង់ជាទ្វេភាគី ឬពហុភាគីក៏បានដែរ ហើយនៅក្នុងបទសម្ភាសន៍នេះដែរ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា លោកចង់ចរចាជាជាងធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់។ ជុំវិញមូលហេតុបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កន្លងមកនេះ លោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងនេះ បានដាក់កំហិតលើកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់តែ១៥ឆ្នាំប៉ុណ្ណោះ ហើយនៅពេលកិច្ចព្រមព្រៀងនេះផុតសុពលភាពទៅ ទីក្រុងតេហេរ៉ង់ នឹងអាចឆ្ពោះទៅរកការសម្រេចបានអាវុធនុយក្លេអ៊ែរដោយងាយ។ ការកត់សម្គាល់ខាងលើរបស់ប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ ផ្ទាល់បានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះថា ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមប្រឆាំងជាមួយអ៊ីរ៉ង់ នឹងត្រូវចូលជាធរមាននៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីរារាំងកុំឱ្យសាធារណរដ្ឋអ៊ិស្លាមមួយនេះមានអាវុធនុយក្លេអ៊ែរ។ បន្ថែមលើនេះ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា ជម្រើសប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងទីក្រុងតេហេរ៉ង់ នៅតែស្ថិតនៅលើតុរបស់លោកជានិច្ច៕ធ.ដ

  • លោក ដូណាល់ ត្រាំ ប្រកាសពន្យារពេលពីរសប្តាហ៍ទៀត សម្រាប់ការអនុវត្តគម្រោង សម្រុកចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់

    លោក ដូណាល់ ត្រាំ ប្រកាសពន្យារពេលពីរសប្តាហ៍ទៀត សម្រាប់ការអនុវត្តគម្រោង សម្រុកចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងពន្យារពេលពីរសប្ដាហ៍ទៀត នូវគម្រោងសម្រុកចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យនេះដោយទីភ្នាក់ងារអន្តោប្រវេសន៍ និងការអនុវត្តច្បាប់គយរបស់សហរដ្ឋអាម៉េរិក។ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា តបតាមសំណើរបស់គណបក្សប្រជាធិបតេយ្យ លោកបានពន្យារពេលដំណើរការចាប់ខ្លួនបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីសហរដ្ឋអាម៉េរិករយៈពេល២សប្ដាហ៍ទៀត ដើម្បីមើលថាតើគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋអាចធ្វើការរួមគ្នា ក្នុងការស្វែងរកដំណោះស្រាយចំពោះរឿងសុំសិទ្ធិជ្រកកោន និងបញ្ហាចន្លោះប្រហោងនានានៅឯព្រំដែនភាគខាងត្បូងសហរដ្ឋអាម៉េរិក‍ បានដែរឬក៏យ៉ាងណានោះ។ សូមបញ្ជាក់ថា ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi បាននិយាយជាមួយនឹងលោក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន (ម៉ោងក្នុងតំបន់) ដោយជំរុញឲ្យមានការពន្យាពេល ហើយអ្នកស្រី Pelosi ក៏បានស្នើលោក ត្រាំ ឲ្យលុបចោលផែនការសម្រុកចូលចាប់ខ្លួននេះផងដែរ៕ធ.ដ