-
អ៊ីរ៉ង់ ហៅសហរដ្ឋអាម៉េរិកថា ជា «មេភេរវករពិភពលោក»

អ៊ីរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ បាននាំគ្នាស្រែកជេរប្រទេចសហរដ្ឋអាម៉េរិក នៅក្នុងកិច្ចប្រជុំសភាពេញអង្គមួយនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ក្រោយអនុប្រធានសភាអ៊ីរ៉ង់ម្នាក់ចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ជាមេភេរវករពិភពលោក។ អនុប្រធានសភាអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា សហរដ្ឋអាម៉េរិក គឺជាមេភេរវករពិភពលោក ដោយសារតែប្រទេសមួយនេះបានបង្កភាពចលាចល និងអសន្តិសុខនៅក្នុងប្រទេសជាច្រើន តាមរយៈការផ្ដល់អាវុធទំនើបឱ្យពួកភេរវករ។ យ៉ាងណាមិញ អនុប្រធានសភាអ៊ីរ៉ង់រូបនេះមិនបានបង្ហាញភ័ស្ដុតាង ដើម្បីបញ្ជាក់ពីការអះអាងរបស់លោកឡើយ។ សូមរំលឹកថា លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះថា ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមប្រឆាំងជាមួយអ៊ីរ៉ង់ នឹងត្រូវចូលជាធរមាននៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីរារាំងកុំឱ្យសាធារណរដ្ឋអ៊ិស្លាមមួយនេះមានអាវុធនុយក្លេអ៊ែរ។ បន្ថែមលើនេះ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា ជម្រើសប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងទីក្រុងតេហេរ៉ង់ នៅតែស្ថិតនៅលើតុរបស់លោកជានិច្ច៕ធ.ដ
-
ប្រទេសជប៉ុន ទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត៥.៥រ៉ិចទ័រ

ជប៉ុន៖ សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា គ្រោះរញ្ជួយដីក្នុងកម្រិត៥.៥ រ៉ិចទ័របានធ្វើការវាយប្រហារលើតំបន់ភាគខាងកើតនៃប្រទេសជប៉ុន នៅម៉ោង៩ព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែមិនមានការប្រកាសអាសន្ននៃរលកយក្សស៊ូណាមិនោះទេ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ភ្លាមៗនេះមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងការបំផ្លិចបំផ្លាញនៅឡើយទេ ខណៈមន្រ្តីផ្នែកអាកាសចរណ៍ក្នុងទីក្រុងតូក្យូបាននិយាយថា ប្រតិបត្តិការនៅឯអាកាសយានដ្ឋាន Narita និង Haneda មិនត្រូវបានរងការរំខានពីគ្រោះធម្មជាតិនេះទេ រីឯសេវារថភ្លើងក្នុងតំបន់ក៏មិនមានបញ្ហានោះដែរ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយនៅតំបន់ឆ្នេរ នៃខេត្ត Chiba ហើយវាក៏មិនបានបង្កការព្រួយបារម្ភពីរលកយក្សស៊ូណាមិនោះដែរ៕ធ.ដ
-
មនុស្សស្លាប់ និងរបួស៣១នាក់ ក្នុងហេតុការណ៍ឆេះអគារកម្ពស់០៦ជាន់ នៅប្រទេសបារាំង

បារាំង៖ សារព័ត៌មាន AFP ផ្អែកតាមប្រភពពីមន្រ្តីពន្លត់អគ្គិភ័យ បានចុះផ្សាយថា មនុស្ស៣នាក់បានបាត់បង់ជីវិត ដែលបណ្តាលមកពីគ្រោះអគ្គិភ័យមួយបានឆាបឆេះឡើងនៅឯអគារកម្ពស់០៦ជាន់មួយកន្លែង នាវេលាម៉ោងប្រមាណ៥:០០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) នៅកណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង។ ស្របពេលជាមួយគ្នានោះដែរ ក្រុមពន្លត់អគ្គិភ័យបារាំងមានគ្នាប្រមាណជាង២០០នាក់បានទៅដល់កន្លែងកើតហេតុ ជាមួយនឹងឡានទឹករាប់សិបគ្រឿង។ អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងនៅប៉ុន្មានម៉ោងក្រោយការឆាបឆេះ ប៉ុន្តែមូលហេតុនៃការបង្កទៅជាគ្រោះថ្នាក់នេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ។ បើតាមអ្នកនាំពាក្យមួយរូបរបស់នាយកដ្ឋានពន្លត់អគ្គិភ័យបារាំង ហេតុការណ៍គ្រោះថ្នាក់នេះ ក៏ធ្វើឱ្យមនុស្ស២៨នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់-ស្រាល ក្នុងចំណោមជនរងគ្រោះទំាងនោះ ក៏មានកងកម្លាំងពន្លត់អគ្គិភ័យផងដែរ និងមនុស្សម្នាផ្សេងៗទៀតបានរងអការៈពុលផ្សែងធ្ងន់ ដោយសារតែការឆាបឆេះអគារកម្ពស់០៦ជាន់ ដែលមានភោជនីយដ្ឋាន ហាងលក់ទំនិញ និងលំនៅដ្ឋានផ្តុំនៅជាមួយគ្នានោះ៕ធ.ដ
-
អង្គការសហប្រជាជាតិ គ្រោងរៀបចំកិច្ចប្រជុំបិទទ្វារស្តីពីភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា នាសប្តាហ៍ក្រោយនេះ

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខជាតិអង្គការសហប្រជាជាតិ (UNSC) នឹងរៀបចំកិច្ចប្រជុំបិទទ្វារមួយស្តីពីស្ថានភាពភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដោយផ្តោតលើប្រទេសអ៊ីរ៉ង់ នាថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយ តបតាមសំណើរបស់សហរដ្ឋអាម៉េរិក។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នាមួយ ដើម្បីធ្វើកិច្ចពិភាក្សាស្តីអំពីស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ា នៅម៉ោង៣៖០០នាទីរសៀលថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយនេះ (ម៉ោងក្នុងតំបន់)។ បើតាមអ្នកនាំពាក្យដដែលនេះ កិច្ចប្រជុំខាងលើត្រូវបានគ្រោងរៀបចំឡើង បន្ទាប់ពីតំណាងអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ ស្នើឲ្យមានការជួបពិភាក្សាគ្នាអំពីករណីវាយប្រហារកប៉ាល់ដឹកប្រេងនៅឈូងសមុទ្រអូម៉ង់ និងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិក៕ធ.ដ
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកសម្រេចដកបញ្ជាវាយប្រហារលើអ៊ីរ៉ង់វិញ ក្រោយដឹងថា មនុស្ស១៥០នាក់នឹងបាត់បង់ជីវិត បើបទបញ្ជានេះត្រូវអនុវត្តន៍

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញមុខទទួលស្គាល់នៅថ្ងៃសុក្រសប្តាហ៍នេះថា រូបលោកពិតជាបានបង្គាប់ឲ្យមានការវាយប្រហារយោធាលើទីតាំង០៣កន្លែងនៅអ៊ីរ៉ង់ប្រាកដមែន ប៉ុន្តែលោកបានដកបញ្ជានេះវិញ ក្រោយដឹងថា មនុស្ស១៥០នាក់នឹងស្លាប់ ដោយសារប្រតិបត្តិការនេះ។ ពាក់ព័ន្ធនឹងបញ្ហាវិវត្តន៍ចុងក្រោយនេះ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅក្នុងបណ្តាញសង្គមធ្វីតធើថា នៅពេលលោកសួរទៅមេទ័ពអាម៉េរិកថា តើមនុស្សប៉ុន្មាននាក់នឹងត្រូវបាត់បង់ជីវិត មានការឆ្លើយតបមកវិញថាគឺ១៥០នាក់។ ក្រោយមកត្រឹមតែ១០នាទីប៉ុណ្ណោះ មុនបញ្ជាវាយប្រហារលើអ៊ីរ៉ង់នឹងត្រូវអនុវត្តន៍ រូបលោកក៏បានសម្រេចដកបញ្ជានេះចេញវិញ ដោយបញ្ជាក់ថា លោកមិនប្រញាប់នោះឡើយ។ បច្ចុប្បន្នទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ កំពុងប្រឈមមុខនឹងការកើនឡើងកម្តៅខ្លាំង បន្ទាប់ពីយោធាអ៊ីរ៉ង់បានអះអាងនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍មួយគ្រឿងរបស់អាម៉េរិក ដែលរំលោភចូលដែនអាកាសអ៊ីរ៉ង់ ខណៈផែនទីអាម៉េរិកបង្ហាញថា វាស្ថិតនៅលើដែនអាកាសអន្តរជាតិ៕ធ.ដ
-
រុស្ស៊ី មានផែនការចំណាយប្រាក់ដល់ទៅ៤ពាន់លានដុល្លារ សម្រាប់កម្មវិធីអភិវឌ្ឍន៍ វិស័យអវកាសឆ្នាំ២០១៩

រុស្ស៊ី៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានរៀបចំផែនការចំណាយរហូតដល់ទៅ៤ពាន់លានដុល្លារអាម៉េរិក សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យអវកាសឆ្នាំ២០១៩ ហើយភាគច្រើននៃថវិកាជាតិទាំងនេះ ត្រូវបានបញ្ជូនទៅឲ្យអង្គការអវកាស Roscosmos។ ដោយឡែកនៅមុនដំណាច់ឆ្នាំ២០១៩ រុស្ស៊ីនឹងរៀបចំថវិកាប្រមាណ៣ពាន់លានដុល្លារទៀត សម្រាប់ទ្រទ្រង់គំរោងអវកាសដូចគ្នា នេះបើតាមការបង្ហើបឱ្យដឹងពីនាយករដ្ឋមន្រ្តីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវ៉េដេវ ។ លោក ម៉េដវ៉េដេវ បានបញ្ជាក់ទៀតថា ប្រទេសរុស្ស៊ីដែលជាអ្នកត្រួសត្រាយផ្លូវទៅរកទីអវកាសនោះ គ្មានមូលហេតុអ្វីដែលត្រូវបោះបង់តួនាទីទាំងឡាយរបស់ខ្លួនឡើយ ហើយរុស្ស៊ីត្រូវតែស្តាភាពជាអ្នកដឹកនាំនេះឡើងវិញ។ នាយករដ្ឋមន្ត្រីរុស្ស៊ីនេះ បានសង្កត់ធ្ងន់ទៀតថា វាមិនមែនដើម្បីតែកិត្យានុភាពជាតិមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ឈរលើកត្តាសន្តិសុខជាតិផងដែរហើយថា រដ្ឋាភិបាលរុស្ស៊ីកំពុងធ្វើការវិនិយោគធំធេងណាស់ ទៅក្នុងវិស័យសិក្សាស្រាវជ្រាវនៅទីអវកាស និងបានរំពឹងអំពីលទ្ធផលគាប់ប្រសើរមកវិញផងដែរ៕ធ.ដ
-
លោក ដូណាល់ ត្រាំ សម្រេចតែងតាំងលោក Mark Esper ជារដ្ឋមន្រ្តីការពារជាតិថ្មី របស់សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចតែងតាំងលោក Mark Esper ដែលជារដ្ឋមន្រ្តីការពារជាតិស្តីទី ឲ្យឡើងជារដ្ឋមន្រ្តីការពារជាតិអាម៉េរិកពេញសិទ្ធិ។ នេះបើតាមការសេចក្តីថ្លែងការណ៍របស់សេតវិមាននៅយប់ថ្ងៃសុក្រ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ លោក Esper ត្រូវបានជ្រើសរើសជារដ្ឋមន្រ្តីការពារជាតិស្តីទីអាម៉េរិក បន្ទាប់ពីលោក ផាទ្រីក សាណាហាន បានសម្រេចលាលែងពីមុខតំណែងនេះ ហើយដកខ្លួនចេញពីការតែងតាំងជារដ្ឋមន្រ្តីការពារជាតិពេញសិទ្ធិ កាលពីថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្តីពីអំពើហិង្សាក្នុងគ្រួសារលោក។ លោក សាណាហាន បានចាកចេញពីក្រសួងការពារជាតិអាម៉េរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ ខណៈលោក Esper ត្រូវគេរំពឹងថា នឹងចូលកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិស្តីទីនៅថ្ងៃអាទិត្យស្អែកនេះ ហើយត្រូវរង់ចាំការអនុម័តពីសភាជាមុន ទើបអាចទទួលការតែងតាំងជារដ្ឋមន្រ្តីការពារជាតិពេញសិទ្ធិបាន៕ធ.ដ
-
រុស្ស៊ី និងហ្សកហ្ស៊ី ថ្កោលទោសដាក់គ្នា ខណៈផ្ទុះភាពចលាចលនាអំឡុងពេលសមាជិក រុស្ស៊ីបំពេញទស្សនកិច្ចនៅហ្សកហ្ស៊ី

រុស្ស៊ី៖ រដ្ឋាភិបាលរុស្ស៊ី និងហ្សកហ្ស៊ី បានធ្វើការថ្កោលទោសដាក់គ្នាទៅវិញទៅមក ចំពោះការផ្ទុះឡើងនូវភាពចលាចលនៅក្នុងរដ្ឋធានីទីប៊ីលីស៊ី បង្កឡើងដោយដំណើរទស្សនកិច្ចរបស់សមាជិកសភារុស្ស៊ីមួយរូបជាមួយការប្រកាសរបស់វិមានក្រឹមឡាំងថា ខ្លួននឹងផ្អាកជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីការពារពលរដ្ឋរបស់ខ្លួន។ ជាមួយគ្នានេះ ប្រធានាធិបតីហ្សកហ្ស៊ី លោកស្រី Salome Zurabishvili បានធ្វើការថ្កោលទោស និងរិះគន់ប្រទេសរុស្ស៊ី ចំពោះភាពចលាចលនោះ ដោយលើកឡើងថា ក្រុមមានភក្តីភាពនឹងទីក្រុងម៉ូស្គូបានបង្កឲ្យមានបញ្ហានេះឡើង ហើយនេះ គឺជាការចោទប្រកាន់មួយ ដែលនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ បានច្រានចោលថា ជាការបង្កាច់បង្ខូចខុសពីការពិត។ សូមជម្រាបផងដែរថា ភាពតានតឹងរវាងប្រទេសទំាងពីរកំពុងតែកើនកម្តៅខ្លាំងឡើង ខណៈប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃសុក្រសប្តាហ៍នេះ ឲ្យផ្អាកជើងហោះហើរយន្តហោះដឹកអ្នកដំណើររុស្ស៊ីទំាងអស់ មិនឲ្យទៅប្រទេសហ្សកហ្ស៊ី ចាប់ពីថ្ងៃទី០៨ ខែកក្កដាខាងមុខ ដើម្បីការពារប្រជាពលរដ្ឋខ្លួន ពីអ្វីដែលវិមានក្រឹមឡាំងហៅថា ជាសកម្មភាពឧក្រិដ្ឋកម្ម៕ធ.ដ
-
ក្រុមហ៊ុន Apple ព្រមានរដ្ឋាភិបាលសហរដ្ឋអាម៉េរិកថា ការដំឡើងពន្ធលើ ទំនិញចិននឹងធ្វើឲ្យការលក់ទូរសព្ទ iPhone កាន់តែពិបាក

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Apple បានធ្វើការព្រមានអំពីបញ្ហាដែលកើតចេញពីការដំឡើងពន្ធដោយរដ្ឋាភិបាលអាម៉េរិក ទៅលើទំនិញនាំចូលពីប្រទេសចិន ដោយ Apple អះអាងថា វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ដល់ការប្រកួតប្រជែងផលិតផល iPhone នៅលើទីផ្សារ។ នៅក្នុងឯកសារមួយផ្ញើទៅកាន់តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្រុមហ៊ុន Apple បានធ្វើការគូសបញ្ជាក់ថា គម្រោងដំឡើងពន្ធបន្ថែមរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឲ្យការប្រកួតប្រជែងរបស់ Apple រងផលប៉ះពាល់ខ្លាំង ព្រមទាំងធ្វើឲ្យការបង់ពន្ធ និងការវិនិយោគ របស់ក្រុមហ៊ុននេះទៅក្នុងសេដ្ឋកិច្ចអាមេរិក មានការធ្លាក់ចុះយ៉ាងគំហុកផងដែរ។ ការបញ្ជូនលិខិត និងឯកសារនានារបស់ Apple ទៅកាន់រដ្ឋាភិបាលអាម៉េរិកខាងលើនេះ គឺApple ចង់បង្ហាញអំពីក្តីកង្វល់ និងការគណនាអំពីផលប៉ះពាល់ដោយផ្ទាល់មកលើ Apple តាមរយៈការគ្រោងដំឡើងពន្ធ ២៥% ដោយរដ្ឋបាលលោក ត្រាំ ទៅលើទំនិញចិន ដែលនឹងមានទំហំសរុប២៥០ពាន់លានដុល្លារ ខណៈលោក ត្រាំ ថែមទាំងបានគំរាមដាក់បន្ថែមពន្ធនាំចូល៣០០ពាន់លានដុល្លារទៀតលើទំនិញចិន បើសិនជាកិច្ចជំនួបដែលគ្រោងធ្វើឡើងនៅក្នុងកំឡុងកិច្ចប្រជុំកំពូល G20 រវាងប្រធានាធិបតីចិន និងសហរដ្ឋអាម៉េរិកមិនបានលទ្ធផលដែលលោក ត្រាំ ពេញចិត្ត។ ក្រុមហ៊ុន…
-
អង់គ្លេស និងចិន ចុះកិច្ចព្រមព្រៀងថ្មីមានទំហំទឹកប្រាក់ប្រមាណ៦២៧លានដុល្លារអាម៉េរិក ដែលនឹងផ្តល់ឱកាសការងាររាប់រយកន្លែង

អង់គ្លេស៖ ក្រុមហ៊ុនអង់គ្លេស និងចិន បានឈានដល់ការចុះកិច្ចព្រមព្រៀងថ្មីៗសរុបមានទំហំទឹកប្រាក់ប្រមាណ៥០០លានផោន ឬស្មើនឹង៦២៧លានដុល្លារអាម៉េរិក ដែលនឹងផ្តល់ការងាររាប់រយកន្លែងនៅចក្រភពអង់គ្លេស។ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនរបស់ប្រទេសទាំងពីរ បានកើតមានខណៈចិនកំពុងជាប់គាំងក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ដែលជាសម្ព័ន្ធមិត្តរបស់ជិតស្និទ្ធរបស់អង់គ្លេស ហើយកិច្ចព្រមព្រៀងខាងលើនេះត្រូវបានគេរំពឹងថា នឹងផ្តល់ការងារប្រមាណជិត២០០កន្លែង សម្រាប់ប្រជាជនអង់គ្លេស។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេស កិច្ចព្រមព្រៀងស្តីពីវិស័យធុរកិច្ចថ្មីៗមានទឹកប្រាក់ទំហំ៥០៣លានផោនត្រូវបានចុះហត្ថលេខាដោយបណ្តាក្រុមហ៊ុនរបស់អង់គ្លេស និងចិន ស្របពេលដែលកិច្ចសន្ទនាលើកទី១០ ស្តីពីវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុអង់គ្លេស-ចិនបានប្រព្រឹត្តទៅក្នុងទីក្រុងឡុងដ៍នាពេលថ្មីៗនេះ។ ប្រភពបានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងមួយស្តីពីផលិតផលសាច់គោក៏ត្រូវបានចុះហត្ថលេខាផងដែរ ដែលវានឹងបើកផ្លូវឲ្យក្រុមហ៊ុនអង់គ្លេសចូលក្នុងទីផ្សារចិនឡើងវិញនៅចុងឆ្នាំ២០១៩នេះ។ កិច្ចព្រមព្រៀងនេះទៀតសោត សំដៅបញ្ចប់បម្រាមមួយដែលមានរយៈពេលជាងពីរទសវត្សរ៍មក បន្ទាប់ពីទីក្រុងប៉េកាំង បានបិទការនាំចូលសាច់គោពីអង់គ្លេសកាលពីឆ្នាំ១៩៩៦៕ធ.ដ