-
លោក វ៉្លាឌីមៀ ពូទីន អះអាងថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបជាមួយលោក ដូណាល់ ត្រាំ

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានថ្លែងអះអាងថា រូបលោកបានប្រុងប្រៀបខ្លួនរួចរាល់ហើយ ដើម្បីជួបជាមួយសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូល G20 ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងប្រទេសជប៉ុននាសប្តាហ៍ក្រោយនេះ។ លោក វ៉្លាឌីមៀ ពូទីន ការកត់សម្គាល់បែបនេះក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទប្រចំាឆ្នាំរបស់លោក ដែលបើកអនុញ្ញាតឱ្យសមាជិកសមាជិការមកគ្រប់មជ្ឈដ្ឋានទំាងអស់ អាចហៅទូរសព្ទមកកាន់លោក ហើយនឹងសាកសួរសំណួរអ្វីដែលពួកគេចង់ដឹងបាន។ នាឱកាសនោះដែរ ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា ការសន្ទនាតែងតែល្អជានិច្ច ហើយវាតែងតែមានតម្រូវការ។ ប្រាកដណាស់ ប្រសិនបើភាគីសហរដ្ឋអាម៉េរិកបង្ហាញចំណាប់អារម្មណ៍ចំពោះវា យើងត្រៀមខ្លួចរួចជាស្រេចហើយ ដើម្បីធ្វើកិច្ចចរចាមួយ ដរាបណាដៃគូអាម៉េរិករបស់យើងត្រៀមខ្លួនរួចរាល់សម្រាប់វាដែរ៕ធ.ដ
-
រដ្ឋបាលសហព័ន្ធអាកាសចរណ៍សហរដ្ឋអាម៉េរិកហាមឃាត់យន្តហោះទាំងអស់ ហោះពីលើដែនទឹកអ៊ីរ៉ង់ បន្ទាប់ពីករណីបាញ់ទម្លាក់ដ្រូនស៊ើបការណ៍សម្ងាត់

សហរដ្ឋអាម៉េរិក៖ រដ្ឋបាលសហព័ន្ធអាកាសចរណ៍អាម៉េរិក FAA បានចេញបទបញ្ជាបន្ទាន់មួយ នៅក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយហាមយន្ដហោះស៊ីវិលអាម៉េរិកទាំងអស់ ហោះហើរពីលើដែនទឹកដែលគ្រប់គ្រងដោយអ៊ីរ៉ង់ នៅឯតំបន់ច្រកសមុទ្រហ័រមូស និងឈូងសមុទ្រអូម៉ង់។ ទីបញ្ជាការកណ្ដាលយោធាអាម៉េរិក (CENTCOM) បានទទួលស្គាល់ហើយថា អ៊ីរ៉ង់ពិតជាបានបាញ់ទម្លាក់យន្ដហោះដ្រូនប្រភេទ RQ-4A មួយគ្រឿងរបស់សហរដ្ឋអាម៉េរិកនៅលើដែនអាកាសអន្តរជាតិ នៃច្រកសមុទ្រ ហ័រមូស កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះប្រាកដមែន។ ប៉ុន្តែអ៊ីរ៉ង់អះអាងថា យន្ដហោះដ្រូននេះត្រូវបានបាញ់ទម្លាក់នៅពេលហោះរំលោភចូលដែនអាកាសរបស់ខ្លួន ក្នុងខេត្ត ហ័រម៉ូសហ្គាន់។ ឆ្លើយតបនឹងបញ្ហាខាងលើ ទើបរដ្ឋបាលសហព័ន្ធអាកាសចរណ៍អាម៉េរិក FAA សម្រេចចិត្តបទបញ្ជាហាមឃាត់យន្ដហោះស៊ីវិលអាម៉េរិកទាំងអស់ មិនឲ្យហោះហើរពីលើដែនទឹកគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ ដើម្បីបញ្ចៀសសោកនាដកម្មជាយថាហេតុ៕ធ.ដ
-
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង និងចិនឯកភាពរួមដៃគ្នាការពារសន្តិភាពក្នុងតំបន់

កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមព្រៀងគ្នាលើការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ក្នុងបុព្វហេតុការពារស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់។ សារព័ត៌មានរដ្ឋកូរ៉េខាងជើងនេះ បានឱ្យដឹងថា លោក គីម និងលោក ស៊ី បានឈានដល់កិច្ចព្រមព្រៀងខាងលើ នៅអំឡុងកិច្ចប្រជុំកំពូលក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ បន្ទាប់ពីបានផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងបញ្ហាអន្តរជាតិ និងនៅក្នុងតំបន់ ជាពិសេសគឺជុំវិញស្ថានភាពបច្ចប្បន្ននៅលើតំបន់ឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ សារព័ត៌មាន KCNA របស់កូរ៉េខាងជើងមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមពីកិច្ចប្រជុំនេះទេ ដោយគ្រាន់តែឱ្យដឹងថា មេដឹកនាំប្រទេសទាំងពីរយល់ស្របដូចគ្នាចំពោះផលប្រយោជន៍រួម និងការពង្រឹងទំនាក់ទំនង ដើម្បីចូលរួមចំណែកនៅក្នុងកិច្ចការពារសន្តិភាព និងស្ថេរភាពក្នុងតំបន់៕ធ.ដ
-
ក្រុមបាតុកររាប់ពាន់នាក់ ទាមទារឲ្យអភិបាលទីក្រុងហុងកុងចុះចេញពីតំណែង ដោយសារផែនការអនុម័តច្បាប់បត្យាប័នដ៏ចម្រូងចម្រាស

ហុងកុង៖ ក្រុមបាតុកររាប់ពាន់នាក់ បាននាំគ្នាបិទផ្លូវហៃវេយ៍មួយកន្លែង នៅខាងក្រៅអគារសភាទីក្រុងហុងកុង ជាមួយការបន្តទាមទារឲ្យអភិបាលទីក្រុងស្វយ័តចិននេះចុះចេញពីតំណែង ដោយសារតែផែនការអនុម័តច្បាប់បត្យាប័នដ៏ចម្រូងចម្រាសមួយ បើទោះបីជាផែនការនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ក្រុមបាតុករទំនងនៅតែមិនអាចទទួលយកបានឡើយ ដោយពួកគេនៅតែបន្តទាមទារឲ្យអភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា លាលែងពីតួនាទី ហើយលុបចោលផែនការរបស់ស្រីទាំងស្រុង។ ក្រៅពីនេះ ក្រុមអ្នកតវ៉ាក៏បានទាមទារឲ្យមានការដោះលែងបណ្តាសកម្មជនដែលត្រូវបានចាប់ខ្លួន នាអំឡុងការធ្វើបាតុកម្មកន្លងទៅផងដែរ រួមជាមួយការស៊ើបអង្កេតជុំវិញការប្រើប្រាស់ហិង្សាពីសំណាក់កងកម្លាំងប៉ូលិស។ សូមរំលឹកផងដែរថា ពីរសប្តាហ៍កន្លងមក បាតុកម្មទ្រង់ទ្រាយដ៏ធំសម្បើមត្រូវបានធ្វើឡើង ដើម្បីប្រឆាំងនឹងគម្រោងអនុម័តច្បាប់ធ្វើបត្យាប័ន ដែលអនុញ្ញាតឲ្យទីក្រុងហុងកុង ប្រគល់ខ្លួនជនសង្ស័យទាំងឡាយឲ្យទៅអាជ្ញាធរចិនដីគោក ឬប្រទេសនានា។ ពីដំបូងឡើយ លោកស្រី ខារី ឡាំ ដែលជាអភិបាលក្រុងស្វយ័តនេះ ហាក់មិនចង់ដកថយឡើយ ប៉ុន្តែដោយសារចលនាបាតុកម្មកាន់តែខ្លាំងៗ លោកស្រីក៏បានសម្រេចប្រកាសផ្អាកការអនុវត្តផែនការនេះ ហើយចេញមុខសុំទោសមហាជនហុងកុងម្តងជាពីរដងថែមទៀតផង៕ធ.ដ
-
លោក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់បានប្រព្រឹត្តកំហុសមួយដ៏ធំ តាមរយៈការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សរបស់សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មិនបានបដិសេធឡើយ ចំពោះលទ្ធភាពក្នុងការបើកការវាយប្រហារតាមផ្លូវអាកាសជាការសងសឹកទៅនឹងអ៊ីរ៉ង់ ដែលបានបាញ់ទម្លាក់យន្ដហោះដ្រូនអាម៉េរិកមួយគ្រឿងកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ។ លោក ដូណាល់ ត្រាំ បានថ្លែងថា លោកគិតថា អ៊ីរ៉ង់បានប្រព្រឹត្តកំហុសមួយដ៏ធំ ដែលហ៊ានបាញ់ទម្លាក់យន្ដហោះដ្រូនអាម៉េរិក ប៉ុន្តែវាជាសំណាងល្អ ដែលគ្មានពីឡុតនៅលើយន្ដហោះនោះ បើមិនដូច្នោះទេ វានឹងក្លាយជារឿងដ៏ធំមួយផ្សេងទៀត។ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរ ថាតើសហរដ្ឋអាម៉េរិកអាចនឹងពិចារណាបើកការវាយប្រហារតាមផ្លូវអាកាសសងសឹកនឹងអ៊ីរ៉ង់វិញដែរ ឬទេ? លោក ត្រាំ បានឆ្លើយតបថា អ្នកទាំងអស់គ្នានឹងបានដឹងក្នុងពេលឆាប់ៗនេះ។ សូមបញ្ជាក់ថា ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន បន្ទាប់ពីធ្វើកិច្ចពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ចាស់ស្ទីន ទ្រូដូ នៅក្នុងថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕ធ.ដ
-
ឥណ្ឌូនេស៊ីរងការវាយប្រហារពីរញ្ជួយដីកម្រិតធ្ងន់

គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារមកលើភាគខាងលិចប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃព្រហស្បតិ៍តនេះនៅទីក្រុង Jayapura នៃខេត្ត West Papua។ យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រ USGS ឲ្យដឹងថា គ្រោះរញ្ជួយដីនេះមានកម្រិត៦,៣វ៉ិចទ័រដែលអាចចាប់ផ្ដើមដំបូងមានកម្រិតរហូតដល់ ៦,៥វ៉ិចទ័រ។ ប្រភពដដែលបន្ដថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារមកលើតំបន់ដែលមិនសូវមានមនុស្សរស់នៅ ហើយកើតឡើងនៅជម្រៅ ១២គីឡូម៉ែត្រទៅក្នុងដី។ ជាមួយគ្នាដែរ របាយការណ៍មិនទាន់បង្ហាញស្ថិតិណាមួយដែលគ្រោះរញ្ជួយដីលើកនេះ អាចបង្កឲ្យមានព្យុះស៊ូណាមិនោះទេ។ យ៉ាងណាមិញ ក្រោយគ្រោះរញ្ជួយដីកើតឡើង រហូតមកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយពីទំហំនៃការខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់អាយុជីវិតនៅឡើយទេ៕ធ.ដ
-
សហរដ្ឋអាម៉េរិក និងកាណាដា ពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់ពីម៉ិកស៊ិកអនុម័តកិច្ចព្រមព្រៀងនេះ

កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau នឹងធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិកនៅក្នុងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបញ្ហាពាណិជ្ជកម្មផ្សេងៗទៀតជាមួយនឹងប្រធានាធិបតីអាម៉េរិកលោក Donald Trump។ សូមបញ្ជាក់ថា ព្រឹទ្ធសភាម៉ិកស៊ិក បានបោះឆ្នោតក្នុងសំឡេង១១៤ទល់នឹង៤ ដើម្បីគាំទ្រលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ម៉ិកស៊ិក និងកាណាដា ទោះបីជាមានការរារែកពីសមាជិកព្រឹទ្ធសភាបែបសេរីនិយម និងមានភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងរឿងអន្តោប្រវេសន៍ក៏ដោយ។ ម៉ិកស៊ិក ជាប្រទេសដំបូងបង្អស់ដែលអនុម័តលើកិច្ចព្រមព្រៀងនេះ ដែលជាកិច្ចព្រមព្រៀងជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាម៉េរិកខាងជើងឆ្នាំ១៩៩៤ ដែលហៅកាត់ថា NAFTA។ កិច្ចព្រមព្រៀងថ្មីនេះ ស្ទើរតែស្រដៀងទៅនឹងកិច្ចព្រមព្រៀងចាស់ផងដែរ។ ដោយឡែករដ្ឋសភាកាណាដា មិនទាន់បោះឆ្នោតលើកិច្ចព្រមព្រៀងនេះនៅឡើយទេ ហើយកិច្ចព្រមព្រៀងនេះទៀតសោត ទំនងជាត្រូវប្រឈមនឹងការជំទាស់នៅក្នុងរដ្ឋសភាសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ៕ធ.ដ
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការអត់ធ្មត់ខ្ពស់បំផុត ក្រោយអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាម៉េរិក

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យរក្សាភាពអត់ធ្មត់ខ្ពស់បំផុត បន្ទាប់ពីកងកម្លាំងអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាម៉េរិក នេះបើតាមអ្នកនាំពាក្យលោក ហ្គូដទ័ររ៉េស គឺលោក ស្ទេហ្វែន ឌូហ្ស៊ារីក ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងសន្និសិទខ្លីមួយ។ កងកម្លាំងអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់សហរដ្ឋអាម៉េរិកមួយគ្រឿងនៅក្នុងថ្ងៃព្រហស្បតិ៍តដដែលនេះ នៅក្នុងហេតុការណ៍មួយដែលមន្ត្រីអ៊ីរ៉ង់បាននិយាយថា បានកើតឡើងនៅលើដែនដីរបស់អ៊ីរ៉ង់ ប៉ុន្តែមន្ត្រីសហរដ្ឋអាម៉េរិកថា វាកើតឡើងនៅក្នុងដែនអាកាសអន្តរជាតិ។ បើតាមការបញ្ជាក់របស់ភាគីអ៊ីរ៉ង់ យន្តហោះដ្រូននេះគឺជាយន្តហោះប្រភេទ RQ-4 ក្លូប៊ល ហ៊ក ដែលត្រូវបានបាញ់ទម្លាក់ដោយឆ្មាំបដិវត្តន៍យោធាប៉ារ៉ានៅក្នុងដែនអាកាសនៃខេត្ត ហូម៉ូសហ្គេន នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ជិតច្រកសមុទ្រ ហ័រមូស។ ចំណែកឯខាងភាគីសហរដ្ឋអាម៉េរិកវិញបានបញ្ជាក់ថា យន្តហោះដ្រូននោះ គឺជាយន្តហោះប្រភេទ MQ-4C ត្រាយតុន ដែលហោះពីលើច្រកសមុទ្រ ហ័រមូស៕ធ.ដ
-
មេដឹកនាំតួកគីព្រមានថា ទីក្រុងអង់ការ៉ានឹងតវ៉ាឡើងតុលាការអន្តរជាតិ បើសហរដ្ឋអាម៉េរិកហ៊ានដាក់ទណ្ឌកម្មតួកគី ជុំវិញការបញ្ហាទិញប្រព័ន្ធ S-400 របស់រុស្ស៊ី

តួកគី៖ ប្រសិនបើសហរដ្ឋអាម៉េរិកហ៊ានដាក់ទណ្ឌកម្ម ឬក៏បណ្តេញតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង F-35 ដោយសាររឿងទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ីនោះ ទីក្រុងអង់ការ៉ានឹងចាត់វិធានការសងសឹកវិញ ហើយប្តឹងតវ៉ាឡើងដល់តុលាការអន្តរជាតិថែមទៀត នេះបើតាមការព្រមានរបស់ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់។ លោក អឺដូហ្គាន់ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងទិញប្រព័ន្ធ S-400 គឺជារឿងមិនអាចបកក្រោយបានឡើយ ហើយសូមឲ្យទីក្រុងវ៉ាស៊ីនតោនពិចារណាឲ្យល្អិតល្អន់ ប្រសិនបើនៅតែចង់ដាក់ទណ្ឌកម្ម ។ ប្រធានាធិបតីតួកគីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រទេសលោកនឹងតវ៉ាដល់តុលាការអន្តរជាតិ ដើម្បីទាមទារប្រាក់ទាំងប៉ុន្មាន ដែលតួកគីបានចំណាយក្នុងកម្មវិធីអភិវឌ្ឍន៍យន្តហោះ F-35 យកមកវិញ បើសហរដ្ឋអាម៉េរិកហ៊ានដកតួកគីចេញពីកម្មវិធីនេះ។ សូមបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសទាំងពីរបានកើតមានឡើង ក្រោយសហរដ្ឋអាម៉េរិកបានប្រឆាំងចំពោះការទិញប្រព័ន្ធមីស៊ីល S-400 ដោយសំអាងលើហេតុផលថា ប្រព័ន្ធ S-400 អាចបង្កហានិភ័យដល់យន្តហោះចម្បាំងអាម៉េរិក F-35 ដែលតួកគីកំពុងរកទិញយកទៅប្រើដែរ ជាពិសេសគឺបច្ចេកវិទ្យាបំបាំងកាយរបស់យន្តហោះចម្បាំងដ៏ទំនើបនេះ ដែលមានមុខងារមិនឲ្យរ៉ាដាងាយចាប់បាន៕ធ.ដ
-
ប្រធានាធិបតីចិន ត្រូវបានទទួលស្វាគមន៍យ៉ាងអធឹកអធម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកដំបូងទៅកាន់កូរ៉េខាងជើង

កូរ៉េខាងជើង៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកូរ៉េខាងជើង ហើយលោកត្រូវបានទទួលស្វាគមន៍យ៉ាងអធិកអធមបំផុត ដែលលោក ស៊ី ជាប្រធានាធិបតីចិនទីមួយ ដាក់ជើងជាន់លើទឹកដីកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០០៥មក។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង នេះ មានគោលដៅពង្រឹងទំនាក់ទំនងប្រពៃណីទ្វេភាគីផង និងជំរុញការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនៅឧបទ្វីបកូរ៉េផង។ នៅឯអាកាសយានដ្ឋានអន្តរជាតិ Sunan ក្នុងរដ្ឋធានីព្យុងយ៉ាង ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងភរិយារបស់លោក គឺលោកស្រី ផឹង លីយ័ន ត្រូវបានស្វាគមន៍ដោយផ្ទាល់ពីសំណាក់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងស្ត្រីទីមួយ រី ស៊ុលជូ។ ប្រជាជនកូរ៉េខាងជើងប្រមាណមួយម៉ឺននាក់ក៏បានប្រមូលផ្ដុំគ្នាដើម្បីទទួលស្វាគមន៍មេដឹកនាំចិន ជាមួយនឹងការស្រែកជ័យឃោស ដែលបង្ហាញពីចំណងការទូតដ៏ជិតស្និទ្ធរវាងកូរ៉េខាងជើង និងចិន ផងដែរ។ ក្រោយពិធីបដិសណ្ឋារកិច្ចដ៏អធិកអធម មេដឹកនាំចិន និងកូរ៉េខាងជើង ដែលអមដំណើរដោយស្ត្រីទីមួយទាំងពីរ ក៏ចាកចេញទៅកាន់វិមាន Kumsusan Palace of the Sun ជាទីរំឭកដល់មេដឹកនាំកូរ៉េខាងជើងជំនាន់មុន។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួរ នោះ…