-
យានស្រាវជ្រាវភពអង្គារ Curiosity របស់ NASA ទើបបង្កើតគំហើញថ្មីមួយទៀត ដែលអំណោយផលដល់ការរុករកជីវិត

សហរដ្ឋអាម៉េរិក៖ យានរុករកភពអង្គារ ឃ្យូរៀសស៊ីតធី (Curiosity) របស់ទីភ្នាក់ ងារអវកាសអាម៉េរិក NASA បានប្រទះឃើញបរិមាណរ៉ែជាប្រភេទដីឥដ្ឋក្នុងចំនួនច្រើនបំផុតពុំធ្លាប់មានឡើយ គិតចាប់តាំងតែពីវាបានចុះទៅដល់ភពអង្គារ (Mars) កាលពីខែសីហា ឆ្នាំ២០១២កន្លងទៅ ។ កន្លែងដែលយាន ឃ្យូរៀសស៊ីតធី បានរកឃើញរ៉ែដីឥដ្ឋក្នុងបរិមាណយ៉ាងច្រើនខាងលើនេះ នៅក្នុងតំបន់ដែលសម្បូរទៅដោយដីឥដ្ឋនៅក្បែរភ្នំ សាប ជាទីដែលយានរបស់អង្គការ NASA កំពុងធ្វើការរុករកមើលឲ្យឃើញថា តើវាធ្លាប់មានលក្ខ ខណ្ឌអំណោយផលអាចទ្រទ្រង់ជីវិតបានដែរ ឬអត់ កាលពីរាប់រយរាប់ពាន់លានឆ្នាំមុន ខណៈដីឥដ្ឋជារឿយៗកកើតឡើងនៅក្នុងទឹក ដែលជាវត្ថុធាតុចាំបាច់បំផុតសម្រាប់ជីវិត ។ សូមបញ្ជាក់ថា យានស្រាវជ្រាវភពអង្គារ ឃ្យូរៀសស៊ីតធី គឺជាយានរុករក (Rover) តែមួយគត់របស់ NASA ដែលនៅតែអាចបន្តធ្វើប្រតិបត្តិការនៅលើភពអង្គារ ហើយវាគឺជាឧបករណ៍ដែលបង្កើតឡើងដោយមនុស្ស ដែលអាចធ្វើការចល័ត ខួង គាស់កាយ និងវិភាគគំរូតាងដែលវាបានរកឃើញនៅលើផ្ទៃភពអង្គារផ្ទាល់តែម្តង ។ របកគំហើញថ្មីនេះ គឺជាចំណុចវិជ្ជមានមួយទៀត បន្ថែមពីលើការរកឃើញឧស្ម័នមេតានយ៉ាងច្រើន ដែលសុទ្ធសឹងតែជារឿងដែលយើងមិនធ្លាប់បានជួបប្រទះនោះឡើយ ៕ធ.ដ
-
មន្រ្តីជាន់ខ្ពស់អាម៉េរិកអះអាងថា ទីក្រុងវ៉ាស៊ីនតោនបើកទ្វារចំហរសម្រាប់កិច្ចចរចាដោយគ្មានបុរេលក្ខខណ្ឌ ប៉ុន្តែនៅតែដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ អ្នកតំណាងពិសេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក ស្ទេហ្វិន ប៊ីហ្គាន់ បាននិយាយនៅក្នុងថ្ងៃពុធនេះថា ទីក្រុងវ៉ាស៊ីនតោនមានបំណងចង់បន្តធ្វើកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ប៉ុន្តែនៅថ្ងៃដដែលនេះ ក្រសួងរតនាគារជាតិអាម៉េរិកក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីទៀតប្រឆំាងនឹងទីក្រុងព្យុងយ៉ាងផងដែរ ។ ថ្លែងនៅឯវេទិកាមួយដែលរៀបចំឡើងក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក ប៊ីហ្គាន់ បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកមិនតម្រូវឱ្យមានបុរេលក្ខខណ្ឌ សម្រាប់កិច្ចចរចាសារជាថ្មីទៀតជាមួយកូរ៉េខាងជើង ចាប់តំាងពីជំនួបកំពូលលើកទី២រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនំាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីចុងខែកុម្ភៈកន្លងទៅ ត្រូវបរាជ័យ ។ អ្នកតំណាងពិសេសសហរដ្ឋអាម៉េរិករូបនេះបានបន្ថែមទៀតថា សហរដ្ឋអាម៉េរិកនឹងនៅតែបន្តធ្វើកិច្ចពិភាក្សាលើការប្តេជ្ញាចិត្តទំាងអស់ ដែលត្រូវបានព្រមព្រៀងគ្នារវាងមេដឹកនាំប្រទេសទំាងពីរ នាអំឡុងជំនួបកំពូលលើកដំបូងនៅឯប្រទេសសង្ហិបុរីកាលពីឆ្នំាមុន ដែលក្នុងនោះរួមមាន ការធានាសន្តិសុខសម្រាប់កូរ៉េខាងជើង ហើយលោក ប៊ីហ្គាន់ បានសង្កត់ធ្ងន់ថា ការរីកចម្រើនទំាងនោះ នឹងតម្រូវឱ្យទីក្រុងព្យុងយ៉ាង ចាត់វិធានការដែលមានសារៈសំខាន់ និងអាចផ្ទៀងផ្ទាត់បាន ដើម្បីរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ៕ធ.ដ
-
មន្ទីរបញ្ចកោណប្រកាសថា កងទ័ព១,០០០នាក់ ប្រព័ន្ធមីស៊ីល Patriot និងយន្តហោះដ្រូន-ស៊ើបការណ៍ នឹងត្រូវបញ្ជូនព្រមគ្នាទៅកាន់តំបន់មជ្ឈិមបូព៌ា

សហរដ្ឋអាម៉េរិក៖ ការដាក់ពង្រាយកងទ័ពបន្ថែមចុងក្រោយរបស់សហរដ្ឋអាម៉េរិក ក៏មានរួមបញ្ចូលទាំងការបញ្ជូនប្រព័ន្ធមីស៊ីល ផេតត្រូត យន្ដហោះដ្រូន និងយន្ដហោះស៊ើបការណ៍ផងដែរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមទប់ទល់នឹងការបង្កហេតុរបស់អ៊ីរ៉ង់ នេះបើតាមមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាម៉េរិក ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន មន្ទីរបញ្ចកាណបានបញ្ជាក់នៅក្នុងថ្ងៃពុធនេះថា សហរដ្ឋអាម៉េរិកមិនមែនចង់បង្កសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ ហើយការបញ្ជូនកងកម្លាំងយោធាបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា គឺមានចេតនាការពារកងទ័ព និងផលប្រយោជន៍អាម៉េរិកនៅក្នុងតំបន់ប៉ុណ្ណោះ ។ សូមរំលឹកផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីខែឧសភាកន្លងទៅ ក៏ធ្លាប់បានប្រកាសបញ្ជូនកងទ័ព១,៥០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ បន្ទាប់ពីកប៉ាល់ដឹកប្រេងចំនួន០៤គ្រឿងរងការវាយប្រហារនៅឯតំបន់ឈូងសមុទ្រនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ។ ទាំងការវាយប្រហារលើកប៉ាល់ដឹកប្រេងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន និងកាលពីខែឧសភាកន្លងទៅ សុទ្ធតែត្រូវបានសហរដ្ឋអាម៉េរិកចោទប្រកាន់តែឯងថា អ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត តែទីក្រុងតេហេរ៉ង់បានបដិសេធយ៉ាងដាច់ខាត ៕ធ.ដ
-
UN ព្យាករណ៍ថា ឥណ្ឌានឹងក្លាយជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេ លើពិភពលោក នៅឆ្នាំ២០៥០

ឥណ្ឌានឹងវ៉ាដាច់ចិន ក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកនៅឆ្នាំ២០២៧ ខណៈប្រជាជននៅលើពិភពលោកទាំងមូលនឹងកើនដល់៩,៧ពាន់លាននាក់នៅឆ្នាំ២០៥០។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ត ទី២០ ខែមិថុនា ឆ្នាំ២០១៩។ មហាយក្សចិន និងឥណ្ឌាមានប្រជាជនសរុបស្មើនឹង៣៧ភាគរយ នៃអត្រាប្រជាជនពិភពលោកដែលបច្ចុប្បន្នមានចំនួន៧,៧ពាន់លាននាក់ ក្នុងនោះចិនមានជាង១,៤ពាន់លាននាក់ ឯឥណ្ឌាមានជាង ១,៣ពាន់លាននាក់។ ប៉ុន្តែបើតាមរបាយការណ៍ មានចំណងជើងថា ទស្សនវិស័យប្រជាជនពិភពលោកឆ្នាំ២០១៩ របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅក្នុងសប្ដាហ៍នេះតែម្តង នៅត្រឹមឆ្នាំ២០២៧ ឥណ្ឌានឹងយកឈ្នះចិន ក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក។ លើសពីនេះទៅទៀត នៅចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០៥០ ប្រជាជននៅក្នុងប្រទេស ឬតំបន់ចំនួន ៥៥ នឹងមានការធ្លាក់ចុះយ៉ាងតិចណាស់១ភាគរយ ដោយសារតែកម្រិតជីវភាពទាប និងការកើនឡើងនៃការធ្វើចំណាកស្រុកជាដើម។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ប្រជាជនចិននឹងធ្លាក់ចុះ ២,២ភាគរយ ហើយដែលនេះនឹងអាចធ្វើឱ្យប្រជាជនចិនធ្លាក់មកនៅត្រឹម១,១ពាន់លាននាក់ ខណៈឥណ្ឌានឹងកើនឡើងដល់១,៥ពាន់លាននាក់ទៅវិញ៕ធ.ដ
-
ប្រធានាធិបតីចិន ផ្តើមទស្សនកិច្ចនៅកូរ៉េខាងជើង

សារព័ត៌មានរដ្ឋចិន CCTV បានចេញផ្សាយថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានទៅដល់រដ្ឋធានីព្យុងយ៉ាងហើយ ដើម្បីចាប់ផ្តើមដំណើរទស្សនកិផ្លូវរដ្ឋពីរថ្ងៃជាលើកដំបូង និងជួបពិភាក្សាជាមួយមេដឹកនាំកំពូលរបស់កូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន។ គួរបញ្ជាក់ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នា០៤លើករួចមកហើយ នៅលើទឹកដីចិនកាលពីឆ្នាំ២០១៨ ហើយជំនួបរវាងមេដឹកនាំទាំងពីរនៅលើកនេះ ធ្វើឡើងនៅមុនពេលលោក ស៊ី ត្រូវជួបជាមួយលោក ដូណាល់ ត្រាំ នៅកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុននៅសប្ដាហ៍ក្រោយ។ ដោយឡែកបើតាមក្រុមមន្ត្រីចិន លោក ស៊ី និងលោក គីម នឹងពិភាក្សាគ្នាដោយផ្ដោតសំខាន់លើ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យលោក ស៊ី ជិនពីង ក្លាយជាប្រធានាធិបតីចិនដំបូងគេ ដែលធ្វើដំណើរទៅកាន់កូរ៉េខាងជើងអស់រយៈពេលជាង១៤ឆ្នាំមកនេះ ពោលគឺចាប់តាំងពីអតីតប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ…
-
កងទ័ពជើងទឹកសហរដ្ឋអាម៉េរិកបញ្ជាក់ថា គ្រាប់មីនដែលប្រើវាយប្រហារលើ នាវាដឹកប្រេងគឺមានស្នាមសម្គាល់របស់អ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ អ្នកជំនាញផ្នែកគ្រឿងផ្ទុះរបស់កងទ័ពជើងទឹកអាម៉េរិកម្នាក់ នៅក្នុងថ្ងៃពុធសប្តាហ៍នេះបាននិយាយថា កម្ទេចកម្ទីគ្រាប់មីនមួយគ្រាប់ ដែលប្រើដើម្បីវាយប្រហារនាវាដឹកប្រេងរបស់ជប៉ុន នៅក្បែរច្រកសមុទ្រហ័រមូសកាលពីសប្ដាហ៍មុន គឺមានភាពស្រដៀងគ្នាទៅនឹងគ្រាប់មីនដែលគេឃើញនៅអ៊ីរ៉ង់ ដោយធ្វើឱ្យគេហ៊ានស្តីបន្ទោសចំៗលើអ៊ីរ៉ង់ចំពោះការវាយប្រហារនេះតែម្តង។ សម្តីរបស់វរនាវីទោលោក ស៊ន គីដូ (Sean Kido) បានធ្វើឡើង ខណៈកងនាវិកបានបង្ហាញដល់អ្នកយកព័ត៌មាននូវបំណែកកម្ទេចកម្ទី និងមេដែក ដែលកងទ័ពជើងទឹកនិយាយថា ត្រូវបានប្រើដើម្បីភ្ជាប់គ្រាប់មីនមិនទាន់ផ្ទុះទៅនឹងតួកប៉ាល់ដឹកប្រេង Kokuka Courageous។ អាជ្ញាធរអាម៉េរិកនិយាយថា បំណែកទាំងនោះត្រូវបានបន្សល់ទុកដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅពេលពួកគេលបមកដោះគ្រាប់មីនមិនទាន់ផ្ទុះនោះចេញពីតួកប៉ាល់ បន្ទាប់ពីការវាយប្រហារនៅក្នុងឈូងសមុទ្រអូម៉ង់ ។ យ៉ាងណាមិញ អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀតចំពោះការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី១៣ ខែមិថុនាកន្លងមកនេះ ទៅលើនាវាដឹកប្រេងរបស់ជប៉ុនឈ្មោះ Kokuka Courageous និង នាវា Front Altair ដែលជាកម្មសិទ្ធិរបស់ប្រទេសន័រវែស៕ធ.ដ
-
មេដឹកនាំតួកគីបញ្ជាក់ថា អតីតប្រធានាធិបតីអេហ្ស៊ីបត្រូវគេសម្លាប់ មិនមែនស្លាប់ដោយសារគាំងបេះដូងនោះទេ

តួកគី៖ អតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi ត្រូវបានគេសម្លាប់ ពោលគឺមិនមែនស្លាប់ដោយសារគាំងបេះដូង ដូចដែលអាជ្ញាធរទីក្រុងគែរ លើកឡើងនោះឡើយ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីប អតីតប្រធានាធិបតីអេហ្ស៊ីបរូបនេះបានទទួលមរណភាពដោយសារតែជំងឺគាំងបេះដូង ប៉ុន្តែក្រុមគ្រួសាររបស់លោក និងក្រុមសកម្មជនការពារសិទ្ធិមនុស្សមួយចំនួន បានអំពាវនាវឱ្យមានការស៊ើបអង្កេត ដោយបញ្ជាក់ថាលោក Morsi មិនបានទទួលការព្យាបាលត្រឹមត្រូវនោះទេ ចំពោះបញ្ហាសុខភាព ដូចជាជំងឺសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹកនោមផ្អែមជាដើម។ ដោយឡែកការលើកឡើងខាងលើរបស់ប្រធានាធិបតីតួកគី ធ្វើឡើងបន្ទាប់ពីការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីស្វែងរកមូលហេតុនៃការស្លាប់របស់លោក Morsi។ ប៉ុន្តែជាមួយនេះ លោក អឺដូហ្គាន់ មិនបានបង្ហាញភ័ស្ដុតាងណាមួយ ដើម្បីការពារការអះអាងរបស់ខ្លួនឡើយ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ចាប់ផ្តើមបើកយុទ្ធនាការឃោសនាឆ្នោតអាណត្តិទី២ របស់ខ្លួនជាផ្លូវការ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ជាផ្លូវការ នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅឯទីក្រុង អ័រឡេនដូ រដ្ឋផ្លូរីដា។ លោក ដូណាល់ ត្រាំ បានថ្លែងនៅចំពោះមុខក្រុមអ្នកគាំទ្រជាច្រើនរបស់លោកថា លោកនៅចំពោះមុខអ្នកទាំងអស់នៅយប់នេះ គឺដើម្បីប្រកាសដាក់ចេញជាផ្លូវការនូវការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាម៉េរិកក្នុងអាណត្តិទី២របស់លោក។ នៅក្នុងសុន្ទរកថានោះដែរ លោក ត្រាំ បានលើកឡើងពីប្រធានបទសំខាន់ៗមួយចំនួនដូចជា បញ្ហាជនអន្តោប្រវេសន៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយក៏ឆ្លៀតវាយប្រហារលើគណបក្សប្រជាធិបតេយ្យផងដែរ។ សូមរំលឹកថា លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកទី៤៥ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីផ្ដួលអតីតបេក្ខជនប្រធានាធិបតីអាម៉េរិក មកពីបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន ហើយលោក ត្រាំ បានស្បថឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕ធ.ដ
-
សារព័ត៌មានចិនចុះផ្សាយថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងចិន ព្រមព្រៀងជួបគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន

ចិន៖ សារព័ត៌មានចិន CGTN បានចុះផ្សាយថា ក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទនៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានឯកភាពថា នឹងជួបពិភាក្សាជាមួយសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុននៅចុងខែមិថុនានេះ។ លោក ស៊ី ជិនពីង បាននិយាយថា ក្នុងអំឡុងកិច្ចសន្ទនានោះ លោក ត្រាំ បានលើកឡើងអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរសង្ឃឹមថា នឹងអាចស្វែងរកដំណោះស្រាយបានឆាប់ៗ សម្រាប់បញ្ហាវិវាទនាពេលបច្ចុប្បន្ននេះ។ ស្របពេលជាមួយគ្នានោះដែរ លោក ស៊ី ជិនពីង បានបង្ហាញក្តីសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងមិនមានភាពលម្អៀងលើក្រុមហ៊ុនចិនឡើយ ហើយលោកបានអំពាវនាវឲ្យប្រទេសទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី តាមការសន្ទនាដោយស្មើភាព និងឈរលើការគោរព ព្រមទាំងការជឿទុកចិត្តគ្នាទៅវិញទៅមក៕ធ.ដ
-
លោក ស៊ី ជិនពីង៖ ចិនគាំទ្រកូរ៉េខាងជើងក្នុងការដោះស្រាយបញ្ហានៅលើ តំបន់ឧបទ្វីបកូរ៉េ តាមរយៈនយោបាយ

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានសារព័ត៌មានរដ្ឋកូរ៉េខាងជើង រ៉ូដុង ស៊ីនម៉ុន ដកស្រង់សម្តីចុះផ្សាយនៅក្នុងថ្ងៃពុធនេះថា ប្រទេសចិនគាំទ្រទិសដៅដ៏ត្រឹមត្រូវរបស់ប្រទេសកូរ៉េខាងជើង សម្រាប់ការដោះស្រាយបញ្ហានៅលើតំបន់ឧបទ្វីបកូរ៉េ តាមរយៈនយោបាយ។ ការកត់សម្គាល់បែបនេះរបស់លោក ស៊ី ជិនពីង បានកើតមានឡើងមុនពេលរូបលោកចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោករយៈពេល២ថ្ងៃ ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ត និងថ្ងៃសុក្រសប្តាហ៍នេះ តបតាមការអញ្ជើញរបស់ប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន។ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង លោក ស៊ី ជិនពីង បាននិយាយទៀតថា ប្រទេសទំាងពីរនឹងខិតខំព្យាយាមពង្រឹងពង្រីកការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរជាយុទ្ធសាស្រ្តឲ្យកាន់តែរឹងមាំ ហើយថា ចិននឹងគំាទ្រយ៉ាងរឹងមំានូវសមទ្ធិផលរបស់លោក គីម ក្នុងការស្ថាបនាសង្គម តាមរយៈការដឹកនាំគណបក្សពលករកូរ៉េ WPK និងប្រជាជន ស្របតាមយុទ្ធសាស្រ្តថ្មីមួយ ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងទំាងអស់របស់លោក លើការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនខ្លួន៕ធ.ដ