-
យានអវកាស Solar Parker Probe របស់អង្គការ NASA ជិតបកស្រាយអាថ៌កំបាំងរាប់រយឆ្នាំរបស់ព្រះអាទិត្យបានហើយ

សហរដ្ឋអាម៉េរិក៖ យានអវកាស Solar Parker Probe របស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅកៀកព្រះអាទិត្យជាថ្មីម្តងទៀត ខណៈក្រុមអ្នកវិទ្យាសាស្រ្តសង្ឃឹមថា វានឹងអាចជួយពួកគេទម្លាយអាថ៌កំបាំងមួយជាយូរណាស់មកហើយរបស់ដួងផ្កាយនេះ។ អាថ៌កំបាំងនៅពីក្រោយបាតុភូតកម្តៅនេះ បានធ្វើឲ្យអ្នកវិទ្យាសាស្រ្តនៅលើផែនដីងឿងឆ្ងល់អស់រយៈពេលជាង៥០០ឆ្នាំមកហើយ ប៉ុន្តែឥឡូវអង្គការ NASA សង្ឃឹមថា ក្នុងរយៈពេលយ៉ាងច្រើន០២ឆ្នាំទៀត យាន Parker Solar Probe នឹងអាចជួយផ្តល់ចម្លើយបាន។ ស្រទាប់បរិយាកាសផ្នែកខាងលើបំផុតរបស់ព្រះអាទិត្យ ត្រូវគេហៅថា ស្រទាប់ Corona ដោយជាមួយគ្នានេះ អ្នកវិទ្យាសាស្រ្តក៏ចង់ដឹងផងដែរថា តើបាតុភូតកម្តៅនេះ រីកសាយភាយក្នុងរយៈកម្ពស់ខ្ពស់ប៉ុន្មានពីផ្ទៃព្រះអាទិត្យ ខណៈពួកគេបានចំណាយពេលរាប់ទសវត្សរ៍អង្កេតមើលវាពីចម្ងាយ តាមរយៈយានអវកាស Wind របស់ NASA។ សូមបញ្ជាក់ថា នៅឆ្នាំ២០២១ យានអវកាស Parker Solar Probe ត្រូវគេរំពឹងថា នឹងអាចប្រមូលយកទិន្នន័យសំខាន់ៗបំផុត នៃស្រទាប់បរិយាកាសរបស់ព្រះអាទិត្យ ខណៈបេសកកម្មនេះបានចាប់ផ្តើមកាលពីឆ្នាំ២០១៨ ហើយនឹងបន្តរហូត យ៉ាងហោចណាស់ដល់ឆ្នាំ២០២៥ខាងមុខ៕ធ.ដ
-
យន្តហោះផ្ទុកអ្នកដំណើរ១៦៦នាក់ រត់ធ្លាក់ផ្លូវពេលចុះចត នៅសហរដ្ឋអាម៉េរិក

កាលពីចុងសប្តាហ៍កន្លងទៅ មានករណីយន្តហោះ១គ្រឿងបានរត់ធ្លាក់ផ្លូវ ពេលចុះចត នៅចំណតអាកាសយានដ្ឋានមួយ ក្នុងសហរដ្ឋអាម៉េរិក។ សារព័ត៌មាន CNN បានចេញផ្សាយកាលពីម្សិលមិញថា យន្ដហោះមួយគ្រឿងរបស់អាកាសចរ United Airlines បានរត់ធ្លាក់ផ្លូវកាលពីថ្ងៃសៅរ៍កន្លងទៅនៅព្រលានយន្ដហោះអន្ដរជាតិ Newark Liberty រដ្ឋ New Jersey សហរដ្ឋអាម៉េរិក។ យ៉ាងណាក៏ដោយ មិនមានករណីរងរបួសណាមួយត្រូវបានរាយការណ៍នេះទេ ក្រោយពេលដែលជើងហោះហើរ United 627 ចុះចតនៅវេលាម៉ោង ១រសៀល។ អ្នកដំណើរទាំងអស់នៅលើយន្ដហោះ មានចំនួន ១៦៦នាក់ក្នុងនោះអ្នករងរបួសស្រាល។ ប្រភពដដែលបន្ដថា សំបកកង់នៃយន្ដហោះបានផ្ទុះនៅពេលដែលយន្ដហោះចុះចតមកលើផ្លូវ។ ក្រោយកើតហេតុ យន្ដហោះនេះ ត្រូវបានគេសណ្ដោងទៅកន្លែងចុះចតសម្រាប់អ្នកដំណើរដែលបណ្ដាលឲ្យមានការពន្យាពេល។ យ៉ាងណាមិញ មកទល់ពេលនេះខាងរដ្ឋបាលសហព័ន្ធអាកាសចរ កំពុងបើកការស៊ើបអង្កេតបន្ដជុំវិញមូលហេតុ ដែលបណ្ដាលឲ្យយន្ដហោះរត់ធ្លាក់ផ្លូវបែបនេះ៕ធ.ដ
-
ការនាំចេញកៅស៊ូរបស់វៀតណាមធ្លាក់ចុះ ដោយសារសង្គ្រាមពាណិជ្ជកម្ម និងការដំឡើងពន្ធរបស់ចិន

ការនាំចេញកៅស៊ូវៀតណាមបានធ្លាក់ចុះ កាលពីខែឧសភា ឆ្នាំ២០១៩នេះ ដោយសារតែការផ្លាស់ប្តូរគោលនយោបាយរបស់ចិន និងឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន។ នេះបើតាមតំណាងនាយកដ្ឋានកៅស៊ូវៀតណាម Việt Nam Rubber Group (VRG) ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី១៨ មិថុនានេះ។ យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មថា កាលពីខែឧសភា ការនាំចេញជ័រកៅស៊ូមាន៨ម៉ឺនតោន តម្លៃ១១៦លានដុល្លារអាម៉េរិក បើប្រៀបធៀបនឹងខែមេសា កើនឡើងបរិមាណ៦ភាគរយ ហើយតម្លៃវិញកើនឡើង៧ភាគរយ។ យ៉ាងណាក្តី ទំហំនៃការនាំចេញនេះ បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ មានការធ្លាក់ចុះបរិមាណ២៦,៥ភាគរយ ហើយតម្លៃវិញធ្លាក់ចុះ២៦,២ភាគរយ។ ប៉ុន្តែសម្រាប់រយៈពេល៥ខែដំបូងនៃឆ្នាំ២០១៩ ការនាំចេញកៅស៊ូបានឈានដល់៤៩៥០០០តោន តម្លៃ៦៧៣លានដុល្លារអាម៉េរិក កើនឡើងជិត១២ភាគរយលើបរិមាណ ខណៈដែលតម្លៃវិញ ក៏កើនឡើង៤ភាគរយដែរ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨។ ការនាំចេញកៅស៊ូធ្លាក់ចុះនៅខែឧសភា ដោយសារតែចិនបង្កើនពន្ធនាំចូលកៅស៊ី១០ភាគរយ នេះបើតាមលោកTuấn Anh អនុប្រធាននាយកទីផ្សារនៃនាយកដ្ឋានកៅស៊ូវៀតណាម Việt Nam Rubber Group (VRG) ប្រាប់សារព័ត៌មាន bizlive.vn។ លោកបន្តថា សង្គ្រាមពាណិជ្ជកម្ម ក៏បានបណ្តាលឲ្យសហគ្រាស…
-
ប្រមុខដឹកនាំកំពូលចិន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងជើង នៅក្នុងសប្ដាហ៍នេះ

ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់។ លោក ស៊ី ជិនពីង នឹងក្លាយជាប្រធានាធិបតីចិនដំបូងបំផុត ដែលនឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៥មក។ ប្រភពដដែលបន្តថា ប្រធានាធិបតីចិនរូបនេះ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ តបតាមការអញ្ជើញរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ដោយឡែក សារព័ត៌មានរដ្ឋចិន CCTV ក៏បានទទួលស្គាល់ពីដំណើរទស្សនកិច្ចនេះដែរ ហើយថែមទាំងបញ្ជាក់ដែរថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាដោយផ្ដោតសំខាន់លើទំនាក់ទំនងទ្វេភាគី និងស្ថានភាពនៅលើឧបទ្វីបកូរ៉េ៕ធ.ដ
-
ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងរង់ចាំការឆ្លើយតបរបស់កូរ៉េខាងជើង ដើម្បីធ្វើបច្ចុប្បន្នភាពស្តាសន្តិភាព

ហ្វាំងឡង់៖ តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វាំងឡង់ ន័រវែស និងស៊ុយអែត ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានដាក់អាទិភាពកំពូលទៅលើការពង្រឹងភាពជាដៃគូ ដើម្បីការរីកចម្រើនក្នុងភាពអ្នកដឹកនាំថ្មី និងទូលំទូលាយ ខណៈប្រទេសរបស់លោកកំពុងស្វះស្វែងរកយន្តការធ្វើឲ្យរីកចម្រើនសេដ្ឋកិច្ចថ្មីៗ ជាការឆ្លើយតបទៅនឹងការធ្វើបដិវត្តន៍ឧស្សាហកម្មលើកទី៤។ នាអំឡុងដំណើរទស្សនកិច្ចនោះ បានផ្តល់ឱកាសឲ្យលោក មូន ជេអ៊ីន ស្វែងយល់អំពីបទពិសោធតាមបណ្តាប្រទេស Nordic (ប្រទេសហ្វាំងឡង់ និងអ៊ីស្លង់)នៅក្នុងការធ្វើឲ្យរីកចម្រើនសេដ្ឋកិច្ច និងទំនាក់ទំនងគ្រប់គ្រងពលកម្ម និងគោលនយោបាយ ដោយលើកកម្ពស់សុខុមាលភាព និងផ្តល់អំណាចឲ្យស្ត្រី។ ដោយបានប្រឈមមុខជាមួយជម្លោះមនោគមន៍វិជ្ជានៅក្នុងប្រទេស និងការបន្តភាពរឹងរូសរបស់កូរ៉េខាងជើងនោះ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានខំប្រឹងព្យាយាមយ៉ាងខ្លាំង ដើម្បីបង្កភាពងាយស្រួលដល់សន្តិភាព ដោយផ្តោតលើប្រជាជន និងផ្អែកលើជំនឿទុកចិត្តនៅឧបទ្វីបកូរ៉េ៕ធ.ដ
-
រដ្ឋាភិបាលអ៊ីរ៉ង់ប្រកាសថា នឹងលែងដាក់កំហិតលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គិតចាប់ពីចុងខែមិថុនានេះតទៅ

អ៊ីរ៉ង់៖ រដ្ឋាភិបាលក្រុងតេហេរ៉ង់បានប្រកាសថា ខ្លួននឹងឈប់អនុវត្តន៍នូវការដាក់កំហិតលើការស្ដុកទុក និងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ចាប់ពីថ្ងៃទី២៧ ខែមិថុនានេះតទៅ។ ឆ្លើយតបនឹងការប្រកាសរបស់អ៊ីរ៉ង់ខាងលើ បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានចេញមុខព្រមានថា ពួកគេអាចនឹងដាក់ទណ្ឌកម្ម បើសិនជាទីក្រុងតេហេរ៉ង់ រំលោភបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ បើទោះបីជាមានការព្រមានបែបនេះក្តី ក៏ប្រទេសអ៊ីរ៉ង់នៅតែបញ្ជាក់ដដែលថា បណ្ដាប្រទេសអឺរ៉ុបនៅតែមានឱកាសស្ដាកិច្ចព្រមព្រៀងនេះឡើងវិញ មុននឹងស្ថានភាពអាក្រក់ជាងពេលបច្ចុប្បន្នផ្ទុះឡើង៕ធ.ដ
-
ស្ថាបនិកក្រុមហ៊ុន Huawei ប្រកាសបោះទុន១០០ពាន់លានដុល្លារលើការអភិវឌ្ឍ៥ឆ្នាំ បើទោះបីកំពុងទទួលរងឥទ្ធិពលទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

ចិន៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei លោក រិន ចេងហ្វៃ បានបញ្ជាក់ថា Huawei នឹងបោះទុនវិនិយោគចំនួន១០០ពាន់លានដុល្លារ សម្រាប់រយៈពេល០៥ឆ្នាំខាងមុខ ដើម្បីធ្វើឲ្យបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្នែកទូរគមនាគមន៍កាន់តែមានប្រសិទ្ធភាព និងអាចជឿទុកចិត្តបានកាន់តែខ្លាំងថែមទៀត។ បិតាស្ថាបនិករបស់ក្រុមហ៊ុន Huawei រូបនេះ បានបន្ថែមថា ទោះបីក្រុមហ៊ុនលោកត្រូវខាតបង់ផ្នែកហិរញ្ញវត្ថុ ដោយសារតែឥទ្ធិពលទណ្ឌកម្មរបស់អាម៉េរិកក៏ដោយ ក៏លោកនៅតែមានការប្តេជ្ញាខ្ពស់ ដោយមិនកាត់បន្ថយការចំណាយ លើកិច្ចប្រឹងប្រែងស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត-បច្ចេកវិទ្យានាពេលអនាគតឡើយ។ លោក ចេងហ្វៃ បានសង្កត់ធ្ងន់ទៀតថា គោលដៅធំរបស់សង្គមមនុស្ស គឺបង្កើតភាពសុខដុម និងជួយឲ្យមនុស្សរួចចាកផុតពីភាពក្រីក្រ ហើយមានតែកិច្ចសហការ និងការអភិវឌ្ឍប៉ុណ្ណោះ ទើបអាចបំពេញតម្រូវការរបស់មនុស្សទាំងនេះបាន។ សូមបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់នាយកប្រតិបត្តិ និងជាបិតាស្ថាបនិករបស់ក្រុមហ៊ុន Huawei លោក រិន ចេងហ្វៃ ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សាគ្នាមួយនៅឯទីស្នាក់ការកណ្តាលរបស់ Huawei ក្នុងទីក្រុងស៊ិនជិន ប្រទេសចិន នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)៕ធ.ដ
-
ប្រមុខរដ្ឋាភិបាលហុងកុងសុំទោសចំពោះការដឹកនាំធ្វើឲ្យមានជម្លោះក្នុងសង្គម ហើយប្តេជ្ញាទទួលយកការរិះគន់ និងកែប្រែចំណុចទាំងនោះ

ចិន៖ ការសុំទោសរបស់មេដឹកហុងកុង បានកើតមានឡើងបន្ទាប់ពីពលរដ្ឋរបស់ខ្លួនជាច្រើនម៉ឺននាក់បានចេញធ្វើបាតុកម្ម តវ៉ាប្រឆាំងនឹងសេចក្តីស្នើច្បាប់ធ្វើបត្យាប័នអ្នកទោសទៅចិនដីគោក និងដែនដីជាង២០ផ្សេងទៀត ព្រមទាំងទាមទារឲ្យមេដឹកនាំដែនកោះមួយនេះចុះចេញពីតំណែង។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលហុងកុង ប្រមុខតំបន់រដ្ឋបាល ពិសេសរបស់ចិនមួយនេះ គឺលោកស្រី ខារី ឡាម បានទទួលស្គាល់កំហុសថា ការដឹកនាំរបស់រដ្ឋាភិបាលពិតជាមានការខ្វះខាតមែន។ លោកស្រីថា កង្វះខាតទាំងនេះ បានបង្កឲ្យមានជម្លោះ និងភាពមិនចុះសម្រុងគ្នាជាច្រើននៅក្នុងសង្គម ដែលបណ្ដាលឲ្យពលរដ្ឋក្រៀមក្រំ និងមិនសប្បាយចិត្ត។ បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ប្រមុខរដ្ឋាភិបាលបានសុំអភ័យទោសចំពោះពលរដ្ឋហុងកុង សម្រាប់បញ្ហានេះ ហើយបានប្តេជ្ញាថា នឹងប្រកាន់យកអាកប្បកិរិយាដ៏ស្មោះត្រង់ និងដាក់ចិត្តដាក់កាយទទួលយកនូវការរិះគន់ និងកែប្រែចំណុចទាំងនោះ ដើម្បីជាប្រយោជន៍សាធារណៈ។ ប្រមុខរដ្ឋាភិបាលហុងកុងរូបនេះ ក៏បានបញ្ជាក់ជាថ្មីម្ដងទៀតនៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលថា សំណើច្បាប់ធ្វើបត្យាប័នត្រូវផ្អាកមួយរយៈ ដោយមិនទាន់កំណត់ពេលវេលាណាមួយដើម្បីជជែកគ្នាវិញទេ។ លោកស្រីបានឲ្យដឹងបន្ថែមថា មូលហេតុនៃការព្យួរការពិនិត្យ និងជជែកដេញដោលគ្នាលើសេចក្តីព្រៀងច្បាប់នេះ គឺដើម្បីស្តាឡើងវិញនូវភាពស្ងប់ស្ងាត់នៅក្នុងសង្គម ក៏ដូចជាបញ្ចៀសមិនឲ្យពលរដ្ឋណាម្នាក់រងរបួស៕ធ.ដ
-
ប្រធានាធិបតីរុស្ស៊ី ថ្កោលទោសការប្រឈមមុខដាក់គ្នាដោយគ្មានច្បាប់ទម្លាប់ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម

រុស្ស៊ី៖ រុស្ស៊ីនៅតែប្រកាន់គោលជំហររឹងមំា ដើម្បីប្រឆំាងនឹងសង្គ្រាមពាណិជ្ជកម្ម ក៏ដូចជាការប្រឈមមុខដាក់គ្នាដោយគ្មានច្បាប់វិន័យ នៅក្នុងពាណិជ្ជកម្មអន្តរជាតិ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT ដែលដកស្រង់សម្តីរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន។ ការកត់សម្គាល់បែបនេះរបស់លោក ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសិទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA ដែលបានរៀបចំឡើងនៅក្នុងរដ្ឋធានី ឌូសានបេ ប្រទេសតាជីគីស្ថាន នៅថ្ងៃទី១៥ ខែមិថុនានេះ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា វិស័យមនុស្សធម៌ និងសង្គមគួរតែត្រូវបានការពារពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីស្តាឡើងវិញនូវការជឿទុកចិត្ត និងបង្កើតឱ្យមានច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ប៉ុន្តែជាអកុសល សង្គ្រាមពាណិជ្ជកម្មកំពុងកើនឡើងនៅទូទាំងពិភពលោក ដូច្នេះលោក ពូទីន ក៏បានលើកឡើងពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីស្វែងរកផ្លូវចេញពីស្ថានភាពបច្ចុប្បន្ននេះផងដែរ៕ធ.ដ
-
អ៊ីស្រាអែល បើកបង្ហាញតំបន់អាណានិគមថ្មីលើទឹកដីស៊ីរីជាផ្លូវការ និងដាក់ឈ្មោះថា Trump Height

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ និងអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចំាអ៊ីស្រាអែល លោក ដេវីដ ហ្វី្រដមែន បានអញ្ជើញជាអធិបតីក្នុងពិធីដាក់បង្ហាញជាផ្លូវការ តំបន់អាណានិគមថ្មីមួយនៅលើទឹកដី ហ្គោលែន ហេដ ដោយយកឈ្មោះតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ នៅឯពិធីសម្ពោធកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ លោក ណឺតាន់យ៉ាហ៊ូ បានដាក់ឈ្មោះតំបន់អាណានិគមថ្មីខាងលើថា ត្រាំ ហេដ «Trump Heights» ជាការអរគុណដល់ប្រធានាធិបតីអាម៉េរិករូបនេះ ដែលបានទទួលស្គាល់តំបន់ ហ្គោលែនហេដ (Golan Heights) ជាកម្មសិទ្ធិរបស់អ៊ីស្រាអែល។ សូមរំលឹកថា ហ្គោលែន ហេដ គឺជាតំបន់មួយដែលអ៊ីស្រាអែលបានរឹបអូសពីស៊ីរី នៅអំឡុងសង្រ្គាម៦ថ្ងៃក្នុងតំបន់មជ្ឈិមបូព៌ាកាលពីឆ្នាំ១៩៦៧ ហើយសហរដ្ឋអាម៉េរិកកាលពីខែមីនាកន្លងទៅ បានក្លាយជាប្រទេសដំបូងគេបំផុត ដែលទទួលស្គាល់តំបន់នេះជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ចាប់តាំងពីទីក្រុងតែល អាវីវ បញ្ចូលតំបន់នេះទៅក្នុងឧបសម្ព័ន្ធនៃទឹកដីរបស់ខ្លួនកាលពីឆ្នាំ១៩៨១មក៕ធ.ដ