-
ប្រជាជនវេណេស៊ុយអេឡាជាង៤លាននាក់ បង្ខំចិត្តចាកចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីវិបត្តិសេដ្ឋកិច្ចគិតចាប់តំាងពីឆ្នាំ២០១៥

វេណេស៊ុយអេឡា៖ អង្គការសហប្រជាជាតិបានឱ្យដឹងថា ពលរដ្ឋវេណេស៊ុយអេឡាជាង៤លាននាក់បានសម្រេចចិត្តភៀសខ្លួនទៅកាន់បណ្តាប្រទេសក្បែរខាង ដើម្បីកសាងជីវិតថ្មី ស្វែងរកការងារ និងគេចចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងប្រទេសរបស់ពួកគេគិតចាប់តាំងពីឆ្នាំ២០១៥។ ដោយឡែកប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់ទៀត បាននាំគ្នាប្រញប់ប្រញាល់ឆ្លងពំ្រដែនចូលទៅក្នុងប្រទេសប៉េរ៉ូ ឱ្យបានមុនអាជា្ញធរប៉េរូរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ចាប់ពីពាក់កណ្ដាលយប់ថ្ងៃសៅរ៍នេះតទៅ (ម៉ោងក្នុងតំបន់)។ ចាប់ពីពាក់កណ្ដាលយប់ថ្ងៃសៅរ៍នេះ ពលរដ្ឋវេណេស៊ុយអេឡាទាំងអស់ត្រូវតែមានលិខិតឆ្លងដែន និងទិដ្ឋាការដែលមានសុពលភាព ទើបអាចចូលទៅក្នុងប្រទេសប៉េរូបាន។ ការទាមទារខាងលើនេះ ធ្វើឱ្យប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់ សម្រេចចិត្តនាំគ្នាធ្វើដំណើរពីអេក្វាឌ័រសម្រុកចូលទៅក្នុងប្រទេសប៉េរូ ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះប៉ុណ្ណោះ មនុស្សម្នាប្រមាណ៥,៨៤៩នាក់ បានធ្វើដំណើរចូលទៅដល់ទឹកដីប្រទេសប៉េរូ៕ធ.ដ
-
ភ្លុកដំរី និងស្រកាសត្វពង្រូលអាហ៊្វ្រិកទម្ងន់៧,៥តោន ត្រូវបានអាជ្ញាធរពន្ធគយ វៀតណាមរឹបអូស

វៀតណាម៖ ភ្លុកសត្វដំរី និងស្រកាសត្វពង្រូលអាហ៊្វ្រិកសរុបទម្ងន់៧,៥តោន ត្រូវបានអាជ្ញាធរវៀតណាមរឹបអូស ដែលនេះគឺជាករណីមួយក្នុងចំណោមករណីជួញដូរសត្វព្រៃ ដែលធំជាងគេបំផុតនៅក្នុងប្រទេសវៀតណាម។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម ភ្លុកដំរីចំនួន៣,៥តោន និងស្រកាពង្រូលចំនួន៤តោនត្រូវបានរកឃើញនៅថ្ងៃពុធសប្តាហ៍នេះក្នុងធុងជាច្រើន នៅពេលដែលក្រុមមន្ត្រីពន្ធគយបានត្រួតពិនិត្យកុងទីន័រមួយគ្រឿង ដែលដឹកបញ្ជូនមកពីភាគខាងជើងកំពង់ផែ ហៃពុង។ ធុងដែកដែលផ្ទុកភ្លុកដំរី និងស្រកាពង្រូលនេះ ត្រូវបានដាក់លាយឡំគ្នាជាមួយនឹងធុងផ្ទុកជ័រកៅស៊ូជាច្រើនទៀត ដើម្បីលាក់បាំងការជួញដូរបំណែកសត្វព្រៃពីអាជ្ញាធរពន្ធគយវៀតណាម។ យ៉ាងណាមិញ មិនមានអ្នកណាម្នាក់អះអាងថា ទំនិញដែលដឹកជញ្ជូននេះជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ ហើយព័ត៌មានលម្អិតក៏មិនមានដែរ ពាក់ព័ន្ធនឹងប្រភពដើមនៃទំនិញទាំងនេះ ប៉ុន្តែបើតាមច្បាប់របស់ប្រទេសវៀតណាមនោះ ការបរបាញ់ និងជួញដូរភ្លុកដំរី និងស្រកាសត្វពង្រូលត្រូវជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ៕ធ.ដ
-
នាយករដ្ឋមន្រ្តីកាណាដា គ្រោងធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកជំនួយឲ្យមានការដោះលែងជនជាតិខ្លួនពីរនាក់ជាប់ឃុំនៅចិន

កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកនាសប្ដាហ៍ក្រោយនេះ ដើម្បីជជែកបញ្ហាពាណិជ្ជកម្ម និងសំណុំរឿងជនជាតិកាណាដា ដែលកំពុងជាប់ឃុំខ្លួននៅទឹកដីប្រទេសចិន។ បើតាមការរំពឹងទុកនោះ នាយករដ្ឋមន្រ្តីកាណាដារូបនេះ នឹងស្នើសុំជំនួយពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដើម្បីឲ្យមានការដោះលែងជនជាតិកាណាដាទាំងពីរនាក់ ដែលលោកចាត់ថា ទុកជាការឃុំខ្លួនដោយបំពាន ខណៈទីក្រុងប៉េកាំងទើបបដិសេធការរៀបចំជំនួបរវាងលោក ទ្រូដូ និងមេដឹកនាំចិន ដើម្បីដោះស្រាយបញ្ហាឃុំខ្លួនពលរដ្ឋកាណាដានេះ។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ នៅសេតវិមាននឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនាខាងមុខ ហើយនេះជាលើកទីមួយដែលលោក ទ្រូដូ ធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកគិតចាប់តាំងពីឆ្នាំ២០១៧។ ទស្សនកិច្ចនៅសប្ដាហ៍ក្រោយនេះ ក៏ធ្វើឡើងស្របពេលដែលទំនាក់ទំនងទ្វេភាគីហាក់ល្អប្រសើរឡើងវិញខ្លះ បន្ទាប់ពីមិនត្រូវគ្នាដោយសារគោលនយោបាយចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅអាម៉េរិកខាងជើងរបស់លោក ដូណាល់ ត្រាំ៕ធ.ដ
-
លោក ត្រាំ និយាយថា នឹងជួបជាមួយលោក ពូទីន ក្នុងអំឡុងកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកនឹងជួបពិភាក្សាជាមួយសមភាគរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដាច់ដោយឡែកពីកិច្ចប្រជុំកំពូល G20 ដែលគ្រោងរៀបចំឡើងនៅប្រទេសជប៉ុន នាចុងខែមិថុនានេះ។ លោកនឹងមានជំនួបពិភាក្សាជាមួយលោក ពូទីន នាអំឡុងកិច្ចប្រជុំកំពូល G20 នេះបើតាមការប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិករូបនេះ បានគូសបញ្ជាក់កាលពីខែមុនថា រូបលោកនឹងជួបជាមួយលោក ពូទីន នៅក្នុងអំឡុងកិច្ចប្រជុំកំពូល G20 ប៉ុន្តែបើតាមវិមានក្រឹមឡាំង ជំនួបទ្វេភាគីរវាងមេដឹកនាំទាំងពីរនាពេលនោះ នឹងមិនមានការចុះកិច្ចព្រមព្រៀងអ្វីមួយនោះឡើយ៕ធ.ដ
-
សហរដ្ឋអាម៉េរិកបន្ទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារលើនាវាពីរគ្រឿង ក្នុងឈូងសមុទ្រអូម៉ង់

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានបន្ទោសរដ្ឋាភិបាលក្រុងតេហេរ៉ង់ ជុំវិញការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ទៅលើនាវាដឹកប្រេងពីរគ្រឿង ដែលបានខូចខ្ទេចខ្ទីនៅក្នុងដែនសមុទ្រយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់។ រដ្ឋមន្រ្តីការបរទេសអាម៉េរិករូបនេះបាននិយាយថា នេះគឺជាការវាយតម្លៃរបស់រដ្ឋាភិបាលអាម៉េរិកដែលថា សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ គឺជាអ្នកទទួលខុសត្រូវចំពោះរឿងដែលបានកើតឡើងនៅក្នុងឈូងសមុទ្រអូម៉ង់។ លោក ប៉ុមប៉េអូ បានបន្ថែមទៀតថា ការវាយតម្លៃនេះ គឺផ្អែកទៅលើភ្នាក់ងារស៊ើបការណ៍សម្ងាត់ ហើយថា ករណីវាយប្រហារនេះ ស្រដៀងគ្នាទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ ទៅលើនាវាដឹកទំនិញ និងផ្អែកទៅលើការពិតដែលថា គ្មានក្រុមណាមួយដែលប្រតិបត្តិការនៅក្នុងតំបន់នេះមានធនធាន និងជំនាញដើម្បីរឿងនេះឡើយ។ គួរបញ្ជាក់ថា នេះគឺជាលើកចុងក្រោយបង្អស់ ក្នុងចំណោមការចោទប្រកាន់ជាច្រើននៅក្នុងតំបន់នេះ ដែលសហរដ្ឋអាម៉េរិកបានចោទប្រកាន់រដ្ឋាភិបាលក្រុងតេហេរ៉ង់ថា ជាអ្នកធ្វើ ប៉ុន្តែនៅមិនទាន់បង្ហាញភ័ស្តុតាងសម្ងាត់អ្វីនៅឡើយទេ៕ធ.ដ
-
ចិនដំឡើងពន្ធលើផលិតផលបំពង់ទីបដែក ដែលនាំចូលពីសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអឺរ៉ុប

ចិន៖ ក្រសួងពាណិជ្ជកម្មចិន នៅក្នុងថ្ងៃសុក្រនេះ បានប្រកាសថា ទីក្រុងប៉េកំាង បានសម្រេចចិត្តបន្តការអនុវត្តការដំឡើងពន្ធលើផលិផលបំពង់ទីបដែក ដែលមានតម្លៃទាបជាងទីផ្សារអន្តរជាតិនាំចូលពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ កន្លងមក ប្រទេសចិនក៏ធ្លាប់បានដំឡើងពន្ធលើបំពង់ទីបដែកនាំចូលពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបចន្លោះពី១៣-១៤,១ភាគរយម្ដងរួចមកហើយ កាលពីឆ្នាំ២០១៤។ ប៉ុន្តែការដំឡើងពន្ធនេះ បានផុតកំណត់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ហើយការបន្តដំឡើងពន្ធថ្មីនេះ ធ្វើឡើងតាមសំណើពីបណ្ដាក្រុមហ៊ុនផលិតបំពង់ទីបដែកចិននៅក្នុងស្រុក។ យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ការដំឡើងពន្ធលើបំពង់ទីបដែក ដែលទីក្រុងប៉េកាំងជឿជាក់ថា មានតម្លៃទាបជាងទីផ្សារអន្តរជាតិ នឹងត្រូវចូលជាធរមាននៅថ្ងៃសុក្រនេះ ជាមួយអាត្រាដំឡើងពន្ធចន្លោះ៥៧,៩ភាគរយ និង១៤៧,៦ភាគរយលើបណ្ដាក្រុមហ៊ុនអាម៉េរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន៕ធ.ដ
-
អ្នកវិទ្យាសាស្ត្រអង់គ្លេសបញ្ជាក់ថា ភពព្រះអង្គារអាចជាជម្រើសតែមួយគត់ សម្រាប់មនុស្សលោកទៅកសាងអនាគតថ្មី

អង់គ្លេស៖ ភពព្រះអង្គារ ឬ Mars ប្រហែលជាជម្រើសតែមួយគត់ សម្រាប់មនុស្សលោកយើង នៅពេលដែលផែនដីលែងអាចរស់នៅបានតទៅទៀត នេះបើតាមការលើកឡើងរបស់អ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេសលោក ប្រ៊ីយ៉ាន ខក់។ លោក ប្រ៊ីយ៉ាន ខក់ ដែលជាសាស្រ្តាចារ្យនៃសកលវិទ្យាល័យមែនឆែសស្ទឺ បានគូសបញ្ជាក់ថា ពុំមានកន្លែងផ្សេងទៀត ដែលមនុស្សអាចធ្វើទៅចាប់ផ្តើមអនាគតថ្មី នៅពេលផែនដីលែងអាចរស់នៅបានទៀត ក្រៅតែពីភពអង្គារឡើយ ហើយថា ប្រសិនបើយើងគិតពីភពដទៃ គឺពុំមានភពណាមួយដែលយើងអាចចុះទៅជាន់បានឡើយ។ សូមបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្រ្តនៅលើផែនដី ដូចជានៅទីភ្នាក់ងារអវកាសអាម៉េរិក NASA ជាដើម កំពុងតែខិតខំប្រឹងប្រែង ដើម្បីបញ្ជូនមនុស្សឲ្យចុះទៅដល់ភពអង្គារជាលើកដំបូង ប៉ុន្តែបញ្ហានៅពេលនេះ គឺអង្គការ NASA កាន់តែខ្វះខាតថវិកាក្នុងការសម្រេចគំរោងថ្មីៗ ខណៈក្រុមហ៊ុនឯកជនអាមេរិកមួយចំនួនដូចជា SpaceX និង Blue Origin ជាដើម បាននិងកំពុងស្ទុះឡើងខ្ពស់លើវិស័យអភិវឌ្ឍន៍ទៅកាន់ទីអវកាស ប៉ុន្តែស្ថិតនៅក្នុងការរកស៊ី ជាជាងការបង្កើតរបកគំហើញនៅទីអវកាសដូចដែល NASA និងអង្គការរដ្ឋផ្សេងៗទៀតធ្លាប់បានធ្វើ៕ធ.ដ
-
អាម៉េរិកសម្លឹងឃើញថៃ គឺជាគោលដៅវិនិយោគ 5G

ក្រសួងពាណិជ្ជកម្មអាម៉េរិក កំពុងសិក្សាពីឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាមានមូលដ្ឋាននៅអាម៉េរិកពង្រីកទំហំវិនិយោគក្នុងផ្នែកទូរគមនាគមន៍ថៃ ជាពិសេស ប្រព័ន្ធអ៊ីនធើណិត 5G នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៤ មិថុនា។ លោក Supot Tiarawut នាយកសមាគមទូរគមនាគមន៍ថៃបាននិយាយថា មន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក និងសហការីបានស្នើដល់សមាគមរបស់លោកផ្តល់ព័ត៌មានបច្ចុប្បន្នភាពលើការអភិវឌ្ឍផ្នែកទូរគមនាគមន៍ និងការត្រៀម 5G ក្នុងប្រទេសថៃ។ ប្រភពថា ក្រសួងពាណិជ្ជកម្មអាម៉េរិក ពិតជាចាប់អារម្មណ៍លើការជំរុញសហគ្រាសវិនិយោគលើបច្ចេកវិទ្យានៅអាម៉េរិកពង្រីកការវិនិយោគ ក្នុងប្រទេសថៃ៕ធ.ដ
-
នាយករដ្ឋមន្ត្រីចិន បង្ហាញឆន្ទៈធ្វើការជាមួយនាយករដ្ឋមន្ត្រីថៃថ្មី

លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង កាលពីពេលថ្មីៗនេះ បានអបអរសាទរលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចំពោះការតែតាំងលោកឡើងវិញធ្វើជានាយករដ្ឋមន្ត្រីប្រទេសថៃ។ នៅក្នុងសារអបអរសាទរ លោកនាយករដ្ឋមន្ត្រីចិន បាននិយាយថា លោកមានឆន្ទៈចូលរួមក្នុងកិច្ចប្រឹងប្រែងជាមួយ លោក ប្រាយុទ្ធ ដើម្បីធ្វើការអភិវឌ្ឍ និងពង្រីកមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ព្រមទាំងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីនាំមកនូវសុខុមាសភាពថែមទៀតដល់ប្រជាជនទាំងពីរ។ លោក លី បាននិយាយថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសថៃបានធ្វើឱ្យ សម្រេចបានយ៉ាងធំធេង ក្នុងការអភិវឌ្ឍនៅក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ដោយសម្តែងនូវជំនឿថា នាយករដ្ឋមន្ត្រី នឹងបន្តដឹកនាំប្រជាជនថៃ ដើម្បីកសាងប្រទេសរបស់ខ្លួន។ លោក លី បាននិយាយថា ចិន និងថៃស្និទ្ធស្នាលនឹងគ្នាដូចជាគ្រួសារមួយ។ ប្រទេសទាំងពីរ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងជាមិត្ត ហើយកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅក្នុងការកសាងរួមគ្នាខ្សែក្រវាត់ និងផ្លូវ បានទទួលនូវលទ្ធផលប្រកបដោយផ្លែផ្លា៕ធ.ដ
-
គណបក្សប្រជាធិបតេយ្យថ្កោលទោសលោក ដូណាល់ ត្រាំ ជុំវិញរឿងបើកចំហ ទទួលយកព័ត៌មានអំពីការបោះឆ្នោតពីមហាអំណាចបរទេស

សហរដ្ឋអាម៉េរិក៖ គណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាម៉េរិក បានបង្ហាញការព្រួយបារម្ភ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មិនខ្វល់នឹងក្ដីបារម្ភនានា ទាក់ទិននឹងរឿងទទួលយកព័ត៌មានពីប្រទេសមហាអំណាចបរទេស អំពីគូប្រជែងនៅក្នុងការបោះឆ្នោតសហរដ្ឋអាម៉េរិក។ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរលោក ដូណាល់ ត្រាំ ថា តើលោកចង់ឲ្យមានការជ្រៀតជ្រែកបែបនេះនៅក្នុងដំណើរការបោះឆ្នោត ឬក៏យ៉ាងណានោះ? លោក ត្រាំ បាននិយាយថា នេះមិនមែនជារឿងជ្រៀតជ្រែកនោះទេ ហើយលោកបានបន្ថែមថា សមាជិកសភាទាំងអស់ គឺស្ដាប់ព័ត៌មានដូច្នេះដែរ។ ឆ្លើយតបការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ខាងលើ លោក Brian Schatz សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Hawaii បានច្រានចោលការអះអាងរបស់លោក ត្រាំ ដោយលោកបានហៅការដែលមានបំណងចង់ស្ដាប់ព័ត៌មានបែបនេះថា ជារឿង «ឆ្កួតលីលា»។ ដោយឡែកបើតាមលោក Chris Coons សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Delaware វិញ គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ គួរតែហ៊ាននិយាយប្រឆាំងនឹងរឿងនេះឲ្យខ្លាំងក្លា ហើយថា ការជ្រៀតជ្រែករបស់បរទេសណាមួយនៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាម៉េរិក គឺមិនអាចទទួលយកបានជាដាច់ខាត៕ធ.ដ