Category: ព័ត៌មានអន្តរជាតិ

  • ឥណ្ឌារងការព្រមានពីសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី

    ឥណ្ឌារងការព្រមានពីសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី

    សហរដ្ឋអាម៉េរិក៖ បើសិនឥណ្ឌា នៅតែប្តេជ្ញាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី នោះអាចនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងទិញសព្វា វុធរវាងឥណ្ឌា និងសហរដ្ឋអាម៉េរិក នេះបើតាមការព្រមានរបស់ក្រសួងការបរទេសអាម៉េរិក។ ច្បាប់មួយហៅកាត់ថា CAATSA ដែលសភាអាម៉េរិកអនុម័តកាលពីឆ្នាំ២០១៧ ផ្តល់សិទ្ធិឲ្យសហរដ្ឋអាម៉េរិក ធ្វើការដាក់ទណ្ឌកម្មជាលក្ខណៈឯកតោភាគីលើប្រទេសទាំងឡាយណា ដែលហ៊ានទិញអាវុធពីរុស្ស៊ី។ ខណៈឥណ្ឌា និងតួកគី កំពុងតែប្រឈមមុខនឹងទណ្ឌកម្ម ហើយសហរដ្ឋអាម៉េរិក ក៏បានប្រើច្បាប់នេះកាលពីខែកញ្ញា ឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មលើចិន ពាក់ព័ន្ធនឹងការទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ីដូចគ្នាផងដែរ។ សូមរំលឹកថា រដ្ឋាភិបាលក្រុងញ៊ូដេលី បានចុះកិច្ចព្រមព្រៀងទំហំ៥,៤៣ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធ S-400 របស់រុស្ស៊ី កាលពីខែតុលា ឆ្នាំ២០១៨ ហើយកាលពីសប្តាហ៍មុននេះ ក្រសួងការបរទេសឥណ្ឌា ទើបតែបានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការតាំងចិត្តមិនបោះចោលកិច្ចព្រមព្រៀងនេះឡើយ បើទោះបីជាត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាម៉េរិក៕ធ.ដ

  • នាយករដ្ឋមន្រ្តីជប៉ុន ជួបពិភាក្សាជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ ផ្តោតសំខាន់លើ ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បច្ចុប្បន្ន

    នាយករដ្ឋមន្រ្តីជប៉ុន ជួបពិភាក្សាជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ ផ្តោតសំខាន់លើ ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បច្ចុប្បន្ន

    អ៊ីរ៉ង់៖ ថ្លែងប្រាប់នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅក្នុងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានបញ្ជាក់ថា នឹងពុំមានកិច្ចចរចាណាមួយកើតមានឡើងជាមួយសហរដ្ឋអាម៉េរិកឡើយ ជុំវិញភាពតានតឹងរវាងប្រទេសទាំងពីរ ហើយថា អ៊ីរ៉ង់ មិនទុកចិត្តសហរដ្ឋអាម៉េរិកឡើយ។ លោក Ayatollah Ali Khamenei បានបន្ថែមទៀតថា អ៊ីរ៉ង់នឹងគ្មានថ្ងៃប្រព្រឹត្តកំហុសច្រំដែលនៃការសុខចិត្តចូលទៅអង្គុយចរចាជាមួយសហរដ្ឋអាម៉េរិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ទៀតនោះទេ។ ទន្ទឹមគ្នានោះ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា ប្រទេសដែលឈ្លាសវៃ និងមានសិទ្ធិសេរីភាព គឺនឹងមិនព្រមទៅចរចាក្រោមការដាក់សម្ពាធដាច់ខាត។ គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ បានធ្វើដំណើរមកដល់រដ្ឋធានីតេហេរ៉ង់ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ជាមួយគោលដៅចង់ជួយបន្ធូរបន្ថយស្ថានការណ៍រវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ខណៈវាគឺជាលើកទីមួយក្នុងអំឡុងពេលប្រមាណជា០៤ទសវត្សរ៍កន្លងមកនេះ ដែលមេដឹកនាំជប៉ុនបានឈានជើងជាន់ទឹកដីប្រទេសអ៊ីរ៉ង់៕ធ.ដ

  • ក្រុមហ៊ុនជាង៦០០របស់សហរដ្ឋអាម៉េរិកជំរុញឱ្យលោក ដូណាល់ ត្រាំ ដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយចិន

    ក្រុមហ៊ុនជាង៦០០របស់សហរដ្ឋអាម៉េរិកជំរុញឱ្យលោក ដូណាល់ ត្រាំ ដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយចិន

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនតូច-ធំប្រមាណជាង៦០០ទៀត បានជំរុញប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងសារលិខិតមួយកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ឲ្យដោះស្រាយវិវាទពាណិជ្ជកម្មជាមួយចិន ដោយបញ្ជាក់ថា ពន្ធគយបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់អាម៉េរិក។ លិខិតនេះ គឺជាលិខិតចុងក្រោយបំផុតក្នុងចំណោមលិខិតជាហូរហែ ដែលត្រូវបានបញ្ជូនទៅរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដោយយុទ្ធនាការឈ្មោះ Tariffs Hurt the Heartland ជាយុទ្ធនាការជាតិប្រឆាំងនឹងពន្ធគយ ដែលគាំទ្រដោយក្រុមហ៊ុនពាណិជ្ជកម្មជាង១៥០ ដែលតំណាងឱ្យវិស័យកសិកម្ម ឧស្សាហកម្មផលិតកម្ម ការលក់រាយ និងបច្ចេកវិទ្យា។ ប៉ុន្តែលិខិតនេះ មានសារសំខាន់ នៅពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិនកាន់តែកើនឡើង និងកើតឡើងមុនលទ្ធភាពនៃជំនួបរវាងលោក ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូល G20 នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនាខាងមុខ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។ សូមបញ្ជាក់ផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកចង់ជួបសមភាគីចិនលោក ស៊ី…

  • ទេសចរអាម៉េរិកស្នាក់នៅសណ្ឋាគារក្នុងប្រទេសថៃច្រើនជាងគេ បើធៀបនឹងទេសចរ អន្តរជាតិផ្សេងៗទៀត

    ទេសចរអាម៉េរិកស្នាក់នៅសណ្ឋាគារក្នុងប្រទេសថៃច្រើនជាងគេ បើធៀបនឹងទេសចរ អន្តរជាតិផ្សេងៗទៀត

    ជនជាតិអាម៉េរិកនៅតែជាអតិថិជនលំដាប់ទីមួយស្នាក់នៅក្នុងសណ្ឋាគារនានា នៅប្រទេសថៃ។ បន្ទាប់មកទៀត រួមមានចិន ជប៉ុន ហុងកុង និងកូរ៉េខាងត្បូង នេះបើតាមការរបាយការណ៍មួយរបស់ក្រុម Expedia Group ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ តម្រូវការស្នាក់នៅក្នុងសណ្ឋាគារក្នុងប្រទេសថៃពីភ្ញៀវជនជាតិអាម៉េរិក ត្រូវបានមើលឃើញថាកើនឡើង២០ភាគរយ ប្រចាំឆ្នាំ។ ជនជាតិឥណ្ឌាទៅស្នាក់នៅក្នុងសណ្ឋាគារលំដាប់ៗចំនួន១០របស់ថៃ ក៏កើនឡើងគួរសមដែរ។ ប្រភពបានឲ្យដឹងផងដែរថា តំបន់ទេសចរសំខាន់ៗពេញនិយមសម្រាប់ភ្ញៀវទេសចររួមាន បាងកក ភូកេត និងប៉ាតាយ៉ា ជាពិសេស ពេញនិយមសម្រាប់ភ្ញៀវទេសចរចិន និងឥណ្ឌា។ ក្រៅពីនេះ ហួរហ៊ីន ភីភី និង កោះ លីពេ ក៏ជាកន្លែងពេញនិយមផងដែរ៕ធ.ដ

  • ប៉ូលិសហុងកុងបាញ់គ្រាប់កាំភ្លើងជ័រ និងគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក បង្ក្រាបបាតុករ

    ប៉ូលិសហុងកុងបាញ់គ្រាប់កាំភ្លើងជ័រ និងគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក បង្ក្រាបបាតុករ

    កាលពីថ្ងៃពុធម្សិលមិញ យ៉ាងតិចណាស់មនុស្ស៧២នាក់ បានរងរបួសក្រោយពេលដែលប៉ូលិសនៅហុងកុង បានបាញ់គ្រាប់កាំភ្លើងជ័រ និងគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក ទៅលើអ្នកតវ៉ារាប់ពាន់នាក់ដែលឡោមព័ទ្ធការិយាល័យកណ្ដាលរដ្ឋាភិបាល និងផ្លូវនៅជុំវិញនោះ។ប៉ូលិសបានឲ្យដឹងថា ប៉ូលិសរហូតដល់៥០០០នាក់ ប្រដាប់ដោយអាវុធបង្ក្រាបបាតុកម្ម ត្រូវបានបញ្ជូនទៅទប់ទល់ជាមួយបាតុករ។ លោកបន្ថែមថា ប៉ូលិសគ្មានជម្រើសណាផ្សេង ក្រៅពីប្រើប្រាស់កម្លាំងដើម្បីបំបែកក្រុមបាតុករនោះទេ ដោយសារពួកគេបានគប់ឆ័ត្រ និងដុំឥដ្ឋមកលើប៉ូលិស។ ចំណែកខាងអាជ្ញាធរមន្ទីរពេទ្យ ឲ្យដឹងកាលពីវេលាម៉ោង១០យប់ថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ៧២នាក់ រងរបួសក្រោយការប៉ះទង្គិចគ្នាកាលពីរសៀលថ្ងៃដដែល។ ក្នុងចំណោមអ្នករងរបួសទាំងអស់ ក្នុងនោះ២នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ ១៩នាក់ទៀតរងរបួសស្រាល ហើយ១០នាក់មិនទាន់ដឹងពីស្ថានភាពហើយ ៤១នាក់ផ្សេងទៀត ត្រូវបានព្យាបាល និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ការតវ៉ានេះត្រូវបានធ្វើឡើងក្រោយពេលដែលមានការស្នើសុំបង្កើតច្បាប់បត្យាប័នថ្មីដែលអនុញ្ញាតឲ្យជនល្មើស ត្រូវបញ្ជូនទៅកាន់ចិនដីគោកដើម្បីកាត់ក្ដី និងដោយសារពួកគេមិនទុកចិត្តលើប្រព័ន្ធច្បាប់របស់ចិនដីគោក៕ម.ន

  • អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ព្រួយបារម្ភអំពីភាពតានតឹង កាន់តែខ្លាំងឡើងជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់

    អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ព្រួយបារម្ភអំពីភាពតានតឹង កាន់តែខ្លាំងឡើងជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់

    អូទ្រីស៖ អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ខ្លួនមានការព្រួយបារម្ភអំពីភាពតានតឹងដែលកំពុងកើនឡើង ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បន្ទាប់ពីទីក្រុង តេហេរ៉ង់ បានអះអាងថា ខ្លួននឹងឈប់អនុវត្តន៍តាមលក្ខខណ្ឌជាច្រើននៃកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥។ ជាមួយគ្នានេះ អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA លោក Yukiya Amano បានថ្លែងនៅក្នុងសុន្ទរកថាបើកជំនួបប្រចាំត្រីមាសនៃក្រុមប្រឹក្សាអភិបាលថា រូបលោកសង្ឃឹមជឿជាក់ថា មធ្យោបាយជាច្រើនអាចត្រូវបានរកឃើញ ដើម្បីកាត់បន្ថយភាពតានតឹងនាពេលបច្ចុប្បន្នតាមរយៈការចរចា។ អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃទី០៨ ខែឧសភាថា ខ្លួនលែងពិចារណាអំពីការកំណត់ព្រំដែននៃរោងចក្រផលិតអាវុធបាញ់ក្នុងទឹកធុនធ្ងន់ និងរោងចក្រចម្រាញ់ជាតិអ៊ុយរ៉ានីញ៉ូម ដែលបានព្រមព្រៀងថា ជាផ្នែកនៃផែនការសកម្មភាពទូលំទូលាយរួម (JCPOA) កាលពីឆ្នាំ ២០១៥។ វិធានការរបស់ប្រទេសអ៊ីរ៉ង់ បានកើតឡើងមួយឆ្នាំ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ ហើយទីក្រុងវ៉ាស៊ីនតោនបានធ្វើការដាក់ទណ្ឌកម្មប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមមួយនេះជាថ្មី៕ធ.ដ

  • នូវែលសេឡង់ គ្រោងដកកងទ័ពចេញពីអ៊ីរ៉ាក់ឲ្យអស់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២០ ខាងមុខនេះ

    នូវែលសេឡង់ គ្រោងដកកងទ័ពចេញពីអ៊ីរ៉ាក់ឲ្យអស់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២០ ខាងមុខនេះ

    នូវែលសេឡង់៖ នូវែលសេឡង់ នឹងចាប់ផ្តើមធ្វើការកាត់បន្ថយបេសកកម្មគ្មានការប្រយុទ្ធរបស់ខ្លួននៅប្រទេសអ៊ីរ៉ាក់នាខែក្រោយនេះ ហើយនាំយកកងកម្លាំងចុងក្រោយរបស់ខ្លួនត្រឡប់ទៅស្រុកកំណើតវិញ នៅត្រឹមពាក់កណ្តាលឆ្នាំ២០២០ខាងមុខ នេះបើតាមនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចាស៊ីនដា អាឌើន។ រដ្ឋាភិបាលនូវែលសេឡង់បានដាក់ពង្រាយកងកម្លាំង ស្តីអំពីបេសកកម្មបណ្តុះបណ្តាល «ទាហានត្រៀមប្រយុទ្ធ» នៅឆ្នាំ២០១៥ ដើម្បីបង្កើនសមត្ថភាពក្រុមកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ (ISF) ដើម្បីប្រយុទ្ធប្រឆំាងជាមួយនឹងក្រុមរដ្ឋអ៊ិស្លាម។ លោកស្រី ចាស៊ីនដា អាឌើន បញ្ជាក់ថា ក្រុមកងកម្លាំងតូចៗនោះ បច្ចុប្បន្នមាន៩៥ នាក់ដែលបានកំពុងធ្វើការជាមួយកងទ័ពអូស្ត្រាលីនៅមូលដ្ឋានយោធាតាជី នៅទីក្រុង បាដដាដ ភាគខាងជើង បានបំពេញបេសកកម្មរបស់ពួកគេ បានយ៉ាងពេញលេញ។ កងកម្លាំងនូវែលសេឡង់ និងអូស្ត្រាលីនៅមូលដ្ឋានយោធាតាជី បានខំប្រឹងធ្វើការងារយ៉ាងសកម្ម មិនមែនគ្រាន់តែផ្តល់ជូនការបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែបានធានាផងដែរថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ISF ត្រូវបានការពារទីតាំងបានយ៉ាងល្អ ដើម្បីធ្វើការប្តេជ្ញាចិត្តគ្រប់គ្រងមូលដ្ឋានយោធាតាជី នៅថ្ងៃអនាគត បន្តទៅទៀត។ បើតាមនាយករដ្ឋមន្ត្រីនូវែលសេឡង់រូបនេះ កងកម្លាំងនូវែលសេឡង់មួយចំនួននៅមូលដ្ឋានយោធាតាជី នឹងធ្លាក់ចុះនៅត្រឹម៧៥នាក់នៅខែក្រោយ បន្ទាប់មក ៤៥នាក់នៅខែ មករា ឆ្នាំ២០២០ខាងមុខ៕ធ.ដ

  • ព្យុះដ៏កំណាច វ៉ាយុ កំពុងសំដៅមកវាយប្រហារប្រទេសឥណ្ឌា ស្របពេលអាជ្ញាធរឥណ្ឌាត្រៀមជម្លៀសខ្លួនប្រជាជនប្រមាណ៣០ម៉ឺននាក់

    ព្យុះដ៏កំណាច វ៉ាយុ កំពុងសំដៅមកវាយប្រហារប្រទេសឥណ្ឌា ស្របពេលអាជ្ញាធរឥណ្ឌាត្រៀមជម្លៀសខ្លួនប្រជាជនប្រមាណ៣០ម៉ឺននាក់

    ឥណ្ឌា៖ ពលរដ្ឋឥណ្ឌារាប់ម៉ឺននាក់ ដែលកំពុងរស់នៅតាមបណ្តាយឆ្នេរសមុទ្រនៃរដ្ឋ ហ្គូចារ៉ាត់ និង ដែនដី ឌុយ ភាគខាងលិចប្រទេសឥណ្ឌា កំពុងរៀបចំជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ក្រោយអាជ្ញាធរប្រកាសឲ្យដឹងថា ព្យុះស៊ីក្លូន វ៉ាយុ មានល្បឿនខ្យល់បោកបក់ពី១៤០-១៥០គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងតែចល័តមកកាន់តំបន់នេះ។ ព្យុះស៊ីក្លូន វ៉ាយុ នេះ ត្រូវបានអាជ្ញាធរឧតុនិយមឥណ្ឌាគណនាថា មានសន្ទុះវាយប្រហារខ្លាំង ហេតុដូច្នេះទើបប្រជាជនដែលងាយរងគ្រោះត្រូវតែភៀសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាពជាបន្ទាន់ ដែលស្ថិតនៅឆ្ងាយពីតំបន់ឆ្នេរសមុទ្រ។ ជាការឆ្លើយតប អាជ្ញាធរឥណ្ឌាប្រចាំរដ្ឋ និងតំបន់ខាងលើនេះ បានត្រៀមជម្រកបណ្តោះអាសន្នប្រមាណ៧០០កន្លែង ដើម្បីទទួលប្រជាជនទាំង៣០ម៉ឺននាក់ រួមជាមួយនឹងក្រុមសង្គ្រោះបន្ទាន់ប្រមាណ៣៩ក្រុមមកពីក្រសួងស្ថាប័ននានា ព្រមទាំងយោធាថែមទៀត៕ធ.ដ

  • ជំងឺគ្រុនផ្តាសាយជ្រូកអាហ៊្វ្រិកឆ្លងរាលដាលលើកដំបូងដល់ទីក្រុងហូជីមីញ របស់ប្រទេសវៀតណាមហើយ

    ជំងឺគ្រុនផ្តាសាយជ្រូកអាហ៊្វ្រិកឆ្លងរាលដាលលើកដំបូងដល់ទីក្រុងហូជីមីញ របស់ប្រទេសវៀតណាមហើយ

    វៀតណាម៖ ទីក្រុងហូជីមីញ ដែលជាទីក្រុងដ៏ធំជាងគេបំផុតរបស់វៀតណាម បានប្រកាសការផ្ទុះជំងឺគ្រុនផ្តាសាយជ្រូកអាហ៊្វ្រិក ឬប៉េស្តជ្រូកអាហ៊្វ្រិកជាលើកដំបូងរបស់ខ្លួន ដែលប្រការនេះមានន័យថា ៥៥ខេត្ត-ក្រុងក្នុងចំណោម៦៣ខេត្ត-ក្រុងរបស់ប្រទេសអាស៊ីមួយនេះ បានឆ្លងជំងឺនេះ។ នាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទក្រុងហូជីមីញ បានប្រកាសថា ជំងឺគ្រុនផ្តាសាយជ្រូកនេះ ត្រូវបានរកឃើញនៅកសិកដ្ឋានមួយ នៅសង្កាត់លេខ៩ នៃទីក្រុងហូជីមីញ។ បន្ទាប់ពីទីក្រុងហូជីមីញឆ្លងជំងឺគ្រុនផ្តាសាយអាហ៊្វ្រិកចំនួនសរុបនៃក្រុង និងខេត្តដែលឆ្លងជំងឺនេះនៅវៀតណាម នៅពេលនេះបានកើនដល់៥៥ខេត្ត-ក្រុងក្នុងចំណោម៦៣ខេត្ត-ក្រុង ដោយរួមទាំងទីក្រុងធំចំនួន៤ផ្សេងទៀតគឺទីក្រុងហាណូយ ទីក្រុងហាយហ្វុង ទីក្រុងកាន់ធឺ និងទីក្រុងដាណាំង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ វៀតណាមបានសម្លាប់ជ្រូកឈឺចោលចំនួន២,៤៥លានក្បាល ខណៈជំងឺគ្រុនផ្តាសាយជ្រូកអាហ៊្វ្រិកមិនមានថ្នាំព្យាបាលនៅឡើយទេ ប៉ុន្តែមិនឆ្លងដល់មនុស្សទេ ។ វាបានឆ្លងចូលប្រទេសវៀតណាមជាលើកដំបូងកាលពីដើមខែកុម្ភៈកន្លងទៅ ក្រោយពីផ្ទុះឡើងសម្លាប់ជ្រូកយ៉ាងរង្គាលនៅប្រទេសចិន៕ធ.ដ

  • ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបានសំបុត្រប្រកបដោយភាពស្និទ្ធសា្នលពីមេដឹកនាំកូរ៉េខាងជើង

    ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបានសំបុត្រប្រកបដោយភាពស្និទ្ធសា្នលពីមេដឹកនាំកូរ៉េខាងជើង

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងអះអាងនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា រូបលោកទទួលបានសំបុត្រមួយច្បាប់ប្រកបដោយស្និទ្ធស្នាលពីសំណាក់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ ប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ខ្លួនលោកផ្ទាល់នៅតែបញ្ជាក់ដដែលពីទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន បើទោះជាទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីល និងរ៉ុក្កែតរយៈចំងាយខ្លីជាច្រើនកាលពីខែឧសភាកន្លងទៅ ។ លោក ត្រាំ បានបន្ថែមថា រូបលោកទទួលបានសំបុត្រមួយច្បាប់ប្រកបដោយភាពស្និទស្នាលមួយច្បាប់ពីលោក គីម កាលពី ថ្ងៃច័ន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយលោកគិតថា អ្វីៗនឹងដំណើរការទៅមុខប្រកបដោយភាពវិជ្ជមាន ។យ៉ាងណាមិញ លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់អ្វីលម្អិតនៅក្នុងសំបុត្រនោះទៀតឡើយ ប៉ុន្តែការកត់សម្គាល់បែបនេះរបស់លោកធ្វើឡើងនាឱកាសខួបមួយឆ្នាំ នៃជំនួបកំពូលជាមួយលោក គីម នៅសិង្ហបុរី កាលពីថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០១៨ ៕