-
សហរដ្ឋអាម៉េរិក កំពុងពិចារណាបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយនាវាដឹកប្រេងជាច្រើនគ្រឿងរងការវាយប្រហារ

សហរដ្ឋអាម៉េរិក៖ ស្ថានីយទូរទស្សន៍ CNN ផ្អែកលើប្រភពពីមន្ត្រីអាម៉េរិក០២រូប ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបានចុះផ្សាយថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ អាចនឹងបើកកិច្ចពិភាក្សាមួយ ពាក់ព័ន្ធនឹងការបញ្ជូនកងទ័ពអាម៉េរិកបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយនាវាដឹកប្រេងពីរគ្រឿងរងការវាយប្រហារនៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍តសប្ដាហ៍មុន។ ប្រភពដដែលបន្តថា បើតាមការរំពឹងទុកនោះ កិច្ចពិភាក្សាខាងលើនឹងត្រូវធ្វើឡើងនៅប៉ុន្មានខាងមុខទៀតនេះ ដោយក្រុមមន្ត្រីទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក ហើយថា ការបញ្ជូនប្រព័ន្ធការពារមីស៊ីលផេតត្រូត យន្ដហោះចម្បាំង និងនាវាចម្បាំងបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា គឺដើម្បីទប់ស្កាត់សកម្មភាពបង្កគ្រោះថ្នាក់ណាមួយរបស់អ៊ីរ៉ង់។ សូមរំលឹកថា សហរដ្ឋអាម៉េរិក កាលពីខែឧសភាកន្លងទៅ ក៏បានប្រកាសពីការសម្រេចចិត្តបញ្ជូនកងទ័ព១,៥០០នាក់ រួមទាំងប្រព័ន្ធមីស៊ីលផេតត្រូត យន្ដហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ បន្ទាប់ពីចោទអ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេង៤គ្រឿង នៅឈូងសមុទ្រនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម៕ធ.ដ
-
ក្រុមហ៊ុន Huawei និង Vodafone សហការគ្នាដាក់ឲ្យដំណើរការប្រព័ន្ធ 5G ជាលើកដំបូងនៅប្រទេសអេស្ប៉ាញ

អេស្ប៉ាញ៖ អេស្ប៉ាញ បានស្ថិតក្នុងចំណោមប្រទេសដំបូងគេនៅអឺរ៉ុប បន្ទាប់ពីអង់គ្លេស ដែលទទួលបាននូវប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ដ៏ទំនើបចុងក្រោយ បន្ទាប់ពីក្រុមហ៊ុន Huawei និង Vodafone បានសម្រេចបញ្ចេញនូវសេវាទូរសព្ទ 5G ជាលើកដំបូងនៅក្នុងប្រទេសអេស្ប៉ាញ។ ប្រព័ន្ធទូរសព្ទ 5G បានចាប់ផ្តើមគ្របដណ្តប់ដំបូងនៅក្នុងទីក្រុងធំៗចំនួន១៥នៅទូទាំងប្រទេសអេស្ប៉ាញ ហើយយ៉ាងហោចណាស់ប្រជាជនក្នុងចំនួនជាងពាក់កណ្តាលនៅក្នុងបណ្តាទីក្រុងខាងលើនេះ នឹងទទួលបាននូវប្រព័ន្ធសេវាអ៊ីនធើណិត ដែលមានល្បឿនលឿនបំផុត ហើយវានឹងបង្កើនទៅមុខទៀតនៅថ្ងៃអនាគត។ ស្របពេលជាមួយគ្នានេះដែរ អតិថិជនដែលប្រើប្រាស់សេវានេះទាំងអស់នៅអេស្ប៉ាញ នឹងទទួលបានបទពិសោធន៍ថ្មីសន្លាង នោះគឺការទាញយកឯកសារក្នុងល្បឿន១ជីហ្គាបៃក្នុងមួយវិនាទី ហើយវានឹងបង្កើនលឿនថែមទៀតដល់២ជីហ្គាបៃក្នុងមួយវិនាទីនៅចុងឆ្នាំ២០១៩ ដូច្នេះវាមានន័យថា សេវា 5G មានលឿនរហ័សជាង 4G រហូតដល់ទៅ១០ដង ហើយវាក៏នឹងជួយបង្កើនប្រសិទ្ធភាពកាន់ខ្ពស់ទៅលើការងារផ្នែកដឹកជញ្ជូន និងវេជ្ជសាស្ត្រជាដើមនាថ្ងៃអនាគត៕ធ.ដ
-
ចំនួនអ្នកស្លាប់កើនដល់៧០នាក់ និងជាច្រើននាក់ទៀតកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដោយសារការវាយប្រហារពីរលកកម្តៅដ៏ខ្លាំងនៅឥណ្ឌា

ឥណ្ឌា៖ បណ្តាទីក្រុងជាច្រើនរបស់ប្រទេសឥណ្ឌា បាននិងកំពុងប្រឈមមុខនូវហានីភ័យនៃរលកកម្តៅដ៏ខ្លាំងកាលពីខែមុន ដែលបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិតកើនដល់៧០នាក់។ យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា បណ្តាទីក្រុងជាច្រើនបានកើនឡើងសីតុណ្ហភាពដល់ទៅ៤៨អង្សាសេ ស្របពេលដែលបណ្តាតំបន់មួយចំនួនផ្សេងទៀតបានកើនឡើងដល់៥១អង្សាសេ។ ទន្ទឹមគ្នានេះ កម្រិតទឹកទន្លេ និងស្ទឹង បឹងបួរជាច្រើនកន្លែងនៅក្នុងប្រទេសឥណ្ឌា ក៏បានស្រកចុះ និងរីងហួតហែងផងដែរ ដែលបណ្តាលឲ្យប្រជាជនជាច្រើនគ្រួសារកំពុងជួបវិបត្តិខ្វះខាតទឹកប្រើប្រាស់។ ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុខាងលើនេះ ក្រុមអ្នកជំនាញមួយចំនួនបានធ្វើការព្រមានផងដែរថា បើសិនសីតុណ្ហភាពនៅតែរក្សាកម្តៅចាប់ពី៤០អង្សាសេទៀតនោះ បណ្តាតំបន់ជាច្រើននៅឥណ្ឌានឹងត្រូវប្រឈមមុខនូវគ្រោះរាំងស្ងួតធ្ងន់៕ធ.ដ
-
លោក ម៉ៃ ប៉ុមប៉េអូ អះអាងថា សហរដ្ឋអាម៉េរិកនឹងធានាដល់ការធ្វើនាវាចរណ៍ តាមច្រកសមុទ្រហូមូស

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យម្សិលមិញថា ការវាយប្រហារដោយអ៊ីរ៉ង់ ទៅលើសេរីភាពនៃការធ្វើនាវាចរណ៍របស់នាវាពាណិជ្ជកម្មកន្លងមកនេះ គឺបង្ហាញយ៉ាងច្បាស់ពីចេតនាមិនអនុញ្ញាតឲ្យមានការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ។ ប្រមុខការទូតកំពូលអាម៉េរិករូបនេះ បានអះអាងថា សហរដ្ឋអាម៉េរិក មិនចង់ធ្វើសង្គ្រាមជាមួយនឹងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ឡើយ ប៉ុន្តែខ្លួននឹងធានាដល់ការធ្វើនាវាចរណ៍តាមច្រកសមុទ្ររហូតដល់ច្រកភ្ជាប់ឈូងសមុទ្រពែក្ស និងឈូងសមុទ្រអូម៉ង់ ដែលជាច្រកសមុទ្រសំខាន់មួយ មាននាវាដឹកប្រេងច្រើនបំផុតធ្វើដំណើរឆ្លងកាត់។ លោក ម៉ៃ ប៉ុមប៉េអូ បានសង្កត់ធ្ងន់ទៀតថា អន្តរាគមន៍យោធានឹងត្រូវដាក់ពង្រាយប្រសិនបើចាំបាច់ ហើយថា សហរដ្ឋអាម៉េរិក នឹងធ្វើឲ្យប្រាកដថា យើងនឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ មិនថាជាការចរចាការទូត ឬតាមវិធីផ្សេងៗទៀត ដើម្បីសម្រេចឲ្យបានលទ្ធផលជោគជ័យ៕ធ.ដ
-
អារ៉ាប៊ីសាអូឌីតរិះគន់អ៊ីរ៉ង់ ចំពោះការវាយប្រហារនាវាដឹកប្រេងពីរគ្រឿង នៅឈូងសមុទ្រអូម៉ង់

អារ៉ាប៊ីសាអូឌីត៖ ព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានធ្វើការរិះគន់អ៊ីរ៉ង់ ជុំវិញការវាយប្រហារនាវាដឹកប្រេងពីរគ្រឿងនៅឈូងសមុទ្រអូម៉ង់ ហើយថែមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិ ប្រកាន់ខ្ជាប់នូវគោលជំហរច្បាស់លាស់ ប៉ុន្តែបានមានព្រះរាជបន្ទូលថា អារ៉ាប៊ីសាអូឌីត មិនចង់ឲ្យមានសង្គ្រាមនៅក្នុងតំបន់នោះទេ។ ព្រះអង្គម្ចាស់ Mohammed bin Salman បានមានបន្ទូលថា រដ្ឋាភិបាលក្រុងអ៊ីរ៉ង់ មិនបានគោរពដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន ទៅកាន់ទីក្រុងតេអេរ៉ង់ឡើយ ហើយនាអំឡុងលោក អាបេ បំពេញទស្សនកិច្ចនៅទីនោះ បែរជាទទួលការឆ្លើយតបចំពោះកិច្ចប្រឹងប្រែងរបស់លោក ដោយការវាយប្រហារនាវាដឹកប្រេងពីរគ្រឿង ដែលមួយគ្រឿងគឺជារបស់ជប៉ុន។ ព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីតរូបនេះ បានមានបន្ទូលទៀតថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មិនចង់ឲ្យមានសង្គ្រាមនៅក្នុងតំបន់ទេ ប៉ុន្តែនឹងមិនស្ទាក់ស្ទើរនោះទេ ដើម្បីធ្វើការដោះស្រាយជាមួយការគំរាមកំហែងណាមួយ ចំពោះប្រជាជន និងអធិបតេយ្យភាព ក៏ដូចជាផលប្រយោជន៍ដ៏សំខាន់របស់ខ្លួន៕ធ.ដ
-
គិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៩នេះ មនុស្សស្លាប់សរុប៣៦នាក់ ដោយសារការ វាយប្រហារពីរលកកម្តៅដ៏ខ្លាំងនៅឥណ្ឌា

ឥណ្ឌា៖ គិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ មានមនុស្សសរុប៣៦នាក់ហើយ បានបាត់បង់ជីវិត ដោយសារការវាយប្រហារពីរលកកម្តៅដ៏ខ្លាំង ដែលបានកើនឡើងរហូតដល់៥០អង្សាសេនៅប្រទេសឥណ្ឌា។ សម្រាប់ឆ្នាំនេះ ការកើនឡើងកម្តៅអាកាសធាតុបានគ្របដណ្តប់លើរដ្ឋជាច្រើន ដែលស្ថិតនៅភាគកណ្តាល និងភាគខាងជើងរបស់ប្រទេសឥណ្ឌា ហើយរដ្ឋដែលរងឥទ្ធិពលខ្លាំងជាងគេ រួមមាន Madhya Pradesh, Maharashtra, Rajasthan និង Uttar Pradesh។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា ការមិនទាន់មកដល់នៃទឹកភ្លៀងរដូវវស្សា នឹងត្រូវបង្ខំឲ្យប្រជាជនឥណ្ឌាស៊ូទ្រាំជាមួយកម្តៅដ៏ខ្លាំងក្លានេះយូរបន្តទៀត ខណៈរលកកម្តៅនៅឥណ្ឌា បានបន្តមានសភាពធ្ងន់ទៅៗ ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយជាលទ្ធផលមនុស្សរាប់ពាន់នាក់មកហើយ បានបាត់បង់ជីវិត ដោយសារស៊ូទ្រាំនឹងសីតុណ្ហភាពមិនបាន៕ធ.ដ
-
សំរាម៥កុងតឺនឺ ត្រូវអាជ្ញាធរឥណ្ឌូណេស៊ីបញ្ជូនត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិកវិញ

ឥណ្ឌូណេស៊ី៖ កុងតឺនឺចំនួន៥គ្រឿង ដែលផ្ទុកដោយសំរាម ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីបញ្ជូនត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិកវិញ ហើយបានអះអាងថា ប្រទេសរបស់ខ្លួនមិនមែនជាទីកន្លែងសម្រាប់ចោលសំរាមនោះទេ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីថ្មីៗនេះ កំពុងត្រួតពិនិត្យលើកុងតឺនឺចំនួន៧គ្រឿងផ្សេងទៀត នៅកំពង់ផែរដ្ឋធានី ហ្សាការតា និងនៅទីក្រុងបាតាំ ស្ថិតនៅកោះស៊ូម៉ាត្រា។ ដោយឡែកកុងតឺនឺទាំង៥ខាងលើ ដែលផ្ទុកទៅដោយក្រដាសអេតចាយនោះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយរបស់ប្រទេសកាណាដា ត្រូវបានដឹកបញ្ជូនមកពីទីក្រុងស៊ីថល សហរដ្ឋអាម៉េរិក ទៅកាន់ទីក្រុងស៊ូរ៉ាបាយ៉ា ជាទីក្រុងធំជាងគេលំដាប់ទី២របស់ឥណ្ឌូណេស៊ី កាលពីចុងខែមីនា កន្លងទៅ ប៉ុន្តែវាមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេ ថាតើសំរាមទាំងនេះមានប្រភពដើមមកពីណា។ ពាក់ព័ន្ធនឹងបញ្ហាសំរាមនេះដែរ អង្គការមូលនិធិធម្មជាតិពិភពលោក (WWF) បានឲ្យដឹងថា ផ្លាស្ទិចប្រមាណ៣០០លានតោនត្រូវបានផលិតជារៀងរាល់ឆ្នាំ។ ភាគច្រើននៃផ្លាស្ទិក ដែលបានផលិតឡើងនោះ ត្រូវបានបញ្ចប់ទៅវិញ ដោយកប់នៅក្នុងដី ឬក៏ត្រូវបានគេបោះចោលក្នុងទឹកសមុទ្រ៕ធ.ដ
-
តួកគី ពន្លិចយន្តហោះខ្នាតធំមួយគ្រឿងទៅក្នុងបាតសមុទ្រ ដើម្បីទាក់ទាញភ្ញៀវ ទេសចរមុជទឹក

តួកគី៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត សម្រាប់ប្រទេសតួកគី ដែលអាជ្ញាធរទេសចរណ៍បានសម្រេចយកយន្តហោះខ្នាតធំមួយគ្រឿង ទៅពន្លិចនៅក្នុងដែនសមុទ្រជាប់ឆ្នេរកម្សាន្តដ៏ល្បីល្បាញ មួយរបស់ខ្លួនមានឈ្មោះថា Aegean Sea ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកកាន់ទីនេះឲ្យកាន់តែច្រើន។ យន្តហោះ A300 Airbus នេះ មានប្រវែង៦៥ម៉ែត្រ ត្រូវបានគេពន្លិចក្នុងជម្រៅ៣០ម៉ែត្រទៅក្នុងទឹកនៃដែនសមុទ្រ Aegean Sea នៅខេត្ត Edirne។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរតួកគីក្នុងតំបន់បានរំពឹងខ្ពស់ថា តំបន់ដែលពន្លិចយន្តហោះខាងលើនេះ នឹងក្លាយជាឋានសួគ៌ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរចូលចិត្តមុជទឹក។ អំឡុងពេលការពន្លិចនោះ ក៏មានទូកទេសចរណ៍ជាច្រើនគ្រឿង ដឹកមនុស្សរាប់រយនាក់បានមកចោមរោម និងអបអរចំណាត់ការថ្មី ដែលមានគោលដៅក្នុងការទាក់ទាញការកម្សាន្តបែបមុជទឹកបាតសមុទ្រនេះផងដែរ។ គួរបញ្ជាក់ថា ការបង្កើតកម្មវិធីប្លែកៗនេះ ក៏ព្រោះតែប្រទេសតួកគី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួបប្រទះនូវបញ្ហាថមថយភ្ញៀវទេសចរ ដែលបានបណ្តាលមកពីបញ្ហាសន្តិសុខ និងការបង្កអំពើភេរវកម្មនានា៕ធ.ដ
-
ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យស៊ើបអង្កេតលើការវាយប្រហារនាវាដឹកប្រេង នៅឈូងសមុទ្រអូម៉ង់

សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានជំរុញឱ្យមានការស៊ើបអង្កេត ដើម្បីរកអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារទៅលើនាវាដឹកប្រេងជាច្រើនគ្រឿងនៅក្នុងឈូងសមុទ្រអូម៉ង់ ដែលបានបង្កឱ្យមានការភ័យខ្លាចសង្គ្រាមកើតឡើង។ សហរដ្ឋអាម៉េរិកនៅក្នុងថ្ងៃសុក្រដដែលនេះ បានបញ្ចេញវីដេអូឃ្លីបមួយដែលខ្លួនអះអាងថា បង្ហាញពីសកម្មភាពកងកម្លាំងពិសេសអ៊ីរ៉ង់ជាច្រើននាក់ កំពុងដោះគ្រាប់មីនមិនទាន់ផ្ទុះចេញពីកប៉ាល់ដឹកប្រេងជប៉ុនមួយគ្រឿង ក្នុងចំណោមកប៉ាល់ដឹកប្រេងទាំង២គ្រឿង ដែលរងការវាយប្រហារ។ ដោយសំអាងលើវីដេអូនេះដែរ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមបេអូ ក៏បានចោទប្រកាន់អ៊ីរ៉ង់ផងដែរថា ជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេងជប៉ុន និងន័រវែស បើទោះជាទីក្រុងតេហេរ៉ង់បដិសេធក៏ដោយ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានធ្វើការស្នើឱ្យមានអង្គភាពឯករាជ្យមួយ ដែលអាចស៊ើបអង្កេត និងបញ្ជាក់ការពិតបាន៕ធ.ដ
-
លោក Joe Biden នាំមុខគេក្នុងយុទ្ធនាការស្វែងរកការតែងតាំងជាបេក្ខជន ប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ

សហរដ្ឋអាម៉េរិក៖ លោក ចូ បៃឌេន កំពុងបន្តនាំមុខគេនៅក្នុងចំណោមបេក្ខជនជាង២០នាក់ដែលកំពុងប្រជែងគ្នា ដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាម៉េរិក។ ការស្ទង់មតិមួយរបស់សកលវិទ្យាល័យ ហ្គីននីភីគ (Quinnipiac) នៅសប្តាហ៍នេះ បង្ហាញថា លោក បៃឌេន មានការគាំទ្រ៣០ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ បន្ទាប់មកគឺលោក ប៊ឺនី សាន់ឌើ ដែលជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ វើម៉ុន ដែលទទួលបានការគាំទ្រពីអ្នកបោះឆ្នោតចំនួន១៩ភាគរយ និងបន្ទាប់មកគឺលោកស្រី អេលីហ្សាប៊េដ វ៉ារិន សមាជិកព្រឹទ្ធសភាមកពីរដ្ឋ ម៉ាសាជូសេដ ដែលមានការគាំទ្រចំនួន១៥ភាគរយ។ គួរបញ្ជាក់ថា ក្នុងការធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅរដ្ឋ ឡូវ៉ា នៅសប្តាហ៍នេះ លោក បៃឌេន បានបន្តផ្តោតលើប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដោយរិះគន់ថា លោក ត្រាំ នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីបំភ័យអ្នកបោះឆ្នោត និងធ្វើឲ្យមានការស្អប់គ្នា។ ចំណែកឯលោក ដូណាល់ ត្រាំ ក៏ផ្តោតទៅលើលោក ចូ បៃឌេន ដូចគ្នាដែរ ដោយលោក ត្រាំ…