-
ប្រធានាធិបតីអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងមិនស្វែងរកការធ្វើសង្គ្រាមប្រឆាំងប្រទេសណាមួយឡើយ

អ៊ីរ៉ង់៖ អ៊ីរ៉ង់ នឹងមិនស្វះស្វែងរកការធ្វើសង្គ្រាមប្រឆាំងប្រទេសណាមួយឡើយ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហាន់នី នៅក្នុងថ្ងៃ អង្គារ៍សប្តាហ៍នេះ មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសដាក់ពង្រាយកងទ័ពបន្ថែម១,០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលមានភាពតានតឹងខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។ ថ្លែងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងទំាងអស់របស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងរបស់យើងជាមួយពិភពលោក និងមានគោលបំណងចង់ឱ្យអ៊ីរ៉ង់នៅដាច់ដោយឡែកពីគេក៏ដោយ ក៏ពួកគេ (សហរដ្ឋអាម៉េរិក) មិនទទួលបានជោគជ័យនោះដែរ។ គួរបញ្ជាក់ថា ការព្រួយបារម្ភខ្លាំងនៃការប្រឈមមុខដាក់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងកាន់តែខ្លាំង ចាប់តាំងពីមានករណីវាយប្រហារចុងក្រោយលើនាវាដឹកប្រេង២គ្រឿងនៅឯឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ខណៈទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា ជាអ្នកស្ថិតនៅពីក្រោយហេតុការណ៍វាយប្រហារនេះ ក៏ប៉ុន្តែអ៊ីរ៉ង់បានចេញមុខទាត់ចោលការពាក់ព័ន្ធនឹងរឿងខាងលើ៕ធ.ដ
-
នាយករដ្ឋមន្ត្រីថៃប្រកាសថា គណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវសម្រេចចុងខែនេះ

នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូឆា បាននិយាយកាលពីម្សិលមិញថា លោកនឹងបញ្ចប់ដំណើរការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅចុងខែមិថុនា ប៉ុន្តែមិនទាន់ដឹងថា លោកនឹងយកតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ឬយ៉ាងណា។ លោកថា ក្រុមជំនាញកំពុងពិនិត្យមើលឈ្មោះដែលស្នើឡើងដោយបណ្តាគណបក្សក្នុងសម្ព័ន្ធរបស់លោក ប្រាយុទ្ធ ថាតើមន្ត្រីទាំងនោះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងជួរគណៈរដ្ឋមន្ត្រីថ្មីឬយ៉ាងណា។ ការថ្លែងរបស់លោក ប្រាយុទ្ធ អំពីគណៈរដ្ឋមន្ត្រីថ្មីនេះ បានកើតមានឡើង ក្នុងពេលមានជម្លោះខ្លះៗ ក្នុងសម្ព័ន្ធគណបក្ស។ លោក ប្រាយុទ្ធ គ្រោងនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយយោធា ពោលគឺចង់សំដៅលើរបបយោធា ឬក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ ដើម្បីត្រួសត្រាយផ្លូវបង្កើតគណៈរដ្ឋមន្ត្រីថ្មី ក្រោយការបោះឆ្នោតជាតិ៕ធ.ដ
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកស្តីទីសម្រេចចិត្តលាលែងពីតំណែង ស្របពេលមាន ភាពតានតឹងខ្លាំងជាមួយអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកស្ដីទី លោក ផាទី្រក សាណាហាន នៅទីបំផុតបានសម្រេចចិត្តលាលែងចេញពីតំណែងហើយ នៅក្នុងថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងមានភាពតានតឹងកាន់តែខ្លាំងជាមួយទីក្រុងតេហេរ៉ង់។ លោក ផាទ្រីក សាណាហាន មានអាយុ៥៦ឆ្នាំ បានឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាម៉េរិកស្ដីទីជំនួសលោក ចែម ម៉ាត់ទីស ដែលត្រូវលោក ត្រាំ ដកចេញពីតំណែងកាលពីពាក់កណ្ដាលឆ្នាំ២០១៧ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក លោក ម៉ាក អេស្ពឺ នឹងឡើងមកជំនួសតំណែងលោក សាណាហាន។ ទន្ទឹមនឹងការសម្រេចចិត្តខាងលើ ប្រមុខការពារជាតិអាម៉េរិកស្តីទីរូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា រូបលោកក៏បានដកខ្លួនចេញពីការតែងតាំងជារដ្ឋមន្ត្រីការពារជាតិអាម៉េរិកពេញសិទ្ធិផងដែរ ដើម្បីចំណាយពេលវេលាឱ្យបានកាន់តែច្រើនជាមួយគ្រួសារ។ ជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានទទួលលិខិតលាលែងរបស់លោក ផាទ្រីក សាណាហាន ហើយលោក ត្រាំ បាននិយាយថា លោកមិនបានសុំឱ្យគាត់លាលែងពីតំណែងនោះទេ ហើយនេះជាការសម្រេចចិត្តរបស់គាត់ផ្ទាល់៕ធ.ដ
-
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្នើឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ ពាក់ព័ន្ធនឹងការស្លាប់របស់អតីតប្រធានាធិបតីអេហ្ស៊ីប

ស្វីស៖ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានធ្វើការអំពាវនាវនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីស្វែងរកមូលហេតុនៃការស្លាប់របស់អតីតប្រធានាធិបតីអេហ្ស៊ីប លោក ម៉ូហាម៉េដ ម៉ូហ្ស៊ី។ លោក ម៉ូហាម៉េដ ម៊ូហ្ស៊ី បានទទួលមរណភាពកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងវ័យ៦៧ឆ្នាំ បន្ទាប់ពីដួលសន្លប់នៅក្នុងបន្ទប់សវនាការនៃតុលាការទីក្រុងគែរ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីប លោក ម៉ូហ្ស៊ី បានទទួលមរណភាពដោយសារតែជំងឺគាំងបេះដូង។ យ៉ាងណាមិញ ក្រុមគ្រួសាររបស់លោក និងក្រុមសកម្មជនការពារសិទ្ធិមនុស្សមួយចំនួន បានស្នើឲ្យមានការស៊ើបអង្កេត ដើម្បីបញ្ជាក់ថា លោក ម៉ូហ្ស៊ី មិនបានទទួលការព្យាបាលត្រឹមត្រូវនោះទេ ចំពោះបញ្ហាសុខភាពដូចជា ជំងឺសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹកនោមផ្អែមជាដើម។ សូមរំលឹកឡើងវិញថា លោក ម៉ូហាម៉េដ ម៊ូហ្ស៊ី បានជាប់ឆ្នោតជាប្រធានាធិបតីអេហ្ស៊ីនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០១២ ប៉ុន្តែកាន់អំណាចបានត្រឹមតែមួយឆ្នាំ លោកត្រូវបានគេទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធានៅឆ្នាំ២០១៣៕ធ.ដ
-
អនុប្រមុខការបរទេសរុស្ស៊ីអះអាងថា រុស្ស៊ីប្រុងប្រៀបខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបទៅនឹងសកម្មភាពបង្កហេតុរបស់សហរដ្ឋអាម៉េរិក

រុស្ស៊ី៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ រីយ៉ាកូវ បានថ្លែងអះអាងថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីឆ្លើយតបទៅនឹងរាល់ការប៉ុនប៉ងវាយប្រហារពីសំណាក់សហរដ្ឋអាម៉េរិក។ អនុប្រមុខការបរទេសរុស្ស៊ីរូបនេះ បានថ្លែងនៅចំពោះមុខសភាជាន់ទាបថា យោធារុស្ស៊ីកំពុងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយ ក្នុងគោលដៅបង្កើនសមត្ថភាពទប់ទល់នឹងមីស៊ីលសហរដ្ឋអាម៉េរិក ហើយថា ប៉ុន្តែទីក្រុងម៉ូស្គូ នឹងមិនដាក់ពង្រាយមីស៊ីលរបស់ខ្លួននៅទីតាំងណាមួយឡើយ រហូតទាល់តែទីក្រុងវ៉ាស៊ីនតោនធ្វើរឿងបែបនេះមុន។ ការកត់សម្គាល់បែបនេះរបស់លោក សឺហ្គៃ រីយ៉ាកូវ បានកើតមានឡើងបន្ទាប់ពីមន្ត្រីសភាជាន់ខ្ពស់រុស្ស៊ីម្នាក់ បានឱ្យដឹងថា ទីក្រុងម៉ូស្គូ នឹងបង្កើនវត្តមានយោធានៅតាមតំបន់ព្រំដែនភាគខាងលិចនៃប្រទេស ជាការឆ្លើយទៅនឹងសហរដ្ឋអាម៉េរិក ដែលប្រកាសបញ្ជូនកងទ័ពបន្ថែមមកកាន់ប្រទេសប៉ូឡូញ ៕ធ.ដ
-
មនុស្សរងរបួសកើនដល់២១នាក់ ដោយសារការវាយប្រហារពីគ្រោះរញ្ជួយដីដ៏កក្រើក នៅប្រទេសជប៉ុន

ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្ស២១នាក់បានរងរបួស ដោយសារការវាយប្រហារពីគ្រោះរញ្ជួយដ៏កក្រើកក្នុងកម្រិត៦.៨រ៉ិកទ័រ ដែលបានវាយសង្គ្រប់លើតំបន់ដែនកោះ យ៉ាម៉ាហ្គាតា នេះបើតាមប្រភពរបស់សារព័ត៌មានជប៉ុន NHK។ បើតាមស្ថានទូតជប៉ុន នៅវេលាម៉ោងប្រមាណ១០៖២២នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ មានគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់រហូតដល់៦,៨រ៉ិកទ័រ បានចាប់ផ្តើមនៅខេត្ត យ៉ាម៉ាហ្គាតា។ អាជ្ញាធរជប៉ុន បានប្រកាសថា គ្រោះរញ្ជួយដីដ៏កក្រើក អាចបង្កឲ្យមានរលកយក្សស៊ូណាមិនៅតាមតំបន់ឆ្នេរនៃខេត្ត Yamagata, Niigata និង Ishikawa ថែមទៀតផង។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ដោយផ្អែកលើទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាម៉េរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតខ្ពស់នេះ បានវាយប្រហារលើទីប្រជុំកោះ Honshu របស់ប្រទេសជប៉ុន។ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាម៉េរិក បានគូសបញ្ជាក់ទៀតថា គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី១៦,១គីឡូម៉ែត្រ ខណៈទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រកាសពីភាពអាសន្ននៃរលកយក្សស៊ូណាមិ ដែលមានកម្ពស់ពី០.២ រហូតដល់១ម៉ែត្រនៅតាមតំបន់ឆ្នេរនៃទីប្រជុំកោះ Honshu ៕ធ.ដ
-
លោក ផាទ្រីក ហ្សាណាហាន៖ សហរដ្ឋអាម៉េរិកនឹងបញ្ជូនកងកម្លាំង១,០០០នាក់ទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅចំពោះមុខការគំរាមកំហែងពីអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកស្តីទី លោក ផាទ្រីក ហ្សាណាហាន បានប្រកាសនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះថា ប្រទេសរបស់លោកនឹងបញ្ជូនកងទ័ពបន្ថែម១,០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារផលប្រយោជន៍អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពីការគំរាមកំហែងណាមួយដោយអ៊ីរ៉ង់។ ប្រមុខការពារជាតិអាម៉េរិកស្តីទីរូបនេះ បានសង្កត់ធ្ងន់ថា ការបញ្ជូនកងទ័ពនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយាប្រកបដោយភាពគ្រោះថ្នាក់របស់អ៊ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង០២គ្រឿងរងការវាយប្រហារនៅឯឈូងសមុទ្រអូម៉ង់ កាលពីសប្ដាហ៍មុន។ ការសម្រេចចិត្តនេះទៀតសោត បានកើតមានឡើង ក្រោយទីក្រុងតេហរ៉ង់បានប្រកាសថា នឹងបង្កើនការចម្រាញ់ ក៏ដូចជាស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញនៅថ្ងៃទី២៧ ខែមិថុនាខាងមុខនេះ៕ធ.ដ
-
ប្រមុខការទូតសហរដ្ឋអាម៉េរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់ទីបញ្ជាការកណ្តាល ស្របពេលមានភាពតានតឹងខ្លំាងនៅតំបន់មជ្ឈិមបូព៌ា

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីបញ្ជាការកណ្តាលអាម៉េរិក (USCENTCOM) នៅក្នុងរដ្ឋហ្លូរីដា នាថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោកស្រី ម័រហ្គេន អត់តាហ្គូស បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនាថ្ងៃចន្ទដើមសប្តាហ៍នេះថា លោក ប៉ុម ប៉េអូ គ្រោងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលខាងលើ និងទីបញ្ជាការប្រតិបត្តិការពិសេសអាម៉េរិកនៅតំបន់ Tampa រដ្ឋហ្លូរីដា ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៅទីនោះ ដោយផ្តោតសំខាន់លើបញ្ហាសន្តិសុខក្នុងតំបន់ និងប្រតិបត្តិការដែលកំពុងប្រព្រឹត្តទៅ។ គួរបញ្ជាក់ថា ការប្រកាសពីដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាម៉េរិករូបនេះ បានកើតមានឡើងស្របពេលមានភាពតានតឹងខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសបន្ទាប់ពីនាវាដឹកប្រេង២គ្រឿង ទទួលរងការវាយប្រហារនៅតំបន់ឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា កន្លងមកនេះ៕ធ.ដ
-
លោក ត្រាំ អះអាងថា ខ្លួននាំមុខគេក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិក ឆ្នាំ២០២០

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា រូបលោកកំពុងតែនាំមុខបេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលកំពុងតែព្យាយាមយកឈ្នះរូបលោក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកឆ្នាំ២០២០ខាងមុខនេះ។ លោកបានបង្ហោះសារលើបណ្តាញសង្គម Twitter ថា មានតែការស្ទង់មតិក្លែងក្លាយប៉ុណ្ណោះដែលបង្ហាញថា យើងទទួលបានការគាំទ្រទាបជាងសមាជិកខាងគណបក្សប្រជាធិបតេយ្យ។ លោកបន្តថា យើងមានការគាំទ្រយ៉ាងច្រើន ប៉ុន្តែឥឡូវនេះ វាលឿនពេកហើយ ក្នុងការផ្ដោតទៅលើរឿងនេះ ហើយថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ត្រូវធ្វើឲ្យអាម៉េរិកអស្ចារ្យឡើងវិញ។ គណនីព័ត៌មាននានានៅក្នុងសហរដ្ឋអាម៉េរិកបានឲ្យដឹងថា លោក ដូណាល់ ត្រាំ មិនសប្បាយចិត្ត ដែលមានការបែកធ្លាយលទ្ធផលស្ទង់មតិពីក្រុមការងាររៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។ លទ្ធផលស្ទង់មតិនោះបង្ហាញថា លោក ដូណាល់ ត្រាំ បានចាញ់លោក ចូ បៃឌេន នៅក្នុងរដ្ឋសំខាន់ៗមួយចំនួន ដែលទំនងជានឹងសំខាន់សម្រាប់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ៕ធ.ដ
-
បណ្តាប្រទេសនៅតំបន់អាស៊ីកំពុងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ៊្វ្រិក

ចិន៖ សត្វជ្រូករាប់លានក្បាល ត្រូវបានគេសម្លាប់ចោលនៅក្នុងប្រទេសចិន កម្ពុជា និងវៀតណាម ក្នុងគោលបំណងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជាមួយការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ៊្វ្រិក ដែលត្រូវបានគេស្គាល់ថា ជា «ជ្រូកអ៊ីបូឡា»។ ជំងឺប៉េស្តជ្រូកអាហ៊្វ្រិកត្រូវបានរកឃើញនៅក្នុងប្រទេសចិនកាលពីខែសីហា ដែលនាំឲ្យជ្រូកជាង១,២លានក្បាលត្រូវបានងាប់។ ចំណែកឯនៅវៀតណាម ករណីជំងឺប៉េស្តជ្រូកអាហ៊្វ្រិកដំបូងត្រូវបានរកឃើញកាលពីខែមករាឆ្នាំនេះ នៅភាគខាងជើងប្រទេសវៀតណាម ដែលជាតំបន់នៅមិនឆ្ងាយពីព្រំដែនជាមួយចិនប៉ុន្មានទេ។ ដោយសារតែគ្មានថ្នាំសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ៊្វ្រិកនេះ គឺមានជម្រើសតែមួយគត់ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ គឺសម្លាប់សត្វជ្រូកណាដែលគេសង្ស័យថា មានផ្ទុកជំងឺប៉េស្តជ្រូកអាហ៊្វ្រិក៕ធ.ដ