Category: ព័ត៌មានអន្តរជាតិ

  • រដ្ឋាភិបាល និងគណបក្សប្រឆាំងវេណេស៊ុយអេឡា កំពុងត្រៀមចរចាគ្នាឲ្យបានសម្រេចនៅចុងឆ្នាំ២០១៩ខាងមុខ

    រដ្ឋាភិបាល និងគណបក្សប្រឆាំងវេណេស៊ុយអេឡា កំពុងត្រៀមចរចាគ្នាឲ្យបានសម្រេចនៅចុងឆ្នាំ២០១៩ខាងមុខ

    វេណេស៊ុយអេឡា៖ រដ្ឋាភិបាលវេណេស៊ុយអេឡា នឹងអាចឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រុមបក្សប្រឆាំងនៅចុងឆ្នាំ២០១៩នេះ ដើម្បីបញ្ចប់វិបត្តិនយោបាយដ៏អាក្រក់ ដែលបានផ្ទុះឡើងកាលពីដើមឆ្នាំ នេះបើតាមការអះអាងរបស់ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ។ ថ្លែងនៅក្នុងសន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាក់ថា លោកប្រាកដក្នុងចិត្តថា មិនហួសពីឆ្នាំ២០១៩នេះឡើយ ពួកយើងនឹងអាចសម្រេចបានកិច្ចព្រមព្រៀងយ៉ាងប្រសើរមួយ ដោយឈរលើការយោគយល់ អធ្យាស្រ័យ សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រទេសវេណេស៊ុយអេឡា ។ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលលោកនៅតែត្រៀមខ្លួនជានិច្ច ដើម្បីបន្តចរចាគ្នាដោយសន្តិវិធីជាមួយបក្សប្រឆាំង ដែលនឹងធ្វើឡើងនៅប្រទេសន័រវែស ។ សូមរំលឹកថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលវេណេស៊ុយអេឡា និងក្រុមបក្សប្រឆាំងបានជជែកគ្នាជាច្រើនលើករួចមកហើយ ក្រោមការសម្របសម្រួលពីន័រវែសនៅឯទីក្រុង អូស្លូ ប៉ុន្តែមិនទាន់សម្រេចបានកិច្ចព្រមព្រៀងនៅឡើយ ខណៈស្ថានការណ៍នៅវេណេស៊ុយអេឡាហាក់មានសភាពស្ងប់ស្ងាត់បន្តិច ៕ធ.ដ

  • ចិនអំពាវនាវឲ្យសហរដ្ឋអាម៉េរិកបន្ធូរបន្ថយទណ្ឌកម្មខ្លះៗលើកូរ៉េខាងជើង

    ចិនអំពាវនាវឲ្យសហរដ្ឋអាម៉េរិកបន្ធូរបន្ថយទណ្ឌកម្មខ្លះៗលើកូរ៉េខាងជើង

    ចិន៖ ក្នុងអំឡុងជំនួបទ្វេភាគីនៅកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុនកាលពីសប្តាហ៍មុននេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានស្នើឲ្យសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ ដកទណ្ឌកម្មខ្លះៗចេញពីប្រទេសកូរ៉េខាងជើង។ ដោយឡែករដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នាថ្ងៃអង្គារសប្តាហ៍នេះ បានប្រាប់អ្នកសារព័ត៌មានថា នាឱកាសជួបមុខគ្នានៅ G20 លោក ស៊ី បានជំរុញឲ្យសហរដ្ឋអាម៉េរិកបង្ហាញភាពបត់បែនខ្លះៗចំពោះបញ្ហាកូរ៉េខាងជើង រួមមានការបន្ធូរបន្ថយទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង និងការព្យាយាមរកដំណោះស្រាយសម្រាប់ក្តីកង្វល់របស់ភាគីទាំងពីរ តាមរយៈកិច្ចចរចា។សូមរំលឹកថា ក្រោយចូលរួមកិច្ចប្រជុំ G20 និងជួបលោក ស៊ី ហើយនៅជប៉ុន លោក ត្រាំ ក៏បានទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង ហើយស្កាត់ជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅព្រំដែនអន្តរកូរ៉េថែមទៀត។ តាមរយៈជំនួបនេះ លោក ត្រាំ និង លោក គីម ព្រមឯកភាពគ្នាបន្តកិច្ចចរចាកម្រិតការងារ ស្តីពីបញ្ហារំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងឡើងវិញ ខណៈចិនក៏បានចេញមុខស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះដំណើរការវិវឌ្ឍនេះដែរ៕ម.ន

  • សហរដ្ឋអាម៉េរិកគ្រោងយកពន្ធលើទំនិញអឺរ៉ុប ដែលគិតជាទឹកប្រាក់ជិត៤ពាន់លានដុល្លារ

    សហរដ្ឋអាម៉េរិកគ្រោងយកពន្ធលើទំនិញអឺរ៉ុប ដែលគិតជាទឹកប្រាក់ជិត៤ពាន់លានដុល្លារ

    សហរដ្ឋអាម៉េរិក៖ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) បានចេញផ្សាយនូវបញ្ជីឈ្មោះផលិតផលជាច្រើនរបស់សហភាពអឺរ៉ុប ដែលអាចនឹងជាប់កាតព្វកិច្ចពន្ធសហរដ្ឋអាម៉េរិក ដោយសារតែជម្លោះរវាងក្រុមហ៊ុន ប៊ូអ៊ីង និងក្រុមហ៊ុន អ៊ែរប៊ស់។ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) បានបញ្ជាក់ថា ការជួយទំនុកបម្រុងរបស់សហភាពអឺរ៉ុបដល់ក្រុមហ៊ុន អ៊ែរប៊ស់ បានធ្វើឱ្យសហរដ្ឋអាម៉េរិកខាតបង់សេដ្ឋកិច្ចប្រចាំឆ្នាំ១១ពាន់លានដុល្លារ ខណៈអង្គការពាណិជ្ជកម្មពិភពលោក WTO កំពុងស៊ើបអង្កេតលើបញ្ហា ថាតើសហភាពអឺរ៉ុបពិតជារំលោភលើច្បាប់ពាណិជ្ជកម្មអន្តរជាតិដែរ ឬទេ? ហើយជាមួយគ្នានេះ ខាងក្រុមហ៊ុនអ៊ែរប៊ស់ក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា លួចជួយក្រុមហ៊ុន ប៊ូអ៊ីង ដូចគ្នាផងដែរ។គួរបញ្ជាក់ថា ផលិតផលនៅក្នុងបញ្ជីឈ្មោះរបស់សហភាពអឺរ៉ុបខាងលើ មានតម្លៃជិត៤ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងផលិតផលតដូចជា ផ្លែបឺរី សាច់ ឈីស ប្រេងអូលីវ ប៉ាស្ដា ស្រាវីស្គី និងលោហៈ ដែលគិតជាសរុបមានប្រហែល៨៩មុខ។ ការចេញផ្សាយបញ្ជីនេះដែរ ក៏បានបូកបន្ថែមថ្មីមួយទៅក្នុងបញ្ជីផលិតផលមានតម្លៃ២១ពាន់លានដុល្លារ ដែលសហរដ្ឋអាម៉េរិកបានប្រកាសយកពន្ធកាលពីខែមេសាកន្លងទៅ៕ម.ន

  • ទីក្រុងប៉េកាំង ថ្កោលទោសការធ្វើបាតុកម្មសម្រុកចូលក្នុងអគារសភាហុងកុង នៅថ្ងៃខួបទី២២នៃការបង្រួបបង្រួមទឹកដីហុងកុងជាមួយនឹងប្រទេសចិន

    ទីក្រុងប៉េកាំង ថ្កោលទោសការធ្វើបាតុកម្មសម្រុកចូលក្នុងអគារសភាហុងកុង នៅថ្ងៃខួបទី២២នៃការបង្រួបបង្រួមទឹកដីហុងកុងជាមួយនឹងប្រទេសចិន

    ចិន៖ ចិនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសបាតុកម្មហិង្សានៅក្នុងទីក្រុងហុងកុង ខណៈក្រុមបាតុកររាប់ពាន់នាក់បានយកថ្ងៃខួបទី២២ នៃការបង្រួបបង្រួមទឹកដីហុងកុងជាមួយនឹងប្រទេសចិន ដើម្បីសម្រុកចូលទៅក្នុងអគាររដ្ឋសភាទីក្រុងហុងកុង។ ពេលក្រុមបាតុករទាំងនោះចូលទៅក្នុងអាគារ ពួកគេបានស្រែកនៅតាមច្រកនានា បាញ់ថ្នាំទៅលើជញ្ជាំង និងគូររូបគំនូរប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ ការសម្រុកចូលទៅក្នុងអគារនេះត្រូវបានបញ្ចប់ បន្ទាប់ពីក្រុមប៉ូលិសបង្ក្រាបកុបកម្មបានមកដល់កន្លែងកើតហេតុ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករ។ បាតុកម្មនេះបានធ្វើឡើងជាន់គ្នាជាមួយនឹងថ្ងៃខួបទី២២ នៃការប្រគល់ទឹកដីហុងកុងឲ្យទៅប្រទេសចិនវិញ ក៏ដូចជាការប្រឆាំងទៅនឹងច្បាប់បត្យាប័នដ៏ចម្រូងចម្រាសមួយ ដែលអនុញ្ញាតឲ្យបញ្ជូនឧក្រិដ្ឋជនទៅប្រទេសចិនផងដែរ។ក្តីបារម្ភកំពុងកើនឡើងកាន់តែខ្លាំងនៅក្នុងទីក្រុងហុងកុង ពាក់ព័ន្ធទៅនឹងការបាត់បង់ស្វ័យភាពរបស់ខ្លួនទៅឲ្យប្រទេសចិននៅឆ្នាំ២០៤៧ ដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងប្រគល់ទឹកដីហុងកុងទៅឲ្យប្រទេសចិនវិញ ដែលត្រូវបានធ្វើឡើងជាមួយនឹងប្រទេសអង់គ្លេស ដែលបានដាក់អាណានិគមលើទឹកដីហុងកុងនៅពេលនោះ៕ម.ន

  • វៀតណាមសម្លាប់សត្វជ្រូកជិត៣លានក្បាល ស្របពេលជំងឺប៉េស្តជ្រូកអាហ៊្វ្រិក នៅតែបន្តរីករាលដាលធ្ងន់

    វៀតណាមសម្លាប់សត្វជ្រូកជិត៣លានក្បាល ស្របពេលជំងឺប៉េស្តជ្រូកអាហ៊្វ្រិក នៅតែបន្តរីករាលដាលធ្ងន់

    វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាមបានរាយការណ៍ថា ជំងឺប៉េស្តជ្រូកអាហ៊្វ្រិកហៅកាត់ថា ASF បានវាយលុកស្ទើរគ្រប់ខេត្តក្រុងទាំងអស់នៅទូទាំងប្រទេស ក្នុងគ្រាដែលសត្វជ្រូកជាង២,៨៤លានក្បាល ឬស្មើនឹង១០,៣ភាគរយនៃចំនួនសត្វជ្រូកទាំងអស់នៅក្នុងប្រទេស ត្រូវអាជ្ញាធរយកទៅសម្លាប់ចោល ដើម្បីបង្ការការឆ្លងរាលដាល។ ប្រភពខាងលើបានឱ្យដឹងទៀតថា ដោយសារតែការខ្វះខាតសាច់ជ្រូក ដែលនឹងកើតឡើងដោយជៀសមិនផុតក្នុងឆ្នាំនេះ ពីព្រោះតែជំងឺប៉េស្តជ្រូកអាហ៊្វ្រិកនោះ ប្រទេសវៀតណាមនឹងផ្តោតទៅបង្កើនការចិញ្ចឹមគោ មាន់ ទា និងបង្កាត់ពូជត្រីវិញ ដើម្បីត្រៀមទប់ទល់នឹងបញ្ហាដ៏តានតឹងមួយនេះ។សូមបញ្ជាក់ផងដែរថា ជំងឺបេស្តជ្រូកអាហ៊្វ្រិក ASF មិនប៉ះពាល់ដល់សុខភាពមនុស្សយើងទេ ប៉ុន្តែវាបង្កគ្រោះថ្នាក់ខ្លាំងក្នុងចំណោមសត្វជ្រូកដែលអាចឆ្លងរាលដាល តាមរយៈសត្វជ្រូកងាប់ ឬនៅរស់ ឬក៏ផលិតផលសាច់ជ្រូក។ បច្ចុប្បន្នខេត្តក្រុងទាំងជាង៦០របស់វៀតណាម ស្ទើរតែផ្ទុះជំងឺដ៏កាចសាហាវនេះទាំងអស់ទៅហើយ ក្នុងនោះរួមទាំងរដ្ឋធានីហាណូយផងដែរ៕ម.ន

  • ដូណាល់ ត្រាំ៖ ចិនត្រូវតែគិតប្រយោជន៍សហរដ្ឋអាម៉េរិកធំជាងបន្តិច សម្រាប់ការចរចា ពាណិជ្ជកម្ម

    ដូណាល់ ត្រាំ៖ ចិនត្រូវតែគិតប្រយោជន៍សហរដ្ឋអាម៉េរិកធំជាងបន្តិច សម្រាប់ការចរចា ពាណិជ្ជកម្ម

    សហរដ្ឋអាម៉េរិក៖ កិច្ចចរចាពាណិជ្ជកម្មជាមួយចិនបានចាប់ផ្តើមឡើងវិញជាបណ្តើរៗហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនចង់បានកិច្ចព្រមព្រៀងដែលពុំអាចស្មើគ្នាឡើយ គឺត្រូវតែល្អៀងមកខាងសហរដ្ឋអាម៉េរិកបន្តិច។ នេះបើតាមការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ លោក ដូណាល់ ត្រាំ បានកត់សម្គាល់បែបនេះ បន្ទាប់ពីអំឡុងជំនួបក្នុងកិច្ចប្រជុំ G20 នៅជប៉ុន កាលពីចុងសប្តាហ៍មុន លោក ត្រាំ និងលោក ស៊ី បានយល់ព្រមចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មឡើងវិញ និងដកបម្រាមខ្លះចេញពីក្រុមហ៊ុនចិនហូវៃ ក៏ដូចជាលុបចោលការយកពន្ធបន្ថែម៣០០ពាន់លានដុល្លារលើទំនិញនំាចូលពីចិនផងដែរ។ ប្រធានាធិបតីអាម៉េរិករូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ក្រុមអ្នកចរចារបស់អាម៉េរិក និងចិន បានចាប់ផ្តើមជជែកគ្នាតាមទូរសព្ទ ហើយក៏មានការជួបមុខគ្នាផ្ទាល់ផងដែរ ហើយថា ចិនបានកេងចំណេញលើអាម៉េរិកក្នុងវិស័យពាណិជ្ជកម្មជាយូរឆ្នាំមកហើយ ដូច្នេះប្រទេសទាំងពីរមិនអាចសម្រេចកិច្ចព្រមព្រៀង ដែលស្មើភាពទាំងស្រុងលក្ខណៈ៥០ទល់នឹង៥០បាននោះទេ ពោលគឺកិច្ចព្រមព្រៀងនោះ ត្រូវតែមានលក្ខណៈទេរមករកផលប្រយោជន៍របស់អាម៉េរិកបន្តិច៕ធ.ដ

  • នាយករដ្ឋមន្រ្តីចិន៖ ទីក្រុងប៉េកាំង នឹងលុបចោលការដាក់កំហិតមួយចំនួនលើការវិនិយោគ ពីបរទេសនៅឆ្នាំ២០២០

    នាយករដ្ឋមន្រ្តីចិន៖ ទីក្រុងប៉េកាំង នឹងលុបចោលការដាក់កំហិតមួយចំនួនលើការវិនិយោគ ពីបរទេសនៅឆ្នាំ២០២០

    ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងលុបចោលការដាក់កំហិតលើភាពជាម្ចាស់កម្មសិទ្ធិមូលបត្រ សម្រាប់អ្នកវិនិយោគបរទេសនៅឆ្នាំ២០២០ខាងមុខ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង នៅថ្ងៃអង្គារនេះ។ ថ្លែងនៅក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាលៀន ភាគឦសានប្រទេស នាយករដ្ឋមន្ត្រីចិនរូបនេះបានថ្លែងថា រដ្ឋាភិបាលនឹងជួយជំរុញកំណើនវិស័យផលិតកម្ម ក្នុងនោះរួមមានទាំងឧស្សាហកម្មរថយន្ដ ព្រមទាំងបន្ធូរបន្ថយផងដែរនូវការដាក់កំហិតមួយចំនួនធំ សម្រាប់វិស័យជាច្រើនទៀតនាពេលអនាគត ដើម្បីកាត់បន្ថយភាពអវិជ្ជមានក្នុងការវិនិយោគរបស់បរទេសនៅចិន។ ទន្ទឹមគ្នានេះ លោក លី ខឺជំាង ក៏បានលើកឡើងផងដែរ អំពីការធ្វើសកម្មភាពលើកកម្ពស់ទៅលើវិស័យនាំចូល និងសេវាកម្ម ខណៈចិនបានកំណត់គោលដៅសម្រេចឲ្យបាននូវកំណើនផលិតផលសម្រេចក្នុងស្រុកសរុប GDP ក្នុងរង្វង់៦ទៅ៦,៥ភាគរយសម្រាប់ឆ្នាំ២០១៩នេះ ដោយចិននៅតែជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដទៃទៀត ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅលើពិភពលោក៕ធ.ដ

  • កូរ៉េខាងជើងហៅជំនួបរវាងលោក ត្រាំ និងលោក គីម ថាជាការបង្កើតប្រវត្តិសាស្រ្ត និងជារឿងដ៏អស្ចារ្យ

    កូរ៉េខាងជើងហៅជំនួបរវាងលោក ត្រាំ និងលោក គីម ថាជាការបង្កើតប្រវត្តិសាស្រ្ត និងជារឿងដ៏អស្ចារ្យ

    កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅថ្ងៃចន្ទម្សិលមិញ បានរៀបរាប់អំពីជំនួបឥតព្រាងទុកកាលពីចុងសប្តាហ៍មុននេះ រវាងមេដឹកនាំកំពូលរបស់ខ្លួន ជាមួយនឹងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅតំបន់គ្មានយោធាអន្តរកូរ៉េ (DMZ) ថា ជាការបង្កើតប្រវត្តិសាស្រ្ត និងជារឿងដ៏អស្ចារ្យ ។  នាឱកាសនោះដែរ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបន្ត និងជំរុញកិច្ចចរចាគ្នាឡើងវិញ ប្រកបដោយផលិតភាព ដើម្បីបង្កើតនូវរបកគំឃើញថ្មីមួយនៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។ សូមជម្រាបថា លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាម៉េរិកកំពុងកាន់តំណែងដំបូងគេបង្អស់ ដែលបានឈានជើងជាន់ទឹកដីប្រទេសកូរ៉េខាងជើង ក្រោយពេលជួបជាមួយលោក គីម ជុងអ៊ុន នៅតំបន់គ្មានយោធារវាងប្រទេសកូរ៉េទាំងពីរ ខណៈជំនួបនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលលោក ត្រាំ ចាកចេញពីកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន៕ធ.ដ

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងបារាំង ធ្វើកិច្ចពិភាក្សាតាមទូរសព្ទស្តីពីបញ្ហាអ៊ីរ៉ង់ និងកូរ៉េខាងជើង

    ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងបារាំង ធ្វើកិច្ចពិភាក្សាតាមទូរសព្ទស្តីពីបញ្ហាអ៊ីរ៉ង់ និងកូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងសមភាគីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរសព្ទដោយផ្តោតសំខាន់លើការព្រួយបារម្ភអំពីប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង នេះបើតាមសេតវិមាន។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន មេដឹកនាំប្រទេសទាំងពីរបានធ្វើការផ្លាស់យោបល់គ្នា ជុំវិញការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកើនឡើងលើសចំនួនដែលបានកំណត់ ដោយរំលោភបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយនឹងជំនួបឥតព្រាងទុករវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ខណៈខាងសេតវិមានមិនបានបញ្ជាក់លម្អិតពាក់ព័ន្ធនឹងជំនួបនេះទេ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង ត្រូវបានគេរាយការណ៍ថា រូបបាននឹងកំពុងខិតខំព្យាយាមបញ្ចុះបញ្ចូលសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ ដើម្បីបើកកិច្ចចរចាឡើងវិញជាមួយប្រទេសអ៊ីរ៉ង់៕ធ.ដ

  • លោក ត្រាំ៖ អ៊ីរ៉ង់កំពុងលេងជាមួយភ្លើង ក្រោយប្រកាសចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមឡើងវិញ

    លោក ត្រាំ៖ អ៊ីរ៉ង់កំពុងលេងជាមួយភ្លើង ក្រោយប្រកាសចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមឡើងវិញ

    សហរដ្ឋអាម៉េរិក៖ អ៊ីរ៉ង់កំពុងលេងជាមួយភ្លើងហើយ បន្ទាប់ពីប្រកាសបង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ដោយរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នេះបើតាមការអះអាងរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្តាហ៍នេះ។ លោក ដូណាល់ ត្រាំ បានកត់សម្គាល់បែបនេះ ក្រោយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ចាហ្វាដ ហ្សារីហ្វ បានទទួលស្គាល់ថា ប្រទេសខ្លួនបានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ តាមរយៈការបង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពី៣០០គីឡូក្រាម។ ការសម្រេចចិត្តនេះដែរ ធ្វើឡើងជាការឆ្លើយតបទៅនឹងសហរដ្ឋអាម៉េរិក ដែលទើបតែប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ និងមន្ត្រីជានខ្ពស់ជាច្រើននាក់ទៀត។ ជុំវិញបញ្ហាខាងលើនេះ សេតវិមានបានបញ្ជាក់ថា នឹងបន្តដាក់សម្ពាធជាអតិបរាមាលើប្រទេសអ៊ីរ៉ង់ រហូតដល់ទីក្រុតេហេរ៉ង់ផ្លាស់ប្ដូរផ្លូវដែលខ្លួនកំពុងដើរបច្ចុប្បន្ន ហើយអនុវត្តឡើងវិញនូវការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមក្រោមស្ដង់ដារអន្តរជាតិ៕ធ.ដ