-
អង្គការ NASA ប្រកាសបើកទទួលទេសចរឲ្យឡើងទៅស្ថានីយអវកាសអន្តរជាតិ ISS

សហរដ្ឋអាម៉េរិក៖ អង្គការ NASA ផ្ទាល់ បានបញ្ជាក់ថា ខ្លួននឹងផ្តល់សេវាធ្វើដំណើរលក្ខណៈឯកជនចំនួន០២លើក ឡើងទៅកាន់ស្ថានីយ ISS ក្នុងមួយឆ្នាំ ដោយមួយលើកៗមានរយៈពេល៣០ថ្ងៃ ហើយបេសកកម្មលើកដំបូង អាចនឹងលេចរូបរាងឡើងឆាប់បំផុត នៅអំឡុងដើមឆ្នាំ២០២០ខាងមុខនេះ ។ បើតាមទីភ្នាក់ងារអវកាសអាម៉េរិកនេះ ភ្ញៀវទេសចរដែលចង់ឡើងទៅស្ថានីយ ISS ជាដំបូងបំផុតត្រូវបង់ថ្លៃសំបុត្រទៅមក ដែលមានតម្លៃរហូតដល់៥៨លានដុល្លារ ហើយសម្រាប់ការស្នាក់អំឡុងពេល៣០ថ្ងៃនោះវិញ គឺត្រូវចំណាយប្រហែល៣៥,០០០ដុល្លារថែមទៀតក្នុងមួយយប់ៗ ។ ហើយដើម្បីនាំយកទេសចរឡើងទៅស្ថានីយអន្តរជាតិ ISS អង្គការ NASA នឹងប្រើប្រាស់យានអវកាស ដែលអភិវឌ្ឍន៍នៅក្រោមកម្មវិធី Commercial Crew Program របស់ខ្លួន ដែលក្នុងនោះរួមមានប្រព័ន្ធរ៉ុក្កែត និងយានធ្វើដំណើរ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន Boeing និង SpaceX ។ សូមរំលឹកថា ប្រទេសរុស្ស៊ីកន្លងទៅក៏ធ្លាប់បាននាំយកភ្ញៀវទេសចរឡើងទៅកាន់ ស្ថានីយ ISS ផងដែរ ជាមួយតម្លៃសំបុត្រខ្ពស់កប់ពពកដូចគ្នា ៕ធ.ដ
-
សហរដ្ឋអាម៉េរិក គ្រោងដំឡើងពន្ធនំាចូលទំនិញម៉ិកស៊ិក៥ភាគរយ ដើម្បីឆ្លើយតបនឹងការបរាជ័យក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងចេញសេចក្តីអាសន្នថ្នាក់ជាតិថ្មីមួយ ដើម្បីយកលេសដំឡើងពន្ធ០៥ភាគរយ លើផលិតផលនាំចូលពីម៉ិកស៊ិក។ នេះបើតាមសារព័ត៌មាន The Hill នៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ ដោយផ្អែកលើសេចក្ដីព្រាងប្រកាសភាពអាសន្នថ្មីមួយ ដែលខ្លួនទទួលបានថ្មីៗបំផុត។ គម្រោងប្រកាសភាពអាសន្នថ្មីនេះ ធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលម៉ិកស៊ិក សម្រាប់ការបរាជ័យក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ ចូលមកក្នុងទឹកដីសហរដ្ឋអាម៉េរិកដោយឆ្លងកាត់ព្រំដែនម៉ិកស៊ិក។បើតាមសារព័ត៌មានដដែលនេះ គម្រោងប្រកាសភាពអាសន្នខាងលើ អាចនឹងត្រូវធ្វើឡើងជាការបន្ថែមលើភាពអាសន្នដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញកាលពីខែកុម្ភៈកន្លងទៅ ស្ថិតក្នុងគោលបំណងសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក៕ម.ន
-
សហរដ្ឋអាម៉េរិក សម្រេចលែងទទួលយកអាកាសយានិកតួកគីចូលហ្វឹកហ្វឺន ជំនាញបើកយន្តហោះ F-35 ដោយសារតែការទិញប្រព័ន្ធមីស៊ីលរបស់រុស្ស៊ី

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក សម្រេចលែងអនុញ្ញាតឲ្យអាកាសយានិកមកពីតួកគីចូលហ្វឹកហ្វឺនជំនាញបើកយន្តហោះ F-35 ដោយសំអាងថា វានឹងអាចបង្កការគំរាមកំហែងដល់យន្តហោះចម្បាំងប្រភេទបំបាំងកាយនេះ។ បើតាមមន្រ្តីអាម៉េរិកក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ បណ្តាពីឡុតដែលត្រូវបានព្រមព្រៀងទទួលយករួចទៅហើយនោះ គឺអាចបន្តចូលហ្វឹកហ្វឺនបានរហូតបញ្ចប់វគ្គហ្វឹកហ្វឺន ហើយថា ការសម្រេចចិត្តជាថ្មីទៀតអាចនឹងធ្វើឡើង ដរាបមានការផ្លាស់ប្តូរជំហរឡើងវិញពីសំណាក់រដ្ឋាភិបាលទីក្រុងអង់ការ៉ា។រហូតមកទល់ពេលនេះ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ព័ត៌មានខាងលើ នៅមិនទាន់ឃើញមានប្រតិកម្មណាមួយពីសំណាក់ប្រទេសតួកគីនៅឡើយទេ៕ម.ន
-
ប្រធានាធិបតីរុស្ស៊ីព្រមានថា ការអន្តរាគមន៍យោធារបស់សហរដ្ឋអាម៉េរិក នៅវេណេស៊ុយអេឡា នឹងបង្កគ្រោះមហន្តរាយធ្ងន់

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានព្រមាននៅក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា ការអន្តរាគមន៍យោធាពីសំណាក់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសវេណេស៊ុយអេឡា នឹងបង្កជាគ្រោះមហន្តរាយធ្ងន់មួយ ហើយថា សូម្បីតែសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនផ្ទាល់ ក៏មិនគំាទ្រសកម្មភាពបែបនេះដែរ។ថ្លែងនៅឯវេទិការសេដ្ឋកិច្ចមួយក្នុងទីក្រុង St. Petersburg លោក ពូទីន ថែមទាំងបានបញ្ជាក់ដែរថា ក្រុមអ្នកឯកបច្ចេកទេសរបស់រុស្ស៊ី នឹងនៅតែបន្តឈរជើងនៅវេណេស៊ុយអេឡា ដើម្បីបម្រើការផ្នែកព័ត៌មានវិទ្យាដល់យោធារុស្ស៊ី ជាផ្នែកមួយដែលលោក ពូទីន និយាយថា ពួកគេត្រូវមានកាតព្វកិច្ចតាមសន្យា។ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ទីក្រុងម៉ូស្គូ មិនបានបង្កើតមូលដ្ឋានយោធាពិសេសណាមួយ នៅក្នុងទឹកដីប្រទេសវេណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួននោះទេ៕ម.ន
-
លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីត្រៀមខ្លួនរួចស្រេចហើយ ក្នុងការដើរចេញពី សន្ធិសញ្ញានុយក្លេអ៊ែរនានាជាមួយសហរដ្ឋអាម៉េរិក

រុស្ស៊ី៖ ទីក្រុងម៉ូស្គូ ត្រៀមខ្លួនជាស្រេចហើយ ដើម្បីដើរចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរនានាជាមួយទីក្រុងវ៉ាស៊ីនតោន និងបានព្រមានអំពីសេចក្តីវិនាសអន្តរាយជាសកល បើសិនសហរដ្ឋអាម៉េរិកនៅតែបន្តបំផ្លិចបំផ្លាញកិច្ចព្រមព្រៀងអន្តរជាតិទាំងនេះ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានព្រមានដែរថា តាមរយៈការបណ្តោយឲ្យបាត់បង់សន្ធិសញ្ញានុយក្លេអ៊ែរដ៏ចាំបាច់ទាំងនេះ ការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនឹងលេចរូបរាងឡើងវិញ ហើយវានឹងអាចបង្កឲ្យមានសេចក្តីវិនាសអន្តរាយយ៉ាងធ្ងន់ចំពោះពិភពលោកទាំងមូល។សូមរំលឹកថា សន្ធិសញ្ញា New START ដែលជំនួសសន្ធិសញ្ញាចាស់ START I បង្កើតឡើងកាលពីឆ្នាំ១៩៩៤ និងបានផុតសុពលភាពឆ្នាំ២០០៤ ត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា និងលោក Dmitry Medvedev ដែលកាលនោះជា ប្រធានាធិបតីរុស្ស៊ី នៅឯទីក្រុង Prague ប្រទេសឆែក កាលពីឆ្នាំ២០១០ ហើយសន្ធិសញ្ញានេះ នឹងត្រូវអស់សុពលភាពនៅក្នុងឆ្នាំ២០២១។ សន្ធិសញ្ញា New START និងសន្ធិសញ្ញាមួយទៀតហៅថា INF គឺជាកិច្ចព្រមព្រៀងដ៏សំខាន់ ក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ៕ម.ន
-
រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅប្រទេសថៃ

រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងបំពេញដំណើរទស្សនកិច្ចការងារ មកកាន់ទីក្រុងបាងកក ប្រទេសថៃ នៅខែកក្កដា ២០១៩ខាងមុខនេះ នេះបើតាមមន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Straitstimes នាថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ។ លោក Mark Clark មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ទទួលបន្ទុកកិច្ចការតំបន់អាស៊ានថា លោក លោក ម៉ៃ ប៉ុមប៉េអូ នឹងមកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ាន នៅថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី៣ ខែសីហា នៅប្រទេសថៃ។ បន្ថែមពីលើនេះ ប្រមុខកាទូតអាម៉េរិករូបនេះ ក៏នឹងត្រូវដឹកនាំកិច្ចប្រជុំគំនិតផ្ដួចផ្ដើមតំបន់ទន្លេមេគង្គក្រោម (Lower Mekong Initiative) ផងដែរ៕ធ.ដ
-
នាយករដ្ឋមន្ត្រីវៀតណាមអបអរសាទរលោក ប្រាយុទ្ធ ចាន់អូចា ដែលបន្តធ្វើជានាយករដ្ឋមន្ត្រីថៃ

នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក កាលពីម្សិលមិញ បានផ្ញើសារអបអរសាទរ លោក ប្រាយុទ្ធ ចាន់អូចា ដែលត្រូវរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យបន្តធ្វើជានាយករដ្ឋមន្ត្រី ប្រទេសថៃ ក្រោយការបោះឆ្នោត។ ក្នុងសារអបអរសាទរ លោកនាយករដ្ឋមន្ត្រីវៀតណាម សូមសម្តែងនូវការជឿជាក់ថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នឹងចូលរួមចំណែកកាន់តែធំធេង ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ប្រែក្លាយថៃទៅរកសន្តិភាព និងអភិវឌ្ឍន៍ ជួយបង្កើនការរីកចម្រើនក្នុងសហគមន៍អាស៊ាន តំបន់ និងពិភពលោក។ លោក ង្វៀន បញ្ជាក់ថា លោកនឹងបន្តធ្វើការជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ កាន់តែល្អប្រសើរ។ សូមរម្លឹកថា កាលពីថ្ងៃពុធសប្តាហ៍នេះ សមាជិកសភា និងព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រឲ្យលោក ប្រាយុទ្ធ ចាន់អូចា ក្លាយជានាយករដ្ឋមន្ត្រីទី២៩ នៃប្រទេសថៃ។ លោក ប្រាយុទ្ធ ត្រូវបន្តធ្វើជានាយករដ្ឋមន្ត្រីស៊ីវិលក្នុងអាណត្តិ៥ឆ្នាំទៀត ពោលគឺចាប់តាំងពីកើតមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ ដែលនាំឲ្យលោកធ្វើជានាយករដ្ឋមន្ត្រី ក្នុងរបបសឹក រហូតទាល់តែមានាករបោះឆ្នោតជាតិ នៅឆ្នាំ២០១៩នេះ៕ធ.ដ…
-
លោក ប្រាយុទ្ធ ចាន់អូចា អរគុណសមាជិកសភាដែលបោះឆ្នោតគាំទ្រលោក បន្តធ្វើជានាយករដ្ឋមន្ត្រីថៃ

ថៃ៖ សភាទាំងពីររបស់ថៃនៅយប់ថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានបោះឆ្នោតគាំទ្រដោយសំឡេងលើសលប់គាំទ្រលោក ប្រាយុទ្ធ ចាន់អូចា បន្តកាន់តំណែងនាយករដ្ឋមន្ត្រីថៃ។ លោក ប្រាយុទ្ធ ចាន់អូចា នឹងអង្គុយកៅអីដដែល តែក្រោមឈ្មោះរដ្ឋាភិបាលស៊ីវិល កើតចេញពីការបោះឆ្នោតវិញម្ដង ហើយជាមួយគ្នានេះ លោក ប្រាយុទ្ធ បានអរគុណសមាជិកសភាដែលបានបោះឆ្នោតជូនរូបលោក ហើយសន្យាថា នឹងបន្តដឹកនាំប្រទេសឲ្យបានល្អបំផុត។ លោកត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីទី២៩ របស់ថៃ ដោយសំឡេងគាំទ្រចំនួន៥០០ ពីសមាជិកសភាទាំងពីរ ដែលមានចំនួនសរុប៧៥០សំឡេង ។ ៥០០សំឡេងនេះ បានពីសមាជិករដ្ឋសភាចំនួន២៥១ និងព្រឹទ្ធសភាចំនួន២៤៩ ដោយលោក ប្រាយុទ្ធ បានផ្ដួលគូប្រជែងមកពីសម្ព័ន្ធភាពប្រឆាំងរបបយោធា ថាណាថន ជូអាងគ្រុន រូអាងគីត ដែលទទួលបានការគាំទ្រចំនួន២៤៤ សំឡេងដែលជាសមាជិករដ្ឋសភាទាំងអស់៕ម.ន
-
ឥណ្ឌាប្តេជ្ញារក្សាកិច្ចសន្យាទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី បើទោះជា ត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

ឥណ្ឌា៖ ប្រទេសឥណ្ឌានឹងនៅតែរក្សាកិច្ចសន្យាបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសS-400របស់រុស្ស៊ី បើទោះបីជាមានការគំរាមដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិកក៏ដោយ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា នៅក្នុងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ។បើតាមអ្នកនាំពាក្យក្រសួងការបរទេស ពួកយើងមានកិច្ចសន្យាដែលត្រូវបានចុះហត្ថលេខាត្រឹមត្រូវ ហើយដូចដែលអ្នកទាំងអស់គ្នាបានដឹង គឺនីតិវិធីផ្សេងៗកំពុងតែត្រូវរៀបចំឡើង ដើម្បីអនុវត្តន៍កិច្ចសន្យានេះ ហើយថា យើងក៏បានទាក់ទងជាមួយសហរដ្ឋអាម៉េរិក ជុំវិញបញ្ហាទណ្ឌកម្មផងដែរ។សូមជម្រាបថា ឥណ្ឌាបានចុះកិច្ចសន្យាទំហំ៥.៤៣ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ ក្នុងនោះ ប្រព័ន្ធមីស៊ីល S-400 មួយក្រុមដំបូង នឹងត្រូវប្រគល់មកដល់ដៃឥណ្ឌានៅខែតុលា ឆ្នាំ២០២០ ហើយសល់ប៉ុន្មានទៀតគឺប្រគល់នៅឆ្នាំ២០២៣ខាងមុខ៕ម.ន
-
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា សង្គ្រាមពាណិជ្ជកម្មរវាង សហរដ្ឋអាម៉េរិក និងចិន ទំនងជាកាត់បន្ថយការរីកលូតលាស់ដល់សេដ្ឋកិច្ចពិភពលោក

បរទេស៖ ការគំរាមកំហែងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដើម្បីយកពន្ធគយពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសចិន នឹងធ្វើឲ្យផលិតផលសរុបក្នុងស្រុក (GDP) រួញតូច០,០០៥ នេះបើតាមការបញ្ជាក់របស់លោកស្រី គ្រីសស្ទីន ឡាហ្គាដ នាយិការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។លោកស្រី ឡាហ្គាដ បានបញ្ជាក់ក្នុងការកត់សម្គាល់ខ្លីមួយសម្រាប់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬ G-20 ថា ចំនួននេះធ្វើឲ្យមានការខាតបង់ប្រហែល៤រយ៥៥ពាន់លានដុល្លារ ដែលមានទំហំធំជាងសេដ្ឋកិច្ចរបស់ប្រទេសអាហ៊្វ្រិកខាងត្បូង។ ទន្ទឹមគ្នានោះដែរ នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រូបនេះ ថែមទាំងបានជំរុញឲ្យរដ្ឋាភិបាលអនុវត្តន៍គោលនយោបាយ ដែលគាំទ្រការរីកលូតលាស់សេដ្ឋកិច្ច ដើម្បីបញ្ចៀសការធ្លាក់ចុះសេដ្ឋកិច្ចសកលលោក ហើយថា អ្នកតាក់តែងគោលនយោបាយត្រូវតែធ្វើឲ្យបានច្រើនឡើងថែមទៀត រួមទាំងការប្រើគោលនយោបាយរូបិយវត្ថុធម្មតា និងមិនធម្មតា និងការជំរុញសេដ្ឋកិច្ច៕ម.ន