-
រដ្ឋសភាថៃគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា បន្តធ្វើជានាយករដ្ឋមន្ត្រី

ថៃ៖ រដ្ឋសភារបស់ថៃបានសម្រេចបោះឆ្នោតផ្តល់ការគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា បន្តធ្វើជានាយករដ្ឋមន្ត្រី ខណៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ ត្រូវបានធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានសំឡេងគាំទ្រពីសមាជិកសភាចំនួន៥០០សំឡេងពីសមាជិកសរុប៧៥០សំឡេង ខណៈដៃគូប្រជែងតំណែងនាយករដ្ឋមន្ត្រីរបស់លោក គឺលោក Thanathorn Juangroongruangkit ប្រធានគណបក្សអនាគតឆ្ពោះទៅមុខ ទទួលបានសំឡេងគាំទ្រត្រឹមតែ២៤៤ប៉ុណ្ណោះ។ ប្រភពដដែលបានឱ្យដឹងទៀតថា លោក ប្រាយុទ្ធ ត្រូវបានរំពឹងថា នឹងចូលដឹកនាំរាជរដ្ឋាភិបាលថៃអាណត្តិថ្មីនៅចុងខែមិថុនានេះ។ សូមរំលឹកថា លោក ប្រាយុទ្ធ ចាន់អូចា បានឡើងមកដឹកនាំប្រទេសថៃដោយការប្រើអំណាចយោធាកាលពីឆ្នាំ២០១៤ នៅចំពេលប្រទេសមានជម្លោះនយោបាយ ប៉ុន្តែកាលពីខែមីនាកន្លងទៅនេះ លោក ប្រាយុទ្ធ បានព្រមព្រៀងឱ្យមានការរៀប ចំបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី៕ធ.ដ
-
ថៃចាប់ផ្តើមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅក្នុងការបោះឆ្នោតក្នុងសភា ខណៈលោក ប្រាយុទ្ធ ត្រូវរំពឹងខ្ពស់នឹងទទួលបានជ័យជម្នះ

ថៃ៖ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា និងអ្នកនយោបាយប្រឆាំងយោធាលោក ថាណាថន ចាងរឿងគិតចាគិត នឹងប្រជែងគ្នាសម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃក្នុងការបោះឆ្នោតក្នុងសភានៅក្នុងថ្ងៃពុធនេះ បន្ទាប់ពីក្រុមប្រឆាំងរបបសឹកបានសម្រេចជាចុងក្រោយថា ប្រធានបក្សធំបំផុតលំដាប់ទី៣នេះ សមស្របសម្រាប់ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ទោះជាតុលាការធម្មនុញ្ញបានព្យួរការងារសភារបស់លោកក្តី។ សម្រាប់ប្លុកប្រឆាំងយោធា មានបេក្ខជន៣រូបទៀតមកពីគណបក្សភឿថៃ តែលោក ថាណាថន មកពីគណបក្សអនាគតឆ្ពោះទៅមុខ ដែលទើបបង្កើតថ្មី តែទាក់ទាញការចាប់អារម្មណ៍ខ្លាំងទទួលបានការគាំទ្រជាងគេ។ ជាមួយគ្នានេះ គណបក្សភឿថៃមិនសង្ឃឹមថា នឹងទទួលបានការគាំទ្រពីសមាជិកសភាមកពីក្រៅប្លុករបស់ខ្លួនទេ តែដោយសារចង់បំពេញការសន្យាថា នឹងរារាំងក្រុមយោធាកុំឲ្យបន្តកាន់អំណាចតទៅទៀតនោះ ខ្លួនក៏គាំទ្រលោក ថាណាថន ដែលជាប្រធានគណបក្សដៃគូ ជាបេក្ខជនប្រជែងជាមួយលោក ប្រាយុទ្ធ ទៅ តែវាក៏បណ្តាលឲ្យសមាជិកបក្សភឿថៃមួយចំនួនមិនសប្បាយចិត្តផងដែរ។ យ៉ាងណាមិញ លោក ប្រាយុទ្ធ ចាន់អូចា ដែលកំពុងស្ថិតក្នុងតំណែងនាយករដ្ឋមន្ត្រីថៃស្រាប់ ត្រូវបានគេរំពឹងថា នឹងបន្តតំណែងនាយករដ្ឋមន្ត្រីដដែល បន្ទាប់ពីប្លុកយោធាធានាបានសមាជិកសភាភាគច្រើន២៥៤ រួមមានសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងភូមចៃថៃ៕ធ.ដ
-
ប្រធានាធិបតីតួកគី សន្យារក្សាកិច្ចព្រមព្រៀងបញ្ជាទិញប្រព័ន្ធ S-400 ជាមួយរុស្ស៊ី បើទោះជាប្រឈមមុខនឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃអង្គារនេះ បានអះអាងសាជាថ្មីម្តងទៀត អំពីការសម្រេចចិត្តរបស់លោក ក្នុងការបញ្ជាទិញប្រព័ន្ធការពារមីស៊ីល S-400 ដែលផលិតនៅប្រទេសរុស្ស៊ី បើទោះបីជាមានការគំរាមកំហែងដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិកក្តី។ តួកគី និងរុស្ស៊ី មានកិច្ចព្រមព្រៀងត្រឹមត្រូវជាមួយគ្នា ហើយតួកគី ក៏មានការប្តេជ្ញារបស់ខ្លួនដែរ ដូច្នេះតួកគី នឹងមិនបោះជំហានថយក្រោយ ចេញពីកិច្ចព្រមព្រៀងនេះជាដាច់ខាត នេះបើតាមការអះអាងរបស់លោក តាយយីប អឺដូហ្គាន់ ប្រាប់ក្រុមអ្នកយកសារព័ត៌មាននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីការបន់ស្រន់។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ ប្រធានាធិបតីតួកគី លោក តាយយីប អឹដូហ្គាន់ និងសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ បានយល់ព្រមជួបមុខគ្នានាពេលខាងមុខក្នុងខែមិថុនានេះ ក្នុងអំឡុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅឯប្រទេសជប៉ុន ខណៈបញ្ហាទិញប្រព័ន្ធមីស៊ីល S-400 ទំនងនឹងក្លាយជាប្រធានបទសំខាន់មួយនៅក្នុងជំនួបរវាងមេដឹកនាំទាំងពីរ៕ធ.ដ
-
អ្នកតំណាងអចិន្ត្រៃយ៍របស់នីហ្សេរីយ៉ា ប្រចាំអង្គការសហប្រជាជាតិ ត្រូវបានតែងតាំងជាប្រធានថ្មីនៃមហាសន្និបាតយូអិន

យូអិន៖ អ្នកតំណាងអចិន្ត្រៃយ៍របស់នីហ្សេរីយ៉ា ប្រចាំអង្គការសហប្រជាជាតិ លោក Tijjani Muhammad-Bande នៅថ្ងៃអង្គារនេះ ត្រូវបានមហាសន្និបាតនៃអង្គការសហប្រជាជាតិ UNGA សម្រេចជ្រើសតាំងធ្វើជាប្រធានថ្មីរបស់ស្ថាប័នជាន់ខ្ពស់បំផុតមួយរបស់អង្គការសហប្រជាជាតិ។ ដោយផ្អែកលើគោលការណ៍មូលដ្ឋានរបស់មហាសន្និបាត នៃអង្គការសហប្រជាជាតិនោះ ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិ សម្រាប់នីតិកាលទី៧៤ គឺត្រូវជ្រើសរើសមកពីបណ្តារដ្ឋនៅតំបន់អាហ៊្វ្រិក។ លោក Tijjani Muhammad-Bande នឹងឡើងជាប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅក្នុងនីតិកាលទី៧៤ របស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខ ហើយរូបលោកនឹងក្លាយជាប្រធានមហាសន្និបាត នៃអង្គការសហប្រជាជាតិទីពីរ ដែលមកពីប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីលោក Joseph Nanven Garba ដែលបានកាន់តំណែងនេះ កាលពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩០៕ធ.ដ
-
គុយបាប្រកាសរិះគន់ធ្ងន់ៗ ចំពោះការដាក់បម្រាមធ្វើដំណើរថ្មីរបស់សហរដ្ឋអាម៉េរិក មកលើប្រទេសខ្លួន

គុយបា៖ គុយបា នឹងមិនត្រូវបានបំភិតបំភ័យ ឬក៏រំខាន ដោយសារតែការរឹតបន្តឹងថ្មីរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការធ្វើដំណើររបស់ពលរដ្ឋអាម៉េរិកទៅកាន់ប្រទេសគុយបា ក្នុងនោះរួមមានទាំងការអប់រំ និងការកម្សាន្តជាដើម។ ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានបង្ហោះសារនៅក្នុងបណ្តាញសង្គមធ្វីតធើ នៅក្នុងថ្ងៃអង្គារ៍នេះថា ប្រទេសរបស់លោកនឹងមិនត្រូវបានបំភិតបំភ័យ ឬក៏រំខានធ្ងន់ ដោយសារតែការគំរាមកំហែង និងការដាក់កំហិតថ្មីទៀតនោះឡើយ ហើយថា ការងារ ការច្នៃប្រឌិត ការខិតខំប្រឹងប្រែង និងការតស៊ូរបស់គុយបា គឺជាការឆ្លើយតបទៅកាន់ពួកគេវិញ។ ការកត់សម្គាល់បែបនេះរបស់លោក Miguel Diaz-Canel បានកើតមានឡើងបន្ទាប់ពីក្រសួងរតនាគារជាតិអាម៉េរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ទីក្រុងវ៉ាស៊ីនតោនបានដាក់បម្រាមហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេសគុយបា ដោយសំអាងលើហេតុផលតួនាទីអស្ថេរភាពរបស់គុយបានៅ អឌ្ឍគោលខាងលិច ក៏ដូចជាការគំាទ្ររបស់ទីក្រុងហាវ៉ាន់ណា ចំពោះសត្រូវរបស់សហរដ្ឋអាម៉េរិកនៅក្នុងបណ្តាប្រទេសមួយចំនួន ក្នុងនោះរួមមាននៅវេណេស៊ុយអេឡា និងនីការ៉ាហ្គ័រជាដើម៕ធ.ដ
-
ប្រធានាធិបតីចិនអះអាងថា ប្រទេសខ្លួនត្រៀមរួចរាល់ហើយ ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីឲ្យកាន់ប្រសើរថែមទៀត

ចិន៖ ចិនបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមជាមួយប្រទេសរុស្ស៊ី ក្នុងការសម្រេចបានឲ្យបាននូវដំណើរការដ៏អស្ចារ្យជាងមុន ទៅលើកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិក BRICS និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង។ ក្នុងអំឡុងបំពេញដំណើរទស្សនកិច្ចនៅរុស្ស៊ី ប្រធានាធិបតីចិនរូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ បណ្តាប្រទេសជាសមាជិក BRICS ទាំងអស់បានចូលរួមក្នុងការបង្កើនការបើកទូលាយជារួម កិច្ចសហប្រតបត្តិការឈ្នះ-ឈ្នះ រក្សាកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើផ្នែកពាណិជ្ជកម្ម ហិរញ្ញវត្ថុ នយោបាយ សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ស្របពេលជាមួយគ្នានេះដែរ លោក ស៊ី ជិនពីង ថែមទាំងបានការជំរុញឲ្យមានកម្លាំងប្រកបដោយភាពវិជ្ជមាន ស្ថិរភាព និងប្រកប ដោយលក្ខណៈស្ថាបនាលើកិច្ចការអន្តរជាតិ ព្រមទាំងបានកោតសរសើរ ចំពោះរុស្ស៊ីក្នុងនាមជាប្រទេសកំណើតនៃកិច្ចប្រជុំ BRICS ផងដែរ៕ធ.ដ
-
ក្រសួងសុខាភិបាលកុងហ្គោបញ្ជាក់ថា ជំងឺអេបូឡាផ្ទុះឡើងជាង២,០០០ករណី នារយៈពេល១០ខែចុងក្រោយនេះ ក្នុងនោះមានអ្នកស្លាប់៩៤នាក់

កុងហ្គោ៖ ក្រសួងសុខាភិបាលកុងហ្គោ បានកត់ត្រាជំងឺអេបូឡាប្រមាណជាង ២,០០០ករណី ហើយ ដែលពីរភាគបីនៃអ្នកទាំងនោះបានស្លាប់ ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងនៅភាគខាងកើតប្រទេសកាលពី១០ខែមុន។ ក្រសួងសុខាភិបាលកុងហ្គោ បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាព ដែលបានចេញផ្សាយនៅក្នុងសប្តាហ៍នេះថា ចាប់តាំងពីការចាប់ផ្តើមរីករាលដាលនៃជំងឺនេះមក ករណីសរុបមានចំនួន២,០០៨ហើយ ដែលក្នុងនោះមានចំនួន១,៩១៤ករណី ត្រូវបានបញ្ជាក់ដោយការធ្វើតេស្តនៅមន្ទីរពិសោធន៍ ខណៈ៩៤ករណីទៀត គឺប្រហែលជាកើតអេបូឡា។ សរុបមក មានមនុស្សចំនួន១,៣៤៦នាក់ បានបាត់បង់ជីវិត ក្នុងនោះមាន១,២៥២នាក់ ត្រូវបានបញ្ជាក់ និង៩៤នាក់ គឺប្រហែលជាស្លាប់ ហើយ៥៣៩នាក់ទៀតបានជាសះស្បើយ។ បើតាមក្រសួងសុខាភិបាលកុងហ្គោ វាមានសារសំខាន់ណាស់ក្នុងការរក្សាទស្សនវិស័យទាំងមូល ទោះបីជាជំងឺនេះផ្ទុះឡើងកើនដល់ទៅ២,០០០ករណីក៏ដោយ ហើយថា នៅក្នុងសប្តាហ៍ថ្មីៗនេះ និន្នាការនេះ គឺមានភាពវិជ្ជមាន ទោះបីជាការប្រុងប្រយ័ត្ននៅតែត្រូវការក៏ដោយ៕ធ.ដ
-
រុស្ស៊ីប្រកាសទទួលជោគជ័យ ក្នុងការបាញ់សាកល្បងប្រព័ន្ធមីស៊ីលស៊េរីថ្មីរបស់ខ្លួន

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសទទួលជោគជ័យក្នុងការបាញ់តេស្តមីស៊ីលមួយគ្រាប់ ដែលពុំមានបញ្ជាក់ឈ្មោះឡើយ ប៉ុន្តែបើតាមសេចក្តីរាយការណ៍នោះ វាជាប្រភេទប្រព័ន្ធមីស៊ីលប្រឆាំងគ្រាប់មីស៊ីលផ្លោងហៅកាត់ថា ABM។ គ្រាប់មីស៊ីលខាងលើ ត្រូវបានគេជឿជាក់ថា ទំនងជាមីស៊ីលស៊េរីថ្មីនៃមីស៊ីលប្រឆាំងគ្រាប់មីស៊ីលផ្លោង A-135 ដែលជាប្រព័ន្ធការពាររបស់រុស្ស៊ី ដែលរចនាឡើងដើម្បីបាញ់ស្ទាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់សត្រូវ រួមទាំងគោលដៅជាច្រើនប្រភេទទៀតនៅលើផ្ទៃអាកាស។ ការបាញ់សាកល្បងមីស៊ីលមួយគ្រាប់នេះ ត្រូវបានធ្វើឡើងនៅមូលដ្ឋាន Sary-Shagan ក្នុងប្រទេសកាហ្សាក់ស្ថាន៕ធ.ដ
-
យន្តហោះ Boeing 737 មួយគ្រឿងទៀត ផ្ទុកមនុស្ស១០១នាក់បង្ខំចិត្តចុះចតបន្ទាន់ នៅប្រទេសរុស្ស៊ី ក្រោយជួបបញ្ហាផ្នែកបច្ចេកទេស

រុស្ស៊ី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737 មានគោលដៅឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់ បានបង្ខំចិត្តបកមកចុះចតយ៉ាងទាន់ហន់នៅប្រទេសរុស្ស៊ី បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានបញ្ហាផ្នែកបច្ចេកទេស។ មកទល់ពេលនេះ ពុំទាន់មានការបញ្ជាក់ភាពជាក់លាក់ នៃបញ្ហាផ្នែកបច្ចេកទេសយន្តហោះខាងលើនៅឡើយទេ ប៉ុន្តែហេតុការណ៍ថ្មីនេះ បានកើតមានឡើងក្រោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលអាម៉េរិក FAA ប្រកាសថា ត្រកូលយន្តហោះ Boeing 737 MAX ទាំងអស់ទំនងជាត្រូវបានផលិតឡើង ដោយមានបញ្ហាមួយចំនួនផ្នែកបច្ចេកទេស។ យ៉ាងណាមិញ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអាម៉េរិក FAA មិនទាន់អាចបញ្ជាក់បានទេថា វាអាចជាមូលហេតុដែលបង្កឲ្យយន្តហោះអេត្យូពី និងឥណ្ឌូណេស៊ីធ្លាក់នោះឡើយ។ សូមបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737 ខាងលើនេះ បានធ្វើការចុះចតនៅអាកាសយានដ្ឋាន Vnukovo ស្ថិតនៅជាយទីក្រុងម៉ូស្គូ ជាមួយមនុស្សជិះនៅលើនោះសរុប១០១នាក់៕ធ.ដ
-
សហរដ្ឋអាម៉េរិក សន្យាបង្កើនពាណិជ្ជកម្មទ្វេដងជាមួយអង់គ្លេស ក្រោយអង់គ្លេសចាកចេញពីអឺរ៉ុបរួចរាល់

អង់គ្លេស៖ សហរដ្ឋអាម៉េរិក សន្យាបង្កើនពាណិជ្ជកម្មឲ្យបានទ្វេដងជាមួយអង់ គ្លេស បើសិនចក្រភពមួយនេះ ចាកចេញពីអឺរ៉ុបរួចរាល់ហើយនោះ ខណៈការអះអាងបែបនេះ បានកើតមានឡើងក្នុងអំឡុងកិច្ចពិភាក្សារវាងមេដឹកនាំប្រទេសទំាងពីរ។ នាឱកាសនោះដែរ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីអង់គ្លេស ដែលជិតផុតតំណែងជាផ្លូវការ គឺលោកស្រី ថេរ៉េសា ម៉េ ក៏បានលើកឡើងផងដែរ អំពីទំនាក់ទំនងដ៏អស្ចារ្យរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ ដែលត្រូវតែបន្តកសាងទៅមុខទៀត។ ទន្ទឹមគ្នានេះ លោក ត្រាំ និងលោកស្រី ម៉េ ថែមទាំងបានធ្វើកិច្ចពិភាក្សាគ្នា អំពីការប្រែប្រួលអាកាសធាតុ និងការធ្វើពាណិជ្ជកម្មរបស់អង់គ្លេស ជាមួយក្រុមហ៊ុនចិន Huawei ផងដែរ ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសមិនទាន់មានការបញ្ជាក់ច្បាស់លាស់ អំពីបញ្ហានេះនៅឡើយទេ៕ធ.ដ