-
លោក ដូណាល់ ត្រាំ ទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែត និងព្រះអង្គម្ចាស់ ឆាល អំឡុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេស

អង់គ្លេស៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលកំពុងបំពេញទស្សនកិច្ចនៅអង់គ្លេសនោះ ត្រូវបានគេរំពឹងទុកថា នឹងទាមទារឲ្យរដ្ឋាភិបាលក្រុងឡុងដាក់បម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន ពីការផ្គត់ផ្គង់បណ្តាញ 5G របស់ខ្លួន។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ត្រាំ នេះដែរ ក៏កំពុងប្រឈមនឹងការធ្វើបាតុកម្មតវ៉ាយ៉ាងកក្រើកពីសំណាក់ប្រជាជនអង់គ្លេស នៅពាសពេញទីក្រុងឡុងដ៍ ផងដែរ។ សូមជម្រាបថា ថ្ងៃដំបូងនៃដំណើរទស្សនកិច្ចខាងលើ លោក ដូណាល់ ត្រាំ ត្រូវបានទទួលស្វាគមន៍ដោយម្ចាស់ក្សត្រីយ៍អង់គ្លេស អេលីហ្សាប៊ែត និងព្រះអង្គម្ចាស់ ឆាល ហើយនៅថ្ងៃទីពីរ លោក ត្រាំ នឹងងាកទៅផ្តោតលើរឿងនយោបាយវិញម្តង តាមរយៈកិច្ចជជែកពិភាក្សានៅក្នុងវិមានរដ្ឋាភិបាលអង់គ្លេស ដោននីង ស្ទីត ការធ្វើសន្និសីទកាសែត និងការទទួលទានអាហារពេលល្ងាច ដែលអាចមានវត្តមានបណ្តាបេក្ខភាព ដែលនឹងត្រូវបន្តតំណែងពីនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉េសា ម៉េ។ ក្រៅពីការធ្វើ ព្រីហ្ស៊ីត ឬដំណើរការដកអង់គ្លេសចេញពីសហភាពអឺរ៉ុបនោះ បញ្ហាទាក់ទងនឹងក្រុមហ៊ុន Huawei ក៏នឹងក្លាយជាប្រធានបទដ៏សំខាន់មួយ ក្នុងកិច្ចពិភាក្សារបស់លោក ត្រាំ នៅទីក្រុងឡុងដ៍ ផងដែរ…
-
រថយន្តក្រុងគ្មានមនុស្សបើក ផ្តើមប្រតិបត្តិការសាកល្បងនៅទីក្រុងមួយ នៃប្រទេសចិន

រថយន្តក្រុងបើកបរដោយខ្លួនឯងចំនួន៤គ្រឿង បានចាប់ផ្តើមប្រតិបត្តិការសាកល្បង កាលពីចុងសប្តាហ៍មុន នៅទីក្រុងសិនចិន ភាគខាងត្បូងប្រទេសចិន ដែលជាទីក្រុងល្បីល្បាញខាងសម្បូរក្រុមហ៊ុនបច្ចេកវិជ្ជាខ្ពស់។ រថយន្តក្រុងឆ្លាតទំហំតូចជាងរថយន្តក្រុងធម្មតានេះ បានចាប់ផ្តើមរត់លើផ្លូវប្រវែង១,២គីឡូម៉ែត្រ ជាមួយនឹងចំណត៣កន្លែងនៅក្នុងតំបន់ហ្វូទៀន។ រថយន្តក្រុងមានល្បឿនកំណត់ទុកមុនគឺពី១០ ទៅ ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយបំពាក់មកជាមួយឧបករណ៍ចាប់ពន្លឺរថយន្តដទៃ កាមេរ៉ា និងអង់តែន GPS រថយន្តក្រុងនេះអាចបញ្ចៀសការបុកអ្នកថ្មើរជើង យានយន្តនានា និងរបាំងចែកទ្រូងថ្នល់ ប្តូរគន្លងផ្លូវដោយសុវត្ថិភាព និងឈប់នៅទីតាំងដែលបានកំណត់។ រថយន្តក្រុងនេះ នឹងមានអ្នកបើកបរម្នាក់ ដែលអាចចាប់ហ្វ្រាំង ឬប្តូររថយន្តនេះ ពីការបើកបរដោយខ្លួនវា ទៅជាបើកបរដោយមនុស្ស នៅពេលមានអាសន្ន៕ធ.ដ
-
អាម៉េរិកលក់យន្តហោះស៊ើបការគ្មានមនុស្សបើក៣៤គ្រឿងទៀត ដល់បណ្តា ប្រទេសនៅប្លុកសមុទ្រចិនខាងត្បូង

រដ្ឋបាលរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានសម្រេចលក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកជាច្រើនគ្រឿងទៅឲ្យបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អាម៉េរិក នៅតំបន់សមុទ្រចិនខាងត្បូង។ មន្ទីរបញ្ចកោណបានប្រកាសថា ខ្លួននឹងលក់យន្តហោះគ្មានមនុស្សបើកស៊ើបការណ៍ចំនួន៣៤គ្រឿងទៅដល់ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម សរុបតម្លៃទាំងអស់៤៧លានដុល្លារអាម៉េរិក ដោយគេដឹងថា យន្តហោះទាំងនោះផលិតដោយក្រុមហ៊ុន Boeing Co។ យន្តហោះទាំងនេះ មានលទ្ធភាពស៊ើបការណ៍កាន់តែទូលំទូលាយជាងមុនលើសកម្មភាពរបស់ចិន នៅតំបន់សមុទ្រចិនខាងត្បូងនេះ។ រដ្ឋមន្ត្រីការពារជាតិស្តីទីអាម៉េរិក Shanasha បានថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅប្រទេសសិង្ហបុរី កាលពីថ្ងៃសៅរ៍ថា អាម៉េរិកនឹងមិនប្រងើយកន្តើយចំពោះសកម្មភាពរបស់ចិនទេ៕ធ.ដ
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ធ្វើកិច្ចពិភាក្សាទ្វេភាគី ស្តីពីសន្តិសុខនៅក្នុងតំបន់ឧបទ្វីបកូរ៉េ

កូរ៉េខាងត្បូង៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក រៀបចំកិច្ចពិភាក្សារួមគ្នាមួយនៅក្នុងទីក្រុងសេអ៊ូល នាថ្ងៃច័ន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយផ្តោតសំខាន់លើស្ថានភាពសន្តិសុខនៅក្នុងតំបន់ឧបទ្វីបកូរ៉េ នេះបើយោងតាមប្រភពរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។ ប្រភពដដែលបន្តថា រដ្ឋមន្រ្តីការពារជាតិស្តីទីអាម៉េរិកលោក ផាកទ្រីគ សាណាហាន និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក ជុង គ្យុងឌូ បានធ្វើការចែករំលែកការវាយតម្លៃរបស់ពួកលោកទៅវិញទៅមក ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។ ជាមួយគ្នានេះ ប្រមុខការពារជាតិប្រទេសទាំងពីរថែមទាំងបានអះអាងផងដែរ អំពីការប្តេជ្ញាចិត្តរបស់ពួកលោក ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូតទ្វេភាគី ដើម្បីព្យាយាមលុបបំបាត់អាវុធនុយក្លេអ៊ែរពេញលេញនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ក៏ដូចជាដោះស្រាយដោយសន្តិភាព។ បន្ថែមលើនេះ លោក ជុង និងលោក សាណាហាន ថែមទំាងបានព្រមព្រៀងគ្នាពង្រឹងកិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងវិស័យផ្សេងៗ ក្នុងនោះរួមមានទាំងការចែករំលែកព័ត៌មានស្តីពីសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ៕ធ.ដ
-
រដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ិកស៊ិកអះអាងថា ការគំរាមដំឡើងពន្ធពីសំណាក់សហរដ្ឋអាម៉េរិក នឹងបំផ្លាញដល់វិស័យការងាររបស់ប្រទេសទាំងពីរ

ម៉ិកស៊ិក៖ ការគំរាមដំឡើងពន្ធលើផលិតផលនាំចូលពីម៉ិកស៊ិក ពីសំណាក់លោក ដូណាល់ ត្រាំ នឹងបង្កផលប៉ះពាល់ដល់រដ្ឋទាំង៥០របស់សហរដ្ឋអាម៉េរិក ព្រមទាំងបំផ្លាញដល់វិស័យការងារដល់ប្រទេសទាំងពីរ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក លោកស្រី ហ្គ្រេស៊ីឡា ម៉ាកេស។ កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងដំឡើងពន្ធ០៥ភាគរយលើផលិតផលទាំងអស់ ដែលនាំចូលពីម៉ិកស៊ិក ហើយនីតិវិធីនេះនឹងត្រូវចាប់ផ្ដើមអនុវត្តន៍នៅថ្ងៃទី១០ ខែមិថុនា រហូតទាល់តែបញ្ហាអន្តោប្រវេសន៍រវាងប្រទេសទាំងពីរត្រូវបានដោះស្រាយ។ ដោយឡែកការលើកឡើងខាងលើរបស់លោក ម៉ាកេស បានកើតមានឡើងក្រោយរដ្ឋមន្ត្រីកសិកម្មម៉ិកស៊ិក លោក វិចទ័រ វីលឡាឡូបូស បានពន្យល់អំពីបញ្ហានេះថា គម្រោងដំឡើងពន្ធនាំចូលរបស់លោក ត្រាំ នឹងបំផ្លាញដល់វិស័យកសិកម្មរវាងប្រទេសទាំងពីរ គិតទឹកប្រាក់ស្មើនឹង១១៧លានដុល្លារក្នុងមួយខែ៕ធ.ដ
-
ចិននឹងផ្តល់ជូនទិន្នន័យផ្កាយរណប សម្រាប់បណ្តាប្រទេសដែលចូលរួមក្នុង គំនិតផ្តួចផ្តើមអំពីក្រវាត់ និងផ្លូវ

ចិន៖ មន្ដ្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលឧតុនិយមផ្កាយរណបជាតិរបស់រដ្ឋបាលឧតុនិយមចិន បាននិយាយថា ចិននឹងផ្តល់សេវាទិន្នន័យតាមតម្រូវការ សម្រាប់ការទប់ស្កាត់គ្រោះមហន្តរាយ តាមរយៈផ្កាយរណបឧតុនិយមហ្វឹងយន់ របស់ខ្លួនសម្រាប់បណ្តាប្រទេសនៅតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ។ សេវាកម្មនេះ នឹងត្រូវបានផ្តល់ជូនដោយផ្អែកលើលទ្ធផលនៃការស្ទង់មតិរបស់ប្រទេសចំនួន៨១។ គិតត្រឹមចុងខែមេសាកន្លងទៅនេះ ប្រទេសចំនួន២២ ក្នុងនោះរួមមានទាំងអាហ្វហ្កានីស្ថាន ប៉ាគីស្ថាន អ៊ីរ៉ង់ រុស្ស៊ី លីប៊ី និងស៊ូដង់ បានឆ្លើយតបទៅនឹងការស្ទង់មតិនេះ ដោយប្រទេសទាំងអស់នោះ បានបញ្ជាក់ថា ពួកគេចង់ដំឡើងកម្មវិធីសូហ្វវែរបស់ផ្កាយរណបហ្វឹងយន់ សម្រាប់ការព្យាករណ៍អាកាសធាតុ ក៏ដូចជាការត្រួតពិនិត្យអាកាសធាតុ និងបរិស្ថាន។ ទន្ទឹមគ្នានោះដែរ បណ្តាប្រទេសទាំងនេះ ក៏បានស្នើសុំសេវាជាច្រើនផងដែរ ជាពិសេសក្នុងការត្រួតពិនិត្យភ្លៀងធ្លាក់ ភាពរាំងស្ងួត ព្យុះធូលី អ័ព្ទធ្ងន់ និងរន្ទះ បន្ថែមពីលើវគ្គហ្វឹកហាត់ស្តីពីការវិភាគទិន្នន័យផ្កាយរណបភូមិសាស្ត្រផ្កាយរណប កម្មវិធីស្វែងរកពីចម្ងាយ និងការប្រមូលទិន្នន័យ ដោយសារតែប្រទេសជាច្រើននៅតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ គឺមានភ្នំខ្ពស់ៗ វាលខ្សាច់ មហាសមុទ្រ និងកង្វះខាតព័ត៌មានឧតុនិយម៕ធ.ដ
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិករិះគន់ធ្ងន់ៗមិនធ្លាប់មានលើសារព័ត៌មាន CNN

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមធ្វីតធើ ដោយធ្វើការរិះគន់ធ្ងន់ៗលើការផ្សាយរបស់សារព័ត៌មាន CNN ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកនៅចក្រភពអង់គ្លេស។ស្របពេលជាមួយគ្នានេះដែរ លោក ដូណាល់ ត្រាំ ថែមទាំងបានធ្វើការអំពាវនាវឲ្យពលរដ្ឋអាម៉េរិកទាំងអស់ ឈប់ប្រើសេវារបស់ក្រុមហ៊ុន AT&T ដើម្បីបង្ខំឲ្យបណ្តាញទូរទស្សន៍ព័ត៌មាន CNN ធ្វើកំណែទម្រង់ស៊ីជម្រៅបំផុតផងដែរ។សូមជម្រាបថា សារព័ត៌មាន CNN បានធ្វើបទវិភាគ និងអត្ថាធិប្បាយជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងទៅចេតនានៃដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ អង់គ្លេស និងសហភាពអឺរ៉ុប ដែលបង្ហាញពីទស្សនៈខុសពីសារព័ត៌មានគាំទ្រលោក ត្រាំ ដូចជា FOX News ជាដើម៕ម.ន
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកព្រមានជាថ្មីម្តងទៀតទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុប កុំឲ្យប្រើបណ្តាញ 5G របស់ក្រុមហ៊ុន Huawei

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក បានអំពាវនាវជាថ្មីម្តងទៀតឲ្យសម្ព័ន្ធមិត្តអឺរ៉ុប មានការប្រុងប្រយ័ត្នអំពីអ្វីដែលខ្លួនថ្លែងថា ជាហានិភ័យផ្នែកសន្តិសុខបង្កឡើងដោយក្រុមហ៊ុនទូរសព្ទរបស់ចិន Huawei ខណៈប្រទេសនានាកំពុងបង្កើតបណ្តាញ 5G របស់ខ្លួន។រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានថ្លែងនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីជំនួបជាមួយនឹងសមភាគីហូឡង់ លោក ស្ទេស ប្លុក នៅក្នុងទីក្រុងឡាអេ ថា យើងមានភាពច្បាស់លាស់ អ្វីដែលយើងស្នើ គឺស្នើឲ្យសម្ព័ន្ធមិត្តដៃគូ និងមិត្តរបស់យើងទាំងអស់ កុំឲ្យធ្វើអ្វីដែលអាចនឹងបង្កគ្រោះថ្នាក់ទៅលើសន្តិសុខរួម ឬដាក់កំហិតទៅលើសមត្ថភាពរបស់យើង ក្នុងការចែករំលែកព័ត៌មានរសើប ។ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃ ប៉ុមប៉េអូ បានកើតមានឡើងស្របពេលដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ហូឡង់ បានរាយការណ៍អំពីការស៊ើបអង្កេតទៅលើកម្មវិធីបង្កប់មួយ ដែលអាចអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ចូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត៕ម.ន
-
ប្រមុខការទូតអ៊ីរ៉ង់ហៅទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកថា “សង្គ្រាមសេដ្ឋកិច្ច”

អ៊ីរ៉ង់៖ អ៊ីរ៉ង់បានហៅការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកថា ជា “សង្គ្រាមសេដ្ឋកិច្ច” ហើយបាននិយាយថា នឹងមិនមានការចរចាជាមួយទីក្រុងវ៉ាស៊ីនតោនទេ រហូតដល់ទណ្ឌកម្មត្រូវបានដកចេញ។ការកត់សម្គាល់បែបនេះរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ខ្លួនអាចរៀបចំកិច្ចចរចាដោយគ្មានបុរេលក្ខខណ្ឌ ប្រសិនបើអ៊ីរ៉ង់ផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ បានបង្ហោះសារនៅក្នុងបណ្តាញសង្គមធ្វីតធើថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក គឺជាសង្គ្រាមសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ ហើយសង្គ្រាម និងការចរចា ទោះមាន ឬគ្មានបុរេលក្ខខណ្ឌ គឺមិនស៊ីគ្នានោះទេ៕ម.ន
-
យន្តហោះដឹកយោធាមួយគ្រឿងរបស់ឥណ្ឌាបាត់ដំណឹងនៅជិតព្រំដែនប្រទេសចិន

ឥណ្ឌា៖ យន្តហោះដឹកយោធាមួយគ្រឿងរបស់ឥណ្ឌា ដែលផ្ទុកមនុស្ស១៣នាក់ មានលេខសម្គាល់ AN-32 បានបាត់ដំណឹងនៅជិតព្រំដែនប្រទេសចិន ក្រោយហោះចេញពីអាកាសយានដ្ឋាន Jorhat កាលពីម៉ោង១២និង២៥នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ខណៈការតាមរកកំពុងតែប្រព្រឹត្តទៅនៅឡើយ។ យន្តហោះដឹកយោធាមួយគ្រឿងនេះ មានទិសដៅពីទីស្រុក Jorhat ទៅកាន់ស្រុក Mechuka ដែលសុទ្ធតែស្ថិតនៅក្នុងរដ្ឋ Arunachal Pradesh របស់ឥណ្ឌា នៅជាប់ព្រំដែនមីយ៉ាន់ម៉ា និងភាគខាងត្បូងប្រទេសចិន។ រហូតមកទល់ពេលនេះ ប្រតិបត្តិការរុករករបស់អាជ្ញាធរឥណ្ឌា បាននិងកំពុងបន្តធ្វើឡើងនៅឡើយ ដោយមានការសង្ស័យខ្ពស់ថា យន្តហោះ Antonov AN-32 នោះ បានធ្លាក់បាត់ទៅហើយ៕ម.ន