-
រដ្ឋមន្រ្តីការពារជាតិស្តីទីសហរដ្ឋអាម៉េរិកបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងដែលផ្អាកនោះ មិនចាំបាច់ធ្វើឡើងវិញទេ

សហរដ្ឋអាម៉េរិក៖ ការបន្តការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង គឺមិនចាំបាច់នោះទេ ទោះជាការចរចាបានជាប់គាំងរវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិកក៏ដោយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិស្តីទីអាម៉េរិកលោក ផាកទ្រីគ សាណាហាន។ នៅពេលត្រូវបានសាកសួរកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ថាតើសមយុទ្ធទាំងនោះ នឹងចាប់ផ្តើមឡើងវិញដែរ ឬអត់នោះ ប្រមុខការពារជាតិស្តីទីអាម៉េរិករូបនេះ បានឆ្លើយតបថា លោកគិតថាវាមិនចាំបាច់ទេ។ សហរដ្ឋអាម៉េរិក បានធ្វើសមយុទ្ធទ្រង់ទ្រាយធំជាធម្មតាជាច្រើនលើកក្នុងមួយឆ្នាំៗ ជាមួយកងទ័ពកូរ៉េខាងត្បូង រហូតដល់មានកិច្ចជំនួបលើកទីមួយរបស់លោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីឆ្នាំមុន។ សមយុទ្ធយោធាទាំងនោះ ត្រូវបានផ្អាកតាមការស្នើរបស់លោក ដូណាល់ ត្រាំ ដើម្បីបង្កការងាយស្រួលដល់ជំនួបចរចាជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ហើយ សមយុទ្ធទាំងនោះ ត្រូវបានជំនួសដោយការធ្វើសមយុទ្ធដែលមានកម្រិតកំណត់ ប៉ុន្តែកិច្ចចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានជាប់គាំងចាប់តាំងពីពេលនោះមក៕ធ.ដ
-
អង្គការ NASA នឹងបំពាក់កាមេរ៉ាពិសេសដល់យានរុករកភពអង្គារឆ្នាំ២០២០ ដើម្បីពង្រីកសមត្ថភាពស្រាវជ្រាវនៅភពអង្គារ

សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអង្គការ NASA របស់សហរដ្ឋអាម៉េរិក មានគម្រោងបំពាក់កាមេរ៉ាដ៏ច្បាស់មួយ សម្រាប់យានរុករកភពអង្គារ Mars 2020 ដែលនឹងជួយក្នុងការផ្លាស់ទី ការប្រមូលគំរូស្លាកស្នាម និងការអង្កេតរបស់វា នៅលើភពអង្គារ ឬភពក្រហម។ យានរុករកភពអង្គារ Mars 2020 ត្រូវបានកំណត់ពេលវេលាបាញ់បង្ហោះនៅខែកក្កដា ឆ្នាំ២០២០ខាងមុខ ចេញពីរដ្ឋផ្លូរីដា ហើយវាត្រូវគេរំពឹងថា នឹងចុះទៅដល់តំបន់រណ្តៅ ចេហ្ស៊ីរ៉ូ (Jezero) របស់ភពអង្គារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ដោយឡែកកាមេរ៉ា ដែលនឹងត្រូវដំឡើងនៅលើយាន Mars 2020 ខាងលើ មានឈ្មោះថា ម៉ាស់ខេម-ហ្សេត (Mastcam-Z) ហើយបើតាមអង្គការ NASA កាមេរ៉ានេះនឹងជាកាមេរ៉ាថតពណ៌ដំបូងគេនៅលើភពអង្គារ ដែលអាចហ្ស៊ូម (Zoom) និងបង្កើតជារូបភាព 3D បាននៅក្នុងទំហំយ៉ាងច្បាស់មិនធ្លាប់មានពីមុនមកឡើយ៕ធ.ដ
-
កាណាដា សម្រេចបិទស្ថានទូតប្រចាំវេណេស៊ុយអេឡាជាបណ្តោះអាសន្ន

កាណាដា៖ កាណាដា បានសម្រេចបិទស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងការ៉ាកាស់ ជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ថា ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានបដិសេធការទទួលស្គាល់ក្រុមមន្ត្រីទូតដែលរិះគន់របបរបស់លោក។ លើសពីនេះ ទីក្រុងអូតាវ៉ា ក៏បានសម្រេចចិត្តត្រួតពិនិត្យឡើងវិញ លើលក្ខខន្តិកៈរបស់មន្ត្រីទូតវេណេស៊ុយអេឡាប្រចាំកាណាដាផងដែរ។ កាលពីខែមករាកន្លងទៅ កាណាដា បានចូលរួមជាមួយសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសក្នុងតំបន់អាម៉េរិកឡាទីនដទៃទៀត ដោយទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡាលោក ជូអាន់ ហ្គៃដូ ជាប្រធានាធិបតីស្ដីទី ខណៈរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បានចោទបណ្តាប្រទេសជាសម្ព័ន្ធមិត្តអាម៉េរិកទាំងនោះថា កំពុងជ្រោមជ្រែងបក្សប្រឆាំងខុសច្បាប់ ដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទា ហ្វ្រីឡេន បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះថា ការសម្រេចចិត្តរបស់កាណាដា គឺធ្វើឡើងជាការឆ្លើយតបរបបដឹកនាំលោក ម៉ាឌូរ៉ូ ចំពោះដាក់កំហិតលើលទ្ធភាពនៃស្ថានទូតបរទេសប្រចាំវេណេស៊ុយអេឡា ជាពិសេសគឺស្ថានទូតបរទេស ដែលផ្ដល់យោបល់ពីការស្ដាលទ្ធិប្រជាធិបតេយ្យឡើងវិញ៕ធ.ដ
-
សៀវភៅសរបស់ចិនផ្សាយថា ការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកលើចិន ជុំវិញការលួចកម្មសិទ្ធិបញ្ញា គឺជាការប្រឌិតគ្មានមូលដ្ឋាន

ចិន៖ យោងតាមសៀវភៅសមួយដែលចេញផ្សាយដោយការិយាល័យក្រុមប្រឹក្សាព័ត៌មានរដ្ឋចិនបានបញ្ជាក់ថា ការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកលើចិន ពាក់ព័ន្ធនឹងការលួចកម្មសិទ្ធិបញ្ញា គឺការប្រឌិតគ្មានមូលដ្ឋាន។ បើតាមសៀវភៅសខាងលើ សមិទ្ធផលដែលចិនសម្រេចបាននៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺមិនបានលួចពីនរណាទាំងអស់ ហើយក៏មិនបានបង្ខំឱ្យនរណាម្នាក់ផ្ទេរបច្ចេកវិទ្យាទាំងនេះ មកឱ្យខ្លួនដែរ។ ចិនក៏បានបង្កើតផងដែរនូវប្រព័ន្ធច្បាប់មួយ ដើម្បីការពារកម្មសិទ្ធិបញ្ញាដែលស្របទៅនឹងច្បាប់អន្តរជាតិ និងលក្ខខណ្ឌក្នុងស្រុករបស់ចិន ស្ថិតនៅក្នុងគោលដៅការពារកម្មសិទ្ធិបញ្ញាក្នុងស្រុករបស់ចិន និងបណ្តាក្រុមហ៊ុនបរទេស ដែលបានមកបណ្តាន់ទុនរកស៊ីក្នុងប្រទេសចិនផ្ទាល់។ មិនតែប៉ុណ្ណោះ ចិនក៏បានលើកទឹកចិត្ត និងគោរពឆន្ទៈនៃកិច្ចសហប្រតិបតិ្តការបច្ចេកទេសរវាងចិន និងក្រុមហ៊ុនបរទេសដទៃ ដោយផ្អែកលើគោលការណ៍ទីផ្សារ។ ដូច្នេះការចោទប្រកាន់ចិនពីការលួចកម្មសិទ្ធិបញ្ញា គឺគ្មានមូលដ្ឋាន និងជារឿងប្រឌិតទាំងស្រុង ដែលលើកឡើងពីសំណាក់សហរដ្ឋអាម៉េរិក៕ធ.ដ
-
ហ្វីលីពីន ចាប់ផ្តើមបញ្ជូនសំរាមរាប់សិនតោនទៅកាណាដាវិញ

សំរាមរាប់សិបតោន ដែលត្រូវបានគេបញ្ជូនមកកាន់ប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៤ ដោយបន្លំថាជាកាកសំណល់ប្លាស្ទិកកែច្នៃនោះ ត្រូវបានរដ្ឋាភិបាលហ្វីលីពីន បញ្ជូនទៅកាន់ប្រទេសកាណាដាវិញហើយ ថ្មីៗនេះ ពោលគឺក្រោយពេលដែលប្រធានាធិបតី ឌូតឺតេ ប្រកាសជាសាធារណៈកាលពីសប្ដាហ៍មុនឲ្យបញ្ជូនចេញជាបន្ទាន់។ កុងតឺណឺចំនួន៦៩ទូ ដែលផ្ទុកសំរាមជាង១៥០០តោន ត្រូវបានបញ្ជូនចេញពីឆ្នេរ Subic ភាគខាងជើងរដ្ឋធានីម៉ានីឡា ហើយត្រូវរំពឹងថានឹងទៅដល់ទីក្រុង Vancouver ប្រទេសកាណាដាមុនបំណាច់ខែមិថុនា។ ជាមួយគ្នា រដ្ឋាភិបាលកាណាដា បានសម្រេចយល់ព្រមក្នុងការទទួលខុសត្រូវទាំងស្រុងលើការចំណាយដឹកជញ្ជូនសំរាមទាំងនោះទៅវិញ។ សូមបញ្ជាក់ថា ប្រទេសអភិវឌ្ឍន៍ជាច្រើន កំពុងជួបប្រទះបញ្ហាទុកដាក់សំរាម ក្រោយពេលដែលរដ្ឋាភិបាលចិន ចេញគោលការណ៍ហាមឃាត់ការនាំចូលសំរាមពីបរទេស ដែលខ្លួនធ្លាប់នាំចូលអស់រយៈពេលជាច្រើនឆ្នាំ៕ធ.ដ
-
ភាគខាងជើងប្រទេសឥណ្ឌាឡើងកម្តៅខ្លាំងមិនធ្លាប់មាន ដល់ទៅជាង៥០អង្សាសេ

នៅភាគខាងជើងប្រទេសឥណ្ឌា កម្ដៅបានឡើងដល់៥០,៦អង្សា ក្នុងនោះ ដូចជានៅទីក្រុង Churu ហើយទីក្រុងភាគច្រើននៃរដ្ឋ Rajasthan ទទួលរងរលកកម្ដៅដោយមានសីតុណ្ហភាពអប្បបរមា៤៧អង្សា។ នាយកដ្ឋានឧតុនិយមឥណ្ឌាប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះកង្វះខាតទឹក ដោយសាររលកកម្ដៅអាចនឹងបន្ដរហូតដល់មួយសប្ដាហ៍នៅរដ្ឋ Rajasthan, Maharashtra, Madhya Pradesh, Punjab, Haryana និង Uttah Pradesh។ សីតុណ្ហភាពបានកើនឡើងជាង ៥០អង្សាសេនៅភាគខាងជើងប្រទេសឥណ្ឌា ខណៈដែលរលកកម្ដៅកំពុងវាយប្រហារប្រទេសនេះ។ គួរឲ្យដឹងថា កាលពីខែឧសភាឆ្នាំ ២០១៦កន្លងទៅ ទីក្រុង Phalodi ធ្លាប់ទទួលរលកកម្ដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្ដិសាស្ត្រដោយសីតុណ្ហភាពកើនឡើងដល់៥១អង្សា៕ធ.ដ
-
ថៃ-មីយ៉ាន់ម៉ា ចុះកិច្ចព្រមព្រៀងបង្កើនការដឹកជញ្ជូនតាមព្រំដែន

ថៃ និងមីយ៉ាន់ម៉ា រំពឹងថា នឹងមានរថយន្តធ្វើដំណើរនៅលើដងវិថីចំនួន៣ ភ្ជាប់ប្រទេសទាំងពីរ នៅខែកញ្ញា ឆ្នាំ២០១៩ ជាគម្រោងមួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងតំបន់ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីចុងសប្តាហ៍កន្លងទៅ។ ប្រទេសនីមួយៗ នឹងត្រូវផ្តល់អាជ្ញាប័ណ្ណចំនួន១០០ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនរបស់អ្នកបើកបរ ដែលអាចបើកក្នុងចម្ងាយរាប់រយគីឡូម៉ែត្រ ទៅក្នុងតំបន់កណ្តាលនៃប្រទេសទាំងពីរ រួមមាន ទាំងតំបន់យុំាងហ្គូន និងកំពង់ផែក្បែរតំបន់សេដ្ឋកិច្ចពិសេសធីឡាវ៉ា ក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រៅពីនេះ សម្រាប់ថៃវិញ រួមមានទីក្រុងបាងកក ព្រមទាំងកំពង់ផែ Laem Chabang ក្នុងទីខេត្ត Chon Buri នេះបើតាម លោក Phiraphon Thawonsuphacharoen ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក កាលពីថ្ងៃសុក្រ ទី៣១ ឧសភាកន្លងទៅ។ លោក Phiraphon ថា ប្រទេសថៃក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនដូចគ្នានេះជាមួយប្រទេសឡាវ និងវៀតណាមផងដែរ៕ធ.ដ
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិក នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ចក្រភពអង់គ្លេស នាដើមសប្តាហ៍នេះ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស នាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) សម្រាប់ការបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ។ មុនដំណើរទស្សនកិច្ចមកកាន់អង់គ្លេស ប្រធានាធិបតីអាម៉េរិករូបនេះ បានប្រាប់ សារព័ត៌មាន The Sun ថា រូបលោកគាំទ្រអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson ឱ្យធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ខណៈការកត់សម្គាល់បែបនេះរបស់លោក ត្រាំ បានកើតមានឡើង ស្របពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេសបច្ចុប្បន្ន គឺលោកស្រី ថេរ៉េសា ម៉េ នឹងលាលែងពីមុខតំណែងរបស់ខ្លួននាពេលខាងមុខនេះ។ សូមជម្រាបថា បើតាមការគ្រោងទុកនោះ ម្ចាស់ក្សត្រី Elizabeth នឹងរៀបចំពិធីជប់លៀងមួយនៅព្រះបរមរាជវាំង Buckingham នៅល្ងាចថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ជាកិច្ចទទួលស្វាគមន៍ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងជំទាវទីមួយអាម៉េរិក Melania Trump។ ប៉ុន្តែទន្ទឹមគ្នានេះ បាតុកម្មនៅទូទាំងអង់គ្លេសប្រឆាំងនឹងលោក ដូណាល់ ត្រាំ ក៏ត្រូវបានគេរំពឹងដែរថា នឹងកើតឡើងផងដែរ នៅក្នុងទីក្រុងឡុងដ៍, Manchester,…
-
ប្រមុខការទូតសហរដ្ឋអាម៉េរិក៖ ទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីកិច្ចប្រជុំឥតលក្ខខណ្ឌជាមួយនឹងអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក បានប្រុងប្រៀបខ្លួនរួចជាស្រេចហើយ សម្រាប់កិច្ចចរចាដោយគ្មានលក្ខខណ្ឌជាមួយនឹងប្រទេសអ៊ីរ៉ង់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Mike Pompeo នៅក្នុងប្រទេសស្វីស កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ ការកត់សម្គាល់បែបនេះរបស់លោក Mike Pompeo បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និយាយថា ការចរចារវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន គឺបានបង្ហាញពីភាពគោរពគ្នាទៅវិញទៅមក។ ថ្លែងប្រាប់អ្នកយកសារព័ត៌មាន ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមមួយជាមួយសមភាគីស្វីស ប្រមុខការទូតអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក នឹងមិនផ្លាស់ប្តូរកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្វែរសកម្មភាពមិនល្អរបស់អ៊ីរ៉ង់នោះឡើយ៕ធ.ដ
-
ប្រមុខការពារជាតិចិនព្រមានថា បើសង្រ្គាមរវាងចិន-សហរដ្ឋអាម៉េរិកផ្ទុះឡើង នឹងបង្កជាគ្រោះមហន្តរាយដ៏ធ្ងន់ដល់ពិភពលោកទាំងមូល

ចិន៖ បើសិនជាសង្រ្គាមរវាងសហរដ្ឋអាម៉េរិក និងចិនផ្ទុះឡើង នោះវានឹងបង្កជាគ្រោះមហន្តរាយដ៏ធំធេងដល់ពិភពលោកទាំងមូល ខណៈប្រទេសទាំងពីរកំពុងមានភាពតានតឹងគ្នាទាំងផ្នែកសេដ្ឋកិច្ច និងយោធា នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe នៅក្នុងថ្ងៃ អាទិត្យ សប្តាហ៍មុននេះ។ ប្រមុខការពារជាតិចិនរូបនេះ បានគូសបញ្ជាក់ថា ចិននឹងមិនវាយប្រហារលើប្រទេសណាមួយមុននោះទេ ប៉ុន្តែក៏មិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីការពារខ្លួនដែរ។ ទន្ទឹមគ្នានេះ លោក Fenghe បានសង្កត់ធ្ងន់ថា ទាំងសហរដ្ឋអាម៉េរិក និងចិនសុទ្ធតែដឹងថា ជម្លោះ ឬសង្រ្គាម នឹងបង្កជាគ្រោះមហន្តរាយដ៏ធំធេងដល់ប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ សូមជម្រាបថា រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បានកត់សម្គាល់បែបនេះ នាឱកាសចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី និងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិស្ដីទីអាម៉េរិក លោក Patrick Shanahan បានចោទប្រកាន់ថា ចិនកំពុងបង្កអស្ថេរភាពក្នុងតំបន់អាស៊ី៕ធ.ដ