Category: ព័ត៌មានអន្តរជាតិ

  • ម៉ាឡេស៊ីស្នើប្រទេសអ្នកមានៗ ពិនិត្យការគ្រប់គ្រងសំរាមប្លាស្ទិករបស់ពួកគេឡើងវិញ

    ម៉ាឡេស៊ីស្នើប្រទេសអ្នកមានៗ ពិនិត្យការគ្រប់គ្រងសំរាមប្លាស្ទិករបស់ពួកគេឡើងវិញ

    ម៉ាឡេស៊ី៖ ក្រសួងពាក់ព័ន្ធរបស់ម៉ាឡេស៊ី បានចុះទៅពិនិត្យ និងសិក្សានៅកន្លែងផ្ទុកសំរាមច្រើនប្រភេទ ជាពិសេសសំរាមប្លាស្ទិកដែលពិភពលោកកំពុងលុបបំបាត់ ស្ថិតនៅតំបន់ Port Klang ដែលតំបន់កំពង់ផែធំបំផុតរបស់ប្រទេសម៉ាឡេស៊ី និងអាចដាក់ចេញចំណាត់ការបញ្ជូនសំរាមទាំងអស់នោះ ទៅកាន់ម្ចាស់ដើមវិញ។ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន និងបម្រែបម្រួលអាកាសធាតុម៉ាឡេស៊ី លោកស្រី Yeo Bee Yin បានធ្វើសន្និសីទមួយនៅថ្ងៃអង្គារសប្តាហ៍នេះ ដោយស្នើប្រទេសអ្នកមានៗទាំងឡាយ ត្រូវតែពិនិត្យការគ្រប់គ្រងសំរាមប្លាស្ទិករបស់ពួកគេឡើងវិញ និងឈប់បញ្ជូនសំរាមបែបនេះមកដាក់នៅម៉ាឡេស៊ីទៀត។ សម្រាប់ប្រទេសធំៗ ដែលបានបញ្ជូនសំរាមមកដាក់នៅម៉ាឡេស៊ីនោះ មានដូចជា សហរដ្ឋអាម៉េរិក អារ៉ាប៊ីសាអូឌីត កាណាដា និងជប៉ុនផងដែរ។ សូមរំលឹកថា រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសនៅដើមសប្តាហ៍នេះថា ខ្លួននឹងបញ្ជូនសំរាមប្លាស្ទិកប្រមាណ៣០០០តោន ត្រឡប់ទៅកាន់បណ្តាប្រទេស ដែលជាម្ចាស់សំរាមទាំងនេះវិញ ដោយលោក Yeo Bee Yin បានចាត់ទុកអ្នកដែលទទួលយកសំរាមទាំងនេះចូលមកក៏មានកំហុសដែរ គឺប្រៀបដូចជាជនក្បត់ប្រទេសជាតិយ៉ាងដូច្នោះ ដោយសុខចិត្តទទួលយកសំរាមពីបរទេស មកគរចោលនៅក្នុងប្រទេសរបស់ខ្លួន៕ធ.ដ

  • ក្រុមហ៊ុន Huawei ដាក់ញ្ញតិប្តឹងជំទាស់មួយទៅកាន់តុលាការសហរដ្ឋអាម៉េរិក

    ក្រុមហ៊ុន Huawei ដាក់ញ្ញតិប្តឹងជំទាស់មួយទៅកាន់តុលាការសហរដ្ឋអាម៉េរិក

    ចិន៖ ក្រុមហ៊ុន Huawei នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានដាក់ញ្ញតិមួយទៅកាន់តុលាការ ក្នុងរដ្ឋតិចសាស់ ដើម្បីស្នើឲ្យតុលាការអាម៉េរិកប្រកាសចាត់ទុកការអនុវត្តច្បាប់ស្តីសកម្មភាពការពារជាតិអាម៉េរិក ហៅកាត់ថា (NDAA) ឆ្នាំ២០១៩ គឺជាការអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិក។ យ៉ាងណាមិញ សហរដ្ឋអាម៉េរិកបានពន្យារពេល៩០ថ្ងៃ សម្រាប់ការអនុវត្តបម្រាមនេះ ដើម្បីបន្ធូរបន្ថយការរិះគន់ពីអន្តរជាតិ ខណៈអ្នកជំនាញជាច្រើនបានមើលឃើញថា សហរដ្ឋអាម៉េរិកបានទាញ Huawei មកប្រឡូកក្នុងរឿងនយោបាយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នោះគឺសង្គ្រាមពាណិជ្ជកម្ម។ ជាមួយគ្នានេះ លោក សុង លីវភីង ប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុន Huawei បានលើកឡើងថា ការហាមឃាត់ក្រុមហ៊ុនលោក ដោយយកបញ្ហាសន្តិសុខអ៊ីនធើណិត គឺជាលេស ហើយថា វានឹងមិនអាចជួយធ្វើឱ្យបណ្តាញទំនាក់ទំនងមួយនេះ កាន់តែមានសុវត្ថិភាពនោះទេ វាគឺជាកំហុស និងបង្វែរការយកចិត្តទុកដាក់ទៅលើអ្វីដែលជាបញ្ហាប្រឈមពិតប្រាកដ ដែលយើងកំពុងប្រឈម។ លោក សុង បាននិយាយទៀតថា អ្នកនយោបាយរបស់សហរដ្ឋអាម៉េរិកកំពុងតែប្រើកម្លាំងនៃប្រជាជាតិទាំងមូល ដើម្បីវាយបកមកលើក្រុមហ៊ុនឯកជន ហើយវាពិតមិនធម្មតានោះទេ និងស្ទើរតែមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត៕ធ.ដ

  • មេដឹកនាំសហភាពអឺរ៉ុបចូលរួមកិច្ចពិភាក្សាអំពីនីតិវិធីជ្រើសរើសប្រធានគណៈកម្មការអឺរ៉ុប

    មេដឹកនាំសហភាពអឺរ៉ុបចូលរួមកិច្ចពិភាក្សាអំពីនីតិវិធីជ្រើសរើសប្រធានគណៈកម្មការអឺរ៉ុប

    បែលហ្ស៊ិក៖ លោក ដូណាល់ ថាស ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងថ្ងៃអង្គារ៍នេះ បានបញ្ជាក់ថា បណ្ដាមេដឹកនាំប្រទេសជាសមាជិកសហភាពអឺរ៉ុប មិនបានពិភាក្សាពីឈ្មោះបេក្ខជនណាម្នាក់ឡើយ ក្រៅតែពីជជែកគ្នាពីនីតិវិធីជ្រើសរើស ប្រធានគណៈកម្មការអឺរ៉ុបថ្មី។ ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងសន្និសិទសារព័ត៌មានមួយ បន្ទាប់ពីជំនួបអាហារពេលល្ងាចរបស់មេដឹកនាំអឺរ៉ុប លោក ដូណាល់ ថាស បានលើកឡើងថា ផ្អែកលើកិច្ចព្រមព្រៀងមួយរបស់បណ្ដាមេដឹកនាំអឺរ៉ុប កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ក្រុមប្រឹក្សាអឺរ៉ុបនឹងអនុវត្តតួនាទីរបស់ខ្លួន នៅពេលបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាអឺរ៉ុប អនុលោមតាមសន្ធិសញ្ញាអឺរ៉ុប។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ថា អនាគតប្រធានគណៈកម្មាការអឺរ៉ុបថ្មីត្រូវតែទទួលបានការគាំទ្រពីសំឡេងភាគច្រើននៅក្នុងក្រុមប្រឹក្សាអឺរ៉ុប និងសំឡេងភាគច្រើនពីសមាជិកសភាអឺរ៉ុប៕ធ.ដ

  • មនុស្សជិត២០នាក់ស្លាប់ ដោយសារករណីពុលស្រានៅប្រទេសឥណ្ឌា

    មនុស្សជិត២០នាក់ស្លាប់ ដោយសារករណីពុលស្រានៅប្រទេសឥណ្ឌា

    ឥណ្ឌា៖ ហេតុការណ៍ពុលស្រានៅរដ្ឋ អ៊ូតតាប្រាដែស ភាគខាងជើងប្រទេសឥណ្ឌា បានផ្តាច់ជីវិតមនុស្ស១៧នាក់ និង៤៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នេះបើតាមប្រភពពីអាជ្ញាធរឥណ្ឌានៅក្នុងថ្ងៃពុធនេះ។ ករណីពុលស្រាតែងតែកើតឡើងជារឿយៗនៅក្នុងប្រទេសឥណ្ឌា ជាក់ស្ដែងកាលពីខែកុម្ភៈកន្លងទៅ មនុស្ស១៥០នាក់បានបាត់បង់ជីវិត ដោយសារពុលស្រានៅ រដ្ឋ អាស្សាម ហើយកាលពីខែធ្នូ ឆ្នាំ២០១១ ករណីពុលស្រាក៏បានសម្លាប់មនុស្ស ១៧២នាក់ផងដែរ នៅរដ្ឋ វែសប៊ែងហ្គាល់។ ដោយឡែកពាក់ព័ន្ធនឹងករណីពុលស្រាចុងក្រោយនេះ ត្រូវបានអាជ្ញាធរឥណ្ឌារាយការណ៍ថា ជនរងគ្រោះទាំងឡាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចាប់តាំងតែពីយប់ថ្ងៃច័ន្ទដើមសប្តាហ៍នេះ ហើយឆ្លើយតបនឹងបញ្ហានេះដែរ អាជ្ញាធរឥណ្ឌាបានក្រើនរំឮកប្រជាជនឱ្យមានការប្រុងប្រយ័ត្ន ចំពោះការទិញ និងការទទួលទាស្រាគ្រប់ប្រភេទ៕ធ.ដ

  • សហរដ្ឋអាម៉េរិក៖ អ៊ីរ៉ង់ទំនងជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ ទាំង៤គ្រឿងនៅក្បែរប្រទេសអេមីរ៉ាត់អារ៉ាប់រួម

    សហរដ្ឋអាម៉េរិក៖ អ៊ីរ៉ង់ទំនងជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ ទាំង៤គ្រឿងនៅក្បែរប្រទេសអេមីរ៉ាត់អារ៉ាប់រួម

    សហរដ្ឋអាម៉េរិក៖ អ៊ីរ៉ង់ទំនងជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារទៅលើកប៉ាល់ចំនួន០៤គ្រឿងនៅក្បែរប្រទេសអេមីរ៉ាត់អារ៉ាប់រួម កាលពីជាង០២សប្តាហ៍មុន នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន។ បច្ចុប្បន្នអ្នកស៊ើបអង្កេតមួយក្រុមដែលមានអ្នកជំនាញមកពី០៥ប្រទេស ក្នុងនោះរួមមានទាំងសហរដ្ឋអាម៉េរិកផងដែរ កំពុងតែដឹកនាំការស៊ើបអង្កេតជុំវិញករណីវាយប្រហារកាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅនេះ ដែលបានធ្វើឲ្យកប៉ាល់០៤គ្រឿងរងការខូចខាតនៅលើផ្ទៃសមុទ្រអ៉ូម៉ង់ ក្បែរទីក្រុង ហ្វូហ្សៃរ៉ា របស់អាមីរ៉ាត់អារ៉ាប់រួម។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោក ចន បូលតុន នៅក្នុងថ្ងៃពុធនេះ បានថ្លែងប្រាប់ អ្នកសារព័ត៌មាននៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាត់អារ៉ាប់រួមថា កប៉ាល់ចំនួន០៤គ្រឿង ក្នុងនោះរួមមានកប៉ាល់ដឹកប្រេង០២គ្រឿងរបស់អារ៉ាប៊ីសាអូឌីត បានទទួលរងការវាយប្រហារពីគ្រាប់មីនក្រោមទឹក ដែលសឹងតែមានប្រភពមកពីអ៊ីរ៉ង់មួយរយភាគរយតែម្តង។ នាអំឡុងបំពេញទស្សនកិច្ចនេះ លោក បូលតុន គ្រោងនឹងជួបជាមួយរាជទាយាទអេមីរ៉ាត់អារ៉ាប់រួម ព្រះអង្គម្ចាស់ ហ្សេក ម៉ូហាមម៉េដ ប៊ីន ហ្សេយេដ អាល់ណាហ៍យ៉ាន ព្រមទាំងសមភាគីរបស់លោក គឺព្រះអង្គម្ចាស់ ហ្សេក តាហ័នួន ប៊ីន ហ្សេយេដ អាល់ណាហ៍យ៉ាន ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងភាពតានតឹងក្នុងតំបន់ផងដែរ៕ធ.ដ

  • អ៊ីរ៉ង់អះអាងថា ខ្លួនមិនខ្លាចនឹងធ្វើសង្គ្រាមជាមួយសហរដ្ឋអាម៉េរិកឡើយ

    អ៊ីរ៉ង់អះអាងថា ខ្លួនមិនខ្លាចនឹងធ្វើសង្គ្រាមជាមួយសហរដ្ឋអាម៉េរិកឡើយ

    អ៊ីរ៉ង់៖ អ្នកនាំពាក្យឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានលើកឡើងថា ខ្លួនមិនខ្លាចនឹងធ្វើសង្គ្រាមដែលអាចកើតមានឡើងជាមួយសហរដ្ឋអាម៉េរិកឡើយ និងបានអះអាងថា សហរដ្ឋអាម៉េរិកគ្មានអំណាចខ្លាំងក្លានោះទេ ។ ការកត់សម្គាល់បែបនេះរបស់អ្នកនាំពាក្យឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានធ្វើឡើងខណៈដែលភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានកើនឡើងខ្លាំង កាលពីពេលថ្មីៗនេះ ក្នុងគ្រាដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាដឹកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ឈូងសមុទ្រពែក ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីអ៊ីរ៉ង់។ អ្នកនាំពាក្យឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដដែលនេះបានសង្កត់ធ្ងន់ទៀតថា កងកម្លាំងប៉ារ៉ាមិនគាំទ្រការចូលរួមក្នុងការធ្វើសង្គ្រាមណាមួយទេ ប៉ុន្តែក៏មិនខ្លាចចំពោះការកើតមានសង្គ្រាមផងដែរ៕ធ.ដ  

  • រ៉ុក្កែតរបស់រុស្ស៊ីត្រូវបានរន្ទះបាញ់ ពេលបាញ់បង្ហោះទៅលើអាកាស

    រ៉ុក្កែតរបស់រុស្ស៊ីត្រូវបានរន្ទះបាញ់ ពេលបាញ់បង្ហោះទៅលើអាកាស

    រ៉ុក្កែតរបស់រុស្ស៊ីប្រភេទ Soyuz-2.1b ត្រូវបានរន្ទះបាញ់ត្រឹមរយៈពេល១០វិនាទី ក្រោយពេលដែលត្រូវបាញ់បង្ហោះទៅលើអាកាសពីទីតាំង Plesetsk Cosmodrome នេះបើតាមប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីលោក Roscomos Dmitry Rogzin។ លោកបានឲ្យដឹងថា មុនពេលបាញ់បង្ហោះរ៉ុក្កែតស្រាប់តែមានព្យុះផ្គររន្ទះតែម្ដង។ ក្រោយមកស្រាប់តែរន្ទះ បានបាញ់មកលើរ៉ុក្កែតដែលមានផ្ទុកផ្កាយរណប Glonass-M ហើយត្រូវថតជាប់ទិដ្ឋភាពទាំងស្រុង។ ប្រភពដដែលបន្ដថា យ៉ាងណាមិញ រន្ទះបាញ់នេះ មិនបានធ្វើឲ្យមានការរាំងស្ទះដល់ការបង្ហោះរ៉ុក្កែតនោះទេ ហើយការធ្វើដំណើរទៅកាន់អវកាសនៅតែបន្ដធ្វើឡើងទៅតាមការគ្រោងទុក៕ធ.ដ  

  • នាយករដ្ឋមន្ត្រីអូទ្រីសចុះចេញតំណែងជាផ្លូវការ ក្រោយសភាបោះឆ្នោតមិនផ្ដល់ សេចក្ដីទុកចិត្ត

    នាយករដ្ឋមន្ត្រីអូទ្រីសចុះចេញតំណែងជាផ្លូវការ ក្រោយសភាបោះឆ្នោតមិនផ្ដល់ សេចក្ដីទុកចិត្ត

    លោក Sebastian Kurz នាយករដ្ឋមន្ត្រីប្រទេសអូទ្រីស ឬគេនិយមហៅថា អធិការបតីអូទ្រីស បានចុះចេញពីតំណែងជាផ្លូវការហើយ កាលពីម្សិលមិញ បន្ទាប់ពីសភាបោះឆ្នោតមិនផ្ដល់សេចក្ដីទុកចិត្ត ដល់រដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោក។ ប្រធានាធិបតីអូទ្រីស Alexander Van der Bellen បានសម្រេចចិត្តតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Hartwig Loeger ជាអធិការបតីអូទ្រីសចាំផ្ទះ ហើយក៏បានអំពាវនាវផងដែរឱ្យរដ្ឋមន្ត្រីទាំងអស់លើកលែងលោក Kurz ចេញ នៅបន្តកាន់មុខតំណែងជាធម្មតាដដែល រហូតដល់ការបោះឆ្នោតសភានៅខែកញ្ញាខាងមុខនេះ។ លោក Sebastian Kurz ដែលទើបតែមានអាយុ៣២ឆ្នាំ ត្រូវបានគេរំពឹងថា អាចនឹងត្រឡប់មកកាន់អំណាចវិញសាជាថ្មី ខណៈលោកនៅតែកាន់តំណែងជាប្រធានបក្ស People’s Party ដែលជាបក្សទទួលបាន សំឡេងគាំទ្រខ្លាំងនៅក្នុងការបោះឆ្នោតកន្លងមក។ រដ្ឋាភិបាលចម្រុះរបស់លោក Sebastian Kurz បានរលំរលាយ ក្រោយការបែកធ្លាយវីដេអូរឿងអាស្រូវ របស់អតីតអនុអធិការបតីអូទ្រីស លោក Heinz-Christian Strache  ពាក់ព័ន្ធនឹងការស្នើសុំជំនួយគាំទ្រពីរុស្ស៊ីជាមួយស្រ្តីម្នាក់ ជាថ្នូរនឹងការផ្ដល់កិច្ចសន្យារដ្ឋនានា ខណៈមជ្ឈដ្ឋានខ្លះគិតថានេះគឺជាទង្វើក្បត់ជាតិ។ តែលោក…

  • សេដ្ឋីនីពិភពលោកបរិច្ចាគប្រាក់ជិត២០ពាន់លានដុល្លារ ដល់មូលនិធិសប្បុរសធម៌

    សេដ្ឋីនីពិភពលោកបរិច្ចាគប្រាក់ជិត២០ពាន់លានដុល្លារ ដល់មូលនិធិសប្បុរសធម៌

    លោកស្រី MacKenie Bezos ដែលទើបលែងលះជាមួយស្វាមីបានសន្យាកាលពីម្សិលមិញថា លោកស្រីនឹងបរិច្ចាគទឹកប្រាក់យ៉ាងហោចណាស់ពាក់កណ្តាល នៃទ្រព្យសម្បត្តិដែលលោកស្រីមានទាំងអស់ ទៅកាន់មូលនិធិសប្បុរសធម៌។ លោកស្រី MacKenie ក្រោយពីលះលែងជាមួយលោក Jeff Bezos និងចែកទ្រព្យសម្បត្តិគ្នារួចមក លោកស្រីបានក្លាយជាសេដ្ឋីមួយរូបដែរនៅលើពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខ២២ ជាមួយនឹងទ្រព្យសម្បត្តិសរុប ៣៦,៦ពាន់លានដុល្លារអាមេរិក ដូច្នេះការបរិច្ចាគពាក់កណ្តាលគឺស្មើនឹងជិត២០ពាន់លានដុល្លារអាម៉េរិក។ ការប្រកាសបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់របស់លោកស្រី គឺត្រូវបានគេមើលឃើញថា ជាការលើកទឹកចិត្តឲ្យកំពូលមហាសេដ្ឋីលើលោក ធ្វើការបរិច្ចាគទឹកប្រាក់ ឬទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីកិច្ចការមនុស្សធម៌ អំឡុងពេលដែលពួកគេមានជីវិត និងទៅតាមឆន្ទៈគ្រប់ៗគ្នា។ គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនៃការបរិច្ចាគនេះ គឺត្រូវបានបំផុសឡើងដំបូងដោយ កំពូលមហាសេដ្ឋី Bill Gates និង Warren Buffett ហើយជាបន្តបន្ទាប់ទៀត ក៏មានមហាសេដ្ឋី និងបុគ្គលល្បីៗជាច្រើនទៀត យកគំរូតាមផងដែរ៕ធ.ដ

  • អាជ្ញាធរម៉ាឡេស៊ីគ្រោងបញ្ជូនសំរាមប្រមាណ៣,០០០តោន ទៅកាន់បណ្តាប្រទេសដើមវិញ

    អាជ្ញាធរម៉ាឡេស៊ីគ្រោងបញ្ជូនសំរាមប្រមាណ៣,០០០តោន ទៅកាន់បណ្តាប្រទេសដើមវិញ

    ម៉ាឡេស៊ី៖ សំរាមសរុបចំនួន៦០កុងតឺណឺ ឬស្មើនឹង៣,០០០តោន ដែលបានដឹកមកបោះចោលដោយខុសច្បាប់នៅម៉ាឡេស៊ី នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រភពដើមវិញ ហើយអ្នកដែលទទួលយកសំរាមទាំងនេះចូលមកក៏មានកំហុសដែរ គឺប្រៀបដូចជាជនក្បត់ប្រទេសជាតិ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីបរិស្ថានម៉ាឡេស៊ីអ្នកនាង Yeo Bee Yin។ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្រ្តីបរិស្ថានម៉ាឡេស៊ីរូបនេះ ពុំទាន់អាចបញ្ជាក់បានថា ក្រុមហ៊ុនក្នុងស្រុកចំនួនប៉ុន្មាន មានជាប់ពាក់ព័ន្ធបញ្ហានាំចូលសំរាមដោយខុសច្បាប់នេះនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងតែប្រព្រឹត្តទៅ ក៏ប៉ុន្តែអ្នកនាង Yeo បានអះអាងថា ជនដែលប្រព្រឹត្តទៅល្មើសទាំងអស់ នឹងត្រូវទទួលទោសតាមច្បាប់។គួរបញ្ជាក់ផងដែរថា បញ្ហាសំរាមក៏កំពុងកើតមានរវាងហ្វីលីពីន និងកាណាដាផងដែរ ដោយកាលពីសប្តាហ៍មុន លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បានបង្គាប់ឲ្យមន្ត្រីរដ្ឋាភិបាលរបស់លោក ជួលក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយ ដើម្បីដឹកសំរាម៦៩កុងតឺណឺត្រឡប់ទៅកាន់កាណាដាវិញ ហើយទុកចោលនៅក្នុងដែនទឹករបស់កាណាដាតែម្តង ប្រសិនបើពួកគេមិនព្រមទទួលយក៕ម.ន