Category: ព័ត៌មានអន្តរជាតិ

  • សាកសពអ្នកទោសប្រមាណ៤២នាក់ ត្រូវបានអាជ្ញាធររកឃើញនៅក្នុងពន្ធនាគារចំនួន៤ នៅប្រេស៊ីល

    សាកសពអ្នកទោសប្រមាណ៤២នាក់ ត្រូវបានអាជ្ញាធររកឃើញនៅក្នុងពន្ធនាគារចំនួន៤ នៅប្រេស៊ីល

    ប្រេស៊ីល៖ អ្នកទោសប្រមាណ៤២នាក់បានបាត់បង់ជីវិត នៅក្នុងពន្ធនាគារជាច្រើនកន្លែងដាច់ដោយឡែកពីគ្នា ស្ថិតនៅឯភាគខាងជើងប្រទេសប្រេស៊ីល។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរប្រេស៊ីល។ សាកសពអ្នកទោសទាំង៤២នាក់នេះ ត្រូវបានគេរកឃើញនៅក្នុងថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នាអំឡុងការធ្វើអធិការកិច្ចជាប្រចាំនៅក្នុងពន្ធនាគារ៤កន្លែងផ្សេងៗពីគ្នានៅទីក្រុង Manaus រដ្ឋ Amazonas ដោយអ្នកទោសទាំងនេះ ទំនងជាស្លាប់ដោយសារខ្វះខ្យល់អុកស៊ីសែន។ សូមរំលឹកផងដែរថា អ្នកទោសចំនួន១៥នាក់ ក៏បានស្លាប់ផងដែរ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដោយសារការផ្ទុះអំពើហិង្សារវាងក្រុមអ្នកទោសជាបងធំនៅឯពន្ធនាគារក្នុងរដ្ឋ Amazonas ៕ធ.ដ

  • រុស្ស៊ី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរវាងក្រុមអ្នកនយោបាយអាហ្វហ្កានីស្ថាន និងអ្នកតំណាងតាលីបង់ក្នុងសប្តាហ៍នេះ

    រុស្ស៊ី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរវាងក្រុមអ្នកនយោបាយអាហ្វហ្កានីស្ថាន និងអ្នកតំណាងតាលីបង់ក្នុងសប្តាហ៍នេះ

    រុស្ស៊ី៖ ក្រុមអ្នកនយោបាយប្រឆាំងលេចធ្លោនៅអាហ្វហ្កានីស្ថាន និងអ្នកតំណាងក្រុមបះបោរតាលីបង់ នឹងជួបគ្នានៅប្រទេសរុស្ស៊ី នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ដើម្បីជំរុញការចរចាការដោះស្រាយសង្គ្រាមអាហ្វហ្កានីស្ថាន ដែលបន្តធ្វើឱ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់ជារៀងរាល់ថ្ងៃ។ ជំនួបពិភាក្សារវាងភាគីទាំងពីរ គ្រោងធ្វើឡើងស្របពេលដែលការចរចាសន្តិភាពដោយផ្ទាល់រវាងសហរដ្ឋអាម៉េរិក និងក្រុមតាលីបង់ ហាក់មានភាពយឺតយ៉ាវ ឬសឹងតែជាប់គាំង ដោយសារក្រុមបះបោរបដិសេធមិនបញ្ឈប់អរិភាព លុះត្រាតែកងកម្លាំងអន្ដរជាតិដឹកនាំដោយអាម៉េរិកចេញពីអាហ្វហ្កានីស្ថាន ។ ជំនួបជុំពិសេសនោះ នឹងមានការចូលរួមដោយអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Hamid Karzai និងប្រធានក្រុមប្រឹក្សាសន្តិភាពជាន់ខ្ពស់អាហ្វហ្កានីស្ថាន លោក Mohammad Karim Khalili ដែលមានភារកិច្ចជំរុញការផ្សះផ្សាជាមួយក្រុមប្រឆាំងប្រដាប់អាវុធ។ បើតាមក្រសួងការបរទេសរុស្ស៊ី នៅមុនកិច្ចចរចាសន្តិភាពក្នុងថ្ងៃពុធនេះ គណៈប្រតិភូតាលីបង់ និងអាហ្វហ្កានីស្ថាន គ្រោងចូលរួមកិច្ចប្រជុំមួយនៅក្នុងថ្ងៃអង្គារនេះ ដើម្បីប្រារព្ធខួប១០០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងរដ្ឋាភិបាលក្រុងម៉ូស្គូ និងរដ្ឋាភិបាលក្រុងកាប៊ុល៕ធ.ដ

  • អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូលរួមប្រារព្ធពិធីទិវារំឭកយុទ្ធជនពលី

    អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូលរួមប្រារព្ធពិធីទិវារំឭកយុទ្ធជនពលី

    សហរដ្ឋអាម៉េរិក៖ ដោយសារប្រធានាធិបតីអាម៉េរិក លោក Donald Trump កំពុងបំពេញទស្សនកិច្ចនៅជប៉ុននោះ ដូច្នេះអនុប្រធានាធិបតីអាម៉េរិក លោក Mike Pence បានដាក់កម្រងផ្កានៅកន្លែងបញ្ចុះសពយុទ្ធជននៅ Arlington ជាប់រដ្ឋធានីវ៉ាស៊ីនតោន។ នៅទីបញ្ចុះសពយុទ្ធជននៅ Arlington លោក Mike Pence បានប្រាប់ឥស្សរជនយោធារាប់រយនាក់ និងសាច់ញាតិពួកគេថា ពលិកម្មរបស់យុទ្ធជនទាំងនេះធំធេងណាស់ ដែលសហរដ្ឋអាម៉េរិកមិនអាចតបស្នងវិញឲ្យបានពេញលេញឡើយ។ លោកថា ការពលីជីវិតដើម្បីជាតិនេះ មិនមានអ្វីប្រៀបធៀបបានទេ។ អនុប្រធានាធិបតីអាម៉េរិករូបនេះ បានបញ្ជាក់ថា យើងនឹងមិនអាចភ្លេចពួកគេបានទេ ហើយយើងនឹងមិនដែលភ្លេចគោរពពួកគេឡើយ កាតព្វកិច្ចរបស់ពួកគេ គឺបម្រើជាតិ ហើយ កាតព្វកិច្ចរបស់យើងគឺផ្តល់កិត្តិយសដល់ពួកគេ។ សូមរំលឹកថា ជនជាតិអាម៉េរិកប្រមាណ១លាន១សែននាក់បានស្លាប់នៅក្នុងជម្លោះ ប៉ុន្តែចំនួនស្លាប់ច្រើនបំផុតជិតកន្លះលាននាក់ គឺនៅក្នុងសង្គ្រាមស៊ីវិលនៅសតវត្សទី១៩ រវាងរដ្ឋភាគខាងជើង និងរដ្ឋភាគខាងត្បូងអំពីបញ្ហាទាសភាព។ ចំនួនពលរដ្ឋអាម៉េរិកស្លាប់ច្រើនបំផុត នៅក្នុងការប៉ះទង្គិចនៅក្រៅប្រទេស គឺមានជាង៤០ម៉ឺននាក់ក្នុងសង្គ្រាមលោកលើកទី២៕ធ.ដ

  • ជប៉ុនគ្រោងបញ្ជាទិញយន្ដហោះចម្បាំង F-35 ចំនួន១០៥គ្រឿងពីសហរដ្ឋអាម៉េរិក

    ជប៉ុនគ្រោងបញ្ជាទិញយន្ដហោះចម្បាំង F-35 ចំនួន១០៥គ្រឿងពីសហរដ្ឋអាម៉េរិក

    ជប៉ុន៖ ជប៉ុនមានគម្រោងបញ្ជាទិញយន្ដហោះចម្បាំងបំបាំងកាយ F-35 ចំនួន១០៥គ្រឿងពីសហរដ្ឋអាម៉េរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានស្នើជាច្រើនលើកឱ្យទីក្រុងតូក្យូ ទិញបរិក្ខារយោធាបន្ថែម ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ ការលើកឡើងបែបនេះរបស់លោក ត្រូវបានធ្វើឡើងនាឱកាសដែលរូបលោកកំពុងបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅក្នុងប្រទេសជប៉ុន ហើយដែលនឹងត្រូវបញ្ចប់នៅក្នុងថ្ងៃអង្គារ៍នេះ។ ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយថា សហរដ្ឋអាម៉េរិកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការបង្កើនសមត្ថភាពការពារជាតិ ហើយនារយៈពេលប៉ុន្មានខែមកនេះ យើងបានបញ្ជូនឱ្យពួកគេនូវបរិក្ខារយោធាដ៏ច្រើនសន្ធឹកសន្ធាប់៕ធ.ដ

  • គណបក្ស Brexit Party របស់អង់គ្លេស ទទួលជ័យជម្នះក្នុង ការបោះឆ្នោតសភាអឺរ៉ុប

    គណបក្ស Brexit Party របស់អង់គ្លេស ទទួលជ័យជម្នះក្នុង ការបោះឆ្នោតសភាអឺរ៉ុប

    អង់គ្លេស៖គណបក្ស ព្រីហ៊្សីត ផាតធី (Brexit Party) របស់លោក នីជែល ហ្វារ៉េជ ទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតសភាអឺរ៉ុប ប៉ុន្តែជ័យជម្នះនេះត្រូវបានរំពឹងថា នឹងធ្វើឱ្យអ្នកនយោបាយអង់គ្លេសកាន់តែបែកបាក់គ្នា ខណៈនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេរ៉េសា ម៉េ បរាជ័យក្នុងការនាំយកប្រទេសខ្លួនចេញពីសហភាពអឺរ៉ុប។ លោក នីជែល ហ្វារ៉េជ ដែលជាប់ឆ្នោតជាសមាជិកសភាអឺរ៉ុបមកពីតំបន់ ស៊ោវ អេស របស់អង់គ្លេស បានគូសបញ្ជាក់ថា រូបលោកចង់លូកដៃចូលក្នុងកិច្ចចរចាព្រីហ៊្សីត ប៉ុន្តែលោកបានព្រមានដែរថា នយោបាយអង់គ្លេស នឹងនៅតែស្ថិតនៅក្នុងភាពចលាចល រហូតដល់អង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ។ សូមជម្រាបថា គណបក្ស ព្រីហ៊្សីត ផាតធី របស់លោក នីជែល ហ្វារ៉េជ ទទួលបានសំឡេងគាំទ្រ៣៣,៣ភាគរយ គណបក្សសេរីប្រជាធិបតេយ្យទទួលបានសំឡេង២០,៩ភាគរយ រីឯគណបក្សអភិរក្សនិយមទទួលបានសំឡេងគាំទ្រ៨,៨ភាគរយ នេះបើយោងតាមលទ្ធផលបឋមចេញផ្សាយដោយសារព័ត៌មាន BBC របស់អង់គ្លេស៕ធ.ដ

  • មនុស្សម្នាក់ស្លាប់ និងរបួស២៦នាក់ ក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏កក្រើក កម្រិត៨រ៉ិកទ័យវាយប្រហារភាគខាងជើងប្រទេសប៉េរូ

    មនុស្សម្នាក់ស្លាប់ និងរបួស២៦នាក់ ក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏កក្រើក កម្រិត៨រ៉ិកទ័យវាយប្រហារភាគខាងជើងប្រទេសប៉េរូ

    ប៉េរូ៖ គ្រោះរញ្ជួយដីក្នុងកម្រិត៨រ៉ិកទ័របានវាយប្រហារលើភាគខាងជើងប្រទេសប៉េរូ នៅក្នុងថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ធ្វើឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងប្រមាណ២៦នាក់ទៀតរងរបួស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN។ ប្រភពដដែលបន្តថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ ក៏បានបង្កការញាប់ញ័រដល់ប្រទេសក្បែរខាងប៉េរូផងដែរ ដូចជា កូឡុំប៊ី ប្រេស៊ីល និងបូលីវី ហើយបើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាម៉េរិក (USGS) គ្រោះធម្មជាតិនេះ ស្ថិតនៅចម្ងាយ១៨០គីឡូម៉ែត្រពីភាគខាងកើតទីក្រុងម៉ូយ៉ូបាំបា ជាមួយជម្រៅរញ្ជួយទៅក្នុងដី១០៥គីឡូម៉ែត្រ។ ដោយឡែកលំនៅដ្ឋាន១៣០ខ្នងរងការបំផ្លាញ រួមទាំងមន្ទីរពេទ្យ សាលារៀន និងគ្លីនិចរាប់សិបខ្នងទៀតក៏រងការបំផ្លិចបំផ្លាញផងដែរ។ សូមជម្រាបថា ប៉េរូមានទីតាំងភូមិសាស្ត្រស្ថិតនៅតំបន់ខ្សែក្រវាត់ភ្នំភ្លើងព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលប្រការនេះ នាំឲ្យប្រទេសអាម៉េរិកឡាទីនមួយនេះ ងាយរងគ្រោះធម្មជាតិផ្សេងៗ ជាពិសេសគឺរញ្ជួយផែនដី៕ធ.ដ

  • សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ប្រកាសទទួលស្គាលលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣ បឋម

    សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ប្រកាសទទួលស្គាលលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣ បឋម

    ភ្នំពេញ៖ តាម​ការសង្កេត​យ៉ាង​យកចិត្ត​ទុកដាក់ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ទទួលស្គាល់ ការបោះឆ្នោត​ក្រុមប្រឹក្សា អាណត្តិទី៣ កាលពី​ថ្ងៃអាទិត្យ ទី​២៦​ឧសភា ឆ្នាំ២០១៩ ពិតជា​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន គោរព​ច្បាប់ ត្រឹមត្រូវ និង​តម្លាភាព​។​ តាមរយៈនេះ សមាគម ក៏បានប្រកាស​គាំទ្រ​លទ្ធផល​បោះឆ្នោត​បឋម ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បានលើកឡើង​នូវ​ការសង្កេត​ឃើញ ៦​ចំណុច។

  • ការនាំចេញឈើ និងផលិតផលធ្វើពីឈើរបស់វៀតណាមកើនឡើងខ្លាំង ទទួលចំណូលជិត៣,១២ពាន់លានដុល្លារ ត្រឹមពេល៤ខែដំបូង នៅឆ្នាំ២០១៩

    ការនាំចេញឈើ និងផលិតផលធ្វើពីឈើរបស់វៀតណាមកើនឡើងខ្លាំង ទទួលចំណូលជិត៣,១២ពាន់លានដុល្លារ ត្រឹមពេល៤ខែដំបូង នៅឆ្នាំ២០១៩

    ការនាំចេញឈើ និងផលិតផលធ្វើពីឈើរបស់វៀតណាមមានទំហំជិត៣,១២ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៤ខែដំបូង នៅឆ្នាំ២០១៩ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើង១៨,៣ភាគរយ នេះបើតាមការអគ្គនាយកដ្ឋានពន្ធដារ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។ប្រភពថា ទីផ្សារនាំចូលឈើពីវៀតណាមច្រើនជាងគេទាំង១០រួមមាន អាម៉េរិក ចិន កូរ៉េខាងត្បូង អង់គ្លេស អាល្លឺម៉ង់ កាណាដា អូស្ត្រាលី បារាំង និងហូឡង់។ ការកើនឡើងខ្លាំងខាងតម្រូវការ ពីទីផ្សារសំខាន់របស់វៀតណាម ដូចជា អាម៉េរិក និងជប៉ុនជាដើមនោះ បានកើនឡើង ក្នុងរយៈពេលបួនខែមកនេះ។ បន្ថែមពីនេះ ការពង្រឹងបរិស្ថានវិនិយោគ និងអាជីវកម្មក្នុងស្រុកបានជួយជំរុញដល់ចង្វាក់ផលិតកម្មឈើ និងសកម្មភាពនាំចេញរបស់បណ្តាសហគ្រាស ក្នុងឧស្សាហកម្មផលិតផលធ្វើពីឈើ៕ម.ន  

  • ផ្ទុះគ្រាប់បែកនៅប្រទេសនេបាល់ បណ្តាលឲ្យមនុស្សស្លាប់ និងរបួស១១នាក់

    ផ្ទុះគ្រាប់បែកនៅប្រទេសនេបាល់ បណ្តាលឲ្យមនុស្សស្លាប់ និងរបួស១១នាក់

    នេបាល់៖ សារព័ត៌មានចិន CGTN បានរាយការណ៍ថា មនុស្សយ៉ាងតិចចំនួន៤នាក់ បានបាត់បង់ជីវិត និង៧នាក់ទៀតទទួលរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកជាច្រើនគ្រាប់ នៅរដ្ឋធានី កាត់ម៉ាន់ឌូ ប្រទេសនេប៉ាល់។ ប្រភពដដែលបន្តថា គ្រាប់បែក៣គ្រាប់ ដែលមួយគ្រាប់ត្រូវបំផ្ទុះឡើងនៅកណ្តាលរដ្ឋធានីនេះ និង២គ្រាប់ទៀត នៅជាយរដ្ឋធាននីនេះ បានកើតមានឡើងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ហើយបើតាមមន្ត្រីប៉ូលិសនេបាល់ ឧបករណ៍បំផ្ទុះកែច្នៃត្រូវគេជឿថា ត្រូវបានប្រើដើម្បីបំផ្ទុះនេះ។ រហូតមកទល់ពេលនេះ នៅពុំទាន់មានក្រុមជ្រុលនិយមណាមួយចេញមុខប្រកាសទទួលខុសត្រូវ ចំពោះករណីវាយប្រហារទាំងនេះនៅឡើយទេ ស្របពេលដែលក្រុមអាជ្ញាធរនេបាល់ បានធ្វើការបិទផ្លូវចេញចូលកន្លែងផ្ទុះគ្រាប់បែកទាំងនេះ ក៏ដូចជាចាប់ផ្តើមបើកដំណើរការការស៊ើបអង្កេត៕ធ.ដ

  • ប្រមុខការទូតអ៊ីរ៉ង់អះអាងថា នឹងចាត់វិធានការពារខ្លួនឯង ដើម្បីប្រឆាំងនឹង ការឈ្លានពានណាមួយពីសត្រូវ

    ប្រមុខការទូតអ៊ីរ៉ង់អះអាងថា នឹងចាត់វិធានការពារខ្លួនឯង ដើម្បីប្រឆាំងនឹង ការឈ្លានពានណាមួយពីសត្រូវ

    អ៊ីរ៉ាក់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នៅថ្ងៃអាទិត្យសប្តាហ៍នេះ បានជំរុញឱ្យបណ្តាប្រទេសនៅអឺរ៉ុបអនុវត្តការសន្យារបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Mohamed Ali Alhakim បានអះអាងដែរថា ទីក្រុងបាកដាដ នឹងឈរនៅខាងទីក្រុងតេហេរ៉ង់ ហើយនឹងបដិសេធរាល់វិធានការឯកតោភាគីរបស់សហរដ្ឋអាម៉េរិក។ ការលើកឡើងបែបនេះរបស់ប្រមុខការទូតប្រទេសទាំងពីរ ត្រូវបានធ្វើឡើងក្នុងអំឡុងការធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ ស្របពេលដែលលោក Javad Zarif កំពុងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ ប្រមុខការទូតអ៊ីរ៉ាក់បាននិយាយថា អ៊ីរ៉ាក់នឹងឈរនៅខាងអ៊ីរ៉ង់ ក៏ដូចជានឹងដើរតួនាទីជាអ្នកសម្របសម្រួលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ហើយយើងជឿជាក់ថា ការដាក់ទណ្ឌកម្ម ឬការបិទខ្ទប់សេដ្ឋកិច្ចមិនមែនជាដំណោះស្រាយនោះទេ៕ធ.ដ