-
អាម៉េរិកត្រៀមលក់អាវុធតម្លៃជាង៧ពាន់លានដុល្លារអាម៉េរិក ទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានគម្រោងលក់អាវុធមានតម្លៃជាង៧ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់ ដោយមិនចាំបាច់សភាអនុម័ត។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។New York Times បានឱ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃក៍ ប៉ុមប៉េអូ និងមន្ត្រីក្រសួងការបរទេសអាម៉េរិកជាច្រើននាក់ កំពុងជំរុញឱ្យរដ្ឋបាលលោក ត្រាំ ដាក់ចេញនូវវិធានការផ្គត់ផ្គង់ជាបន្ទាន់មួយ ដើម្បីអនុញ្ញាតឱ្យលោក ដូណាល់ ត្រាំ ផ្ទាល់អាចបង្ការ ឬរារាំង សភាពីការលុបចោលគម្រោងលក់អាវុធ។ ប៉ុន្តែទន្ទឹមគ្នា សេចក្ដីរាយការណ៍ពីគម្រោងលក់អាវុធនេះ បានបង្កឱ្យអ្នកនយោបាយបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋជាច្រើននាក់ខឹងសម្បារយ៉ាងខ្លាំង ដោយសារតែពួកគេព្រួយបារម្ភខ្លាចក្រែងអាវុធអាម៉េរិក ត្រូវបានយកទៅប្រើប្រាស់ក្នុងសង្រ្គាមបង្ហូរឈាមនៅយ៉េមែន។គួរបញ្ជាក់ថា ការចេញផ្សាយខាងលើរបស់ New York Times កើតមានឡើងនៅចំពេលដែល សហរដ្ឋអាម៉េរិក និងអារ៉ាប៊ីសាអូឌីត កំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់ ក្រោយក្រុមមន្ត្រីនៃប្រទេសទាំង២ បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេង៤គ្រឿង ក្នុងនោះមាន២គ្រឿងជាកម្មសិទ្ធិរបស់អារ៉ាប៊ីសាអូឌីត នៅឯតំបន់ឈូងសមុទ្រនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីពេលថ្មីៗនេះ៕ម.ន
-
ត្រឹមរយៈពេល៦ខែ Facebook លុបគណនីក្លែងក្លាយ៣ពាន់លានគណនី

ចាប់ពីខែតុលាឆ្នាំ ២០១៨ ដល់ខែមីនាឆ្នាំ ២០១៩ ហ្វេសប៊ុក បានលុបគណនីក្លែងក្លាយ៣ពាន់លានគណនី នេះបើតាម Facebook បានចេញផ្សាយរបាយការណ៍ចុងក្រោយមួយ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២៤ ឧសភានេះ។ ក្នុងអំឡុងពេល៦ខែនេះ Facebook បានលុបចេញនូវគណនីក្លែងក្លាយជាង៣ពាន់លានគណនី ជាចំនួនច្រើនបំផុតមួយ។ ការកើនឡើងនៃចំនួនគណនីក្លែងក្លាយនេះក៏ដោយសារមានជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រស្វ័យប្រវត្តមួយ ដើម្បីបង្កើតគណនីក្លែងក្លាយក្នុងទ្រង់ទ្រាយធំ។យ៉ាងណាក៏ដោយ Facebook បានប្រទះឃើញ និងលុបចេញភ្លាមៗក្នុងពេលត្រឹមតែប៉ុន្មាននាទី មុននឹងគណនីក្លែងក្លាយទាំងនោះ មានឱកាសបំពុលលើបណ្ដាញខ្លួន។ Facebook បានឲ្យដឹងដែរថា ៥% នៃចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែ សុទ្ធសឹងជាគណនីក្លែងក្លាយទាំងអស់៕ម.ន
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកបង្ហាញផែនការផ្តល់ជំនួយ១៦ពាន់លានដុល្លារដល់ កសិករដែលរងគ្រោះពីសង្គ្រាមពាណិជ្ជកម្មជាមួយចិន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ បានបញ្ចេញកញ្ចប់ជំនួយថ្មីចំនួន១៦ពាន់លានដុល្លារដើម្បីជួយដល់កសិករ ដែលរងគ្រោះក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន លោក ដូណាល់ ត្រាំ និយាយថា កសិករដែលត្រូវបានវាយប្រហារដោយចិន យើងនឹងជួយកសិកររបស់យើង ហើយយើងនឹងផ្តល់ឱ្យពួកគេនូវកម្រិតឱកាសស្មើភាពគ្នា ដែលមានសារសំខាន់។ លោក ត្រាំ បានអះអាងជាថ្មីទៀតថា ចិនកំពុងបង់ពន្ធគយ២៥ភាគរយ ដែលលោកបានវាយទៅលើការនាំចូលតម្លៃ២០០ពាន់លានដុល្លារ ដែលក្រុមសេដ្ឋកិច្ចវិទូយល់ស្របដែរថា ត្រូវបានបង់ដោយបណ្តាក្រុមហ៊ុន និងអ្នកប្រើប្រាស់។ ប្រធានាធិបតីរូបនេះអះអាងទៀតថា ប្រាក់មួយចំនួននោះ នឹងទៅដល់ដៃកសិករដើម្បីជួយពួកគេក្នុងអំឡុងពេលមួយ ដែលពាណិជ្ជកម្មមិនយុត្តិធម៌ចំពោះពួកគេ។ បើតាមរដ្ឋមន្ត្រីកសិកម្មអាម៉េរិកលោក សូននី ភើឌូ ភាគច្រើននៃថវិកាជំនួយនេះ នឹងត្រូវទូទាត់ដោយផ្ទាល់ទៅដល់ដៃអ្នកដាំដំណាំ និងអ្នកចិញ្ចឹមសត្វ ខណៈចំណែកតូចមួយទៀតនៃជំនួយនឹងត្រូវប្រើដើម្បីទិញស្បៀងសម្រាប់ប្រើក្នុងកម្មវិធីជំនួយអាម៉េរិក ដូចជា ធនាគារស្បៀង និងកម្មវិធីអាហារថ្ងៃត្រង់នៅតាមសាលានានា៕ធ.ដ
-
ចិនប្រកាសថ្កោលទោសសហរដ្ឋអាម៉េរិក ចំពោះការដាក់បញ្ចូលក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅ

ចិន៖ ក្រសួងពាណិជ្ជកម្មចិនបានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះសហរដ្ឋអាម៉េរិកដែលបានសម្រេចចិត្តដាក់បញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ហើយទីក្រុងប៉េកាំងក៏បានជំទាស់នឹងបណ្ដាប្រទេសដែលចង់ចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោនផងដែរ។ គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានចាត់បញ្ចូលក្រុមហ៊ុន Huawei និងក្រុមហ៊ុនជាសាខាជាង៧០ទៀតទៅក្នុងបញ្ជីខ្មៅ ដែលត្រូវរឹតត្បិតសកម្មភាពនៅក្នុងសហរដ្ឋអាម៉េរិក ដោយសារព្រួយបារម្ភពីសន្តិសុខជាតិ ហើយមិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនក៏បានជំរុញឱ្យប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន ឈប់ប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសគឺបណ្តាញ 5G របស់ Huawei ថែមទៀតផង។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក កៅ ហ្វេង បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍តនេះថា ទីក្រុងវ៉ាស៊ីនតោនគួរតែប្រកាន់ភ្ជាប់នូវអាកប្បកិរិយាប្រកបដោយហេតុផល ក៏ដូចជាកែតម្រូវសកម្ម ភាពដ៏មានគ្រោះថ្នាក់របស់ខ្លួននាពេលបច្ចុប្បន្ននេះជាមុនសិន ទើបអាចចូលមកចរចាដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងបាន។ លោក កៅ ហ្វេង បានសង្កត់ធ្ងន់ថា ចិនបានដាក់ពាក្យតវ៉ាទៅកាន់សហរដ្ឋអាម៉េរិករួចរាល់ហើយ ក៏ដូចជានឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារផលប្រយោជន៍របស់ខ្លួន៕ធ.ដ
-
នៅទីបំផុតលោក Narendra Modi ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជាថ្មី របស់ប្រទេសឥណ្ឌា

ឥណ្ឌា៖ លោក Narendra Modi បានថ្លែងអរគុណយ៉ាងខ្លាំងដល់ប្រជាជនឥណ្ឌា ដែលបោះឆ្នោតគាំទ្ររូបលោក ឱ្យបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត បន្ទាប់ពីលទ្ធលផលបោះឆ្នោតបង្ហាញថា គណបក្សរបស់លោកទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកល។ បើតាមលទ្ធផលឆ្នោតចុងក្រោយចេញផ្សាយកាលពីយប់ថ្ងៃ ព្រហស្បតិ៍តសប្តាហ៍នេះ គណប្ស BJP របស់លោក Narendra Modi ទទួលបានអាសនៈនៅក្នុងសភា៣០០អាសនៈ ក្នុងចំណោមអាសនៈសរុប៥៤៣ ដែលនេះគឺជាជ័យជម្នះដ៏ធំបំផុតបើធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៤ ។ ជាមួយគ្នានេះ មេដឹកនាំគណបក្សប្រឆាំងលោក Rahul Gandhi ក៏បានទទួលស្គាល់បរាជ័យផងដែរ។ នៅចំពោះមុខក្រុមអ្នកគាំទ្រគណបក្ស Bharatiya Janata Party (BJP) លោក Narendra Modi បាននិយាយយ៉ាងដូច្នេះថា យើងទាំងអស់គ្នាសុទ្ធតែចង់បានប្រទេសឥណ្ឌាថ្មីមួយ ហើយលោកពិតជាអរគុណដល់អ្នកទាំងអស់គ្នា ដែលបានបោះឆ្នោតគាំទ្ររូបលោក និងគណបក្សរបស់លោក៕ធ.ដ
-
ប៉ាគីស្ថានទទួលជោគជ័យក្នុងការបាញ់តេស្តមីស៊ីលផ្លោងបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរ និងហោះបានចម្ងាយឆ្ងាយ

ប៉ាគីស្ថាន៖ ប៉ាគីស្ថានបានប្រកាសទទួលជោគជ័យ ក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងរបស់ខ្លួនហៅថា Shaheen-II ដែលអាចបំពាក់ក្បាលគ្រាប់ធម្មតា ឬក្បាលគ្រាប់នុយក្លេអ៊ែរបាន និងមានសមត្ថភាពហោះបានចម្ងាយ១,៥០០គីឡូម៉ែត្រ។ ការធ្វើតេស្តមីស៊ីលផ្លោងនេះ ត្រូវបានឡើងបន្ទាប់ពីឥណ្ឌាទើបបាញ់សាកល្បងមីស៊ីលប្រដេញ BrahMos និងក្រោយពីរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Shah Mehmud Qureshi ទើបតែបានជួបពិភាក្សាក្រៅផ្លូវការជាមួយសមភាគីឥណ្ឌា លោកស្រី Sushma Swaraj ដែលវាគឺជាជំនួបលើកដំបូងបំផុតរវាងភាគីទាំងពីរ គិតចាប់តាំងតែពីការផ្ទុះភាពតាននៅឯតំបន់កាស្មៀរ កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ។ ពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលផ្លោងនេះដែរ ស្ថាប័នព័ត៌មានរបស់យោធាប៉ាគីស្ថាន ISPR បានបញ្ជាក់នៅក្នុងថ្ងៃព្រហស្បតិ៍តនេះថា ការធ្វើតេស្តសព្វាវុធខាងលើមានគោលដៅដើម្បីធានានូវសមត្ថភាពត្រៀមលក្ខណៈធ្វើប្រតិបត្តិការ នៃកងកម្លាំងទទួលខុសត្រូវផ្នែកអាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថាន ហើយថា គ្រាប់មីស៊ីល Shaheen-II ដែលគេបាញ់សាកល្បងនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រអារ៉ាប់៕ធ.ដ
-
អ្នកវិទ្យាសាស្រ្តរកឃើញបាតុភូតចម្លែកមួយទៀត ដែលអាចជាកត្តាបង្កឲ្យភពព្រះអង្គារ លែងមានទឹក

បរទេស៖ នៅក្នុងបរិយាកាសភពអង្គារមានប្រហោងមួយ ដែលតែងតែបើកចំហជារៀងរាល់០២ឆ្នាំម្តង ហើយបញ្ចេញចំហាយទឹកមួយចំនួនទៅក្នុងទីអវកាស និងខ្លះទៀតទៅកាន់តំបន់ប៉ូលទាំងពីររបស់វា។ អ្នកវិទ្យាសាស្រ្តនៅលើផែនដីអាចមើលឃើញថា មានចំហាយទឹកស្ថិតក្នុងបរិយាកាសរបស់ភពអង្គារ ហើយចំហាយទឹកនោះកំពុងតែរសាត់ទៅតំបន់ប៉ូលរបស់វា។ ប៉ុន្តែមកទល់ពេលនេះ ពុំមានការបកស្រាយល្អណាមួយ ដែលអាចបញ្ជាក់ថា វដ្តនៃចំណាយទឹកភពអង្គារដំណើរការដោយរបៀបណា ឬក៏ហេតុអ្វី ដែលបានជាភពធ្លាប់សម្បូរដោយធនធានទឹកនេះ ឥឡូវប្រែជាមកជាស្ងួតហែងបែបនេះឡើយ ។ គួរជម្រាបថា បាតុភូតនេះ ក៏ប្រហែលជាផ្នែកមួយនៃដំណើររឿងដែលថា ភពអង្គារបានប្រែក្លាយពីដែនដី ដែលធ្លាប់តែសម្បូរដោយសំណើម មកជាភពក្រហមដែលពុំមានប្រភពទឹកនៅលើផ្ទៃរបស់វាដូចសព្វថ្ងៃ៕ធ.ដ
-
ការបោះឆ្នោតសភាអឺរ៉ុបនៅហូឡង់ និងអង់គ្លេសចាប់ផ្តើមហើយ មានរយៈពេល៤ថ្ងៃ នៅទូទាំងប្រទេសចំនួន២៨

អឺរ៉ុប៖ ការិយាល័យបោះឆ្នោតជាច្រើនទីតាំងបានចាប់បើកទ្វារជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍តនេះ នៅក្នុងប្រទេសហូឡង់ និងអង់គ្លេស ដើម្បីឱ្យអ្នកបោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុប។ ប្រជាជននៅទូទាំងទ្វីបអឺរ៉ុបនឹងបោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន៧៥១រូប ប៉ុន្តែចំនួននេះ នឹងត្រូវបានកាត់បន្ថយមកនៅត្រឹម៧០៥រូប នៅពេលដែល អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ អង់គ្លេសមានសមាជិកសភា៧៣រូបនៅសភាអឺរ៉ុប ហើយអ្នកទាំងនេះនឹងបាត់បង់ការងារនៅពេលប្រទេសរបស់ពួកគេចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។ ការបោះឆ្នោតខាងលើ នឹងប្រព្រឹត្តទៅពីថ្ងៃព្រហស្បតិ៍តនេះ រហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ នៅទូទាំងប្រទេសចំនួន២៨ ដែលជាសមាជិកសភាអឺរ៉ុប ហើយការបោះឆ្នោតនេះដែរ នៅហូងឡង់ត្រូវបានគេយកទុកដាក់ជាងគេ ពីព្រោះប្រទេសមួយនេះសម្បូរទៅដោយអ្នកនយោបាយ ដែលមាននិន្នាការប្រឆាំងសហភាពអឺរ៉ុប និងជនអន្តោប្រវេសន៍ ។ ចំណែកឯលទ្ធផលបោះឆ្នោត នឹងមិនត្រូវបានប្រកាសជាផ្លូវការឡើយ រហូតដល់យប់ថ្ងៃអាទិត្យដដែលនេះ ប៉ុន្តែទូរទស្សន៍រដ្ឋហូឡង់ NOS នឹងផ្សាយលទ្ធផលបណ្ដោះអាសន្ន បន្ទាប់ពីការរិយាល័យបោះឆ្នោតបិទនៅយប់ថ្ងៃព្រហស្បតិ៍តនេះ៕ធ.ត
-
រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាម៉េរិកសង្ឃឹមថា ការចរចាជាមួយចិន អាចនឹងបន្តធ្វើឡើងទៀត

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្ទេវិន ម៊្ញូឈីន បានបញ្ជាក់នៅក្នុងថ្ងៃពុធនេះថា ប្រទេសលោកកំពុងសិក្សាអំពីរបៀបដែលការដំឡើងពន្ធលើការនាំចូលរបស់ចិនតម្លៃប្រហែល៣០០ពាន់លានដុល្លារ នឹងប៉ះពាល់ដល់អតិថិជនកម្រិតណា ដែលយ៉ាងហោចណាស់ គឺសល់តែមួយខែទៀតប៉ុណ្ណោះ នឹងដល់ពេលត្រូវអនុម័តពន្ធគយនេះហើយ។លោកបាននិយាយនៅក្នុងសវនាការជាមួយសមាជិកសភាអាម៉េរិកថា នឹងមិនមានការសម្រេចចិត្តណាមួយទេ ប្រហែល៣០ទៅ៤៥ថ្ងៃទៀត ហើយថា លោកបាននិយាយជាមួយប្រធានមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន វ៉លម៉ាត អាយអ៊ិនស៊ី អំពីរបៀបដែលពន្ធគយនឹងប៉ះពាល់ដល់តម្លៃទំនិញប្រើប្រាស់រួចហើយ។ក្នុងអំឡុងរយៈពេល៣០ថ្ងៃនេះ នឹងតំណាងឱ្យកាលវិភាគដ៏មានសន្ទុះលឿនមួយ បើប្រៀបធៀបទៅនឹងពន្ធអាម៉េរិកជុំមុនៗ ហើយវានឹងមានន័យថា ការដំឡើងពន្ធមួយសំណុំបន្ទាប់ទៀត នឹងរៀបចំរួចជាស្រេច នៅពេលដែលលោក ត្រាំ ជួបប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដូចដែលគេរំពឹងទុកនៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុននាថ្ងៃទី២៨ និងទី២៩ ខែមិថុនាខាងមុខ។ យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិករូបនេះបានអះអាងដែរថា រូបលោកនៅតែសង្ឃឹមថា យើងអាចត្រឡប់ទៅកាន់តុចរចាវិញ៕ម.ន
-
មន្ទីរបញ្ចកោណស្នើសុំបញ្ចូនកងទ័ពអាម៉េរិកបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា

សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកត្រូវបានគេរាយការណ៍ថា បាននិងកំពុងធ្វើការពិចាណារលើសំណើមួយ ដែលមានគោលបំណងបញ្ជូនកងទ័ពអាម៉េរិកបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលមានភាពតានតឹងកើនឡើងខ្លាំងជាមួយអ៊ីរ៉ង់។ពាក់ព័ន្ធនឹងរបាយការណ៍នៃចំនួនកងទ័ព ត្រូវបានមន្ត្រីអាម៉េរិកពីររូបបញ្ជាក់ប្រាប់អ្នកយកព័ត៌មានរ៉យទ័រនៅក្នុងថ្ងៃពុធនេះថា សំណើខាងលើនេះ ត្រូវបានស្នើសុំកងទ័ពចំនួន៥,០០០នាក់ ប៉ុន្តែបើតាមសារព័ត៌មាន អាសូស៊ីអេដ ប្រេស ផ្អែកលើប្រភពពីមន្រ្តីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា មន្ទីរបញ្ចកោណត្រូវបានគេរំពឹងថា នឹងបញ្ជូនសំណើសុំកងទ័ពរហូតដល់១០,០០០នាក់។ គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកផ្ទុះឡើងខ្លាំង ក្រោយទីក្រុងវ៉ាស៊ីនតោនបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង និងកងយន្ដហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ការវាយប្រហាររបស់អ៊ីរ៉ង់លើកងទ័ពអាម៉េរិក និងសម្ព័ន្ធមិត្តនៅទីនោះ។ ថ្មីៗនេះដែរ វីដេអូមួយដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញថា យានយន្ដធុនធ្ងន់អ៊ីរ៉ង់ជាច្រើនគ្រឿងបានដឹកប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 និងបរិក្ខារយោធាដទៃទៀតទៅកាន់ទីក្រុងឆ្នេរ អាសាលលូយ៉េ ខេត្ត ប៊ូសស៊ី ដែលស្ថិតនៅតាមបណ្ដោយឈូងសមុទ្រពែក្ស។ ប៉ុន្តែទន្ទឹមគ្នានេះ ខាងយោធាអ៊ីរ៉ង់មិនទាន់ទទួលស្គាល់ ឬក៏បដិសេធការដាក់ពង្រាយមីស៊ីល S-300 នៅឡើយទេ៕ម.ន