-
នៅទីបំផុតលោក Narendra Modi ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តី របស់ប្រទេសឥណ្ឌាសម្រាប់អាណត្តិថ្មីបន្តទៀត

ឥណ្ឌា៖ ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind នាល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បានសម្រេចតែងតាំងលោក Narendra Modi ជានាយករដ្ឋមន្រ្តីឥណ្ឌាសម្រាប់អាណត្តិថ្មីរយៈពេល៥ឆ្នាំទៀត ក្រោយទទួលបានសារលិខិតគាំទ្រពីគណបក្សសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដែលកំពុងកាន់អំណាចនៅប្រទេសឥណ្ឌា។ ថ្លែងទៅកាន់អ្នកគាំទ្រគណបក្ស Bharatiya Janata Party (BJP) របស់ខ្លួន លោក Narendra Modi បានអរគុណយ៉ាងខ្លាំងដល់ប្រជាជនឥណ្ឌា ដែលបោះឆ្នោតគាំទ្ររូបលោកឱ្យបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា៥ឆ្នាំបន្តទៀត ក្រោយលទ្ធលផលបោះឆ្នោតបង្ហាញថា គណបក្សរបស់លោកទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកល។ សូមរំលឹកថា បើតាមលទ្ធផលឆ្នោតចុងក្រោយ ចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍តសប្តាហ៍កន្លងទៅ គណប្ស BJP របស់លោក Modi ទទួលបានអាសនៈនៅក្នុងសភា៣០០អាសនៈ ក្នុងចំណោមអាសនៈសរុប៥៤៣ ដែលនេះគឺជាជ័យជម្នះដ៏ធំបំផុត បើធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៤ ។ ចំណែកឯមេដឹកនាំគណបក្សប្រឆាំងលោក Rahul Gandhi ក៏បានទទួលស្គាល់បរាជ័យផងដែរ៕ធ.ដ
-
លោក ត្រាំ បំពេញទស្សនកិច្ចនៅជប៉ុន ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ជាមួយចិនកើនឡើងខ្លាំង

ជប៉ុន៖ ក្នុងអំឡុងបំពេញទស្សនកិច្ចនៅជប៉ុន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានលេងកីឡាវាយកូនគោលយ៉ាងសប្បាយរីករាយជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ខណៈជម្លោះពាណិជ្ជកម្មជាមួយចិនកំពុងឡើងកម្ដៅកាន់ខ្លាំង។ លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ជប៉ុនកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដើម្បីផ្ដើមបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្នុងនាមជាមេដឹកនាំបរទេសដំបូងគេបំផុតដែលធ្វើទស្សនកិច្ចនៅជប៉ុន ក្នុងសករាជ Reiwa ព្រះចៅអធិរាជថ្មី Naruhito។ នាឱកាសនោះ មេដឹកនាំទាំង២ បានទទួលទានអាហារជាមួយគ្នា និងលេងកីឡាវាយកូនគោលនៅក្បែរទីក្រុងតូក្យូ ហើយនៅល្ងាចដដែលនេះ លោក ត្រាំ និងលោក អាបេ នឹងត្រូវចូលរួមទស្សនាការប្រកួតកីឡា Sumo ផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ នៅក្នុងថ្ងៃសៅរ៍ដដែលនោះ លោក ត្រាំ បានអំពាវនាវឱ្យមានការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌។ សូមជម្រាបថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បើតាមការរំពឹងទុកនោះថា រូបលោកនឹងចំណាយពេលពេញមួយថ្ងៃនៅថ្ងៃអាទិត្យម្សិលមិញនេះ ជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ មុននឹងជំនួបកំពូលរវាងមេដឹកនំាទាំងពីរត្រូវធ្វើឡើងនៅក្នុងថ្ងៃចន្ទ ដើមសប្តាហ៍នេះ៕ធ.ដ
-
កូរ៉េខាងជើងអះអាងថា គ្មានឡើយកិច្ចចរចានុយក្លេអ៊ែរជាថ្មីទៀតទេ ដរាបណាសហរដ្ឋអាម៉េរិកមិនផ្លាស់ប្ដូរគោលជំហររបស់ខ្លួន

កូរ៉េខាងជើង៖ គ្មានឡើយការចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរសាជាថ្មីទៀត ដរាបណាសហរដ្ឋអាម៉េរិក មិនព្រមផ្លាស់ប្ដូរគោលជំហររបស់ខ្លួននាពេលបច្ចុប្បន្ន ចេញជាមុនទេនោះ នេះបើតាមការអះអាងរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងហាក់កើនឡើងកម្តៅខ្លំាងឡើងវិញ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនំាប្រទេសទំាងពីរនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅនេះទទួលបរាជ័យ ។ ជាពិសេសក្រោយទីក្រុងវ៉ាស៊ីនតោនបានប្រកាសកាលពីខែមេសាថា ខ្លួនបានរឹបអូសនាវាដឹកធ្យូងថ្មមួយគ្រឿងរបស់កូរ៉េខាងជើង ដោយចោទថា បានរំលោភបំពានលើច្បាប់អន្តរជាតិ ។ ពាក់ព័ន្ធនឹងការរឹបអូសនាវាខាងលើ កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានធ្វើការអំពាវនាវឱ្យសហរដ្ឋអាម៉េរិកប្រគល់នាវារបស់ខ្លួនត្រឡប់មកវិញ ដោយគ្មានលក្ខខណ្ឌ ហើយថែមទំាងព្រមានដែរថា ទីក្រុងព្យុងយ៉ាងនឹងមិនចុះញមឡើយចំពោះការទណ្ឌកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ៕ធ.ដ
-
អាជ្ញាធរឥណ្ឌូណេស៊ីប្រកាសឲ្យប្រជាជន និងអ្នកទេសចរបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈភ្នំភ្លើង Agung នៅកោះបាលីផ្ទុះឡើងជាថ្មីម្តងទៀត

ឥណ្ឌូណេស៊ី៖ ភ្នំភ្លើងឈ្មោះថា Agung ដែលស្ថិតនៅលើកោះបាលី បានផ្ទុះឡើងជាថ្មីម្តងទៀតនៅក្នុងថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ហើយថែមទំាងបានបញ្ចេញផេះ និងកម្អែរភ្លើងដ៏ក្តៅគគុក ដែលហូរចុះពីមាត់ភ្នំប្រវែង០៣គីឡូម៉ែត្រ ។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរឥណ្ឌូណេស៊ីបានកំនត់កម្រិតប្រុងប្រយ័ត្នសម្រាប់ភ្នំភ្លើង Agung នៅកម្រិតលេខ៣ ដោយប្រជាជន និង ភ្ញៀវទេសចរទាំងអស់ត្រូវហាមឃាត់មិនឲ្យស្ថិតនៅក្នុងតំបន់ក្រហមគឺរង្វង់ចម្ងាយ៤គីឡូម៉ែត្រពីវាឡើយ ។ សូមរំលឹកផងដែរថា ភ្នំភ្លើង Agung ដែលស្ថិតនៅភាគខាងកើតនៃកោះទេសចរណ៍បាលីបានបន្តបញ្ចេញសកម្មភាពជាប់រហូតមក ចាប់តាំងពីឆ្នាំ ២០១៧ ហើយកាលពីថ្ងៃ សៅរ៍ សប្តាហ៍មុនវាក៏បានផ្ទុះឡើងផងដែរ ៕ធ.ដ
-
សហរដ្ឋអាម៉េរិកកំពុងរៀបចំនីតិវិធីលក់អាវុធទៅឲ្យបណ្តាប្រទេសនៅតំបន់មជ្ឈិបូព៌ា ដើម្បីត្រៀមខ្លួបទប់ទល់នឹងអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានសម្រេចចាប់ផ្តើមនីតិវិធី ដើម្បីលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងហ៊្សកដានី ដោយពុំចាំបាច់ការអនុម័តពីសភាឡើយ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ។ ព័ត៌មានស្តីពីរដ្ឋបាលលោក ដូណាល់ ត្រាំ មានគម្រោងលក់អាវុធគិតជាតម្លៃជាង ៨ពាន់លានដុល្លារទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដោយមិនចាំបាច់សភាអនុម័តខាងលើនេះ បានលេចឡើងដំបូងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយកាសែត New York Time របស់សហរដ្ឋអាម៉េរិក ។ ទាក់ទិននឹងរឿងនេះដែរ លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា ការលក់អាវុធទាំងនោះ នឹងពង្រឹងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាជួយសម្ព័ន្ធមិត្តរបស់អាម៉េរិក ការពារខ្លួនពួកគេពីការគំរាមកំហែងរបស់អ៊ីរ៉ង់ ហើយលោកថែមទំាងបានអះអាងដែរថា ការសម្រេចចិត្តដើររំលងសភានេះ នឹងក្លាយជារឿងតែម្តងគត់ គ្មានលើកទីពីរនោះទេ ៕ធ.ដ
-
សហរដ្ឋអា៉ម៉េរិកគ្រោងបញ្ជូនកងទ័ពបន្ថែមប្រមាណ១.៥០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា

សហរដ្ឋអាម៉េរិក៖ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាននៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា រូបលោកបាននឹងកំពុងត្រៀមបញ្ជូនកងទ័ពបន្ថែមប្រមាណ១.៥០០នាក់ ទៅកាន’តំបន់មជ្ឈិមបូព៌ា ហើយថា ការចល័តកងទ័ពបន្ថែមក្នុងចំនួនតិចតួចនេះ គឺជាចំណាត់ការត្រៀមការពារខ្លួនតែប៉ុណ្ណោះ ។ មួយរយៈចុងក្រោយនេះ ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានកើនឡើងកម្តៅខ្លាំង ក្រោយទីក្រុងវ៉ាស៊ីនតោនបានចល័តសព្វាវុធជាច្រើនប្រភេទ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជាសារព្រមានដល់ទីក្រុងតេហេរ៉ង់ ក្រោយចោទថា មានផែនការអាក្រក់ចង់វាយប្រហារមកលើកងទ័ពអាម៉េរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ។ សូមជម្រាប់ថា លោក ដូណាល់ ត្រាំ បានប្រកាសពីគម្រោងខាងលើ បន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះ បានទទួលជ្រាបពីផែនការស្តីពីការដាក់ពង្រាយកងទ័ពរបស់ក្រសួងការ ពារជាតិអាម៉េរិក ។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ដូណាល់ ត្រាំ ផ្ទាល់បានបង្ហាញការយល់ឃើញរបស់លោកថា ទីក្រុងវ៉ាស៊ីនតោនហាក់មិនចាំបាច់ត្រូវបញ្ជូនទ័ពបន្ថែមទៅមជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងអ៊ីរ៉ង់នោះទេ ៕ធ.ដ
-
មនុស្ស១៣នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះមួយនៅកណ្តាលទីក្រុងលីយ៉ុង ប្រទេសបារាំង

បារាំង៖ មនុស្ស១៣នាក់ បានទទួលរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីសង្ស័យថា ទំនងជាការវាយប្រហារដោយគ្រាប់បែកនៅក្នុងទីក្រុងលីយ៉ុង របស់ប្រទេសបារាំង នាថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមប្រភពពីសារព័ត៌មាន CGTN របស់ចិន។ជុំវិញករណីវាយប្រហារខាងលើ ក្រុមមន្រ្តីស៊ើបអង្កេតបារំាងជឿជាក់ថា ហេតុការណ៍ផ្ទុះនៅតាមដងផ្លូវថ្មើរជើងនេះ អាចនឹងបង្កឡើងដោយសារកញ្ចប់មួយដែលមានផ្ទុកសារធាតុផ្ទុះ។ រហូតមកទល់ពេលនេះ អាជ្ញាធរបារាំង បាននិងកំពុងដុតដៃដុតជើងតាមប្រមាញ់ជនសង្ស័យ ដែលស្ថិតនៅពីក្រោយករណីបំផ្ទុះគ្រាប់បែកខាងលើ ក្រោយរូបគេត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់ មុនពេលដែលហេតុការណ៍នេះបានកើតឡើង៕ម.ន
-
លោកស្រី Theresa May នឹងលាលែងចេញពីតំណែងនាយករដ្ឋមន្រ្តីអង់គ្លេស នៅថ្ងៃទី០៧ ខែមិថុនាខាងមុខ

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានកំណត់យក ថ្ងៃសុក្រ ទី០៧ ខែមិថុនាខាងមុខនេះ ជាកាលបរិចេ្ឆទលាលែងចេញពីតំណែង។ ការប្រកាសខាងលើរបស់ លោកស្រី May ធ្វើឡើងបន្ទាប់ពីបានជួបប្រជុំជាមួយប្រធានគណៈកម្មាធិការ អភិរក្សនិយម១៩២២ នៅថ្ងៃសុក្រនេះ ដើម្បីកំណត់កាលបរិចេ្ឆទលាលែងចេញពីតំណែង សំដៅបើកផ្លូវឱ្យ មានការប្រកួតប្រជែងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបន្តពីលោកស្រី។ ប៉ុន្តែទន្ទឹមគ្នា បើតាមមន្ត្រីអង់គ្លេសជាច្រើននាក់ លោកស្រី May អាចនឹងបន្តកាន់តំណែង ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នសិន រហូតដល់ អ្នកបន្តវេនថ្មីត្រូវបានជ្រើសរើស។ គួរបញ្ជាក់ថា ការប្រកួតប្រជែងជ្រើសរើសនាយករដ្ឋមន្ត្រីអង់គ្លេស អាចនឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមិថុនា ពោលគឺបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចនៅអង់គ្លេស។ លោកស្រី May បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសនៅខែកក្កដា ឆ្នាំ២០១៦។ តែបច្ចុប្បន្ន លោកស្រី កំពុងរងសម្ពាធយ៉ាងខ្លាំង ដោយសារតែសភាទាត់ចោលកិច្ចព្រមព្រៀង Brexit របស់លោកស្រី ដែលបាន ធ្វើឱ្យ Brexit ត្រូវលើកពេលរហូតដល់ថ្ងៃទី៣១ ខែតុលា…
-
អាជ្ញាធរអាកាសចរណ៍សហរដ្ឋអាម៉េរិក ជួបពិភាក្សាជាមួយសមភាគីអាកាសចរណ៍ អន្តរជាតិ ទាក់ទិននឹងបញ្ហាយន្តហោះ Boeing 737 MAX

សហរដ្ឋអាម៉េរិក៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយថា អាកាសចរណ៍អន្តរជាតិ មកពី៣០ប្រទេស និងតំបន់បានជួបជាមួយក្រុមមន្រ្តីនៃរដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA របស់សហរដ្ឋអាម៉េរិក ក្នុងគោលបំណងពិភាក្សាគ្នាជុំវិញបញ្ហាសុវត្ថិភាពនៃយន្តហោះ 737 MAX របស់ក្រុមហ៊ុន Boeing។ បើតាមអាជ្ញាធរអាកាសចរណ៍សហព័ន្ធ FAA ខ្លួននឹងមិនអនុញ្ញាតឲ្យយន្តហោះ Boeing 737 MAX ហោះហើរវិញឡើយ រហូតទាល់តែបញ្ហាសុវត្ថិភាពរបស់យន្តហោះនេះ អាចត្រូវបានធានាទាំងស្រុង។ រីឯអាជ្ញាធរអាកាសចរណ៍អន្តរជាតិ ក៏មានគម្រោងត្រួតពិនិត្យវាយតម្លៃដោយឯងផ្ទាល់ ទៅលើប្រព័ន្ធ Software គ្រប់គ្រងការហោះហើរដែលក្រុមហ៊ុន Boeing ទើបតែធ្វើការអាប់ដេតផងដែរ។ គួរបញ្ជាក់ថា ជំនួបបិទទ្វារខាងលើ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ត នៅឯទីក្រុង Fort Worth រដ្ឋតិចសាស់នេះ ពិតមានសារសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរអាកាសចរណ៍សហព័ន្ធ FAA ដើម្បីបញ្ចុះបញ្ចូលឲ្យអាជ្ញាធរអាកាសចរណ៍ដទៃទៀតនៅជុំវិញពិភពលោក ដកបម្រាមលើយន្តហោះ Boeing 737 MAX ចេញវិញ៕ធ.ដ
-
មេដឹកនាំកំពូលអ៊ីរ៉ង់៖ បច្ចុប្បន្នគ្មានឡើយកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិក ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ

អ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងមិនចូលរួមជាដាច់ខាត សម្រាប់កិច្ចចរចាណាមួយជាមួយសហរដ្ឋអាម៉េរិក ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ បើសិនជាអធិបតេយ្យភាពរបស់ទីក្រុងតេហេរ៉ង់មិនត្រូវបានគោរពទេនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ នៅក្នុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដែលដកស្រង់ពីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ គឺលោក Keyvan Khosravi។ ការអះអាងបែបនេះរបស់លោក Khosravi ត្រូវបានធ្វើឡើងស្របពេលដែលប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន់ រ៉ូហានី បាននិយាយដែរថា អ៊ីរ៉ង់នឹងមិនចុះញ៉មការគាបសង្កត់របស់សហរដ្ឋអាម៉េរិកឡើយ ហើយនឹងមិនលះបង់គោលដៅរបស់ខ្លួននោះដែរ ទោះបីជាខ្លួនត្រូវបានទម្លាក់គ្រាប់បែកលើក៏ដោយ។ ថ្លែងនៅក្នុងពិធីរំលឹកសង្គ្រាមរវាងអ៊ីរ៉ង់-អ៊ីរ៉ាក់ឆ្នាំ១៩៨០-១៩៨៨ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា យើងត្រូវការការតស៊ូ ដូច្នេះសត្រូវរបស់យើងដឹងថា ប្រសិនបើពួកគេទម្លាក់គ្រាប់បែកលើទឹកដីរបស់យើង ហើយប្រសិនបើកូនៗរបស់យើងត្រូវបានសម្លាប់ រងរបួស ឬក៏ត្រូវបានចាប់ខ្លួនជាអ្នកទោសនោះ យើងនឹងមិនបោះបង់គោលដៅរបស់យើង ដើម្បីឯករាជភាពនៃប្រទេសរបស់យើង និងមោទនភាពរបស់យើងនោះទេ៕ធ.ដ