-
ប៉ូឡូញគ្រោងបញ្ជាទិញយន្តហោះចម្បំាង F-35A ចំនួន៣២គ្រឿង ដើម្បីលើកកម្ពស់សមត្ថភាពការពារជាតិ

ប៉ូឡូញ៖ ថ្ងៃនេះយើងបានបញ្ជូនសំណើមួយទៅកាន់ដៃគូសហរដ្ឋអាម៉េរិក ជុំវិញការចង់ទាក់ទងទិញយន្តហោះចម្បាំង F-35A ចំនួន៣២គ្រឿង ក្នុងនោះរួមមាន ទាំងកញ្ចប់ផ្តល់សេវាដឹកជញ្ជូន និងហ្វឹកហាត់ផងដែរ នេះបើតាមរដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak បញ្ជាក់នៅក្នុងបណ្តាញសង្គមធ្វីតធើនៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។បើតាមក្រសួងការពារជាតិអាម៉េរិក កាលពីខែមេសាកន្លងទៅ សហរដ្ឋអាម៉េរិករំពឹងថា នឹងពង្រីកការលក់យន្តហោះចម្បាំង F-35 របស់ខ្លួនទៅកាន់ប្រទេសចំនួន០៥បន្ថែម ខណៈសម្ព័ន្ធអឺរ៉ុបរបស់ខ្លួនកំពុងខិតខំពង្រឹងវិស័យការពារជាតិរបស់ពួកគេ នៅចំពោះមុខការកើនឡើងឥទ្ធិពលរបស់រុស្ស៊ី។ជាក់ស្តែង ប្រទេសប៉ូឡូញកំពុងគ្រោងបញ្ជាទិញយន្តហោះចម្បាំងជំនាន់ចុងក្រោយបំផុត F-35A របស់ក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាម៉េរិកចំនួន៣២គ្រឿង ដើម្បីយកមកប្រើប្រាស់ជំនួសយន្តហោះចម្បាំងចាស់ៗរបស់ខ្លួន ដែលសល់តាំងពីសម័យសហភាពសូវៀត៕ម.ន
-
ចិនព្រមានឲ្យសហរដ្ឋអាម៉េរិកកាត់ផ្តាច់រាល់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់

តៃវ៉ាន់៖ រដ្ឋភិបាលក្រុងប៉េកាំងបានថ្កោលទោសរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនយ៉ាងខ្លាំង ជុំវិញការលូកដៃចូលក្នុងកិច្ចការតៃវ៉ាន់ ហើយថែមទាំងព្រមានឱ្យសហរដ្ឋអាម៉េរិកកាត់ផ្ដាច់រាល់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ផងដែរ។ប្រតិកម្មរបស់ចិនកើតមានឡើង ក្រោយទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន នៅក្នុងខែឧសភានេះ បានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិតៃវ៉ាន់ លោក ដេវីដ លី។ ដោយឡែកកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ទីក្រុងតៃប៉ិ ក៏បានប្រកាសផងដែរពីការប្ដូរឈ្មោះស្ថានទូតរបស់ខ្លួនប្រចាំសហរដ្ឋអាម៉េរិក ដែលនេះបានបង្កឱ្យចិនខឹងសម្បារជាខ្លាំង។ទាក់ទិននឹងរឿងខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងប៉េកាំងពិតជាមានការសោកស្ដាយ និងជំទាស់យ៉ាងខ្លាំងចំពោះជំនួបរវាងមន្ត្រីជាន់ខ្ពស់អាម៉េរិក និងកោះតៃវ៉ាន់ ដូច្នេះយើងអំពាវនាវឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់រាល់ជំនួបជាមួយមន្ត្រីតៃវ៉ាន់ ឬបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់៕ម.ន
-
សហរដ្ឋអាម៉េរិកបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងរំលោភសេចក្តី សម្រេចចិត្តរបស់អង្គការសហប្រជាជាតិ

សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោកស្រី ម័រហ្គែន អ័រតាហ្គូស នៅថ្ងៃអង្គារ៍នេះបានលើកឡើងថា កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង បានរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។នៅពេលត្រូវបានសួរអំពីការបាញ់សាកល្បងមីស៊ីលថ្មីៗនេះ ដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង លោកស្រី អ័រតាហ្គូស បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថាលោកស្រីគិតថា កម្មវិធីអាវុធប្រល័យលោកទាំងអស់របស់កូរ៉េខាងជើង គឺប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប៉ុន្តែ អ្វីដែលសហរដ្ឋអាម៉េរិកផ្តោតការយកចិត្តទុកដាក់នោះ គឺព្យាយាមធ្វើការចរចាដើម្បីបញ្ចប់ដោយសន្តិវិធីចំពោះកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាងនេះ។លោកស្រី អ័រតាហ្គូស ត្រូវបានស្នើសុំឱ្យបញ្ជាក់ច្បាស់ពីជំហររបស់ក្រសួងការបរទេសអាម៉េរិក បន្ទាប់ពីលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ បានធ្វើការប្រឆាំងទៅនឹងទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក ចន បូលតុន អំពីថាតើការបាញ់សាកល្បងអាវុធដោយកូរ៉េខាងជើងនៅខែនេះ បានរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែរ ឬទេ៕ម.ន
-
អ៊ីរ៉ង់រិះគន់សហរដ្ឋអាម៉េរិក ជុំវិញការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ

អ៊ីរ៉ង់៖ ទីក្រុងតេហេរ៉ង់ បានរិះគន់ធ្ងន់ៗលើសហរដ្ឋអាម៉េរិក នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយចោទថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កភាពតានតឹង បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋាភិបាលរបស់លោកមិនមែនកំពុងស្វែងរកការផ្លាស់ប្តូររបបដឹកនាំអ៊ីរ៉ង់ទេ ហើយថា រូបលោកនឹងស្វាគមន៍សម្រាប់កិច្ចចរចាជាមួយអ៊ីរ៉ង់។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉េដ ចាវ៉ាដ ហ្ស៊ារីស បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បាននិងកំពុងធ្វើឱ្យប្រជាជនអ៊ីរ៉ង់រងការឈឺចាប់ ក៏ដូចជាបង្កភាពតានតឹងខ្លាំងនៅក្នុងតំបន់។ បន្ថែមលើនេះ លោក ហ្ស៊ារីស ក៏បានទាត់ចោលការលើកឡើងដែលថា អ៊ីរ៉ង់បាននឹងកំពុងព្យាយាមអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរផងដែរ។ សូមរំលឹកថា កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានហៅផែនការដាក់ពង្រាយកងទ័ពបន្ថែមទៀតពីសំណាក់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់ថា ជាទង្វើបង្កគ្រោះថ្នាក់បំផុត និងជាការគំរាមកំហែងមួយដល់សន្តិសុខ និងសន្តិភាពអន្តរជាតិ៕ធ.ដ
-
ទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ៊្វ្រិក វៀតណាមសម្រេចសម្លាប់សត្វជ្រូកជិត២លានក្បាល គិតត្រឹមខែឧសភានេះ

វៀតណាម៖ រយៈពេលត្រឹមពីរសប្ដាហ៍ចុងក្រោយនេះ ជ្រូកចំនួនប្រាំសែនក្បាលត្រូវបានសម្លាប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺប៉េស្តជ្រូកអាហ៊្វ្រិក ហើយបើស្ថានការណ៍នៅតែអាក្រក់នោះ វៀតណាមគ្រោងបញ្ចេញយោធាដើម្បីជួយដោះស្រាយផងដែរ នេះបើតាមការប្រកាសរបស់ក្រសួងកសិកម្មវៀតណាម នៅក្នុងថ្ងៃអង្គារ៍នេះ។ ជំងឺប៉េស្តជ្រូកអាហ៊្វ្រិកបានផ្ទុះឡើងនៅវៀតណាមជាលើកដំបូង កាលពីខែកុម្ភៈកន្លងទៅ ហើយបើគិតពីខែកុម្ភៈ រហូតដល់ខែឧសភានេះ ជ្រូកចំនួន១,៧លានក្បាលដែលស្មើនឹងប្រាំភាគរយនៃបរិមាណជ្រូកទូទាំងប្រទេស ត្រូវបានអាជ្ញាធរសម្លាប់ ខណៈគ្រាន់តែពីថ្ងៃទី១៣ ខែឧសភាមក សត្វជ្រូកចំនួនប្រាំសែនក្បាល ត្រូវបានសម្លាប់ នេះបើតាមការរបាយការណ៍របស់នាយកដ្ឋានផលិតកម្មសត្វនៃក្រសួងកសិកម្មវៀតណាម។ គួរបញ្ជាក់ថា សាច់ជ្រូកមានចំណែកដល់ទៅ៧៥ភាគរយនៃបរិមាណសាច់សម្រាប់បរិភោគនៅប្រទេសអាស៊ីមួយនេះ ហើយប្រជាជនវៀតណាមប្រមាណ៩៥លាននាក់ ពឹងផ្អែកលើសត្វជ្រូកប្រមាណ៣០លានក្បាល ដែលត្រូវបានចិញ្ចឹមនៅទូទាំងប្រទេស។ យ៉ាងណាមិញ វត្តមានជំងឺលើសត្វជ្រូកនេះកំពុងបង្កផលប៉ះពាល់ខ្លាំងដល់ការបរិភោគរបស់ប្រជាជន ស្របពេលដែលវីរុសនេះបានរាលដាលដល់ខេត្តចំនួន៤២ ក្នុងចំណោមខេត្តទាំង៦៣ របស់វៀតណាម៕ធ.ដ
-
លោក ត្រាំ ចាកចេញពីប្រទេសជប៉ុនហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច រយៈពេល៤ថ្ងៃ

ជប៉ុន៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាកចេញពីជប៉ុនហើយ ដើម្បីវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល០៤ថ្ងៃ ដោយក្នុងអំឡុងទស្សនកិច្ចនេះ លោក ត្រាំ បានក្លាយជាមេដឹកនាំពិភពលោកដំបូង ដែលបានចូលគាល់ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ ដែលទើបឡើងគ្រងរាជសម្បត្តិ។ លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍នេះ បានលាព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ មុននឹងចាកចេញពីទីក្រុងតូក្យូ ហើយឡើងយន្តហោះទៅកាន់មូលដ្ឋានទ័ពជើងទឹក យ៉ូកូស៊ូកា របស់សហរដ្ឋអាម៉េរិក។ លោក ត្រាំ ក៏បានជួបពិភាក្សាទ្វេភាគីជុំវិញបញ្ហាជាច្រើនជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ ផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជាការបង្ហាញអំពីការរឹតចំណងសម្ព័ន្ធភាពរវាងសហរដ្ឋអាម៉េរិក និងជប៉ុនដ៏រឹងមាំ ប៉ុន្តែអ្វីដែលជប៉ុនចង់បានពីរដ្ឋបាលលោក ដូណាល់ ត្រាំ នោះ គឺការដោះស្រាយឱនភាពពាណិជ្ជកម្ម ហើយលោក ត្រាំ ក៏បានសន្យាលើករឿងនេះទៅដោះស្រាយខែសីហាខាងមុខ៕ធ.ដ
-
ផ្កាយរណបមួយគ្រឿងរបស់រុស្ស៊ីត្រូវរន្ទះបាញ់ ពេលកំពុងហោះឡើងទៅលើអវកាស

រុស្ស៊ី៖ គ្រាប់រ៉ុក្កែតរុស្ស៊ី ស៊យយូស (Soyuz) ត្រូវរន្ទះបាញ់ចំ អំឡុងការបាញ់បង្ហោះផ្កាយរណបមួយគ្រឿងនៅក្នុងថ្ងៃច័ន្ទ ម្សិលមិញ (ម៉ោងក្នុងតំបន់) ក៏ប៉ុន្តែទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូខូសស្មូស់ បានបញ្ជាក់ថា វាពុំបានបង្កឲ្យមានបញ្ហាអ្វីឡើយ និងបាននាំយកផ្កាយរណបទៅដល់គន្លងគោចរនៃភពផែនដីដោយជោគជ័យ។ ហេតុការណ៍នេះ បានកើតឡើងក្នុងអំឡុងការបាញ់បង្ហោះផ្កាយរណបប្រភេទ ក្លូណាស់-អឹម មួយគ្រឿងឡើងទៅកាន់ទីអវកាស ចេញពីមូលដ្ឋាន ផ្លីសេក ខូសស្មូដ្រូម ដែលស្ថិតនៅចម្ងាយ៨០០គីឡូម៉ែត្រភាគខាងជើងទីក្រុងម៉ូស្គូ កាលពីវេលាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ។ សូមរំលឹកថា គ្រាប់រន្ទះបានបាញ់រ៉ុក្កែត សាធើន ប្រាំ (Saturn V) ដល់ទៅពីរលើកផ្ទួនគ្នា កាលពីខែវិច្ឆិកា ឆ្នាំ១៩៦៩ ក្នុងអំឡុងបេសកកម្ម អាប៉ូឡូ ១២ (Apollo 12) របស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA ឆ្ពោះទៅកាន់ឋានព្រះចន្ទ តែវាពុំបានបង្កគ្រោះថ្នាក់អ្វីនោះទេ ខណៈបេសកកម្មនេះ គឺជាបេសកកម្មមានវត្តមានក្រុមអវកាសយានិកថែមទៀតផង៕ធ.ដ
-
ចំនួនអ្នកស្លាប់កើនជិត៦០នាក់ ក្នុងករណីផ្ទុះអំពើហិង្សាក្នុងពន្ធនាគារ នៅប្រទេសប្រេស៊ីល

ប្រេស៊ីល៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារអំពើហិង្សារវាងក្រុមអ្នកទោសជាបងធំនៅក្នុងពន្ធនាគារ ស្ថិតនៅឯភាគខាងជើងប្រទេស បានកើនដល់៥៧នាក់ បន្ទាប់ពីអ្នកយាមពន្ធនាគាររកឃើញសាកសពអ្នកទោសបន្ថែមទៀត នេះបើតាមការអះអាងរបស់អាជ្ញាធរប្រេស៊ីល។ អាជ្ញាធរប្រេស៊ីលបានរាយការណ៍កន្លងមកថា ជម្លោះរវាងក្រុមអ្នកទោសជាបងធំ បានធ្វើឱ្យមនុស្ស១៥នាក់ស្លាប់កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅពន្ធនាគារ អានីស៊ីយ៉ូ ហ្សូប៊ីម ស្ថិតនៅក្នុងទីក្រុង ម៉ាណូស រដ្ឋអាម៉ាហ្សូណាស់។ អ្នកទោសទាំងនេះ ភាគច្រើនស្លាប់ដោយសារការរឹតក និងខ្លះទៀតត្រូវគេចាក់សម្លាប់អំឡុងជម្លោះរវាងក្រុមបងធំក្នុងពន្ធនាគារចំនួន០៤ផ្សេងគ្នា។ ដោយឡែកឆ្មាំពន្ធនាគារប្រេស៊ីលបានឱ្យដឹងនៅព្រឹកថ្ងៃច័ន្ទសប្ដាហ៍នេះថា ពួកគេបានរកឃើញសាកសពអ្នកទោស៤២នាក់បន្ថែមទៀត នៅក្នុងពន្ធនាគាចំនួន០៤ផ្សេងពីគ្នា ក្នុងទីក្រុង ម៉ាណូស ខណៈអាជ្ញាធរបានគ្រប់គ្រងស្ថានការណ៍ឡើងវិញ ហើយក៏មិនមានសេចក្ដីរាយការណ៍ពីអ្នកទោសណាម្នាក់រត់រួចខ្លួន ឬឆ្មាំពន្ធនាគាររងរបួសនោះដែរ៕ធ.ដ
-
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់កម្ចី៣០០លានដុល្លារអាម៉េរិកដល់ហ្វីលីពីន ដើម្បីលើកកម្ពស់វិស័យអប់រំ

ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនបានអនុម័តការផ្តល់កម្ចី៣០០លានដុល្លារអាម៉េរិក ជួយដល់វិស័យអប់រំកម្រិតអនុវិទ្យាល័យ នៅប្រទេសហ្វីលីពីន។ ធនាគារមានមូលដ្ឋាននៅហ្វីលីពីនមួយនេះ បានប្រកាសថា ទំហំទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែរបស់រដ្ឋាភិបាលហ្វីលីពីន លើការព្យាយាមសម្រេចឲ្យបាននូវការពង្រឹងគុណភាពអប់រំកាន់តែល្អប្រសើរ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ ធនាគារបញ្ជាក់ថា កម្មវិធីជួយវិស័យអប់រំកម្រិតអនុវិទ្យាល័យនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្ស១០លាន៦សែននាក់ទូទាំងប្រទេស។ ជាងនេះទៀត គម្រោងក៏នឹងជួយបង្កើនឱកាសការងារ និងកាត់បន្ថយភាពក្រីក្រនៅហ្វីលីពីនផងដែរ ស្របពេលដែលរដ្ឋាភិបាលបានកំណត់គោលដៅកាត់បន្ថយភាពក្រីក្រឲ្យនៅត្រឹម១៤ភាគ នៅត្រឹមឆ្នាំ២០២២ ពោលគឺធ្លាក់ពី២១ភាគរយ។ ខណៈដែលកំណែទម្រង់ក្នុងប្រព័ន្ធអប់រំកម្រិតអនុវិទ្យាល័យនៅហ្វីលីពីន កំពុងដំណើរការនោះ ធនាគារ ADB បានរកឃើញថា ការចុះឈ្មោះចូលរៀន និងអត្រាបញ្ចប់ការសិក្សានៅតែមានកម្រិតទាប ជាពិសេស ក្នុងចំណោមសិស្សមកពីផ្ទះគ្រួសារក្រីក្រ៕ធ.ដ
-
រោងចក្រផលិតគ្រឿងបន្លាស់យានយន្តអាល្លឺម៉ង់ថ្មីមួយទៀតមានវត្តមាន នៅវៀតណាម វិនិយោគជាង៥០លានដុល្លារអាម៉េរិក

ក្រុមហ៊ុនលក់គ្រឿងបន្លាស់យានយន្តដ៏ធំនៅប្រទេសអាល្លឺម៉ង់ឈ្មោះថា Schaeffler បានសម្ពោធរោងចក្រថ្មីរបស់ខ្លួនមួយទៀត នៅក្នុងក្រុង Bien Hoa នៃខេត្ត Dong Nai ប្រទេសវៀតណាម កាលពីម្សិលមិញ ក្រោមទំហំវិនិយោគ៤៥លានអឺរ៉ូឬ ជាង៥០លានដុល្លារអាម៉េរិក បង្កើតការងារច្រើនជាង៣០០កន្លែង នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន។ សេចក្តីប្រកាសព័ត៌មានលើកឡើងថា «វៀតណាម គឺជាទីតាំងអាទិភាពបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមហ៊ុន Schaeffler បានវិនិយោគបង្កើតសមត្ថភាពផលិតកម្មក្នុងស្រុក។ មានហេតុផលជាច្រើន ដើម្បីបង្កើនផលិតកម្មនៅប្រទេសវៀតណាម។ វាគឺជាទីតាំងយុទ្ធសាស្ត្រនៅអាស៊ី សេដ្ឋកិច្ចរីកលូតលាស់ខ្លាំង មានស្ថិរភាព និងសម្បូរបែប ជាមួយនឹងធនធានមនុស្សដ៏ល្អ»។ ក្រុមហ៊ុន Schaeffler Group គឺជាក្រុមហ៊ុនផលិតប៉ាដាងធំៗ សម្រាប់រថយន្ត យានអវកាស ព្រមទាំងសម្ភារចាំបាច់ ក្នុងឧស្សាហកម្មផ្សេងៗ មានមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់៕ធ.ដ