Category: ព័ត៌មានអន្តរជាតិ

  • ស្លាប់មនុស្ស១១នាក់ ក្នុងហេតុការបាញ់ប្រហារមួយ នៅប្រេស៊ីល

    ស្លាប់មនុស្ស១១នាក់ ក្នុងហេតុការបាញ់ប្រហារមួយ នៅប្រេស៊ីល

    មនុស្សយ៉ាងហោចណាស់១១នាក់ ត្រូវបានខ្មាន់កាំភ្លើងបិទមុខយ៉ាងជិត៧នាក់បាញ់សម្លាប់នៅក្នុង ក្លឹបរាត្រីមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសប្រេស៊ីល កាលពីរសៀលថ្ងៃអាទិត្យ ទី១៩ ឧសភា ២០១៩ម្សិលមិញ។ នគរបាលប្រេស៊ីលបានឲ្យដឹងថា ខ្មាន់កាំភ្លើង៧នាក់បានបើកការបាញ់ប្រហារនៅឯក្លឹបរាត្រីស្ថិតក្នុងតំបន់ Guamá នៃទីក្រុង Belem រីឯមនុស្សម្នាក់ទៀតក៏បានរងរបួសផងដែរ។ យ៉ាងណាក៏ដោយ មូលហេតុនៃហេតុការណ៍បាញ់ប្រហារនេះ និងព័ត៌មានពាក់ព័ន្ធនឹងខ្មាន់កាំភ្លើងមិនទាន់ត្រូវបានគេបញ្ជាក់លម្អិតនៅឡើយទេ៕ធ.ដ

  • សហរដ្ឋអាម៉េរិកសម្រេចលុបចោលការដំឡើងពន្ធលើដែកថែប-អាលុយមីញ៉ូម ដែលនាំចូលពីកាណាដា និងម៉ិចស៊ីកូជាផ្លូវការហើយ

    សហរដ្ឋអាម៉េរិកសម្រេចលុបចោលការដំឡើងពន្ធលើដែកថែប-អាលុយមីញ៉ូម ដែលនាំចូលពីកាណាដា និងម៉ិចស៊ីកូជាផ្លូវការហើយ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាលើសេចក្ដីប្រកាសលុបចោលការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលពីប្រទេសកាណាដា និងម៉ិចសីកូ ខណៈការលុបចោលការដំឡើងពន្ធនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី២០ ខែឧសភានេះតទៅ ។ ការសម្រេចចិត្តនេះ បានកើតមានឡើងក្រោយសហរដ្ឋអាម៉េរិក និងកាណាដាកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ អំពីការព្រមព្រៀងគ្នាលុបចោលការដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទៅវិញទៅមក ។ ទន្ទឹមគ្នានោះដែរ លោក ដូណាល់ ត្រាំ ក៏បានប្រកាសដែរថា សហរដ្ឋអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងដូចគ្នានេះ ជាមួយម៉ិចស៊ីកូផងដែរ ហើយបើយោងតាមសេចក្ដីប្រកាសខាងលើ ពន្ធបន្ថែម២៥ភាគរយលើការនាំចូលដែកថែប និង ១០ភាគរយលើអាលុយមីញ៉ូមពីកាណាដា និងម៉ិចស៊ីកូ នឹងត្រូវបានលុបចោល ៕ធ.ដ

  • សហរដ្ឋអាម៉េរិក និងអារ៉ាប៊ីសាអូឌីតព្រមានពីការផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា

    សហរដ្ឋអាម៉េរិក និងអារ៉ាប៊ីសាអូឌីតព្រមានពីការផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់ជាថ្មីម្តងទៀត កាលពីថ្ងៃអាទិត្យសប្តាហ៍មុន តាមរយៈបណ្តាញសង្គមធ្វីតធើថា អ៊ីរ៉ង់ចង់ធ្វើសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក វានឹងក្លាយជាទីបញ្ចប់ផ្លូវការរបស់អ៊ីរ៉ង់ ។ ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តអាម៉េរិកប្រចាំតំបន់ឈូងសមុទ្របានអះអាងដែរថា ខ្លួនមិនចងធ្វើសង្គ្រាមនោះ ក៏ត្រៀមខ្លួនប្រយុទ្ធជាស្រេចហើយ បើអ៊ីរ៉ង់ចង់បានដូចនោះ ។ យ៉ាងណាមិញ ចំពោះអ៊ីរ៉ង់វិញ ហាក់មិនរវីរវល់សម្ដីគំរាមអ្វីសោះ តួយ៉ាងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉េដ ចាវ៉ាដ ហ៊្សារីហ្វ បាននិយាយថា នឹងគ្មានសង្គ្រាមទេ ពីព្រោះយើងមិនចង់មានសង្គ្រាមឡើយ ហើយក៏គ្មាននរណាម្នាក់មានគំនិត ឬការភ័ន្តមតិថា ខ្លួនអាចប្រឈមនឹងអ៊ីរ៉ង់នៅក្នុងតំបន់បានទេ ។ សូមរំលឹកថា សហរដ្ឋអាម៉េរិកបានបញ្ជូននាវាចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទៅតំបន់ជ្ឈិមបូព៌ា ដើម្បីឆ្លើយតបនឹងការចោទថា មានការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ ។ ការគំរាមកំហែងដែលមិនអាចពន្យល់បាននេះ បាននាំឱ្យសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើអ៊ីរ៉ង់ និងដកបុគ្គលិកការទូតអាម៉េរិកមិនសំខាន់ៗចេញពីស្ថានទូតនៅទីក្រុងបាកដា ប្រទេសអ៊ីរ៉ាក់ ផងដែរ ៕ធ.ដ

  • ចិនអំពាវនាវឲ្យប្រជាជនខ្លួនបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ និងផលិតផល ក្រុមហ៊ុន Apple របស់សហរដ្ឋអាម៉េរិក

    ចិនអំពាវនាវឲ្យប្រជាជនខ្លួនបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ និងផលិតផល ក្រុមហ៊ុន Apple របស់សហរដ្ឋអាម៉េរិក

    ចិន៖ ប្រជាជនចិនទាំងឡាយទទួលបានបំផុសមួយ ដែលមានគោលដៅបញ្ឈប់ការប្រើប្រាស់ផលិតផលទាំងអស់របស់ក្រុមហ៊ុន Apple ជាពិសេសទូរស័ព្ទ iPhone បន្ទាប់ពីមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិកបានឈានដល់ការដាក់ចេញបម្រាម ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ចិន កាលពីសប្តាហ៍មុន ។ អ្នកប្រើប្រាស់បណ្តាញសង្គមចិន Weibo បានបញ្ចេញប្រតិកម្មបែបនេះ ក្នុងគ្រាដែលអត្រានៃការលក់ផលិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាម៉េរិកនេះនៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់ទៅ២០ភាគរយរួចទៅហើយ កាលពីអំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ ហើយអ្នកវិភាគមួយចំនួនបានប៉ាន់ប្រមាណឃើញថា Apple នឹងរងគ្រោះកាន់តែធ្ងន់ថែមទៀត ប្រសិនបើសង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិននៅតែបន្តអូសបន្លាយ ។ ហើយប្រតិកម្មរបស់ប្រជាជនចិនខាងលើនេះទៀតសោត បានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធសប្តាហ៍មុន ដែលហាមក្រុមហ៊ុនអាម៉េរិកដំឡើងឧបករណ៍របស់បរទេស ដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងបទបញ្ជាដាច់ដោយឡែកមួយទៀត ដែលហាមក្រុមហ៊ុនចិនពីការទិញយកសិទ្ធិបច្ចេកវិទ្យាពីក្រុមហ៊ុនអាម៉េរិក ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាល ៕ធ.ដ

  • បញ្ហាផ្នែកចាកសាំងយន្តហោះ ធ្វើឲ្យអ្នកដំណើររាប់ពាន់នាក់កកស្ទះក្នុងអាកាសយានដ្ឋានអង់គ្លេស

    បញ្ហាផ្នែកចាកសាំងយន្តហោះ ធ្វើឲ្យអ្នកដំណើររាប់ពាន់នាក់កកស្ទះក្នុងអាកាសយានដ្ឋានអង់គ្លេស

    អង់គ្លេស៖ សារព័ត៌មានរុស្ស៊ីមួយបានចុះផ្សាយថា ជើងហោះហើរជាច្រើនត្រូវបានលុបចោល និងពន្យារពេល ដោយសារតែបញ្ហាផ្នែកចាក់សាំងបញ្ចូលយន្តហោះ ហើយលទ្ធផលនោះ អ្នកដំណើររាប់ពាន់នាក់បានកកស្ទះនៅក្នុងអាកាសយានដ្ឋាន Manchester របស់អង់គ្លេស ។ បើតាមអ្នកនាំពាក្យព្រលានយន្តហោះ Machester បញ្ហានោះត្រូវបានដោះស្រាយរួចហើយ ហើយជើងហោះហើរភាគច្រើននឹងអាចធ្វើប្រតិបត្តិការដូចដើមឡើងវិញនៅក្នុងថ្ងៃចន្ទដើមនេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែក៏អាចនៅមានការរាំងស្ទះមួយចំនួនតូចផងដែរ ។ បញ្ហានេះបានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនេះ (ម៉ោងក្នុងតំបន់) ហើយជើងហោះហើរដែលត្រូវបានលុបចោលមានចំនួន៨៧ ខណៈជើងហោះហើរជាច្រើនទៀតក៏ត្រូវពន្យារពេលជាច្រើនម៉ោងផងដែរ ៕ធ.ដ

  • ប្រទេសផលិតប្រេងជួបពិភាក្សាគ្នាអំពីទីផ្សារប្រេង ខណៈភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កំពុងកើនឡើងកម្តៅ

    ប្រទេសផលិតប្រេងជួបពិភាក្សាគ្នាអំពីទីផ្សារប្រេង ខណៈភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កំពុងកើនឡើងកម្តៅ

    អារ៉ាប៊ីសាអូឌីត៖ ប្រទេសផលិតប្រេងឆៅចម្បងៗនៃអង្គការ OPEC ដែលជាអង្គការក្រុមប្រទេសនាំចេញប្រេង បានជួបប្រជុំគ្នានៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីវិធីធ្វើឲ្យទីផ្សារប្រេងដែលប្រែប្រួលលឿននាពេលបច្ចុប្បន្ននេះមានស្ថិរភាព ស្របពេលដែលមានភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កើនឡើងនៅក្នុងឈូងសមុទ្រពែក្ស ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេង។ ប្រទេសជាសមាជិកចម្បងៗនៃអង្គការ OPEC និងប្រទេសផ្គត់ផ្គង់ប្រេងចម្បងៗផ្សេងទៀត រួមទាំងរុស្ស៊ីផងនោះ នឹងវាយតម្លៃទីផ្សារប្រេង និងពិនិត្យមើលថាតើមានស្របតាមការកាត់បន្ថយផលិតកម្មប្រេង ដូចដែលបានឯកភាពគ្នាកាលពីឆ្នាំមុនដែរ ឬទេ។ ការប្រជុំនេះ ធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីមានការវាយប្រហារបំផ្លាញនាវាដឹកប្រេងនៅក្នុងដែនសមុទ្រនៃឈូងសមុទ្រពែក្ស និងការទម្លាក់គ្រាប់បែករបស់ពួកឧទ្ទាមយេម៉ែន ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បំផ្លាញបំពង់បង្ហូរប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ កិច្ចប្រជុំនេះទៀតសោត ក៏ត្រូវបានធ្វើឡើងនៅចំពេលដែលការដាក់ទណ្ឌកម្មពេញទំហឹងឡើងវិញរបស់សហរដ្ឋអាម៉េរិកលើប្រទេសអ៊ីរ៉ង់ចូលជាធរមាន ដែលករណីនេះ ធ្វើឲ្យប៉ះពាល់ដល់ការនាំចេញប្រេងឆៅរបស់ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ៕ធ.ដ

  • ប្រមុខការទូតកំពូលអ៊ីរ៉ង់បដិសេធលទ្ធភាពនៃការផ្ទុះសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក

    ប្រមុខការទូតកំពូលអ៊ីរ៉ង់បដិសេធលទ្ធភាពនៃការផ្ទុះសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក

    អ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន IRNA របស់អ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉េដ ចាវ៉ាដ ហ្ស៊ារីហ្វ បានធ្វើការបដិសេធលទ្ធភាពនៃការមានសង្គ្រាមនៅក្នុងតំបន់ ដោយលោកបាននិយាយថា រដ្ឋាភិបាលក្រុងតេហេរ៉ង់មិនចង់មានសង្គ្រាមទេ។ លោក ហ្ស៊ារីហ្វ បានប្រាប់ទីភ្នាក់ងារព័ត៌មាន IRNA នៅមុនពេលលោកបញ្ចប់ដំណើរទស្សនកិច្ចមួយនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិនថា នឹងគ្មានសង្គ្រាមទេ ពីព្រោះយើងមិនចង់មានសង្គ្រាមឡើយ ហើយក៏គ្មាននរណាម្នាក់មានគំនិត ឬការភ័ន្តមតិថា ខ្លួនអាចប្រឈមនឹងអ៊ីរ៉ង់នៅក្នុងតំបន់បានទេ។ ប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ទៀតថា ការពិតជាក់ស្តែងគឺថា លោក ត្រាំ បាននិយាយជាផ្លូវការថា លោកមិនចង់មានសង្គ្រាមទេ ក៏ប៉ុន្តែពួកមនុស្សនៅជុំវិញលោកបានជំរុញឱ្យមានសង្គ្រាម ដោយមានលេសថា ពួកគេចង់ធ្វើឱ្យសហរដ្ឋអាម៉េរិកខ្លាំងជាងមុនប្រឆាំងនឹងអ៊ីរ៉ង់៕ធ.ដ

  • ក្រសួងការបរទេសសហរដ្ឋអាម៉េរិកព្រមានយន្តហោះឆ្លងកាត់ឈូងសមុទ្រ ពែក្ស ស្របពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់កើនឡើង

    ក្រសួងការបរទេសសហរដ្ឋអាម៉េរិកព្រមានយន្តហោះឆ្លងកាត់ឈូងសមុទ្រ ពែក្ស ស្របពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់កើនឡើង

    សហរដ្ឋអាម៉េរិក៖ អ្នកការទូតអាម៉េរិកបានព្រមានក្រុមហ៊ុនយន្តហោះដឹកអ្នកដំណើររបស់សហរដ្ឋអាម៉េរិកទាំងអស់ ដែលហោះឆ្លងកាត់តំបន់ឈូងសមុទ្រ ពែក្ស ឱ្យមានការប្រយ័ត្នប្រយែង ស្របពេលដែលភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់បន្តកើនឡើង។ ការព្រមាននេះ ត្រូវបានធ្វើឡើងដោយអ្នកការទូតអាម៉េរិកប្រចាំនៅប្រទេសកូវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម ពោលគឺរយៈពេលពីរថ្ងៃបន្ទាប់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាម៉េរិក បានចេញសេចក្តីព្រមានជាបឋមកាលពីពេលមុន។ សូមរំលឹកថា សហរដ្ឋអាម៉េរិកបានបញ្ជូននាវាចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទៅតំបន់ជ្ឈិមបូព៌ា ដើម្បីឆ្លើយតបនឹងការចោទថា មានការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់។ ការគំរាមកំហែងដែលមិនអាចពន្យល់បាននេះ បាននាំឱ្យសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើអ៊ីរ៉ង់ និងដកបុគ្គលិកការទូតអាម៉េរិកមិនសំខាន់ៗចេញពីស្ថានទូតនៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ផងដែរ៕ធ.ដ

  • សហរដ្ឋអាម៉េរិកអាចនឹងលើកលែងទោសដល់យោធាដែលជាប់ចោទ ឬត្រូវបានកាត់ទោស ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅថ្ងៃ Memorial Day

    សហរដ្ឋអាម៉េរិកអាចនឹងលើកលែងទោសដល់យោធាដែលជាប់ចោទ ឬត្រូវបានកាត់ទោស ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅថ្ងៃ Memorial Day

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន New York Times បានចុះផ្សាយថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ អាចនឹងលើកលែងទោសដល់យោធាអាម៉េរិកជាច្រើននាក់ ដែលរងការចោទប្រកាន់ ឬត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម។ បើតាមប្រភពដដែលនេះ លោក ដូណាល់ ត្រាំ ទំនងជាធ្វើការលើកលែងទោសដល់យោធាអាម៉េរិកជាច្រើន នៅចំថ្ងៃរំលឹកដល់កងទ័ពអាម៉េរិកពលីជីវិតក្នុងសមរភូមិ ឬ Memorial Day នៅថ្ងៃទី២៧ ខែឧសភាខាងមុខនេះ។ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ខាងក្រសួងយុត្តិធម៌អាម៉េរិក និងសេតវិមាន មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញសេចក្ដីរាយការណ៍របស់សារព័ត៌មាន New York Times៕ធ.ដ

  • ចិនក្លាយជាប្រទេសនាំទំនិញចូលហ្វីលីពីនច្រើនជាងគេបំផុត ជាមួយនឹងចំណែក ទីផ្សារ២១,៤ភាគរយគិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ

    ចិនក្លាយជាប្រទេសនាំទំនិញចូលហ្វីលីពីនច្រើនជាងគេបំផុត ជាមួយនឹងចំណែក ទីផ្សារ២១,៤ភាគរយគិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ

    ហ្វីលីពីន៖ ចិនគឺជាអ្នកផ្គត់ផ្គង់ធំជាងគេបង្អស់ នៃមុខទំនិញដែលនាំចូលមកហ្វីលីពីន ក្នុងខែមីនា ឆ្នាំ២០១៩ ជាមួយចំណែក២១,៤ភាគរយនៃទំនិញនាំចូលសរុប នេះបើតាមរបាយការណ៍របស់អាជ្ញាធរស្ថិតិ នៃប្រទេសហ្វីលីពីន PSA។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ទំហំទំនិញចិនដែលនាំចូលមកហ្វីលីពីន ក្នុងខែមីនាកន្លងទៅ បានកើនដល់ទឹកប្រាក់១,៩២ពាន់លានដុល្លារ ពីចំនួន១,២៨ពាន់លានដុល្លារ ក្នុងខែដូចគ្នាកាលពីឆ្នាំ២០១៨។ បើតាមស្ថាប័ន PSA របស់ហ្វីលីពីន ជប៉ុនឈរនៅលេខរៀងទី២ កាលពីខែមីនា ជាមួយទំហំទំនិញនាំចូលមានទឹកប្រាក់៨៨២,៨៧លានដុល្លារ ឬស្មើនឹងចំណែក៩,៨ភាគរយ ខណៈអាម៉េរិកនៅលេខ៣ ជាមួយទំនិញនាំចូលគិតជាទំហំទឹកប្រាក់កើនដល់៧១២,៤៣លានដុល្លារ ឬចំណែក៧,៩ភាគរយ ដោយការនាំចូលពីប្រទេសទាំងពីរនេះ សុទ្ធតែមានការកើនឡើង។ រីឯលេខ៤វិញ គឺកូរ៉េខាងត្បូង ដែលមានទំហំនៃទំនិញនាំចូលមានទឹកប្រាក់៧០១,៨៦លានដុល្លារ ឬស្មើនឹងចំណែក៧,៨ភាគរយ ដែលវាគឺជាការថយចុះ បើធៀបនឹងខែមីនា ឆ្នាំ២០១៨។ សម្រាប់លេខរៀងទី៥ គឺប្រទេសថៃ ដែលមានទំនិញនាំចូលមានទំហំទឹកប្រាក់៥៥១,៧១លានដុល្លារ ឬស្មើនឹងចំណែក៦,១ភាគរយ ដោយការនាំចូលពីថៃក៏បានធ្លាក់ចុះផងដែរ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំ២០១៨៕ធ.ដ