-
អូស្រ្តាលីចាប់ផ្តើមបើកដំណើរការបោះឆ្នោតសភាជាផ្លូវការហើយ នៅក្នុងថ្ងៃសៅរ៍នេះ

អូស្រា្តលី៖ អ្នកបោះឆ្នោតនៅក្នុងប្រទេសអូស្រ្តាលី បាននឹងកំពុងចូលរួមធ្វើការបោះឆ្នោតនៅថ្ងៃសៅរ៍ នេះ សម្រាប់ការបោះឆ្នោតសភាមួយ។ ការយកចិត្តទុកដាក់ ត្រូវបានផ្តោតសំខាន់ទៅលើថាតើវានឹងនាំមកនូវការផ្លាស់ប្តូរជាលើកដំបូងរបស់រដ្ឋាភិបាលនៅក្នុងរយៈពេល៦ឆ្នាំមកនេះឬយ៉ាងណា? គណបក្សអភិរក្សសេរីនិយម ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បាននិងកំពុងប្រឈមមុខនូវការប្រកួតប្រជែងមួយ ជាមួយនឹងគណបក្សពលករ ដែលជាគណបក្សដ៏ធំមួយ ក្នុងចំណោមគណបក្សប្រឆាំងដទៃទៀតនៅក្នុងប្រទេសអូស្រា្តលី។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ អ្នកដែលមិនទៅបោះឆ្នោតនេះ នឹងត្រូវទទួលរងការពិន័យជាប្រាក់ចាប់ពី២០ដុល្លារឡើងទៅ ឬអាចធ្ងន់ជាងនេះ រហូតដល់មានការដកហូតប័ណ្ណបើកបរ ឬលុបការចុះបញ្ជីយានយន្ត។ គួរបញ្ជាក់ផងដែរថា អូស្រ្តាលីជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនផ្សេងទៀត ដែលមានច្បាប់កំណត់ឲ្យពលរដ្ឋត្រូវតែទៅបោះឆ្នោតជាដាច់ខាត៕ធ.ដ
-
តៃវ៉ាន់ក្លាយជាប្រជាជាតិអាស៊ីដំបូង ដែលអនុញ្ញាតឲ្យមនុស្សស្រឡាញ់ភេទដូចគ្នា អាចរៀបការដោយស្របច្បាប់

តៃវ៉ាន់៖ សភាតៃវ៉ាន់បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបការស្រឡាញ់ភេទដូចគ្នា ខណៈការសម្រេចបែបនេះ ធ្វើឲ្យកោះតៃវ៉ាន់ក្លាយជាប្រជាជាតិទីមួយក្នុងតំបន់អាស៊ី ដែលផ្ដល់សិទ្ធិឲ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការដោយស្របច្បាប់។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីន វិន បានបង្ហោះសារតាមបណ្តាញសង្គម ធ្វីតធើ ដើម្បីអបអរសាទរចំពោះសេចក្តីសម្រេចនេះ ដោយបញ្ជាក់ថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ យើងបានបោះជំហានទៅមុខយ៉ាងធំមួយឆ្ពោះទៅរកភាពស្មើគ្នាយ៉ាងពិតប្រាកដ។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានអនុម័តដោយសំឡេងឆ្នោត ៦៦ ទល់នឹង ២២ ហើយវាគ្រោងនឹងដាក់ឲ្យចូលជាធរមាននៅថ្ងៃទី២៤ ខែឧសភាខាងមុខ បន្ទាប់ពីប្រធានាធបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីន វិន ចុះហត្ថលេខាអនុម័តរួច៕ធ.ដ
-
ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ធ្វើឲ្យវេណេស៊ុយអេឡាខាតបង់ប្រាក់៣០ពាន់លានដុល្លារ

វេណេស៊ុយអេឡា៖ វេណេស៊ុយអេឡា បានខាតបង់ថវិកាប្រមាណ៣០ពាន់លានដុល្លារក្នុងអំឡុងពេល០៣ខែកន្លងមកនេះ ដោយសារតែការរាំងខ្ទប់សេដ្ឋកិច្ច និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអាម៉េរិក។ នេះបើតាមការអះអាងរបស់ឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡា ប្រចាំប្រទេសអេហ្ស៊ីប លោក Wilmer Omar Barrientos។ លោក Barrientos បានគូសបញ្ជាក់ថា បណ្តាធនាគារនៅអាម៉េរិក និងអឺរ៉ុប បានបង្កកលុយរាប់ពាន់លានដុល្លាររបស់រដ្ឋាភិបាលលវេណេស៊ុយអេឡា ហើយមិនតែប៉ុណ្ណោះ សហរដ្ឋអាម៉េរិកក៏បានរាំងខ្ទប់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA និងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុននេះផងដែរ។ បើតាមឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡាប្រចាំប្រទេសអេហ្ស៊ីបរូបនេះ ពាក់ព័ន្ធការដាក់ទណ្ឌកម្ម និងការរាំងខ្ទប់សេដ្ឋកិច្ចទាំងនេះ វេណេស៊ុយអេឡាបានខាតបង់ប្រមាណជា៣០ពាន់លានដុល្លារ ក្នុងអំឡុងពេលត្រឹមតែ០៣ខែកន្លងទៅនេះ៕ធ.ដ
-
នៅទីបំផុតសហរដ្ឋអាម៉េរិកឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ការយកពន្ធកម្រិតខ្ពស់ ជាមួយកាណាដា និងម៉ិកស៊ិក

សហរដ្ឋអាម៉េរិក៖ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក USTR បានបញ្ជាក់នៅក្នុងថ្ងៃសុក្រនេះថា សហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយ កាណាដា និងម៉ិកស៊ិក ដើម្បីលុបចោលការយកពន្ធកម្រិតខ្ពស់ ដែលទីក្រុងវ៉ាស៊ីនតោន បានដាក់ទៅលើផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលពីប្រទេសជិតខាងទាំងពីររបស់ខ្លួននេះ។ នៅក្នុងរយៈពេល៤៨ម៉ោង ការយកពន្ធកម្រិតខ្ពស់២៥ភាគរយទៅលើដែកថែប និង១០ភាគរយទៅលើអាលុយមីញ៉ូម ដែលសហរដ្ឋអាម៉េរិក បានដាក់លើកាណាដា និងម៉ិកស៊ិកកាលពីមួយឆ្នាំមុននោះ នឹងត្រូវដកចេញវិញ ហើយវាក៏ជួយបើកផ្លូវដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសទាំង០៣ថែមទៀតផង ខណៈកាណាដា និងម៉ិកស៊ិក ក៏បានយល់ព្រមលុបចោលនូវវិធានការសងសឹករបស់ខ្លួន មកលើផលិតផលរបស់សហរដ្ឋអាម៉េរិកផងដែរ។ សូមរំលឹកថា សហរដ្ឋអាម៉េរិកកាលពីខែមីនា ឆ្នាំ២០១៨ បានសម្រេចយកពន្ធដល់ទៅ២៥ភាគរយលើផលិតផលដែកថែប និង១០ភាគរយលើផលិតផលអាលុយមីញ៉ូម ដែលនាំចូលពីបណ្តាដៃគូពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន នៅជុំវិញពិភពលោក ក្រោមហេតុផលបញ្ហាសន្តិសុខជាតិ៕ធ.ដ
-
សហរដ្ឋអាម៉េរិកប្រកាសពន្យារពេលដំឡើងពន្ធលើរថយន្ត និងគ្រឿងបន្លាស់ ដើម្បីស្វែងរកកិច្ចចរចាជាមួយភាគីពាក់ព័ន្ធ

សហរដ្ឋអាម៉េរិក៖ រថយន្ត និងគ្រឿងបន្លាស់យានយន្តមួយចំនួន ដែលនាំចូលមកកាន់សហរដ្ឋអាម៉េរិក ទំនងជានឹងបង្កការគំរាមកំហែងដល់សន្តិសុខជាតិ នេះបើតាមការបញ្ជាក់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ប្រធានាធិបតីអាម៉េរិករូបនេះ បានបង្ហាញការយល់ស្របជាមួយរបាយការណ៍សិក្សារបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក ដែលបានកំណត់ថា រថយន្ត និងគ្រឿងបន្លាស់យានយន្តនាំចូលមួយចំនួន កំពុងតែធ្វើឲ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកអន់ថយ និងអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិ។ ទន្ទឹមគ្នានោះដែរ លោក ដូណាល់ ត្រាំ ក៏បានប្រកាសពីការពន្យារពេលដំឡើងពន្ធលើរថយន្ត និងគ្រឿងបន្លាស់ដែលនាំចូលមកកាន់សហរដ្ឋអាម៉េរិកផងដែរ ដោយលោកបានសម្រេចបង្គាប់ឲ្យទីភ្នាក់ងារទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម USTR បន្តដឹកនាំកិច្ចចរចាជាមួយសហភាពអឺរ៉ុប ជប៉ុន និងប្រទេសឯទៀតៗ ហើយរាយការណ៍ជូនលោកវិញក្នុងរយៈពេល១៨០ថ្ងៃ៕ធ.ដ
-
ក្រុមហ៊ុន Boeing អះអាងថា បញ្ហាលើយន្តហោះប្រភេទ 737 MAX ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរហើយ

សហរដ្ឋអាម៉េរិក៖ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធបញ្ជាការហោះហើរ MCAS ឬ anti-stall system សម្រាប់ត្រកូលយន្តហោះ 737 MAX បានបញ្ចប់ទៅជាស្ថាពរហើយនេះបើតាមការប្រកាសរបស់ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។ បន្ទាប់មកទៀត ក្រុមហ៊ុន Boeing នឹងត្រូវធ្វើការជាមួយអាជ្ញាធរសហព័ន្ធអាកាសចរណ៍ FAA របស់សហរដ្ឋអាម៉េរិក ដើម្បីពិនិត្យ និងវាយតម្លៃការហោះហើររបស់យន្តហោះ 737 MAX ជាមួយប្រព័ន្ធ MCAS ដែលត្រូវបានអាប់ដេតថ្មីក្រោមក្តីសង្ឃឹមថា យន្តហោះប្រភេទនេះ នឹងអាចទទួលបានការអនុញ្ញាតឲ្យធ្វើប្រតិបត្តិការឡើងវិញ ហើយគ្រប់គ្នានឹងលែងមានការសង្ស័យ ឬព្រួយបារម្ភតទៅទៀត។គួរបញ្ជាក់ថា អាជ្ញាធរអាកាសចរណ៍អាម៉េរិក FAA បានមើលរំលងនូវហានីភ័យផ្នែកសុវត្ថិភាពដ៏សំខាន់ នៃប្រព័ន្ធបញ្ជាការហោះហើររបស់យន្តហោះប្រភេទថ្មីចុងក្រោយ Boeing 737 MAX ដែលត្រូវក្រុមអ្នកស៊ើបអង្កេតអះអាងថា ជាមូលហេតុចម្បងនៅពីក្រោយករណីធ្លាក់យន្តហោះនៅឯប្រទេសឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ និងនៅប្រទេសអេត្យូពីកាលពីខែមីនា ឆ្នាំ២០១៩៕ម.ន
-
ចិនចេញមុខអះអាងពីការចាប់ខ្លួនជនជាតិកាណាដាពីរនាក់ ពីបទលួចការសម្ងាត់របស់រដ្ឋ

ចិន៖ ក្រសួងការបរទេសចិនបានលើកឡើងថា ពលរដ្ឋកាណាដាពីរនាក់ដែល ជាប់ឃុំឃាំងចាប់តាំងពីចុងឆ្នាំមុននេះ ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទលួចការសម្ងាត់រដ្ឋ ដែលជាវិធានការនេះ ត្រូវគេរំពឹងថា នឹងនាំឱ្យភាពតានតឹងខ្លាំងឡើងរវាងប្រទេសទាំងពីរ។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លូ កាង បានប្រកាសអំពីចាប់ខ្លួន លោក Michael Kovrig និងលោក Michael Spavor កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ នៅក្នុងសន្និសីទសារព័ត៌មានជាធម្មតាមួយនៅក្នុងទីក្រុងប៉េកាំង។ នាឱកាសនោះ លោក លូ កាង បាននិយាយថា ការចាប់ខ្លួនពលរដ្ឋកាណាដាទាំងពីរនាក់នេះ បានធ្វើឡើងតាមច្បាប់នៃប្រទេសចិន លោកថា ប្រទេសចិនសង្ឃឹមថា រដ្ឋាភិបាលកាណាដានឹងមិនធ្វើសេចក្តីថ្លែងការណ៍គ្មានការទទួលខុសត្រូវ អំពីប្រព័ន្ធតុលាការនៃប្រទេសចិនទេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយតែប៉ុន្មានម៉ោង ក្រោយសេចក្តីប្រកាសនេះរបស់រដ្ឋាភិបាលក្រុងប៉េកាំងខាងលើនេះ ក្រសួងការបរទេសកាណាដាបានបញ្ជាក់ថា រដ្ឋាភិបាលក្រុង អូតតាវ៉ា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងដល់ការចាប់ខ្លួនបុរសពីរនាក់នេះ ហើយទាមទារឱ្យមានការដោះលែងពួកគេជាបន្ទាន់៕ម.ន
-
ទីភ្នាក់ងាររចនា និងស្ថាបត្យករ «AI SpaceFactory» គ្រោងបង្កើតទីលំនៅ បរិស្ថានបច្ចេកវិទ្យាដំបូងគេ ដែលមិនធ្លាប់មាននៅលើផែនដី

សហរដ្ឋអាម៉េរិក៖ អង្គការអវកាស NASA របស់អាម៉េរិកបានផ្តល់ទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារដល់ទីភ្នាក់ងាររចនា និងស្ថាបត្យករ «AI SpaceFactory» ក្រោយទីភ្នាក់ងារមួយនេះ ទទួលបានជោគជ័យក្នុងការផលិតផ្ទះគំរូបែប 3D សម្រាប់ឲ្យអ្នកអវកាសរស់នៅឋានព្រះចន្ទ ឬភពព្រះអង្គារ។នៅក្នុងការប្រកួតប្រជែងខាងលើ ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងញ៉ូវយ៉កមួយនេះ បានផលិតផ្ទះគំរូដោយប្រើទំហំ១ភាគ៣ ដោយបានប្រើប្រាស់សម្ភារ ដែលមាននៅភពអង្គារ។ លើសពីនេះទៅទៀតនោះ AI SpaceFactory គ្រោងនឹងកែច្នៃឡើងវិញនូវសំណង់របស់ពួកគេ និងបង្កើតទីលំនៅបរិស្ថានបច្ចេកវិទ្យាដំបូងគេ ដែលមិនធ្លាប់មាននៅលើផែនដីផងដែរ។គួរបញ្ជាក់ថា ក្រុមហ៊ុន AI SpaceFactory បានផលិតផ្ទះគំរូរបស់ពួកគេ ដោយប្រើប្រាស់សមាសធាតុម៉្យាង ដែលគេហៅថា biopolymer basalt ដែលល្អ មិនប៉ះពាល់ដល់បរិស្ថាន និងអាចប្រើប្រាស់ឡើងវិញបាន ដែលសមាសធាតុនោះ ក៏រួមមាននូវធាតុដែលអាចទាញយកពីដំណាំដាំដុះបានផងដែរ៕ម.ន
-
អង្គការសហប្រជាជាតិអំពាវនាវសុំការអត់ធ្មត់ខ្ពស់បំផុត ស្របពេលមានភាពតានតឹងខ្លាំង រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បត្តិ៍នេះ បានស្នើឱ្យមានការអត់ធ្មត់ខ្ពស់បំផុតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងគ្រាដែលមានភាពតានតឹងខ្លាំងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ក៏ដូចជានៅក្នុងតំបន់ឈូងសមុទ្រ Gulf នេះបើតាមអ្នកនាំពាក្យប្រមុខដឹកនាំអង្គការសហប្រជាជាតិ គឺលោក ស្ទេរហ្វេន ឌូហ្ស៊ារីគ។ ការអំពាវនាវនេះបានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់កាលពីសប្តាហ៍មុនថា ទីក្រុងតេហេរ៉ង់នឹងទទួលរងភាពឈឺចាប់ជាទីបំផុត បើសិនជាហ៊ានបំផ្លាញផលប្រយោជន៍សហរដ្ឋអាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ មិនតែប៉ុណ្ណោះ ទីបញ្ជាការកណ្ដាលកងទ័ពអាម៉េរិកក៏បានដាក់ឱ្យកងទ័ពខ្លួននៅអ៊ីរ៉ាក់ និងស៊ីរី ស្ថិតក្រោមលក្ខណៈប្រុងជើងការខ្ពស់ផងដែរ ដោយសារការគំរាមកំហែងរបស់អ៊ីរ៉ង់ ស្របពេលមន្ត្រីទូតអាម៉េរិកមិនមានភារកិច្ចចាំបាច់ ត្រូវបានបញ្ជាឲ្យដកចេញជាបន្ទាន់ពីអ៊ីរ៉ាក់។ប៉ុន្តែនៅក្នុងថ្ងៃព្រហស្បត្តិ៍ដដែលនេះ នៅចំពោះមុខអ្នកយកព័ត៌មានជាច្រើន លោក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមថា សង្រ្គាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នឹងមិនផ្ទុះឡើងឡើយ ខណៈការអះអាងនេះ ធ្វើឡើងក្នុងអំឡុងពេលទទួលស្វាគមន៍ប្រធានាធិបតីស្វីសលោក យូអេលី ម៉ូរើ ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន៕ម.ន
-
កូរ៉េខាងជើងហៅអង្គការសហប្រជាជាតិថា ជាអង្គការអយុត្តិធម៌ និងប្តេជ្ញាចាត់វិធានការ ប្រឆំាងនឹងការដាក់ទណ្ឌកម្ម

កូរ៉េខាងជើង៖ កូរ៉េខាងជើងបានហៅអង្គការសហប្រជាជាតិថា ជាអង្គការអយុត្តិធម៌មួយ ហើយថែមទាំងអះអាងទៀតថា ទណ្ឌកម្មដែលដាក់លើទីក្រុងព្យុងយ៉ាង គឺជាការរំលោភបំពានលើអធិបតេយ្យរបស់ខ្លួន ដូច្នេះកូរ៉េខាងជើងនឹងចាត់វិធានការឆ្លើយតបវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន យ៉ុនហាប់ ដែលដកស្រង់ចេញពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង។សូមជម្រាបថា បច្ចុប្បន្ននេះប្រទេសកូរ៉េខាងជើង បាននិងកំពុងស្ថិតក្រោមកញ្ចប់ទណ្ឌកម្មជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារតែកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដែលបានបង្កអស្ថេរ ភាពនៅលើតំបន់ឧបទ្វីបកូរ៉េ។ពាក់ព័ន្ធនឹងការស្វែងរកច្រកចេញពីទណ្ឌកម្មនេះដែរ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសម្រេចចិត្តចូលរួមកិច្ចប្រជុំកំពូលជាលើកទី២ ជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅប្រទេសវៀតណាម កាលពីខែកុម្ភៈកន្លងទៅ ក៏ប៉ុន្តែផ្ទុយពីការរំពឹងទុក ដោយសារតែកិច្ចចរចាគ្នានោះត្រូវបរាជ័យ ហើយកូរ៉េខាងជើងក៏បានចាប់ផ្តើមបាញ់សាកល្បងមីស៊ីលរបស់ខ្លួនសាជាថ្មីជាទៀត៕ម.ន