-
ក្រុមហ៊ុនបណ្តាញសង្គមធំៗលើលោក សន្យារួមគ្នាប្រឆាំងនឹងក្រុមជ្រុលនិយមតាមអនឡាញ

កាលពីថ្ងៃពុធទី១៥ ខែឧសភា ម្សិលមិញ បណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្ស បានសន្យារួមគ្នាថា នឹងបង្កើតឲ្យមានវិធានការថ្មី ក្នុងការទប់ទល់នឹងមាតិការនៃក្រុមជ្រុលនិយម ចូលចិត្តប្រើហិង្សា នៅតាមបណ្តាញអ៊ីនធើណិត ពោលគឺចំពេលដែលមានការដាក់សំពាធពីបណ្តារដ្ឋាភិបាលប្រទេសនានា ជំរុញឲ្យសកម្មភាពទុបស្កាត់ ក្រោយពេលទើបកើតមានការវាយប្រហារស្លាប់រង្គាល នៅវិហារសាសនាអ៊ិស្លាមចំនួន២ នៅប្រទេសញ៉ូវហ្សេឡែន កាលពីខែមីនា។ នាយកប្រតិបត្តិក្រុមហ៊ុន Google, Twitter, Facebook និង Microsoft បានជួបប្រជុំគ្នា ជាមួយមេដឹកនាំបារាំង ញ៉ូវហ្សេឡែន និងមេដឹកនាំប្រទេសមួយចំនួនទៀត នៅទីក្រុងប៉ារីស ក្នុងវេទិកាមួយស្តីពីការលើកទឹកចិត្តឲ្យមានការដោះស្រាយបញ្ហានៅលើអនឡាញ។ សូមរម្លឹកថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស៥១នាក់ នៅព្រះវិហារអ៊ិស្លាមចំនួន២ ក្នុងប្រទេសញ៉ូហ្សេឡែន កាលពី២ខែមុន ខណៈដែលជនបង្កបានថតវីដេអូផ្សាយផ្ទាល់តាមហ្វេសប៊ុក ពីហេតុសកម្មភាពបាញ់ប្រហារនេះ ដោយបំពាក់កាមេរ៉ាលើក្បាលរបស់គេ។ ហ្វេសប៊ុក ត្រូវបានរិះគន់ខ្លាំង ចាប់តាំងពីកើតមានការវាយប្រហារនេះ ពោលគឺក្រោយពេលដែលវីដេអូនេះ ត្រូវបានចែករំលែកតៗគ្នា រាប់សិបលានដង ទោះបីជាហ្វេសប៊ុកប្រឹងប្រែងយកចេញ ឬ Remove ក៏ដោយ។ ក្នុងវេទិកាឈ្មោះថា “Christchurch Call” ឱកាសនោះដែរ…
-
លោក ត្រាំ ច្រានចោលផែនការបញ្ជូនកងទ័ព១២០,០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបដិសេធសេចក្តីរាយការណ៍របស់កាសែត New York Times ដែលចុះផ្សាយថា មន្ត្រីអាម៉េរិកកំពុងតែពិភាក្សាគ្នាអំពីផែនការបញ្ជូនកងទ័ព១២០,០០០ នាក់ទៅតំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារណាមួយរបស់អ៊ីរ៉ង់។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយថា លោកគិតថា វាជាព័ត៌មានក្លែងក្លាយ តើឥឡូវនេះលោកនឹងធ្វើបែបនោះឬ? ប្រាកដណាស់ យើងមិនទាន់មានផែនការសម្រាប់សកម្មភាពនេះនោះទេ។ សង្ឃឹមថា យើងនឹងចាំបាច់មានផែនការសម្រាប់សកម្មភាពនោះ ហើយប្រសិន បើយើងធ្វើបែបនោះ យើងនឹងបញ្ជូនកងទ័ពមានចំនួនច្រើនជាងនេះឆ្ងាយណាស់។ សូមរំលឹកថា បើតាមទីភ្នាក់ងារសារព័ត៌មាន New York Times រដ្ឋមន្ត្រីការពារជាតិស្តីទីអាម៉េរិក លោក Patrick Shanahan បានបង្ហាញផែនការមួយកាលពីសប្ដាហ៍មុន នៅក្នុងកិច្ចប្រជុំមួយរបស់ជំនួយការសន្តិសុខជាតិជាន់ខ្ពស់ ពាក់ព័ន្ធនឹងការផែនការបញ្ជូនកងទ័ពប្រមាណ ១២០,០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ប្រសិនបើអ៊ីរ៉ង់វាយប្រហារលើកងកម្លាំងអាម៉េរិក ឬក៏ពន្លឿនការងារលើអាវុធនុយក្លេអ៊ែរ៕ធ.ដ
-
ប្រមុខដឹកនាំអង្គការ NATO៖ ការប៉ះទង្គិចគ្នាទំនងជាផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា បើសិនភាពតានតឹងនៅតែបន្តកើនឡើង

បែលហ្ស៊ិក៖ អង្គការ NATO បានបង្ហាញការព្រួយបារម្ភជាខ្លាំង ជុំវិញការបង្កើនវត្តមានយោធារបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ានាពេលថ្មីៗនេះ និងព្រមានថា វាអាចនឹងបង្កជាជម្លោះដោយចៃដន្យ នេះបើតាមការអះអាងរបស់អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg។ បច្ចុប្បន្ននេះ កងយន្ដហោះទម្លាក់គ្រាប់បែក នាវាផ្ទុកយន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អាម៉េរិក ត្រូវបានបញ្ជូន និងដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ាហើយ ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីអ៊ីរ៉ង់។ ជុំវិញបញ្ហាខាងលើនេះដែរ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងថ្ងៃពុធ ម្សិលមិញ ប្រមុខដឹកនាំអង្គការ NATO រូបនេះ បាននិយាយថា យើងកំពុងព្រួយបារម្ភជាខ្លាំង ព្រោះថា បើជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា នោះវានឹងបង្កភាពស្មុគស្មាញដល់សម្ព័ន្ធមិត្តអង្គការ NATO ទាំងមូល៕ធ.ដ
-
បុគ្គលិកទូតអាម៉េរិកនៅអ៊ីរ៉ាក់ ត្រូវបង្គាប់ឱ្យចាកចេញពីប្រទេសនេះជាបន្ទាន់ ស្របពេលមានភាពតានតឹងឡើងនៅមជ្ឈិមបូព៌ា

សហរដ្ឋអាម៉េរិក៖ បុគ្គលិកទូតអាម៉េរិកមិនមានភារកិច្ចចាំបាច់ទាំងអស់ប្រចាំទីក្រុងបាកដាដ នៅក្នុងថ្ងៃពុធនេះ ត្រូវបានក្រសួងការបរទេសអាម៉េរិកបង្គប់ឱ្យចាកចេញពីប្រទេសអ៊ីរ៉ាក់ជាបន្ទាន់ ហើយថែមទាំងផ្ដល់យោបល់ឱ្យពលរដ្ឋរបស់ខ្លួនជៀសវាងការធ្វើដំណើរមកកាន់អ៊ីរ៉ាក់ផងដែរ ស្របពេលមានភាពតានតឹងខ្លាំងជាមួយអ៊ីរ៉ង់។ ក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា សេវាកម្មទិដ្ឋាការធម្មតាប្រចាំស្ថានទូតអាម៉េរិកក្នុងទីក្រុងបាដដាដ និងស្ថានកុង ស៊ុលប្រចាំទីក្រុង Erbil នឹងត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។ រីឯរដ្ឋាភិបាលអាម៉េរិកនឹងកំណត់ពីលទ្ធភាពនៃការផ្ដល់សេវាកម្មបន្ទាន់ដល់ពលរដ្ឋអាម៉េរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ ការបង្គាប់ឱ្យបុគ្គលិកទូតអាម៉េរិកចាកចេញពីប្រទេសអ៊ីរ៉ាក់ជាបន្ទាន់នេះ បានកើតមានឡើងបន្ទាប់ពីទីបញ្ជាការកណ្ដាលកងទ័ពអាម៉េរិក បានដាក់ឱ្យកងទ័ពអាម៉េរិក និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ ដោយសំអាងថា អ៊ីរ៉ង់ ឬកងកម្លាំងប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់ អាចនឹងបើកការវាយប្រហារ៕ធ.ដ
-
ចិននាំចេញសព្វាវុធមានទឹកប្រាក់១៤,៤ពាន់លានដុល្លារ ទៅកាន់បណ្តាប្រទេស នៅជុំវិញពិភពលោកនៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១៧

ចិន៖ នៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១៧ ប្រទេសចិនបាននាំចេញសព្វាវុធមានទំហំទឹកប្រាក់ ១៤,៤ពាន់លានដុល្លារទៅកាន់បណ្តាប្រទេសនៅជុំវិញពិភពលោក។ សម្រាប់តួលេខនេះ ចិនជាប់ចំណាត់ថ្នាក់លេខ៥ ជាប្រទេសផ្គត់ផ្គង់អាវុធធំបំផុតលើពិភពលោក តាមពីក្រោយសហរដ្ឋអាម៉េរិកដែលឈរលេខមួយ រុស្ស៊ី បារាំង និងអាល្លឺម៉ង់។ បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ការលក់អាវុធរបស់ចិន បានហក់ឡើងពី៦៥០លានដុល្លារក្នុងឆ្នាំ២០០៨ ទៅកាន់១,១៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៧។ ក្នុងនោះ ប្រមាណ៧៤ភាគរយនៃការនាំចេញអាវុធនេះ បានលក់ទៅឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ី ចំណែក២១ភាគរយទៀតបានលក់ទៅឲ្យតំបន់អាហ៊្វ្រិក។ ទោះបីជាចិនចាត់ទុកខ្លួនឯង ជាប្រទេសនាំចេញអាវុធដ៏ធំមួយលើពិភពលោកក៏ដោយក្តី តែបើមើលទៅលើតួលេខនៃការលក់អាវុធរបស់ប្រទេសនេះវិញ គឺវាមានកម្រិតទាបនៅឡើយ បើធៀបនឹងសហរដ្ឋអាម៉េរិក។ ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនជាមធ្យមប្រចាំឆ្នាំ ស្មើនឹង៩ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ៕ធ.ដ
-
ប្រធានាធិបតីរុស្ស៊ីជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិក ស្របពេលមានភាពតានតឹងរវាងប្រទេសទាំងពីរ

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថា ដល់ពេលវេលាហើយ ដែលត្រូវស្តារទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនឡើងវិញ បន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសអាម៉េរិកបញ្ចប់ទៅ ដោយមិនបានបង្ហាញថា លោក ត្រាំ មានទំនាក់ទំនងពិសេសជាមួយប្រទេសរុស្ស៊ី ។ ក្នុងអំឡុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងទីក្រុង Sochi លោក ពូទីន បានថ្លែងអះអាងថា រូបលោកមានចំណាប់អារម្មណ៍ចំពោះលោក ដូណាល់ ត្រាំ ដែលចង់ស្ដារទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ីឡើងវិញ ដើម្បីដោះស្រាយបញ្ហារួមគ្នា ដោយឈរលើមូលដ្ឋានផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។ ជាការឆ្លើយតបវិញនោះ លោក ម៉ៃ ប៉ុមប៉េអូ បានយល់ស្របលើការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក ប៉ុន្តែប្រមុខការទូតអាម៉េរិករូបនេះ ក្នុងឱកាសជំនួបជាមួយសមភាគីរុស្ស៊ីក្នុងថ្ងៃដដែលនេះ ក៏បានថ្លែងព្រមានដែរថា សហរដ្ឋអាម៉េរិកនឹងមិនអត់ឱនឱ្យជាដាច់ខាត បើរុស្ស៊ីលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅឆ្នាំ២០២០ ៕ធ.ដ
-
មេដឹកនាំកំពូលអ៊ីរ៉ង់អះអាងថា គ្មានឡើយកិច្ចចរចានុយក្លេអ៊ែរសាជាថ្មីទៀត

អ៊ីរ៉ង់៖ គ្មានឡើយកិច្ចចរចានុយក្លេអ៊ែរសាជាថ្មី បើទោះជាសហរដ្ឋអាម៉េរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ក៏ដោយ នេះបើតាមការអះអាងរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណេ ។ ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ខាមិនណេ បានគូសបញ្ជាក់ថា អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក នឹងមិនធ្វើសង្រ្គាមជាមួយគ្នាឡើយ បើទោះជាប្រទេសទាំងពីរត្រូវបានគេមើលឃើញថា កំពុងប្រឈមមុខនឹងភាពតានតឹងខ្លំាង ។ ទន្ទឹមគ្នានោះដែរ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ ថែមទំាងបានសង្កត់ធ្ងន់ទៀតថា សង្រ្គាមនឹងមិនផ្ទុះឡើងឡើយ ព្រោះអ៊ីរ៉ង់បានជ្រើសរើសយកការអត់ធ្មត់ជាមធ្យោបាយដោះស្រាយបញ្ហា រីឯសហរដ្ឋអាម៉េរិកផ្ទាល់ក៏ដឹងដែរថា ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ គឺគ្មានផលចំណេញអ្វីទាំងអស់ ៕ធ.ដ
-
ខ្យល់ និងភ្លៀងខ្លាំងបំផ្លាញផ្ទះ៨០០ខ្នង នៅទីប្រជុំជនចំនួន២ក្នុងប្រទេសមីយ៉ាន់ម៉ា

ខ្យល់ខ្លាំងលាយលំជាមួយភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញផ្ទះប្រមាណ៨០០ខ្នង នៅក្នុងទីប្រជុំជនចំនួន២ នៃតំបន់ Sagaing ប្រទេសមីយ៉ាន់ម៉ា នេះបើតាមនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃពុធ ទី១៥ ឧសភានេះ។ ទីប្រជុំជនទាំងពីរត្រូវបានវាយប្រហារ កាលពីល្ងាចថ្ងៃចន្ទ គឺរួមមាន ទីប្រជុំជន Pale និង Kani ដោយ Kani រងការវាយប្រហារខ្លាំងជាងគេ មានផ្ទះ៧៨០ខ្នង ត្រូវបានបំផ្លាញ។ យោងតាមអាជ្ញាធរក្នុងតំបន់ថា នាវាដឹកទំនិញ១គ្រឿងបានលិច ក្នុងទន្លេ Chindwin ក្បែរនឹងភូមិ Medin ដោយសារតែខ្យល់បោកបក់ខ្លាំង៕ធ.ដ
-
ដំរី៩០ក្បាលត្រូវបានលក់តម្លៃជិត៣លានដុល្លារអាម៉េរិក នៅប្រទេសហ្ស៊ីបាវ៉េ

សារព័ត៌មាន CNN បានចេញផ្សាយថា ប្រទេសហ្ស៊ីមបាបវ៉េ បានសម្រេចចិត្តលក់សត្វដំរី៩០ក្បាល ក្នុងតម្លៃជាង២.៧លានដុល្លារឱ្យ ប្រទេសចិន និងអេមីរ៉ាតអារ៉ាប់រួម នេះបើអ្នកនាំពាក្យទីភ្នាក់ងារសត្វព្រៃហ្ស៊ីមបាបវ៉េ នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។ លោក Tinashe Farawo បានឱ្យដឹងទៀតថា លុយដែលបានមកពីការលក់សត្វដំរីទាំងនេះនឹងត្រូវយកទៅផ្គត់ផ្គង់ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វព្រៃ ខណៈទីភ្នាក់ងាររបស់ លោកកំពុងមានការលំបាកក្នុងការគ្រប់គ្រងសត្វដំរីនៅក្នុងឧទ្យានជាតិ។ ដោយឡែក បើតាមរដ្ឋមន្ត្រីទេសចរណ៍ហ្ស៊ីមបាបវ៉េ លោកស្រី Prisca Mupfumira បច្ចុប្បន្នហ្ស៊ីមបាបវ៉េមាន សត្វដំរី ៨៥,០០០ក្បាល ប៉ុន្តែមានសមត្ថភាពចិញ្ចឹមសត្វដំរីតែ ៥៥,០០០ក្បាលប៉ុណ្ណោះ។ គួរជម្រាបថា ប្រទេសហ្ស៊ីមបាបវ៉េ ក៏ធ្លាប់លក់សត្វដំរី៩៨ក្បាលឱ្យចិន និងអេមីរ៉ាតអារ៉ាប់រួមផងដែរ ដោយក្នុង មួយក្បាលមានតម្លៃពី១៣,៥០០ដុល្លារ ដល់៤១,៥០០ដុល្លារ ហើយពួកវាទាំងនេះត្រូវបាននាំចេញទៅកាន់ ប្រទេសទាំង២ នៅចន្លោះឆ្នាំ២០១២ និង២០១៨៕ធ.ដ
-
មេដឹកនាំចិនអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ី នៅប៉េកាំង

ថ្ងៃទី១៥ ខែឧសភា ២០១៩ កិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីបានបើកធ្វើនៅក្រុងប៉េកាំង ប្រទេសចិន។ ក្នុងសុន្ទរកថាគន្លឹះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា មនុស្សជាតិរួមគ្នាទប់ទល់នឹងបញ្ហាប្រឈម ត្រូវការកម្លាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យាផង ហើយក៏ត្រូវការកម្លាំងវប្បធម៌ និងអរិយធម៌ផងដែរ ។ លោក ស៊ី ជីនភីង ថ្លែងថា បច្ចុប្បន្នការធ្វើពហុប៉ូលភាវូបនីយកម្មនៃពិភពលោក ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ការធ្វើពិពិធកម្មវប្បធម៌ និងព័ត៌មានភាវូបនីយកម្មសង្គមបានរីកចម្រើនយ៉ាងស៊ីជម្រៅ ក្នុងសង្គមមនុស្សជាតិពោរពេញទៅដោយសេចក្តីសង្ឃឹម ។ តែលោកក៏បានលើកឡើងថា ភាពមិននឹងនរ និងភាពមិនប្រាកដប្រជានៃស្ថានការណ៍អន្តរជាតិកាន់តែលេចធ្លោ បញ្ហាប្រឈមជាសកលដែលមនុស្សលោកកំពុងប្រឈមមានភាពកាន់តែតឹងរ៉ឹង ។ លោកសម្គាល់ថា កិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីបានផ្តល់វេទិកាថ្មីមួយសម្រាប់អាស៊ី និងបណ្តាប្រទេសនានាលើពិភពលោកធ្វើកិច្ចសន្ទនាផ្នែកអរិយធម៌ដោយស្មើភាព ក៏ដូចជាធ្វើការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នា និងបំផុសគំនិតទៅវិញទៅមក ៕ធ.ដ