-
អារ៉ាប៊ីសាអូឌីត ក្លាយជាប្រទេសទិញអាវុធច្រើនជាងគេបំផុតលើលោកចាប់ពីឆ្នំា២០១៤ ដល់ឆ្នំា២០១៨

សហរដ្ឋអាម៉េរិក ៖ អារ៉ាប៊ីសាអូឌីតបានក្លាយជាប្រទេសនាំចូលអាវុធដ៏ធំបំផុតនៅក្នុងពិភពលោកចាប់តំាងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា អារ៉ាប៊ីសាអូឌីតក៏ជាម៉ូយទិញអាវុធដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិកផងដែរ ដោយគិតពីចន្លោះឆ្នាំ២០១៤ និង២០១៨ ទីក្រុងរីយ៉ាដ ទទួលបាន២២ភាគរយ នៃអាវុធដែលសហរដ្ឋអាម៉េរិកនាំចេញទៅកាន់ពិភពលោក ខណៈចន្លោះពីឆ្នាំ២០០៩ និង២០១៣ ស្ថិតក្នុងអត្រាតែ ៤.៩ភាគរយប៉ុណ្ណោះ ។ លើសពីនេះទៅទៀត ក្នុងចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៨ ដដែល អារ៉ាប៊ីសាអូឌីតទទួលបានយន្ដហោះចម្បាំង ៥៦គ្រឿងពីសហរដ្ឋអាម៉េរិក និង៣៨គ្រឿងពី ចក្រភពអង់គ្លេស។ បើតាមវិទ្យាស្ថានខាងលើ លំហូរចូលអាវុធទៅកាន់តំបន់មជ្ឈិមបូព៌ាមានការកើនឡើងទ្វេដងក្នុងរយៈពេល០៥ឆ្នាំចុងក្រោយនេះ ដោយសារតែតំបន់នោះ ជាតំបន់ដែលបានកើតមានសង្គ្រាមរាប់ទសវត្សរ៍ មានដូចជា បដិវត្តន៍នៅតំបន់អាហ្វ្រិកខាងជើងដែលស្ថិតនៅក្បែរខាង សង្គ្រាមនៅស៊ីរី ការគំរាមកំហែងដោយក្រុមភេរវករ ISIS រួមទាំងការប្រជែងគ្នារវាងសម្ព័ន្ធមិត្តរុស្ស៊ី និងអាម៉េរិក នៅក្នុងការអភិវឌ្ឍវិស័យការពារប្រទេសជាដើម ៕ធ.ដ
-
ចិនសងសឹកសហរដ្ឋអាម៉េរិកវិញ តាមរយៈការប្រកាសដំឡើងពន្ធលើទំនិញ ទំហំ៦០ពាន់លានដុល្លារ

ចិន៖ ចិននឹងដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាម៉េរិក ដែលគិតជាទំហំទឹកប្រាក់ស្មើ៦០ពាន់លានដុល្លារ ដើម្បីជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន មកលើទំនិញរបស់ទីក្រុងប៉េកំាង នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលចិន ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចិន ការឡើងពន្ធដល់១០ភាគរយ ដល់២០ភាគរយ និងដល់២៥ភាគរយ ទៅលើក្រុមមុខទំនិញជាច្រើនប្រភេទរបស់អាម៉េរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ខណៈផលិតផលសរុប ប្រមាណ៥,៤១០មុខរបស់សហរដ្ឋអាម៉េរិក ដែលត្រូវនាំចូលមកកាន់ប្រទេសចិន នឹងរងការប៉ះពាល់ពីចំណាត់ការនេះ ។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានសម្រេចចាប់ផ្តើមអនុវត្តន៍ការយកពន្ធរហូតដល់២៥ភាគរយ ទៅលើទំនិញចិនទំហំ២០០ពាន់លានដុល្លារ ហើយលោកក៏បានព្រមានផងដែរថា ទីក្រុងប៉េកាំងគួរសម្រេចកិច្ចព្រមព្រៀងឲ្យបានឆាប់ជាមួយប្រទេសលោក ព្រោះថា បើមិនដូច្នោះទេស្ថានការណ៍នឹងកាន់តែអាក្រក់ថែមទៀតសម្រាប់ចិន ។ ដោយឡែករដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់ថា នឹងមិនចុះចាញ់ដាក់សម្ពាធពីខាងក្រៅជាដាច់ខាត ៕ធ.ដ
-
អ៊ីរ៉ង់បង្ហាញការព្រួយបារម្ភ បន្ទាប់ពីនាវាដឹកប្រេងជាច្រើនគ្រឿងរងការវាយប្រហារនៅអេមីរ៉ាតអារ៉ាប់រួម

អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានសម្ដែងការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងការវាយប្រហារដោយចេតនាលើនាវាដឹកប្រេងចំនួន៤គ្រឿងនៅឯកំពង់ផែមួយកន្លែងរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះ បានបញ្ជាក់បន្ថែមថា ការវាយប្រហារ លើនាវាដឹកប្រេង៤គ្រឿងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន នឹងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់សន្តិសុខដឹកជញ្ជូនប្រេង ហើយលោកក៏បានព្រមានផងដែរ ពីជនទី៣ ដែលមានបំណងបំផ្លាញស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់ ។ ការកត់សម្គាល់បែបនេះរបស់លោក Mousavi ធ្វើឡើងក្រោយរដ្ឋមន្រ្តីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត លោក ខាលីដ អាល់ហ្វាលី បានឲ្យដឹងថា នាវាដឹកប្រេង ០២គ្រឿងរបស់អារ៉ាប៊ីសាអូឌីតស្ថិតនៅក្នុងចំណោមនាវាដឹកប្រេង៤គ្រឿង ដែលរងការខូតខាតដោយការវាយប្រហារនៅក្នុងដែនសមុទ្រក្បែរទីក្រុងកំពង់ផែ ហ្វ៊ូហ្សៃរ៉ាហ៍ (Fujairah) ប្រទេសអេមីរ៉ាតអារ៉ាប់រួម ៕ធ.ដ
-
យន្តហោះផ្ទុកមនុស្ស៨៩នាក់ចុះចតដោយគ្មានកង់មុខ នៅមីយ៉ាន់ម៉ា

សារព័ត៌មាន CNN បានចេញផ្សាយថា ភីឡុត ឬអ្នកបើកបរនៅប្រទេសមីយ៉ាន់ម៉ាបានចុះចតយន្តហោះមួយគ្រឿងដោយជោគជ័យ ទោះបីជាប្រើកង់ចំហៀងសងខាងស្លាប នៅពេលដែលកង់ខាងមុខមានបញ្ហា ដែលមិនអាចបើកចេញបាន។ជើងហោះហើរអាកាសចរណ៍មីយ៉ាន់ម៉ាលេខ ១០៣ បានដឹកអ្នកដំណើរ៨៩នាក់ពីទីក្រុងយង់ហ្គូន ទៅកាន់ទីក្រុងម៉ាន់ដាឡៃ។ ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ាបានឲ្យដឹងថា ភីឡុតឈ្មោះថា Myat Moe Aung បានអនុវត្តនីតិវិធីសង្គ្រោះបន្ទាន់ ហើយបានធ្វើឲ្យមានចំហេះសាំង ដែលធ្វើឲ្យយន្តហោះស្រាលជាងមុន ក្នុងពេលចុះចត។ មុនពេលទម្លាក់យន្តហោះ ដោយកង់ក្រោយ គាត់បានទម្លាក់ច្រមុះ ទៅលើផ្លូវយន្តហោះ ដែលវាប៉ះទង្គិចប្រមាណ ២៥វិនាទី មុនពេលឈប់។ អាកាសចរណ៍នេះក៏បានបញ្ជាក់ថា មិនមានមនុស្សស្លាប់ ឬ របួសទេ។ ក្រោយចុះចត អាជ្ញាធរសង្គ្រោះបានអន្តរាគមន៍ភ្លាមៗ ដើម្បីនាំអ្នកដំណើរទាំងអស់ចេះពីយន្តហោះ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសមីយ៉ាន់ម៉ា Win Khant បានសរសើរថា «អ្នកបញ្ជាយន្តហោះពិតជាបានធ្វើកិច្ចការងារដ៏អស្ចារ្យ» សូមបញ្ជាក់ផងដែរថា នេះជាឧបទ្ទវហេតុទី ២ ក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងខែនេះ បន្ទាប់ពីមានយន្តហោះបង់ក្លាដេសមួយគ្រឿងរត់ធ្លាក់ផ្លូវយន្តហោះ កាលពីថ្ងៃ៨ ដែលបណ្ដាលឲ្យមនុស្សចំនួន ១៧រូបរងរបួស៕ធ.ដ …
-
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅប្រទេសហ្វីលីពីនចាប់ផ្តើមហើយ

ហ្វីលីពីន៖ ការិយាល័យបោះឆ្នោតជាច្រើននៅហ្វីលីពីន នាព្រឹកថ្ងៃច័ន្ទនេះ បានចាប់ផ្តើមបើកដំណើរហើយ ស្របពេលដែលប្រជាជនបានធ្វើដំណើរទៅចូលរួមក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ពលរដ្ឋហ្វីលីពីនដែលមានសិទ្ធិបោះឆ្នោតសរុបជាង៦០លាននាក់បានប្រមូលផ្ដុំគ្នានៅតាមមណ្ឌលបោះឆ្នោត ដែលបានបើកទ្វារចាប់តាំងពីម៉ោង៦៖០០ព្រឹក ដើម្បីចូលរួមក្នុងការបោះឆ្នោត ។ ការបោះឆ្នោតពាក់ កណ្ដាលអាណត្តិនេះ មានមុខតំណែងចំនួន១៨,០០០កន្លែងនៅក្នុងស្ថាប័នជាតិ ត្រូវដាក់ឱ្យបណ្ដាបេក្ខជនប្រកួតប្រជែង ក្នុងនោះមានពាក់កណ្ដាល គឺជាអសនៈនៅក្នុងព្រឹទ្ធសភាជាន់ខ្ពស់ ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញមួយចំនួនយល់ឃើញថា ការបោះឆ្នោតនេះ នឹងជួយពង្រឹងអំណាចប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏ដូចជាបើកផ្លូវឱ្យលោកអនុវត្តន៍ទោសប្រហារជីវិតឡើងវិញ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ៕ធ.ដ
-
អ៊ីរ៉ង់ព្រមានបើកការវាយប្រហារតបតវិញ បើសិនសហរដ្ឋអាម៉េរិកធ្វើសកម្មភាពបង្កគ្រោះថ្នាក់

អ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងបើកការវាយប្រហារតបតវិញ បើសិនជាសហរដ្ឋអាម៉េរិកធ្វើសកម្មភាពបង្កគ្រោះថ្នាក់ណាមួយនៅក្នុងតំបន់ឈូងសមុទ្រ Gulf នេះបើតាមការព្រមានរបស់មេបញ្ជាការកងទ័ពអាកាស នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក Hajizadeh ។ លោក Hajizadeh បានកត់សម្គាល់ដូច្នេះ ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា ការបញ្ជូន និងការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក ក៏ដូចជានាវាផ្ទុកយន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅកាន់តំបន់មជ្ឈិមបូព៌ា គឺជាការឆ្លើយតបទៅនឹងព័ត៌មានសំងាត់ដែលថា អ៊ីរ៉ង់អាចនឹងវាយប្រហារលើកងទ័ពអាម៉េរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះរបស់សហរដ្ឋអាម៉េរិក មិនមែនត្រឹមតែជាការគំរាមកំហែងនោះទេ តែវាជាការកំណត់គោលដៅវាយប្រហារលើប្រទេសអ៊ីរ៉ង់ ៕ធ.ដ
-
ការជ្រៀតជ្រែកការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក បញ្ហាវេណេស៊ុយអេឡា និងស៊ីរី ជារបៀបវារៈកំពូលនៃដំណើរទស្សនកិច្ចរបស់លោក ម៉ៃ ប៉ុមប៉េអូ ទៅកាន់រុស្ស៊ី

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បាននឹងកំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងគោលបំណងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីរបស់លោក គឺលោក សឺហ្គៃ ឡាវរូវ ។ បើតាមការរំពឹងទុកនោះ ប្រមុខការទូតសហរដ្ឋអាម៉េរិករូបនេះ គ្រោងនឹងធ្វើកិច្ចពិភាក្សាជាមួយមេដឹកនំា និងក្រុមមន្រ្តីជាន់ខ្ពស់ ពាក់ព័ន្ធនឹងបញ្ហាតានតឹងមួយចំនួនរវាងប្រទេសទំាងពីរ ដែលក្នុងនោះរួមមានការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាម៉េរិក ជាពិសេសវិបត្តិនៅវេណេស៊ុយអេឡា និងស៊ីរី ។ នៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ប៉ុមប៉េអូ នឹងជួបពិភាក្សាជាមួយលោក ពូទីន នៅឯរម្មណីយដ្ឋានសមុទ្រខ្មៅក្នុងទីក្រុង Sochi ដែលនេះគឺជាការជជែកគ្នាក្នុងកម្រិតខ្ពស់មួយជាមួយមេដឹកនំាំកំពូលរុស្ស៊ី ចាប់តំាងពីមានជំនួបកំពូលរវាងមេដឹកនំាប្រទេសទំាងពីរនៅក្នុងទីក្រុង ហេលស៊ីនគី ប្រទេសហ្វំាងឡង់ កាលពីខែកក្កដាកន្លងទៅនេះ ៕ធ.ដ
-
នាវាដឹកប្រេងពីរគ្រឿងរបស់អារ៉ាប៊ីសាអូឌីតរងការវាយប្រហារ នៅក្បែរប្រទេសអេមីរ៉ាត់អារ៉ាប់រួម

អារ៉ាប៊ីសាអូឌីត៖ នាវាដឹកប្រេងអារ៉ាប៊ីសាអូឌីត០២គ្រឿងនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានទទួលរងការវាយប្រហារនៅក្នុងដែនសមុទ្រក្បែរទីក្រុង ហ៊្វូហ្សៃរ៉ាហ៍ របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត លោក ខាលីដ អាល់ហ្វាលី នៅថ្ងៃច័ន្ទនេះ ។ ដោយឡែកក្រសួងការបរទេសអេមីរ៉ាត់អារ៉ាប់រួម បានឲ្យដឹងដែរថា កប៉ាល់ពាណិជ្ជកម្មសរុបចំនួន០៤គ្រឿងត្រូវបានទទួលរងការវាយប្រហារ ស្ថិតនៅក្បែរដែនសមុទ្ររបស់ប្រទេសខ្លួន ប៉ុន្តែមិនមានមនុស្សរងគ្រោះនោះទេ ។ រដ្ឋមន្រ្តីក្រសួងថាមពលអារ៉ាប៊ីសាអូឌីតរូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់មួយគ្រឿងក្នុងចំណោមនោះ បានស្ថិតនៅលើផ្លូវធ្វើដំណើរ ដើម្បីឆ្ពោះទៅស្តុកប្រេងនៅឯកំពង់ផែទីក្រុង រ៉ាស់ថានួរ៉ា របស់អារ៉ាប៊ីសាអូឌីត ដើម្បីដឹកយកទៅឲ្យអតិថិជនរបស់ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ីសាអូឌីត សូឌីអារ៉ាមកូ នៅសហរដ្ឋអាម៉េរិក ។ ហើយរហូតមកទល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងចំនួនមនុស្សរងគ្រោះ ឬក៏ការកំពប់ប្រេង ក៏ដូចជាការបញ្ជាក់លម្អិតជុំវិញសកម្មភាពវាយប្រហារនោះឡើយ ខណៈកប៉ាល់ទាំង០២គ្រឿងនេះ បានរងការខូចខាតក៏មិនសូវជាធ្ងន់ធ្ងរប៉ុន្មានដែរ ៕ធ.ដ
-
ទឹកធ្លាក់ពីលើពពកដ៏ធំកម្រ នៅប្រទេសសិង្ហបុរី

ថ្មីៗនេះ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែទឹកធ្លាក់ពីលើពពកដ៏ធំកម្របានឃើញ កើតឡើងនៅក្បែរឆ្នេរសមុទ្រប្រទេសសិង្ហបុរី។ បាតុភូតខ្សែទឹកហូរធ្លាក់ពីដុំពពក កើតឡើងពីព្យុះទីហ្វុង កាលពីព្រឹកថ្ងៃទី ១១ ខែឧសភា កន្លងទៅនេះត្រូវបានគេដឹងថាមានឥទ្ធិពលបំផ្លាញខ្លាំងបំផុត បើវាទៅប៉ះនឹងអ្វីហើយ។ ទិដ្ឋភាពនេះបានកើតឡើងនៅក្បែរឆ្នេរសមុទ្រ Marina Bay Sands។ បាតុភូតនេះកើតឡើងរហ័សបំផុតប្រមាណតែ១០នាទីប៉ុណ្ណោះ។ ទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរីបាននិយាយថា ព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំគឺឧស្សាហ៍កើតឡើងនៅលើសមុទ្រសិង្ហបុរីណាស់៕ធ.ដ
-
ថៃចាត់ទុកកិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ី នឹងបង្កើតជាគំរូសម្រាប់សន្តិភាពពិភពលោក

កិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីនឹងបើកធ្វើនៅក្រុងប៉េកាំង នៅថ្ងៃទី១៥ ខែឧសភាខាងមុខ លោក Korn Dabbaransi អតីតឧបនាយករដ្ឋមន្រ្តីថៃ និងជាប្រធានសមាគមមិត្តភាពថៃ–ចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាលើកនេះ ព្រមនឹងថ្លែងសុន្ទរកថាផងដែរ។ ពេលផ្តល់បទសម្ភាសន៍ជាពិសេសជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅប្រទេសថៃ នាពេលកន្លងទៅនេះ លោក Dabbaransi បានថ្លែងថាកិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីលើកនេះនឹងបង្កើតជាគំរូសម្រាប់សន្តិភាពពិភពលោក ។ លោកបានថ្លែងទៀតថា ប្រទេស ជនជាតិ និងភាសា មិនដូចគ្នា សុទ្ធតែអាចរួមរស់នៅដោយសន្តិភាពបាន ប្រការនេះមិនគ្រាន់តែជាក្តីបំណងរួមរបស់បណ្តាប្រទេសអាស៊ីប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានសម្រាប់សម្រេចបាននូវសន្តិភាពពិភពលោកទៀតផង ។ លោកថា «ការរួមរស់នៅដោយសុខដុមរមនាគឺជាលក្ខណៈពិសេសធំមួយនៃអរិយធម៌អាស៊ី ខ្ញុំសប្បាយរីករាយណាស់ដោយសារមើលឃើញប្រទេសចិនបានផ្សាយទូលាយជាបន្តបន្ទាប់នូវគំនិតមួយនេះ ក៏ដូចជាបានបង្កើតជាគំរូសម្រាប់សន្តិភាពពិភពលោកផងដែរ៕»ធ.ដ