-
ចិនប្តេជ្ញាចាប់វិធានការឆ្លើយតបវិញ ក្រោយសហរដ្ឋអាម៉េរិកចាប់ផ្តើមអនុវត្តន៍ ការយកពន្ធ២០០ពាន់លានដុល្លារលើទំនិញខ្លួន

ចិន៖ ទីក្រុងប៉េកាំងប្តេជ្ញានឹងចាប់វិធានការឆ្លើយតបទៅវិញ ចំពោះការសម្រេចដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកមកលើទំនិញ២០០ពាន់លានដុល្លាររបស់ចិន ដែលបានចាប់ផ្តើមអនុវត្តន៍នាថ្ងៃសុក្រនេះ បន្ទាប់ពីមិនអាចឈានដល់កិច្ចព្រមព្រៀងកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍ដដែលនេះ។ បើតាមសេចក្តីប្រកាសរបស់សេតវិមាន រដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើផលិតផលនាំចូលពីចិនឱ្យដល់៣២៥ពាន់លានដុល្លារ ក្នុងនោះ២០០ពាន់លានដុល្លារចាប់ផ្តើមអនុវត្តន៍ពីថ្ងៃសុក្រនេះ ប៉ុន្តែភាគីអាម៉េរិកនៅតែអះអាងដដែលថា កិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងនៅតែបន្តរហូតអាចឈានដល់កិច្ចព្រមព្រៀងមួយ។ ស្របពេលជាមួយគ្នានោះដែរ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមមន្រ្តីចិន ដែលកំពុងស្ថិតនៅរដ្ឋធានីវ៉ាស៊ីន តោន ដើម្បីចូលរួមកិច្ចចរចាជុំលើកទី១១ ស្តីពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាម៉េរិកនោះ ពួកគេក៏បានបង្ហាញការសោកស្តាយជាទីបំផុត និងមានភាពជឿជាក់ផងដែរថា ការបន្តកិច្ចចរចាជាថ្មីនេះ នឹងអាចឲ្យភាគីទាំងពីរដោះស្រាយបញ្ហានេះបាន៕ធ.ដ
-
លោក ត្រាំ គ្រោងតែងតាំងលោក Patrick Shanahan ជារដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាម៉េរិកជាផ្លូវការ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា កំពុងរៀបចំផែនការតែងតំាងលោក ផាទ្រីក សាណាហាន អតីតសហនាយកប្រតិបត្តិក្រុមហ៊ុនផលិតយន្តហោះ Boeing ឲ្យឡើងធ្វើជារដ្ឋមន្ត្រីការពារជាតិពេញសិទ្ធិ។ នេះបើតាមបញ្ជាក់របស់សេតវិមាននៅថ្ងៃព្រហស្បត្តិ៍នេះ។ ទន្ទឹមគ្នានោះដែរ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders ក៏បានឆ្លើយតបដោយវិជ្ជមានទៅកាន់អ្នកសារព័ត៌មាននានាអំពីចេតនាលោក ដូណាល់ ត្រាំ ក្នុងការតែងតាំងលោក ហ្សាណាហាន ផងដែរ ហើយថា លោក ត្រាំ បានចាត់ទុកលោក ហ្សាណាហាន ជាមនុស្សពូកែមួយរូបដែលបានបំពេញការងារបានយ៉ាងល្អប្រសើរបំផុតតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះហើយលោកសាកសមនឹងឡើងកាន់តំណែងនេះដោយពេញសិទ្ធិ។ យ៉ាងណាមិញ លោក ផាទ្រីក សាណាហាន ក៏ចាំបាច់ត្រូវការការគាំទ្រពីព្រឹទ្ធសភាផងដែរ ទើបអាចឡើងកាន់តំណែងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិកជាផ្លូវការបាន ក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បញ្ជូនឈ្មោះលោកទៅស្នើសុំការយល់ព្រម៕ធ.ដ
-
កូរ៉េខាងជើងប្រកាសត្រៀមខ្លួនធ្វើសមយុទ្ធយោធាបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយទ្រង់ទ្រាយធំ

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងកំពុងត្រៀមខ្លួនធ្វើសមយុទ្ធយោធាបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយទ្រង់ទ្រាយធំ បន្ទាប់ពីទើបតែធ្វើតេស្ដមីស៊ីលរយៈចម្ងាយខ្លី ០២គ្រាប់កាលពីព្រហស្បតិ៍តម្សិលមិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយទៀតថា ការបាញ់សាកល្បងមីស៊ីលខាងលើនេះ ត្រូវបានធ្វើក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ហើយប្រមុខដឹកនាំកំពូលរូបនេះ ថែមទាំងបានបញ្ជាឱ្យយោធាកូរ៉េខាងជើង ត្រៀមខ្លួនធ្វើសមយុទ្ធយោធាបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយថែមទៀតផង។ លោក គីម ជុងអ៊ុន ត្រូវបានសារព័ត៌មានដកស្រង់សម្តីចុះផ្សាយថា សន្តិភាព និងសន្តិសុខរបស់កូរ៉េខាងជើង គឺត្រូវបានធានាការពារដោយកម្លាំងយោធាដ៏រឹងមាំរបស់ខ្លួនឯង។ ដោយឡែក ជុំវិញការធ្វើតេស្ដមីស៊ីលនេះដែរ លោក ដូណាល់ ត្រាំ នៅតែអះអាងដដែលពីការបន្តទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន ដោយលោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននានាថា ទំនាក់ទំនងនៅតែបន្ត។ លោកដឹងថា ពួកគេចង់ចរចា និងកំពុងនិយាយពីកិច្ចចរចា ប៉ុន្តែលោកគិតថា ពួកគេមិនទាន់ត្រៀមខ្លួនដើម្បីចរចានោះទេ៕ធ.ដ
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកព្រមានឆ្លើយតបធ្ងន់ ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារ សម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍ព្រមានអ៊ីរ៉ង់ថា បើមានការវាយប្រហារណាមួយមកលើកងទ័ព និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននៅតំបន់មជ្ឈិមបូព៌ានោះ សហរដ្ឋអាម៉េរិកនឹងឆ្លើយតបទៅវិញយ៉ាងធ្ងន់។ នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃក៍ ប៉ុមប៉េអូ។ ក្រសួងការបរទេសអាម៉េរិកនៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា លោក ប៉ុមប៉េអូ បានព្រមានរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ថា គួរតែយល់ឲ្យជាក់ច្បាស់អំពីការវាយប្រហារណាមួយ ដែលធ្វើឡើងដោយពួកគេ ឬក៏គ្នីគ្នារបស់ពួកគេប្រឆាំងមកលើកងទ័ព ឬក៏សម្ព័ន្ធមិត្តរបស់អាមេរិកនៅមជ្ឈិមបូព៌ា នឹងត្រូវទទួលរងការឆ្លើយតបយ៉ាងចាស់ដៃភ្លាមៗត្រឡប់ទៅវិញ។ ការព្រមានរបស់ប្រមុខការទូតសហរដ្ឋអាម៉េរិករូបនេះ បានកើតមានឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសដាក់ទណ្ឌកម្មទៅលើផលិតផលលោហៈរបស់អ៊ីរ៉ង់ ហើយកាលពីថ្ងៃអាទិត្យកន្លងទៅ សហរដ្ឋអាម៉េរិកថែមទាំងបានប្រកាសពីការបញ្ជូនកងនាវាផ្ទុកយន្តហោះចម្បាំង និងក្បួនយន្តហោះទម្លាក់គ្រាប់បែកទៅកាន់មជ្ឈិមបូព៌ាផងដែរ ដោយចោទថា ទីក្រុងតេហេរ៉ង់កំពុងបង្កការគំរាមកំហែងដល់កងទ័ពអាម៉េរិក និងសម្ព័ន្ធមិត្តរបស់អាម៉េរិកនៅតំបន់នេះ៕ធ.ដ
-
ក្រសួងកសិកម្មកូរ៉េខាងត្បូងគ្រោងបញ្ជូនជំនួយអង្កររាប់ម៉ឺនតោនទៅកាន់ប្រទេសចំនួន៤ នៅតំបន់មជ្ឈិមបូព៌ា និងអាហ៊្វ្រិក

សេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងជនបទកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានប្រកាសថា ប្រទេសខ្លួននឹងផ្តល់អង្ករ៥ម៉ឺនតោនទៅកាន់ប្រទេសចំនួន៤ នៅតំបន់មជ្ឈិមបូព៌ា និងអាហ៊្វ្រិក ដែលនេះជាផ្នែកមួយនៃកម្មវិធីជំនួយស្បៀងអាហារនៅឯនាយសមុទ្រ។ បើតាមក្រសួងកសិកម្ម ស្បៀងអាហារ និងជនបទកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល មានផែនការបញ្ជូនអង្ករចំនួន១៩.០០០តោនទៅកាន់ប្រទេសយេម៉ែន ចំនួន១៦.០០០តោន ទៅកាន់ប្រទេសអេត្យូពី ចំនួន១០,០០០តោន ទៅកាន់ប្រទេសកេនយ៉ា និងចំនួន៥.០០០តោនទៀតទៅប្រទេសអ៊ុយហ្គាន់ដា តាមរយៈកម្មវិធី ស្បៀងអាហារពិភពលោក (WFP)។ គួរបញ្ជាក់ថា នាវាដឹកអង្ករចំនួន១៩,០០០តោន បានចាកចេញពីកំពង់ផែ Mokpo ភាគនិរតី សម្រាប់ប្រទេសយេម៉ែន នៅថ្ងៃសុក្រនេះ ដែលគ្រោងនឹងទៅដល់ប្រទេសមជ្ឈិមបូព៌ានៅខែក្រោយ៕ធ.ដ
-
អាម៉េរិកផ្តើមដំឡើងពន្ធលើផលិតផលនាំចូលពីចិន ៣២៥ពាន់លានដុល្លារអាម៉េរិក

សេតវិមានបានឱ្យដឹងថា រដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើផលិតផលនាំចូលពីចិនឱ្យដល់៣២៥ពាន់លានដុល្លារ ប៉ុន្តែភាគីអាម៉េរិកនៅតែអះអាងដដែលថា កិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹង ចាប់ផ្ដើមឡើងវិញនៅថ្ងៃសុក្រនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយដោយអ្នកនាំពាក្យរងសេតវិមាន លោក ហ្សាដ ឌារ៉េ (Judd Deere) បានបញ្ជាក់បន្ថែមទៀតថា តំណាងពាណិជ្ជកម្មអាម៉េរិក លោក ឡៃធីស៊ឺ (Lightizer) និងរដ្ឋមន្ត្រីរតនាគារជាតិលោក ម៉ានូជីន (Mnuchin) បានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្ដីពីកិច្ចចរចាពាណិជ្ជកម្មជាមួយចិន ដែលនឹងត្រូវបន្តធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាម៉េរិក) នៅឯការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក USTR។ គួរបញ្ជាក់ថា ការសម្រេចចិត្តថានឹងដំឡើងពន្ធ «៣២៥ពាន់លានដុល្លារ» លើផលិតចិនកើតមានឡើងបន្ទាប់ពីកិច្ចចរចា រវាងក្រុមមន្ត្រីអាម៉េរិក និងចិន បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ។ ម្យ៉ាងវិញទៀត ការដំឡើងពន្ធទាំងនេះក្នុងនោះរួមមានទាំងពន្ធ ២០០ពានលានដុល្លារលើការនាំចូលផលិតផលពីចិន ដែលគ្រោងនឹងដំឡើងពី១០ដល់ ២៥ភាគរយនៅម៉ោង ១២៖០១នាទីឈានចូលថ្ងៃសុក្រ (ម៉ោងនៅអាម៉េរិក)៕ធ.ដ
-
Toyota នឹងវិនិយោគជាង២ពាន់លានដុល្លារអាម៉េរិក ផលិតរថយន្តគិតគូរពីបរិស្ថាន នៅប្រទេសចិន

ក្រុមហ៊ុន Toyota គ្រោងនឹងវិនិយោគប្រាក់២,២ពាន់លានដុល្លារអាម៉េរិក បង្កើនបរិមាណរថយន្តគិតគូរពីបរិស្ថានខ្លាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានចិន ហ្ស៊ីនហួរ ដកស្រង់ពីសារព័ត៌មានក្នុងស្រុករបស់ជប៉ុន នៅថ្ងៃព្រហស្បតិ៍តទី៩ ឧសភា ម្សិលមិញ។ ក្រុមហ៊ុនជប៉ុនមួយនេះ នឹងសហការជាមួយក្រុមហ៊ុនចិន Gangzhou Automobile Group ក្នុងការផលិតរថយន្តប្រភេទនេះ ឆ្លើយតបនឹងតម្រូវការកាន់តែខ្ពស់។ ក្រុមហ៊ុនគ្រោងនឹងផលិតរថយន្តប្រភេទនេះ៤០០០០០គ្រឿង ក្នុង១ឆ្នាំៗ នៅភាគខាងត្បូងប្រទេសចិន។ គួរបញ្ជាក់ថា រថយន្តគិតគូរពីបរិស្ថានខ្លាំង ឬ eco-friendly vehicles គឺជាប្រភេទរថយន្តដែលផលិតឡើង បន្ថយផលប៉ះពាល់កាន់តែតិចដល់បរិស្ថាន ក្នុងនោះ មិនមែនជាប្រភេទរថយន្តប្រើសាំង តែជារថយន្តប្រើថាមពលអគ្គិសនី ឬ ប្រើហ្គាស ឬប្រភេទហាយប្រ៊ីដ ដែលប្រើអាគុយជាដើម៕ធ.ដ
-
ថៃគ្រោងបញ្ជាទិញយន្តហោះថ្មី៣៨គ្រឿង តម្លៃជិត៥ពាន់លានដុល្លារ ក្នុងឆ្នាំនេះ

អាជ្ញាធរអាកាសចរណ៍អន្តរជាតិថៃ គ្រោងនឹងបញ្ជាទិញយន្តហោះថ្មីចំនួន៣៨គ្រឿង តម្លៃប្រមាណ១៥៦ពាន់លានបាត ឬជិត៥ពាន់លានដុល្លារអាម៉េរិក។ ផែនការនេះ ត្រូវបានគណៈកម្មការជាតិអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ បញ្ជូនទៅក្រសួងដឹកជញ្ជូនរួចហើយ។ នេះបើតាមការប្រធានអាជ្ញាធរអាកាសចរណ៍អន្តរជាតិថៃ លោក Sumeth Damrongchaitham។ ជាការឆ្លើយតប ក្រសួងគ្រោងនឹងបញ្ជូនសំណើទិញយន្តហោះនេះ ទៅគណៈរដ្ឋមន្ត្រី ក្នុងសប្តាហ៍នេះ ហើយគណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំ នៅខែឧសភានេះផងដែរ។ នីតិវិធីបញ្ជាទិញនេះ មាន២ដំណាក់កាល ក្នុងនោះ យន្តហោះ២៥គ្រឿងថ្មី នឹងត្រូវបញ្ជាទិញក្នុងដំណាក់កាលដំបូង ហើយ១៣គ្រឿងទៀត ក្នុងដំណាក់កាលទី២។ ក្នុងចំណោមនេះ មាន៣១គ្រឿងថ្មី នឹងត្រូវយកទៅជំនួសយន្តហោះចាស់ៗ សម្រាប់ពេល១០ឆ្នាំទៀត ខណៈដែលយន្តហោះថ្មី៧គ្រឿងទៀត នឹងត្រូវប្រើប្រាស់នៅលើទីតាំងថ្មី នាពេលអនាគត។ ថៃក៏មានផែនការបើកដំណើរជើងហោះហើរថ្មី ពីក្រុងបាងកក ទៅ សេនដាយ របស់ជប៉ុន នៅខែវិច្ឆិកា ២០១៩ខាងមុខផងដែរ៕ធ.ដ
-
នាវាដឹកធ្យូងថ្មមួយគ្រឿងរបស់កូរ៉េខាងជើងត្រូវសហរដ្ឋអាម៉េរិករឹបអូស

សហរដ្ឋអាម៉េរិក៖ អាជ្ញាធរអាម៉េរិក បានរឹបអូសនាវាដឹកញ្ជូនមួយគ្រឿងរបស់កូរ៉េខាងជើង ដោយចោទប្រកាន់ថា បានរំលោភលើទណ្ឌកម្មអន្តរជាតិ ខណៈការអះអាងនេះ ធ្វើឡើងក្នុងគ្រាដែលទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថា បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាថ្មីនៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ។ នាវាដឹកធ្យូងថ្មកូរ៉េខាងជើងនេះ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីរឹបអូសកាលពីខែមេសា ឆ្នាំ២០១៨ ប៉ុន្តែសហរដ្ឋអាម៉េរិកបានចេញដីការឹបអូសនាវានេះ នៅខែកក្កដា ឆ្នាំដដែល។ ដោយឡែក បច្ចុប្បន្ននាវាមួយនេះកំពុងត្រូវបានបញ្ជូនទៅកាន់ដែនដីកោះ Samoa របស់សហរដ្ឋអាម៉េរិក តែមិនទាន់មានការបញ្ជាក់លម្អិតពីកាលបរិច្ឆេកនៃការផ្ទេរនាវានេះឡើយ។ ទាក់ទិននឹងបញ្ហានេះ ដែរក្រសួងយុត្តិធម៌អាម៉េរិកបានគូសបញ្ជាក់ថា នាវាកូរ៉េខាង ជើងឈ្មោះ M/V Wise Honest ត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ចូនធ្យូងថ្ម ដើម្បីលក់ឱ្យបណ្ដាប្រទេសដទៃក្នុងនោះរួមមានទាំងចិន ដែលនេះគឺជាទង្វើរំលោភលើទណ្ឌកម្មអន្តរជាតិ ហើយបើតាមក្រុមមន្ត្រីអាម៉េរិកនោះ ការរឹបអូសនេះ មិនមែនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើងនោះទេ៕ធ.ដ
-
កូរ៉េខាងត្បូងអះអាងថា ការជាប់គាំងកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិក ទំនងជាមូលហេតុដែលកូរ៉េខាងជើងធ្វើតេស្តអាវុធជាបន្តបន្ទាប់នេះ

កូរ៉េខាងជើង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានថ្លែងថា ការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ចុងក្រោយនេះរបស់កូរ៉េខាងជើង ទំនងជាជាប់ពាក់ព័ន្ធទៅនឹងកិច្ចចរចាបញ្ហានុយក្លេអ៊ែររវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក ដែលកំពុងតែជាប់គាំង។ ជាមួយគ្នានេះ លោក មូន ចេអ៊ីន បាននិយាយថា កូរ៉េខាងជើងប្រហែលជាបានបាញ់មីស៊ីលទាំងនេះ ព្រោះតែការមិនពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន ដែលបានប្រព្រឹត្តទៅនៅវៀតណាម កាលពីចុងខែកុម្ភៈ ត្រូវបរាជ័យ លោកថា វាអាចជាចេតនារបស់កូរ៉េខាងជើង ដើម្បីដាក់សម្ពាធ ក៏ដូចជារុញច្រានកិច្ចចរចានុយក្លេអ៊ែរនេះ ឲ្យឆ្ពោះទៅរកទិសដៅដែលពួកគេចង់បាន និងដើម្បីជំរុញឲ្យមានការចរចាគ្នាឡើងវិញជាថ្មីក្នុងពេលឆាប់ៗ។ បើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូងនោះ មីស៊ីលសរុបចំនួន០២គ្រាប់ ក្នុងនោះមួយគ្រាប់ត្រូវបានគេបាញ់នៅម៉ោង០៤៖២៩នាទីល្ងាច ដែលអាចមានរយៈចម្ងាយ៤២០គីឡូម៉ែត្រ និងមួយគ្រាប់ទៀតត្រូវបានបាញ់នៅ២០នាទីក្រោយ ដែលទំនងជាមានរយៈចម្ងាយ២៧០គីឡូម៉ែត្រ ដោយមីស៊ីលទាំងពីរបានហោះក្នុងរយៈកម្ពស់ប្រហែល៥០គីឡូម៉ែត្រ និងឆ្ពោះទៅភាគខាងកើត ហើយធ្លាក់ចូលក្នុងសមុទ្រខាងកើត (សមុទ្រជប៉ុន)។ ក្នុងចំណោមមីស៊ីលទាំង០២ មួយបានបាញ់ចេញពីតំបន់ Sino-ri និងមួយទៀតពី Kusong ដែលស្ថិតនៅឯខេត្ត Pyongan ខាងជើង ស្ថិតនៅភាគពាយ័ព្យកូរ៉េខាងជើងដូចគ្នា៕ធ.ដ