-
មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថា ប្រទេសខ្លួនចង់ឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ មហាអំណាចទាំង៦វិលត្រឡប់ទៅដូចដើមវិញ

អ៊ីរ៉ង់៖ អ៊ីរ៉ង់ចង់ឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួន ជាមួយបណ្ដាប្រទេសមហាអំណាចលោកខាងលិចត្រឡប់ទៅរកសភាពធម្មតាដូចដើមវិញ បើទោះបីជាសហរដ្ឋអាម៉េរិកសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយនេះដោយឯកតោភាគី។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យអង្គការថាមពលអាតូមិចអ៊ីរ៉ង់ លោក បេហ៍រួស ខាម៉ាល់វ៉ាន់ឌី នៅក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។ ការលើកឡើងរបស់មន្ត្រីនុយក្លេអ៊ែរអ៊ីរ៉ង់ខាងលើនេះ គឺហាក់មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ថាតើអ៊ីរ៉ង់ចង់បន្ទន់ឥរិយាបថចំពោះមុខទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងផ្នែកយោធាពីអាម៉េរិក ឬមួយក៏អ៊ីរ៉ង់ពិតជាចង់ឲ្យអ្វីៗវិញត្រឡប់ទៅដូចដើម ដូចកាលពីទើបចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងមហាអំណាចទាំង៥ បូកអាល្លឺម៉ង់ ជាមួយនឹងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់នោះ។ យ៉ាងណាមិញ ការកត់សម្គាល់បែបនេះរបស់លោក ខាម៉ាល់វ៉ាន់ឌី បានកើតមានឡើង បន្ទាប់ពីទីក្រុងតេហេរ៉ង់កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រកាសផ្អាកការអនុវត្តមួយចំនួន ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដើម្បីចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ៕ធ.ដ
-
ចិនអះអាងថា នឹងចាត់វិធានការសងសឹកវិញ បើសហរដ្ឋអាម៉េរិកអនុវត្តន៍ការ ដំឡើងពន្ធលើទំនិញខ្លួន

ចិន៖ ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ទីក្រុងប៉េកំាងនឹងចាត់វិធានការតបតវិញ ប្រសិនជាទីក្រុងវ៉ាស៊ីនតោនចាប់អនុវត្តការដំឡើងពន្ធលើផលិផលរបស់ចិន ខណៈការព្រមានពីវិធានការសងសឹកនេះ បានធ្វើឡើងស្របពេលមន្ត្រីចិន និងអាម៉េរិក កំពុងរៀបចំជួបពិភាក្សាគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ កាលពីថ្ងៃពុធកន្លងទៅនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He កំពុងមកកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើតកិច្ចព្រមព្រៀង ហើយលោកបញ្ជាក់ថា ពួកយើងនឹងចាំមើលពីលទ្ធផល។ ដោយឡែកកាលពីថ្ងៃអាទិត្យកន្លងទៅ លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា សហរដ្ឋអាម៉េរិកនឹងដំឡើងពន្ធទ្វេដងលើផលិតផលចិនដែលមានតម្លៃជាទឹកប្រាក់២០០ពាន់លានដុល្លារ ហើយការដំឡើងនោះនឹងធ្វើឡើងភ្លាមៗតែម្តង ៕ធ.ដ
-
កូរ៉េខាងជើងធ្វើតេស្តបាញ់អាវុធជាច្រើនគ្រាប់បន្ថែមទៀតហើយ

កូរ៉េខាងជើង៖ នៅថ្ងៃព្រហស្បតិ៍តនេះ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធជាច្រើនគ្រាប់ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ថា អាវុធដែលត្រូវបានបាញ់សាកល្បងទាំងនោះ គឺជាមីស៊ីល ឬអាវុធប្រភេទអ្វីនៅឡើយទេ។ បើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់នោះ ការធ្វើតេស្តបាញ់អាវុធនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានអះអាងថា ខ្លួនបានធ្វើតេស្ដយានបាញ់គ្រាប់រ៉ុក្កែត និងអាវុធយុទ្ធសាស្ត្រជាច្រើនគ្រាប់ កាលពីសប្ដាហ៍មុន។ ស្របពេលជាមួយគ្នានេះដែរ យោធាកូរ៉េខាងត្បូងអះអាងថា អាវុធដែលទីក្រុងព្យុងយ៉ាងធ្វើតេស្តនេះ គឺមីស៊ីលរយៈចម្ងាយខ្លី៕ធ.ដ
-
នៅឆ្នាំ២០២៩ អាចម៍ផ្កាយធំមួយនឹងហោះមកកៀកផែនដីបំផុត ត្រឹមតែគម្លាត៣១ពាន់គីឡូម៉ែត្រ

សហរដ្ឋអាម៉េរិក៖ រយៈពេលមួយទសវត្សរ៍ទៀត អាចម៍ផ្កាយធំមួយនឹងហោះកាត់ផែនដីយើង ខណៈអ្នកវិទ្យាសាស្រ្តបានបង្ហាញអារម្មណ៍ត្រេកអរ និងរំភើប ដោយសារតែពួកគេនឹងមានឱកាសត្រៀមខ្លួន ដើម្បីសិក្សាអំពីវានៅក្នុងព្រឹត្តិការណ៍ដ៏កម្រនេះ។ ហេតុការណ៍ដ៏កម្រនេះ នឹងកើតឡើងនៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០២៩ខាងមុខ ហើយបើតាមអ្នកវិទ្យាសាស្រ្តនោះ ព្រឹត្តិការណ៍បែបនេះ គឺមិនងាយកើតមាននោះឡើយ រហូតទាល់តែរាប់ពាន់ឆ្នាំ ហើយអ្វីដែលគួរកត់សម្គាល់នោះ គឺមនុស្សភាគច្រើននៅលើផែនដីក៏នឹងអាចមើលឃើញវាដោយភ្នែកទទេផងដែរ។ បើតាមការព្យាករណ៍របស់អ្នកវិទ្យាសាស្រ្តនោះ អាចម៍ផ្កាយដែលគេហៅថា អាប៉ូភីស (Apophis) ដែលមានមុខកាត់ប្រវែង៣៤០ម៉ែត្រ នឹងហោះមកកៀកភពផែនដីរបស់យើង ក្នុងចម្ងាយត្រឹមតែ៣១,០០០គីឡូម៉ែត្រប៉ុណ្ណោះ ដែលវាជិតជាងគម្លាតរវាងផែនដី និងព្រះចន្ទដល់ទៅជាង១០ដង៕ធ.ដ
-
តំបន់មជ្ឈិមបូព៌ាកំពុងកើនឡើងកំដៅខ្លាំង ស្របពេលការមកដល់នៃក្បួនយន្តហោះ ទម្លាក់គ្រាប់បែក-នុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា បាននិងកំពុងកើនឡើងកំដៅខ្លំាង ដោយសារភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ខណៈក្រុមយន្តហោះទម្លាក់គ្រាប់បែក-នុយក្លេអ៊ែរ B-52H បានហោះទៅដល់តំបន់ធ្វើប្រតិបត្តិការ នៃទីបញ្ជាការកណ្តាលរបស់យោធាអាម៉េរិកប្រចាំនៅតំបន់នោះ ។ យន្តហោះ ស្ទ្រេតថូហ្វរត្រេស B-52H (Stratofortress B-52H) ចំនួន០៤គ្រឿង បានហោះហើរចេញពីមូលដ្ឋានទ័ពអាកាស បាកដាល (Barksdale) នៅរដ្ឋ ល្វីសស្យាណា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាស អាល់យូដេដ (Al Udeid) នៅក្នុងប្រទេសកាតា ហើយនាពេលនេះ ពួកវាក៏បានទៅដល់គោលដៅរបស់ខ្លួនហើយ។ ពាក់ព័ន្ធនឹងការបញ្ជូនយន្តហោះខាងលើនេះ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន កាលពីសប្តាហ៍មុនថា ការចល័តក្បួននាវាដឹកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទាំងនោះនៅតំបន់មជ្ឈិមបូព៌ា គឺជាសារព្រមានមួយដល់អ៊ីរ៉ង់ ដោយសារតែទីក្រុងតេហេរ៉ង់មានផែនការចង់វាយប្រហារលើកងទ័ពអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់នេះ៕ធ.ដ
-
សហរដ្ឋអាម៉េរិកប្រកាសបញ្ចេញកញ្ចប់ទណ្ឌកម្មលើវិស័យលោហៈធាតុរបស់អ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ សេតវិមានបានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាម៉េរិក បាននិងកំពុងពិចារណាក្នុងការបញ្ចេញកញ្ចប់ទណ្ឌកម្មជាថ្មីទៀតទៅលើវិស័យដែកថែប អាលុយមីញ៉ូម និងទង់ដែងរបស់ប្រទេសអ៊ីរ៉ង់។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្ងៃនេះ ខ្ញុំកំពុងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មទៅលើវិស័យដែកថែប អាលុយមីញ៉ូម និងទង់ដែង ដែលជាប្រភពនំាចេញយ៉ាងសំខាន់ ក្រៅពីប្រេងរបស់ប្រទេសអ៊ីរ៉ង់។ សូមបញ្ជាក់ថា ការប្រកាសបញ្ចេញកញ្ចប់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកចុងក្រោយនេះ បានកើតមានឡើងស្របពេលដែលអ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងផ្អាកការអនុវត្តលើចំណុចមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយលិខិតបញ្ជាក់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រួហានី ក៏ត្រូវបានផ្ញើជូនទៅកាន់មន្ត្រីទូតអង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់រួចហើយដែរ៕ធ.ដ
-
លទ្ធផលបោះឆ្នោតផ្លូវការបង្ហាញថា គណបក្សភឿថៃទទួលបានសំឡេងគាំទ្រច្រើនជាងគណបក្ស ផាឡំាង ប្រាឆារ៉ាត់ ដែលគំាទ្ររបបយោធាថៃ

ថៃ៖ គណបក្សប្រឆាំង ភឿថៃ (Pheu Thai) បានទទួលសំឡេងគាំទ្រ១៣៦អសនៈ រីឯគណបក្ស ផាឡាំង ប្រាឆារ៉ាត់ (Palang Pracha Rath ឬ PPRP) ដែលគំាទ្ររបបយោធាថៃទទួលបាន១១៥អសនៈ នៅក្នុងការបោះឆ្នោតសកលជាលើកដំបូងបំផុតចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ នេះបើតាមលទ្ធផលបោះឆ្នោតផ្លូវការរបស់ប្រទេសថៃ ។ ក្រោយការប្រកាសលទ្ធផលឆ្នោតផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ដោយគណៈកម្មការបោះឆ្នោតជាតិថៃនោះ ការបោះឆ្នោតក្នុងសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថៃ នឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀត ហើយការបោះឆ្នោតនេះដែរ នឹងមានការចូលរួមពីសមាជិកព្រឹទ្ធសភា និងសភាថៃ ។ យ៉ាងណាមិញបើទោះជាលទ្ធផលបោះឆ្នោតនេះបញ្ជាក់ថា គណបក្សភឿថៃដែលស្និទ្ធនឹងអតីត នាយករដ្ឋមន្ត្រីថៃ លោក ថាកស៊ីន ស៊ីណាវ៉ាត់ ទទួលបានសំឡេងភាគច្រើននៅក្នុងសភាក៏ដោយ ក៏ព្រឹទ្ធសភាមានអសនៈសរុប ២៥០ នៅតែត្រូវបានគេរំពឹងថា នឹងគាំទ្រគណបក្ស PPRP ដែលប្រការនេះនឹងបើកផ្លូវឱ្យលោក ប្រាយុទ្ធ ចាន់អូចា បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីថៃដដែល ប៉ុន្តែក្នុងនាមជានាយករដ្ឋមន្ត្រី ជាប់ឆ្នោត ដោយមិនមែនជារបបយោធាដូចមុននោះឡើយ៕ធ.ដ
-
អាម៉េរិកសម្រេចបញ្ចុះតម្លៃយន្ដហោះចម្បាំងបំបាំងកាយ F-35A មកនៅត្រឹម៨០លានដុល្លារ

សារព័ត៌មានចិន ហ្ស៊ីនហួរបានចេញផ្សាយ នៅថ្ងៃទី៩ ឧសភានេះថា ក្រុមហ៊ុនផលិតអាវុធអាម៉េរិក Lockheed Martin បានសម្រេចចិត្តទម្លាក់តម្លៃយន្ដហោះចម្បាំង បំបាំងកាយ F-35A មកនៅត្រឹម៨០លានដុល្លារ ស្របពេលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្ដាក្រុមហ៊ុន លក់អាវុធដទៃ។ ប្រភពថា ការទម្លាក់តម្លៃនេះគឺមានពាក់ព័ន្ធនឹងយន្ដហោះចម្បាំង F-35A ចំនួន១០០គ្រឿងសិ្ថតនៅក្នុងចំណោមយន្ដហោះ៤៥០គ្រឿងក្នុងនោះរួមមានទាំង F-35B និង F-35C ដែលត្រូវបានគេបញ្ជាទិញ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើ ឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយម៉ូឌែល F-35A ជាធម្មតាត្រូវលក់ក្នុងតម្លៃ៩០លានដុល្លារក្នុងមួយគ្រឿង ហើយការសម្រេចចិត្តទម្លាក់តម្លៃនេះទៀតសោត កើតមានឡើងខណៈក្រសួងការពារជាតិអាម៉េរិកកំពុងមានចំណាប់ អារម្មណ៍ទិញយន្ដហោះចម្បាំង F-15 Eagle ពីក្រុមហ៊ុន Boeing ដែលជាគូប្រជែងមួយដ៏ធំរបស់ក្រុមហ៊ុន Lockheed Martin៕ម.ន
-
អនុប្រធានសភាជាតិវេណេស៊ុយអេឡាត្រូវចាប់ខ្លួន ក្នុងសំណុំរឿងធ្វើរដ្ឋប្រហារ

វេណេស៊ុយអេឡា៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់វេណេស៊ុយអេឡាជាច្រើននាក់ បានចាប់ខ្លួនអនុប្រធានសភាជាតិវេណេស៊ុយអេឡា លោក Edgar Zambrano ដែលនេះ គឺជាការចាប់ខ្លួនតំណាងរាស្ត្រដំបូងគេបំផុត ចាប់តាំងពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាចមិនបានសម្រេចកាលពីសប្ដាហ៍មុន។មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡាលោក Juan Guaido បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើនៅថ្ងៃពុធនេះថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ SEBIN បានចាប់បញ្ចូលលោក Edgar Zambrano ក្នុងរថយន្ដមួយគ្រឿងបញ្ជូនទៅកាន់មូលដ្ឋានទ័ពមួយក្នុងទីក្រុងការ៉ាកាស់ ប៉ុន្តែខាងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ មិនទាន់ ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ។សូមរំលឹកផងដែរថា សភាធម្មនុញ្ញស្និទ្ធនឹងប្រធានាធិបតីវេណេស៊ុយអេឡាលោក ម៉ាឌូរ៉ូ បានដកអភ័យឯកសិទ្ធិរបស់អនុប្រធានសភាជាតិវេណេស៊ុយអេឡារូបនេះ និងតំណាងរាស្ត្រ៦នាក់ផ្សេងទៀត ដើម្បីបើកផ្លូវចោទប្រកាន់ និងកាត់ទោសអ្នកទាំងនេះពីបទចូលរួមក្នុងអំពើក្បត់ និងប្រឆាំងរដ្ឋាភិបាល៕ម.ន
-
អ៊ីរ៉ង់គ្រោងផ្អាកការអនុវត្តចំណុចខ្លះក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ចំពេលមានភាពតានតឹងខ្លំាងជាមួយសហរដ្ឋអាម៉េរិក

អ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងផ្អាកការអនុវត្តលើចំណុចមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយលិខិតបញ្ជាក់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រួហានី ក៏ត្រូវបានផ្ញើជូនទៅកាន់មន្ត្រីទូតអង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់រួចហើយដែរ។ការសម្រេចចិត្តបែបនេះរបស់អ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនប្រកាសបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង និងកងកម្លាំងយន្ដហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយអះអាងថា ដើម្បីការពារផលប្រយោជន៍អាម៉េរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ក្រោយអាម៉េរិកបានទទួលព័ត៌មានសម្ងាត់ថា អ៊ីរ៉ង់កំពុងត្រៀមខ្លួនបង្កហេតុ។បើតាមការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់នៅថ្ងៃពុធនេះ ប្រធានាធិបតីអ៊ីរ៉ង់បានអះអាងថា ៦០ថ្ងៃក្រោយនៃការសម្រេចចិត្តនេះ ទីក្រុងតេហេរ៉ង់ នឹងផ្អាកការប្ដេជ្ញាចិត្តរបស់ខ្លួនកន្លងមកបន្ថែមទៀត ហើយនឹងចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ហើយថា អ៊ីរ៉ង់ក៏នឹងបញ្ឈប់ការលក់ម្សៅអ៊ុយរ៉ាញ៉ូមពណ៌លឿង (yellowcake) និងសារធាតុទឹក-អាតូមិក (heavy water) ដែលជាសារធាតុចាំបាច់នៅក្នុងសង្វាក់ប្រព្រឹត្តកម្មនុយក្លេអ៊ែរផងដែរ៕ម.ន