-
សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងហានីភ័យធ្ងន់ ដោយសារជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋអាម៉េរិក និងចិន

បារាំង៖ សេដ្ឋកិច្ចពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ ដោយសារតែវិបត្តិជម្លោះពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ស្របពេលដែលលោក ដូណាល់ ត្រាំ បានព្រមានជាថ្មីពីការដំឡើងពន្ធលើផលិតផលនាំចូលពីប្រទេសចិន នេះបើតាមការបញ្ជាក់របស់នាយកអង្គការរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Christine Lagarde។ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានជាថ្មីថា នឹងដំឡើងពន្ធលើផលិតផលនាំចូលពីចិន គិតជាទឹកប្រាក់ស្មើនឹង២៥០ពាន់លានដុល្លារ ដោយសារតែកិច្ចចរចាពាណិជ្ជកម្មជាមួយចិនមានភាពយឺតយ៉ាវពេក។នាយកអង្គការរូបិយវត្ថុអន្តរជាតិ IMF រូបនេះ បាននិយាយទៀតថា អង្គការ IMF ជឿជាក់ថា ការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន គឺជារឿងដែលអ្នកទាំងអស់គ្នាចង់បាន ពីព្រោះភាពតានតឹងរវាងមហាអំណាចទាំងពីរកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល៕ម.ន
-
យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាម៉េរិក នឹងបង្ហាញខ្លួន ក្នុងពិព័រណ៍យន្តហោះអន្តរជាតិនៅរដ្ឋកាលីហ្វ័រញ៉ា

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នឹងបើកបង្ហាញវត្តមានយន្ដហោះចម្បាំងបំបាំងកាយ F-35 នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍យន្ដហោះ 2019 San Francisco Fleet Week Air Show នៅខែតុលាខាងមុខនេះ ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វរញ៉ា។ ព្រឹត្តិការណ៍ 2019 San Francisco Fleet Week Air Show គឺទទួលបានការគាំទ្រពីក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក United Airlines ហើយវាត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកចូលរួមមកពី៤៩ប្រទេស។ បើតាមក្រុមអ្នករៀបចំព្រឹត្តិការណ៍នេះ យន្តហោះចម្បាំងបំបាំងកាយ F-35 នឹងត្រូវធ្វើការហោះហើរបង្ហាញដោយកងនាវាអាម៉េរិក U.S. Navy Blue Angels ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលាខាងមុខនេះ។ ចំណែកឯក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក United Airlines ក៏នឹងឱ្យយន្ដហោះ Boeing 777 របស់ខ្លួន សម្ដែងការហោះហើរផងដែរ នៅក្នុងរយៈកម្ពស់ទាបត្រឹម ១៥២ម៉ែត្រពីលើផ្ទៃទឹក៕ម.ន
-
ទឹកប្រាក់ជាង២០០លានដុល្លារដែលសហរដ្ឋអាម៉េរិករឹបអូសបានពីមូលនិធិរដ្ឋ 1MDB នឹងត្រូវប្រគល់ត្រឡប់ឲ្យម៉ាឡេស៊ីវិញ

ម៉ាឡេស៊ី៖ សហរដ្ឋអាម៉េរិកចាប់ផ្ដើមបញ្ជូនប្រាក់ជាង២០០លានដុល្លារ ដែលរឹបអូសបានក្រោមក្របខ័ណ្ឌស៊ើបអង្កេតលើករណីពុករលួយនៃមូលនិធិរដ្ឋ 1MDB របស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ ឱ្យទៅប្រទេសម៉ាឡេស៊ីវិញ។1MDB គឺជាមូលធិរដ្ឋបង្កើតឡើងកាលពីឆ្នាំ២០០៩ ដោយលោក ណាជីប រ៉ាហ្សាក់ ហើយបើតាមអាជ្ញាធរម៉ាឡេស៊ី និងអាម៉េរិកនោះ ទឹកប្រាក់សរុបប្រមាណ៤,៥ពាន់លានដុល្លារ ត្រូវបានគេបង្វិលចេញពីមូលនិធិ 1MDB ទៅក្រៅប្រទេសដោយខុសច្បាប់ ប៉ុន្តែមួយភាគបីនៃប្រាក់ទាំងនេះ ក៏ត្រូវបានបញ្ជូនឱ្យម៉ាឡេស៊ីវិញរួចហើយដែរ។ ដោយឡែកអគ្គរដ្ឋទូតអាម៉េរិកប្រចាំម៉ាឡេស៊ី បានឱ្យដឹងទៀតថា សហរដ្ឋអាម៉េរិកនឹងប្រគល់ប្រាក់១៩៦លានដុល្លារឲ្យទីក្រុងគូឡាឡាំពួរវិញសិន នៅក្នុងដំណាក់កាលទី១៕ម.ន
-
ជើងហោះហើរជាច្រើនបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្រោយភ្នំភ្លើង Sinabung នៅកោះស៊ូម៉ាត្រាផ្ទុះឡើង

ឥណ្ឌូណេស៊ី៖ យន្តហោះទាំងឡាយដែលមានផ្លូវធ្វើដំណើរឆ្លងកាត់ក្បែរភ្នំភ្លើង Sinabung នៅកោះស៊ូម៉ាត្រា បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្រោយទទួលបានការជូនដំណឹងពីទីភ្នាក់ងារជាតិឃ្លាំមើលបន្ទុះភ្នំភ្លើងឥណ្ឌូណេស៊ី។បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ភ្នំភ្លើង Sinabung មានកម្ពស់២,៤៧៥ម៉ែត្រ ស្ថិតនៅស្រុក Karo ខេត្តស៊ូម៉ាត្រាភាគខាងជើង បានបញ្ចេញសកម្មភាពផ្ទុះនៅថ្ងៃអង្គារនេះ ដោយវាបានជះកម្អែរផេះ និងផ្សែងហុយឡើងទៅលើមេឃកម្ពស់ប្រមាណ២,០០០ម៉ែត្រ ឆ្ពោះទៅភាគខាងកើត និងភាគអាគ្នេយ៍នៃមាត់ភ្នំភ្លើង។ ឆ្លើយតបនឹងបញ្ហានេះ ទើបអាជ្ញាធរឥណ្ឌូណេស៊ីសម្រចចេញសារជូនដំណឹងដល់យន្តហោះនានា ឲ្យមានការប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ ហើយនឹងជូនដំណឹងបន្តបន្ទាប់ទៀត ប្រសិនបើស្ថានការណ៍មានការប្រែប្រួល៕ម.ន
-
មេដឹកនាំសហរដ្ឋអាម៉េរិក និងជប៉ុន ធ្វើកិច្ចពិភាក្សាតាមទូរសព្ទសាជាថ្មីទៀត ផ្តោតសំខាន់លើការធ្វើតេស្តមីស៊ីលចុងក្រោយនេះរបស់កូរ៉េខាងជើង

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជជែកគ្នាតាមទូរសព្ទជាថ្មីម្តងទៀតនៅថ្ងៃចន្ទដើមសប្តាហ៍នេះ អំពីការឆ្លើយតបរបស់ពួកលោក ចំពោះការធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយខ្លីនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។លោក ស៊ីនហ្សូ អាបេ បានថ្លែងប្រាប់សារព័ត៌មានក្រោយបញ្ចប់កិច្ចសន្ទនាថា មេដឹកនាំប្រទេសទាំងពីរបានធ្វើការពិភាក្សាគ្នាដោយផ្តោតសំខាន់លើបញ្ហាកូរ៉េខាងជើង ជាពិសេសគឺគ្រាប់មីស៊ីលដែលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈក្រុមអ្នកជំនាញអាម៉េរិក-ជប៉ុននឹងចូលរួមធ្វើការងាររួមគ្នា ដើម្បីស្រាយបំភ្លឺថាតើមីស៊ីលប្រភេទអ្វី ដែលទីក្រុងព្យុងយ៉ាងធ្វើតេស្តចុងក្រោយនេះ។ ស្របពេលជាមួយគ្នានោះដែរ លោក ដូណាល់ ត្រាំ បានបង្ហោះសារតាមបណ្តាញសង្គមធ្វីតធើថា រូបលោក និងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានពិគ្រោះយោបល់គ្នាស្តីពីបញ្ហាកូរ៉េខាងជើង និងពាណិជ្ជកម្ម ហើយប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានកត់សម្គាល់ពីការសន្ទនាគ្នានោះថា គឺពិតជាការជជែកគ្នាដ៏ល្អណាស់៕ម.ន
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកស្តីទី៖ ការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងនាវាដឹកយន្តហោះចម្បាំងទៅមជ្ឈិបូព៌ា គឺដើម្បីទប់ទល់អ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ ការចល័តនាវាដឹកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ា ធ្វើឡើងស្ថិតក្នុងគោលបំណងត្រៀមខ្លួនទប់ទល់ជាមួយការគំរាមកំហែងរបស់ប្រទេសអ៊ីរ៉ង់ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិអាម៉េរិកស្តីទីលោក ផាទ្រីក ហ្សាណាហាន។ បើតាមប្រភពពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាម៉េរិក ការលេចឡើងជាថ្មីនៃការគំរាមកំហែងរបស់អ៊ីរ៉ង់មកលើកងទ័ពអាម៉េរិកនៅប្រទេសអ៊ីរ៉ាក់ គឺជាមូលហេតុនៅពីក្រោយការបញ្ជូនកងនាវាដឹកយន្តហោះចម្បាំង និងក្បួនយន្តហោះទម្លាក់គ្រាប់ បែកទៅកាន់តំបន់ឈូងសមុទ្រពែក។ទាក់ទិននឹងបញ្ហានេះដែរ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកស្តីទីរូបនេះ បានបង្ហោះសារមួយតាមបណ្តាញសង្គមធ្វីតធើ ដោយបានធ្វើការព្រមានឲ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បញ្ឈប់រាល់សកម្មភាពបង្កហេតុទាំងឡាយផងដែរ៕ម.ន
-
ផ្នូរបុរាណជាច្រើនមានអាយុកាល៤,៤០០ឆ្នាំ ត្រូវបានបុរាណវិទូជនជាតិ អេហ្ស៊ីបរកឃើញ

អេហ្ស៊ីប៖ ក្រុមអ្នកបុរាណវិទូបានរកឃើញផ្នូរបុរាណចំនួន០៣ និងបូជាចារ្យចំនួនពីរនាក់ ដែលគេសន្និដ្ឋានថា មានអាយុកាល ៤,៤០០ ឆ្នាំមកហើយ ដែលមានចម្ងាយពីរទៅបីគីឡូម៉ែត្រភាគខាងត្បូងនៃប្រាសាទពីរ៉ាមីត នៅតំបន់ គូហ៊្វូ ខាហ្វ្រេ និងមិនខូ។ ក្រុមអ្នកបុរាណវិទូជនជាតិអេហ្ស៊ីបបានចាប់ផ្តើមបេសកកម្មកាលពីខែសីហា ឆ្នាំ២០១៨មកម្ល៉េះ ហើយជាលទ្ធផលនោះ ពួកគេបានរកឃើញផ្នូរដ៏អស្ចារ្យចំនួន៣ខាងលើ នៅតំបន់ប្រាសាទពីរ៉ាមីត។ផ្នូរដែលក្រុមអ្នកបុរាណវិទូរកឃើញនោះ ត្រូវបានគេដឹងថា គឺជាផ្នូររបស់ស្តេច ខាហ្រ្វេ ប៊េននូ និងណ្វី ដែលជារាជរង្សទីប្រាំ កាលពីអំឡុងឆ្នាំ២៥០០មុនគ.ស។ ដោយឡែកបូជាចារ្យទាំងពីរនាក់វិញ ដែលគេរកឃើញក្នុងផ្នូរ គឺនៅរក្សារូបរាង និងទ្រង់ទ្រាយបានយ៉ាងល្អ៕ម.ន
-
ទូកនេសាទវៀតណាម១៣គ្រឿង ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីបាញ់ពន្លិច

ឥណ្ឌូណេស៊ី៖ កងល្បាតព្រំដែនទឹកឥណ្ឌូណេស៊ី បានបាញ់ពន្លិចទូកនេសាទវៀតណាម១៣គ្រឿង ដែលចូលនេសាទខុសច្បាប់ ក្នុងដែនអធិបតេយ្យរបស់ខ្លួន ហើយថែមទាំងប្តេជ្ញាបន្តបេសកកម្មប្រយុទ្ធប្រឆាំងរាល់សកម្មភាពនេសាទខុសច្បាប់នានានៅក្នុងប្រទេស។ជាមួយគ្នានេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការដែនសមុទ្រ និងនេសាទឥណ្ឌូណេស៊ីលោកស្រី ស៊ូស៊ី ភូជាស្ទូទី បានប្រកាសការពារគោលនយោបាយរបស់ខ្លួនថា ការកម្ទេចទូកនេសាទទាំងនេះ គឺដើម្បីបញ្ឈប់ការនេសាទខុសច្បាប់ក្នុងដែនទឹកឥណ្ឌូណេស៊ីប៉ុណ្ណោះ។ លោកស្រីបានសង្កត់ធ្ងន់ថា ធនធានសមុទ្ររបស់យើង គួរតែប្រជាជនរបស់យើងជាអ្នកទទួលផល មិនមែនអ្នកនេសាទបរទេសនោះទេ។ សូមរំលឹកផងដែរថា ឥណ្ឌូណេស៊ីបានចាប់ផ្តើមចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងការនេសាទខុសច្បាប់ចាប់តាំងពីប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ ឡើងកាន់តំណែងកាលពីឆ្នាំ២០១៤មក។ វិធានការនេះ ធ្វើឡើងក៏ដោយសារតែការនេសាទខុសច្បាប់បានធ្វើឲ្យឥណ្ឌូណេស៊ីបាត់បង់ចំណូលជាតិជាច្រើនលានដុល្លារអាម៉េរិក៕ម.ន
-
ប្រទេសមីយ៉ាន់ម៉ាដោះលែងអ្នកទោស៦៥២០នាក់ នៅថ្ងៃនេះ

ស្ថិតនៅក្រោមក្របខណ្ឌនៃកម្មវិធីលើកលែងទោសរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃអង្គារ៍ទី៧ ឧសភា ២០១៩នេះ ប្រទេសនេះនឹងដោះលែងអ្នកទោសរហូតដល់៦៥២០នាក់ នេះបើតាមសេចក្ដីថ្លែងការណ៍នៃការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា។ សេចក្ដីថ្លែងការណ៍ថា លោកប្រធានាធិបតី Win Myint បានសម្រេចចិត្តលើកលែងទោសឱ្យអ្នកទោសរាប់ពាន់នាក់ កាលពីខែមេសាកន្លងទៅ។ការសម្រេចចិត្តបែបនេះ គឺជាទម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអាជ្ញាធរតែងតែងដោះលែង ឬលើកលែងទោសឱ្យអ្នកទោស នៅអំឡុងពិធីបុណ្យប្រពៃណីចូលឆ្នាំថ្មីកាលពីថ្ងៃទី១៧ ខែមេសា៕ម.ន
-
ថៃប្រកាសពីបញ្ហាកង្វះខាតទឹកប្រើប្រាស់ក្នុង១២ខេត្ត នារដូវក្តៅខាងមុខ

សារព័ត៌មាន Coconut បានចេញផ្សាយថា រដ្ឋាភិបាលប្រទេសថៃបានធ្វើការប្រកាសឲ្យពលរដ្ឋរបស់ខ្លួនដែលរស់នៅខេត្តចំនួន១២ ឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនដោយសារតែការប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ នារដូវក្ដៅនេះ។ការិយាល័យធនធានទឹកជាតិថៃ បានប្រកាសថ្មីៗនេះថា បណ្តាខេត្តរងផលប៉ះពាល់រួមមាន Phichit, Kamphaeng Phet, Lamphun, Tak, Uttaradit, សុរិន, Kalasin, Phathum Thani, Tyuthaya, Chai Nat, Phetchaburi និង Ang Thong។ ប្រភពបញ្ជាក់ថា ភាពរាំងស្ងួតដែលបានព្យាករណ៍រយៈពេល៣ខែ រួមផ្សំជាមួយនឹងកង្វះទឹកបម្រុង អាចនាំឱ្យមានការខ្វះខាតទឹកម៉ាស៊ីនប្រើប្រាស់នៅតាមបណ្តាខេត្តនានា ចាប់ពីខែមិថុនាតទៅ។ភ្នាក់ងារដែលពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជាឱ្យអនុវត្តតាមផែនការដែលរួមបញ្ចូលទាំងការចែកចាយទឹកផឹកនៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងការថែទាំប្រព័ន្ធចែកចាយទឹកដើម្បីដោះស្រាយក្នុងរយៈពេលខ្លី ខណៈដែលផែនការសម្រាប់ដោះស្រាយរយៈពេលវែងរួមមានការបង្កើនប្រភពធនធានដោយបង្កើនចំណុះអាងស្ដុកទឹក៕ម.ន