-
ប្រធានាធិបតីរុស្ស៊ីបញ្ជាស៊ើបអង្កេតឲ្យលម្អិតពាក់ព័ន្ធនឹងហេតុការណ៍ឆេះ យន្តហោះសម្លាប់មនុស្ស៤១នាក់

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចេញបញ្ជាស៊ើបអង្កេតឲ្យល្អិតល្អន់ ជុំវិញហេតុការណ៍ផ្ទុះឆេះយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បន្ទាប់ពីចុះចតយ៉ាងបន្ទាន់ នៅឯអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ទីក្រុងមូស្កូល កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ បើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការស៊ើបអង្កេតរបស់រុស្ស៊ី នៅលើយន្តហោះនោះ មានមនុស្សសរុប៧៨នាក់ រួមទាំងអ្នកបម្រើការលើយន្តហោះ ដែលក្នុងចំណោមនោះ មនុស្ស៤១នាក់ស្លាប់ និងគិតមកទល់ពេលនេះ មនុស្ស៣៧នាក់នៅរស់រានមានជីវិត។ បើតាមទីភ្នាក់ងារព័ត៌មាន AFP យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះ មានគោលដៅហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ទៅកាន់ទីក្រុង Murmansk ភាគពាយ័ព្យនៃប្រទេសរុស្ស៊ី។យ៉ាងណាមិញ អាជ្ញាធររុស្ស៊ីពុំទាន់បញ្ជាក់ច្បាស់លាស់អំពីមូលហេតុនៃឧបទ្ទវហេតុនេះនៅឡើយទេ ស្របពេលដែលលោក ពូទីន បានបង្ហាញការសោកស្តាយទៅកាន់សាច់ញាតិជាទីស្រឡាញ់របស់ជនរងគ្រោះ និងបាននិយាយថា ការស៊ើបអង្កេតត្រូវធ្វើឡើងឲ្យបានល្អិតល្អន់ និងឆាប់បំផុត។ បើតាមប្រភពពីវិមានក្រឹមឡាំងនោះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានបញ្ជាគណៈកម្មការពិសេសឲ្យបើកការស៊ើបអង្កេតក្នុងរឿងនេះហើយ៕ម.ន
-
ប្រមុខដឹកនាំអង្គការ NATO បំពេញទស្សនកិច្ចនៅទីក្រុងអង់ការ៉ា ស្របពេលមានភាពតានតឹងខ្លាំងរវាងតួកគី និងសហរដ្ឋអាម៉េរិក

តួកគី៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កំពុងបំពេញទស្សនកិច្ចនៅក្នុងរដ្ឋធានីអង់ការ៉ា ស្របពេលមានភាពតានតឹងខ្លាំងរវាងសមាជិកក្រុមសម្ព័ន្ធមិត្ត គឺតួកគី និងសហរដ្ឋអាម៉េរិក ទាក់ទងនឹងការទិញប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី S-400 ពីសំណាក់រដ្ឋាភិបាលក្រុងអង់ការ៉ា។ទស្សនកិច្ចរបស់ប្រមុខដឹកនាំអង្គការណាតូ ត្រូវបានគេមើលឃើញថា គឺជាការបញ្ចុះបញ្ចូលចុងក្រោយដល់រដ្ឋាភិបាលតួកគី ឲ្យបោះបង់ចោលការបញ្ជាទិញប្រព័ន្ធ S-400 របស់ប្រទេសរុស្ស៊ី។ ក្នុងអំឡុងបំពេញទស្សនកិច្ចនោះ លោក Jens Stoltenberg បានជួបប្រជុំជាមួយប្រធានាធិបតីតួកគីលោកTayyip Erdogan ជាមួយនឹងរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusolgu។នាឱកាសនោះ លោក Cavusolgu បានថ្លែងថា យើងបានធ្វើការវាយតម្លៃលើបញ្ហាធំៗជាច្រើន រួមទាំងទំនាក់ទំនងរវាងអង្គការណាតូ និងសហភាពអឺរ៉ុប ហើយនឹងការទិញប្រព័ន្ធខែលការពារដែនអាកាស S-400 ពីរុស្ស៊ីផងដែរ៕ម.ន
-
របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា កូរ៉េខាងជើងកំពុងប្រឈមមុខ នឹងវិបត្តិស្បៀងអាហារធ្ងន់

កូរ៉េខាងជើង៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍មួយ ដោយបានព្រមានពីការកើតឡើងនូវវិបត្តិមនុស្សធម៌ដ៏អាក្រក់នៅប្រទេសកូរ៉េខាងជើង។ នៅក្នុងរបាយការណ៍វាយតម្លៃរួមគ្នានេះ ប្រជាជនកូរ៉េខាងជើងជាង១០លាននាក់ បានជួបបញ្ហាកង្វះអាហារយ៉ាងធ្ងន់ ដោយសារតែការប្រមូលផលបានទាបយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល១០ឆ្នាំចុងក្រោយមកនេះ។ អង្គការអន្តរជាតិទាំងពីរបានចុះត្រួតពិនិត្យដោយផ្ទាល់នៅកូរ៉េខាងជើង ចំនួនពីរដងកាលពីឆ្នាំ២០១៨ ដោយបានវាយតម្លៃសន្តិសុខស្បៀងអាហារទៅពិនិត្យកសិដ្ឋានទីជនបទ និងទីក្រុង ក៏ដូចជាមជ្ឈមណ្ឌលបែងចែកទិន្នផល។ ក្រុមស៊ើបអង្កេត WFP និង FAO ក៏បានរកឃើញថា ចាប់តាំងពីខែមករា ឆ្នាំ២០១៩ ទីក្រុងព្យុងយ៉ាង បានបង្ខំចិត្តកាត់បន្ថយបរិមាណអាហារចំនួន៣០០ក្រាមក្នុងមួយថ្ងៃ ដែលបរិមាណនេះតិចជាងក្នុងឆ្នាំ២០១៨ ដែលមានចំនួន៣៨០ក្រាម៕ម.ន
-
កាតាសន្យាផ្ដល់ប្រាក់៤៨០លានដុល្លារគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank និង Gaza

កាតា៖ ប្រទេសកាតានឹងផ្ដល់ប្រាក់៤៨០លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ West Bank និង Gaza នេះបើតាមការសន្យារបស់ក្រសួងការបរទេសកាតា។ ក្រសួងការបរទេសកាតា តាមរយៈសេចក្ដីថ្លែងការណ៍មួយនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានគូសបញ្ជាក់ថា ទីក្រុងដូហានឹងផ្ដល់ប្រាក់ក្រោមរូបភាពជាជំនួយ និងកម្ចី៣០០លានដុល្លារអាម៉េរិក ក្នុងការគាំទ្រដល់កញ្ចប់ថវិការបស់អាជ្ញាធរប៉ាឡេស្ទីនសម្រាប់វិស័យសុខាភិបាល និងអប់រំ។ ចំណែកឯ ទឹកប្រាក់១៨០លានដុល្លារអាម៉េរិកផ្សេងទៀត គឺសម្រាប់ជំនួយមនុស្សធម៌ក្រោមបេសកកម្មរបស់អង្គការសហប្រជាជាតិ។ សូមជម្រាបផងដែរថា ការសម្រេចចិត្តផ្ដល់ជំនួយរបស់ប្រទេសកាតាខាងលើនេះ ត្រូវបានធ្វើឡើងនៅចំពេលជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនកំពុងផ្ទុះឡើង បន្ទាប់ពីភាគីទាំងពីរបាញ់ផ្លោងគ្រាប់រ៉ុក្កែតដាក់គ្នាទៅវិញទៅមក៕ម.ន
-
សហរដ្ឋអាម៉េរិកគំរាមដំឡើងពន្ធសាជាថ្មីទៀតលើទំនិញរបស់ចិន ខណៈកិច្ចចរចា ពាណិជ្ជកម្មទ្វេភាគីហាក់មិនទាន់ប្រសើរឡើងនៅឡើយ

សហរដ្ឋអាម៉េរិក៖ ទីក្រុងវ៉ាស៊ីនតោន នឹងដំឡើងពន្ធគិតជាទឹកប្រាក់ស្មើនឹង២០០ពាន់លានដុល្លារលើផលិតផលរបស់ចិន ដោយផ្អែកលើដំណើរការយឺតយ៉ាវពេកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទំាងពីរ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃ អាទិត្យ សប្តាហ៍មុន។ប្រធានាធិបតីអាម៉េរិករូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា ពន្ធ១០ភាគរយលើផលិតផលមួយចំនួនរបស់ចិន អាចនឹងត្រូវដំឡើងដល់២៥ភាគរយនៅថ្ងៃសុក្រសប្ដាហ៍នេះ រីឯផលិតផលចិនដែលមិនជាប់ពន្ធគិតជាទឹកប្រាក់៣២៥ពាន់លានដុល្លារ ក៏អាចត្រូវនឹងប្រឈមមុខនឹងជាប់កតាព្វកិច្ចបង់ពន្ធ២៥ភាគរយផងដែរ។ គិតមកទល់នឹងពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានដំឡើងពន្ធ២៥០ពាន់លានដុល្លារលើផលិតផលនាំចូលពីចិន ដោយចោទប្រកាន់ថា ទីក្រុងប៉េកាំងធ្វើពាណិជ្ជកម្មមិនមានភាពយុត្តិធម៌។ ប៉ុន្តែជាការឆ្លើយតប ចិនក៏បានដំឡើងពន្ធ១១០ពាន់លានដុល្លារលើផលិតផលនាំចូលពីសហរដ្ឋអាម៉េរិកផងដែរ ដោយចោទត្រឡប់ទៅវិញថា ទីក្រុងវ៉ាស៊ីនតោនជាអ្នកបង្កសង្រ្គាមពាណិជ្ជកម្មមុន៕ម.ន
-
ប្រមុខការទូតសហរដ្ឋអាម៉េរិក៖ ក្រុងវ៉ាស៊ីនតោនកំពុងវាយតម្លៃការឆ្លើយតបសមស្រប ចំពោះការធ្វើតេស្តមីស៊ីលចុងក្រោយនេះរបស់កូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក បាននិងកំពុងធ្វើការវាយតម្លៃទៅលើការឆ្លើយតបសមស្របណាមួយ ពាក់ព័ន្ធនឹងការធ្វើតេស្តមីស៊ីលផ្លោងចុងក្រោយនេះរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ខណៈការដាក់ទណ្ឌកម្មនៅតែបន្តអនុវត្តន៍ជានិច្ច នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃក៍ ប៉ុមប៉េអូ។លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ក្នុងស្រុកកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា អ្នកបានឃើញរួចហើយនូវអ្វីដែលបានកើតឡើងក្រោយដំណើរទស្សនកិច្ចរបស់លោក គីម នៅប្រទេសរុស្ស៊ី លោកថា បន្ទាប់ពីលោក គីម បានពិភាក្សាជាមួយលោក ពូទីន គឺលោក គីម ក៏បានសម្រេចចិត្តធ្វើសកម្មភាពដូចនេះភ្លាម។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃ ប៉ុមប៉េអូ បានកើតមានឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា នៅតែទុកចិត្តលើលោក គីម ជុងអ៊ុន ចំពោះការសន្យារំសាយអាវុធនុយក្លេអ៊ែរ បើទោះជាទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថា បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីក៏ដោយ៕ម.ន
-
រុស្ស៊ីជំរុញឱ្យសហរដ្ឋអាម៉េរិកបោះបង់ចោលផែនការដែលមិនគ្មានទំនួលខុសត្រូវ ដើម្បីផ្តួលរំលំប្រធានាធិបតីវេណេស៊ុយអេឡា

រុស្ស៊ី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីវេណេស៊ុយអេឡាលោក ហ្សក អារៀហ្សា នៅទីក្រុងមូស្គូល ក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បានចោទប្រកាន់សហរដ្ឋអាម៉េរិកថា កំពុងដឹកនាំយុទ្ធនាការដែលមិនធ្លាប់មានពីមុនមក ដើម្បីបណ្តេញរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសវេណេស៊ុយអេឡា។នាឱកាសនោះដែរ លោក ឡាវរូវ បានប្រកាសថ្កោលទោសចំពោះការធ្វើយុទ្ធនាការនេះ ហើយថែមទាំងបានបញ្ជាក់ជាថ្មីឡើងវិញពីសាមគ្គីភាពរបស់ទីក្រុងម៉ូស្គូ ជាមួយប្រជាជនវេណេស៊ុយអេឡា និងការបន្តគាំទ្រលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលកំពុងប្រឈមមុខនឹងវិបត្តិនយោ បាយស្ទើរតែគ្មានផ្លូវដោះស្រាយចេញនោះ។ បើតាមប្រមុខការទូតរុស្ស៊ីរូបនេះ ខ្លួននឹងពិភាក្សាពីស្ថានភាពវេណេស៊ុយអេឡា ជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នៅក្នុងជំនួបរវាងអ្នកទាំងពីរ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទនេះ នៅក្នុងប្រទេសហ្វាំងឡង់។ ចំណែកឯលោក ហ្សក អារៀហ្សា ក៏បានស្នើឱ្យលោក ឡាវរូវ ប្រាប់លោក ប៉ុមប៉េអូ ដែរថា កិច្ចសន្ទនាគឺមធ្យោបាយតែមួយគត់ ដែលអាចដោះស្រាយវិបត្តិនៅវេណេស៊ុយអេឡា៕ម.ន
-
ប៉ូលីសស្រីលង្ការកឃើញជំរំហ្វឹកហ្វឺនរបស់កងជីវពលសកម្មប្រយុទ្ធអ៊ីស្លាម

ស្រីលង្កា៖ អាជ្ញាធរស្រីលង្កានៅថ្ងៃ អាទិត្យ សប្តាហ៍មុននេះ បានរកឃើញជំរំហាត់ហ្វឹកហ្វឺនមួយមានទំហំ១០ហិកតានៅភាគខាងកើតទីក្រុង កាតានគូឌី ជាទីតាំងរបស់ពួកឧទ្ទាមអ៊ីស្លាម ដែលគេជឿជាក់ថា មានជាប់ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃបុណ្យ អេសស្ទឺ ប្រើប្រាស់សម្រាប់ការហាត់បាញ់កំាភ្លើង និងធ្វើគ្រាប់បែក។បើតាមសារព័ត៌មានចិន CGTN ជំរុំហាត់ហ្វឹកហ្វឺនមួយនេះ ត្រូវបានអាជ្ញាធរស្រីលង្ការកឃើញ និងជឿជាក់ថា ជាទីតំាងរបស់ក្រុមដឹកនាំដ៏សំខាន់ ក្នុងការវាយប្រហារយ៉ាងព្រៃផ្សៃកាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ ខណៈដែលក្រុមភេវរកររដ្ឋអ៊ីស្លាម ISIL បានប្រកាសទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅព្រះវិហារសាសនាគ្រិស្ត និងសណ្ឋាគារជាច្រើនក្នុងទីក្រុងកូឡុំបូ ដែលបានផ្តាច់ជីវិតមនុស្សជាង២៥០នាក់ និងប្រមាណ៥០០នាក់ទៀតរងរបួសធ្ងន់-ស្រាល។ សូមរំលឹកថា កន្លងមក ប្រធានាធិបតីស្រីលង្កា លោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា បាននិយាយថា ក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS ទំនងជាបានផ្តល់ការហ្វឹកហាត់មកឲ្យក្រុមជនដៃដល់នៃការវាយប្រហារកាលពីពេលកន្លងទៅនេះ ហើយក្រុម ISIS និងក្រុមសកម្មប្រយុទ្ធជ្រុលនិយមនៅប្រទេសស្រីលង្កា អាចមានចំណងទាក់ទងជាមួយគ្នាជាយូរឆ្នាំណាស់មកហើយ៕ម.ន
-
អាចម៍ផ្កាយចម្លែកមួយបង្កភាពផ្អើលជាខ្លាំង នៅក្នុងសហគមន៍តារាវិទូលើភពផែនដី

សហរដ្ឋអាម៉េរិក៖ អាចម៍ផ្កាយចម្លែកមួយហៅថា អុំម៊ូម៊ូ (Oumuamua) កាលពីឆ្នាំ២០១៧ បានបង្កភាពផ្អើលជាខ្លាំងនៅក្នុងសហគមន៍តារាវិទូលើភពផែនដី ដោយសារវាបានក្លាយជាវត្ថុអវកាសដំបូងបង្អស់ ដែលមានប្រភពមកពីកន្លែងដ៏សែនឆ្ងាយ ហើយក៏ត្រូវបានប្រទះឃើញឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យរបស់យើង។ អាចម៍ផ្កាយចម្លែកខាងលើទំនងជាមិនមែនជាវត្ថុដំបូងគេ មានប្រភពមកពីកន្លែងផ្សេង ដែលបានចូលមកឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យយើងនោះឡើយ ព្រោះថាតាមរយៈការពិនិត្យយ៉ាងល្អិតល្អន់បំផុត ទៅលើបញ្ជីមួយរបស់ NASA ដែលមានផ្ទុកឈ្មោះអាចម៍ផ្កាយ ដើម្បីរកមើលពពួកអាចម៍ផ្កាយដែលមានលក្ខណៈស្រដៀងនឹងអុំម៊ូម៊ូ នោះ អាចម៍ផ្កាយតូចមួយត្រូវបានគេប្រទះឃើញ ដែលវាបានឆាបឆេះនៅលើបរិយាកាសផែនដីកាលពី០៥ឆ្នាំមុន នេះបើតាមលទ្ធផលនៃការស្រាវជ្រាវថ្មីមួយមកពីសាកលវិទ្យាល័យ ហាវ៉ដ(Harvard) របស់សហរដ្ឋអាម៉េរិក។សូមរំលឹកថា កាលពីឆ្នាំ២០១៤ បំណែកថ្មអវកាសនោះ ដែលមានមុខកាត់ត្រឹម៩០សង់ទីម៉ែត្រនេះ បានឆេះរលាយខ្ទេចនៅពីលើប្រទេសប៉ាពូញូហ្គីណេ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺល្បឿនដ៏លឿនរបស់វាប្រមាណ៦០គីឡូម៉ែត្រក្នុងមួយវិនាទី ដែលជាតម្រុយថា វត្ថុនោះមិនស្ថិតក្នុងទំនាញរបស់ព្រះអាទិត្យ ដូចទៅនឹងបំណែកថ្មអវកាសឯទៀតៗនៅក្នុងប្រព័ន្ធព្រះអាទិត្យនោះឡើយ ពោលគឺវាអាចមានប្រភពមកពីខាងក្រៅ៕ម.ន
-
កូរ៉េខាងជើងបាញ់មីស៊ីលជាថ្មី ក្រោយចរចាជាមួយអាម៉េរិកនៅវៀតណាមបរាជ័យ

មីស៊ីលចម្ងាយជិតត្រូវបានកូរ៉េខាងជើងបាញ់ចូលទៅក្នុងសមុទ្រ កាលពីចុងសប្តាហ៍មុន ដោយរូបភាពថ្មីថតបានដោយផ្កាយរណប បង្ហាញពីស្នាមផ្សែងចេញពីការបាញ់មីស៊ីលនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងឲ្យដឹងថា មេដឹកនាំ គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់រ៉ុក្កែត និងការធ្វើតេស្តអាវុធ ក្រោយពេលដែលកិច្ចចរចាជាមួយអាម៉េរិកនៅបន្ដជាប់គាំង។ការធ្វើតេស្តនេះធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ អះអាងថា លោកនៅតែមានជំនឿចិត្តលើការចរចាអំពីការដកនុយក្លេអ៊ែរជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បើទោះបីជាប្រទេសនេះបានបាញ់គ្រាប់មីស៊ីលចូលទៅក្នុងសមុទ្រក៏ដោយ។ ជាមួយគ្នា កូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភថាការបាញ់បង្ហោះបែបនេះ គឺជាការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េដើម្បីបញ្ឈប់រាល់សកម្មភាពគំរាមកំហែងទាំងអស់។ រដ្ឋមន្ត្រីការបរទេសអាម៉េរិកវិញ លោក Mike Pompeo បានថ្លែងថាលោកនៅតែមានភាពសុទិដ្ឋិនិយមក្នុងកិច្ចចរចារវាងអាម៉េរិក និងកូរ៉េខាងជើងដើម្បីដកនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ ប៉ុន្តែអ្នកវិភាគជាច្រើនយល់ថា នេះគឺជាការសម្ដែងការខកចិត្តរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងក្រោយពេលដែលកិច្ចចរចាបរាជ័យក្នុងទីក្រុងហាណូយកាលពីខែកុម្ភៈកន្លងទៅ៕ម.ន